Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Saturday, January 19, 2013

បញ្ចសីល ឬ សីលប្រាំ


បញ្ចសីល ឬ សីលប្រាំ
១ ហាមកាប់សម្លាប់ជីវិតមនុស្ស និង សត្វ
បាណាតិាតា វេរមណី ហាមកាប់សម្លាប់​គា្ន។​សត្វលោកគ្រប់គ្នា តែង​តែប្រា​ថ្នាចង់​រស់ ប្រកប​ដោយភាពសុខសាន្ត មិនចង់ជួប​ប្រទះនឹងសេចក្ដីទុក្ខ​លំបាក ការបៀតបៀន ការ​សម្លុត​គម្រាមកំហែង ឬនិរាសព្រាត់ប្រាស​ឃ្លាតចាកនូវរបស់ជាទីស្រលាញ់​ពេញចិត្តខ្លួន​ឡើយ (៨) លើកលែង​តែ​ម​នុស្ស​​វិក​ល​​ចរិត​បាត់បង់នូវសតិបញ្ញាស្មារតីប៉ុណ្ណោះ។ គ្មាននរណា​ម្នាក់​អាចស្លាប់ហើយ​រស់ឡើងវិញទេ ហើយក៏គ្មានឱសថ​ណាអាច​ព្យា​​បាល​មនុស្សដែល​ស្លាប់​​​​អោយ​រស់ឡើងវិញបានដែរ ដូចច្នេះហើយជីវិតសម្រាប់មនុស្ស សត្វ​គឺសំ​ខាន់​ជាងអ្វីៗ​ទាំង​អស់។ ដូច្នេះហើយទើបព្រះសម្មាសម្ពុទ្ធ បានបញ្ញត្តិនូវការ​ហាម​មិន​អោយបៀត​បៀន​ជីវិត​​សត្វនេះនៅលំដាប់ទី១។
២ ហាមលួចឆក់ប្លន់ កេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃ
អទិន្នាទានា វេរមណី ហាមកាន់យកនូវទ្រព្យសម្បត្តិ មាស ប្រាក់ ដែលគេ​មិនបាន​ឲ្យ​ដោយ​កាយ ដោយវាចា ឬដោយការសរសេរជាលាយលក្ខណ៍អក្សរ ល្មមអាច​យក​ជា​ផ្លូវ​ការ​បាន ដោយគ្មានការបង្ខិតបង្ខំ ការសម្លុតគម្រាមកំហែង ឬ ប្រើនូវ​ល្បិចកិច្ច​កល​​ផ្សេងៗ ។ ទ្រព្យ​​សម្បត្តិ​គឺជាវត្ថុសំខាន់ចាំបាច់ទី២របស់មនុស្ស បន្ទាប់ពីអាយុជីវិត ។ កាលណា​មាន​អាយុ​​ជីវិត​រស់នៅហើយ មនុស្សលោកគ្រប់គ្នា តែងប្រាថ្នាការចង់បានទ្រព្យសម្បត្តិ ពី​ព្រោះ​ជីវិត​របស់​ពួកគេត្រូវពឹងផ្អែកទៅលើទ្រព្យសម្បត្តិ មាសប្រាក់ ទៅលើការមាន​អាហារ​ហូប​​ចុក​​គ្រប់​​​គ្រាន់ មានសម្លៀកបំពាក់ ​មានផ្ទះសំបែងជ្រកកោនត្រឹមត្រូវ និងមាន​ថ្នាំ​សម្រាប់​ព្យា​បាលរោគជាដើម ។
          ការខំប្រឹងប្រែងស្វែងរកទ្រព្យសម្បត្តិចិញ្ចឹមជីវិត ដើម្បីជីវភាពរស់នៅឲ្យសម្បូរណ៍​ធូរ​
ធារ ជាការលំបាកពន់ពេកណាស់។ កាលណាខំស្វែងរកទ្រព្យសម្បត្តិបានមកហើយ មនុស្ស​​តែងមានការហួងហែង ថែរក្សាការពារមិនចង់​ឲ្យទ្រព្យសម្បត្តិ ដែលខ្លួនខំស្វែងរក​បាន​​មក​ដោយ​សេចក្ដីលំបាក​នោះ វិនាសអន្តរាយទៅដោយប្រការណាមួយឡើយ។ ដោយ​ឡែក​នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូកទី ៣ មាត្រា ៤៤​ ក៏ បាន​ចែងដែរថា “ជនណាក៏ដោយ ទោះជាបុគ្គលក្ដី ជាសមូហភាពក្ដី មានសិទ្ធិជា​ម្ចាស់​កម្ម​សិទ្ធិ” (៩)
៣ ហាមប្រព្រឹត្តខុសក្នុងផ្លូវកាមទាំងពួង
កាមេសុ មិច្ឆាចារា វេរមណី ហាមប្រព្រឹត្តខុសក្នុងផ្លូវ​កាម​ទាំង​ឡាយ មនុស្សលោក កាល​ណាមានជីវិតរស់នៅ និងមានទ្រព្យសម្បត្តិហើយ ជាធម្មតាតែង​តែមានក្រុមគ្រួសារ ស្វាមី ភរិយា បុត្រា បុត្រីជាដើម ហើយតែងប្រាថ្នាចង់រួមរស់នៅជួបជុំ​គ្នា​ជាសុខសាន្ត ប្រកប​ដោយ​សុភមង្គល មិនចង់បាននូវការបែកបាក់ ឈ្លោះទាស់ទែងខ្វែង​គំ​និតគ្នា ការផិតក្បត់ និង​​ការរំលោភបំពានសោះឡើយ(១០)។ យើងស្រលាញ់ហួងហែងកូន ប្រពន្ធ និងមនុស្ស​ដែល​ខ្លួនស្រលាញ់យ៉ាងណា គេក៏ស្រលាញ់ហួងហែងកូន ប្រពន្ធ និងមនុស្សដែលខ្លួនគេ​ស្រលាញ់យ៉ាងនោះដែរ ។ ដូច្នេះក្នុងការយកគ្នាជាគូស្វាមី ភរិយា ត្រូវប្រព្រឹត្តទៅច្បាប់ តាម​ប្រពៃណីរបស់ប្រទេស ។
៤ ហាមនិយាយកុហក
មុសាវាទា វេរមណី ហាមនិយាយកុហក។ សង្គមមនុស្ស មិនអាចខ្វះភាសា​និយាយ​បាន​​ទេ ទោះបីជាមនុស្សគថ្លង់ ក៏គង់មាន​ភាសាកាយវិការជាគ្រឿងសំគាល់ដែរ ។ ដោយ​ហោច​ទៅ សូម្បីតែសត្វតិរច្ឆាន ក៏មានភា​សាវាដែរ ។ ភាសា ឬសម្ដីនិយាយ​គឺជាម​ធ្យោបាយ​មួយ​ដ៏​សំខាន់ក្នុងការទំនាក់ទំនងរវាង​បុគ្គលនិងបុគ្គល សហគមន៍និងសហគមន៍ ប្រទេស​និង​ប្រទេសជាដើម ។ បើសិនជាគ្មាន​ភាសាទេ សង្គមមនុស្ស នឹងជួប​នូវវិបត្តិ​មួយ​យ៉ាងធ្ង​ន់​ធ្ងរ ឬ អាចនិយាយបានថា សង្គម​មនុស្សប្រៀបបានទៅនឹងរុក្ខជាតិ ដែលគ្មាន​ចិត្តវិញ្ញាណ​ដូច្នោះ ។ ប៉ុន្តែ ប្រសិនបើមាន​ភាសាហើយ មនុស្សមិនបាន​យកវាទៅ​ប្រើប្រាស់​នៅក្នុងផ្លូវ​ល្អ​​ទេ​​នោះពិតជានឹងនាំមកនូវ​គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរទៅវិញ មានការបាត់បង់ទំនុកចិត្តគ្នា បែក​បាក់សាមគ្គីគ្នា ការចាញ់បោកគ្នា អំពើអយុត្តិធម៌ជាដើម។ ហេតុនេះ ទើប​ព្រះពុទ្ធ​បរម​គ្រូ បានរៀបចំនូវច្បាប់សម្រាប់​គ្រប់គ្រងភាសា ឬការ​និយាយ​នេះឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ប្រ​ពៃ​មាន​សណ្ដាប់ធ្នាប់ និងស្ថិតនៅ​ក្នុងក្រមសីលធម៌ខ្ពស់ (១១)
៥ ហាមប្រើបាសគ្រឿងញៀន និង គ្រឿងស្រវឹង
សុរាមេរយមជ្ជប្បមាទដ្ឋានា វេវមណី ហាមផឹកទឹក​ស្រវឹង ​ជក់​គ្រឿង​ញៀន។ មនុស្ស​លោក គឺជាប្រភេទសត្វលោកដ៏វិសេស និង ប្រសើរខ្ពង់ខ្ពស់ជាងសត្វតិរច្ឆាន​​។ គ្រឿង​ញៀន និងគ្រឿងស្រវឹង អាចធ្វើឲ្យមនុស្សលោក បាត់បង់នូវសតិសម្បជញ្ញៈ ហ៊ាន​ប្រព្រឹត្ត​នូវ​អំ​ពើគ្រប់បែបយ៉ាង មានអំពើអមនុស្សធម៌ដូចជាសត្វតិរច្ឆានជាដើមផងដែរ ។ ហេតុនេះ គប្បី​ចេះថែ​រក្សា​នូវ​ឋានៈ និងភាពជាមនុស្សជាតិឲ្យស្ថិតនៅគង់វង់ល្អ ការពារកុំឲ្យឋានៈនេះ ធ្លាក់ទៅនៅ​ទាប​ស្មើ​និងសត្វតិរច្ឆាន ។
ដូចនេះសីលប្រាំ ជាសក្ខាបទដែលជួយឲ្យមនុស្សម្នាក់ៗ ក្រុមគ្រួសារ និងសង្គម​ជាតិ​ទាំង​មូល​មានសុខសន្តិភាព សុវត្ថិភាព សេចក្ដីថ្លៃថ្នូរ សណ្នាប់ធ្នាប់ និង សីលធម៌ខ្ពស់។



() ធម្មបាល រ៉ិត សោរង្សី, រៀបរៀង, ទ្រឹស្ដីអប់រំទស្សនវិជ្ជាព្រះពុទ្ធសាសនា៖ ជំនឿ, ចំណេះដឹង, តួនាទី, សីលធម៌, អភិស​មាចារ, សេដ្ឋកិច្ចសង្គម និង​ អនាម័យ, (ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា​ព.ស. ២៥៥៣), ២១-២២ ។
() រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, អំពីសិទ្ធ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ, (ភ្នំពេញ៖ វិទ្យាស្ថាន​ខ្មែរ​សំរាប់​លិទ្ធិប្រជាធិបតេយ្យ, ជំពូកទី៣, មាត្រា​៤៤, ១៩៩៣-២០០៧), ២៥។
(១០) ធម្មបាល រ៉ិត សោរង្សី, រៀបរៀង, ទ្រឹស្ដីអប់រំទស្សនវិជ្ជាព្រះពុទ្ធសាសនា៖ ជំនឿ, ចំណេះដឹង, តួនាទី, សីលធម៌, អភិសមាចារ, សេដ្ឋកិច្ចសង្គម និង​ អនាម័យ, (ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា​ព.ស. ២៥៥៣),២៥-២៦។
(១១) ធម្មបាល រ៉ិត សោរង្សី, រៀបរៀង, ទ្រឹស្ដីអប់រំទស្សនវិជ្ជាព្រះពុទ្ធសាសនា៖ ជំនឿ, ចំណេះដឹង, តួនាទី, សីលធម៌, អភិសមាចារ, សេដ្ឋកិច្ចសង្គម និង​ អនាម័យ, (ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា​ព.ស. ២៥៥៣), ២៦-២៨។

ចូលរួមឧបត្ថមដោយចុចត្រង់នេះ

2 comments:

  1. សីលធម៌មនុស្សមានជាចាំប្រចាំថ្ងៃ

    ReplyDelete