Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, March 18, 2012

វិនយ​កថា


វិនយកថា
ព្រះ​បាឡាត់​អរិយកស្សបៈ តុង - ឈួន ក្រុងភ្នំពេញ
ទេសនា​ដាក់​វិទ្យុ​ឃោសនសព្ទ​នៃ​ប្រទេស​កម្ពុជា
កាល​ពី​ថ្ងៃ​ ១៥ កើត​ខែ​កត្តិក ឆ្នាំ​កុរនព្វសក . . ២៤៩០ ( ២៧ - ១១ - ៤៧ )
នមោ រស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
វេលា​នេះ​, អាត្មា​ភាព​ ត្រូវ​វេន​សមដែង​វទ្យុ​ធម្មទេសនា​ចែកជូន​អស់​-អ្នក​សប្បុរស​ទាំង​លាយ​ស្ដាប់
អាត្មា​ភាព​នឹង​សំដែង​ធម៌​វិនយកថា ពណ៌នា​អំពី​ច្បាប់
សួរ​ថា : អ្វី​ដែល​ហៅថា​ វិន័យ ? ឆ្លើយ​ថា : ច្បាប់​ដែល​អ្នក​ប្រាជ្ញ​តែង​តាំង​ឡើង ទុក​សម្រាប់​ប្រដៅ​មនុស្ស​ទួទៅ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ​ជា​បែប​ផែន​តែ​មួយ ហៅ​ថា វិន័យ​, ការ​នាំ​ចេញ​នូវ​ទោស​កំហុស​ផ្សេង​ៗ ក៏​ហៅ​ថា វិន័យ ដែរ
វិន័យ​នេះ យើង​ត្រូវ​សិក្សា​រៀន​សូត្រ​ឲ្យ​ចេះ​ចាំ​ស្ទាត់​គ្រប់​រយៈ មាត្រា​, បើ​ចេះ​ចាំ​ហើយ​ត្រូវ​មាន​សញ្ញា​ការ​កត់​សំគាល់​ថ្នាក​ជាន់​ឲ្យ​ស្គាល់​ប្រាកដ បើ​ស្គាល់​មុត​មុត​ហើយ ទើប​អាច​ទូន្មាន​ពត់​កាយ - វាចា​រាប​ដល់​ចិត្ត​ឲ្យ​មាន​របៀប​រាប​សារម្យទម​ល្អ​ទៅ​បាន ពុំ​ច្រឡើស​បើស ពុំ​ឆ្គាំ​ឆ្គង​ខុស​កាលៈទេសៈ ព្រោះ​ថា មនុស្ស​ក្នុង​សលក​លោក​មិន​ថា​ស្រី - បុរស គ្រហស្ថ​បព្វជិត​ទេ សុទ្ធ​តែ​ប្រាថ្នា​​សេចក្ដី​ល្អ សេចក្ដី​សុខ សេចក្ដី​ចម្រើន​គ្រប់​ៗ​រូប​ ឯ​គុណ​សេចក្ដី​ល្អ​ទាំង​នោះ ពុំ​មែន​កើត​ឡើង​ឯង​ៗ​តែ​ម្ដង​ទេ​, លុះ​តែ​មនុស្ស​ណា​កសាង​សន្សំ​ប្រតិបត្តិ​តាម​វិន័យ ទើប​គុណ​នឹង​សេចក្ដី​ល្អ​ទាំង​នោះ​កើត​មាន​ដល់​អ្នក​នោះ ករ​ដែល​គេ​យើង​ទាំង​អស់​គ្នា​នឹង​ប្រតិបត្តិ​វិន័យ​នោះ ត្រូវ​ចេះ​ស្គាល់​វិន័យ​ជា​មុន​សិន ទើប​ប្រតិបត្តិ​បាន​ស្រួល
ដូច​ក្រុម​គ្រួ​សារ​ឬ​វង្ស​ត្រកូល​នីមួយ​ៗ ដែល​នឹង​មាន​ឫកបារ​មារយាទ​សណ្ដាប់​ធ្នាប់​ល្អ ចរិយា​ល្អ ពុំ​ច្រឡោង​ខាម​នោះ ក៏​ព្រោះ​តែ​ក្រុម​គ្រួសារ​វង្ស​ត្រកូល​នោះ​មាន​វិន័យ គឺ​សេចក្ដី​ចេះ​ចាំ​ស្គាល់​ច្បាស់​ហើយ​គោរព​ប្រតិបត្តិ​ថែម​ទៀត ទើប​គេ​បាន​ទទួល​ផល​​គឺ​សេចក្ដី​ល្អ​ទាំង​នោះ តែ​បើ​ចេះ​ចាំ​ស្គាល់​ហើយ​ៗ ពុំ​ព្រម​បង្អោន​ខ្លួន​គោរព​វិន័យ​យក​មក​ជាខ​ប្រតិបត្តិ​ទេ​នោះ​ក៏​ពុំ​អាច​នឹង​រក​សេចក្ដី​ល្អ ឬ​ជួប​ប្រទះ​នឹង​សុន្ទរចរិយា​បាន​ឡើយ
វិន័យ​ដែល​ថា​នាំ​នូវ​ទោស​កំហុស​ផ្សេង​ៗ នោះ បាន​ដល់​ទោស គឺ​កំហុស​ដែល​នឹង​កើត​មាន​ឡើង ព្រោះ​រពិស​កាយ - វាចា​នឹង​ភាន់​គំនិត ចុះ​បើ​យើង​ព្រម​សុខ​ចិត្ត​បង្អោន​វិន័យ​យក​មកប្រតិប្តិ ឲ្យ​ត្រូវ​តាម​រយៈ​មាត្រា​នឹង​ថ្នាក់​ជាន់​សព្វ​គ្រប់​ហើយ តើ​ទោស​សេចក្ដី​សុខ​នឹង​កើត​ឡើង​តាម​ផ្លូវ​ណា​បាន ហេតុ​នេះ​បាន​ជា​ពោល​ថា វិន័យ​នាំ​ចេញ​នូវ​ទោស​កំហុស​ផ្សេង​ៗ
វិន័យ​តាម​ផ្លូវ​ពុទ្ធ​សាសនា ព្រះ​សម្ពុទ្ធ​ទ្រង់​ប្រដៅ​ជា​សាធារណៈ​ទួទៅ​ពុំ​មាន​លក្ខខ័ណ្ឌ​ទេ ទុក​ជា​មនុស្ស​ថ្នាក​ណា​ជាន់​ណា​ឬ​សាសន៍​ណា​ជាតិ​ណា​ក៏​ដោយ ចេះ​តែ​បង្អោន​មក​ជា​ខ​វត្ត​ប្រតិបត្តិ​បាន ធ្វើ​ខ្លួន​ឲ្យ​បាន​ទទួល​សន្ដិសុខ​​ដូច​គ្នា
វិន័យ​ចំណែក​ខាង​អាណា​ចក្រ​វិញ ដែល​លោក​តែង​តាំង​ឡើង​ត្រូវ​មាន​លក្ខ័ណ្ឌ​, ព្រោះ​មនុស្ស​បែង​ទៅ ជា វណ្ណៈ គឺ : ក្សត្រិយ៍ ព្រាហ្មណ៍​, វេស្សៈ​, សុទ្រៈ
ក្សត្រិយ៍​នឹង​ព្រាហ្មណ៍​រាប់​ថា​ជា​ត្រកូល​ខ្ពង់​ខ្ពស់​, វេស្សៈ នឹង​សុទ្រៈ រាប់​ថា​ជា​ត្រកូល​ថោក​ថយ​ចុះ​មក​ទៀត តែ​វេស្សៈ​គង់​នៅ​គ្រាន់​​បើ​ជាង​សុទ្រៈ សូម្បី​ដូច្នោះ វណ្ណៈ ទាំង នេះ​ក៏​ត្រូវ​ប្រតិបត្តិ​វិន័យ​ដុច​គ្នា​ដែរ​តែ​គេ​គង់​គរោព​រាប់​អានលើក​ដំកើង​ខត្តិយ​ត្រកូល​ជា​ទី​បំផុត ព្រោះ​គេ​ទុក​ជា​តំណាង​ជាតិ​នឹង​ប្រមុខ​នៃ​ជាតិ​របស់​គេ
ម្យ៉ាង​ទៀត វិន័យ​តាម​ផ្លូវ​អាណា​ចក្រ គេ​តែង​តាំង​ឡើង​ពុំ​សាថារណៈ​ទួទៅ​របស់​រដ្ឋ​​ដទៃៗ​ឡើយ គឺ​ជា​ច្បាប់​សម្រាប់​ដែន​របស់​គេ​ៗ ប៉ុណ្ណោះ​, ពួក​មនុស្ស​ទាំង​អស់ ក្នុង​រដ្ឋ​មណ្ឌល​នោះ​ៗ ត្រូវ​តែ​នាំ​គ្នា​ប្រតិបត្តិ​តាម​ទើប​ដំណើរ​ទៅ​តាម​ផ្លូវ​ល្អ ទាំង​គេច​វៀះ​ឲ្យ​ផុត​អំពី​ទោស​សេចក្ដី​ខុស​ទៅ​បាន
សេចក្ដី​ល្អ​បំផុត គឺ​ពួក​មនុស្ស​ទាំង​អស់​ក្នុងរដ្ឋ​មណ្ឌល​នោះ​ៗ ព្រម​សុខ​ចិត្ត​ដាក់​ខ្លួន​ឲ្យតាំង​នៅ​ក្រោម​វិន័យ ដែល​តែង​តាំង​ឡើង​ជា​ច្បាប់​សម្រាប់​រដ្ឋ​នោះ​ៗ
កាល​ដែល​យើង​នឹង​ប្រគល់​ខ្លួន​ឲ្យ​តាំង​នៅ​ក្រោម​វិន័យ​ស៊ប់សួន​បាន​នោះ លុះ​ត្រា​តែ​ខំ​បណ្ដុះ​នូវ​ហិរោត្តប្បធម៌ ឲ្យ​លូត​លាស់​ចម្រើន​ឡើង​ក្នុង​សន្ដាន​របស់​យើង​ជា​ជំនួយ​ផង​, ព្រោះ​ហិរោត្តប្បធម៌​នេះ លោក​ពោល​ថា​ជា​ធម៌​គ្រប់​គ្រង​លោក​ទាំង​មូល ឲ្យ​ដំណើរ​ទៅ​កាន់​អារ្យធម៌​នឹង​វឌ្ឍនធម៌​បាន
ចុះ​អ្វី​ដែល​ហៅ​ថា​ហិរោត្តប្បធម៌ ? សេចក្ដី​ខ្មាស​នឹង​សេចក្ដី​ខ្លាច​អំពើ​អាក្រក់​​គ្រប់​យ់ាង​ហៅ​ថា​ហិរោត្តប្បធម៌ បើ​ពួក​ទាំង​អស់​ក្នុង​រដ្ឋមណ្ឌល​នោះ​ៗ បាន​បង្អោនធម៌​ទាំង​ពីរ​នេះ មក​ផ្ទុក​ក្នុង​ខន្ធ​សន្ដាន​បាន​ហើយ នឹង​អាច​ឧបត្ថម្ភ​ខ្លួន​ឲ្យ​តាំង​នៅ​ក្រោម​វិន័យ​ទៅ​អនា​គត​បាន​វែង​ឆ្ងាយ​, ហើយ​នឹង​បាន​ជា​គតិ​ល្អ​របស់​បច្ចា​របស់​ជនតាជន គឺ​ជន​ដែល​កើត​ខាង​ក្រោយ​ត​ៗ​មក
ក្នុង​ដែន​នីមួយ​ៗ ដែល​នឹង​ដំណើរ​ទៅ​កាន់​អារ្យ​ធម៌​បាន​នោះ លុះ​តែ​អស់​លោក​ជា​រដ្ឋាភិបាល នឹង​ជា​ឥស្សរជន នឹង​ប្រជា​និករ​ព្រម​ចូល​ចិត្ត​គំនិត​គ្នា​គោរព​ប្រតិបត្តិ​វិន័យ​តែង​តាំង​ឡើង ដោយ​មាន​ហិរោត្តប្បធម៌​ជា​រណប​ផង បើ​ថា​ពុំ​ចូល​ចិត្ត​គំនិត​គ្នា​ឲ្យ​រឹង​ប៉ឹង​ក្នុង​ការ​ប្រតិបត្តិ​វិន័យ​ទេ​, ដែន​មុខ​ជា​នឹង​បែរ​មុខ​ទៅ​កាន់​លុជ្ជនធម៌ គឺ​សេចក្ដី​អាប់​ឱន​ចុះ​ថយ​ទៅ​ពុំ​ខាន​ឡើយ
ហេតុ​នេះ សូម​អស់​លោក​ជា​ឥស្សរជន ព្រម​ទាំង​ប្រជាជន​ក្នុង​ខេមររដ្ឋ​ទាំង​មូល សូម​ជួយ​ណែនាំ​ពន្យល់​គ្នា​ឲ្យ​ចេះ​គោរព​ប្រតិបត្តិ​វិន័យ ដោយ​ហិរោត្តប្បធម៌​ជា​ជំនួយ​ឲ្យ​រឹង​ប៉ឹង​គ្រប់​ៗ​គ្នា​ឡើង ទើប​ខេររដ្ឋ​យើង នឹង​ធ្វើ​ដំណើរ​ស្ទុះ​លឿន​ជឿន​ទៅ​កាន់​វឌ្ឍនធម៌​បាន​ឆាប់​រហ័ស
កាល​បើ​អស់​លោក-អ្នក​មាន​សមត្ថភាព បាន​ជ្រាប​អត្ថរស់​វិន័យ​ច្បាស់​លាស់​ហើយ ត្រូវ​ពិនិត្យ​មើល​មនុស្ស​ទាំង​អស់​ក្នុង​ចំណោម​ខេររដ្ឋ​យើង តើ​សព្វ​ថ្ងៃ​នេះ សម្បូណ៌​អ្នក​គោរព​ប្រតិបត្តិ​វិន័យ ដោយ​មាន​ហិរោត្តប្បធម៌​ជា​សម្លៀក​បំពាក់​ហើយ​ឬ​នៅ ? បើ​សម្បូណ៌​គ្រប់​គ្រាន់​ហើយ​ក៏​សូម​ជួយ​គាំពារ​រក្សា​ឲ្យ​រឹង​រឹត​តែ​មាំ​មួន​ឡើង​, បើ​មិន​សម្បូណ៌ទេ សូម​ជួយ​ណែនាំ​ពន្យល់​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ក្នុង​ការ​គោរព​ប្រតិបត្តិ​វិន័យ​ឲ្យ​ពេញ​ជំហរ​គ្រប់​ៗ​គ្នា​ឡើង
ព្រោះ​ខេររដ្ឋ​យើង​សម័យ​នេះ មិន​ថា​រូប​ណា​ជា​រូប​ណា​ទេ គឺ​ព្រម​ព្រៀង​គ្នា​ទាំង​អស់ មាន​ព្រះ​រាជា​ជា​ប្រមុខ សុខ​ព្រះ​ទ័យ សុខ​ចិត្ត​បង្អោនករជ្ជកាល​ទាំង​ស្រុង​ឲ្យ​តាំង​នៅ​ក្រោម​ច្បាប់​សម្រាប់​ដែន ដោយ​យល់​ថា​ជា​វិន័យ​សម្រាប់​ខេររដ្ឋ ដែល​នឹង​ប្រដៅ​មនុស្ស​ឲ្យ​មានសណ្ដាប់​ធ្នាប់​ល្អ មាន​បែប​ផែន​ល្អ
វិន័យ​នេះ​នឹង​ចេះ​ដឹង​ឯង​ក៏​ទេ​ដែរ ត្រូវ​តែ​ប្រឹង​រៀន​សូត្រ​ទន្ទេញ​ទើប​អាច​នឹង​ចេះ​ចាំ​បាន​ ហេតុ​នេះ សូមនរជន​នឹង​នារី​ភាព​ព្រម​ទាំង​យុវជន​យុវនារី​រួម​ជាតិ ដែល​កាន់​លទ្ធី​ពុទ្ធ​សាសនា​ដូច​គ្នា​ទាំង​ឡាយ​ចូរ​អ្ន​ក​ស្ទុះ​ក្រោក​ចាក​ចេញ​សេចក្ដី​ខ្ជិល​ច្រអូស ដែល​ជា​គ្រឿង​មន្ទិល​សៅហ្មង​ដល់​ជនជាតិ​របស់​អ្នក ចូរ​អ្នក​ខិត​ខំ​ឧស្សាហ៍​ប្រកប​កិច្ច​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត​, ឲ្យ​ពេញ​កម្លាំង​គ្រប់​គ្នា​ឡើង​តាំង​ពី​ឥឡូវ​នេះ​ទៅ ដោយ​សមត្ថភាព​នឹង​សាមគ្គី​ធម៌ ទើប​អ្នក​នឹង​បាន​ដល់​នូវ​សុខ​ចម្រើន​គ្រប់​ប្រការ
ក្នុង​ទី​បំផុត​នេះ សូម​ថ្វាយ​ព្រះ​ពរ​ព្រះ​រាជ​សិរី​សួរស្ដី​ព្រះ​ជន្ម​សុខ​គ្រប់​ប្រការ​ចុរ​មាន​ដល់​សម្ដេច​ព្រះ​បរមពិត្រ​ព្រះ​រាជ​សម្ភា​ ជា​ឯក​អគ្គ​សាសនូបត្ថម្ភក៍​ដ៏​ទ្រង់​នូវ​ព្រះ​គុណធម៌​មហា​ប្រសើរ​រាល់​យប់​ថ្ងៃ នឹង​សូម​អស់​ពួក​ប្រជានិករ​ក្នុង​ខេររដ្ឋ​ទាំង​មូល​គ្រប់​ជាន់ ចូរ​សាមគ្គី​ព្រម​ព្រៀង​យ៉ាង​សុខ​ស្ងប់ ប្រសព្វ​ពរ​ទាំង​បួន​ប្រការ​គ្រប់​ទិន​ទិវារ​រាត្រី​ចុះ
សំដែង​មក​ក្នុង​វិនយកថា ពោល​អំពី​ច្បាប់​ប្រដៅ​មនុស្ស​ទាំង​គ្រហស្ថបព្វជិត​ឲ្យ​មាន​របៀប​រៀបរយ​ល្អ មាន​សណ្ដាប់​ធ្នាប់​ល្អ​ដោយ​សង្ខេប​ប៉ុណ្ណេះ ឯវំ
( ចប់​វិនយកថា )

No comments:

Post a Comment