Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Saturday, May 19, 2012

ប្រាសាទ​ នគរបាជ័យ

ប្រាសាទនគរបាជ័យគឺជាប្រភេទរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តដែលស្ថិតនៅចម្ងាយ២.២គ.ម ពីទីរួមខេត្តកំពង់ចាម តាមបណ្តោយផ្លូវជាតិលេខ៧។ ពីភ្នំពេញទៅរមណីដ្ឋាននេះមានចម្ងាយ ១២២គ.ម ហើយបត់ឆ្វេងដៃ២០០មទៀត។ រថយន្តគ្រប់ប្រភេទអាចចូលទៅដល់ទីតាំងប្រាសាទតែ ម្តង។ ប្រាសាទនគរបាជ័យចែកចេញជា៖
            ទន្លេអុំៈ ទន្លេអុំស្ថិតនៅខាងកើតនៃប្រាសាទមានទំហំ ៤០០មx៥០០ម ដែលមានចម្ងាយ ប្រមាណ៣០០មពីប្រាសាទ។
            ថែវទីមួយៈ ថែវទីមួយមានទំហំ៤២១មx៣៧១ម ដែលរៀបចំ និងកសាងឡើងពីថ្មបាយក្រៀម មានកំពស់២,៩ម និងកម្រាស់២,៤ម។ ទទឹងច្រកចូលមានប្រវែង២ម ប៉ុន្តែបច្ចុប្បន្នថែវនេះបាក់បែក អស់មួយចំនួនធំហើយ។ នៅក្នុងបរិវេណនៃថែវទីមួយមានតោចំនួន៦ ស្ថិតនៅមាត់ច្រកចូល នៅថែវ ទីពីរមាននាគ៨ ដែលស្ថិតនៅពីក្រោយតោទាំង៦ និងមានអសុរា២ ឈរនៅអមច្រកចូលសងខាង។
            ថែវទីពីរៈ ថែវទីពីររួមមាន រូបសំណាក់តេជោដំឌិនចំនួន២ រូបអសុរាចំនួន២ ដែលមានកំពស់ ១,៦០ម និងមានស្រះទឹកពីរ ដែលមានទំហំ២០មx២០ម ទឹកស្រះទាំងពីរនេះមិនរីងទេ នៅរដូវប្រាំង ព្រមទាំងមានដើមឈូកដុះអមផង។
            ថែវទីបីៈ ថែវទីបីកម្រាស់ក្រាស់ជាងថែវទី១ និងទី២ ហើយថែវទី៣នេះមានច្រកចេញ ចូល នៅចំកណ្តាលទាំង៤ទិស។ នៅក្នុងថែវទី៣ រួមមាននៅចំពីមុខច្រកចូល មានរូបព្រះនរាយណ៍ដៃ៨ និង នៅផ្នែកខាងឆ្វេងដៃមានរូបព្រះនរាយណ៍ដៃ៤។
          ថែវទីបួនៈ នៅថែវទីបួននេះរៀបចំដោយថ្មបាយក្រៀមរៀបចំដាច់ៗពីគ្នាជាបន្ទប់ៗ ហើយថែវ ទីបួននេះមានលក្ខណៈខុសប្លែកពីថែវទី១ ទី២ និងទី៣ ព្រោះគេសង្កេតឃើញាមានប្រាសាទ ទម្រង់ ជាចេតិយមួយ មានកំពូលខ្ពស់នៅ ចំកណ្តាលបែរមុខទៅបួនទិស ហើយសាងសង់អំពីថ្មភក់ ដែលមាន ព្រះពុទ្ធរូបគង់ព្រះភ្នែនបែរចេញទៅរកទិសទាំងបួនផងដែរគឺ កើត លិច ជើង ត្បូង។   នៅខាងក្នុង ប្រាសាទចេតិយនេះគេក៏សង្កេតឃើញ ស្តូបតូចមួយដែលទំនងសម្រាប់តម្កល់នូវអដិ្ឋធាតុបុគ្គលណា ម្នាក់នៅក្នុងនោះ។  ប្រាសាទ ​នេះ​ស្ថាបនា​ដោយ​ព្រះមហាវីរក្សតជ័យវរ្ម័នទី៧ ​ នាសតវត្សទី១៣ តាម​លំនាំ​រចនាបថ​បាយ័ន។ នៅ​ក្នុង​បរិវេណ​ប្រាសាទ​ មាន​សសរ​ពេជ្រ​ខ្ពស់ៗ ឈរ​ទប់​ទ្រ​ផ្ដែរ​ប្រាសាទ​យ៉ាង​រឹងមាំ​ រីឯ​ទ្វារ​ទាំង​បួន​ទិស​របស់​ប្រាសាទ​ដែល​អម​ដោយ​ជញ្ជាំង​ទាំងឡាយ​ក៏​នៅ​រឹង ​មាំ​ល្អ​គ្មាន​ការ​រង្គោះរង្គើ​ឡើយ។ ​ទស្សនវិស័យ​ដើម​នៃ​សំណង់​ប្រាសាទ​នេះ​​ គឺ​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា រហូត​មក​ដល់​បច្ចុប្បន្ន​ស្ថានភាព​ប្រាសាទ​នេះ​គឺ​នៅ​រឹងមាំ​ល្អ​ណាស់​ សម្រាប់​ការ​ទស្សនា​កម្សាន្ត ​ហើយ​ក៏​បន្សល់​ទុក​នូវ​ផ្ទាំង​សិលា​ចារិក​ ក៏​ដូច​ជា​ចម្លាក់​នានា​ស្ថិត​នៅ​ក្នុង​លំនាំដើម​ទាំងអស់។ ចំណែក​សំណង់​ព្រះវិហារ​ព្រះពុទ្ធសាសនា​ ដែល​ស្ថាបនា​ក្រោយ​សម័យ​អង្គរ​នោះ​ក៏​ស្ថិត​នៅ​ល្អ​តាម​លំនាំ​ស្ថាបត្យកម្ម​ ដើម​ផង​ដែរ។     ប្រាសាទនេះ​មានរឿង​ព្រេង​មួយដ៏គួរ​ឲ្យចាប់អារម្មណ៏ ហើយ​មាន​ចេតិយ​និង​តូប​អ្នកតា​សម្គាល់ជាភស្តុតាងទៀតផង។ រឿងនេះសង្ខេប​ដោយ​ខ្លី​គឺ មាន​ពីរនាក់​ប្តី​ប្រពន្ធមានកូន​ប្រុស​មួយ​ ពេល​យកទៅ​មុជ​ទឹកនៅ​ទន្លេ​មិន​ប្រយ័ត្នក៏​របូត​ដៃ​ធ្លាក់​កូនចូល​ទៅក្នុង​ ទឹក​ ប៉ុន្តែស្រាប់តែមាន​ត្រី​ធំ​មួយ​ពាំ​យក​ទារកនោះទៅ។ ត្រី​នោះត្រូវ​បាន​អ្នក​នេសាទ​ចិន​ចាប់​បាន​ហើយ​យក​ទៅថ្វាយ​ស្តេចព្រោះ​ឃើញ​ ត្រី​នោះ​ធំ​ចម្លែក ពេល​វះ​ពោះ​ត្រី​នោះ​ក៏​ត្រលប់​ជា​ឃើញទារក​នោះនៅ​មាន​ជីវិត​ ស្តេច​ចិន​ក៏យក​ទុក​ជា​កូន​ចញ្ចឹម។ កុមារនោះ​លុះ​ធំ​មាន​តម្រេះ​ខ្ពស់និង​រូប​សម្បត្តិ​ល្អ ក៏​សួរ​ស្តេច​ពី​ប្រវត្តិ​ដើមរប​ស់​ខ្លួន​ លុះ​ដឹង​រឿង​ហេតុ​អស់ហើយ​ក៏សុំ​ឪ​ពុក​ចិញ្ចឹម​មក​តាម​រកឪពុក​ម្តាយ​បង្កើតនៅ ​ស្រុកខ្មែរវិញ។ លុះ​មកដល់​ក៏​ទៅសុំសំណាក់​និង​ម្តាយ​បង្កើត​ខ្លួន យូរៗទៅ​ដោយ​ពុំ​បាន​ដឹង​ក៏​បាន​រួមរស់ជា​មួយ​ម្តាយ​ខ្លួនឯង។ តកាល​ក្រោយ​មកពេល​ដែលចៅ​ព្រហ្ម(នាម​កុមារនោះ)ដឹង​រឿង​ហេតុ​ក៏​​សំពះសុំ​ ខមាទោស​ពី​ម្តាយ ឯម្តាយ​ក៏​បង្គាប់ថា​ឲ្យ​ធ្វើចេតិយ​មួយ​ពេល​ម្តាយ​ស្លាប់ ហើយ​ឲ្យ​សង់ជា​រូបកូន​សំពះចេតិយ​ម្តាយ​ពេល​កូន​ស្លាប់ទៅដែរឲ្យ​បាន​គ្រប់ ៥០០០ឆ្នាំ ទើប​រួចពី​កម្មពាវេរា ទាំងនោះ។ ចៅ​ព្រហ្មដោយ​មានចំនេះខ្ពង់ខ្ពស់​ក៏​បាន​ឡើង​ធ្វើជា​គ្រូ​អាចារ្យ​នៅ​ ភូមិស្រុកនោះទៅ​ ហើយ​បាន​បញ្ជា​រឲ្យ​សិស្សគណ​សាងសង​តាម​បញ្ជារ​របស់​ម្តាយ​លោក។ ដល់ពេល​លោកស្លាប់​ទៅ​សិស្សគណ​ក៏​សាង​សង់រូបលោកសំពះទៅកាន់ចេតិយនោះទៅ ហើយ​ឈ្មោះ​លោក​ក៏​បាន​ត្រូវ​គេ​ហៅថា​ តាព្រហ្មៗវិញ ឯម្តាយលោកគេហៅថា យាយពៅៗ រហូតដល់សព្វថ្ងៃ។ សព្វថ្ងៃនេះ​នៅ​ក្នុង​កំពែង​ជាន់ទី២​មានវិហារស៊ី​ម៉ង់​មួយ​ដែល​គេ​ហៅថា​ វិហារ​យាយពៅ ឯវិហារតា​ព្រហ្មគឺស្ថិតនៅ​ឯកំពែងជាន់ទីមួយមានលក្ខណៈ​តាមបែប​ចិនលាយនិង​ ខ្មែរផងដែរ។ ឯ​ចេតិយ​​នៅ​ក្នុងរូប​នេះគឺជា​តេចិយ​ដែលអ្នកស្រុក​ជឿថា​ជា​ចេតិយយាយពៅ​ នេះឯង។


ផ្លូវចូល និងរូបអសុរនៅសងខាង

រូបអសុរ


រូបតេជោដំឌិន

ស្រះបុរាណ

វិហារយាយពៅ

ព្រះពុទ្ធរូប និងសិលាចារឹកក្នុងវិហារយាយពៅ

ចេតិយ

ផ្តែរប្រាសាទ ហោជាត សរសពេជ្រ និងព្រះពុទ្ធរូប

ស្តូបក្នុងប្រាសាទចេតិយ


ទិដ្ឋភាពទូទៅ

ទិដ្ឋភាពប្រាសាទ បន្ទាប់ពីភ្លៀងធំ

សិលាចារឹកក្នុងវិហារ

No comments:

Post a Comment