Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, March 18, 2012

ប្រស្នា​ធម៌ សត្វកណ្ដូប​នឹង​គ្រុឌ


ប្រស្នាធម៌ សត្វកណ្ដូបនឹងគ្រុឌ
សត្តធនសូត្រ
ឲកញា​ភក្តី​រាជា​យ៉ាំង​អាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់
រៀប​រៀង
ឯវម្មេសុតំ ឯកំសម​យំភគវា សាវត្ថិ​យំ​វិហរតិ ជេតវនេ​អនាថ​បិណ្ឌិកស្សអារាមេ
ឯតំ​សុត្តំ រីសត្តធន​សូត្រ គឺ​ខ្ញុំ​អានន្ទ​ថេរ​ស្តាប់​យើយ​អំពី​ទី​ចំពោះ​ព្រះ​ភក្រ្ត​នៃ​ព្រះ​ដមាន​បុណ្យ​ជា​ម្ចាស់, ដោយ​អាការ​តែ​ម្តង ក៏​ចង់​ចាំ​ទ្រ​ទ្រង់​ដោយ​សោត​វិញ្ញាណ​វិថី​មាន​មនោ​វិញ្ញាណ​ជា​ប្រធាន ពុំ​មាន​ឲ្យ​ឃ្លៀង​ឃ្លាត​ដោយ​អក្ខរ​ព្យញ្ជន​ឯ​ណា​និមួយ​ឡើយ ,
ក្នុង​កាល​សម័យ​ថ្ងៃ សម្តេច​ព្រះ​បរម​គ្រូ​សាស្តា​ជា​ម្ចាស់​ទ្រង់​សម្រេច​ព្រះ​ឥរិយាបថ​ទាំង គង់​នៅ​ក្នុង​វិហារ​ព្រះ​ជេតពន​ជា​អារាម​នៃ​អនាថ​បិណ្ឌិក​សេដ្ឋី សាង​ថ្វាយ​ទៀប​ក្រុង​សាវត្ថី​រាជា​ធានី​និវេស​ស្ថាន គ្រា​កាល​នោះ​ឯង ព្រះ​ដមាន​ព្រះ​ភាគ​ជា​ម្ចាស់ ទ្រង់​បន្ទូលត្រាស់​ហៅ​នូវ​ព្រះ​ភិក្ខុ​ទាំង​ឡាយ​ថា ភិក្ខវោ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទើប​ព្រះ​ភិក្ខុ​ទាំង​ឡាយ​ឆ្លើយ​ទទួល​ព្រះ​ពុទ្ធ​ដិកា​ថា ភទ្ទន្តេ​ដូច្នេះ សម្តេច​ព្រះ​ជិន​វង្ស​ត្រាស់​ថា សត្ថិមានិ ភិក្ខ​វេធ​នានិ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​ទាំង​ឡាយ​នេះ​មាន ប្រកា​កតមានិត្ត ទ្រព្យ​ទាំង​ឡាយ ៧​ប្រការ​នេះ សទ្ធាធនំ ទ្រព្យ​គឺ​សទ្ធា សីល​ធនំ ទ្រព្យ​គឺ​សីល​១, ហិរិធនំ ទ្រព្យ​គឺ​ហិរិ១, ឱតប្បធនំ ទ្រព្យ​គឺ​ឱតប្ប១, សុតធនំ ទ្រព្យ​គឺ​សុត១, ចាគធនំ ទ្រព្យ​គឺ​ចាគ​១, បញ្ញាធនំ ទ្រព្យ​គឺ​បញ្ញា​១, កតមញ្ចភិក្ខ​វេ សទ្ធាធនម ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​គឺ​សទ្ធា​តើ​ដូច​ម្តេច, ឥធភិក្ខវេ អរិយ​សាវ​កោស​ទ្ធោ​ហោតិ, ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អឬិយ​សាវក​ក្នុង​សាសនា​នេះ មាន​សទ្ធា​ជឿ​នូវ​ពោធិញាណ​នៃ​ព្រះ​តថាគត​ដូច្នេះ​គឺ, ឥតិបិ សោភគវ អរហំ សម្មា​សម្ពុទ្ធោ វិជ្ជាចរណ​សម្បន្នោ សុគតោ លោកវិទូ អនុត្ត​រោ​បុរិសទ​ម្មសារថិ សត្ថាទេវ​មនុស្សានំ ពុទ្ធោ ភគវាតិ, ដូច្នេះ​ថា ព្រះ​ដ៏​មាន​ព្រះភាគ​ជា​ម្ចាស់​នោះ ជា​ព្រះ​អរហំ ដោយ​ហេតុ​ដូច្នេះ​ផង, ជា​ព្រះ​សម្មា​សម្ពុទ្ធ ដោយ​ហេតុ​ដូច្នេះ​ផង, ដល់​ព្រម​ដោយ​វិជ្ចា វិជ្ជា​៨​ នឹង​ចរណ ១៥ ដោយ​ហេតុ​ដូច្នេះ ខ្លះ, សុគតោ មាន​ព្រះ​ដំណើរ​ល្អ​ដោយ​ហេតុ​ដូច្នេះ​ខ្លះ, អនុត្តរោ​បុរិសទម្មសារថិ ជា​នាយសារ​ថី ទូន្មាន​នូវ​បុរស​គួរ​ដល់​ទូន្មាន​មាន​បុគ្គល​ដទៃ​ក្រៃ​លែង​ពុំ​មាន ដោយ​ហេតុ​ដូច្នេះ​ខ្លះ, សត្ថា​ទេវមនុស្សានំ ជា​សាស្តា​ប្រដៅ​នៃ​ទេវតា​នឹង​មនុស្ស​ទាំង​ឡាយ ដោយ​ហេតុ​ដូច្នេះ​ខ្លះ, ពុទ្ធោ ត្រាស់​ដឹង (គឺ​ថា​រីក​ពេញ​ទី) ដោយ​ហេតុ​ដូច្នេះ​ខ្លះ, ភាគវា មាន​ចំណែក​គឺ​បារមី​ធម៌ ដោយ​ហេតុ​ដូច្នេះ​ខ្លះ, ឥទំវុច្ចតិ​ភិក្ខ​វេសទ្ធាធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ទ្រព្យ​នេះ​ឯង​គឺ​តថាគត ពោល​ថា​ទ្រព្យ​គឺ​សទ្ធា, កតមញ្ច​ភិក្ខ​វេសីលធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​គឺ​សីល​តើ​ដូច​ម្តេច, ឥធភិក្ខ​វេ​អរិយ​សាវកោ បាណាតិ​បា​តា​បដិវិរតោ​ហោត, អទិន្នា​ទា​នាប​ដិវិរ​តោ​ហោតិ កាមេ​សុមិច្ឆា​ចារាប​ដិវិរ​តោ​ហោតិ, មុសាវា​ទាប​ដិវិរ​តោ​ហោតិ សុរា​មេរយម​ជ្ជបមាទដ្ឋា​នាប​ដិរិវតោ​ហោតិ,ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក​ក្នុង​សាសនា វៀរ​ចំពោះ​ចាក​បាណា​តិ​បាត ការ​សម្លាប់​សត្វ​មាន​ជីវិត, វៀរ​ចំ​ពោះ​ចាក​អទិន្នាទាន ការ​កាន់​យក​នូវ​ទ្រព្យ គឺ​ម្ចាស់​ពុំ​បាន​ឲ្យ​ដោយ​កាយ​ដោយ​វាចា, វៀរ​ចំពោះ​ចាក​មុសាវាទ ការ​ពោល​កុហក់​បញ្ឆោត, វៀរ​ចំពោះ​ចាក​សុរាមេរយ​មជ្ជបមាទ​ដ្ឋាន, ហេតុ​ជា​ទី​ដំកល់​នូវ​សេចក្តី​ប្រមាទ​គឺ​ក្រេប​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា យ៉ាង​នឹង​មេរយ​៥​យ៉ាង, ឥទំវុច្ច​តិភិក្ខ​វេសីលធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ឯង​ហើយ​គឺ ព្រះ​តថា​គត​ពោល​ថា ទ្រព្យ​គឺ​ហិរិ​តើ​ដូច​ម្តេច ,ឥធភិក្ខវេ អរិយ​សាវកោ ហិរិមា​ហោតិ បិរិយ​តិកាយ​ទុច្ចរិតេន វចីទុច្ច​រិតេន មនោ​ទុច្ចរិ​តេន​ហិរិយ​តិ បាប​កានំ អកុសលានំ ធម្មានំ សមា​បត្តិយា, ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក​ក្នុង​សាសនា​នេះ មាន​សេចក្តី​អៀន​ខមាស់​អមពី​កាយ​ទុច្ច​រិត ការ​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ ខ្មាស់​អំពី​ចីទុច្ចរិត ការ​ប្រព្រឹត្ត​អាក្រក់​ដោយ​វាចា ខ្មាស់​អំពី​មនោទុច្ចរិត, ការ​ប្រព្រឹត្ត​អាក្រក់​ដោយ​ចិត្ត, ខ្មាស់​អមពី​កិរិយា​ដល់​ព្រម​នៃ​ធម៌ទាំង​ឡាយ ដ៨លាមក​ជា​អកុសល​ឥទំ​វុច្ច​តិភិក្ខ​វេហិរិធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ឯង​ហើយ​គឺ​តថាគត​ពោល​ថា ទ្រព្យ​គឺ​ហិរិ, កតមញ្ចភិក្ខ​វេឱតប្បធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ទ្រព្យ​គឺ​ឱតប្ប​តើ​ដូច​ម្តេច,ឥធភិក្ខ​វេ អរិយ​សាវកោ ឱតប្បីហោតិ ឱតប្បតិកាយ​ទុច្ចរិតេន វចីទុច្ចរិតេន មនោទុច្ចរិតេន ឱតប្បតិ បាប​កានំ​អកុសលានំ ធម្មានំ សមាបត្តិយា,ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយសាវក​ក្នុង​សាសនា​នេះ មាន​សេចក្តី​ក្តៅ​ក្រហាយ​តក់​ស្លុត អមពី​កាយ​ទុច្ចរិត អមពីវចី​ទច្ចរិត, អំពី​មនោទុច្ចរិត អំពី​កិរិយា​ដល់​ព្រម​នៃ​ធម៌​ទាំង​ឡាយ ដ៏​លាមក​ជា​អកុសល, ឥទំវុច្ចតិភិក្ខ​វេ​ឱតប្បធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ទ្រព្យ​នេះ​ឯង​ហើយ គឺ​តថាគត​ពោល​ថា​ទ្រព្យ​គឺ​ឱតប្បកត​មញ្ចភិក្ខវេសុតធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ទ្រព្យ​គឺ​សុត​តើ​ដូច​ម្តេច ,ឥធភិក្ខ​វេអរិយសាវកោ ពហុស្សុតោ​ហោតិ សុតធរោ​សុត​សន្និច្ចយោ យេ​តេ​ធម្មា​អាទិកល្យាណា មជ្ឈេក​ល្យាណា បរិយោសាន​កល្យាណា សាត្ថំ​សព្យញ្ជនំ កេវ​លំបរិបុណ្ណំ​បរិសុទ្ធំ ព្រហ្មចរិយំ​អភិវទន្តិ តថា​រូប​ស្សធម្មា​សុតា​ហោន្តិ​ធតា​វច​សាប​រិចិត្តា មនសានុបេក្ខិតា​ ទិដ្ឋិយា​សុប្បដិវទ្ធា​ឥទំវុច្ចតិសុត​ធនំ, ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក​ក្នុង​សាសនា​នេះ ជា​ពហូសូត្រ អ្នក​ទ្រ​ទ្រង់​នូវ​សូត្រ អ្នក​សន្សម​នូវ​សូត្រ ធម៌​ទាំង​ឡាយ​ឯណា​មាន​ពីរោះ​ក្នុង​ខាង​ដើម មាន​ពីរោះ​ក្នុង​កណ្តាល​មាន​ពីរោះ​ក្នុង​ទី​បំផុត សម្តែង​នូវ​ព្រហ្មចរិយ​ប្រកប​ដោយ​អត្ថ​ប្រកប​ដោយ​ព្យញ្ជន បរិសុទ្ធ​បរិបូរណ៌ ពុំ​មាន​សេស​សល់​ធម៌​ទាំង​ឡាយ​មាន​សភាពដូច្នោះ គឺ​អរិយ​សាវក​នោះ ស្តាប់​ហើយ​ទ្រ​ទ្រង់​ហើយ ស្ទាត់​ហើយ​ដោយ​វាចា សំឡឹង​រឿយៗ ដោយ​ចិត្ត​ចាក់​ឆ្លុះ​ដោយ​ប្រពៃ​ដោយ​ទិដ្ឋិ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ឯង​ហើយ​គឺ​តថាគត​ពោល​ថា ទ្រព្យ​គឺ​សុត, កតមញ្ច​ភិក្ខ​វេចាគ​ធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​គឺ​ចាគ​តើដូច​ម្តេច,ឥធភិក្ខវេ អរិយសាវកោ វិតមល​មច្ឆេរេន ចេតសា​អគារំ​អជ្ឈាវសតិ មុត្តចាគោ បីយតបាណី វោស្សគ្គរតោ​យាច​យោ​គោ ទាន​សំវិភាគ​រតោ,
ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក ក្នុង​សាសនា​នេះ មាន​ចិត្ត​មាន​មន្ទិល គឺ​សេចក្តី​កំណាញ់ ប្រាស​ចេញ​ហើយ មាន​ទាន​បរិច្ចាគ​រួច​ស្រឡះហើយ មាន​ដៃ​របស់​ខ្លួន​លាង​ស្អាត​ហើយ ត្រេក​អរ​ហើយ​ក្នុង​កិរិយា​លះ​បង់ មុខ​គួរ​ដល់​កិរិយា​សូម​ត្រេក​អរ​ហើយ​ក្នុង​ទាន​នឹង​ចំណែក​ស្មើ នៅ​គ្រប​គ្រង​នូវ​ផ្ទះ, ឥទំវុច្ចតិ​ភិក្ខ​វេចាគ​ធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ឯង​ហើយ​គឺ​តថាគត​ពោល​ថា​ទ្រព្យ​គឺ​ចាគ, កតមញ្ចភិក្ខ​វេបញ្ញាធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​គឺ​បញ្ញា​តើ​ដូច​ម្តេច,ឥធភិក្ខ​វេអរិយ​សាវកោ បញ្ញាវាហោតិ ឧភយត្ថគា​មិនិយា​ខយញ្ច អត្ថញ្ច គន្តុំ បរិច្ឆិន្ទិតុំ បញ្ញាយ​សម​ន្នាគ​តោ​អរិយាយ​និព្វេ​ធិតាយ សម្មាទុក្ខ​ខយ​គាមិយា ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក​ក្នុង​សាសនា​នេះ មាន​បញ្ញា​ប្រកប​ដោយ​បញ្ញា​ដ៏​ប្រសើរ ជា​គ្រឿង​ត្រាស់​ដឹង​ដើម្បី​ដល់ ដើម្បី​កំណត់ នូវ​កិរិយា​អស់​ទៅ នូវ​កិរិយា​ចំរើន​ជា​ទី​ដល់​ក្នុង​ហេតុ​ទាំង​ពីរ ជា​ទី​ដល់​នូវ​សេចក្តី​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ,ឥទំវុច្ចតិភិក្ខ​វេបញ្ញាធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ហើយ​គឺ​តថាគត​ពោល​ថា ទ្រព្យ​គឺ​បញ្ញា ឥមានិខោភិក្ខវេសត្តធនានិ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​ទាំង​ឡាយ​នេះ ហៅ​ថា​ទ្រព្យ​៧​ប្រការ ព្រះ​បរម​សាស្តា​ចារ្យ ព្រះ​អង្គ​ញាំង​សូត្រ​ឲ្យ​ចប់​ហើយ ព្រះ​អង្គ​កាន់​យក​នូវ​កំបូល​ទេសនា ដោយ​បទ​គាថា​ទាំង​ឡាយ​ថា,
សទ្ធាធនំ​សីល​ធនម ហិរិឱតប្បិយធនំ សុតញ្ចចាគោច​បញ្ញា​វសត្តមំ​យស្សឯតាធនាសន្តិ ឥត្ថិ​យាបុរិសស្សវា អទឡិ​ទ្ធោ​តិតី​អាហុ អមោឃំតស្សជីវិតំ តស្មាសទ្ធញ្ចសីល​ញ្ចបសាទធម្មទស្សនម អនុយុញ្ជថមេធាវី សរំពុទ្ធានសាសនន្តិ,
អធិប្បាយ​ថា ទ្រព្យ​ទាំង​ឡាយ​នេះ ទ្រព្យ​គឺ​សទ្ធា , ទ្រព្យ​គឺ សីល១, ទ្រព្យ​គឺ​ហិរិ១, គឺ​ឱតប្ប១ គឺ​សុត​១, គឺចាគ១, ទ្រព្យ​ជា​គំរប់​៧ គឺ​បញ្ញា​១, មាន​ដល់​បុគ្គល​ឯណា ទោះ​ជា​ស្រ្តី​ក្តី, បុរសក្តី, អ្នក​ប្រាជ្ញ​ទាំង​ឡាយ ហៅ​នូវ​បុគ្គល​នោះ​ថា ពុំ​មែន​មនុស្ស​ក្រខ្សត់​ឡើយ ជីវិត​របស់​អ្នក​នោះ ពុំ​បាន​សោះ​សូន្យ​ទទេ ហេតុ​ដូច្នោះ​បុគ្គល​ជា​អ្នក​ប្រាជ្ញ កាល​នឹក​រលឹក​នូវ​ពាក្យ​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទាំង​ឡាយ​ហើយ​ចូល​ប្រកប​រឿយៗ​នូវ​សទ្ធា​នឹង​សីល នូវ​កិរិយា​ខើញ​នូវ​បសាទ​ធម៌​នេះ​ហោង

សត្តធន​សុត្តំនិដ្ឋិតំ ចប់​សត្តធនសូត្រ​តែ​ប៉ុណ្ណេះ

ឯកនិបាតជាតក


ឯកនិបាតជាតក
- នក្ខត្តជាតកំ
អាចារ្យ ហិម អាំងស្បុកទ័រត្រួតសាលាវត្ត
ប្រែ​ពី​បាលី​មក​ជា​ភាសា​ខ្មែរ
នក្ខត្តំបដិមានេន្តិ ឥទំសត្ថាជេតវនេវិហរន្តោ អញ្ញតរំ អាជិវកំអារព្ភកថេសិ (សេចក្ដី​ថា) កាល​ព្រះ​បរម​សាស្ដា​ចារ្យ​ទ្រង់​ប្រថាប់​ក្នុង​ព្រះ​វិហារ​ឈ្មោះ​ជតវន ព្រះ​អង្គ​ទ្រង់​ប្រារព្ធ​ចំពោះ​នូវ​អាជិវក រូប​ហើយ​ទ្រង់​សំម្ដែង​នូវ​ព្រះ​ធម៌​ទេស្នា​នេះ​ថា នក្ខតំបដិមានេន្តំ ដូច្នេះ​ជា​ដើម បាន​ឮ​រៀប​មក​ថា (ក្នុង​សម័យ​មួយ) មាន​កុល​បុត្រ​មួយ មាន​ប្រកតី​នៅ​ក្នុង​នគសាវត្ថី​ទៅ​ស្ដី​ដណ្ដឹង​នាង​ធិតា​នៃ​ត្រកូល​មួយ​នៅ​ ក្នុង​ជន​បទ ដើម្បី​ផ្សំ​ផ្គុំ​នឹង​បុត្រ​ប្រុស​របស់​ខ្លួន​តាម​ប្រវេណី លោក​បាន​ព្រម​ព្រៀង​គ្នា​ហើយ បាន​កំណត់​វេលា​នឹង​រៀប​មង្គល​ការ កាល​ជិត​ថ្ងៃ​កំណត់​នោះ​ហើយ​កុល​បុត្រ​នោះ​បាន​សាក​សួរ​អាជិវក ដែល​ធ្លាប់​មក​កាន់​ត្រកូល​នៃ​ខ្លួន​ថា លោក​បើ​ខ្ញុំ​នឹង​ធ្វើ​មង្គល​ការ​កូន​ក្នុង​ថ្ងៃ​ឈ្មោះ​នោះ​តើ​ល្អ​ឬ​មិន​ ល្អ អាជិវក​អាក់​អន់​ចិត្ត​ថា​ពី​មុន​កំណត់​គេ​មិន​សួរ​គេ​មិន​យល់​យើង​ជា​អ្នក​ សិក្សា​ស្ទាត់​ក្នុង​ក្បួន​នោះ បើ​ដូច្នោះ​យើង​ពោល​បំផ្លាញ​មង្គល​ការ​នេះ ហើយ​អាជិវក​ថា​នែ​អ្នក​ថ្ងៃ​នោះ​ជា​ថ្ងៃ​កាច​អាក្រក់​ណាស់ អ្នក​កុំ​ធ្វើមង្គល​ការ​ក្នុង​ថ្ងៃ​នោះ​ឡើយ ថា​បើ​អ្នក​មិន​ជឿ​ចេះ​តែ​ធ្វើ​ទៅ​ហើយ ក៏​នឹង​ដល់​នូវ​សេចក្ដី​វិនាស​ធំ​មិន​ខាន (ចូរ​អ្នក​ធ្វើ​មង្គល​ការ​ក្នុង​ថ្ងៃ​ដ៏​ទៃ​ទៅ​វិញ) ត្រកូល​នោះ​ធ្លាប់​ជឿ​អាជិវក​នោះ​ណាស់​បាន​ជា​ត្រឡប់​ឈប់​ធ្វើ​មង្គល​ការ​ ក្នុង​ថ្ងៃ​ដែល​កំណត់​នោះ​ទៅ​វិញ(កំណត់​ថា​នឹង​ធ្វើ​មង្គល​ការ​ក្នុង​ថ្ងៃ​ ដ៏​ទៃ​គ្មាន​បាន​ឲ្យ​ដំណឹង) ចំណែក​ឯ​ត្រកូល​ខាង​ស្រី​ដែល​នៅ​ក្នុង​ជន​បទ លុះ​ដល់​ថ្ងៃ​កំណត់​នោះ​ហើយ ក៏​រៀប​ចាត់​ចែង​ប្រុង​ប្រៀប​បម្រុង​ទុក​ស្រេច ហើយ​អង្គុយ​ចាំ​មើល​ផ្លូវ​ជន​ដែល​នៅ​ក្នុង​នគរ លុះ​បាន​ដឹង​ច្បាស់​ប្រាកដ​ថា​ជន​នៅ​ក្នុង​នគរ​មិន​មក​មែន​ហើយ ក៏​គិត​ថា​ជន​នៅ​ក្នុង​នគរ​គេ​កំណត់​ថ្ងៃ​ពី​ខ្លួន​ឯង គេច​ជា​មិន​មក​វិញ​ក៏​ពី​ខ្លួន​ឯង (ធ្វើ​ឲ្យ​យើង​បង់​គំនិត) របស់​នឹង​រៀប​បម្រុង​ក៏​នឹង​ទៅ​ជា​ឥត​ប្រយោជន៍​ទទេ ជន​ដែល​នៅ​ក្នុង​ជន​បទ​តូច​ចិត្ត​ណាស់ ក៏​លើក​នាង​ធិតា​ឲ្យ​ទៅ​ត្រកូល​ដែល​គេ​ត្រូវ​ការ បង្ខំ​ឲ្យ​រៀប​មង្គល​ការ​ដោយ​របៀប​នោះ​ហើយ​ទៅ
ឯ​ជន​ដែល​នៅ​ក្នុង​នគរ​ក៏​រៀប​ដំណើរ​នាំ​បណ្ដា​ការ​ដោយ​របៀប​ធំ​ណាស់​ អស់​ពី​ចិត្ត​ទៅ​ដល់​ក្នុង​ថ្ងៃ​ដទៃ​ហើយ​សូម​រៀប​មង្គល​ការ​ជន​ដែល​នៅ​ក្នុង ជន​បទ​ដោះ​សា​ថា ថ្ងៃ​ដែល​អ្នក​កំណត់​នេះ​ខ្ញុំ​ក៏​បាន​រៀប​ប្រដាប់​ប្រដា​សព​គ្រប់​ចាំ​អ្នក លុះ​អ្នក​មិន​មក​ក្នុង​ថ្ងៃ​នោះ​ៗ បណ្ដា​ការ​ខ្ញុំ​ចាត់​ចែង​ជ្រុល​អស់​ទៅ​ហើយ និង​ចោល​ឲ្យ​ឥត​ប្រយោជន៍​ដូច​ម្ដេច​បាន ហេតុ​នោះ​ខ្ញុំ​លើក​នាង​ធិតា​នោះ​ឲ្យ​ទៅ​ត្រកូល​ដ៏​ទៃ​ទៅ ឥឡូវ​នេះ​គេ​រៀប​មង្គល​ការ​ដោយ​របៀប​នោះ​រួចទៅ​ហើយ ជន​ដែល​​នៅ​ក្នុង​នគរ​ប្រកាន់​ថា​ចុះ​ពី​ថ្ងៃ​មុន​អ្នក​ព្រម​មូល​មាត់​ថា​ ឲ្យ​នាង​ធិតា​នោះ​មក​កូន​ខ្ញុំ ថ្ងៃ​នេះ​ម្ដេច​ក៏​គេច​ឲ្យ​ទៅ​គេ​វិញ ជន​ដែល​នៅ​ក្នុង​ជន​បទ​ប្រកែក​ថា អ្នក​កំណត់​ថ្ងៃ​ដោយ​ខ្លួន​ឯង អ្នក​មិន​មក​ក៏​ដោយ​ខ្លួន​ឯង (ដោយ​មើល​ងាយ​ខ្ញុំ) បាន​ជា​ខ្ញុំ​ឲ្យ​ធិតា​ខ្ញុំ​មាន​ប្ដី​រួច​ទៅ​ហើយ (អ្នក​ចេះ​គិត​ដូច​ម្ដេច​បាន) មាន​តែ​អ្នក​វិល​ទៅ​វិញ​ដោយ​ដំណើរ​នោះ​ចុះ ជន​ដែល​នៅ​ក្នុង​នគរ​ដឹង​កំហុស​របស់​ខ្លួន​ទាល់​គំនិត​សូរ​បង់​ខាត មិន​បាន​នាង​ធិតា​ខាត​បង់​ទាំង​បណ្ដា​ការ​យ៉ាង​ធំ​វិល​មក​វិញ​ដៃ​ទទេ
រឿង​ខូច​ខាត​មង្គល​ការ​នៃ​ត្រកូល​នោះ​គឺ ពួក​អាជិវក​ក៏​ចរចារ​ផ្សាយ​ទៅ​ក្នុង​ពួក​ព្រះ​ភិក្ខុ​សង្ឃ ឲ្យ​ជាក់​ច្បាស់​ថា​ខ្លួន​ជា​អ្នក​បង្ខូច (ក្នុង​សម័យ​មួយ) ភិក្ខុ​ទាំង​ឡាយ​ជួប​ជុំ​ក្នុង​រោង​ជុំ​នំ​ប្ដើម​ពោល​ឡើង​ថា មង្គល​ការ​នៃ​ត្រកូល​នោះ ខូច​ខាត​ដោយ​ពួក​អាជិវកនោះ​បំផ្លាញ​ទេ​តើ រឿង​រ៉ាវ​នេះ​មិន​បាត់​ស្ងាត់​ក៏​ជ្រាប​ដល់​ព្រះ​ស្រោត​ទិព​ថ្លៃ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ព្រះ​អង្គ​ទ្រង់​យាង​ទៅ​កាន់​ទី​ប្រជុំ​នោះ​ហើយ​ទ្រង់​ត្រាស់​សួរ​ថា អ្នក​ទាំង​ឡាយ​ប្រជុំ​គ្នា​ពោល​អំពី​រឿង​អ្វី​ឥឡូវ​នេះ ភិក្ខុ​ទាំង​ឡាយ​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​យើង​ទាំង​ឡាយ ពោល​អំពី​រឿង​អាជិវក​បំផ្លាញ​មង្គល​ការ​នៃ​ត្រកូល​នោះ​ព្រះ​អង្គ ព្រះ​ពិជិតមារ​ទ្រង់​មាន​ព្រះ​ពុទ្ធ​ដិកា​ថា នែ​ភិក្ខុ​ទាំង​ឡាយ​អាជិវក​នេះ​បំផ្លាញ​មង្គល​ការ​របស់​ត្រកូល​នោះ មិន​តែ​ក្នុង​កាល​ឥឡូវ​នេះ​ទេ អាជិវក​នេះ​ធ្លាប់​បំផ្លាញ​តាំង​ពី​មុន​មក​មែន​ពិត្យ ហើយ​ព្រះ​អង្គ​ទ្រង់​នាំ​មក​នូវ​អតិត​និទាន​ថា នែ​ភិក្ខុ​ទាំង​ឡាយ​កាល​កន្លង​រម្លង​យូរ​ទៅ​ហើយ កាល​នោះ​មាន​ស្ដេច​ទ្រង់​ព្រះ​នាម​ថា ព្រះ​បាទ​ព្រហ្មទត្តរាជ​សោយ​រាជ​ក្នុង​ព្រះ​នគរ​ឈ្មោះ​ពារាណសី កាល​នោះ​មាន​ត្រកូល​មួយ​មាន​ប្រកតី​នៅ​ក្នុង​នគរ​នោះ ទៅ​និយាយ​ដណ្ដឹង​នាង​ធិតា​នៃ​ត្រកូល​នៅ​ក្នុង​ជន​បទ ដើម្បី​ផ្សំ​ផ្គុំ​នឹង​បុត្រ​ប្រុស​របស់​ខ្លួន មូល​មាត់​ហើយ​កំណត់​ថ្ងៃ​ខែ​នឹង​រៀប​មង្គល​ការ ក្រោយ​នោះ​ក៏​បាន​សាក​សួរ​អាជិវក​ជា​កុលូចដ្ឋាក​ថា លោក​ខ្ញុំ​នឹង​ធ្វើ​មង្គល​ការកូន​ប្រុស​ខ្ញុំ​ក្នុង​ថ្ងៃ​ឈ្មោះ​នោះ​តើ​ល្អ​ឬ​មិន​ល្អ អាជិវក​នោះ​កើត​ទោមនស្ស​ដោយ​គិត​ឃើញ​ថា ត្រកូល​នេះ​គេ​សួរ​គ្រាន់​តែ​សាក​ល្បង​យើង​ទេ​តើ មិន​មែន​ជា​ជឿ​យើង​ថា​ចេះ​ដឹង​ប៉ុន្មាន​ទេ បើ​ដូច្នោះ​យើង​ពោល​ពាក្យ​ទទេ​កុំ​ឲ្យ​ត្រកូល​នេះ ធ្វើ​មង្គល​ការ​នោះ​កើត​ឡើយ​ហើយ​ប្រាប់​ថា នែ​អ្នក​ថ្ងៃ​នោះ​ជា​ថ្ងៃ​កាច​អាក្រក់​ណាស់​អ្នក​កុំ​ធ្វើ​បើ​អ្នក​ខំ​តែ​ធ្វើ​ក្នុង​ថ្ងៃ​នោះ​នឹង​ដល់​នូវ​គ្រោះ​ធំ​មិន​ខាន ត្រកូល​នោះ​ជឿ​អាជិវក​នោះ​ណាស់​បាន​ជា​បង្អង់​ខាន កំណត់​ទៅ​ថ្ងៃ​ដ​ទៃ​វិញ (មិន​បាន​ឲ្យ​ដំណឹង)
ឯ​ជន​ដែល​នៅ​ក្នុង​ជន​បទ​ដល់​ពេល​ជិត​កំណត់​នោះ ក៏​ខ្វល់​ខ្វាយ​ចាត់​ចែង​របៀប​សព្វ​គ្រប់​ហើយ ទន្ទឹង​មើល​ផ្លលូវ​ជន​ដែល​នៅ​ក្នុង​នគរ លុះ​បាន​ដឹង​ច្បាស់​ប្រាកដ​ជា​ជន​នៅ​ក្នុង​នគរ​មិន​មក​មែន​ហើយ ក៏​កើត​រម្ខាន​ថា​អ្នក​នេះ​ពោល​ពាក្យ​ពុំ​ពិត្យ​ឲ្យ​យើង​បង់​គំនិត​ខូច​ខាត​ទ្រព្យ​របស់​ដែល​រៀប​ចំ នឹង​កេរ្តិ៍​ឈ្មោះ​ជា​ធំ​បំផុត កើត​ក្ដៅ​ក្រហាយ​ដូច្នោះ​ហើយ ក៏​ហៅ​ត្រកូល​ដទៃ​មក​ហើយ លើក​នាង​ធិតា​នោះ​បង្ខំ​ឲ្យ​របៀប​មង្គល​ការ ដោយ​របៀប​រៀប​ចំ​នោះ​ហើយ​ស្រេច​ទៅ ជន​ដែល​នៅ​ក្នុង​នគរ លុះ​ដល់​ថ្ងៃ​ដែល​ខ្លួន​កំណត់​តែ​ម្នាក់​ឯង ក៏​រៀប​ដំណើរ​ដឹក​នាំ​បណ្ដាការ​ដោយ​របៀប​ដ៏​ស្ដុក​ស្ដម្ភ​ទៅ​ដល់​ក្នុង​ថ្ងៃ​ដទៃ​ទៀត ហើយ​សូម​រៀប​មង្គល​ការ​តាម​បំណង ជន​ដែល​នៅ​ក្នុង​ជន​បទ​និយាយ​ដោះ​ដៃ​ថា នែ​អ្នក​ខ្ញុំ​ប្រុង​ប្រៀប​ប្រដាប់​ប្រដា​សន្ធឹក​សន្ធាប់​ណាស់​ក្នុង​ថ្ងៃ​កំណត់​របស់​អ្នក​នោះ ដល់​បាត់​អ្នក​មិន​ឃើញ​មក ខ្ញុំ គិត​ថា​អ្នក​មុខ​ជាលែង​មក​ហើយ ខ្ញុំ​ក៏​លើក​នាង​ធិតា​នោះ​ឲ្យ​ទៅ​ត្រកូល​ដទៃ​ទៅ​វិញ គេ​រៀប​មង្គល​ការ​ដោយ​របៀប​ដែល​រៀប​ចាំ​អ្នក​នោះ​រួច​ទៅ​ហើយ ជន​ដែល​នៅ​ក្នុង​នគរ​វា​ថា ចុះ​ដែល​អ្នក​មូល​មាត់​ថា​ឲ្យ​ខ្ញុំ​ស្រេច​ហើយ ម្ដេច​ក៏​គេច​កែ​ដូច្នោះ​ទៅ​វិញ ជន​ដែល​នៅ​ក្នុង​ជន​បទ​វិវាទ​ថា អ្នក​កំណត់​ថ្ងៃ​ខែ​ដោយ​ខ្លួន​ឯង មិន​មក​វិញ​ក៏​ដោយ​ខ្លួន យ៉ាង​នេះ​ហេតុ​ពី​អ្នក​មើល​មក​យើង​ថា​មិន​ស្មើ​មុខ ជន​ដែល​នៅ​ក្នុង​នគរ​ពោល​ត្រង់​ថា ខ្ញុំ​បាទ​សួរ​ឬក្ស​ពារ​អាជិវក ថា​មិន​ល្អ​បាន​ជា​ខ្ញុំ​មិន​មក​ជន​ដែល​នៅ​ក្នុង​ជន​បទ​ថា​ការ​នេះ​ហួស​ទៅ​ហើយ ចូរ​អ្នក​វិល​ទៅ​ដោយ​ដំណើរ​នោះ​វិញ​ចុះ
កាល​នោះ​មហា​បុរស​គឺ​ព្រះ​បរម​ពោធិ៍​សត្វ​ជា​អ្នក​ប្រាជ្ញ​មាន​ការ​ផ្សេង ត្រេច​ពី​ក្នុង​នគរ​ពារាណសី ចូល​ទៅ​កាន់​ជន​បទ​នោះ ក្នុង​ពេល​ដែល​ជន​ទាំង​ឡាយ​នោះ​កំពុង​កើត​វិវាទ​គ្នា​នឹង​គ្នា ព្រះ​មហា​បុរស​ក៏​ជ្រាប​ហេតុ​វិវាទ​នោះ​សព្វគ្រប់ ទើប​អធិប្បា​ថា អ្នក​ដែល​រាប់​អាន​ប្រកាន់​នក្ខត្តឬក្ស​ថា ថ្ងៃ​នេះ​ល្អ​ថ្ងៃ​នេះ​អាក្រក់​នោះ​មាន​ប្រយោជន៍​ពី​ណា តែង​ខាត​ប្រយោជន៍​ខាត​លាភ​ជា​ដរាប ដូច​ជន​ដែល​នៅ​ក្នុង​នគរ​ព្រោះ​ទេ​ជឿ​ពួក​អាជិវក​មើល​ឬក្ស​ពារ​ឲ្យ​ទើប​ខាត​ប្រយោជន៍​ធំ​ដូច្នេះ ហើយ​ព្រះ​មហា​បុរស​សំម្ដែង​គាថា​នេះ​ដូច្នេះ​ថា៖
នក្ខត្តំ​បដិមានេន្តំ អត្ថោពាលំឧបច្ចគា
អត្ថោអត្ថស្សនក្ខត្តំ កឹករិស្សន្តិតារកាតិ
(សេចក្ដី​ថា) ប្រយោជន៍​តែង​កន្លង​បង់​នូវ​បុគ្គល​ពាល ដែល​រាប់​អាន​នូវ​នក្ខត្តឬក្ស គឺ​គន់​គូរ​រក​ឬក្ស​ពារ​ល្អ​អាក្រក់ ប្រយោជន៍​ដែល​បុគ្គល​ស្វែង​រក​បាន ក៏​ជា​ឬក្ស​ពារ​នៃ​ប្រយោជន៍ ផ្កាយ​ទាំង​ឡាយ​នៅ​ក្នុង​អាកាស ក៏​នឹង​ធ្វើ​ជា​ឬក្ស​ពារ​ដូច​ម្ដេច​បាន
ចំណែក​ឯ​ជន​ដែល​នៅ​ក្នុង​នគរ ជា​អ្នក​ជឿ​ឬក្ស​ពារ​តាម​អាជិវក ក៏​បង់​ខាត​ប្រយោជន៍​ធំ ខាន​បាន​នាង​ធិតា​នោះ​ផង​បង់​ខាត​បណ្ដា​ការ នឹង​ដំណើរ​ទៅ​មក​ដោយ​អធិ​អទ្ធំ​នោះ​ផង​ក៏​ត្រឡប់​វិល​មក​ផ្ទះ​វិញ​ដោយ​ស្ងួត​ស្ងប់​មិន​រីក​រាយ
ព្រះ​បរម​លោក​នាថ​សាស្ដា​ចារ្យ​ទ្រង់​មាន​ព្រះ​ពុទ្ធ​ដិកា​ថា​ម្នាល​ភិក្ខុ​ទាំង​ឡាយ​អាជិវក​ដែល​ធ្វើ​មង្គល​ការ របស់​ជន​ដែល​នៅ​ក្នុង​នគរ​ឲ្យ​អន្តរាយ មិន​តែ​ក្នុង​កាល​ឥឡូវ​នេះ​ទេ អាជិវក​នេះ​ធ្លាប់បំផ្លាញ​ឲ្យ​វិនាស​តាំង​ពី​ដើម​មក យ៉ាង​នេះ​ឯង
ហើយ​ព្រះ​អង្គ​ទ្រង់​សម្ដែង​នូវ​ប្រជុំ​ជាតកថា នែ​ភិក្ខុ​ទាំង​ឡាយ​អាជិវក​ក្នុង​កាល​នោះ​មក​ជា​អាជិវក​ឥឡូវ​នេះ ត្រកូល​ទាំង​ឡាយ​ក្នុង​កាល​នោះ មក​ជា​ត្រកូល​ទាំង​ឡាយ​ក្នុង​ឥឡូវ​នេះ ព្រះ​មហា​បុរស​ដែល​ពោល​នូវ​ព្រះ​គាថា នោះ​មិន​គឺ​អ្នក​ឯ​ណា​ដទៃ​ឡើយ គឺ​អង្គ​អញ​តថាគត​នេះ​ឯង​ហោង
នក្ខត្តជាតកំនិដ្ឋិតំ
អត្តនាមត្យាធិប្បាយ
រឿង​រ៉ាវ​ជា​គម្រប់ នេះ​ខ្ញុំ​ខំ​ខ្វល់​ខ្វាយ​ឆ្លៀត​ប្រែ​រៀប​រៀង​ដោយ​សេចក្ដី​ពេញ​ចិត្ត​ក្នុង​សុភាសិត​ហើយ​នឹង​រឿង​រ៉ាវ​នេះ ទុក​ជា​ព្រះ​ធំ៌​នឹង​ដក​ចិត្ត​ឲ្យ​ផុត​អំពី​មង្គល​ភ្ញាក់​ផ្អើល​ទៅ​បាន ព្រោះ​បណ្ដា​ជន​គ្រប់​រូប​ទាំង​ខ្ញុំ​នឹង​គេ តែង​តែ​ជឿ​ប្រកាន់​ឫក្ស​ពារ​ពេលា​ថា​ជា​គ្រឿង​សែស​ក្នុង​លោក ម្លោះ​ហើយ​បើ​នឹង​ធ្វើ​ការ​អ្វី​មាន​ធ្វើ​បុណ្យ​ជា​ដើម នោះ​តែង​ត្រាច់​ទៅ​រក​គ្រូ​អាចារ្យ​គន់​គូរ​រក​ឫក្ស​ពារ​ជា​ដរាប ច្រើន​ពេញ​ចិត្ត​តែ​ខែញី​នឹង​ថ្ងៃ​អណ្ដែត ចៀស​ចាក​ខែ​ឈ្មោល​ថ្ងៃ​លិច​នឹង​ថ្ងៃ​កាល​កិណី​ជា​ដើម មិន​ហាន​ធ្វើ​ហេតុ​ខ្លាច​ចង្រៃ​នឹង​ខ្លាច​មាន​គ្រោះ​ថ្នាក់​ផ្សេង​ៗ បាន​ជា​ខំ​រាប់​អាន​បបោស​អង្អែល​មិន​ហាន​លះ​បង់​ឡើយ ជំនឿ​ដែល​ជឿ​យ៉ាង​នេះ​យូរ​យា​ណាស់​មក​ហើយ បើ​គិត​តាម​គំនិត​លោក​អ្នក​ប្រាជ្ញ​បូរាណ​មាន​ព្រះ​សម្មាសម្ពុទ្ធ​ជា​ដើម ដែល​លោក​ពោល​នូវ​សុភាសិត​នឹង​រឿង​រ៉ាវ​នេះ ឃើញ​ថា​ការ​ប្រកាន់​ឫក្ស​ពារ​នេះ រាក់​ណាស់​សាប​រលាប​ណាស់ ព្រោះ​ខ្លាច​តែ​ចង្រៃ​នឹង​ខ្លាច​គ្រោះ​ថ្នាក់​តែ​ប៉ុណ្ណោះ ត្រង់​ដែល​ខាត​វេលា​ខូច​ប្រយោជន៍​របស់​ខ្លួន​ព្រោះ​ចាំ​ដល់​ថ្ងៃ​ល្អ​ឲ្យ​ខាត​លាភ នោះ​គិត​មិន​ឃើញ​សោះ ពុទ្ធ​សាសនិក​ជន ជន​ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា នោះ​គេ​មិន​សូវ​អើ​ពើ​ក្នុង​មង្គល​ភ្ញាក់​ផ្អើល​នោះ​ឡើយ គេ​ជឿ​តែ​កម្ម​នឹង​ផល​របស់​កម្ម​ថា បុគ្គល​ឯ​ណា​សម្អាត​កាយ​វាចា​ចិត្ត​ជា​សុចរិត​ល្អ​បុគ្គល​នោះ​នឹង​បាន​ទទួល​នូវ​រង្វាន់​ល្អ​គឺ សេចក្ដី​សុខ​ចម្រើន​អំពី​ផល​សុចរិត​នោះ បុគ្គល​ឯ​ណា​មិន​សម្អាត​កាយ​វាចា​ចិត្ត​ជា​ទុក្ខ​រិត​អាក្រក់ បុគ្គល​នោះ​នឹង​បាន​នូវ​រង្វាន់​អាក្រក់​គឺ សេចក្ដី​ទុក្ខ​ព្រួយ​លំ​បាក​អំពី​ផល​ទុច្ចរិត​នោះ​ឯង មិន​ឃ្លៀង​ឃ្លាត​ឡើយ មាន​សុភាសិត​ក្នុង​បុព្ពណ្ហ​សូត្រ​ក្នុង​គម្ពីរ​មជ្ឈិម​និកាយ​ដូច្នេះ​ថា៖
សុនក្ខត្តំសុមង្គលំ សុបភាសំសុហដ្ឋិតំ សុខណោសុមុ ហុត្តោច សុយិដ្ឋំព្រហ្មចារីសុ បទក្ខិណំកាយកម្មំ វាចាកម្មំ បទក្ខិណំ បទក្ខិណំមនោកម្មំ បណិធីតេបទក្ខិណា បទក្ខិណានិ-កត្វាន លភន្តតេបទក្ខិណេ (សេចក្ដី​ថា) នក្ខតឫក្ស ល្អ​ក្ដី មង្គល​ល្អ​ក្ដី រស្មី​ល្អ​ក្ដី ព្រះ​អាទិត្យ​រះ​ឡើង​ល្អ​ក្ដី យាម​ល្អ​ក្ដី​ការ​បូជា​ល្អ​ក្ដី ក្នុង​បុគ្គល​ទាំង​ឡាយ​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ អំពើ​ដែល​បុគ្គល​ធ្វើ​ដោយ​កាយ​ជា​ខាង​ស្ដាំ ដោយ​វាចា​ជា​ខាង​ស្ដាំ ដោយ​ចិត្ត​ជា​ខាង​ស្ដាំ ការ​ដំកល់​ទុក​របស់​ជា​ខាង​ស្ដាំ បុគ្គល​ទាំងឡាយ លុះ​បាន​ធ្វើ​នូវ​អំពើ​ទាំងឡាយ ជា​ខាង​ស្ដាំ​ហើយ​តែង​បាន​នូវ​ប្រយោជន៍​ទាំង​ឡាយ​ជា​ខាង​ស្ដាំ​ដែរ
សេចក្ដី​យល់​របស់​ខ្ញុំ​ថា គ្រោះ​នឹង​ឧបទ្រព​ចង្រៃ​ទាំងឡាយ​ជា​ដើម តែង​មក​តែ​ពី​ផល​ទុច្ចរិត ថា​បើ​បុគ្គល​មាន​អំពើ​ទុច្ចរិត​ក្នុង​កាយ​វាចា​ចិត្ត​ហើយ ទោះ​រក​ឫក្ស​ពារ​ពេលា​បន់​ស្រន់​សែន​ព្រេន​ប្រកក់​ប្រសិទ្ធ​យ៉ាង​ណា​ផង ក៏​ពុំ​រួច​ពី​គ្រោះ​ថ្នាក់​ជា​ដើម​នោះ​ឡើយ ព្រោះ​សភាវ​អស់​ទាំង​នោះ​មិន​ឈ្នះ​កំឡាំង​កម្ម​ពៀរ​ទេ កម្ម​ពៀរ​នេះ​មាន​កំឡាំង​ឈ្នះ​កំឡាំង​អ្វី ទាំង​អស់​ដោយ​ពិត

អបាយមុខ


អបាយមុខ
ព្រះ​គ្រូ​សិរីសោភ័ណ កឹម - តូរ ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក
ទេសនា​ដាក់​វិទ្យុ​ឃោសនសព្ទ​នៃ​ប្រទេស​កម្ពុជា
កាល​ពី​ថ្ងៃ កើត​ខែ​កត្ដិក ឆ្នាំ​កុរ​នព្វស័ក . . ២៤៩០
( ២០ - ១១ - ៤៧ )
មត្ថុ រតនត្តយស្ស
សូម​នមស្សការ​ថ្វាយ​បង្គំ ចំពោះ​ព្រះ​រតន​ត្រ័យ គឺ :
ព្រះ​ពុទ្ធ​, ព្រះ​ធម៌​, ព្រះ​សង្ឃ ដោយ​សេចក្ដី​គោរព
លំដាប់​អំពី​បទ​នមស្សការ​នេះ​ទៅ​, អាត្មាភាព​សូម​សំដែង​អបាយ​មុខ យ៉ាង ដែល​សម្ដេច​ព្រះ​សព្វញ្ញុពុទ្ធ​ទ្រង់​ទេសនា​ប្រារព្ធ​ចំពោះ​សិង្គាលមាណព ក្នុង​គម្ពីរ​ទីឃនិកាយ ត្រង់​សិង្គាលោវាទសូត្រ​ដូច​សេចក្ដី​តទៅ​នេះ :
អបាយមុខ​ប្រែ​ថា : " ហេតុ​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស " អ្នក​ដែល​បាន​ប្រព្រឹត្ត​អបាយ​មុខ​នេះ នឹង​ជួប​សេចក្ដី​វិនាស​ឃើញ​ទាន់​ហន់​ក្នុង​លោក​នេះ អបាយមុខ​នោះ​មាន យ៉ាង គឺ :
- ការ​ផឹក​ទឹក​ស្រវឹង គឺ​សុរា​និង​មេរ័យ - សុរា​និង​មេរ័យ​នេះ ជា​ទឹក​សម្រាប់​បំពុល សម្រាប់​បង្វិល​ចិត្ត​មនុស្ស​ឲ្យ​ខុស​ប្រក្រតី មនុស្ស​អ្នក​ក្រេប​លេប​ទឹក​ស្រវឹង​ចូល​ទៅ​ហើយ​, ទឹក​នោះ​អាច​កំដៅ​ហទយៈ​គឺ​បេះ​ដូង​ឲ្យ​ញាប់​ញ័រ​ ច្រើន​តែ​បណ្ដាល​ឲ្យ​កើត​សេចក្ដី​ក្លាហាន​ព្រហើន​កោងកាច​ប្រមាថ​មើល​ងាយ​អ្នក​ដទៃ​, អំពើ​ខុស​យល់​ថា​ត្រូវ​, អំពើ​ត្រូវ​យល់​ថា​ខុស​វិញ មនុស្ស​បើ​មិន​ទាន់​ត្រូវ​សុរា​ចូល​ទៅ​ដល់​ទេ តែងឫកពា​សុភាព​រាបសា ដឹង​ខុស​ត្រូវ​គួរ​សម តែ​វេលា​ណា​ត្រូវ​សុរា​ហើយ អំណាច​សុរា​នេះ​បង្វិល​ឲ្យ​ចិត្ត​ខុស​ប្រក្រតី​មួយ​រំពេច​គឺ​បញ្ចេញ​ការៈ​ថោកទាប​ដោយ​ផ្លូវ​កាយ​និង​វាចា​, ទៅ​ជា​មនុស្ស​ច្រងេង​ច្រងាង​ទទ្រាក់ទទ្រើក​ញញាក់​ញញ័រ ទាំង​សំដី​សោត​ទៀត​ក៏​និយាយ​ច្រំ​ដែល​ៗមិន​ទៅ​មុខ ចេញ​លំនាំ​ប្រហែល​គ្នា​នឹង​មនុស្ស​ឆ្កួត មនុស្ស​ប្រមឹក​ញៀន​សុរា​នេះ រមែង​ទទួល​រង​ទុក្ខ​ទោស​គ្រោះ​ថ្នាក់ យ៉ាង អាច​ឃើញ​ជាក់​ច្បាស់​ដោយ​ខ្លួន​ឯង​ក្នុង​បច្ចុប្បន្ន​ជាតិ​នេះ​គឺ :
) អ្នក​ប្រមឹក​សុរា តែង​ចាយ​វាយ​ទ្រព្យ​សម្បត្តិ​កញ្ជះកញ្ជាយ​, យក​ទៅ​ទិញ​ដូរ​សុរា​ខ្លះ សាច់​ខ្លះ ឬ​េបស់​អ្វី​ឯ​ទៀត​ខ្លះ សម្រាប់​ក្លែម​ជាមួយ​នឹង​សុរា អ្នក​ខ្លះ​ថា​ផឹក​តែ​ម្នាក់​ឯង​​មិន​សូវ​ឆ្ងាញ់ មិន​សូវ​សប្បាយ​ទេ​, លុះ​ត្រា​តែ​មាន​គ្នា​ទើប​ហ៊ឺហារ​សប្បាយ ម៉្លោះ​ហើយ​ក៏​ហៅ​រក​បបួល​មនុស្ស​ណា​ដែល​មាន​ចរិយា​ថោក​ទាប​ដូច​ខ្លួន​ដែរ​មក​ស៊ី​ផឹក​ជាមួយ អ្នក​ប្រមឹក​សុរា​បែប​នេះ គ្មាន​ពេល​ឱកាស​នឹង​ធ្វើ​ការ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​អ្វី​ទេ​, មាន​តែ​ផ្លូវ​ចាយ​វាយ​បំផ្លេច​បំផ្លាញ​តែ​ម្យ៉ាង​, កាល​បើ​ប្រាក់​កាស​សម្រាប់​ចាយ​ធម្មតា​មិន​គ្រប់​គ្រាន់​ទេ​, ក៏​តោង​លក់​ផ្ដាច់ ឬ​បញ្ចាំ​កេរ្តិ៍​មត៌ក មាន​ផ្ទះ​សម្បែង​ដី​ស្រែ​ចំការ​ច្បារ​ដំណាំ​ជាដើម ដរាប​ទាល់​តែ​ងស់​រលីង ក៏​តាំង​សំកុក​កើត​ទុក្ខ​មុខ​ស្ងួត​អស់​ទាំង​គ្រួសារ ធ្លាក់​ខ្លួន​ទៅ​ជា​មនុស្ស​អនថា​ឥត​ទីពឹង ក្រ​រហេម​រហាម ក្លាយ​ទៅ​ជា​ចោរ​លួច​ប្លន់​ក៏​មាន
) អ្នក​ប្រមឹក​សុរា ពេល​ណា​ស្រវឹង​ស៊ប់​ហើយ ក៏​តាំង​ង្ក​ហេតុ​រក​រឿង​ឈ្លោះ​ចេរ​ប្រទេច​ប្រពន្ធ​កូន​ឯង​, បើ​រក​រក​រឿង​ប្រពន្ធ​កូន​របស់​ខ្លួន​មិន​បាន​តេ​, ក៏​បែរ​ទៅ​រក​រឿង​ឈ្លោះ​នឹង​របស់​បករើ​ប្រាស់ មាន​ពាង​ចាន​និង​ឆ្នាំង​ជាដើម វាយ​សំពង​ខ្ទេច​ខ្ទី​បែក​បាក់​អស់​ក៏​មាន​, បើ​មិន​ដូច្នោះ​ទេ​, បង្ក​ហេតុ​រក​រឿង​អ្នក​ផង​ជិត​ខាង គេ​អត់​មិន​បាន​ក៏​កើត​ទៅ​ជា​ជេរ​​តប​វាយ​​ដំកាប់​ចាក់​គ្នា​ទៅវិញ​ទៅ​មក ជាប់​គុក​ច្រវាក់​បង់​ទ្រព្យ​ថែម​ទៀម​ក៏​មាន
) អ្នក​ប្រមឹក​សុរា ឈ្មោះ​ថា​ជា​អ្នក​បង្ក​រោគ​ផ្សេង​ៗ ឲ្យ​កើត​ចម្រើន​នៅ​ក្នុង​រាង​កាយ​របស់​ខ្លួន មាន​រោគ​ងងឹត​ភ្នែត ខូច​ក្រពះ​ពោះវៀន ខូច​សួត​ជាដើម ឆាប់​ចាស់​ជរា​អាយុ​ខ្លី ដោយ​អំណាច​សុរា​ក៏​មាន
) អ្នក​ប្រមឹក​សុរា មាន​កិត្តិស័ព្ទ​កេរ្តិ៍​ឈ្មោះ​មិន​ល្អ ជាទី​ខ្ពើម​រអើម​របស់​ពួក​សប្បុរស​, ទាំង​សំដី​និយាយ​កិច្ចការ​អ្វី​សោត​ទៀត គេ​ក៏​មិន​សូវ​ជឿ​ស្ដាប់​មិន​ជា​យក​ប្រមាណ​, បើ​ទុក​ជា​មានកូន​កម្លោះ​ក្រមុំ​ច្រូង​ច្រាង គេ​ក៏​មិន​ត្រូវ​ការ ថែម​ទាំង​គេ​ដៀល​ថា " ពូជ​ប្រមឹក​សុរា​កុំ​ចូល​ទៅ​ជិត នាំ​ឲ្យ​សៅហ្មង​ដល់​ពូជ​ពង្ស​ត្រកូល​របស់​យើង " យ៉ាង​នេះ​ក៏​មាន
) អញនក​ប្រមឹក​សុរា វេលា​ស្រវឹង​ស៊ប់​ហើយ ឥត​មាន​សេចក្ដី​អៀន​ខ្មាស់​ទេ​, អវយវៈ​ដែល​គេ​ត្រូវ​បិទបាំង ខ្លួន​ឯង​ទៅ​ជា​​សើយ​លាត់​បញ្ចេញ​អាការ​កិរិយា​ឲ្យ​គេ​ឃើញ​ជាក់​ស្ដែង ជួន​កាល​ដើរ​ស្រែក​រឡេរឡ​ប៉ប៉ាច់ប៉ប៉ោច​តាម​ផ្លូវ​ដូច​ឆ្កួត សំដែង​អាការៈ​ថោកា​ទាប​ក៏​មាន​, ខ្លះ​ស្រវឹង​ក្អួត​ដួល​ដេក​ស្ដឹង​ស្ដូក​ហាក់​ដូច​ស្លាប់ តាម​ចន្លោះ​ផ្លូវ ឬ​សំយាប​ផ្ទះ​គេ​ក៏​មាន​, មិន​តែ​ប៉ុណ្ណោះ ចិត្ត​ធំ​ព្រហើន​ហ៊ាន​កាប់​សម្លាប់​ឥត​កោត​ញញើត​យ៉ាង​នេះ​ក៏​មាន
) អ្នក​ប្រមឹក​សុរា ឈ្មោះ​ថា​អ្នក​ធ្វើ​ចំណេះ​វិជ្ជាព្រម​ទាំង​ប្រាជ្ញា​ស្មារតី​ឲ្យ​អន់​ថយ​ខ្សោយ​ចុះ​ទៅ​ជា​ដរាប​, បើ​នឹង​គិត​ការ​អ្វី ឬ​ធ្វើ​ការ​អ្វី ច្រើន​ធ្វើ​ប្រថុយ​ទៅ​ទាំង​កម្រោល​ឥត​ដឹង​ខុស​ត្រូវ
អ្នក​ប្រមឹក​សុរា​មិន​មែន​ធ្វើ​ថោក​ត្រឹម​តែ​ខ្លួន​ឯង​មួយ ឬ​គ្រួសារ​របស់​ខ្លួន​មួយ​ទេ​, បាន​ឈ្មោះ​ថា​ធ្វើ​ជាតិ​និង​ប្រទេស​ឲ្យ​ថោក​ថែម​ទៀត ហេតុ​នេះ​, អស់​លោក​អ្នក​កាន់​អំណាច គួរ​តែ​ផ្ចាញ់​ផ្ចាល​បំបាត់​សភាព​ប្រមឹក​បែប​នេះ ក្នុង​ស្រុក​នីមួយ​ៗ​កុំ​ឲ្យ​មាន ទើប​នឹង​មានសេចក្ដី​ចម្រើន
សេចក្ដី​ដែល​បាន​ពណ៌នា​មក​នេះ​ឈ្មោះ​ថា អបាយមុខ​ទីមួយ
- ការ​ដើរ​លេង​ក្នុង​វេលា​យប់​ខុស​កាល - ពេល​ដែល​គេ​ត្រូវ​សម្រាក​សម្ងំ​ដេក​ពួន ខ្លួន​ដើរ​លេង​ជជ្រក​​មមក​តាម​ច្រក​ល្ហក​ផ្លូវ​តូច​ធំ​ហួស​ពេលវេលា ចោល​ប្រពន្ធ​កូន​ទ្រពញយ​សម្បត្តិ​នៅ​ឯ​ផ្ទះ ឥត​មាន​អ្នក​ណា​គ្រប់​គ្រង​រក្សា ឈ្មោះ​ថា​បើក​ឱកាស​ឲ្យ​ដល់​សត្រូវ​គឺ​ចោរ​ប្រមាថ​មើល​ងាយ​ដល់​ទ្រព្យ​សម្បត្តិ​ក៏​មាន​, ជួន​កាល​ខ្លួន​ឯងដើរ​លេង​ទៅ​ក៏​ត្រូវ​ទទួឡ​គ្រោះ​ថ្នាក់ មាន​ពស់​ក្អែប​ខាំ​ទិច​ជាដើម​ក៏​មាន​, ពុំ​នោះ​សោត​មាន​អ្នក​ផងគេ​រង្កៀស​សង្ស័យ​ថា អ្នក​នេះ​ហៃ​ដើរ​ពេល​យប់ ប្រហែល​ជា​អ្នក​រក​ស៊ី​ដោយ​​ផ្លូវ​ទុច្ចរិត​ទេ​ដឹង ? ជួន​កាល​មាន​ចោរ​លួច​ឆក់​ទ្រពញយ​សម្បត្តិ​របស់​គេ​ពិត​ហើយ​វា​ភៀស​គេច​ខ្លួន​បាត់​ទៅ ទទួល​គេ​ឃើញ​ខ្លួន​ដើរ​ទៅ​, ម្ចាស់​ទ្រព្យ​គេ​ក៏​ចោទ​ប្រកាន់​ខ្លួន​ថា​ជា​ចោរ ហើត​ក៏​នាំ​គ្នា​ចាប់​ចង​ធ្វើ​ទុក​ទោស ដាក់​ពិន័យ​ជាប់​គុក​ច្រវាក់​បង់​ទ្រព្យ​ធន​ក៏​មាន នេះ​ឈ្មោះ​ថា អបាយមុខ​ទី
- ការ​ដើរ​មើល​ល្បែង​មហា​ស្រព​ផ្សេង​ៗ - បុរស​ក្ដី​ស្រ្តី​ក្ដី កាល​បើ​ដឹង​ឮ​ថាល្ែង​ច្រៀង​រាំ​ត្លុក​កំប្លែង មាន​នៅ​ក្នុង​ទី​ណា​ក៏​ដើរ​ចូល​ទៅ​កាន់​ទី​នោះ ហើយ​ស្ដាប់ ឬ​មើល​ល្បែង​នោះ​ៗ​ដោយ​សេក្ដី​សប្បាយ​ជាប់​ចិត្ត​ភ្លេច​ខ្លួន​ឥត​នឹក​នា​ដល់​ប្រពន្ធ​កូន ឬ​ប្ដី​សី​ទ្រព្យ​សម្បត្តិ​ដែល​នៅ​ក្នុង​ផ្ទះ​, មិន​តែ​ប៉ុណ្ណោះ ខាត​ទាំង​ប្រាក់​កាស​ដែល​ត្រូវ​ចាយ​ក្នុង​ល្បែង​នោះ​ៗ​ផង​, ខាត​ទាំង​ពេល​ដេក​អត់​ងងុយ​ផង​, ខាត​ទាំង​ពេល​ដែល​ត្រូវ​ប្រកប​ការងារ​រក​ស៊ី​ផង ធម្មតា​អ្នក​មើល​ល្បែង​មិន​អាច​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ស្ងាត់​បាន​ទេ​, ឈ្មោះ​ថា​ជា​អ្នក​ព្រងើយ​បណញដែត​បណ្ដោយ​ចិត្ត​ឲ្យ​រវើរវាយ​វក់​ទៅ​ក្នុង​កាម​គុណ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ក៏​មាន​, ជួន​កាល​ស្រី​លះ​លែង​ប្ដី​របស់​ខ្លួន រត់​ទៅ​តាម​ប្រុស​អ្នក​លេង​ល្បែង​ក៏​មាន​, ចំណែក​ប្រុស​លបលាក់យក​ទ្រព្យ​របស់​ទៅ​ឲ្យ​ស្រី​, ចំណែក​ស្រី​លបលាក់​យក​ទ្រពញយ​របស់​ទៅ​ឲ្យ​ប្រុស រឿង​ទាំង​នេះ​ក្នុង​សម័យ​បច្ចុប្បន្ន​ឥឡូវសឹង​មាន​ជា​ច្រើន​នៅ​ស្រុក​ក្រៅ​និង​ទី​ក្រុង​, បើ​បុរស​ឬ​ស្រី្ត​មាន​សភាព​យ៉ាង​នោះ ដែល​ជា​អ្នក​មាន​អំនាច កាល​បើ​ប្រាក់​កាស​សម្រាប់​ចាយ​ចាត់​ចែង​​មិន​គ្រប់​គ្រាន់​ទេ ក៏​តាំង​ប្រើ​ឧបាយកល​សង្កត់​សង្កិន​ដោយ​ផ្លូវអយុត្តិធម៌ ឥត​អាណិត​អាសូរ​ដល់​អ្នក​ផង ដើម្បី​យក​ទៅ​បង្រ្គប់​បំប៉ន​កាម​គុណ​ទាំង​នោះ រឧង​នេះ​គួរ​ឲ្យ​សង្វេគ គួរ​ឲ្យ​នឹក​ស្ដាយ​ពេក​ណាស់​, បើ​ប្រសិន​ជា​យក​ចិត្ត​ទុក​ដាក់​ទំនុក​បម្រុង​ស្រុក​ទេស ឲ្យ​បាន​ប្រហែល​គ្នា​នឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​មាតុ​គ្រាម​វិញ​, ស្រុក​ទេស​មុខ​តែ​នឹង​បាន​សេចក្ដី​ចម្រើន​ថ្កុំថ្កើង​ទាន់​សម័យ​មិន​ខាន សេចក្ដី​ដែល​បាន​ពណ៌នា​មក​នេះ​ឈ្មោះ​ថា អបាយមុខ​ទី
- ការ​លេង​ល្បែង​ភ្នាល់​គ្នា​ស៊ី​សង - ល្បែង​ភ្នាល់​ស៊ីសង​នេះ​មាន​ច្រើន​យ៉ាង រាប់​តាំង​ពី​បៀ​នឹង​ធួរ​ជាដើម​ទៅ បុរស​ស្រ្តី​អ្នក​ចូល​ចិត្ត​ប្រព្រឹត្ត​លេង​ល្បែង​ស៊ីសង​ឯ​ណា​នីមួយ សុទ្ធ​តែ​មាន​បំណង​ចង់​បាន​ប្រយោជន៍​ចំណេញ​មក​ឆាប់​ៗ​, ប៉ុន្តែ​ហេតុ​ការណ៍​ពិតនោះ មិន​មែន​ត្រូវ​ដូច​គំនិត​ដែល​ប៉ង​នោះ​ទេ​, បើ​ទុក​ជា​ត្រូវ​បំណង​ខ្លះ​ក៏​មាន​តិច​ណាស់​ក្នុង​លោក​នេះ​, គួរ​អស់​លោក​អ្នក​ពិចារណា​មើល​ដូច្នេះ​ថា អ្នក​មាន​ភោគ​សម្បត្តិ​ច្រើន​រាប់​ម៉ឺន​សែន​នៅ​ជុំ​វិញ​ខ្លួន​សព្វ​ថ្ងៃ​នេះ តើ​គេ​មាន​មក​អំពី​លេង​ល្បែង ឬ​គេ​មាន​មកអំពី​ប្រកប​សិប្បកម្ម និង​ពាណិជកម្ម ? ធម្មតា​អ្នក​ប្រព្រឹត្ត​លេង​ល្បែង​ភ្នាល់​គ្នា​, មិន​ដែល​អ្នក​ណា​មួយ​មាន​កំណើត​ទៅ​ជា​មនុស្ស​គ្រាន់​បើ​ទេ​, ច្រើន​តែ​ទទួល​រង​គ្រោះ​ថ្នាក់​​សេចក្ដី​វិនាស​ច្រើន​ប្រការ​គឺ : អ្នក​ប្រព្រឹត្ត​លេង​ល្បែង កាល​បើ​ខ្លួន​ឈ្នះ​​ក៏​ប្រើ​អំណាច​រំលោភ​​អូស​យក​ទ្រព្យ​សម្បត្តិ​​អំពី​អ្នក​ចាញ់​ៗ ក៏​កើត​សេចក្ដី​ក្ដៅ​ក្រហាយ​ចង​ពៀរ​ព្យាបាទ​គ្នា​ទៅវិញ​ទៅ​មក​ក៏​មាន​, អ្នក​ចាញ់​តែង​ដេក​កើត​ទុក្ខ​ថ្ងូរ​ដក​ដង្ងើម​ធំ​ស្ដាយ​ទ្រព្យ​សម្បត្តិ ដែល​វិនាស​ទៅ​រហូត​ដល់​លែង​ចង់​រស់​នៅ​ជា​មនុស្ស ដោយ​ប្រើ​វិធីចង​សម្លាប់​ខ្លួន​ឯង​​ជា​ដើម​ក៏​មាន​, អ្នក​លេង​ល្បែង​ច្រើន​មាន​ឧបាយ​កុហក​ភូត​ភរ​បោក​ប្រាស​គេ​ឲ្យ​តែ​បាន​ដល់​ដៃ ឬ​ទោះបី​ទៅ​និយាយ​ពឹង​ពាក់​ប្រស្រ័យ​កិច្ចការ​អ្វី​ៗ នឹង​គេ​ៗ ក៏​មិន​ជឿ​មិន​យក​ជា​ប្រមាណ ម៉្លោះ​ហើយ​ក៏​ធ្លាក់​ខ្លួន​ទៅ​ជា​មនុស្ស​ថោក​ឥត​គេ​ត្រូវ​ការ​រាប់​រក ម្យ៉ាង​ទៀត ល្បែង​ស៊ី​សង​អស់​នេះ​ច្រើន​ធ្វើ​ទុក្ខ​ដល់​អ្នក​នៅ​ទំនេរ​, ជួន​កាល​ប្ដី​ទៅ​ធ្វើ​ការ​បាត់ ប្រពន្ធ​នៅ​ផ្ទះ​ទំនេរ​ឥត​ការ​អ្វី​ធ្វើ ក៏​តាំង​វ៉ៃ​ភ្នែន​តទល់​នឹង​ប្រុស​ៗ ឬ​នឹង​ស្រី​ៗ​ដូច​គ្នា តាំង​ពី​ព្រលឹម​ទល់​ថ្ងៃ​ត្រង់ តាំង​ពី​បែរ​ពី​ថ្ងៃត្រង់​ទល់​ល្ងាច​, ជួន​កាល​ក៏​ចាញ់​ងស់​រលីង​ពី​ខ្លួន ហើយ​ក៏​តាំង​លក់ ឬ​បញ្ចាំ​គ្រឿង​អលង្ការ សម្រាប់​តាក់​តែង​រាង​កាយ​យក​មក​លេង​ទៀត​, កាល​ណា​បើ​ប្ដី​ដឹង​ក៏​កើត​ទៅ​ជា​ជម្លោះ​ទាស់​ទែង​លែង​លះ​គ្នា​ក៏​មាន នេះ​ឈ្មោះ​ថា​អបាយមុខ​ទី
- ការ​សេព​គប់​នឹង​បាប​មិត្រ - មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​អាក្រក់ ជា​ហេតុ​នាំ​ឲ្យ​កើត​សេចក្ដី​វិនាស​ដល់​ខ្លួន ឬ​ដល់​អ្នក​ដទៃ​, មនុស្ស​នោះ​គេ​ហៅ​ថា បាប​មិត្រ បើ​អស់​លោក​អ្នក​ចង់​ស្គាល់​ថា​មនុស្ស​បែប​ណា​ជា​បាប​មិត្រ​នោះ តោង​ពិនិត្យ​សង្កេត​ដោយ​ផ្លូវ​កាយ - វាចា​នឹង​ចិត្ត ក៏​នឹង​អាច​ដឹង​បាន បណ្ដា​មនុស្ស​ក្នុង​លោក​, អ្នក​ណា​មួយ​ទោះ​ជា​មនុស្ស​ជាន់​ខ្ពស់​ក្ដី ជាន់​កណ្ដាល​ក្ដី ជាន់​ទាប​ក្ដី សុទ្ធ​សឹង​តែ​មាន​ការងារ​ត្រូវ​ធ្វើ​ជា​ប្រក្រតី​, បើ​មនុស្ស​សប្បុរស​ល្អ ការងារ​ចេញ​មក​តាម​ផ្លូវ​កាយ​ក៏​ល្អ ចេញ​មក​តាម​ផ្លូវ​វាចា​ក៏​ល្អ ចេញ​មក​តាម​ផ្លូវ​ចិត្ត​ក៏​ល្អ​, មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​ជា​អ្នក​មាន​ករុណា​អាណិត​អាសូរ​ចំពោះ​អ្នក​ដទៃ​ជានិច្ច​, ធ្វើ​ការងារ​អ្វី​មិន​អាង​យសស័ក្ដិ មិន​អាង​អំណាច មិន​លំអៀង​ព្រោះ​ស្រឡាញ់ ព្រោះ​ស្អប់ ព្រោះ​ខ្លាច​ទេ​, ព្រោះ​មនុស្ស​បែប​នេះ​ហៅ​ថា​កល្យាណ​មិត្រ​, គួរ​សេព​គប់​រាប់​រក​យក​មិត្រ​ជា​សំឡាញ់ មនុស្ស​ណា​ជា​អ្នក​ប្រព្រឹត្ត​លេង​ល្បែង​ភ្នាល់​ស៊ីសង​, ជា​អ្នក​លេង​ស្រី​, ជា​អ្នក​លេង​ផឹក​សុរា​, ជា​អ្នក​បញ្ឆោត​បោក​ប្រាស​អ្នក​ដទៃ​ដោយ​ឧបាយកល​ណាមួយ​, ជា​អ្នក​ប្រើ​អំណាច​រំលោភ​សង្កត​សង្កិន​អ្នក​ដទៃ ដោយ​អាង​យសសក្ដិ ឬ​ដោយងាង​ទ្រព្យ​សម្បត្តិ មនុស្ស​បែប​នេះ​ហៅ​ថា​បាប​មិត្រ​, កុំ​ចូល​ទៅ​សេព​គប់​រាប់​រក​យក​ជា​មិត្រ​សំឡាញ់​ឡើយ
សេចក្ដី​ដែល​ពណ៌នា​នេះ ចាត់​ជា​អបាយមុខ​ទី
- ការ​ខ្ជិល​​ច្រអូស - សេចក្ដី​ខ្ជិល​នេះ បើ​មាន​នៅ​លើ​រូប​បុគ្គល​ណា​ហើយ អាច​នឹង​ពន្លិច​បន្ទាប​បុគ្គល​នោះ ឲ្យ​ធ្លាក់​ទៅ​ជា​មនុស្ស​ក្រី​ក្រ​ល្ងង់​ខ្លៅ មិន​មាន​ចំណេះ​វិជ្ជា​នឹង​ភោគ​សម្បត្តិ ធម្មតា​មនុស្ស​ដែល​លុះ​ក្នុង​អំណាច​នៃ​សេចក្ដី​ខ្ជិល បើ​នឹង​ធ្វើ​ការ​អ្វី​ឬ​រៀន​ចំណេះ​អ្វី​ច្រើន​ប្រើ​អាការ​ទម្រន់​ដោយ​យក​អ្វី​ម្យ៉ាង​ៗ មក​ធ្វើ​ជា​លេស​គ្រឿង​អាង​របស់​ខ្លួន គឺ​អ្នក​ខ្លះ​អាង​ថា ថ្ងៃ​នេះ​នៅ​ព្រឹក​ណាស់​, ល្ងាច​ណាស់​, ត្រជាក់​ណាស់​, ក្ដៅ​ណាស់​, ឃ្លាន​ណាស់​, ស្រេក​ណាស់ ធ្្វើ​ការ ឬ​រៀន​អ្វី​ពុំ​ទាន់​កើត​ទេ ចាំ​សម្រាក​ខ្លួន ឬ​ចាំ​បរិភោគ​អ្វី​បន្ដិច​សិន សឹម​ធ្វើ​ការ ឬ​សឹម​រៀន​, ការ​ទម្រន់​ខ្ជិល​បែប​នេះ​ហើយ ដែល​ជា​ប្រធាន​ធ្វើ​បុគ្គល​នោះ​ឲ្យ​ដល់​នូវ​ភាព​ជា​មនុស្ស​ថោក​ទាប​ឥត​គេ​ត្រូវ​ការ​រាប់​រក ម្យ៉ាង​ទៀត​អស់​លោក​អ្នក​ដែល​ជា​មេបា​ក្នុង​គ្រួសារ ឬ​ក្រុម​មួយ​ៗ ខ្លះ​មិន​សូវ​ប្រឹតប្រៀន​រំលឹក​ដាស់​តឿន​កូន​ចៅ ឬ​អ្នក​ដែល​នៅ​ក្រោម​បង្គាប់​របស់​ខ្លួន ឲ្យ​ខំ​ប្រឹង​ធ្វើ​ការ ឬ​ឲ្យខំ​ប្រឹង​រៀន​តាម​មុខ​ការ​របស់​វា​ទេ​, ច្រើន​តែ​បណ្ដែត​បណ្ដោយ​ឲ្យ​ក្មេង​​នៅ​ទំនេរ​ខ្ជិល​ដើរ​លេង​តាម​អំពើ​ចិត្ត​, លុះ​យូរ​ទៅ​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​ល្ងង់​ខ្លៅ​ខ្សត់​ខ្សោយ​ចំណេះ​វិជ្ជា​នឹង​ភោគ​​សម្បត្តិ​, មិន​តែ​ប៉ុណ្ណោះ មនុស្ស​ល្ងង់​ឈ្មោះ​ថា​ ធ្វើ​ជា​ត្រកូល​នឹង​ស្រុក​ទេស​ឲ្យ​ថោក​ទាប​ថែម​ទៀត សូម​អស់​លោក​អ្នក​ពិនិត្យ​សង្កេត​មើល​ទោស​របស់​មនុស្ស​ខ្ជិល សព្វ​ថ្ងៃ​នេះ​ចុះ​, នៅ​ក្នុង​ក្រុង​ឃើញ​មាន​នៅ​ដេរ​ដាស​ទាំង​ស្រី ទាំង​ប្រុស​, ខ្លះ​ដេក​ដើរ​អង្គុយ​រដូក​រណែល​ក្រោម​ម្លប់​ឈើ ឬ​តាម​សំយាប​ផ្ទះ ក្បែរ​ចិញ្ចើម​ថ្នល់​, រក​ស៊ី​គ្រាន់​តែ​ឲ្យ​រស់​ត្រឹម​មួយ​ថ្ងៃ​ៗ​ប៉ុណ្ណោះ​, បើ​នឹង​ធ្វើ​ការ​ឥត​មាន​ឧបាយ​គំនិត​ណា​ថា​អញ​ត្រូវ​ធ្វើ​យ៉ាង​នេះ​យ៉ាង​នោះ​ទើប​​ល្អ​ដូច្នេះ​សោះ​ឡើយ​, មនុស្ស​បែប​នេះ​ហើយ ដែល​សំដែង​អាការ​ឲ្យ​ឃើញ​​ថោក​ទាប​ដល់​ជាតិ​នឹង​ស្រុក​ទេស នេះ​ជា​ឈ្មោះ​ថា អបាយមុខ ទី
មនុស្ស​ខ្ជិល​ដូច​បាន​ពណ៌នា​មក​ទាំង​នេះ ប្រសិន​បើ​រាជការ​បង្កើត​របរ​ការ​អ្វី​មួយ ដើម្បី​តម្រូវ​ដល់​មនុស្ស​ទាំង​នេះ​ឲ្យ​មាន​ការ​ធ្វើ​ឡើង តទៅ​ប្រហែល​ជា​​នឹង​មាន​សេចក្ដី​ចម្រើន​ដល់​រាជ​ការ​វិញ​ពុំ​ខាន
អាត្មាភាព​សំដែង​អំពី​អបាយមុខ​ទាំង យ៉ាង ចប់​ត្រឹម​តែ​ប៉ុណ្ណោះ
ទុក្ខប្បត្តា និទ្ទុក្ខា ភយប្បត្តា និព្ភយា
សោកប្បត្តា និស្សោកា ហោន្តុ សព្វេបិ ចាណិនោ
សព្វ​សត្វ​ដែល​ដល់​ហើយ​នូវ​ទុក្ខ សូម​ឲ្យ​បាត់​ទុក្ខ​ទៅ ! ដែល​ដល់​ហើយ​ភ័យ​នូវ​ សូម​ឲ្យ​បាត់​ភ័យ​ទៅ ! ដែល​ដល់​ហើយ​នូវ​សោក សូម​ឲ្យ​ជា​អ្នក​បាត់​សោក​ទៅ !
ធម្មទេសនាវសេន កម្ពោជរដ្ឋវាសិនោ
វុឌ្ឈឹ វិរុឡ្ហឹ បប្បោន្តុ សន្តិភាវញ្ច នាញ្ញថា
ដោយ​អំណាច​នៃ​ព្រះ​ធម្មទេសនា ( នេះ ) សូម​ឲ្យ​ប្រជាជន​ទាំង​ឡាយ​អ្នក​នៅ​ក្នុង​កម្ពុជរដ្ឋ ដល់​នូវ​ការ​លូត​លាស់​ចម្រើន​នឹង​សន្តិភាព កុំ​បី​ឃ្លាត​ក្លាយ​ទៅ​ជា​ប្រការ​ដទៃ​ឡើយ !