Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, March 18, 2012

វិធី​អប់រំ​ចិត្ត


វិធីអប់រំចិត្ត
ស៊ិន - ហ៊ាន ស្មៀន​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ
រៀបរៀង
- ចិត្ត​គឺ​អ្វី ?
ចិត្ត​គឺ​ជា​ធម្មជាតិ​គ្មាន​រូប​ដែល​ជា​ស្ដេច​គ្រប់​គ្រង​នគរ​កាយ ចិត្ត​នេះ​គេមិន​អាច​មើល​ឃើញ​ដោយ​មំសចក្ខុ​បាន​ទេ ព្រោះ​ជា​នាម​ធម៌, តាម​ពិត អ្នក​ដែល​មិន​ដឹង​ចិត្ត​ថា​គឺ​អ្វី តែង​មិន​ឃើញ​ចិត្ត​ទេ, តែ​កាល​បើ​ដឹង​ថា​ចិត្ត​គឺ​អ្វី តែង​ឃើញ​ចិត្ត​បាន​តាម​កម្លាំង​នៃ​សេចក្ដី​ដឹង​នោះ
គេ​ច្រើន​ចូល​ចិត្ត​ថា វិញ្ញាណ, មនោ, ចិត្ត ទាំង នេះ​ដូច​គ្នា, ព្រោះ​ហេតុ​នោះ គេ​ទើប​កំណត់​វិញ្ញាណ​ជា​ចិត្ត ចិត្ត​ជា​វិញ្ញាណ​ខ្លះ, មនោ​ជា​ចិត្ត ចិត្ត​ជា​មនោ​ខ្លះ, ច្រឡូក​ច្រឡំ​គ្នា​អស់​ទៅ ទាំង​នេះ​ឯង​ព្រោះ​តែ​មិន​ស្គាល់​ចិត្ត​ថា​ជា​អ្វី ដែល​ពិត​នោះ វិញ្ញាណ, មនោ, ចិត្ត​នេះ​មាន​មុខការ​ផ្សេង គ្នា តែ​ជាប់​ទាក់ទង​គ្នា
វិញ្ញាណ​គឺ​ការ​ដឹង​ច្បាស់​ផ្លូវ​ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ​ចិត្ត ហើយ​វិញ្ញាណ​នេះ​ជា​ផ្លូវ​ដែល​ត​ដល់​ចិត្ត ហេតុ​នោះ វិញ្ញាណ​ទុក​ដូច​ជា​អ្នក​បញ្ជូន, មនោ​ទុក​ដូច​ជា​អ្នក​ទទួល, ចិត្ត​ទុក​ដូច​ជា​អ្នក​ដឹង ចិត្ត​ដែល​មាន​ស្រឡាញ់​មាន​ស្អប់​ជាដើម ព្រោះ​មាន​គ្រឿង​ផ្សំ​គឺ​អារម្មណ៍​ហើយ​នឹង​គ្រឿង​ទទួល​គឺ​កិលេស អារម្មណ៍​នឹង​កិលេស​ផ្សំ​គ្នា​កាល​ណា គឺ​ធ្វើ​ចិត្ត​ឲ្យ​វិបរិត ដូច​វិទ្យុ​កំចាយ​សម្លេង ត្រូវ​មាន​គ្រឿង​បញ្ជូន​នឹង​គ្រឿង​ទទួល​សម្លេង​ទើប​ប្រាកដ​បាន ពុំ​នោះ​ទេ​ដូច​អគ្គិសនី​ដែល​ឲ្យ​កើត​ប្រយោជន៍​ជា​ច្រើន មាន​ឲ្យ​កើត​ពន្លឺ​ជា​ដើម ក៏​ព្រោះ​មាន​គ្រឿង​ផ្សំ​ព្រម​ទាំង​ខ្សែ ប្រដាប់​បើក​បិទ នឹង​អំពូល​ដូចម្ដេច​មិញ, វិញ្ញាណ, មនោ ចិត្ត ក៏​មាន​មុខការ​ជាប់​ទាក់​ទង​គ្នា​ដូច្នោះ​ដែរ ចិត្ត​ដែល​មាន​អារម្មណ៍​ចូល​មក​ផ្សំ​ព្រោះ​កំណាច​កិលេស ដែល​មាន​ឫសគល់​មក​អំពី​រាគៈ លោភៈ ទោសៈ មោហៈ ទើប​មាន​សេចក្ដី​ស្រឡាញ់​សេចក្ដី​ស្អប់, ចិត្ត​ដូច្នេះ នៅ​ក្រោម​អំណាច​កិលេស សេចក្ដី​ជាប់​ចំពាក់​ទាំង​ឡាយ​ក្នុង​លោក ដែល​កើត​ឡើង​ហើយ​ក្នុង​អតីត​ក្ដី ក្នុង​បច្ចុប្បន្ន​ក្ដី​ក្នុង​អនាគត​ក្ដី តែង​កើត​មាន​ឡើង ព្រោះ​ចិត្ត​នៅ​ក្រោម​អំណាច​កិលេស​ជា​មូលហេតុ កាល​ណា​ចិត្ត​មិន​មាន​គ្រឿង​ផ្សំ​គឺ​អារម្មណ៍ នឹង​គ្រឿង​ទទួល​គឺ​កិលេស​ទេ កាល​នោះ​ចិត្ត​ក៏​មាន​អំណាច​លើ​កិលេស គឺ​នៅ​ក្នុង​លោក សូម្បី​លោក​នឹង​ជាប់​ចំពាក់​ដូច​ម្ដេច ក៏​មិន​អាច​ធ្វើ​ឲ្យ​ចិត្ត​ញាប់ញ័រ​បាន ព្រោះ​ហេតុ​នោះ ក្នុង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ទើប​លើក​ការ​អប់រំ​ចិត្ត​ថា​ជា​កិច្ច​សំខាន់​បំផុត រឿង​រ៉ាវ​នឹង វត្ថុ​ស្ថាន​ទាំង​ឡាយ​ដែល​ប្រាកដ​នៅ​ក្នុង​លោក សុទ្ធ​តែ​ជា​ការ​សម្ដែង​ចេញ​របស់​ចិត្ត​ទាំង​អស់ វត្ថុ​គ្រប់​យ៉ាង​ទើប​ធ្លាក់​ក្នុង​អំណាច​របស់​ចិត្ត មាន​តែ​ចិត្ត​ប៉ុណ្ណោះ​ទេ​ដែល​អាច​ធ្វើ​លោក​ឲ្យ​ញាប់​ញ័រ ឬ​ធ្វើ​លោក​ឲ្យ​ស្ងប់​បាន ព្រោះ​ហេតុ​ដូច្នោះ​ទើប​គួរ​អប់រំ​ចិត្ត
- លក្ខណៈ​របស់​ចិត្ត
ចិត្ត​ជា​ធម្មជាតិ​វិចិត្រ​ក្រៃពេក ដោយសារ​អារម្មណ៍​ចូល​មក​ផ្សំ​ដូច​ព័ណ៌​ជ្រលក់​សំពត់ កាល​ប្រើ​ព័ណ៌​បែប​ណា​ជ្រលក់​សំពត់ សូម្បី​សំពត់​នោះ​មាន​ព័ណ៌​ស ក៏​ត្រូវ​ផ្លាស់​ទៅតាម​ព័ណ៌​ជ្រលក់​នោះ សំពត់​ទើប​មាន​ព័ណ៌​ផ្សេង ដូច​ម្ដេច​មិញ ចិត្ត​ក៏​ដូច្នោះ​ដែរ មនុស្ស​ម្នាក់ មាន​ចិត្ត​តែ ដួង​ទេ តែ​ដែល​មាន​ច្រើន​ដួង ព្រោះ​អារម្មណ៍​នោះ​ឯង​ចូល​មក​លាយ, គឺ​កាល​ចិត្ត​ប្រកាន់​អារម្មណ៍​ណា​ក៏​ប្រែ​ទៅ​តាម​អារម្មណ៍​នោះ
លោក​ពោល​ថា ចិត្ត​នេះ​ជា​ធម្មជាត​បម្រះ​ននៀល អន្ទះ​អន្ទែង​រក្សា​បាន​ដោយ​កម្រ ហាម​ឃាត់​បាន​ដោយ​កម្រ ត្រាច់​ទៅ​ក្នុង​ទី​ឆ្ងាយ​ត្រាច់​ទៅ​តែ ដួង មាន​កាយ​ជា​ទី​អាស្រ័យ ហេតុ​នេះ ការ​កំណត់​ដឹង​លក្ខណៈ​របស់​ចិត្ត ក៏​គួរ​នឹង​កំណត់​ដឹង​ដោយ​ន័យ​នេះ
តាម​ប្រក្រតី ចិត្ត​នេះ​កាល​បើ​ត្រូវ​ព្រាត់​ប្រាស​ចាក​អារម្មណ៍​ដែល​ធ្លាប់​សេពគប់​មក​ហើយ ក៏​សំដែង​អាការ​បម្រះ​ននៀល ដូច​ត្រី​ដែល​គេ​លើក​ចេញ​ពី​ទឹក​បោះ​ទៅ​លើ​គោក, ជា​ធម្មជាត​អន្ទះ​អន្ទែង ដោយ​សំដែង​អាការ​ឲ្យ​ប្រាកដ​ដូច​ពានរ​ក្នុង​ព្រៃ ឬ​ដូច​ទង់​ដែល​នៅ​លើ​សសរ​កាល​ខ្យល់​បក់​ក៏​ត្រឡប់​ទៅ​ត្រឡប់​មក, ជា​ធម្មជាត​រក្សា​បាន​ដោយ​កម្រ​គេ​ក៏​ដឹង​បាន​ដោយ​អាការ​ដែល​សំដែង​ចេញ ដូច​គោ​ដែល​នៅ​ជិត​ស្រែ​មាន​សំទូង គេ​កម្រ​នឹង​រក្សា​កុំ​ឲ្យ​ស៊ី​សំទូង​ក្នុង​ស្រែ​នោះ​បាន, ជា​ធម្មជាត​ហាម​ឃាត់​បាន​ដោយ​កម្រ ដោយ​មាន​អាការ​ដូច​ក្មេង​ដែល​កំពុង​រពឹស​កម្រ​នឹង​ហាម​ឃាត់​មិន​ឲ្យ​រពឹស​បាន, ត្រាច់​ទៅ​ក្នុង​ទី​ឆ្ងាយ​ចំពោះ​តែ ដួង​គឺ​ត្រាច់​ស្វែង​រក​អារម្មណ៍ ឬ​រឿង​រ៉ាវ​ដែល​ធ្លាប់​ដឹង​ធ្លាប់​ឃើញ​មិន​ឈប់​ឈរ ស្ថាន​ទី​ណា​ដែល​ធ្លាប់​ទៅ​ហើយ សូម្បី​ត្រឡប់​មក​យូរ ក៏​ត្រាច់​ទៅ​ក្នុង​ស្ថានទី​នោះ​បាន កាយ​នៅ​ទី​នេះ​ទេ​តែ​ចិត្ត​អាច​ត្រាច់​ទៅ​ពេញ​លោក បើ​នឹង​រាប់​រយ​ផ្លូវ​ដែល​ចិត្ត​ត្រាច់​ទៅ​មួយ​ថ្ងៃ ក៏​ហួស​ប្រមាណ​ដែល​នឹង​រាប់​បាន ចំពោះ​កាយ​ត្រាច់​ទៅ​មិន​បាន​ត្រឹម​ណា ព្រោះ​ត្រូវ​ហត់​នឿយ តែ​ចិត្ត​មិន​មែន​ដូច​កាយ​ទេ ទី​ណា​កាយ​ត្រាច់​ទៅ​មិន​បាន​ចិត្ត​ត្រាច់​ទៅ​បាន សូម្បី​មាន​គ្រឿង​កំបាំង​ក៏​លេច​រួច​ទៅ​បាន ទី​ដែល​គេ​ហាម​ក៏​បំពាន​ចូល​ទៅ ព្រោះ​ហេតុ​អ្វី ? ព្រោះ​អារម្មណ៍​នោះ​ដែល​ចូល​មក​ផ្សំ​ចិត្ត​មាន​ច្រើន​យ៉ាង ចិត្ត​ប្រកាន់​អារម្មណ៍​នេះ​ហើយ បណ្ដោយ​ទៅ​ប្រកាន់​អារម្មណ៍​ឯ​ណោះ​ទៀត វិល​ទៅ​វិល​មក​រក​ទី​បំផុត​គ្មាន ទើប​ឈ្មោះ​ថា​ត្រាច់​ទៅ​ក្នុង​ទី​ឆ្ងាយ ហើយ​ត្រាច់​ទៅ​តែ ដួង
កាយ​យើង​នេះ បើ​មិន​មាន​ចិត្ត ក៏​មាន​អាការ​ដូច​ភាព​យន្ត​ដែល​ខ្វះ​មនុស្ស​ទាញ កាល​បើ​មាន​ចិត្ត​ចូល​អែប​អាស្រ័យ ក៏​មាន​អាការ​ដូច​ភាព​យន្ត​ដែល​មាន​មនុស្ស​ទាញ, ភាពយន្ត​នឹង​សំដែង​អាការ​លោត​រាំ​ផ្លាស់​ប្ដូរ​ទៅ​យ៉ាង​ណា ក៏​ព្រោះ​មនុស្ស​ទាញ, កាយ​សំដែង​អាការ​ឲ្យ​ប្រាកដ​យ៉ាង​ណា​បាន​ក៏​ព្រោះ​ចិត្ត​ជា​អ្នក​បង្គាប់ការ ឬ​នឹង​ប្រៀប​កាយ​ដូច​ផ្ទះ ចិត្ត​ដូច​អ្នក​នៅ​អាស្រ័យ ផ្ទះ​នោះ​បើ​ម្ចាស់​អ្នក​នៅ​អាស្រ័យ​ជា​មនុស្ស​មាន​កិរិយា​មារយាទ​ល្អ ក៏​ជា​ផ្ទះ​ល្អ មាន​គ្រឿង​ប្រដាប់​វិចិត្រ​ល្អ តាម​កម្លាំង​របស់​ម្ចាស់​ផ្ទះ ជា​ទី​គួរ​មើល​គួរ​សរសើរ​ជា​បសាទនីយស្ថាន ឲ្យ​កើត​សេចក្ដី​ជ្រះ​ថ្លា​ដល់​អ្នក​បាន​ឃើញ ដូច​ព្រះ​សុគន្ធ​កុដី ទី​គង់​នៅ​របស់​ព្រះ​ពុទ្ធ ឬ​ប្រាសាទ​រាជ​វាំង​របស់​ព្រះ​មហា​ក្សត្រ​ជាដើម តែ​បើ​ម្ចាស់​ផ្ទះ​នោះ​ជា​មនុស្ស​មិន​ល្អ គឺ​ជា​ពាល​ជន ដូច​ចោរ​ជា​ដើម ផ្ទះ​នោះក៏​ត្រឡប់​ក្លាយ​ទៅ​ជា​ទី​គួរ​ខ្លាច មិន​គួរ​ឲ្យ​ចូល​ជិត​បាន ខ​នេះ​មាន​ឧបមា​ដូច​ម្ដេច​កាយ​នឹង​ចិត្ត​ក៏​ដូច្នោះ​ដែរ កាល​ចិត្ត​បាន​ទទួល​ការ​អប់រំ​ក្នុង​ផ្លូវ​ល្អ​ដែល​ជា​ប្រយោជន៍​ហើយ អាការ​ដែល​សំដែង​ចេញ​មក​តាម​ផ្លូវ​កាយ​ផ្លូវ​វាចា​ក៏​ល្អ តែ​បើ​ចិត្ត​ខ្វះ​ការអប់រំ បាន​អប់រំ​ក្នុង​ផ្លូវ​មិន​ជា​ល្អ​ដែល​ប្រាសចាក​ប្រយោជន៍ ប្រាស​ចាក​ធម៌ អាការ​ដែល​សំដែង​ចេញ​មក​តាម​ផ្លូវ​កាយ​ផ្លូវ​វាចា​ក៏​មិន​ល្អ ដោយ​ន័យ​នេះ​ទើប​អាច​ឃើញ​បាន​ថា​ចិត្ត​សំខាន់​ជាង​កាយ ព្រោះ​ហេតុ​នោះ​យើង​គួរ​អប់រំ​ចិត្ត​តាម​សមត្ថភាព​នឹង​ឱកាស មិន​គួរ​បណ្ដោយ​ចិត្ត​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អំណាច​កិលេស គួរ​តាម​រក្សា​ហាម​ប្រាម​ការពារ​កុំ​ឲ្យ​ប្រព្រឹត្ត​ទៅ​ដូច្នោះ, ពេល​គួរ​អត់​សង្កត់​ក៏​ចូល​អត់​សង្កត់ ពេល​គួរ​បង្រ្កាប់​ក៏​ចូរ​បង្រ្កាប់​កុំ​បណ្ដោយ​ឲ្យ​ចិត្ត​ទៅ​តាម​អំណាច​កិលេស ដែល​ជា​ហេតុ​នាំ​ទុក្ខ​ទោស​មក​ឲ្យ, ពេល​គួរ​ស្ទួយ​លើក​ដំកើង ក៏​ចូរ​ស្ទួយ​លើក​ដំកើង​ឲ្យ​ក្លាហាន​ឲ្យ​ត្រេកអរ​រីករាយ កុំ​ធ្វើ​ចិត្ត​ឲ្យ​រួញរា​ងោកងក់, ពេល​គួរ​សម្លឹង​ពិនិត្យ ក៏​ចូរ​សម្លឹង​ពិនិត្យ​ចុះ
សាធុជន​ទាំង​ឡាយ ដែល​ប្រាកដ​ថា​ជា​អ្នក​មាន​កិត្តិស័ព្ទ​ល្អ​មាន​សុខ​ចំរើន​រុង​រឿង​មិន​សាប​សូន្យ ក៏​ព្រោះ​បាន​អប់រំ​ចិត្ត​របស់​ខ្លួន​តាម​សមគួរ, ផ្សេង​គ្នា​ខ្លះ តែ​ការ​អប់រំ​តិច អប់រំ​ច្រើន អប់រំ​ក្នុង​ផ្លូវ​លោក ឬ​អប់រំ​ក្នុង​ផ្លូវ​ធម៌​ប៉ុណ្ណោះ ចំណែក​ផល​ដែល​កើត​មក​អំពី​ការ​អប់រំ​នោះ​ក៏​ប្រាកដ​ជា​អំណោយ​ផល​ឲ្យ​តាម​កម្លាំង​នៃ​ការ​អប់រំ, កាល​អប់រំ​ក្នុង​ផ្លូវណា​ត្រឹម​ណា ក៏​រមែង​បាន​ផល​ក្នុង​ផ្លូវ​នោះ​ត្រឹម​នោះ មិន​ប្រាស​ចាក​ផល​ឡើយ
- វិធី​អប់រំ​ចិត្ត
ក្នុង​ខាង​ដើម​នៃ​ការ​អប់រំ​ចិត្ត​នេះ ត្រូវ​ស្គាល់​ចិត្ត​ព្រម​ទាំង​ស្គាល់​លក្ខណៈ នឹង​អាការ​របស់​ចិត្ត សម្រាប់​ត្រួតត្រា​ពិចារណា ដូច​មាន​កញ្ចក់​សម្រាប់​ឆ្លុះ​មើល​ស្រមោល​មុខ ព្រោះ​ធម្មតា​ការ​អប់រំ​គ្រប់​យ៉ាង​ត្រូវ​មាន​គ្រឿង​សម្រាប់​ប្រើ​ក្នុង​ការ​នោះ ព្រម​ទាំង​សេចក្ដី​សំគាល់​នៃ​ការ​អប់រំ, សូម្បី​ការ​អប់រំ​ចិត្ត​ក៏​ដូច្នោះ​ដែរ គឺ​ត្រូវ​រៀន​ឲ្យ​ដឹង​រឿង​ចិត្ត​ល្មម​ជា​គោលការ​នឹង​សេចក្ដី​សំគាល់​នៃ​ការ​អប់រំ​ចិត្ត​ជាមុន ដើម្បី​ធ្វើ​ចិត្ត​ឲ្យ​ជា​ធម្មជាត​គួរ​ដល់​ការងារ​ដ៏​ប្រពៃ ទាំង​ផ្លូវ​លោក ទាំង​ផ្លូវ​ធម៌ ឲ្យ​ទាល់​តែ​ចិត្ត​ស្ងប់​ចាក​អកុសល​ធម៌​ទាំង​ឡាយ មាន​ការ​ដឹង​ហេតុ​ផល​ជាក់​ច្បាស់​តាម​សេចក្ដី​ពិត, ចំណែក​ផល​ដែល​យើង​ប្រាថ្នា​យ៉ាង​ក្រៃលែង ក៏​គឺ​ឲ្យ​ជា​ចិត្ត​ពេញ​បរិបូណ៌​ដោយ​សេចក្ដី​សុខ​មែន មិន​មាន​អ្វី​លាយ​ឡំ ការ​អប់រំ​ចិត្ត​នេះ​មិន​មែន​គ្រាន់​តែ​ទំនុក​បំរុង​ដល់​ការងារ​ផ្លូវ​ធម៌​ប៉ុណ្ណោះ​ទេ ដែល​ពិត​នោះ​គឺ​ទំនុក​បំរុង​ដល់​ការងារ​ចំណែក​គតិ​លោក​ផង ព្រោះ​ការងារ​ដ៏​ប្រពៃ​ទាំង​ឡាយ​ដែល​ឲ្យ​សម្រេច​ប្រយោជន៍​ទាំង​ខ្លួន​ឯង ទាំង​ពួក​គណៈ​ប្រទេស​ជាតិ សុទ្ធ​តែ​មាន​ធម៌​ដ៏​ប្រពៃ ដោយ​លះ​បង់​ធម៌​ចំណែក​អកុសល​ដែល​មាន​ទុក្ខ​ជា​ផល​នោះ​ចេញ ហើយ​អប់រំ​បំពេញ​ធម៌​ចំណែក​កុសល​ដែល​មាន​ផល​ជា​សុខ​ឲ្យ​កើត​មាន​ឡើង ក្នុង​ចិត្ត​របស់​ខ្លួន
គ្រឿង​ឧបករណ៍​ក្នុង​ការ​នេះ ក៏​មិន​ត្រូវ​មាន​ដើម​ទុន​អ្វី​ប៉ុន្មាន​ទេ​គ្រាន់​តែ​ព្យាយាម​ឲ្យ​មាន​សតិ​គ្រប់​ឥរិយាបថ ហើយ​តាំង​ចិត្ត​កំណត់​ពិចារណា​ត្រួតត្រា​សង្កេត​មើល​ក្នុង​ការ​ដែល​ធ្វើ ពាក្យ​ដែល​និយាយ រឿង​ដែល​គិត​ឲ្យ​ដឹង​ថា​ជា​សុចរិត ឬ​ទុច្ចរិត, កាល​នឹង​ធ្វើ​អ្វី និយាយ​អ្វី គិត​អ្វី​គួរ​ពិចារណា​មើល​ថា បើ​យើង​នឹង​ធ្វើ​យ៉ាង​នេះ គិត​យ៉ាង​នេះ​ទៅ តើ​ជា​សុចរិត ឬ​ទុច្ចរិត​, កាល​ដឹង​ថា​ជា​សុចរិត គប្បី​ធ្វើ, គប្បី​និយាយ, គប្បី​គិត, កាល​ដឹង​ថា​ជា​ទុច្ចរិត ក៏​កុំ​ធ្វើ កុំ​និយាយ កុំ​គិត, សូម្បី​ធ្វើ​ហើយ​និយាយ​ហើយ​គិត​ហើយ ក៏​គប្បី​ពិចារណា​ដូច្នោះ​ទៀត កាល​ដឹង​ថា​ជា​សុចរិត ក៏​គប្បី​នៅ​ដោយ​ចិត្ត​ប្រាមោជត្រេកអរ សិក្សា​ប្រតិបត្តិ​ក្នុង​កុសល​ធម៌​ទាំង​យប់​ទាំង​ថ្ងៃ​ចុះ កាល​ដឹង​ថា​ជា​ទុច្ចរិត ក៏​គប្បី​សំដែង​ទោស​ដែល​ធ្វើ​ល្មើស​នោះ​ចេញ ហើយ​តាំង​ចិត្ត​សង្រួម​ប្រយ័ត្ន​ត​ទៅ កុំ​ធ្វើ​ថែម​ទៀត នេះ​ឯង​ជា​កិច្ច​ខាង​ដើម​នៃ​ការ​អប់រំ​ចិត្ត
កាល​បើ​ការ​ធ្វើ ការ​និយាយ នឹង​ការ​គិត​ជា​សុចរិត​ហើយ បើ​មាន​បំណង​នឹង​ព្យាយាម​បំពេញ​ត​ទៅ ក៏​គួរ​អប់រំ​ចិត្ត​របស់​ខ្លួន​ឲ្យ​តាំង​នៅ​ក្នុង​សេចក្ដី​ស្ងប់, អ្វី​ជា​សត្រូវ​ចំពោះ​សេចក្ដី​ស្ងប់​ចិត្ត គួរ​ព្យាយាម​បង្រ្កាប​លះ​វៀរ​ចេញ ហើយ​អប់រំ​បំពេញ​ធម៌​ដែល​ក​ឲ្យ​កើត​សេចក្ដី​ស្ងប់​ចិត្ត​នោះ​ឲ្យ​មាន​ឡើង ទ្រាំ​អត់ធន់​ធ្វើ​ចិត្ត​របស់​ខ្លួន​ឲ្យ​ធ្ងន់​ធ្ង នឹង​នួន​តែ​ក្នុង​ធម៌​ជា​ចំណែក​កុសល នីវរណៈ​ធម៌ គ្រឿង​រាំង​រា​មិន​ឲ្យ​ចិត្ត​បាន​ដល់​សេចក្ដី​ស្ងប់​គឺ​កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ច វិចិកិច្ឆា ទាំង នេះ​ជា​សត្រូវ​ដោយ​ត្រង់​ចំពោះ​សេចក្ដី​ស្ងប់​ចិត្ត គួរ​ពិចារណា​មើល​ថា នីវរណៈ​នោះ​មាន​ទោស​យ៉ាង​ណា, កាល​បើ​ពិចារណា​ឃើញ​ទោស​ហើយ​ក៏​គួរ​លះ​ចេញ សូម្បី​លះ​មិន​ដាច់​ស្រឡះ​ទេ ក៏​ឈ្មោះ​ថា​ល្អ​ជាង​ការ​បណ្ដោយ​ទៅ​តាម​អំណាច​នីវរណៈ​ដែរ, កាល​បើ​នីវរណៈ​កើត​ឡើង​គ្រប​សង្កត់​ចិត្ត​ក៏​គួរ​ពិចារណា​មើល​ឲ្យ​ដឹង​ថា​នេះ​ជា​នីវរណៈ ដែល​ក​ឲ្យ​កើត​សេចក្ដី​ពេញ​ចិត្ត​ស្រឡាញ់​ប្រាថ្នា​ជាប់​ជំពាក់​ទៅ​ក្នុង​រូប សំឡេង ក្លិន រស សម្ផស្ស ដែល​គួរ​ប្រាថ្នា​ខ្លះ, ក​ឲ្យ​កើត​អាឃាត បំផ្លាញ​ប្រទូសរ៉ាយ​គេ​ខ្លះ, ក​ឲ្យ​កើត​សេចក្ដី​រួញ​ថយ នឹង​ងងុយ​ងោក​ងក់​ខ្លះ, ក​ឲ្យ​កើត​សេចក្ដី​រាយ​មាយ​នឹង​រសាប់​រសល់​ខ្លះ, ក​ឲ្យ​កើត​សេចក្ដី​សង្ស័យ​មិន​ដាច់​ស្រេច​ខ្លះ​ទាំង​នេះ​ឯង​សុទ្ធ​តែ​ជា​សត្រូវ​ចំពោះ​សេចក្ដី​ស្ងប់​ចិត្ត​ទាំង​អស់ កាល​បើ​ដូច្នេះ​ហើយ គួរ​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ឧបាយ​ដែល​ត្រូវ គឺ​ឲ្យ​ឃើញ​ថា​អារម្មណ៍​ទាំង​ឡាយ​មាន​រូប​សម្លេង​ជាដើម​នោះ ដែល​គួរ​ស្រឡាញ់ គួរ​ប្រាថ្នា​ជន្លេញ​ជន្ល​ចិត្ត ក៏​ព្រោះ​ចូល​ចិត្ត​ថា​ស្រស់បស់​មិន​ល្អ​ទេ តែ​ដែល​ឃើញ​ថា​ស្រស់បស់​ថា​ល្អ​ទៅ​វិញ ក៏​ព្រោះ​ការ​តាក់​តែង​បរិហារ​កាយ​ដែល​ជា​ចំណែក​រូប​ប៉ុណ្ណោះ បើ​ខ្វះ​ការ​តាក់​តែង​ជា​ដើម​ហើយ ការ​មិន​ស្រស់បស់​ល្អ​អាច​កើត​ប្រាកដ​ឡើង កាល​ឧស្សាហ៍​ពិចារណា​កំណត់​យ៉ាង​នេះ​ហើយ ចិត្ត​ក៏​នឹង​ឃ្លាត​ចាក​កាមច្ឆន្ទៈ​នោះ​បាន​តាម​សមគួរ​ព្រោះ​ហេតុ​នោះ កាល​បើ​នឹង​មើល​នឹង​ស្ដាប់​ជាដើម ទើប​គួរ​ជា​អ្នក​ចេះ​មើល​ចេះ​ស្ដាប់ ត​ទៅ​នឹង​បាន​ប្រយោជន៍​មក​ពី​ការ​មើល​ការ​ស្ដាប់​នោះ​ពុំ​ខាន សូម្បី​នីវរណៈ​ដទៃ កើត​ឡើង​ក៏​គួរ​ពិចារណា​ដោយ​ឧបាយ​នេះ​ដែរ ទាល់​តែ​ចិត្ត​ដល់​នូវ​សេចក្ដី​ស្ងប់​ពិត​ប្រាកដ មាន​អាការ​ស្រដៀង​នឹង​វង់​ភ្លើង​ដែល​នៅ​ក្នុង​អំពូល, កាល​បើ​អប់រំ​ចិត្ត​បាន​យ៉ាង​នេះ​ហើយ​ឈ្មោះ​ថា​ជា​អ្នក​មាន​ចិត្ត​នៅ​លើ​អំណាច​នីវរណៈ​ជា​ថ្នាក់​ទី នៃ​ការ​អប់រំ​ចិត្ត, ត​ពី​នេះ​ទៅ​ត្រូវ​ពិចារណា​ប្រាព្ធ​សេចក្ដី​កើត​រលត់​នៃ​សង្ខារ​ញែក​ចេញ​ឲ្យ​ឃើញ​ជា​ភាគ​ជា​ចំណែក​ដោយ​គួរ​ដល់​វោហារ​ថា ខន្ធ ធាតុ អាយតនៈ ព្រម​ទាំង​ហេតុ​បច្ច័យ ដរាប​ដល់​លះ​សេចក្ដី​ប្រកាន់​ដោយ​អំណាច​តណ្ហា​មានៈ​ទិដ្ឋិ​ថា « នុះ​របស់​អាត្មា​អញ នុះ​ជា​ខ្លួន​ប្រាណ​របស់​អាត្មា​អញ, » ដែល​ជា​មគ៌ា​ឲ្យ​ដល់​នូវ​សេចក្ដី​បរិសុទ្ធ​ហ្មត់ចត់​ផុត​ចាក​ទុក្ខ​ទាំង​ពួង, នេះ​ឯង​ថ្នាក់​ទី​បំផុត​នៃ​ការ​អប់រំ​ចិត្ត
- ផល​នៃ​ការ​អប់រំ​ចិត្ត
ចិត្ត​នេះ កាល​បើ​គេ​បាន​អប់រំ​ល្អ​ហើយ ធ្វើ​ឲ្យ​ស្ងប់​បរិសុទ្ធ​ហ្មត់ចត់​ហើយ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​នឹង​សេចក្ដី​ចំរើន​យ៉ាង​ក្រៃលែង​អាច​នាំ​សេចក្ដី​សុខ​មក​ឲ្យ​ជានិច្ច សេចក្ដី​សុខ​ដែល​កើត​មក​អំពី​ការ​អប់រំ​ចិត្ត​ឲ្យ​ស្ងប់​នឹង​បរិសុទ្ធ​នេះ ជា​សេចក្ដី​សុខ​យ៉ាង​ត្រជាក់​ត្រជំ មិន​មាន​សេចក្ដី​សុខ​ណា​ៗ ក្នុង​លោក​ស្មើ​បាន, លោក​អ្នក​មាន​ប្រាជ្ញា​ទើប​និយម​ក្នុង​ការ​អប់រំ​ចិត្ត​ពន់​ពេក។
ប្រយោជន៍​ដែល​កើត​អំពី​ការ​អប់រំ​ចិត្ត​នោះ ចែក​ចេញ​ជា ជាន់ គឺ​ទិដ្ឋធម្មិកត្ថៈ ( ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ), សម្បរាយិកត្ថៈ ( ប្រយោជន៍​ក្នុង​បរលោក ), បរមត្ថៈ ( ប្រយោជន៍​ឧត្ដម​គឺ​ព្រះ​និព្វាន )
ទិដ្ឋិធម្មិកត្ថៈ អំណោយ​ផល​ឲ្យ​តាំង​ខ្លួន​បាន​ជា​គោល​ចារិក​ត្រឹម​ត្រូវ​ក្នុង​បច្ចុប្បន្ន ព្រោះ​ហេតុ​នោះ អ្នក​ប្រាថ្នា​ផល​ជាន់​នេះ គួរ​អប់រំ​ចិត្ត​ឲ្យ​មាន​សេចក្ដី​ឧស្សាហ៍​ខ្មី​ឃ្មាត​ក្នុង​ករណីយកិច្ច​ដែល​ជា​នាទី​របស់​ខ្លួន គឺ​ថា​បើ​នៅ​ក្នុង​វ័យ​ដែល​ត្រូវ​សិក្សា ក៏​គួរ​ជ្រើស​រើស​ការ​សិក្សា​ដែល​ជា​ប្រយោជន៍ លះ​វៀរ​ការ​សិក្សា​ដែល​ជា​ទោស​ចេញ, កាល​បើ​ឃើញ​ការ​សិក្សា​ដែល​ជា​ប្រយោជន៍​ហើយ ក៏​ចូរ​ព្យាយាម​ចំពោះ​ការ​សិក្សា​នោះ ទាល់​តែ​សម្រេច​ផល​តាម​បំណង កុំ​នឿយណាយ​រួញរា​ឡើយ, កាល​បើ​បាន​ទទួល​ការងារ​ណា ដែល​គេ​ប្រគល់​ឲ្យ ក៏​ចូរ​តាំង​ចិត្ត​ព្យាយាម​ធ្វើ​ការងារ​នោះ ឲ្យ​បាន​សម្រេច​ផល​តាម​ដែល​គេ​ប្រគល់​ឲ្យ​ឬ​គេ​ទុក​ចិត្ត​គួរ​អប់រំ​ចិត្ត​ឲ្យ​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង ចំពោះ​អ្នក​ដទៃ ចំពោះ​ការងារ​ដែល​ជា​នាទី​របស់​ខ្លួន ចំពោះ​កាល​វេលា ចំពោះ​សមាគម ឲ្យ​ចិត្ត​មាន​សតិសម្បជញ្ញៈ អត់ធន់ ក្លៀវក្លា អាចហាន រីករាយ ទន់ភ្លន់, មាន​សច្ចេកតញ្ញូ​កតវេទី បដិភាណ​ឈ្លាសវៃ​ដឹង​ហេតុការណ៍​មិន​ភ្ញាក់​ផ្អើល​អាច​ប្រកប​ករណីយ​នោះ ឲ្យ​សមគួរ​ដល់​កាលៈ​ទេស ចេះ​រក្សា​ករណីយ​នោះ មិន​ឲ្យ​សាបសូន្យ ឲ្យ​មាន​តែ​សេចក្ដី​ចំរើន​ដោយ​លំដាប់ រហូត​ដល់​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​មក​ដោយ​ធម៌ដ៏​ប្រពៃ ក៏​ចេះ​រក្សា​នឹង​ចាយ​វាយ​ក្នុង​ផ្លូវ​ដែល​ជា​ប្រយោជន៍ ចេះ​កាន់​ប្រយោជន៍​របស់​ទ្រព្យ​សម្បត្តិ​ទុក​ឲ្យ​បាន មិន​បណ្ដោយ​ឲ្យ​ប្រាសចាក​ប្រយោជន៍ ដែល​នឹង​ត្រឡប់​ជា​ទោស​ដល់​ខ្លួន ទាំង​ត្រូវ​ជា​មនុស្ស​មាន​កល្យាណ​មិត្រ​រួម​កិច្ចការ ឬ​ប្រឹក្សា​ប្រារព្ធ​ការងារគ្រឿង​ចិញ្ចឹម​ជីវិត​ជាដើម, កាល​បើ​អប់រំ​ចិត្ត​បាន​យ៉ាង​នេះ​ហើយ គង់​នឹង​បាន​ទទួល​ផល​ដូច​ពោល​មក​ពុំ​ខាន
សម្បរាយិកត្ថៈ អំណោយ​ផល​ឲ្យ​ចេះ​ធ្វើ​ប្រយោជន៍​ដល់​ពួក​គណៈ​ប្រទេស​ជាតិ ហើយ​ជា​គុណ​សម្បត្តិ​ជាប់​នឹង​ខ្លួន ដូច​ស្រមោល​ជាប់​តាម​ប្រាណ សូម្បី​នឹង​ទៅ​កាន់​ទិស​ណា ក៏​រមែង​អំណោយ​ផល​តាម​ជូន​ទៅ​ឧបត្ថម្ភ​ក្នុង​ទិស​នោះ មិន​ឲ្យ​មាន​ទុក្ខ​លំបាក ព្រោះ​ហេតុ​នោះ អ្នក​ប្រាថ្នា​ផល​ជាន់​នេះ គួរ​អប់រំ​ចិត្ត​ឲ្យ​មាន​សទ្ធា គឺ​ជឿ​ក្នុង​របស់​ដែល​គួរ​ជឿ, ឲ្យ​មាន​សីល គឺ​តាំង​ចិត្ត​ប្រព្រឹត្ត​កាយ​វាចា​រៀបរយ​ប្រាស​ចាក​ទោស​ទាល់​តែ​ចិត្ត​ជា​ប្រក្រតី​មិន​កំរើក​ញាប់​ញ័រ, ឲ្យ​មាន​ចាគៈ គឺ​ចេះ​បែង​ចែក​លះ​ទាំង​ខាង​ក្នុង​នឹង​ខាង​ក្រៅ ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​មិន​ចង្អៀត, អ្វី​ជា​សត្រូវ​របស់​សទ្ធា​នឹង​សីល​ជា​ចំណែក​ខាង​ក្នុង​ក៏​រមែង​លះ​បាន, អ្វី​ជា​សត្រូវ​របស់​ការ​ខាង​ក្រៅ​ក៏​រមែង​លះ​បាន, ឲ្យមាន​បញ្ញា​ដឹង​ហេតុ​ផល​តាម​ពិត ក្នុង​របស់​ដែល​ខ្លួន​ជឿ​នឹង​លះ​បង់ ការ​អប់រំ​ចិត្ត​បាន​យ៉ាង​នេះ រមែង​ជា​ហេតុ​ធ្វើ​ចិត្ត​ឲ្យ​ស្គាល់​ជាក់​លាក់​ក្នុង​ការ​បំពេញ​ប្រយោជន៍​រួម​គឺ​ពួក​គណៈ​ដែល​ខ្លួន​នៅ​អាស្រ័យ ជា​គុណ​សមុទ័យ​ឲ្យ​ជា​អ្នក​លឿន​ដាច់​គេ​ក្នុង​ពួក​នោះ
បរមត្ថ អំណោយ​ផល​ឲ្យ​ជា​អ្នក​មាន​ចិត្ត​បរិសុទ្ធ​ផុត​ចាក​កិលេសាសវៈ​ផុត​ចាក​កង​ទុក្ខ​ទាំង​ពួង, ព្រោះ​ហេតុ​នោះ អ្នក​ប្រាថ្នា​ផល​ជាន់​នេះ គួរ​អប់រំ​ចិត្ត​ឲ្យ​មាន​បញ្ញា​ជា​ហេតុ​ជ្រែក​ទុក្ខ ដែល​មាន​តណ្ហា​ជា​ដែន​កើត, កាល​បើ​អាច​លះ​តណ្ហា​បាន​ដាច់​ស្រឡះ​ហើយ កង​ទុក្ខ​ទាំង​ពួង​ក៏​រលត់​អស់​ដូច​ភ្លើង​ដែល​អស់​ប្រេង រមែង​រលត់​ទៅ​ដូច្នោះ
វិធី​អប់រំ​ចិត្ត​តាម​ដែល​ពណ៌នា​មក​នេះ សូម​លោក​អ្នក​មាន​ប្រាជ្ញា​ពិចារណា​មើល​ចុះ បើ​លោក​អ្នក​និយម​ក្នុង​ការ​អប់រំ​ចិត្ត​ហើយ តែ​មិន​បាន​សម្រេច​លទ្ធផល​ដល់​ជាន់​ទី​បំផុត បាន​ត្រឹម​តែ​ការ​ធ្វើ ការ​និយាយ ការ​គិត ជា​សុចរិត​ប៉ុណ្ណោះ ក៏​គប្បី​នឹក​សង្ឃឹម​ក្នុង​ចិត្ត​ចុះ​ថា ខ្លួន​តិះដៀល​ខ្លួន​ឯង​មិន​បាន, អ្នក​ដឹង​ពិចារណា​ហើយ​ក៏​សរសើរ, កិត្តិស័ព្ទ​ខាង​ល្អ​រមែង​ក្រអូប​ខ្ចរ​ខ្ចាយ​ទៅ​គ្រប់​ទិសានុទិស, មិន​ជា​អ្នក​វង្វេង​ធ្វើ​កាល​កិរិយា, សូម្បី​នឹង​ត្រូវ​ទំលាយ​ខន្ធ​ទៅ​ក៏​មាន​សុគតិ​ជា​ទី​ប្រព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ, សុទ្ធ​តែ​ជា​ផល​ដែល​គួរ​ប្រាថ្នា​ពិត ទើប​ជា​ការ​សមគួរ​ណាស់​តែ​ខំ​ព្យាយាម​ក្នុង​ការ​អប់រំ​ចិត្ត​នេះ ដើម្បី​សម្រេច​ផល​ជា​សុខ​ក្នុង​ទី​គ្រប់​ស្ថាន គ្រប់​កាល​សម័យ វិធី​អប់រំ​ចិត្ត​មាន​ន័យ​ដូច​ពោល​មក​ដូច្នេះ​ឯង
ចប់
ចិត្ត​សៅហ្មង​មក​ពី​មិន​ប្រឹង​អប់រំ
ប្រឹង​សន្សំ​ធ្វើ​ទាន​សីល​នឹង​ភាវនា,
ចិត្ត​សៅហ្មង​នាំ​ឲ្យ​រង​ទុក្ខ​ខ្លោច​ផ្សា
ក្នុង​អនាគត​កាល​នឹង​បច្ចុប្បន្ន
ចិត្ត​បរិសុទ្ធ​ផុត​មន្ទឹល​ស្រិល​ស្អាត​ភ្លឹង
មក​អំពី​ប្រឹង​ខំ​បំពត់​មិន​ស្រាកស្រន់,
ចិត្ត​បរិសុទ្ធ​នាំ​ឲ្យ​សុខ​អនេក​លន់,
សាធុជន​គួរ​អប់រំ​ចិត្ត​ទៅ​ហើយ !

No comments:

Post a Comment