ព្រះពុទ្ធសាសនាចាប់កំណើតឡើងនៅលើទឹកដីកម្ពុជាតាំងពីសតវត្សទី៥មកម្ល៉េះ ដោយមានប្រភពខ្លះបង្ហាញថានៅសតវត្សទី៣នៃគ្រឹស្តសករាជ និងឯកសារខ្លះទៀតបង្ហាញថាព្រះពុទ្ធសាសនាថេរវាទត្រូវបាននាំចូលមកលើទឹកដីកម្ពុជាក្នុងរាជព្រះបាទអសោក ដែលបានបញ្ជូនសមណទូត២អង្គព្រះនាម សោណត្ថេរ និងឧត្តរត្ថេរ មកកាន់ទឹកដីសុវណ្ណភូមិតាំងពីសតវត្សទី៣មុនគ្រឹស្តសករាជ។ ហើយសាសនានេះបានបន្តរីកចម្រើនបន្តិចម្តងៗជាមួយនឹងព្រហ្មញ្ញសាសនា ដូចមានសិលាចារឹក មួយនៅលើទឹកដីវៀតណាមសព្វថ្ងៃ គឺសិលាចារឹកវ៉ូកាញ់ ខេត្តញ៉ាត្រាងចុះកាលបរិច្ឆេទនាសតវត្សទី៣ ដែលបាននិយាយពីព្រះមហាក្សត្រគឺព្រះបាទស្រីមារទាក់ទងទៅនឹងពុទ្ធសាសនានេះផងដែរ។ ក្រៅពីការចូលមកកាន់ទឹកដីខ្មែរតាមរយៈអ្នកផ្សព្វផ្សាយទាំងនោះ ពុទ្ធសាសនាក៏ត្រូវបានមកតាមរយៈពួកអ្នកជំនួញឥណ្ឌាផងដែរ។ ហើយ ចាប់ពីសតវត្សទី១៣រៀងមក លើកលែងតែនៅសម័យដែលខ្មែរក្រហមគ្រប់គ្រងអំណាច ព្រះពុទ្ធសាសនាបានក្លាយទៅជាសាសនារបស់រដ្ឋ ដែលមានពុទ្ធសាសនិកជាខ្មែរប្រមាណជិត៩៥%នៃប្រជាជនសរុប។
+ពុទ្ធសាសនានៅសម័យហ្វូណន
អាណាចក្រហ្វូណនពីសតវត្សទី២មុនគ្រឹស្តសករាជ រហូតដល់សតវត្សទី៦នៃគ្រឹស្តសករាជ បានកាន់នូវលទ្ធិហិណ្ឌូដោយមានព្រះមហាក្សត្រជាអ្នកដឹកនាំ និងមានជំនឿលើព្រះសិវ និងព្រះវិស្ណុ។ ទោះជាយ៉ាងនេះក្ដីព្រះពុទ្ធសាសនា ក៏មានវត្តមានរួចជាស្រេចហើយនៅលើទឹកដីនៃអាណាចក្រនេះ ដែលជាសាសនាទី២បន្ទាប់ពី ព្រាហ្មណ៍សាសនា។ព្រះពុទ្ធសាសនាមានភាពរីកចម្រើនរុងរឿងនៅកំឡុងសតវត្ស ទី៥-៦នៃគ្រឹស្តសករាជក្នុងរជ្ជកាលព្រះបាទកៅឌិណ្ឌន្យវរ្ម័ន ព្រោះមានការបញ្ជូនព្រះសង្ឃខ្មែរ និងជាតិឥណ្ឌាទៅកាន់ប្រទេសចិនដើម្បីយកឯកសារ និងពុទ្ធរូបទៅថ្វាយដល់ស្ដេចក្រុងចិន ហើយព្រមទាំងបានជួយបកប្រែគម្ពីររពីសំស្ក្រឹតទៅភាសាចិនទៀតផង។ ព្រះសង្ឃនាមសង្ឃបាលបានគង់នៅ ស្រុកចិន១៦ឆ្នាំព្រមទាំងបានទទួលងារជាព្រះរាជគ្រូរបស់ចិនទៀតផង នេះក៏ព្រោះតែចំណេះដឹងផ្នែកសាសនារបស់ព្រះអង្គ។
+ពុទ្ធសាសនាសម័យចេនឡា
នៅសម័យហ្វូណនព្រះពុទ្ធសាសនានៅរុងរឿងគួរសមនៅឡើយ។ លុះដល់ចុងសតវត្សទី៧តាមសង្ឃដីការបស់ព្រះសង្ឃចិនមួយអង្គព្រះនាមយ៉ីសិង ដែលបាននិមន្តត្រឡប់ពីប្រទេសឥណ្ឌាទៅកាន់ប្រទេសចិនកាត់តាមរាជាណាចក្រចេនឡាឱ្យដឹងថា ‘ពីដើមឡើយព្រះធម៌មានភាពរុងរឿងណាស់ ហើយបានផ្សព្វផ្សាយគ្រប់ទិសទី តែឥឡូវនេះស្ដេច កំណាច មួយអង្គបានបំផ្លិចបំផ្លាញចោលអស់ ហើយព្រះសង្ឃរកតែមួយអង្គនិមន្តមិនបានផង (ត្រឹងងា ប្រវត្តិសាស្ត្រខ្មែរភាគ១+២,១៩៧៣)។ តាមរយៈនេះឃើញថាព្រះពុទ្ធសាសនាត្រូវបានសាបរលាបនូវឥទ្ធិពលរបស់ខ្លួននៅក្នុងសតវត្សនេះ ប៉ុន្តែមិនមែនមានន័យថាបាត់បង់ទាំងស្រុងនោះទេ ផ្ទុយទៅវិញនៅសតវត្សក្រោយមកពុទ្ធសាសនាមហាយានបានចាប់ផ្ដើមផ្សាយឥទ្ធិពល របស់ខ្លួន និងមានប្រជាពលរដ្ឋបានគោរពខ្លះៗហើយ។ នៅសម័យនេះមានសិលាចារិកតែមួយគត់ដែលនិយាយពីព្រះភិក្ខុពុទ្ធសាសនាចំនួនពីរអង្គ។
+ពុទ្ធសាសនាសម័យអង្គរ
បន្ទាប់ពីការទ្រុឌទ្រោមនៃលទ្ធិពុទ្ធសាសនាហីនយាននៅសម័យចេនឡានាកំឡុងសតវត្សទី៧មក ពុទ្ធសាសនា មហាយានបានចាប់ផ្តើមកកើតឡើង រហូតដល់សម័យអង្គរ។ នៅក្នុងសតវត្សទី៩រជ្ជកាលព្រះបាទជ័យវរ្ម័នទី២ មានការ ប្រារព្វធ្វើពិធីទេវរាជនៅលើភ្នំគូលែន ដែលអាចបង្ហាញថាព្រះរាជាអង្គនេះមានជំនឿយ៉ាងមុតមាំចំពោះព្រហ្មញ្ញសាសនា ដែលមានឥទ្ធិពលខ្លាំងក្លានៅសម័យនោះ និងមានការគោរពរាប់អានខ្លាំងពីប្រជារាស្ត្រខ្មែរ។ តែទោះជាយ៉ាងណាក្ដីក៏ពុទ្ធសាសនាមហាយានបានបន្តវត្តមានរបស់ខ្លួនដដែលនៅលើទឹកដីខ្មែរលាយឡំជាមួយនឹងលទ្ធិព្រាហ្មផងដែរ។ តាមរយៈឯកសារខ្លះបានបង្ហាញថាពុទ្ធសាសនាបានរីកចម្រើន និងមានការទទួលស្គាល់បន្តិចម្ដងៗ ពីប្រជារាស្ត្រ និងព្រះមហាក្សត្រខ្មែរបន្តបន្ទាប់មក។ នៅសតវត្សទី៩ក្នុងរាជព្រះបាទយសោវរ្ម័នទី១ មានការសាងសង់បារាយណ៍ខាងកើតឈ្មោះ យសោធរតដាក ដោយនៅភាគខាងកើតលើច្រាំងនៃបារាយណ៍នេះមានការសាងសង់បន្ថែមនូវអាស្រមសម្រាប់គណៈសាសនានៅសម័យនោះដូចជា៖
-ព្រាហ្មណាស្រម សម្រាប់អ្នកកាន់និកាយព្រះឥសូរ
-វៃស្នវាស្រម សម្រាប់អ្នកកាន់និកាយព្រះវិស្ណុ
-សៅគតាស្រម សម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ
តាមរយៈនេះឃើញថានៅសម័យនោះពុំមានការហាមឃាត់ មិនឱ្យគោរពព្រះពុទ្ធសាសនានោះទេ ទោះបីព្រាហ្មណ៍សាសនាមានការរីកចម្រើនខ្លាំងក៏ដោយ។ ហើយព្រះមហាក្សត្រមានការបើកចំហចំពោះប្រជាពលរដ្ឋឱ្យមានសិទ្ធិក្នុងការគោរពសាសនានោះដែរ។
តាមប្រវត្តិសាស្ត្ររបស់ខ្មែរយើងសម័យអង្គរបានបង្ហាញទៀតថា នាសម័យអង្គរ ព្រះពុទ្ធសាសនាមហាយានបានចាប់ផ្ដើមរុងរឿងនៅក្នុងរាជ្យរបស់ក្សត្រមួយចំនួន។
-រាជព្រះបាទសូរ្យវរ្ម័នទី១
ព្រះបាទសូរ្យវរ្ម័នទី១ជាបឋមក្សត្រខ្មែរទី១នៃសម័យអង្គរ ដែលបានលើកតម្កើងព្រះពុទ្ធសាសនាឱ្យថ្កុំថ្កើងរុង រឿង។ ទ្រង់គ្រងរាជសម្បត្តិនៅកំឡុងឆ្នាំ(១០០២-១០៥០) ជាពុទ្ធសាសនិកដ៏ឆ្នើម ដែលបានគាំទ្រ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរាប់អានចំពោះព្រះពុទ្ធសាសនា លើសពីនេះពុទ្ធសាសនាថេរវាទត្រូវបានព្រះអង្គធ្វើការផ្សព្វផ្សាយ ឱ្យកាន់តែរុងរឿង ហើយបានតម្កើងសាសនានេះជាសាសនារបស់រដ្ឋ។ ទោះជាព្រះអង្គជាពុទ្ធសាសនិកក៏ដោយចុះ ព្រះអង្គក៏តែងមេត្តាដល់សាសនាព្រាហ្មណ៍ផងដែរ ដោយនៅសម័យនោះអ្នកកាន់ព្រះពុទ្ធសាសនា និងអ្នកកាន់សាសនាព្រាហ្មណ៍បានរស់នៅជាមួយគ្នាដោយសុខសាន្ត។ តាមសិលាចារិកបានបង្ហាញអំពីទឹកចិត្តរបស់ព្រះអង្គ គោរពស្រឡាញ់ចំពោះពុទ្ធសាសនាទាំងពីរនិកាយ គឺហិនយាន និងមហាយាន ដោយ ព្រះអង្គបានប្ដូរតួនាទីរបស់គ្រួសារព្រាហ្មណ៍សិវកៃវល្យដែលមាន នាទីរៀបចំពិធីសម្រាប់ព្រះមហាក្សត្រតាមបវេណីព្រាហ្មណ៍នោះ ឱ្យទៅជាបុព្វជិតកំពូល របស់ព្រះអង្គវិញ។ ភស្ដុតាងមួយទៀតដែលបង្ហាញឱ្យកាន់តែច្បាស់ថាព្រះអង្គជាពុទ្ធសាសនិកនោះ គឺព្រះអង្គមានមរណៈនាមថា នវ៌ាបទ។
-រាជ្យព្រះបាទជ័យវរ្ម័នទី៧
ព្រះមហាវីរក្សត្រដ៏ឆ្នើមបំផុតរបស់ខ្មែរនាសម័យអង្គរ គឺព្រះបាទជ័យវរ្ម័នទី៧ដែលជាស្ថាបនិកទី៣នៃទីក្រុងអង្គរ សំណង់ប្រាសាទជាច្រើនត្រូវបានសាងសង់នៅក្នុងរាជក្សត្រអង្គនេះ ដែលសំណង់ប្រាសាទទាំងនោះជាប្រភេទសំណង់ បែបពុទ្ធសាសនា និងខ្លះទៀតបង្ហាញពីការបញ្ជូលគ្នា ទាំងពុទ្ធលក្ខណ និងព្រាហ្មណ៍លក្ខណ។ ទ្រង់គ្រងរាជ្យសម្បត្តិក្នុង ឆ្នាំ(១១៨១-១២១៥) ដែលអ្នកប្រវត្តិវិទូបានចាត់ទុកថាជាសម័យកាលមួយដែលកម្ពុជារុងរឿងជាទីបំផុត ក្នុងប្រវត្តិ សាស្ត្រខ្មែរ។ ក្រៅពីការរីកចម្រើនរុងរឿងក្នុងផ្នែកសង្គម នយោបាយ ហើយវិស័យសាសនាក៏រីកចម្រើនព្រមជាមួយនោះផងដែរ។ ព្រះអង្គបានលើកស្ទួយព្រះពុទ្ធសាសនាមហាយាន ឱ្យបានថ្កុំថ្កើង តែទោះជាយ៉ាងនេះក្ដីព្រះអង្គក៏មិនដែលបំភ្លេចចោលព្រហ្មញ្ញសាសនានោះដែរ។ ព្រះអង្គបានបង្រួមសាសនាទាំងពីរចូលគ្នាតែមួយ ក្នុងបំណងដើម្បីលើកស្ទួយដល់ពុទ្ធសាសនាមហាយានដែលព្រះអង្គបានគោរព ជាសាសនារបស់រដ្ឋ និងដើម្បីកុំឱ្យប្រជាពលរដ្ឋខ្មែរដែលនៅជាប់ដិតដាមជាមួយព្រហ្មញ្ញសាសនាមានការអាក់អន់ចិត្តផងដែរ។ ភាពវៃឆ្លាតនេះបានធ្វើឱ្យមានការឯកភាពគ្នាក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្រោមការដឹកនាំរបស់ទ្រង់ និងធ្វើឱ្យមានស្ថេរភាពនយោបាយក្នុងស្រុកផងដែរ។ លទ្ធិទេវរាជត្រូវបានប្រែក្លាយទៅជាពុទ្ធិរាជវិញ មានភស្ដុតាង ដែលបង្ហាញថាពុទ្ធសាសនាមហាយានមានការរីកចម្រើនខ្លាំងនៅក្នុងសម័យនេះដូចជា សំណង់ប្រាសាទបែបពុទ្ធសាសនាជាច្រើនពាសពេញផ្ទៃប្រទេសដូចជា(ប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន)ជាដើម ដែលជាស្នាព្រះហស្ថរបស់ព្រះអង្គ។ នៅសម័យឆ្នាំ១១៨០ព្រះសង្ឃខ្មែរមួយរូបជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាមតាមលិន្ទ បានទៅសិក្សាភាសាបាលី និងចំណេះដឹងផ្នែកព្រះពុទ្ធសាសនានៅកោះសេរីលង្កាហើយបាននាំចូលចំណេះដឹងទាំងនេះមកវិញនៅកំឡុងឆ្នាំ១១។ ព្រះអង្គទទួលមរណៈនាមថា មហាបរមសៅគត។ ព្រះបាទជ័យវរ្ម័នទី៧ទ្រង់ផ្ទាល់ជាពុទ្ធសាសនិក មហាយានដែលជាភស្ដុតាងបញ្ជាក់កាន់តែច្បាស់ថាពុទ្ធសាសនាថេរវាទបានរីកចម្រើនរុងរឿងខ្លាំងនៅសម័យនោះ។ បេសកកម្មរបស់ពួកចិននៅសម័យនោះមកកាន់ក្រុងអង្គរ ដែលដឹកនាំដោយ Chou Ta-Laun នៅឆ្នាំ១២៩៦-១២៩៧ បានកត់សម្គាល់ឃើញមានព្រះសង្ឃពុទ្ធសាសនាថេរវាទនៅលើទឹកដីនេះ។
+ពុទ្ធសាសនានៅសម័យចុងអង្គរ
គេបានដឹងមកហើយដែរថា ព្រះពុទ្ធសាសនា ថេរវាទនេះរីកចម្រើនតាំងពីរាជព្រះបាទជ័យវរ្ម័នទី៧មកម្លេះដោយទ្រង់ បានបញ្ជូនបុត្ររបស់ទ្រង់ព្រះនាមតាមលិន្ទទៅ បួសជាព្រះសង្ឃ និងសិក្សាចំណេះដឹងពីពុទ្ធសាសនាជាភាសាបាលីនៅកោះស្រីលង្ការ។ ព្រះអង្គម្ចាស់តាមលិន្ទបានត្រឡប់មកកម្ពុជាវិញ ហើយបានផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋខ្មែរតាមជំនឿ និងបែបបទព្រះពុទ្ធសាសនាដែលទ្រង់បានរៀនសូត្រ។ ទ្រង់បានក្លាយទៅជាព្រះសង្ឃជាន់ខ្ពស់នៅសម័យនោះដោយការចេះដឹងរបស់ព្រះអង្គ។
នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៨ព្រះពុទ្ធសាសនាត្រូវបានបំផ្លិចបំផ្លាញ រូបចម្លាក់បែបពុទ្ធសាសនាត្រូវបានកោសលុប និងបំផ្លាញចោល ឬប្ដូរទៅជារូបបែបព្រាហ្មណ៍វិញ។ គេឃើញមានការវាយកម្ទេចព្រះពុទ្ធរូបចោល។ សម័យនេះពួកព្រាហ្មណ៍ទាំងអស់ត្រូវបានសណ្តោសឡើងវិញ និងផ្ដល់សិទ្ធក្នុងការពង្រឹងសាសនានេះឡើងវិញផងដែរ។ តែទោះបីជាយ៉ាងណាក៏ដោយព្រះពុទ្ធសាសនាត្រូវបានប្រជាពលរដ្ឋខ្មែរនិយមកាន់តែច្រើនណាស់ទៅហើយ។ បើទោះបីជាមានប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនានេះច្រើនណាស់ទៅហើយយ៉ាងណាក្ដី ក៏បដិវិត្តសាសនាពីព្រាហ្មណ៍ ទៅព្រះពុទ្ធនោះមិនអាចធ្វើទៅរួចនោះដែរ។ ដូចនេះសាសនានេះបានពួន សម្ងំនៅក្នុងស្រទាប់ប្រជាពលរដ្ឋខ្មែររហូតដល់រជ្ជកាលព្រះបាទ ត្រសក់ផ្អែមទើបមានការលើកស្ទួយព្រះពុទ្ធសាសនាឱ្យរីកចម្រើនឡើងវិញ រហូតមកដល់សព្វថ្ងៃនេះ។
+ពុទ្ធសាសនាសម័យកណ្ដាល
ក្រោយសតវត្សទី១៣មកព្រះពុទ្ធសាសនាត្រូវបានលើកតម្កើងជាសាសនារបស់រដ្ឋ។ ព្រះរាជាខ្មែរ និងប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន និយមព្រះពុទ្ធសាសនានេះខ្លាំងណាស់ និងមានជំនឿយ៉ាងមុតមាំ ដែលគេចាត់ទុកជាទីពឹងទីនឹក រឮក បើទោះបីជាប្រជាពលរដ្ឋខ្មែរមិនទាន់បោះបង់ចោលជំនឿលើព្រលឹង អារក្ខ អ្នកតាក៏ដោយ។ ប៉ុន្តែចំពោះព្រាហ្មណ៍សាសនាពុំមានប្រជាពលរដ្ឋខ្មែរគោរពរាប់អានទៀតនោះឡើយ។ ទោះជាយ៉ាងនេះក្ដីក៏ទំនៀមទម្លាប់បែបព្រាហ្មណ៍នៅតែដិតដាមក្នុងប្រពៃណីរបស់របស់ជនជាតិខ្មែររហូតដល់សព្វថ្ងៃ។ ឯក្នុងព្រះបរមរាជវាំងវិញគេនៅឃើញមានពួកព្រាហ្មណ៍បាគូនៅមានសេសសល់ ក្នុងភារកិច្ចជាអ្នករៀបចំពិធីផ្សេងៗ និងថែរក្សាទ្រព្យសម្បត្តិសម្រាប់រាជ្យ។
ក្នុងសម័យនោះចំនួនវត្តអារាមបានកើនឡើងជាលំដាប់។ ព្រះមហាថេរដែលមានតួនាទីមើលការខុសត្រូវលើការរៀបចំខាងសាសនា និងលើវត្តអារាមនៅក្នុងខេត្តនីមួយៗ លែងមានលទ្ធភាពបន្តការគ្រប់គ្រងនោះតទៅទៀត ហើយ។ ដោយហេតុនោះសម្ដេចសង្ឃរាជដោយមានការព្រមព្រៀងជាមួយរាជាគណៈឋានានុក្រម និងសហការីទាំងអស់ ទ្រង់បានស្នើទៅព្រះរាជា សូមឱ្យមានការកែប្រែដែលមានបែងចែកដូចតទៅ៖
ព្រះមហាថេរមួយអង្គៗពីមុនឥឡូវត្រូវតែងតាំងជាមេគណៈ ទទួលខុសត្រូវលើគណៈសង្ឃក្នុងខេត្តនីមួយ។ ចំណែកឯព្រះរាជាគណៈទាំង៤សម្រាប់ និងសម្ដេចព្រះសង្ឃរាជជាអ្នកត្រួតពិនិត្យ និងសម្រេចកិច្ចការសាសនាតទាំង ពួងក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ រាជាគណៈ ឬមន្ត្រីសង្ឃទាំង៤សម្រាប់ ត្រូវបែងចែកជាឯក ទោ ត្រី ចត្វា ដូចមន្ត្រីជាន់ខ្ពស់ខាងអាណាចក្រដែរ។
-សម្រាប់ឯកជារាជាគណៈរបស់ក្សត្រិយ៍ទ្រង់រាជ្យ
-សម្រាប់ទោជារាជាគណៈរបស់ក្សត្រិយ៍ឧភយោរាជ
-សម្រាប់ត្រីជារាជាគណៈរបស់សម្ដេចព្រះមហាឧបរាជ
-សម្រាប់ចត្វាជារាជាគណៈរបស់សម្ដេចព្រះវររាជជននី (សៀវភៅលោកត្រឹងងារប្រវត្តិសាស្ត្រខ្មែរភាគ២)
ព្រះពុទ្ធសាសនាក៏ដើរតួយ៉ាងសំខាន់ផងដែរក្នុងវិស័យអក្សរសាស្ត្រ និងការតាក់តែងនិពន្ធ។ ហេតុនេះហើយទើបឃើញកើតមានជាអត្ថបទគម្ពីរ បិតក ជាតកច្រើនកើតឡើងហូរហែ។ មិនតែប៉ុណ្ណោះអត្ថបទបែបព្រះពុទ្ធសាសនា ពោលគឺទស្សនៈពុទ្ធនិយមត្រូវបានអ្នកនិពន្ធខ្មែរយកមកធ្វើជាវិធីសាស្ត្រ ក្នុងការតាក់តែងអត្ថបទរបស់ខ្លួនផងដែរ។ ព្រឹត្តិការណ៍ទាំងនេះបានកើតឡើងនៅក្រោយពេលដែលទីក្រុងអង្គរត្រូវបានព្រះរាជាខ្មែរបោះបង់ចោល ហើយប្រទេសធ្លាក់ចូលទៅក្នុងកលិយុគ ចម្បាំងកើតមានញឹកញាប់។
ការលើកយកទស្សនៈបុណ្យបាបរបស់ពុទ្ធសាសនាមកតាក់តែងជាស្នាដៃអក្សរសិល្បិ៍នេះ ត្រូវបានអ្នកសិក្សាខ្លះវិភាគថាជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ជាការលួងលោម កុំឱ្យពួកគាត់ធ្លាក់ទឹកចិត្ត បាក់ទឹកចិត្ត ដោយចាត់ទុកហេតុការណ៍ ឬទុក្ខលំបាកវេទនាដែលខ្លួនជួបប្រទះនេះជាកម្មពៀររបស់ខ្លួនដែលបានសាងមកពីអតីតជាតិ។ ព្រះសង្ឃក្នុងពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា អក្សរសិល្បិ៍ អក្សរសាស្ដ្រជាតិ និងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរឱ្យនៅគង់វង្ស។
ចំពោះវិស័យសង្គមកិច្ចវិញព្រះសង្ឃជាគ្រូពេទ្រ ជាអ្នកកាត់ក្ដី ជាអ្នកមើលការខុសត្រូវដល់ប្រជាពលរដ្ឋខ្មែរផងដែរ។ ទីធ្លាវត្តអារាម បានក្លាយទៅជាទីសម្រាប់ជនទុរគតសម្រាក និងព្យាបាលជំងឺ ការសណ្តោសរបស់ព្រះសង្ឃពុទ្ធសាសនា ការចូលរួមចំណែកច្រើនក្នុងវិស័យសង្គមជាតិនោះ បានធ្វើឱ្យព្រះពុទ្ធសាសនាកាន់តែទទួលបានការរាប់អានពីប្រជាពលរដ្ឋខ្មែរ។
+ពុទ្ធសាសនាសម័យអាណានិគមបារាំង
សម័យអាណានិគមនិយមបារាំងគិតចាប់ពីឆ្នាំ១៨៦៣ នៅពេលដែលព្រះនរោត្តមទ្រង់បានចុះសន្ធិសញ្ញាជាមួយបារាំងថ្ងៃ១១ខែសីហាឆ្នាំ១៩៦៣នេះតែម្ដង ក្នុងបំណងយកបារាំងជាខែលការពារប្រទេសកម្ពុជាពីការឈ្លានពានរបស់ប្រទេសជិតខាង មានយួន សៀមជាដើម។
ក្នុងកំឡុងសតវត្សទី ១៧, ១៨, ១៩ប្រទេសៀមបានមានឥទ្ធិពលយ៉ាងខ្លាំងមកលើនយោបាយក្នុងស្រុករបស់ខ្មែរ ដែលជាហេតុធ្វើឱ្យឥទ្ធិពលនៃប្រពៃណីសាសនាក៏លាយឡំជាមួយគ្នានោះផងដែរ។ ដូចជានៅក្នុងឆ្នាំ១៨៥៥ ព្រះបាទនរោត្តមបាននិមិន្តព្រះសង្ឃធម្មយុត្តិកនិកាយពីប្រទេសសៀមចូលមក្នុងស្រុកខ្មែរ ដើម្បីបង្កើតនិកាយនេះនៅក្នុងស្រុកខ្មែរផងដែរ។ សម្ដេចប៉ានទ្រង់ជាព្រះសង្ឃខ្មែរក៏ប៉ុន្តែទ្រង់បានទៅសិក្សាប្រទេសសៀម ហើយត្រូវបានតែងតាំងជាព្រះសង្ឃធម្មយុត្តិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា គង់នៅក្នុងវត្តបទុមវត្តីក្រុងភ្នំពេញ។ ហើយប្រពៃណីនេះបានបន្តជាប់គ្រប់រាជការព្រះមហាក្សត្រខ្មែររហូតដល់សព្វថ្ងៃ។
ក្នុងសម័យអាណានិគមនេះ ក៏មិនខុសពីសម័យកណ្ដាលប៉ុន្មានដែរ ព្រះពុទ្ធ សាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ ទាំងវិស័យសង្គមកិច្ច សុខាភិបាល អប់រំ យុត្តិធម៌ និងជាឃ្លាំងអភិរក្សអក្សរសាស្ដ្រជាតិខ្មែរ ព្រមទាំងវប្បធម៍ប្រពៃណីរបស់ខ្មែរយើងផងដែរ។ ក្រោមការជិះជាន់របស់បារាំងមកលើប្រជាពលរដ្ឋខ្មែរ និងពុទ្ធសាសនា បានធ្វើឱ្យព្រះសង្ឃខ្មែរងើបឡើងតស៊ូបះបោរប្រឆាំងជាមួយបារាំង ប៉ុន្តែត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរ រហូតដល់មានការចាប់ខ្លួនធ្វើទោសទណ្ឌទៀតផង។ តែទោះបីជាយ៉ាងណាក៏ដោយក៏ពុទ្ធសាសនានៅតែពង្រឹងខ្លួនជានិច្ចពុំមានការចុះញ៉មជាមួយពួកបារាំងនោះឡើយ ដែលនៅឆ្នាំ១៩១៤គេឃើញមានការសាងសង់សាលាភាសាបាលីជាន់ខ្ពស់មួយនៅភ្នំពេញ និងក្រោយមកកែប្រែទៅជាមហាវិទ្យាល័យ។ ការសិក្សាអប់រំចំពោះព្រះសង្ឃមិនត្រឹមតែចំណេះដឹងខាងភាសាបាលីប៉ុណ្ណោះទេ ក៏ប៉ុន្តែមូលដ្ឋានគ្រឹះនៃចំណេះដឹងទូទៅតាមបែបទំនើបក៏ត្រូវយកមកសិក្សារៀនសូត្រនៅឯសាលារៀនផងដែរ។ សាលាបាលីជាន់ទាប ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣៣ដើម្បីផ្ដល់លទ្ធភាពឱ្យព្រះសង្ឃ ដែលទើបបួសថ្មីអាចសិក្សាពីភាសាបាលីនេះពីកម្រិតដំបូងបាន។
+ពុទ្ធសាសនាសម័យខ្មែរក្រហម
កំឡុងឆ្នាំ១៩៧៥នៅពេលដែលពួកខ្មែរក្រហមបានដណ្ដើមកាន់កាប់ទីក្រុងភ្នំពេញជាស្ថាពរ ពួកគេបានបំបាត់ ចោលទាំងអស់នូវជំនឿសាសនាផ្សេងៗ មិនឱ្យមានការគោរពប្រតិបត្តិអ្វីទាំងអស់ សូម្បីតែព្រះសង្ឃជាទីសក្ការៈត្រូវបានពួកនោះចាប់ផ្សឹកទាំងអស់។ ទីអារាមបានក្លាយទៅជាឃ្លាំងផ្ទុកនូវសម្ភារ សព្វាវុធ និងជាឃ្លាំងស្រូវ ឬត្រូវបំផ្លាញ ចោល។ តាមការប៉ាន់ស្មាននៅមុនរបបខ្មែរក្រហមព្រះសង្ឃខ្មែរមានចំនូនសរុបចន្លោះពី៦៥០០០អង្គ ទៅ៨០០០០ អង្គ។ ប៉ុន្តែក្រោយពេលដែលខ្មែរក្រហមបានត្រូវបានកម្ចាត់ នៅកំឡុងឆ្នាំ១៩៨០ព្រះសង្ឃត្រូវបានគេប្រមូលផ្តុំឡើងវិញសល់មិនដល់៣០០០អង្គផង។
+ពុទ្ធសាសនាសម័យក្រោយរបបប៉ុលពត
ក្រោយជ័យជំនះលើកងទ័ពខ្មែរក្រហមនៅឆ្នាំ១៩៧៩ ជំនឿសាសនាត្រូវបានបើកចំហឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ព្រះពុទ្ធសាសនា ក៏ត្រូវបានលើកតម្កើងសារជាថ្មីផងដែរ ដោយរដ្ឋាភិបាលបាននិមន្តព្រះសង្ឃខ្មែរ ដែលបានភៀសខ្លួនទៅប្រទេសវៀតណាមកាលពីកំឡុងសម័យខ្មែរក្រហមនោះ ចូលមកក្នុងប្រទេសកម្ពុជាវិញដើម្បីដឹកនាំព្រះពុទ្ធសាសនាឡើងវិញ។ នៅឆ្នាំ១៩៨១ព្រះសង្ឃខ្មែរមួយអង្គត្រូវបានតែងតាំងជាព្រះសង្ឃទី១នៃកម្ពុជាគណៈមហានិកាយ ទ្រង់ព្រះនាមទេពវង្ស។ បច្ចុប្បន្ននេះព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំប្រទេស ពុទ្ធសាសនាបានក្លាយជាអ្នកអប់រំដល់ពលរដ្ឋខ្មែរទូទៅ ពុទ្ធសាសនាក៏បានជួយសង្គមខ្មែរក្នុងវិស័យផ្សេងៗផងដែរ។ ព្រះសង្ឃមានរាប់សែនអង្គនៅទូទាំងប្រទេស ដែលទន្ទឹមនឹងនោះវត្តអារាមក៏ត្រូវបានកសាងឡើងជាបន្តបន្ទាប់ពាសពេញប្រទេសផងដែរ។ នៅឆ្នាំ១៩៩១ក្រោយពីធ្វើមាតុភូមិនិវត្តន៍ចូលកម្ពុជាវិញ ព្រះបាទនរោត្តមសីហនុបានរៀបចំឡើងវិញនូវរចនាសម្ព័ន្ធដឹកនាំពុទ្ធសាសនាដោយមានទាំងធម្មយុត្តិកនិកាយ និងមហានិកាយ។ ទន្ទឹមនឹងការចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជានៅឆ្នាំ១៩៩១ ការប្រកាន់ជំនឿសាសនាដទៃទៀតក៏ត្រូវបានគាំទ្រពីរដ្ឋាភិ បាលផងដែរ។
No comments:
Post a Comment