Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Saturday, May 19, 2012

សុវណ្ណសាមជាតក

សុវណ្ណសាមជាតក


Sovanasam.jpg
ព្រះបរមសាស្តា កាល​ទ្រង់​គង់​ប្រថាប់​នៅ​ជេតពនមហាវិហារ ទ្រង់​ប្រារព្វ​ភិក្ខុ​មួយ​អង្គ ដែល​ជា​អ្នក​ចិញ្ចឹម​មាតា​បិតា ត្រាស់​នូវ​ព្រះ​ធម៌​ទេសនា​នេះ​ថា កោ នុ មំ ឧសុនា វិជ្ឈិ ដូច្នេះ​ជា​ដើម។
ដូច​បាន​ស្តាប់​មក ក្នុង​ក្រុង​សាវត្ថី មាន​កុលបុត្រ​ម្នាក់ ជា​បុត្រ​តែ​មួយ​ក្នុង​ត្រកូល​សេដ្ឋី ដែល​មាន​សម្បត្តិ​ ១៨​កោដិ។ កុលបុត្រ​នោះ​ជា​ទី​ស្រឡាញ់ ជា​ទី​ចម្រើន​ចិត្ត​នៃ​មាតា​បិតា​ដ៏​ក្រៃលែង។ ថ្ងៃ​មួយ​កុលបុត្រ​នោះ​ឯង កំពុង​នៅ​លើ​ប្រាសាទ បាន​បើក​សីហ​បញ្ជរ សម្លឹង​មើល​មក​ថ្នល់​ធំ ឃើញ​ពួក​មហាជន​កាន់​ផ្កា​កម្រង និង​គ្រឿង​ក្រអូប​ជា​ដើម ទៅ​កាន់​ព្រះ​ជេតពន​មហាវិហារ ដើម្បី​នឹង​ជួប​ជុំ​គ្នា​ស្តាប់​នូវ​ព្រះធម៌​ទេសនា ទើប​គិត​ថា សូម្បី​យើង​​ក៏​ត្រូវ​ទៅ​នឹង​គេ​ដែរ។ កាល​គិត​ដូច្នោះ​ហើយ ទើប​បាន​ចាត់​ចែង​នូវ​ផ្កា​កម្រង និង​គ្រឿង​ក្រអូបនាំ​យក​ទៅ​កាន់​ព្រះ​វិហារ ប្រកប​ដោយ​សទ្ធា ថ្វាយ​សំពត់ ភេសជ្ជះ និង​ទឹក​ជា​ដើម​ ដល់​ព្រះ​សង្ឃ ហើយ​បូជា​ដល់​អង្គ​ព្រះ​ដ៏​មាន​ព្រះ​ភាគដោយ​ផ្កា​កម្រង និង​គ្រឿង​ក្រអូប​ទាំង​ឡាយ ថ្វាយ​បង្គំ​រួច​ ក៏​អង្គុយ​ស្តាប់​ព្រះ​ធម៌​ក្នុង​ទី​ដ៏​សមគួរ។
កាល​កុលបុត្រ​បាន​ស្តាប់​ព្រះ​ធម៌​ទេសនា​ហើយ ក៏​បាន​ឃើញ​ទោស​ក្នុង​កាម​ទាំង​ឡាយ និង​បាន​កំណត់​អានិសង្ស​នៃ​បព្វជ្ជា។ លុះ​ដល់​បរិស័ទ​ គ្រប់​គ្នា​ត្រឡប់​ទៅ​វិញ​អស់​ហើយ ទើប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទូល​សូម​បព្វជ្ជា។ ព្រះ​អង្គ​ទ្រង់​ត្រាស់​ដល់​កុលបុត្រ​នោះ​យ៉ាង​នេះ​ថា ព្រះ​តថាគតទាំង​ឡាយ​មិន​ញុំាង​បុត្រ​ដែល​មាតា​បិតា​មិន​ទាន់​បាន​អនុញ្ញាត​ឲ្យ​បព្វជ្ជា​នោះ​ឡើយ។ កុលបុត្រ​នោះ​ កាល​បាន​ស្តាប់​នូវ​ព្រះ​ពុទ្ធ​ដីកា​ដូច្នោះ​ហើយ ទើប​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគ ក្រាប​ទូល​លា​ត្រឡប់​មក​គេហដ្ឋាន​វិញ ដល់​ហើយ បាន​ក្រាប​សំពះ​មាតា​បិតា​ដោយ​សេចក្តី​គោរព រួច​បាន​ពោល​ថា បពិត្រ​ លោក​ឪពុក អ្នក​ម្តាយ កូន​នឹង​បួស​ក្នុង​សម្នាក់​ព្រះ​តថាគត
លំដាប់​នោះ មាតា​បិតា​របស់​កុលបុត្រ​នោះ បាន​ស្តាប់​ពាក្យ​របស់​កូន​ហើយ ក៏​មាន​សភាព​ដូច​ជា​បែក​បេះ​ដូង​ជា​៧​ចម្រៀក ព្រោះ​មាន​បុត្រ​តែ​មួយ ញាប់​ញ័រ​ដោយ​សេចក្តី​ស្នេហា​ចំពោះ​បុត្រ បាន​ពោល​ថា កូន​សម្លាញ់ កូន​ជា​ទំពាំង​នៃ​ត្រកូល ហាក់​ដូច​ជា​កែវ​ភ្នែក ឬ​ដូច​ជា​ជីវិត​របស់​យើង​ទាំង​ពីរ​នាក់។ ឪពុក​និង​ម៉ែ បើ​វៀរ​ចាក​កូន​ហើយ នឹង​មាន​ជីវិត​បាន​ដូចម្តេច​ទៅ ជីវិត​របស់​យើង​ទាំង​ពីរ​ក៏​ចាស់​ណាស់​ទៅ​ហើយ នឹង​ស្លាប់​ក្នុង​ថ្ងៃ​នេះ ថ្ងៃ​ស្អែក ឬ​ក៏​ខាន​ស្អែក យ៉ាង​នេះ កូន​នៅ​ប្រាថ្នា​ចាក​ចោល​ឪពុក​ម្តាយ​ទៅ​ទៀត​ឬ។ ធម្មតា​ បព្វជ្ជា​គឺ​បុគ្គល​ធ្វើ​បាន​ដោយ​លំបាក​ក្រៃ​លែង កាល​ត្រូវ​ការ​ត្រជាក់ ក៏​រមែង​បាន​ក្តៅ កាល​ត្រូវ​ការ​ក្តៅ ក៏​រមែង​បាន​ត្រជាក់ ព្រោះ​ហេតុ​នោះ​ កូន​​កុំ​បួស​ឡើយ។ កុលបុត្រ​នោះ បាន​ស្តាប់​ឮពាក្យ​របស់​មាតា​បិតា​ដូច្នោះ​ហើយ ក៏​ដល់​នូវ​ទុក្ខ​ទោមនស្ស អង្គុយ​ឱន​មុខ សៅសោក មិន​បរិភោគ​អាហារ​អស់​៧​ថ្ងៃ។ លំដាប់​នោះ​មាតា​បិតា​របស់​កុលបុត្រ​នោះ បាន​គិត​គ្នា​ថា បើ​កូន​របស់​ យើង​មិន​បាន​នូវ​ការ​អនុញ្ញាត​បួស​ទេ មុខ​តែ​នឹង​ស្លាប់​ជា​មិន​ខាន ហើយ​យើង​នឹង​មិន​បាន​ឃើញ​កូន​ទៀត​ឡើយ តែ​បើ​កូន​បាន​រស់​នៅ​ក្នុង​ភេទ​ជា​អ្នក​បួស យើង​គង់​នឹង​បាន​ជួប​ប្រទះ​ឃើញ​មុខ​តទៅ​ទៀត។ កាល​បាន​គិត​គ្នា​ហើយ ទើប​អនុញ្ញាត​ថា នែ​កូន​សម្លាញ់​ មាតា​បិតា​អនុញ្ញាត​អោយ​កូន​ហើយ ចូរ​កូន​បួស​ចុះ។ កុលបុត្រ​នោះ បាន​ស្តាប់​ដូច្នោះ មាន​ចិត្ត​ត្រេក​អរ​ បង្អោន​សរីរៈ​ទាំង​អស់​ចុះ ក្រាប​ទៀប​បាទា​នៃ​មាតា​បិតា ថ្វាយ​បង្គំ​លា ចេញ​ពី​ក្រុង​សាវត្ថី ទៅ​កាន់​ជេតពន​មហា​វិហារ។ ទៅ​ដល់​ហើយ បាន​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ភគវា ទូល​សូម​បព្វជ្ជា​នឹង​ព្រះ​អង្គ។ ព្រះ​បរម​សាស្តា​បាន​ត្រាស់​បង្គាប់​អោយ​ភិក្ខុ​មួយ​អង្គ បំបួស​កុលបុត្រ​នោះ​ជា​សាមណេរ។ ចាប់​តាំង​អំពី​សាមណេរ​នោះ​បួស​ហើយ លាភសក្ការៈ​បាន​កើត​ឡើង​យ៉ាង​ច្រើន​ដល់​លោក។ សាមណេរ​នោះ​បាន​ញុំាង​អាចារ្យ​និង​ឧបជ្ឈាយ៍​អោយ​ត្រេក​អរ លុះ​គ្រប់​ព្រះជន្មហើយ ក៏​បាន​ឧបសម្បទា​ជា​ភិក្ខុ សិក្សា​ព្រះធម៌​ព្រះ​វិន័យ​បាន​៥​វស្សា​ក៏​គិត​ថា យើង​នៅ​ក្នុង​ទីនេះ ច្របូក​ច្របល់​ទៅ​ដោយ​ពួក​ញាតិ​ជា​ដើម មិន​សម​គួរ​ដល់​យើង​ឡើយ។ ព្រះ​ភិក្ខុ​ប្រាថ្នា​នឹង​បំពេញ​នូវ​វិបស្សនាធុរៈ ទើបរៀនព្រះកម្មដ្ឋាន​ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍ ហើយ​ចេញ​អំពី​ជេត​ពន​មហាវិហារ ទៅ​កាន់បច្ចន្តគ្រាម បាន​អាស្រ័យ​នៅ​នឹង​សេនាសនៈ​ក្នុង​ព្រៃ នា​បច្ចន្តគ្រាម​នោះ​ឯង។ ព្រះ​ភិក្ខុ​អង្គ​នោះ​ចម្រើន​វិបស្សនា​ក្នុង​ទី​នោះ សូម្បី​ព្យាយាម​ដល់​ទៅ​១២​ឆ្នាំ ក៏​មិន​អាច​ញុំាង​នូវ​គុណ​វិសេស​អោយ​កើត​ឡើង​បាន​ឡើយ។ ចំណែក​មាតា​បិតា​របស់​ភិក្ខុ​វិញ ពេល​វេលា​បាន​កន្លង​ទៅៗ ពួក​ជន​ទាំង​ឡាយ​ដែល​ជា​អ្នក​ធ្វើ​ស្រែ ឬ​ជា​អ្នក​ជួញ​ដូរ​អោយ​លោក​សេដ្ឋីនោះ បាន​កាន់​យក​នូវ​សម្បត្តិ​នោះ​ៗ ជា​របស់​ខ្លួន តាម​ដែល​ខ្លួន​ពេញ​ចិត្ត សូម្បី​ទាសកម្មករ​ក្នុង​ផ្ទះ​ជា​ដើម ក៏​កាន់​យក​មាស​ប្រាក់​ និង​របស់​របរ​ផ្សេង​ៗ រត់​ចេញ​ពី​ផ្ទះ​អស់​ទៅ។ ក្រោយ​មក​ជន​ទាំង​ពីរ​នាក់​នោះ​ធ្លាក់​ខ្លួន ដល់​នូវ​ក្តីទុក្ខ​លំបាក មិន​មាន​អ្នក​ទំនុក​បម្រុង​សូម្បី​តែ​ម្នាក់​ឡើយ ត្រូវ​លក់​ផ្ទះ​ហើយ​ក៏​មិន​មាន​ទី​អាស្រ័យ​នៅ ដល់​នូវ​ភាព​ជា​បុគ្គល​ដែល​គួរ​អោយ​អាណិត​ក្រៃ​លែង។ ជន​ទាំង​ពីរ​ត្រូវ​ស្លៀក​ដណ្តប់​សំពត់​ចាស់​ៗ កាន់​អំបែង​ដើរ​សូម​ទាន​គេ អាស្រ័យ​នៅ​ក្រោម​ដើម​ឈើ ឬ​សំយាប​ផ្ទះ​នៃ​អ្នក​ដទៃ។
ក្នុង​កាល​នោះ មាន​ព្រះ​ភិក្ខុ​មួយ​អង្គ​ចេញ​ចាក​ពី​វត្ត​ជេតពន​មហាវិហារ ទៅ​ដល់​ទី​នៅ​នា​បច្ចន្តគ្រាម ចូល​ទៅ​ក្នុង​ព្រៃ ដែល​ជា​លំ​នៅ​នៃ​ភិក្ខុ​បុត្រ​របស់​សេដ្ឋី​អនាថា​នោះ​ឯង។ ភិក្ខុ​សេដ្ឋី​បុត្រ​បាន​ធ្វើ​នូវ​អាគន្តុក​វត្ត​ដល់​ភិក្ខុ​ថ្មី​នោះ និង​គង់​អង្គុយ​នៅ​ជា​សុខ​ហើយ ទើប​សួរ​ថា​ លោក​ដ៏​មាន​អាយុ និមន្ត​មក​ពី​ណា? ព្រះ​ភិក្ខុ​អាគន្តុក​ក៏​បាន​ឆ្លើយ​ថា ខ្ញុំ​ព្រះករុណា​មក​អំពី​ព្រះ​ជេតពន​មហាវិហារ។ ព្រះ​ភិក្ខុ​សេដ្ឋី​បុត្រ​ក៏​បាន​សួរ​ដល់​ការ​គង់​នៅ​ជា​សុខ​របស់​​ព្រះ​បរម​សាស្តា និង​ព្រះ​មហា​សាវ័ក​ជាដើម ហើយ​ក៏​បាន​សួរ​ដល់​មាតា​បិតា​របស់​ខ្លួន​ថា លោក​ដ៏​មាន​អាយុ ត្រកូល​សេដ្ឋី​ឈ្មោះ​នោះ ក្នុង​ក្រុង​សាវត្ថី​សុខ​សប្បាយ​ទេ? ភិក្ខុ​អាគន្តុក​តប​ថា អាវុសោ លោក​កុំ​សួរ​នាំ​ដល់​ត្រកូល​នោះ​ឡើយ។ ភិក្ខុ​សេដ្ឋី​បុត្រ​សួរ​ថា តើ​យ៉ាង​ដូច​ម្តេច លោក​ដ៏​មាន​អាយុ? ភិក្ខុ​អាគន្តុក​បាន​រៀប​រាប់​ថា ត្រកូល​នោះ ខ្ញុំ​ព្រះករុណា​បាន​ឮ​មក​ថា មាន​កូន​ប្រុស​តែ​មួយ ហើយ​កូន​នោះ​បាន​ចេញ​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា ចាប់​តាំង​ពី​កូន​ចេញ​បួស​ទៅ​កាល​ណា ត្រកូល​នោះ​ក៏​មាន​ការ​ធ្លាក់​ចុះ វិនាស​ហិន​ហោច​នូវ​ទ្រព្យ​សម្បត្តិ​ជា​បន្ត​បន្ទាប់ ឥឡូវ​នេះ សេដ្ឋី​ទាំង​ពីរ​នោះ ជា​មនុស្ស​អត់​ទ្រព្យ​កំព្រី​កំ​ព្រា​គួរ​អោយ​អាណិត​ក្រៃ​លែង។ គាត់​ទាំង​ពីរ​កាន់​អំបែង​ដើរ​សូមទាន អាស្រ័យ​នៅ​តាម​សំយាប​ផ្ទះ​របស់​អ្នក​ដទៃ។​ ភិក្ខុ​សេដ្ឋី​បុត្រ​ស្តាប់​ហើយ ក៏​មិន​អាច​នឹង​ទប់​ចិត្ត​បាន ទឹក​ភ្នែក​ស្រក់​មក​ជោគ​ព្រះ​ភ័ក្ត្រ យំ​ញ័រ​ញាក់​អស់​ទាំង​ខ្លួន​ក្នុង​ពេល​នោះ​ឯង។ ព្រះ​ភិក្ខុ​អាគន្តុក​ឃើញ​ដូច្នោះ សួរ​ថា អាវុសោ ម៉េច​បាន​ជា​លោក​យំ? ព្រះ​ភិក្ខុ​សេដ្ឋី​បុត្រ​ តប​ថា លោក​ដ៏​មាន​អាយុ អ្នក​ទាំងពីរ​នោះ​ជា​មាតា​បិតា​របស់​ខ្ញុំ​ព្រះ​ករុណា។ ភិក្ខុ​អាគន្តុកៈ ពោល​ថា មាតា​បិតា​របស់​អាវុសោ ដល់​នូវ​សេចក្តី​វិនាស​ព្រោះ​អាស្រ័យ​អាវុសោ​ហ្នឹង​ហើយ ចូរ​អាវុសោ​ទៅ​បដិបត្តិ​មាតា​បិតា​នោះ​ទៅ។ ភិក្ខុ​សេដ្ឋី​បុត្រ​គិត​ថា អាត្មា ​អញ​សូម្បី​ព្យាយាម​អស់​​១២​ឆ្នាំ ក៏​មិន​អាច​សម្រេច​បាន​នូវ​មគ្គ​ផល​អ្វី​ឡើយ គឺ​យើង​ជា​បុត្រ​អភ័ព្វ ប្រយោជន៍​អ្វី​ដោយ​ទ្រព្យ​គឺ​បព្វជ្ជា​នេះ អាត្មា​អញ​នឹង​សឹក​ទៅ​ជា​គ្រហស្ថ ចិញ្ចឹម​មាតា​បិតា អោយ​ទាន ដូច្នេះ​នឹង​ជា​បុគ្គល​មាន​សុគតិ​ភព​ប្រ​ព្រឹត្ត​ទៅ​ក្នុង​ជាតិ​ខាង​មុខ​បាន ​ដែរ។ គិត​ដូច្នោះ​ហើយ ក៏​បាន​ប្រគល់​កន្លែង​នៅ​ក្នុង​ព្រៃ​នោះ​ ដល់​ភិក្ខុអាគន្តុកៈ នមស្ការ​ព្រះ​ភិក្ខុ​អាគន្តុកៈ ដែល​លោក​ជា​ព្រះ​ថេរៈ​ហើយ ស្អែក​ឡើង​ទើប​ចេញ​អំពី​ព្រៃ ទៅ​ដោយ​លំដាប់​ផ្លូវ​រហូត​ដល់​វិហារ​ខាង​ក្រោយ​ព្រះ​ជេតពន មិន​ឆ្ងាយ​ពី​ក្រុង​សាវត្ថី។ កន្លែង​​ត្រង់​នោះ​មាន​ផ្លូវ​បែក​ជា​ពីរ ផ្លូវ​មួយ​ទៅ​ក្រុង​សាវត្ថី ឯ​ផ្លូវ​មួយ​ទៀត​ទៅ​កាន់​ព្រះ​ជេតពន​មហាវិហារ។ ព្រះ​ភិក្ខុ​ឈប់ ហើយ​រេរា​នៅ​ទី​នោះ គិត​ថា នឹង​ទៅ​រក​មាតា​បិតា​មុន ឬ​ទៅ​គាល់​ព្រះ​ទសពល​មុន​ហ្ន៎ ហើយ​គិត​ទៀត​ថា យើង​មិន​បាន​ជួប​មាតា​បិតា​យូរ​ហើយ​ក៏​ពិត​មែន តែ​ចាប់​តាំង​ពី​នេះ​ទៅ យើង​នឹង​គាល់​ព្រះ​ពុទ្ធ​ ជា​អម្ចាស់​​បាន​ដោយ​លំបាក ថ្ងៃ​នេះ​យើង​នឹង​គាល់​ព្រះ​អង្គ ហើយ​ស្តាប់​ព្រះ​ធម៌​ទេសនា​សិន ស្អែក​ឡើង​សឹម​ទៅ​រក​មាតា​បិតា​ពី​ព្រលឹម។ គិត​ហើយ ព្រះ​ភិក្ខុ​ក៏​លះ​បង់​​ផ្លូវ​ទៅទី​ក្រុង​សាវត្ថី ព្រោះ​មាន​ឧបនិស្ស័យ​ល្អ​ជា​គ្នា ទើប​ចូល​កាន់​មាគ៌ា​ទៅ​កាន់​មហាវិហារ​ព្រះ​ជេតពន ក៏​បាន​ដល់​មហា​​វិហារ​ក្នុង​វេលា​ល្ងាច។ ក្នុង​ថ្ងៃ​នោះ​ឯង ព្រះ​សាស្តា​ទ្រង់​ត្រួត​មើល​ឧបនិស្ស័យ​នៃ​សត្វ ក្នុង​វេលា​ជិត​ភ្លឺ ទ្រង់​ទត​ឃើញ​ឧបនិស្ស័យ​នៃ​ភិក្ខុ​អង្គ​នោះ ទើប​ព្រះ​អង្គ​ទ្រង់​ត្រាស់​ពណ៌នា​គុណ​នៃ​មាតា​បិតា ដោយ​មាតុបោសកសូត្រ ក្នុង​ពេល​ដែល​ភិក្ខុ​នោះ​និមន្ត​មក​ដល់។ ភិក្ខុ​នោះ​ឈរ​នៅ​ខាង​ក្រោយ​បំផុត​នៃ​បរិស័ទ ស្តាប់​ព្រះធម្ម​កថា​ដ៏​ពិរោះ ទើប​រំពឹង​ថា អាត្មា ​អញ​បាន​គិត​ថា នឹង​ទៅ​ជា​គ្រហស្ថ ទើប​អាច​បដិបត្តិ​បម្រុង​បម្រើ​មាតា​បិតា​បាន ប៉ុន្តែ​ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា សូម្បី​បព្វជិត​ក៏​ធ្វើ​នូវ​ឧបការៈ​ដល់​មាតា​បិតា​បាន​ដែរ។ បើ​យើង​មិន​បាន​មក​គាល់​ព្រះ​សាស្តាជា​មុន​​ទេ យើង​នឹង​បាត់​បង់​នូវ​បព្វជ្ជា​ដែល​មាន​សភាព​បែប​នេះ​ជា​ពុំខាន។ ឥឡូវ​នេះ​យើង​មិន​ត្រូវ​សឹក​ជា​គ្រហស្ថ​ឡើយ គឺ​នៅ​ជា​បព្វជិត​បែប​នេះ​ឯង ហើយ​នឹង​ទំនុក​បម្រុង​មាតា​បិតា​តទៅ។ ព្រះ​ភិក្ខុ​អង្គ​នោះ​បាន​ក្រាប​បង្គំ​ព្រះបរម​សាស្តា។ ព្រលឹម​ឡើង បាន​ចូល​ទៅ​កាន់​រោង​ស្លាក​ទទួល​ភត្តាហារ​និង​យាគូដែល​បាន​ដោយ​ស្លាក។ ជា​ភិក្ខុ​នៅ​ព្រៃ ១២​ឆ្នាំ បាន​ដល់​នូវ​ភាព​ដូច​ជា​អ្នក​បរាជ័យ​​ហើយ។ ព្រះ​ភិក្ខុ​ចេញ​អំពី​ព្រះ​ជេតពន ចូល​ទៅ​កាន់​ក្រុង​សាវត្ថី គិត​ថា នឹង​ទទួល​យាគូ​មុន ឬ​ក៏​ទៅ​រក​មាតា​បិតា​មុន​ហ្ន៎ ហើយ​បាន​សម្រេច​ចិត្ត​ថា​ទៅ​ទទួល​យាគូ​សិន ព្រោះ​ការ​មាន​ដៃ​ទទេ​ចូល​ទៅ​រក​មនុស្ស​កំព្រា ជា​ការ​ពុំ​សម​គួរ​ឡើយ។ ព្រះ​ភិក្ខុ​ទើប​កាន់​យក​យាគូ និមន្ត​ទៅ​ឈរ​នៅ​ក្លោង​ទ្វារ​ផ្ទះ​ចាស់ របស់​មាតា​បិតា បាន​ឃើញ​មាតា​បិតា​ដើរ​សូម​បបរ​យាគូ ហើយ​ចូល​ទៅ​អាស្រ័យ​នឹង​សំយាប​ផ្ទះ​អ្នក​ដទៃ អង្គុយ​នៅ​ទី​នោះ ដល់​នូវ​ភាព​ជា​មនុស្ស​កំព្រានិង​លំបាក​តោក​យ៉ាក​ដ៏​ក្រៃ​លែង។ ព្រះ​ភិក្ខុ​ក៏​មាន​សេចក្តី​សោក​កើត​ឡើង មាន​ទឹក​ភ្នែក​ហូរ ឈរ​នៅ​ក្នុង​ទី​ជិត​នោះ។ មាតា​បិតា​សូម្បី​ឃើញ​កូន​ហើយ​ក៏​ចាំ​មិន​បាន។ មាតា​របស់​ភិក្ខុ​នោះ សំគាល់​ថា ភិក្ខុ​នោះ​ឈរ​ដើម្បី​បិណ្ឌបាត ទើប​ពោល​ថា បពិត្រ លោកម្ចាស់​អើយ ចង្ហាន់​បិណ្ឌបាត ឬ​ក៏​អ្វី​ៗ​ដែល​គួរ​ទំពា​ឆាន់ ដែល​នឹង​គួរ​ប្រគេន​លោក​ម្ចាស់​នោះ ខ្ញុំ​ព្រះ​ករុណា​មិន​មាន​ទេ សូម​និមន្ត​ទៅ​ខាង​មុខ​ទៀត​ចុះ។ ព្រះ​ភិក្ខុ​បាន​ស្តាប់​ហើយ ក៏​បន្ថែម​សេចក្តី​សោក​យ៉ាង​ខ្លំាង​ក្លា ទឹក​នេត្រា​ជោគ​ព្រះ​ភ័ក្ត្រ ដើម​ក​អួល​អាក់​និយាយ​មិន​រួច ក្តុក​ក្តួល​ក្នុង​ចិត្ត​ក្រៃ​លែង។ សូម្បី មាតា​ពោល​ដូច្នោះ​ពីរ​បី​ដង ក៏​នៅ​ឈរ​ធ្មឹង​ក្នុង​ទី​នោះ។ លំដាប់​នោះ​បិតា​របស់​ភិក្ខុ​បាន​និយាយ​នឹង​ភរិយា​ថា ទៅ​មើល​អោយ​ជិត​មើល ជា​បុត្រ​របស់​យើង​ទេ​ដឹង។ មាតា​ក៏​ក្រោក​ឡើង ដើរ​ទៅ​ជិត​សម្លឹង​មើល ក៏​ចាំ​បាន។ មាតា​ទន់​ជើង​អង្គុយ​ចុះ យំ​ស្រែក​ពេញ​ទំហឹង ឱន​ក្រាប​ទៅ​ជិត​បាទា​របស់​ភិក្ខុ បរិទេវនាការញ័រអស់​ទាំង​កាយ​ដូច​គេ​អង្រួន។ ចំណែក​បិតា ក៏​ស្រែក​យំ​ដើរ​ទៅ​ជិត​កូន​របស់​ខ្លួន គួរ​អោយ​ស្រណោះ​ក្រៃ​លែង។ ភិក្ខុ​នោះ​ ឃើញ​មាតា​បិតា​​ដូច្នេះ ក៏​មិន​អាច​នឹង​ទប់​កាយ​បាន ក៏​យំ​ចេញ​សម្លេង​មក​ក្រៅ​ហ៊ូៗ មួយ​ភ្លែក​ក្រោយ​មក ទើប​ភិក្ខុ​ខំ​ទប់​សេចក្តី​សោក ហើយ​ពោល​ថា ញោម​ទាំង​ពីរ​កុំ​គិត​អ្វី​ឡើយ អាត្មា​នឹង​ចិញ្ចឹម​ញោម​ទាំង​ពីរ​អោយ​ជា​សុខ​សម្រាន្ត។ ព្រះ​ភិក្ខុ​បាន​ញុំាង​មាតា​បិតា​អោយ​កក់​ក្តៅ​ក្នុង​ចិត្ត​ហើយ បាន​ជូន​នូវ​យាគូ​ដល់​ញោម​ទាំង​ពីរ និង​អោយ​គាត់​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​មួយ ហើយ​បាន​និមន្ត​ទៅបិណ្ឌបាត នាំ​ភិក្ខាហារ​មក​ជូន​គាត់​អោយ​បរិភោគ​ទៀត កាល​ដែល​សួរ​ដឹង​ថា គាត់​បរិភោគ​ឆ្អែត​ហើយ ទើប​និមន្ត​រក​ចង្ហាន់​ដើម្បី​ខ្លួន​ឯង។ ព្រះ​ភិក្ខុ​បាន​រក​ទី​កន្លែង​ដ៏​សមគួរ​ជូន​អោយ​មាតា​បិតា​អាស្រ័យ​នៅ ហើយ​បាន​បដិបត្តិ​ទំនុក​បម្រុង​នូវ​ញោម​ទាំង​ពីរ ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត សូម្បី​ភត្ត​ដែល​កើត​ឡើង​ក្នុង​បក្ខ​គឺ​បក្ខភត្ត​ជា​ដើម ដែល​ខ្លួន​បាន​មក ក៏​ជូន​ដល់​មាតា​បិតា។ ខ្លួន​ឯង​និមន្ត​បិណ្ឌបាត បាន​មក​ក៏​ឆាន់ មិន​បាន​ក៏​អត់។ បាន​សំពត់​ចាំ​វស្សា​ក៏​ដោយ សំពត់​យ៉ាង​ណា​មួយ​ដែល​ជា​អតិរេក​លាភ​ក៏​ដោយ ក៏​ជូន​ដល់​មាតា​បិតា ហើយ​បោក​គក់ជ្រលក់​សំពត់​ចាស់​ៗ ដែល​ញោម​ទាំង​ពីរ​ស្លៀក​ដណ្តប់​ហើយ ដេរ​ប៉ះ​សម្រាប់​ប្រើ​ប្រាស់​ស្លៀក​ដណ្តប់​ខ្លួន​ឯង។ ថ្ងៃ​ដែល​ភិក្ខុ​អង្គ​នោះ​បាន​ចង្ហាន់​ឆាន់​មាន​តិច​ថ្ងៃ​ណាស់ ថ្ងៃ​ដែល​មិន​បាន​មាន​ច្រើន​ជាង ឯចំណែក​សំពត់​ស្លៀក​ដណ្តប់​​ដែល​ជា​ចីវរ​របស់​លោក សៅហ្មង​ពេញ​ទី។ កាល​ភិក្ខុ​ចិញ្ចឹម​បដិបត្តិ​មាតា​បិតា​រហូត​មក ក៏​មាន​រូប​កាយ​ស្គម​ស្គាំង ទាំង​សម្បុរ​ក៏​សៅហ្មង ឆ្អឹង​ជំនីរ​រគីម​រគាម រវីម​រវាម​ទៅ​ដោយ​សរសៃ ទាំង​សាច់​លឿង​ស្លាំង​ទៀត​ផង។
ព្រះ​ភិក្ខុ​សង្ឃ​ទាំង​ឡាយ បាន​ឃើញ​រូប​កាយ​របស់​ភិក្ខុ​នោះ​ហើយ ក៏​សួរ​ថា អាវុសោ កាល​មុន​សរីរវណ្ណៈ​របស់​លោក​ស្រស់​បស់​ណាស់ ប៉ុន្តែ​ឥ​ឡូវ​នេះ​ មាន​សភាព​ស្លេក​ស្លាំង​ស្គាំង​ស្គម សៅហ្មង​ មិន​ស្រស់​បស់ តើ​ព្យាធិ​កើតឡើង​ដល់​អាវុសោ​ឬ? ភិក្ខុ​នោះ​បាន​តប​ថា លោក​ទាំង​ឡាយ ខ្ញុំ​ព្រះ​ករុណា​មិន​មាន​ព្យាធិ​ទេ តែ​មាន​ធុរៈ​ត្រូវ​ចិញ្ចឹម​មាតា​បិតា។ ភិក្ខុ​ទាំង​ឡាយ​ក៏​ពោល​តិះដៀលថា អាវុសោ​កាន់​យក​របស់​ដែល​គេ​អោយ​ដោយ​សទ្ធា ទៅ​អោយ​ដល់​ពួក​គ្រហស្ថ ជា​ការ​ធ្វើ​មិន​​សម​គួរ​ឡើយ។ ភិក្ខុ​នោះ​បាន​ស្តាប់​ពាក្យ​ភិក្ខុ​ទាំង​ឡាយ​ហើយ មាន​ការ​អៀន​ខ្មាស ហើយ​លះ​បង់​នូវ​ការ​ទំនុក​បម្រុង​មាតា​បិតា​របស់​ខ្លួន​ទៀត​ផង។ ភិក្ខុ​ទាំង​ឡាយ​នៅ​មិន​ទាន់​ពេញ​ចិត្ត ទើប​នាំ​គ្នា​ទៅគាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ក្រាប​ទូល​ថា បពិត្រ​ព្រះ​អង្គដ៏​ចម្រើន ភិក្ខុ​រូប​នោះ បាន​ញុំាង​របស់​ដែល​គេ​អោយ​ដោយ​សទ្ធា​អោយ​ធ្លាក់​ចុះ ដោយ​ការ​ចិញ្ចឹម​គ្រហស្ថ។ ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​អង្គ​នោះ​មក​សួរ​ថា នែ​ភិក្ខុ បាន​ឮ​ថា អ្នក​បាន​យក​វត្ថុ​ដែល​គេ​អោយ​ដោយ​សទ្ធា​ទៅ​ចិញ្ចឹម​គ្រហស្ថ​ពិត​មែន​ឬ? ភិក្ខុ​នោះ​តប​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពិត​មែន។ ព្រះ​ដ៏​មាន​ព្រះ​ភាគ មាន​ព្រះ​បំណង​នឹង​សរសើរ​ការ​ប្រព្រឹត្ត​របស់​ភិក្ខុ​នោះ និង​ព្រះ​អង្គ​​ទ្រង់​ព្រះ​បំណង​នឹង​ប្រកាស​នូវ​បុព្វ​ចរិយា​របស់​ព្រះ​អង្គ ទើប​ទ្រង់​ត្រាស់​សួរ​បន្ថែម​ថា កាល​ដែល​អ្នក​ចិញ្ចឹម​នូវ​ពួក​គ្រហស្ថ​នោះ តើ​ចិញ្ចឹម​នូវ​ពួក​គ្រហស្ថ​ណា? ភិក្ខុ​នោះ​ឆ្លើយ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពួក​គ្រហស្ថ​នោះ​គឺ​ជា​មាតា​បិតា​របស់​ខ្ញុំ​ព្រះ​ករុណា។ ដើម្បី​ញុំាង​ឧស្សាហៈ​អោយ​កើត​ឡើង​ដល់​ភិក្ខុ​នោះ ព្រះ​សាស្តា​បាន​ប្រទាន​នូវ​សាធុការ​បីដង​ថា សាធុ! សាធុ! សាធុ! ហើយ​ព្រះ​អង្គ​ត្រាស់​ថា ម្នាល ​ភិក្ខុ អ្នក​តាំង​នៅ​ក្នុង​ផ្លូវ​ដែល​តថាគ​ដើរ​ហើយ ព្រោះ​ថា សូម្បី​បុព្វ​ចរិយា​របស់​តថាគត ក៏​បាន​ទំនុក​បម្រុង ចិញ្ចឹម​មាតា​បិតា​របស់​ខ្លួន​ដែរ។ ភិក្ខុ​ដែល​ចិញ្ចឹម​មាតា​បិតា​នោះ ក៏​បាន​នូវ​ការ​រីក​រាយ​ចិត្ត​ដ៏​ក្រៃ​លែង។ លំដាប់​នោះ ព្រះ​ភិក្ខុ​ទាំង​ឡាយ​ក៏​បាន​​ក្រាប​ទូល​អារាធនា​សូម​ព្រះ​ភគវា​ទ្រង់​ ប្រកាស​នូវ​ព្រះ​បុព្វចរិយា ទើប​ព្រះ​អង្គ​នាំ​នូវ​អតីត​និទាន​មក​សម្តែង​ដូច​តទៅ​

មាតិកា

  • អតីត​និទាន
    • ១.១ បុព្វកម្ម​របស់​ទុកូល​បណ្ឌិត​និង​នាង​បារិកា
    • ១.២ បុព្វចរិយារបស់​ព្រះតថាគត​
    • ១.៣ មេត្តាចិត្ត​ព្រះ​ពោធិសត្វ
    • ១.៤ ការព្រួយបារម្មណ៍
    • ១.៥ មរណភាពរបស់សាម

អតីត​និទាន

ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​អតីត​កាល នៅ​ទី​ដែល​មិន​ឆ្ងាយ​ពី​ក្រុង​ពារាណសី មាន​ភូមិ​របស់​នាយ​ព្រាន​មួយ​ឋិត​នៅ​ត្រើយ​អាច​នៃ​ទន្លេ​គង្គា និង​ភូមិ​របស់​នាយ​ព្រាន​មួយ​ទៀត​ឋិត​នៅ​ត្រើន​នាយ​នៃ​ទន្លេ។ ក្នុង​ភូមិ​ទាំង​ពីរ​នោះ ភូមិ​និមួយៗ​មាន​ប្រមាណ​​ជា​៥០០​ត្រកូល នាយ​នេសាទ​ដែល​ជា​ធំ​ពីរ​នាក់​នៃ​ភូមិ​ទាំង​ពីរ​នោះ​ជា​សម្លាញ់​នឹង​គ្នា ពួក​គេ​សន្យា​ថា បើ​ម្នាក់​មាន​កូន​ប្រុស ហើយ​ម្នាក់​ទៀត​មាន​កូន​ស្រី ពួក​គេ​នឹង​ធ្វើ​អាវាហ​វិវាហ​​មង្គល​​ដល់​បុត្រ​ធីតានោះ។ លំដាប់​នោះ ក្នុង​ផ្ទះ​នាយ​នេសាទ​ដែល​ជា​ធំ​ក្នុង​ភូមិ​ត្រើយ​អាយ បាន​ប្រសូត្រ​បុត្រ​សម​តាម​ប្រាថ្នា មាតា​បិតា​ដាក់​ឈ្មោះ​ថា ទុកូលកុមារ ព្រោះ​កុមារ​នោះ ពួក​ញាតិ​ទាំង​ឡាយ​ទទួល​ដោយ​ទុកូល​ពស្ត្រ​ក្នុង​ខណៈ​ដែល​ប្រសូត្រ​។ ឯ​នាយ​នេសាទ​ក្នុង​ភូមិ​ត្រើយ​នាយ ក៏​បាន​ធីតា អោយ​ឈ្មោះ​ថា បារិកាកុមារី ព្រោះ​នាង​ស្រី​ប្រសូត្រ​នៅ​ត្រើយ​នាយ។ ដល់​ពេល​កុមារ​ទាំង​ពីរ​ចម្រើន​វ័យ​ មាតា​បិតា​ទាំង​ពីរ​ខាង​ក៏​ផ្សំ​ផ្គំ​អ្នក​ទាំង​ពីរ​ជា​ភរិយា​ស្វាមី ទោះ​ជា​បុត្រ​ទាំង​ពីរ​មិន​ប្រាថ្នា​នឹង​កាម​គុណ​ក៏​ដោយ។ ក្រោយ​ពី​បាន​ធ្វើ​អាវាហ​វិវាហ​មង្គល​​ហើយ ពួក​គេ​ទាំង​ពីរ​មិន​បាន​ធ្លាក់​ចុះ​កាន់​សមុត្រ​គឺ​កិលេស​ឡើយ គឺ​គេ​នៅ​ជា​មួយ​គ្នា​ដូច​ជា​មហា​ព្រហ្ម​ ដូច្នោះ​ឯង។ ទុកូលបណ្ឌិត​មិន​សម្លាប់​ត្រី​ឬ​សត្វ​ដទៃ​ឡើយ​ សូម្បី​តែ​សាច់​ដែល​បុគ្គល​នាំ​មក ក៏​មិន​លក់​ដូរ​អ្វី​ទាំង​អស់។ ក្រោយ​មក​មិន​យូរ​ប៉ុន្មាន អ្នក​ទាំង​ពីរ​ក៏​សុំ​អនុញ្ញាត​មាតា​បិតា​ដើម្បី​ចេញ​បួស។ មាតា​បិតា​ក៏​អនុញ្ញាត។ ទុកូល​បណ្ឌិត​និង​នាង​បារិកា​ដ៏​ឆ្លាត​វៃ មាន​សេចក្តី​រីក​រាយ​ត្រេក​អរ ក្រាប​សំពះ​មាតា​បិតា​ហើយ​ចេញ​អំពី​ផ្ទះ ទៅ​កាន់​ហិមវន្ត​ប្រទេស​តាម​ដង​ទន្លេ​គង្គា សំដៅ​ត្រង់​ទៅ​ស្ទឹង​មិគ​សម្មតា​ដែល​ហូរ​មក​ពី​ភ្នំ​ហិមពាន្ត ចាក់​ចូល​ទៅ​ទន្លេ​គង្គា​នោះ​ឯង។ ខណៈ​នោះ ពិភព​នៃ​សក្ក​ទេវរាជសម្តែង​នូវ​អាការៈ​ក្តៅ​ឡើង ស្តេច​សក្ក​ទ្រង់​អាវជ្ជនាការ​ត្រួត​ត្រា​ពិចារណា​មើល បាន​ជ្រាប​​ហេតុ​ការណ៍​នោះ ទ្រង់​ក៏​បាន​អោយ​វិស្សកម្ម​ទេវបុត្រមក ហើយ​ត្រាស់ថា នែ​ម្នាល​វិស្សកម្ម​ទេវបុត្រ មហា​បុរស​រ័ត្នទាំង​ពីរ​អង្គា​នាំ​គ្នា​ចេញ​ចាក​ផ្ទះ​ ប្រាថ្នា​នឹង​បួស​ជា​តបៈ​ឥសី បាន​ចូល​ទៅ​កាន់​ព្រៃ​នា​ហិមវន្ត​ប្រទេស ព្រោះ​ដូច្នោះ គួរ​អោយ​លោក​ទាំង​ពីរ​នោះ​បាន​ទី​នៅ​អាស្រ័យ​ផង។ អ្នក​ចូរ​និម្មិត​នូវ​បណ្ណ​សាលា ព្រម​ទាំង​បព្វជិត​បរិក្ខារ ដើម្បី​លោក​ទាំង​ពីរ​នោះ ក្នុង​ទី​ចាប់​អំពី​សម្មតានទីមក អោយ​មាន​បរិវេណដ៏​សមរម្យ។ ព្រះ​វិស្សកម្មទេវបុត្រ បាន​ទទួល​នូវ​ព្រះ​រាជ​បញ្ជារ​ហើយ បាន​ចាត់​ចែង​នូវ​កិច្ច​ការ​ទាំង​ពួង​រួច​រាល់ហើយ ទើប​វិល​មក​ទី​ឋាន​របស់​ព្រះ​អង្គ​វិញ។ ទុកូល​បណ្ឌិត និង​នាង​បារិកា បានឃើញ​ផ្លូវ​ដ៏​សមរម្យ​ដែល​វិស្សកម្ម​ទេវបុត្រ​និម្មិត​នោះ ក៏​ដើរ​តាម​ផ្លូវ​នោះ​​រហូត​ដល់​អាស្រម​បទ។ ដោយ​ដឹង​ថា​បរិក្ខា​បព្វជិត​ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​បណ្ណ​សាលា​នោះ សក្កទេវរាជ​ជា​អ្នក​ប្រទាន​អោយ ពួក​គេ​ទាំង​ពីរ​ក៏​​ដោយ​នូវ​សំពត់​សាដក​ចេញ ទ្រង់​ភេទ​ជា​តាបស តាបស្សិនី។ ទាំង​ពីរ​អង្គ​ចម្រើន​មេត្តា​ភាវនា​ក្នុង​ព្រៃ​មិន​មាន​សៅហ្មង​ឡើយ។ ដោយ​មេត្តា​នុភាព​ថ្នាក់​កាមាវចរភូមិ​របស់​បព្វជិត​ទាំង​ពីរ ម្រឹគី​ម្រឹគា ទាំង​បក្សី​ក្នុង​ព្រៃ​ទាំង​ពួង ត្រឡប់​ជា​មាន​មេត្តា​ចិត្ត​ដល់​គ្នា មិន​មាន​សត្វ​ណា​បៀត​បៀន​ដល់​សត្វ​ណា​ឡើយ។ បារិកា​តបស្សិនី​នៅ​ពេល​បច្ចូស​សម័យ បាន​រៀប​ចំ​ទឹក​និង​របស់​សម្រាប់​ឆាន់​ទុក​ស្រេច​ហើយ បោស​សម្អាត​អាស្រម​បទ ព្រម​ទាំង​កិច្ច​ទាំង​ពួង។ ដល់​វេលា​បុព្វណ្ហសម័យ តាបស​តាបសី​ មិន​មាន​អ្វី​ជា​ការ​ខ្វល់​ខ្វាយ បាន​នាំ​យក​ផលាផល​មក​ឆាន់ ហើយ​ចូល​កាន់​បណ្ណ​សាលា​រៀង​ខ្លួន ចម្រើន​សមណធម៌​ សម្រេច​ការ​នៅ​ក្នុង​ទី​នោះ​ៗ​ឯង។
វេលា​កន្លង​ទៅ សក្កទេវរាជ​បាន​ពិចារណា​ឃើញ​ថា នឹង​មាន​អន្តរាយ​ភ្នែក​ដល់​ព្រះ​មុនី​ទាំង​ពីរ​នេះ។ ទ្រង់​ក៏​បាន​ចុះ​ពី​ទេវលោក ចូល​ទៅ​រក​ទុកូល​បណ្ឌិត នមស្ការ​ហើយ​ទ្រង់​ស្ថិត​នៅ​ក្នុង​ទី​ដ៏​សមគួរ ហើយ​ត្រាស់​ថា បពិត្រ​ អ្នក​ស្វែង​រក​គុណ​ដ៏​ចម្រើន អន្តរាយ​នឹង​ប្រាកដ​ដល់​លោក​ទាំង​ពីរ ដូច្នេះ​គួរ​តែ​លោក​ទាំង​ពីរ​មាន​​បុត្រ​ទុក​សម្រាប់​បដិបត្តិ​តទៅ គឺ​សូម​លោក​ទាំង​ពីរ​សេព​នូវ​លោកធម៌។ ទុកូល​បណ្ឌិត​ស្តាប់​ហើយ ពោល​ថា បពិត្រ ​ សក្កទេវរាជ ព្រះ​អង្គ​ត្រាស់​អ្វី​នឹង អាត្មា​ទាំង​ពីរ​សូម្បី​នៅ​កណ្តាល​ផ្ទះ ក៏​មិន​បាន​សេព​នូវ​លោកធម៌​ឡើយ គឺ​យើង​ទាំង​ពីរ​លះ​នូវ​លោកធម៌​នេះ​ដោយ​ខ្ពើម​រអើម ដូច​ជា​ការ​ខ្ពើម​នូវ​គំនរ​លាមក​ដែល​ពេញ​ទៅ​ដោយ​ដង្កូវ ក៏​ឥឡូវ​យើង​ទាំង​ពីរ​ចូល​មក​បួស នឹង​ធ្វើ​នូវ​កម្ម​ដូច្នោះ​បាន​យ៉ាងដូចម្តេច​ទៅ។ សក្កទេវរាជ​ត្រាស់​ថា បពិត្រ ​ ឥសី​ដ៏​ចម្រើន លោក​មិន​ចាំ​បាច់​ធ្វើ​យ៉ាង​នោះ​ឡើយ លោក​គ្រាន់​តែ​យក​ដៃ​ទៅ​ស្ទាប​អង្អែល​ពោះ​បារិកា​តបស្សិនី​ប៉ុណ្ណោះ ក្នុង​វេលា​ដែល​នាង​មាន​រដូវ អត់​មាន​ត្រូវ​ធ្វើ​អ្វី​ទៀត​ទេ។ ទុកូល​បណ្ឌិត​តប​ថា មហាបពិត្រ បើ​ត្រឹម​ប៉ុណ្ណេះ អាត្មា​នេះ​អាច​ធ្វើ​បាន។ សក្ក​ទេវរាជ​នមស្ការ​ទុកូល​តាបស​ហើយ ទើប​វិល​ទៅ​ឋាន​ព្រះ​អង្គ​វិញ។ ចំណែក​ទុកូល​បណ្ឌិត ក៏​បាន​ប្រាប់​ការ​ពិត​ដល់​បារិកា អោយ​នាង​ដឹង​ខ្លួន​ជា​មុន លុះ​ដល់​វេលា​នាង​មាន​រដូវ ទើប​យក​ហត្ថា​ទៅ​ស្ទាប​អង្អែល​ត្រង់​ផ្ទៃ​របស់​នាង​ក្នុង​កាល​នោះ។ គ្រា​នោះ​ព្រះ​ពោធិសត្វ​ក៏​ចុះ​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​នាង​បារិកា លុះ​កន្លង​ទៅ​១០​មាសា នាង​ក៏​ប្រសូត្រ​បុត្រ​មាន​សម្បុរ​ល្អ​ល្អះ​ដូច​មាស ទើប​មាតា​បិតា​ដាក់​ឈ្មោះ​ថា សុវណ្ណសាមកុមារ។ ក្នុង​វេលា​ដែល​បារិកា​តបស្សិនី​ចូល​ព្រៃ​ដើម្បី​រក​ផល្លា នាង​កិន្នរី​ទាំង​ឡាយ​ដែល​ឋិត​នៅ​ខាង​ក្នុង​ព្រៃ​ភ្នំ បាន​មក​ប្រជុំគ្នា​ធ្វើ​នាទី​ជា​មេដោះ រីក​រាយ​សប្បាយ​រួម​រស់​ជា​មួយ​សុវណ្ណសាម​កុមារ។ តាបសតាបសី​ទាំង​ពីរ បាន​ស្រង់​វារី​អោយ​ដល់​ព្រះ​ពោធិសត្វ​ហើយ ក៏​ដាក់​អោយ​ផ្ទំ​នា​បរម​សាលា ក្នុង​ខណៈ​នោះ​នាង​កិន្នរី​ទាំង​ឡាយ នាំ​គ្នា​បី​សុវណ្ណ​សាម​កុមារ​ទៅ​ស្រង់​ទឹក​នៅ​នា​ចន្លោះ​ភ្នំ​ ហើយ​ឡើង​កាន់​កំពូល​ភ្នំ​ប្រជុំ​ទៅ​ដោយ​ផ្កា បាន​ប្រដាប់​អោយ​សុវណ្ណសាម​កុមារ​ទៅដោយ​បុប្ផជាតិ​ផ្សេង​ៗ ប្រោះ​ព្រំ​ផាត់​លាប​លើ​កាយ​ដោយ​ហរិតាលមនោសិលា និង​បន្តក់​មួយ​គ្រាប់​អោយ​ជាប់​នា​កណ្តាល​ថ្ងាស ហើយ​ក៏​បាន​នាំ​យក​មក​ដាក់​នៅ​លើ​សេយ្យាសន៍​ក្នុង​បណ្ណ​សាលា។ ឯ​នាង​បារិកា​ត្រឡប់​មក​អោយ​បុត្រ​បៅ​ដោះ ក្នុង​សភាព​បែប​នេះ​រហូត​ដល់​ព្រះ​កុមារ​ធំ។ លុះ​ដល់​កុមារ​មាន​អាយុ​១៦​ឆ្នាំ សម័យ​មួយ​មាតាបិតា​នាំ​គ្នា​ទៅ​រក​ផល្លារហូត​ដល់​ពេល​ល្ងាច​ត្រឡប់​មក​វិញ ដល់​ទី​ជិត​អាស្រម​បទ មហា​មេឃ​ក៏​បាន​តាំង​ឡើង​ ភ្លៀង​យ៉ាង​ខ្លាំង​បាន​ធ្លាក់​មក លោក​ទាំង​ពីរ​បាន​ចូល​ទៅ​កាន់​គល់​ឈើមួយ ឈរ​នៅ​ពី​លើ​ដំបូក។ អាសិរពិស​នៅ​ខាង​ក្នុង​តំបូក​នោះ ត្រូវ​ទឹក​ភ្លៀង​លាយ​ដោយ​ក្លិន​ញើស​ចាក​សរីរៈ​នៃ​អ្នក​ទាំង​ពីរ ហូរ​ចូល​ក្នុង​រន្ធ​ច្រមុះ។ អាសិរពិស​នោះ​មាន​សេចក្តី​ក្រោធ បាន​បញ្ចេញ​ខ្យល់​ពី​រន្ធ​ច្រមុះ​មក​ត្រូវ​ចក្ខុ​ទាំង​ពីរ​របស់​តាបស​តាបសី​ នោះ។ ទាំង​ពីរ​អ្នក​ក៏​ងងិត​​ភ្នែក​មិន​អាច​មើល​អ្វី​ឃើញ​ឡើយ។ អ្នក​ទាំង​ពីរ​ក៏​យំ​សោក​រៀប​រាប់ ដោយ​យល់​ថា ឥឡូវ​នេះ ជីវិត​យើង​ទាំង​ពីរ​នឹង​មិន​មាន​តទៅ​ទៀត​ឡើយ។

បុព្វកម្ម​របស់​ទុកូល​បណ្ឌិត​និង​នាង​បារិកា

បាន​ឮ​ថា ក្នុង​ជាតិ​មុន​អ្នក​ទាំង​ពីរ​បាន​កើត​ក្នុង​ត្រកូល​ពេទ្យ គ្រាមួយ​ ពេទ្យ​នោះ​រក្សា​រោគ​ក្នុង​ភ្នែក​របស់​បុរស​អ្នក​មាន​ទ្រព្យ​ច្រើន​ម្នាក់។ បុរស​នោះ​មាន​ភ្នែក​បាន​ផុត​ចាក​រោគ​ហើយ មិន​អោយ​ថ្លៃ​ព្យាបាល​ដល់​គ្រូ​ពេទ្យ។ លោក​គ្រូ​ពេទ្យ​នោះ មាន​សេចក្តី​ក្រោធ ទៅ​ដល់​ផ្ទះ​រៀប​រាប់​ប្រាប់​ភរិយា​របស់​ខ្លួន​អំពី​អ្នក​ជំងឺដែល​មិន​អោយ​ ថ្លៃ​ព្យាបាល​នោះ។ ភរិយា​ស្តាប់​ហើយ ក៏​ខឹង​ក្រោធ ហើយ​ពោល​ថា យើង​មិន​ត្រូវ​ការ​ទ្រព្យ​របស់​វា​នោះ​ឡើយ អ្នក​ចូរ​ផ្សំ​ថ្នាំ​អោយ​វា​បន្តក់​ដាក់​អោយ​វា​ខ្វាក់​ទាំង​ពីរ​តែ​ម្តង​ទៅ។​ ស្វាមី​ក៏​យល់​​ស្រប​តាមយ៉ាង​នោះ ទើប​ចេញ​ពី​ផ្ទះ​ទៅ​រក​បុរស​នោះ ហើយ​បាន​ធ្វើ​ដូច្នោះ​ឯង។ បុរស​នោះ​មិន​យូរ​ប៉ុន្មាន​ ភ្នែក​ទាំង​ពីរ​ក៏​ត្រឡប់​ជា​ងងឹត​វិញ។ តាបស​និង​តបស្សិនី បាន​សាង​នូវ​បាបកម្ម​នេះ​ទុក​មក ទើប​បាន​ជា​ឥឡូវ​ត្រូវ​ងងឹត​ភ្នែក​ទាំង​អស់​គ្នា ដោយ​បាបកម្មនោះ​ឯង។

បុព្វចរិយារបស់​ព្រះតថាគត

លំដាប់​នោះ ព្រះ​ពោធិសត្វគិត​ថា មាតាបិតា​យើង​ហេតុ​អី​ថ្ងៃ​នេះ​ហួស​ពេល​ដូច្នេះ។ ព្រះ​ពោធិសត្វ​បាន​ចេញ​ទៅ​រក​អ្នក​ទាំង​ពីរ ទៅ​តាម​ទិស​ដែល​បាន​កំណត់​ទុក ស្រែក​ហៅ​ជា​បណ្តើរ​ៗ។ មាតា​បិតា​ស្តាប់​ឮ​ហើយ ក៏​ឆ្លើយ​តប ហើយ​ពោល​ហាម​បុត្រ​ថា កូន​សម្លាញ់ ទី​នេះ​មាន​អន្តរាយ កូន​កុំ​ចូល​មក​ឡើយ។ ព្រះ​ពោធិសត្វ​បាន​តប​ថា បើ​ដូច្នោះ សូម​មាតា​បិតា​ចាប់​នូវ​ចុង​ឈើ​ច្រត់​នេះ​ចុះ។ លោក​ទាំង​ពីរ​បាន​ចាប់​ចុង​ឈើ​ហើយ ដើរ​មក​រក​បុត្រ។ ព្រះ​ពោធិសត្វ​សួរ​ថា ចក្ខុ​មាតា​បិតា​ងងិត​ទៅ​ដោយ​សារ​អ្វី? លោក​ទាំង​ពីរ​ក៏​បាន​ពោល​រៀប​រាប់ថា កូន​អើយ កាល​ដែល​ភ្លៀង​ធ្លាក់ យើង​ទាំងពីរ​បាន​មក​ឈរ​នៅ​លើ​តំបូក​ក្បែរ​គល់​ឈើ​នេះ ហើយ​ចក្ខុ​ទាំង​អស់​ក៏​ស្រាប់​តែ​ងងឹត​តែ​ម្តង​ទៅ។ ព្រះ​ពោធិសត្វ​បាន​ស្តាប់​ពាក្យ​មាតា​បិតា​ហើយ​ដឹង​ថា​មាន​អាសិរពិស​នៅ​ ក្នុង​ដំបូក។ ព្រះ​ពោធិសត្វ​ឃើញ​មាតា​បិតា​ដូច្នេះ​ហើយ ក៏​យំ​រួច​សើច។ មាតា​បិតា​សួរ​ថា កូន​សម្លាញ់ ម៉េច​បាន​ជា​យំ​ហើយ​សើច​អីចឹង? ព្រះ​ពោធិសត្វ​​តប​ថា កូន ​យំ​ដោយ​ខូច​ចិត្ត​ត្បិត​ចក្ខុ​របស់​អ្នក​ទាំង​ពីរ​វិនាស​ទៅ ទាំង​ដែល​កូន​នៅ​ក្មេង​វ័យ តែ​កូន​សើច​ ដោយ​សេចក្តី​សប្បាយ​ចិត្ត​ថា កូន​នឹង​បាន​បដិបត្តិ​ទំនុក​បម្រុង ដល់​មាតា​បិតា​ជា​អ្នក​មាន​គុណ​ទាំង​ពីរ​តទៅ។ សូម​មាតា​បិតា​កុំ​គិត​បារម្ភ​អ្វី​ឡើយ កូន​នឹង​បម្រើ​លោក​ទាំង​ពីរ​បាន​ដល់​នូវ​ផាសុក។ ព្រះ​ពោធិសត្វ​លួង​លោម​ផ្លូវ​ចិត្ត អោយ​មាតាបិតា​បាន​ធូរ​ក្នុង​ចិន្តា ហើយ​ក៏​បាន​នាំ​មក​កាន់​បណ្ណ​សាលា។ ព្រះ​ពោធិសត្វ​រៀប​ចំ​ចង​ខ្សែ​ជា​ស្នួបង្កាន់​ដៃ​ក្នុង​ទី​ទាំង​ពួង គឺ​ទី​សម្រាក​ពេល​ថ្ងៃ ទី​សម្រាក​ពេល​យប់ ទី​ចង្ក្រម បណ្ណសាលា និង​ទី​បន្ទោបង់​ ឧច្ចារៈ​បស្សាវៈ។ ចាប់​ផ្តើម​ពី​នោះ​មក ព្រះ​ពោធិសត្វ ចេញ​ទៅ​រក​ផល្លា​មក​តាំង​ទុក​ក្នុង​បណ្ណសាលា បោស​សម្អាត​ទី​នៅ​ តាំង​ពី​ព្រលឹម​ស្រាង​ៗ ថ្វាយ​បង្គំ​មាតា​បិតា​ហើយ កាន់​ក្អម​ទឹក​ទៅ​កាន់​មិគសម្មតា​នទី ដង​ទឹក​យក​មក ហើយ​រៀប​ចំ​របស់​ឆាន់ ចាត់​ចែង​ឈើ​ជម្រះ​ព្រះ​ទន្ត​និង​ទឹក​ខ្ពុរ​ព្រះ​ឱស្ឋ​ជា​ដើម ហើយ​ប្រគេន​ផល្លា​ដែល​មាន​រស​ល្អ។ កាល​មាតា​បិតា​ឆាន់​រួច ទើប​ខ្លួន​ឯង​បរិភោគ​តាម​ក្រោយ។ ព្រះ​ពោធិសត្វ​បាន​ដង​ទឹក ដាំ​អោយ​ក្តៅ ទើប​ផ្ងូត​ដល់​មាតា​បិតា ទាំង​ដុស​លាង​ព្រះ​បាទា​តាម​អធ្យាស្រ័យ រួច​ហើយ​ជួយ​រៀប​ចំ​គ្រឿង​ស្លៀក​ដណ្តប់ និង​យក​ថ្ម​ដុត​ដោយ​ភ្លើង មក​ដាក់​កំដៅ​ចុង​ជើង​ចុង​ដៃ ដើម្បី​កំចាត់​បង់​នូវ​ភាព​រងារ។

មេត្តាចិត្ត​ព្រះ​ពោធិសត្វ

សម័យ​មួយ ព្រះរាជា​ទ្រង់​ព្រះ​នាម​ថា បិលយក្ខរាជ សោយ​រាជ​សម្បត្តិ​នៅ​ក្នុង​ក្រុង​ពារាណសី ទ្រង់​ល្មោភ​ចំពោះ​សាច់​ម្រឹគ​ក្នុង​ព្រៃ ក៏​ផ្ទេរ​រាជ​សម្បត្តិ​អោយ​ព្រះ​រាជ​ជននី​គ្រប់​គ្រង។ ទ្រង់​ចង​សៀត​រាជាវុធ​៥​យ៉ាង ចូល​កាន់​ហិមវន្ត​ប្រទេស សម្លាប់​ម្រឹគ​ទាំង​ឡាយ​សោយ​សាច់ ស្តេច​បាន​យាង​ទៅដល់​មិគសម្មតានទី​ដោយ​លំដាប់ រហូត​យាង​ដល់​កំពង់​ដែល​សុវណ្ណសាម​ដង​ទឹក​រាល់​ថ្ងៃ។ ព្រះ​រាជា​បាន​ទត​ឃើញ​ច្បាស់​នូវ​ស្នាម​ជើង​ម្រឹគ​ដ៏​ច្រើន ទ្រង់​ក៏​បាន​ធ្វើស៊ុម​ដោយ​មែក​ឈើ​ស្រស់​ហើយ​ត្រៀម​ព្រះ​អង្គ​នៅ​ក្នុង​ស៊ុម ​នោះ ជាមួយ​នឹង​ធ្នូ​សរ​ដែល​លាប​ទៅ​ដោយ​ថ្នាំ​ពិស។ ចំណែក​ព្រះ​ពោធិសត្វ​នាំ​ផល្លា​មក​ដល់​ក្នុង​វេលា​ល្ងាច ទុក​ដាក់​ក្នុង​បណ្ណ​សាលា​ហើយថ្វាយ​បង្គំ​មាតា​បិតា​រួច​ទៅ​ដង​ទឹក មាន​ហ្វូង​ម្រឹគ​ហែហម។ ព្រះ​រាជា​ទត​ឃើញ​ព្រះ​ពោធិសត្វ​ គិត​ថា យើង​ ត្រាច់​មក​កាន់​ហិមវន្ត​ប្រទេស​ រហូត​អស់​កាល​ត្រឹម​នេះ មិន​ទាន់​ឃើញ​មនុស្ស​ឡើយ តើ​បុគ្គល​នេះ​ជា​ទេវតា​ឬ​ក៏​ជា​នាគ​ហ្ន៎។ ប្រសិន​បើ​យើង​នឹង​ចូល​ទៅ​សួរ បើ​ជា​ទេវតា​ នឹង​ហោះ​ឡើង​ទៅ​លើ​អាកាស បើ​ជា​នាគ នឹង​មុជ​ចុះ​ទៅ​ក្នុង​ដី ឯ​យើង​នឹង​មិន​នៅ​ទី​នេះ​រហូត​ទេ។ ដល់​យើង​ត្រឡប់​ទៅ​ពារាណសី​វិញ អាមាត្យ​ទាំង​ឡាយ​នឹង​សួរ​យើង​ថា កាល​ព្រះ​អង្គ​យាង​ទៅ​ហិមវន្ត​ប្រទេស បាន​ទត​ឃើញ​អ្វី​អស្ចារ្យ​ខ្លះ។ កាល​បើ​សួរ​ដូច្នេះ យើង​នឹង​ប្រាប់​ថា បាន​ឃើញ​សត្វ​ដូច​នេះ។ គេ​នឹង​សួរ​ដេញ​ដោល​ថា សត្វ​នោះ​ឈ្មោះ​អ្វី កាល​បើ​យើង​មិន​ស្គាល់ គេ​នឹង​តិះ​ដៀល​យើង។ ព្រោះ​ហេតុ​នោះ​យើង​នឹង​បាញ់​បុគ្គល​នេះ ធ្វើ​អោយ​ដល់​នូវ​ទុព្វលភាព​ហើយ យើង​នឹង​សួរ​អោយ​ដឹង​រឿង។ លំដាប់​នោះ ព្រះ​ពោធិសត្វ​ចុះ​ទៅ​ងូត​ទឹក​រម្ងាប់​នូវ​ការ​ក្រវល់​ក្រវាយ​កាយ​សមគួរ ហើយ​ឡើង​មក​ស្លៀក​ដណ្តប់​សំពត់​សំបក​ឈើ និង​យក​ស្បែក​ខ្លា​ដាក់​លើ​ស្មា ហើយ​យក​ក្អម​ទឹកឡើង​ដាក់​លើ​ស្មា​ខាង​ឆ្វេង។ ក្នុង​កាល​នោះ ព្រះរាជា​ទ្រង់​គិត​ថា កាល​នេះ​សម​គួរ​នឹង​បាញ់​ហើយ ទើប​លើក​ធ្នូ​និង​សរ​ដែល​លាប​ដោយ​ថ្នាំ​ពិស​នោះ បាញ់​ព្រះ​ពោធិសត្វ​ត្រូវ​ខាង​ស្តាំ​ ធ្លុះ​ចេញ​ទៅ​ខាង​ឆ្វេង។ ហ្វូង​ម្រឹគ​ដឹង​ថា ព្រះ​ពោធិសត្វ​ត្រូវ​គេ​បាញ់ ក៏​តក់​ស្លុត​ភ្ញាក់​ផ្អើល​រត់​អស់។ សុវណ្ណសាម សូម្បី​ត្រូវ​ព្រួញ​ពិស​ក៏​នៅ​ទ្រក្អម​ទឹក​ទុកដោយ​ប្រក្រតី មាន​ស្មារតី​ដាក់​ចុះ​ក្រោម ដោយ​កាយ​ដី​ខ្សាច់​អោយ​ក្រហូង​បន្តិច ទើប​ដាក់​ក្អម​ទឹក​អោយ​នឹង នៅ​ទី​នោះ រួច​ហើយ​កំណត់​ទិស ទើប​បែរ​សីសៈ​ទៅ​ខាង​បណ្ណ​សាលា បី​ដូច​សុវណ្ណ​បដិមា​ដែល​ដួល​ដេក​នៅ​លើ​ផ្ទៃ​ខ្សាច់​ពណ៌​ប្រាក់។ សុវណ្ណសាម​ តាំង​សតិ​ពោល​ថា បុគ្គល​ដែល​មាន​ពៀរ​នឹង​យើង ក្នុង​ហិមវន្ត​ប្រទេស​នេះ មិន​មាន​ឡើយ ឯ​បុគ្គល​ដែល​មាន​ពៀរ​ជា​មួយ​នឹង​មាតា​បិតា​យើង​ក៏​មិន​មាន​ដែរ ពោល​រួច​ ក៏​បាន​ខ្ជាក់​លោហិត​ចេញ​ពី​មាត់។ កាល​ដែល​មិន​បាន​ឃើញ​ព្រះ​រាជា ទើប​ពោល​នូវ​គាថា​សួរ​ថា
នរណាហ្ន៎​បាញ់ខ្ញុំ​ជា​អ្នក​ដង​ទឹក     ដែល​កំពុង​ភ្លឹក​សតិ​បង់​បាត់
ជាព្រាហ្មណ៍​វេស្សៈ​ឬ​ក៏​ជា​ក្សត្រ
នរណាពួនស្កាត់​បាញ់​ខ្ញុំ​ដោយ​សរ។
បណ្តា​បទ​ទាំង​នោះ ដោយ​សេចក្តី​ថា បុគ្គល​មិន​បាន​តាំង​នូវ​សតិ​ក្នុង​ការ​ចម្រើន​មេត្តា គឺ​បាន​ធ្វើ​ខ្លួន​ជា​អ្នក​ប្រមាថ​ក្នុង​ខណៈ​នោះ​ បាញ់​ហើយ​ពួន​កាយបាត់​។
ក្នុង​គ្រា​ដែល​ព្រះ​ពោធិសត្វ​ពោល​យ៉ាង​នេះ​ហើយ ដើម្បី​នឹង​សម្តែង​ភាព​នៃ​មំសៈ​ក្នុង​សរី​រៈ​របស់​ខ្លួន​អោយ​ឃើញ​ថា​មិន​មែន ​ជា​ភក្សា​ហារ ទើប​ពោល​គាថា​បន្ត​ថា
សាច់​ខ្ញុំ​មិន​មែន​ជា​ម្ហូប​អាហារ ស្បែក​ខ្ញុំ​នេះ​ណា​ឥត​ការ​បវរ
ហេតុអ្វី​ខ្ញុំ​នេះ​ត្រូវ​បាញ់​ដោយ​សរ សំគាល់​ថា​ល្អ​ឋិត​នៅ​ត្រង់​ណា
ក្នុង​គាថា​នោះ​មាន​សេចក្តី​ថា ម្នាល​មាណព​ដ៏​ចម្រើន​អើយ សាច់​របស់​ខ្ញុំ គឺ​សាច់​ក្នុង​សរីរៈ​របស់​ខ្ញុំ​បរិភោគ​មិន​បាន គឺ​មនុស្ស​ទាំង​ឡាយ​មិន​គប្បី​បរិភោគ។ ស្បែក​របស់​ខ្ញុំ គឺ​ស្បែក​ក្នុង​សរីរៈ​របស់​ខ្ញុំ មិន​មាន​ប្រយោជន៍​ដល់​មនុស្ស​ទាំងឡាយ។ កាល​បើ​ដូច្នោះ បុរស​នេះ​សំគាល់​ថា ខ្ញុំ​គួរ​បាញ់ ដោយ​មិន​ពិចារណា ដោយ​វណ្ណៈ​អ្វី គឺ​ដោយ​ហេតុ​អ្វី។
ឱសម្លាញ់​អើយ​ខ្ញុំ​សូម​សួរ​អ្នក បាញ់​ខ្ញុំ​ហើយ​លាក់​បំពួន​អាត្មា
តើ​អ្នក​ជា​អ្វី​ជា​បុត្រ​អ្នក​ណា ខ្ញុំ​ដឹង​ហេតុការណ៍​បាន​ដូច​ម្តេច​ទៅ
កាល​ព្រះ​ពោធិសត្វ​ពោល​គាថា​យ៉ាង​នេះ​ហើយ ក៏​បាន​ស្ងៀម​ក្នុង​ថ្លុក​ឈាម​នោះ​ឯង។ ព្រះ​រាជា​ទ្រង់​ស្តាប់​យ៉ាង​នេះ​ហើយ គិត​ថា បុរស​នេះ​សូម្បី​ត្រូវ​យើង​បាញ់​ដោយ​ព្រួញ​លាប​ថ្នាំ​ពិស​ដួល​ចុះ​ហើយ ក៏​មិន​បាន​ជេរ​យើង ហើយ​ក៏​មិន​ត្អូញ​ត្អែរ​អ្វី​ដែរ បែរ​ជា​ហៅ​រក​យើង​ដោយ​ពាក្យ​គួរ​ជា​ទី​ស្រឡាញ់​ទៅ​វិញ បេះ​ដូង​យើង​ដូច​ជា​ត្រូវ​គេ​អារ​ដោយ​កាំបិត យើង​នឹង​ទៅ​រក​គេ។ ទ្រង់​គិត​ដូច្នេះ​ហើយ ស្តេច​ក៏​យាង​ទៅ​ប្រថាប់​ឈរ​ក្នុង​ទី​ជិត​ព្រះ​ពោធិសត្វ​ហើយ​ពោល​ថា
គេស្គាល់​ខ្ញុំ​ថា​ឈ្មោះ​បិលយក្ខ ជាស្តេច​នៃ​អ្នក​ក្នុង​ដែន​កាសី
ខ្ញុំ​លះ​បង់​ដែន​ស្វែង​រក​ម្រឹគ​ព្រៃ ព្រោះ​ល្មោភ​នឹង​ឆី​សោយ​រស​មំសំ
ម្យ៉ាង​ទៀត​ខ្ញុំ​ល្បី​វៃ​ខាង​សិល្ប៍សាស្ត្រ ធ្នូសរ​ខ្ញុំ​ច្បាស់​បាញ់​ពេញ​កំលាំង
សត្វ​ណា​មក​ចំ​មុខ​ព្រួញ​ខ្ញុំ​តាំង ទោះ​ដំរី​ខ្លាំង​មិន​រួច​ដេក​ដី
គា​ថា​ទាំង​នោះ​មាន​សេចក្តី​ថា ព្រះបាទ​បិលយក្ខ​នោះ​មាន​ព្រះ​តម្រិះ​ថា ទេវតា​ក៏​ដោយ នាគ​ក៏​ដោយ រមែង​និយាយ​ភាសា​មនុស្ស​បាន​ យើង​មិន​ដឹង​ថា​បុគ្គល​នោះ​ជា​អ្វី បើ​គេ​ក្រោធ នឹង​ធ្វើ​អោយ​យើង​វិនាស​ទៅ​បាន ដូច្នេះ​កាល​បើ​ប្រាប់​ថា​យើង​ជា​ស្តេច អ្នក​ណា​ដែល​មិន​ខ្លាច រមែង​មិន​មាន​ឡើយ។ កាល​តម្រិះ​ដូច្នេះ​ហើយ ទើប​ត្រាស់​ថា ម្នាល​មាណព​ យើង​ជា​ព្រះ​រាជា​របស់​ដែន​កាសី ប្រជាជន​ស្គាល់​យើង​ដោយនាម​ថា ព្រះបាទ​បិលយក្ខ។ ដោយ​មាន​សេចក្តី ល្មោភ​នឹង​សាច់​ ក៏​បាន​ប្រគល់​រាជ​សម្បត្តិ​ដល់​ព្រះ​ជននី ហើយ​ចេញ​មក​ស្វែង​រក​សាច់​ម្រឹគ។ យើង​ជា​អ្នក​ទ្រទ្រង់​នូវ​កម្លាំង អាច​យឹត​ធ្នូ​ដ៏​ធ្ងន់​បាន គឺ​ធ្នូ​មាន​ទំងន់​ដែល​បុរស​ធម្មតា​១ពាន់​អ្នក​ទើប​អាច​លើក​រួច​បាន រឿង​នេះ​បាន​ល្បី​ពេញ​ជម្ពូទ្វីប។ ដំរី​ដែល​មាន​កម្លាំង​មក​ចំ​មុខ​ព្រួញ​ ក៏​មិន​អាច​ផុត​ចាក​ពី​កន្លែង​ទៅ​បាន​៧​ជំហាន​ឡើយ។​​​ ព្រះរាជា​ទ្រង់​សរសើរ​កម្លាំង​របស់​ព្រះអង្គ​ហើយ ក៏​ត្រាស់​សួរ​នាម​នឹង​គោត្រ​របស់​ព្រះ​ពោធិសត្វ​ថា
ចុះ​អ្នក​ជា​អ្វី​ជា​បុត្រ​អ្នក​ណា យើង​ម្តេច​ដឹង​ដឹង​អ្នក​មាន​ឈ្មោះ​អ្វី
ព្រម​ទាំង​ត្រកូល​បិតា​ផង​នៃ សូម​អ្នក​ស្រដី​ប្រាប់​យើង​អោយ​ស្គាល់
ព្រះ​ពោធិសត្វ​ គិត​ថា យើង​ជា​ទេវតា នាគ យក្ស កិន្នរ ឬ​ថា​ជា​ក្សត្រ​ជា​ដើម​យ៉ាង​ណា​មួយ ព្រះ​រាជា​ក៏​គង់​តែ​ជឿ ប៉ុន្តែ​យើង​គួរ​ពោល​តែ​ពាក្យ​ពិត​ប៉ុណ្ណោះ លុះ​គិត​ហើយ​ ទើប​ពោល​ថា
ខ្ញុំ​កូន​ឥសី​បុត្រ​អ្នក​នេសាទ ពេលរស់​ពួក​ញាតិ​ហៅ​ខ្ញុំ​ថា​សាម
ទ្រង់​អើយ​ថ្ងៃ​នេះ​ខ្ញុំ​ត្រូវ​មារ​តាម មច្ចុ​ចាប់​ច្បាម​ផ្តេក​លើ​ប្រឹថពី
ដូច​ព្រាន​បាញ់​ម្រឹគ​ដែល​ទ្រង់​បាញ់​ខ្ញុំ ដោយ​ព្រួញ​ពិស​ធំ​បាញ់​ចំ​ពេញ​ទី
ខ្ញុំ​ត្រាំ​ឈាម​ឯង​ដេក​លើ​ធរណី ព្រួញ​ពិស​យាយី​ទ្រង់​ទត​ឃើញ​ពិត
សូមទ្រង់​ទត​ព្រួញ​មុត​ស្តាំ​ធ្លាយ​ឆ្វេង ឈឺ​ពើត​ក្រៃ​លែង​មាត់​ខ្ពុរ​លោហិត
ខ្ញុំ​សួរ​រឿយ​ៗ​ចំពោះ​បពិត្រ ទ្រង់​យឹត​បាញ់​ហើយ​ម្តេច​ឡើយ​លាក់​កាយ
សម្លាប់ខ្លា​ដំបង​ប៉ង​យក​ស្បែក ចំណែក​ដំរី​ព្រោះ​ភ្លុក​ទាំង​ឡាយ
ឯ​ទូល​បង្គំព្រោះ​អ្វី​ក្នុង​កាយ ទើប​ទ្រង់​ខ្វល់​ខ្វាយ​ចំណាយ​ពេល​បាញ់
បទ​ទាំង​នោះ​ថា បពិត្រ​មហារាជ សូម​ព្រះ​អង្គ​ទ្រង់​ចម្រើន ខ្ញុំ​ព្រះ​អង្គ​ជា​បុត្រ​ឥសី​ដែល​​ឥសី​នោះ​ជា​បុត្រ​នាយ​ព្រាន។ ញាតិ​ទាំង​ឡាយ​ហៅ​ទូល​បង្គំ​ដែល​នៅ​មាន​ជីវិត​មុន​នេះ​ថា សាម។ ថ្ងៃ​នេះ​ខ្ញុំ​ព្រះអង្គ​ទៅ​ដល់ គឺ​ចូល​ទៅ​ក្នុង​មាត់​នៃ​មរណៈ​ហើយ​យ៉ាង​នេះ។ ម្រឹគ​ត្រូវ​ព្រាន​បាញ់​ដោយ​ព្រួញ​ធំ​លាប​ថ្នាំ​ពិស​យ៉ាង​ណា សូម្បី​ខ្ញុំ​ព្រះអង្គ​ក៏​ជា​អ្នក​ដែល​ត្រូវ​ព្រះអង្គ​បាញ់​យ៉ាង​នោះ​ឯង។ សូម​ព្រះ​អង្គ​ទ្រង់​ទត​មើល​នូវ​ខ្ញុំ​ព្រះអង្គ​ដែល​ដេក​មាន​សភាព​បែប​នេះ។ ព្រះ​រាជា​ទ្រង់​សណ្តាប់​ហើយ មិន​ត្រាស់​សេចក្តី​ពិត កុហក​ថា
ម្រឹគ​មក​ប្រាកដ​ចំមុខ​ព្រួញ​ខ្ញុំ ឃើញ​អ្នក​ជាធំ​ក៏​ផ្អើល​អស់​ទៅ
ព្រោះ​ហេតុ​នោះ​ទើប​ចិត្ត​ក្រោធ​គ្រប​នៅ បង្វែរ​ព្រួញ​ទៅ​បាញ់​សាម​ដង​ទឹក
លំដាប់​នោះ ព្រះពោធិសត្វ​ទូល​ព្រះ​រាជា​ថា បពិត្រ​ ព្រះរាជា ព្រះអង្គ​ត្រាស់​អ្វី​ហ្នឹង ដែល​ថា​ម្រឹគ​ឃើញ​ខ្ញុំ​ព្រះអង្គ​ ហើយ​រត់​គេច​ទៅ​នោះ មិន​មាន​ក្នុង​ហិមវន្ត​ប្រទេស​នេះ​ឡើយ។
តាំង​ពី​ខ្ញុំ​ដឹង​អ្វី​ខុស​អ្វី​ត្រូវ សត្វ​ព្រៃ​ទូទៅ​ដោយ​ច្រើន​ពួក​ម្រឹគ
ទោះ​សត្វ​សាហាវ​ក៏​ច្រើន​សន្ធឹក មិន​ដែល​ភ្លូកភ្លឹកផ្អើល​នឹងខ្ញុំឡើយ
តាំងពីខ្ញុំបាន​ចេះស្លៀកដណ្តប់ ចេះដឹងគ្រប់សព្វវ័យចម្រើន​ហើយ
គឺថាពាឡ​ម្រឹគ​មិន​ផ្អើល​ខ្ញុំ​ឡើយ ជិតខ្ញុំ​បង្កើយ​ម្រឹគ​មិន​តក់​ស្លុត
បពិត្រ​មហារាជ​ដ៏​ចម្រើន​អើយ កិន្នរហ្នឹង​ហើយ​តែង​ខ្លាច​បំផុត
នៅ​ភ្នំ​គន្ធមាទន៍​ព្រៃ​ភ្នំ​បរិសុទ្ធ តែ​នៅ​មិន​ស្លុត​នឹង​ទូល​បង្គំ
ពួក​យើង​តែង​តែ​រីករាយ​នឹង​គ្នា ទៅ​ព្រៃ​នានា​ឬ​ក៏​ឡើង​ភ្នំ
ដូច្នោះ​ពួក​ម្រឹគ​ផ្អើល​អី​នឹង​ខ្ញុំ ពីតូច​ដល់​ធំ​ខ្ញុំ​នៅ​នឹង​ម្រឹគ
ធម្មតា​ម្រឹគ​ទាំង​ឡាយ​ឃើញ​ខ្ញុំ​ព្រះអង្គ​ហើយ រមែង​មិន​ភ័យ​ខ្លាច​តក់​ស្លុត​ឡើយ។ បពិត្រ​ព្រះ​រាជា​ជា​ធំ ម្រឹគ​ទាំង​ឡាយ​ចូរ​លើក​ទុក​សិន​ចុះ ពោល​ពី​ធម្មតានៃ​កិន្នរ​ទាំង​ឡាយ រមែង​ជា​អ្នក​ភ័យ​ខ្លាច​ដ៏​ក្រៃលែង ប៉ុន្តែ​កិន្នរ​ទាំង​នោះ ឃើញ​ខ្ញុំ​ព្រះអង្គ​ហើយ រមែង​មិន​ភ័យ​តក់​ស្លុត​ឡើយ តាមពិត​ពួក​យើង​រីករាយ​ជាមួយ​គ្នា​ទៅវិញ​ទៅ​មក​ទៅ​តាម​ព្រៃ​ភ្នំ។ ព្រះពោធិសត្វ​សម្តែង​នូវ​សេចក្តី​ថា ព្រោះ​ហេតុអ្វី ទើប​ព្រះអង្គ​អោយ​ខ្ញុំ​ព្រះ​អង្គ​ជឿ​ថា ម្រឹគ​ទាំង​ឡាយ​ឃើញ​ខ្ញុំ​ព្រះអង្គ​ហើយ​ភ័យ​តក់​ស្លុត​នោះ។ ​ព្រះរាជា​​សណ្តាប់​ហើយ ទ្រង់​ព្រះ​តម្រិះ​ថា យើង​បាញ់​សាម​ដែល​ជា​អ្នក​មិន​មាន​កំហុស​នេះ​ហើយ នៅ​ពោល​មុសាវាទ​ទៀត ឥ​ឡូវ​យើង​នឹង​ពោល​តែ​ពាក្យ​ពិត​ប៉ុណ្ណោះ ទើប​ត្រាស់​ថា
ម្រឹគ​មិន​មែន​ផ្អើល​នឹង​សាម​ទេ​ណា ខ្ញុំ​នឹង​មុសា​ធ្វើ​អ្វី​ទៀត​នោះ
ត្បិត​ក្រោធ​និង​លោភ​វា​គ្រប​អោយ​លុះ ទើប​ខ្ញុំ​គិត​ខុស​បាញ់​សាម​នឹង​សរ។
កាល​ដែល​បាន​ត្រាស់​យ៉ាង​នេះ​ហើយ ព្រះ​រាជា​ទ្រង់​ព្រះ​តម្រិះ​ថា សាមនេះ នឹង​មិន​មែន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​នេះ​តែ​ម្នាក់​ឯង​ទេ ញាតិ​ទាំង​ឡាយ​របស់​គេ​គប្បី​មាន​ជា​ប្រាកដ យើង​នឹង​សួរ​គេ​មើល ទើប​ត្រាស់​ថា
សាម​អើយ​អ្នក​មក​ពី​ប្រទេស​ណា ឬ​ថា​អ្នក​ណា​ប្រើ​អោយ​ត្រាច់​ចរ
ថា​អ្នក​ទៅ​ដង​ទឹក​ស្ទឹង​ថ្លា​ល្អ ទើប​ចរ​មក​កាន់​មិគសម្មតា។

ព្រះ​ពោធិសត្វ​បាន​ស្តាប់​នូវ​ព្រះ​តម្រាស់​ហើយ អត់​ទ្រាំ​ចំពោះ​ទុក្ខ​វេទនា​ដ៏​ខ្លាំង​ក្លា ខ្ពុរ​ព្រះ​លោហិត​ហើយ​ពោល​ថា
ខ្ញុំ​អ្នក​ចិញ្ចឹម​មាតា​បិតា លោក​ខ្វាក់​នេត្រា​នៅ​ក្នុង​មហាវ័ន
ខ្ញុំ​ដង​ទឹក​ថ្វាយ​ដល់​ព្រះ​អរហន្ត រួស​រាន់​មក​កាន់​សម្មតានទី។
មាតាបិតា​មាន​ត្រឹម​អាហារ មិនដល់​សប្តាហ៍​រក្សាជីវី
ព្រោះ​គាត់​ងងឹត​ខ្វាក់​ភ្នែក​ទាំង​ពីរ នឹង​ក្ស័យ​ជីវី​ដោយ​សារ​អត់​ទឹក។
ទុក្ខ​ត្រូវ​ព្រួញ​នេះ​មិន​សូវ​ប៉ុន្មាន បុរស​ត្រូវ​បាន​ប៉ុន្តែ​ការ​នឹក
មិន​ឃើញ​មាតា​ទុក្ខ​ក្រៃ​ពន្លឹក ទុក្ខ​ច្រើន​ព្រោះ​នឹក​ដល់​អ្នក​មាន​គុណ។
ទុក្ខ​ត្រូវ​ព្រួញ​នេះ​មិន​សូវ​ប៉ុន្មាន បុរស​ត្រូវ​បាន​ប៉ុន្តែ​ទុក្ខ​ធ្ងន់
មិន​ឃើញ​បិតា​ទុក្ខ​ក្រៃ​ពេក​ពន់ ទុក្ខ​ច្រើន​លើស​លន់​ច្រើន​ជាង​ត្រូវ​ព្រួញ។
ឱ​ម្ល៉េះ​សម​ម្តាយ​នឹង​នៅ​កំព្រា ចិរទិវារាត្រី​យំទួញ
អធ្រាត្រ​យប់​ស្ងាត់​មាន​តែ​ទំនួញ យំ​ទួញ​រីង​ខះ​ដូច​ស្ទឹង​ខែ​ប្រាំង។
ឱ​ម្ល៉េះ​សម​ឪ​នឹង​នៅ​កំព្រា ចិរទិវា​រាត្រីទុក្ខំ
អធ្រាត្រយប់ស្ងាត់​យំរឹតតែ​ខ្លាំង ដូច​ស្ទឹង​ខែ​ប្រាំង​ទុក្ខំ​សោកសៅ។
ម្យ៉ាង​ទៀត​ខ្ញុំ​ក្រោក​មួយ​យប់​ច្រើន​គ្រា បម្រើ​បាទា​ច្របាច់​គក់​ភ្លៅ
ឥឡូវ​បាត់​ខ្ញុំ​លោក​នឹង​ដើរ​ហៅ ទៅ​ក្នុង​ព្រៃ​ជ្រៅ​អើយ​សាម​កូន​ហ្នា៎។
ហរទ័យ​នៃ​ខ្ញុំ​ត្រូវ​សរ​ទី​ពីរ កក្រើក​វក់​វី​ដោយ​សរ​សោកា
ព្រោះ​មិន​បាន​ឃើញ​អ្នក​ខ្វាក់​នេត្រា ជីវិត​ខ្ញុំ​រ៉ា​មុខ​ជា​សាប​សូន្យ។

ព្រះរាជា​ទ្រង់​សណ្តាប់​នូវ​ការ​រៀប​រាប់​ពិលាប​សោការបស់​ព្រះ​ពោធិសត្វ​ ហើយ ទ្រង់​គិត​ថា បុរស​នេះ​ជា​អ្នក​តាំង​នៅ​ក្នុង​ធម៌​ដ៏​ប្រសើរ បាន​បដិបត្តិ​មាតា​បិតា​ដ៏​ប្រពៃ​ក្រៃ​លែង ឥ​ឡូវ​នេះ​បាន​ដល់​សេចក្តី​ទុក្ខ​មាន​សភាព​បែប​នេះ​ហើយ នៅ​ពិលាប​រៀប​រាប់​ដល់​មាតា​បិតា​ទៀត។ យើង​បាន​ធ្វើ​ខុស​ក្នុង​បុរស​ដែល​សម្បូរណ៍​ដោយ​គុណ​ធម៌​យ៉ាង​នេះ ដូច្នេះ​យើង​គួរ​តែ​លួង​លោម​យក​ចិត្ត​បុរស​នេះ​យ៉ាង​ណា​ទៅ​ហ្ន៎។ ហើយ​ទ្រង់​សន្និដ្ឋាន​ថា ក្នុង​វេលា​ដែល​យើង​ធ្លាក់​នរក រាជ​សម្បត្តិ​នឹង​ធ្វើ​អ្វី​បាន យើង​នឹង​បដិបត្តិ​មាតា​បិតា​នៃ​បុរស​នេះ ដោយ​ទំនង​ដែល​បុរស​នេះ​ធ្លាប់​បដិបត្តិ​ហើយ ការ​ស្លាប់​របស់​បុរស​នេះ​ហាក់​ដូច​ជា​ការ​មិន​ស្លាប់ ដោយ​ប្រការ​ដូច្នេះ​ ទើប​ទ្រង់​ត្រាស់​ថា
ឱសាម​កល្យាណ​គួរ​ឱ្យ​ទស្សនា អ្នក​កុំ​សោកា​ទួញយំ​ខ្លាំង​ឡើយ
យើង​រ៉ាប់​ធ្វើការ​ចិញ្ចឹម​លោក​ហើយ ជំនួស​អ្នក​អើយ​នៅ​ក្នុងព្រៃធំ។
ម្យ៉ាងទៀតខ្ញុំ​ឈ្លាស​ក្នុង​សិល្បះធ្នូ ល្បីអស់កាលយូរទ្រង់​ធ្នូខ្លាំងមាំ
យើងរ៉ាប់ធ្វើការ​ចិញ្ចឹម​ថែទាំ នៅក្នុងព្រៃធំ​នទីបព្វតា។
ខំធ្វើការងារ​រករំពាម្រឹគ មើមឈើ​ផ្លែស្លឹក​ក្នុងព្រៃ​ព្រឹក្សា
ដើម្បីចិញ្ចឹមជន​ទាំងនោះ​ណា ក្នុងព្រៃបព្វតា​ទឹក​ធ្លាក់​ចាក​ទី។
ឪពុក​ម្តាយ​សាម​នៅ​ក្នុង​ព្រៃ​ណា ព្រៃដូច​ម្តេច​រ៉ា​ឋាន​អ្នក​ទាំង​ពីរ
អ្នក​បាន​ចិញ្ចឹម​ដោយ​ការ​សំភី យ៉ាង​ណា​នាទី​ខ្ញុំ​យ៉ាង​នោះ​ដែរ។

ព្រះរាជា​ត្រាស់​ថា យើង​ជា​អ្នក​ឆ្លាត​ក្នុង​ធ្នូ នឹង​សម្លាប់​ម្រឹគ​ធាត់​ៗ ចិញ្ចឹម​មាតា​បិតា​របស់​អ្នក ដោយ​មំសៈ​ដ៏​មាន​ឱ​ជារស​ឆ្ងាញ់។ ព្រះពោធិសត្វ​ពោល​តប​ថា បពិត្រ​មហារាជ​ដ៏​ជា​ធំ ព្រះអង្គ​កុំ​សម្លាប់​សត្វ​ព្រោះ​ហេតុ​ពួក​ទូល​ព្រះបង្គំ​ឡើយ។ ព្រះអង្គ​ក៏​ត្រាស់​បន្ត​ថា អ្នក​បាន​ចិញ្ចឹម​នូវ​លោក​ទាំង​ពីរ​នោះ​យ៉ាង​ណា សូម្បី​ខ្ញុំ​ក៏​នឹង​ចិញ្ចឹម​លោក​ទាំង​ពីរ​នោះ​យ៉ាង​នោះ​ដូចគ្នាដែរ។ លំដាប់​នោះ​ព្រះ​ពោធិសត្វ​ទូល​ថា ល្អហើយ​ព្រះ​អង្គ​ដ៏​ចម្រើន បើ​យ៉ាង​នោះ​ សូម​ព្រះអង្គ​មេត្តា​ប្រោស​ជួយ​ចិញ្ចឹម​បីបាច់​ថែរក្សា​នូវ​មាតា​បិតា​នៃ​ ទូល​បង្គំ​ជា​ខ្ញុំ​ផង​ចុះ។
បពិត្រមហារាជសូមទតឲ្យជាក់ ផ្លូវចុះជើងម្នាក់ទិសក្បាលដំណេក
នៃទូលបង្គំជាខ្ញុំដែលដេក មិនជាឆ្ងាយពេកកន្លះឃោសៈ។
ស្តេចយាងទៅឃើញបណ្ណសាលា មាតាបិតាឋិតក្នុងសម្នាក់
សូមទ្រង់អនុគ្រោះដោយក្តីស្មោះស្ម័គ្រ សូមទ្រង់ភារៈចិញ្ចឹមលោកផង។

ការព្រួយបារម្មណ៍

ព្រះពោធិសត្វ បានទូលប្រាប់ផ្លូវដល់ព្រះរាជាហើយ ខំអត់ទ្រាំនឹងទុក្ខវេទនាមានសភាពបែបនេះ ទុកដោយសិនេហចិត្ត ក្នុងមាតាបិតាជាកម្លាំង ហើយប្រណមអញ្ជលីទូលអង្វរក្នុងបំណងត្រូវការអោយព្រះរាជាចិញ្ចឹមមាតាបិតា
បពិត្រមហារាជគ្រងដែនកាសី ទ្រង់មានសេចក្តីចម្រើនកន្លង
ខ្ញុំសាមសូមថ្វាយបង្គំសេ្តចផង នមោច្រើនដងបង្គំរាជា។
មាតាបិតានៃទូលបង្គំ នៅក្នុងព្រៃធំអន្ធោអន្ធា
សូមទ្រង់ចិញ្ចឹមអោយមានជន្មា នៅជាតាបសតបស្សិនី។
ទូលបង្គំជាខ្ញុំសូមផ្គងអញ្ជលី រាជាគ្រងទីនាដែនកាសី
ទូលបង្គំសូមពរស្តេចទ្រង់ប្រណី នាំយកសេចក្តីនៃខ្ញុំព្រះអង្គ។
ខ្ញុំសូមបង្គំមាតាបិតា ឱនក្រាបសិរសាផ្តាំផ្ញើតាមទ្រង់
សាមត្រូវព្រួញពិសបានជាបាត់អង្គ ដួលដេកនៅត្រង់ឆ្នេរខ្សាច់មាត់ស្ទឹង។

មរណភាពរបស់សាម

ព្រះរាជាទ្រង់ទទួលពាក្យនៃព្រះពោធិសត្វ។ ឯចំណែកព្រះពោធិសត្វ កាលបានផ្ញើនូវការថ្វាយបង្គំ​ចំពោះ​មាតា​បិតា​រួច​ហើយ ក៏​ដល់​នូវ​វិសញ្ញីសន្លប់​ស្ងៀម​ទៅ។ ព្រះអង្គ ក៏រលត់អស្សាសៈ មិនបានពោលតទៅទៀតឡើយ ក៏​ក្នុងកាលនោះ ពាក្យដែលប្រព្រឹត្តទៅ អាស្រ័យ​ហទយរូប​ មានចិត្ត​ជា​សមុដ្ឋាន របស់ព្រះពោធិសត្វ​នោះ​បាន​ដាច់​ហើយ ព្រោះ​កម្លាំង​នៃ​ពិស​ជ្រួតជ្រាប។ មាត់​របស់​ព្រះ​ពោធិសត្វ​បិទ ចក្ខុ​ក៏​បិទ ដៃជើង​ឡើងរឹង និង​រាងកាយ​ទាំង​អស់​ប្រឡាក់ទៅ​ដោយ​លោហិត។ លំដាប់នោះ ព្រះរាជា​ទ្រង់​ត្រួតមើលខ្យល់​អស្សាសៈ បស្សាសៈ​របស់​សាម ឃើញថា​រលត់​ទៅ​ហើយ សរីរៈ​ក៏​រឹង​ហើយ​ដែរ។ ទ្រង់​ទត​ឃើញ​ហេតុ​នោះ ក៏​ទ្រង់​ជ្រាប​ថា​សាម​ស្លាប់​ហើយ។ ទ្រង់​មិន​អាច​អត់​ទ្រាំ​នូវ​សេចក្តី​សោក​ទុក​បាន ក៏​ដាក់​ព្រះ​ហស្ថ​លើ​ព្រះ​សីសៈ ព្រះ​កន្សែង​រៀប​រាប់​ដោយ​សំឡេង​ខ្លាំង​ៗ ថា អាត្មាអញប្រាកដជានឹងទៅកាន់នរកពុំខាន ឥតមានសង្ស័យឡើយ ព្រោះអំពើបាបដែលអាត្មាអញបានធ្វើហើយក្នុងគ្រា​នេះ​នឹងជា​ទោស​អោយ​ផល​ដ៏​ អាក្រក់​អស់​រាត្រី​កាល​​ជាអង្វែង បើនៅក្នុងស្រុក​ ក្នុង​ប្រទេស​ តែងមានមនុស្សគេដឹង​ គេ​តិះដៀល តែក្នុងអរញ្ញប្រទេស​ដែលឥត​មាន​មនុស្ស តើនរណានឹងចោទប្រកាន់​អាត្មាអញ​បាន។ កាលនោះ ទេពធីតា​មាន​នាម​ថា ពសុន្ធរី នៅភ្នំ​គន្ធមាទន៍ ធ្លាប់ជាមាតា​របស់​ព្រះពោធិសត្វ ក្នុងអត្តភាព​ទី​៧។ ក្រោយពីបានដឹងថាបុត្ររបស់ខ្លួនត្រូវបាញ់ដួលដេកនៅលើឆ្នេរខ្សាច់ ក៏បានស្រែកយំ​យ៉ាង​ខ្លាំង ហើយ​ពិចារណា​ថា បើយើងមិនទៅទីនោះ​ទេ សុវណ្ណសាម នឹងវិនាសក្នុងទីនោះ​ឯង សូម្បី​ព្រះ​រាជា​ក៏​នឹង​បែកធ្លាយ​ព្រះហឫទ័យ ឯមាតាបិតារបស់​សុវណ្ណសាម នឹង​អត់អាហារ អត់​ទឹក ហើយនឹងត្រូវបាត់បង់​ជីវិត។​ ទេពធីតានោះ បានយាង​ទៅស្ថិតនៅ​ព្ធដ៏អាកាស ដោយ​មិន​ប្រាកដ​កាយ នាមាត់ស្ទឹង​មិគសម្មតា ហើយពោលទៅកាន់​ព្រះរាជាថា បពិត្រមហារាជ ព្រះអង្គបានធ្វើនូវបាបជាទម្ងន់ ជនទាំង៣នាក់ គឺ​មាតាបិតា​និង​បុត្រ ជា​អ្នក​មិន​ប្រទូស្ត ទ្រង់​បាន​សម្លាប់​ហើយ ដោយ​ព្រួញ​តែ​មួយ។ សូមទ្រង់ចិញ្ចឹម​នូវ​ជន​ទាំង​ពីរ​ដែល​ងងឹត​ភ្នែក​នោះ​ដោយ​ធម៌ សុគតិភព​នឹង​គប្បី​មាន​ដល់​ព្រះអង្គ។ ព្រះ​រាជា​ក៏​ជឿតាម​ពាក្យ​របស់​ទេពធីតា ហើយបានបូជាព្រះពោធិសត្វ​ដោយ​ផ្កា ប្រោះព្រំទឹក ហើយ​ធ្វើ​ប្រទក្សិណបីជុំ រួច​យាង​សំដៅ​ទៅ​កាន់​បណ្ណសាលា​។ ទុកូលបណ្ឌិត អង្គុយ​នៅ​ខាង​ក្នុង​បាន​ស្តាប់​សំឡេង​ព្រះបាទ​របស់​ស្តេច​បិលយក្ខ ក៏​នឹក​ថា នេះ​មិន​មែន​ជា​សាម​បុត្រ​យើង​ឡើយ ជា​ស្នូរជើងរបស់​អ្នក​ណា​ហ្ន។​ ទុកូលបណ្ឌិត​ក៏​សួរ​ថា ជាអ្នក​ណា ព្រោះ​បើ​ជាសាម គង់​មាន​ស្នូរជើង​ស្រាលៗ​ដើរ​មក។ ព្រះរាជា​ក៏​បានណែនាំ​ខ្លួន​ជា​មុន (ក្នុងគំនិត​ដើម្បី​អោយ​តាបស មាន​ចិត្ត​រអែង​ខ្លះ) រួច​ទើប​​រៀបរាប់​សេចក្តី​ទាំងឡាយ​ដែល​ខ្លួន​បាន​សម្លាប់​សាម។ បារិកាតបស្សិនី អង្គុយ​ក្នុង​បណ្ណ​សាលា​ជិត​នោះ​បាន​ស្តាប់​ហើយ ក៏បំណង​នឹង​ដឹង​នូវ​ព្រឹត្តិការណ៍នោះ ទើប​ចេញ​ពី​បណ្ណ​សាលា​ខ្លួន ទៅ​កាន់​សម្នាក់​ទុកូលបណ្ឌិត​ តាម​ខ្សែ​ដែល​សាម​ចង​សម្រាប់​ដើរ។ កាល​បើ​ដឹង​សេចក្តី​ច្បាស់​លាស់​ហើយ អ្នក​ទាំង​ពីរ​ក៏​គក់​ទ្រូង យំ​រៀបរាប់​គុណ​របស់​សាម។ ព្រះរាជា​ក៏​ពោល​លួងលោម​នឹង​ចិញ្ចឹម​ថែរក្សា​អោយ​ដូច​ជា​សាមរហូត​ដល់​អស់​ ជីវិត។ ព្រះអង្គ​ ទ្រង់​គិត​ថា គួរ​អស្ចារ្យ​ សូម្បី​ត្រឹម​តែ​ពាក្យ​អាក្រក់​របស់​ឥសី​ទាំង​ពីរ ក៏​មិន​មាន​ចំពោះ​ព្រះ​អង្គ​ឡើយ។ ជន​ទាំង​ពីរ​បាន​ពោល​បដិសេធ​ការ​ចិញ្ចឹម​របស់​ព្រះ​រាជា​ ដោយ​ថា នេះ​មិន​មែន​ជា​ភារៈ​របស់​ទ្រង់​ឡើយ តែ​សូម​អោយ​ទ្រង់​នាំ​ទៅ​កាន់​ទី​ដែល​សាម​ដេក​ស្លាប់។ ក្រោយពី​បាន​ទៅ​ដល់​ទី​នោះ​ តាបស ទ្រសីសៈព្រះពោធិសត្វ​ដាក់​លើភ្លៅ ឯតបស្សិនីក៏​លើក​ជើង​ព្រះ​ពោធិសត្វ​ដាក់​លើ​ភ្លៅខ្លួន អង្គុយយំរៀបរាប់។ លំដាប់នោះ តបស្សិនី​បាន​យក​ដៃ​ស្ទាប​ទ្រូង​របស់​ព្រះ​ពោធិសត្វ ដឹង​ថា​នៅ​មាន​កំដៅ​ភ្លើង​ធាតុ​នៅ​ឡើយ នាង​ក៏​ធ្វើ​នូវ​សច្ច​កិរិយា ដើម្បី​នឹង​ដក​ពិស​ចេញ ក្នុងកាលមុន សាមនេះ​ជា​អ្នក​ប្រព្រឹត្ត​ធម៌ ដោយ​សច្ចៈណា សូម​អោយ​ពិស​របស់​សាម សាប​រលាបទៅ ដោយ​ការ​ពោល​នូវ​ពាក្យ​សច្ចៈ​នោះ។ ក្នុងកាលមុន សាម​ជា​អ្នក​ពោល​នូវ​ពាក្យ​ពិត (មាននូវសច្ចវាចា) ដោយ​សច្ចៈណា សូម​ពិស​របស់​សាម​សាប​រលាប​ទៅ ដោយ​ការ​ពោល​នូវ​ពាក្យ​សច្ចៈនោះ។ សាម​ជា​អ្នក​ចិញ្ចឹម​មាតា​បិតា ដោយ​សច្ចៈណា សូម​អោយ​ពិស​របស់​សាម​សាប​រលាប​ទៅ ដោយ​ការ​ពោល​នូវ​ពាក្យ​សច្ចៈនោះ ។ សាម​ជា​អ្នក​ប្រព្រឹត្ត​នូវ​ការ​កោត​ក្រែង នូវ​បុគ្គល​ជា​ធំក្នុង​ត្រកូល ដោយ​សច្ចៈ​ណា សូមពិស​របស់​សាម​សាប​រលា​បទៅ ដោយ​ការ​ពោល​នូវ​ពាក្យ​សច្ចៈ​នោះ

No comments:

Post a Comment