សកម្មភាពនៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ
បរិយាយអំពីរបៀបឆ្លងទន្លេ
លោក ចាប - ពិន រៀបរៀង
អស់លោកទាំងឡាយ !បរិយាយអំពីរបៀបឆ្លងទន្លេ
លោក ចាប - ពិន រៀបរៀង
ឱកាសនេះ ក្នុងនាមនៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ នៅពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ខ្ញុំសូមពណ៌នាអំពីរបៀបឆ្លងទន្លេតាមទំនៀមទម្លាប់ខ្មែរបុរាណ ជូនអស់លោកអ្នកស្ដាប់ៈ
ទំនៀមខ្មែរយើងៈ
- ហៅស្ត្រីមានគភ៌ថា "មានផ្ទៃ" ឬ "មានផ្ទៃពោះ" ឬ "មានទម្ងន់" តាមដែលគភ៌ជាភារៈមួយដ៏ធ្ងន់ពិបាកថែរក្សា ។
- ហៅការដែលញ៉ាំងទារកឲ្យកើត ឲ្យចេញចាកគភ៌មាតា ថាៈ "សម្រាលកូន" ជាវោហារសម្រាលភារៈដ៏ធ្ងន់ឲ្យស្រាល ។
- ហៅមួយយ៉ាងទៀតថា "ឆ្លងទន្លេ" ជាវោហាប្រៀបធៀបទៅនឹងដំណើរឆ្លងទន្លេ - សមុទ្ទ ដែលជាកំណើតលំបាក ។
- ហៅជារាជស័ព្ទថា "ប្រសូតរាជបុត្រ" ។
ការឆ្លងទន្លេ ចែកជា ៣ ពេល គឺ
១- ពេលមុនឆ្លងទន្លេ,
២- ពេលឆ្លងទន្លេ,
៣- ពេលក្រោយឆ្លងទន្លេ ។
១.- បរិយាអំពីពេលមុនឆ្លងទន្លេៈ
ការមានផ្ទៃ នឹងការឆ្លងទន្លេជាការក្របំផុតរបស់ស្ត្រី បានជាស្ត្រីមានផ្ទៃខ្មែរយើង គេតែងកាន់ទំនៀមដោយម៉ឺងម៉ាត់ គឺ
តាំងពីមានផ្ទៃ ១ ខែដរាបទៅ គេតែងតមត្រណម គឺ
ក) មិនឲ្យបរិភោគអាហារហើរ - ជូរ - ប្រៃពេក នឹងលៀស ខ្យងបបរ ជាដើម ដែលនាំឲ្យមានជម្ងឺដល់មាតានឹងទារកនៅក្នុងផ្ទៃ,
ខ) មិនឲ្យបរិភោគអាហារខុសពេលធម្មតា ដែលនាំឲ្យទារកកើតឥតសណ្ដាប់ធ្នាប់,
គ) មិនឲ្យទទួលទានដំណេកថ្ងៃ ងូតទឹកយប់ ដែលនាំឲ្យទារកនៅក្នុងផ្ទៃថ្លោសពេកពិបាកឆ្លងទន្លេ,
ឃ) មិនឲ្យអង្គុយមាត់ជណ្ដើរ មាត់ទ្វារ ដែលនាំឲ្យពិបាកឆ្លងទន្លេ ។
កាលមានផ្ទៃបាន ៨ ខែ គេតែងកាន់ទំនៀម គឺ
ក) រៀបពិធីសូត្រមន្តចម្រើនសុខសួស្ដីមង្គលដល់មាតានឹងទារកនៅក្នុងផ្ទៃ,
ខ) ចងខ្សែចង្កេះ ឬខ្សែក,
គ) ផឹកថ្នាំ ដាំទឹកផ្កាឈូក, - ស្លឹកខ្នុរសម្ល, - សំបកពងមាន់, មើមក្រវាញជ្រូក ឲ្យស្រួលដល់ផ្ទៃ ដើម្បីឆ្លងទន្លេងាយ,
ឃ) ឧស្សាហ៍ដើរធ្វើការឲ្យច្រើនល្មមដល់កម្លាំង ដើម្បីឆ្លងទន្លេរហ័សស្រួល ។
អ្នកអង្គម្ចាស់ នរោត្ដម - សុខានារី បានឲ្យការណ៍ថាៈ
- ទំនៀមអ្នកមានផ្ទៃជាក្សត្រ, លុះព្រះគភ៌ចាស់បាន ៨ ខែ គេតែងរៀប "ពិធីចងសំពោង" ប្រហែលនឹងពិធីសូត្រមន្តរបស់រាស្ត្រ ប្លែកបន្តិចតែមានធ្វើរានទេពតា នឹងមានពួកបារគូសូត្រស្លុតីជ័យមង្គលប៉ុណ្ណោះ ។
- គ្រប់តែអ្នកមានផ្ទៃ, តែជិតដល់ពេលឆ្លងទន្លេ, ស្វាមី ឬញាតិតែងរកស្រូវ ១ កូនកញ្ជើ, ចេក ១ ស្និត អំបោះ ១ ប៉ោយ, កាំបិតកោរឬកន្ត្រៃ ១ ដាក់ក្នុងកញ្ជើ ១ ហៅថា "ស្រូវពន្លៃ" បម្រុងទុកជាទ្រនឹបជូនឆ្មប, នៅលើស្រូវពន្លឺគេតែងដាក់ដី ១ ដុំដែលទុកជាកំណើតមនុស្ស, ទាំងគ្រែសម្រាប់អាំងភ្លើង, ជើងក្រានដើមចេក, អុសក្រសាំង, កំណាត់សំពត់, ទឹកក្ដៅ ក៏គេបម្រុងទុជាស្រេច ។
- គេតែងឆ្លងទន្លេនៅក្នុងផ្ទះ, តែជនខ្លះ គេសង់រោងមួយដាច់ពីផ្ទះធំក៏មាន ឲ្យមានខ្យល់អាកាសល្អ ជាកន្លែងឆ្លងទន្លេ ។
- ទោះគេឆ្លងទន្លេនៅផ្ទះក្ដី គេតែងយកកំបោរគូសជើងក្អែកនៅសសរផ្ទះ ឬ រោង, នៅមាត់ទ្វារផ្ទះ ឬរោង, រកគ្រូព័ទ្ធអំបោះសីមាជុំវិញទីឆ្លងទន្លេ នឹងស្រាសសម្រាស់បន្លាក្រោមទីឆ្លងទន្លេ ត្រង់ដែលទឹកភ្លោះធ្លាក់ ដើម្បីការពារបិសាចនឹងម្ដាយដើម ។
២.- បរិយាយអំពីពេលឆ្លងទន្លេៈ
លោក អៀង - សាយ មេជាងរចនានៅផ្ទះលេខ ៣៨ ផ្លូវព្រៃនគរសង្កាត់លេខ ៦ ក្រុងភ្នំពេញ បានឲ្យការណ៍ថាៈ
បើអ្នកមានផ្ទៃចាប់ឈឺផ្ទៃធ្ងន់ចុះទៅក្រោម ប្លែកពីឈឺពោះសព្វដង នោះជាសញ្ញាថាជិតដល់ពេលឆ្លងទន្លេ ។ ខណៈនោះទារកឈប់បម្រះប្រែទៅជាចំកោងខ្លួនវាទៅវិញ ដើម្បីរេត្រឡប់រកផ្លូវ ជាធម្មតារបស់ទារក ។
- កាលណាអ្នកមានផ្ទៃត្រជាក់ពីចុងជើងឡើងដល់ជង្គង់ គេចំណាំថានឹងឆ្លងទន្លេភ្លាម ។ ម្យ៉ាងទៀត កាលដឹងថាទារកឃ្លាតពីចុងដង្ហើមចុះមក ៤ ធ្នាប់ បើឆ្មបមកពីព្រលឹម គេចំណាំថា នឹងកើតនៅពេលថ្ងៃត្រង់ កាលដឹងថាឃ្លាត ៨ ធ្នាប់ បើឆ្មបមកពីព្រលឹម គេចំណាំថា នឹងកើតនៅពេលថ្ងៃពេញពន្លឺ ។ ចំណាំនេះប្រាកដណាស់ ។
- ឆ្មបខ្មែរបុរាណមិនប្រើប្រដាប់អ្វីក្រៅពីជើងដៃរបស់ខ្លួនទេ គឺឆ្មបតែងឲ្យមាតាទារកទទួលទានដំណេកផ្ងារ អង្កុញជើងទាំងពីរបញ្ឈរជង្គង់ ខ្លួនឆ្មបតែងគាតក្រវាត់ចូលប្រតិបត្តិការ ជង្គង់ទាំងពីររបស់ឆ្មបទប់ភ្លៅមាតា ដៃទាំងពីរទប់ផ្ទៃបង្ការមិនឲ្យទារកផ្អៀងទទឹងផ្ទៃ, ដល់ពេលមាតារមាត់ឆ្លងទន្លេ ឆ្មបតែងជួយទប់ផ្ទៃដោយដៃម្ខាង, កាលបើឃើញទារកចេញមក គេតែងចាប់ចង្កាទាញចេញចាកឧទរដោយដៃម្ខាង ។
- នៅពេលឆ្លងទន្លេគេតែងតែអុជទៀនធូបសំបូងសង្រូងដល់គ្រូ ទាំងខាងឆ្មប ទាំងខាងអ្នកមានផ្ទៃឲ្យមកជួយកាន់ខ្នងរងមុខឲ្យទារកកើតឆាប់ ៗ គេតែងរកគ្រូឲ្យធ្វើទឹកមន្តប្រោះយោងធាតុយើងម្លាំងអ្នកមានផ្ទៃ, គេតែងបើកទ្វារ បង្អួច ទូ ហិប ចំហរ នឹងឲ្យស្វាមីកន្លងខ្លួនភរិយា ៣ ដងជាឧបកិច្ចដើម្បីឲ្យទារកកើតឆាប់ ។
លោក ឌួង - អ៊ូច មេឃុំ ៗ អង្កាញ់ ស្រុកព្រៃកប្បាស (តាកែវ) បានឲ្យការណ៍ថាៈ
- ឆ្មបដែលត្រូវគេអញ្ជើញ មុននឹងទៅ តែងធ្វើជាទៅដោះទឹកសត្វតូច ឧបកិច្ចថា "រួចហើយ ៗ" លុះទៅដល់ផ្ទះអ្នកមានផ្ទៃ តែងធាក់កាំជណ្ដើរ ៣ ដង ឧបកិច្ចថា "រួចហើយ ៗ" ដែរ ដើម្បីឲ្យកូនកើតរហ័ស ។
៣.- បរិយាយអំពីក្រោយពេលឆ្លងទន្លេៈ
លោក គង់ - ចន្ទនៈ នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ (កំពង់ចាម) បានឲ្យការណ៍ថាៈ
- កាលទារកចេញចាកឧទរមាតារួចភ្លាម ឆ្មបតែងយកអំបោះដែលទុកលនៅលើកញ្ជើស្រូវពន្លៃ មកចងទងផ្ចិតទារក ២ ចំណងរិតយ៉ាងតឹង បង្ការដល់កាត់ផ្ចិតទៅកុំឲ្យខ្យល់ជ្រាបចូលទៅក្នុងពោះទារក នឹងមិនឲ្យឈាមចេញពីក្នុងពោះទារក, រួចយកកាំបិតកោរ ឬ កន្ត្រៃថ្មីស្អាត ដែលទុកលើកញ្ជើស្រូវពន្លៃមកកាត់ផ្ចិតទារក ។ គេតែងកាត់ទុកចំណងទី ១ ឲ្យជាប់នៅនឹងទងសុក, ចំណងទី ២ នៅនឹងទងផ្ចិតទារក ។
លោក ស៊ុន - សាំង មេឃុំចាស់ នៅឃុំគោកព្រីង ស្រុក - ខែត្រ ស្វាយរៀង បានឲ្យការណ៍ថាៈ
- របៀបកាត់ផ្ចិត, ឆ្មបគេយកខ្នងឫស្សីថ្ង មកបិតឲ្យមានមុខមុតកំដៅភ្លើងក្ដៅ, វេលាកាត់ គេយកធ្យូង ដុំប៉ុនមេជើងទ្រាប់ពីក្រោមទងផ្ចិត ហើយគេកាត់ផ្ដាច់ត្រង់ចន្លោះចំណងទាំងពីរ ។ បានជាគេយកធ្យូងធ្វើជ្រញ់ ពីព្រោះធ្យូងជាធម្មជាតិម្យ៉ាងសម្រាប់ឃាត់ឈាមធ្វើឲ្យឈាមសោះឆាប់សះ, បានជាគេយកឫស្សីថ្ងជាកាំបិតកាត់ផ្ចិតនោះដើម្បីជាប្រថ្នូលដល់ទារកធំឡើងកុំឲ្យវាមានចិត្តម្នោម្នះ។
- លុះកាត់ផ្ចិតហើយ ឆ្មបតែងលាងទារកដោយទឹកក្ដៅអ៊ុន ៗ ហើយយកស្លឹកត្នោតកៀររំអិលដែលជាប់នៅក្បាលឬខ្លួនទារក, រួចគេចាប់ជើងទាំងពីររបស់ទារកយួរឡើងលើ សំយុងក្បាលចុះក្រោម, ទះកូធផាង ៗ ទាល់តែទារកនោះយំឮខ្លាំង ដើម្បីឲ្យទឹកព្រៃហូរចេញអស់, ហើយឆ្មបស្រែក ៣ ដងថា "បានគេឬបានយើង ?" ស្ត្រីអ្នកធ្លាប់ចិញ្ចឹមកូនកបដែលចាំទទួលបីកូនមុនគេឆ្លើយតប ៣ ដងថា "បានយើង" រួចយកក្រណាត់សំពត់ថ្មីសស្អាត ១ ផ្ទាំងរុំខ្លួនទារកឲ្យកក់ក្ដៅ ។
លោក សុខ - នៅ នៅឃុំ - ស្រុកពញាលឺ (កណ្ដាល) បានឲ្យការណ៍ថាៈ
- បើកូនណាកើតមកសន្លប់ គេយកសុខកូននោះទៅលីងក្នុងអំបែងឲ្យក្ដៅ ទើបកូននោះដឹងខ្លួនយំមួយរំពេច ។
- បន្ទាប់ពីកាត់ផ្ចិត ឆ្មបតែងយកក្រូចឆ្មារទុំច្របាច់យកទឹកត្រងយ៉ាងស្អាតបន្តក់ភ្នែកទារកបង្ការឈឺភ្នែក ។
- ឆ្មបតែងលាងចង្អុលដៃស្ដាំខ្លួនឲ្យស្អាតលូកចូលទៅក្នុងមាត់ខ្លួនមួយស្របក់ឲ្យក្ដៅអ៊ុន ៗ ហើយលូកប្រនៀលទៅក្នុងមាត់ទារក ដើម្បីការពារមិនឲ្យវាកើតជ្រាំងទៅថ្ងៃមុខ ។
- លុះស្រេចកិច្ចខាងទារកហើយ, ឆ្មបតែងប្រញាប់ត្រឡប់ទៅកាយផ្ទៃមាតាទម្លាក់សុកនឹងឈាមជ័រឲ្យអស់, បើសុកមិនធ្លាក់ គេហៅថាជាប់សុក ឬថាជាប់កន្ទុយលិនជាការក្រណាស់ ។ ត្រង់បទនេះ លោក ស៊ុន - សាំង បានឲ្យការណ៍ថាៈ
- បើជាប់សុកគេតែងយកឫសត្រៀលដែលចាក់ឫសទៅទិសខាងកើតមកបុកលាយទឹក ដាក់អំបិល ៣ គ្រាប់កំដៅភ្លើងឲ្យក្តៅ ពពោកពោះមាតា ឬស្ងោរឲ្យផឹកតែងធ្លាក់សុករួចងាយ ។
- សុកគេតែងប្រឡាក់អំបិលខ្ចប់កំណាត់កន្ទេល ទុកទាល់តែដល់ពេលទម្លាក់ជើងក្រាន បានគេយកទៅកប់ចោលក្នុងដីតាមទិសដង្ហើមរស់ នឹងតាមក្បួនកំណើត ។ អ្នកខ្លះយកសុកទៅដុតចោលក៏មាន ដើម្បីការពារកុំឲ្យកូននោះកើតកមរមាស់, អ្នកខ្លះយកសុកទៅទើលើប្រគាបឈើធំឆ្ងាយពីភូមិពីផ្ទះក៏មាន ។
- បន្ទាប់ពីពេលទម្លាក់សុកនឹងឈាមជ័រចេញអស់, ឆ្មបតែងប្រញាប់ជាន់ត្រគាកអ្នកឆ្លងទន្លេឲ្យរួមចូលទៅវិញ ពីព្រោះពេលទារកកើតតែងសញ្ជែកឆ្អឹងត្រគាកមាតា រួចគេយកអម្រែងភ្លើងជីរក្រសាំងទំហុំបុកលាយគ្នាច្របាច់កាយទឹកមូត្រ ១ គោមត្រងឲ្យមាតាទទួលទាន, ហើយចាប់ផ្ដើមអាំងភ្លើងតទៅ ។ ពេលអាំងភ្លើងគេឲ្យមាតាទទួលទានថ្នាំដែលត្រាំស្រា ៣ - ៤ ខែ មកហើយ ឬថ្នាំដាំ គឺរំដិញមាស, ឈើភ្លើង, សំបកស្ដុកស្ដោរ, ឫសក្ដាំងបាយ, សំបកជ្រួយ - រលាយ, ផ្សិតសុក្រំ, ដើមផាំងគី ជាដើម ។
- ពេលឆ្លងទន្លេថ្មី ៗ ដែលមាតាមិនទាន់មានទឹកដោះ គេតែងយកឈើអែមត្រាំទឹក យកសំឡីបន្តក់ក្នុងមាត់ទារកជំនួស ចាំពេលមាតាមានទឹកដោះបានគេឲ្យកូនបៅតទៅ ។
អំពីរបៀបអាំងភ្លើងៈ គេតែងយកគ្រែកំពស់ ២ ហត្ថ ១ ចំអាម បណ្ដោយ ៥ ហត្ថ ទទឹង ២ ហត្ថ ១ ចំអាម ជាទីអាំងភ្លើង, តែអ្នកខ្លះដោយផ្ទះគេមានរនាបគេធ្វើធ្នើរទើរជើងក្រានក្រោមផ្ទះអាំងភ្លើង, គេយកអុសក្រសាំងដុតអាំង, គេយកដែកគោលខ្មែរ ១ បោះចំកណ្ដាលជើងក្រានសែកគាថាដកពិសភ្លើង គេចម្លងភ្លើងពីជើងក្រានធម្មតាទៅបង្កាត់, គេតមមិនឲ្យអ្នកណាយកភ្លើងនោះប្រើការឯទៀត, តមមិនឲ្យគោះឬជេះរងើកភ្លើងនោះ បង្ការកុំឲ្យទារកស្រលៀងភ្នែក នឹងតមមិនឲ្យដុតត្រីងៀត ឬធ្វើម្ហូបអ្វីក្នុងភ្លើងនោះ ។ គេយកទ្រាំងដោតនៅជើងក្រាននោះឲ្យខ្មោចខ្លាច ។ អ្នកខ្លះគេយកជើងក្រានដីធម្មតា ២ ឬ ៣ ដាក់ដីកន្លះថ្លាង ២ ឬ ៣ ដាក់ធ្យូងដុតអាំង ។ គេគូសជើងក្អែកនឹងព័ទ្ធសីមានៅបន្ទប់អាំងភ្លើង ការពារព្រាយក្រឡាភ្លើងនឹងបិសាចផ្សេង ៗ, គេតមមិនឲ្យអ្នកក្រៅចូលក្នុងសីមា បានតែអ្នកថែរក្សាប៉ុណ្ណោះ ។
គេអាំងភ្លើង ៣ ថ្ងៃ ៥ ថ្ងៃ ៧ ថ្ងៃ ឬ ដល់ទៅ ៩ ថ្ងៃក៏មាន, ព្រោះតែជាន់ពីដើមគេអាំងភ្លើងដល់ ៩ ថ្ងៃ បានជាមានទំនៀមខាងភិក្ខុតែងចូលបរិវាស ៩ ថ្ងៃ សងគុណមាតាកាលនៅភ្លើង ។ ពេលអាំងភ្លើងគេតែងតមមិនឲ្យអ្នកដទៃ ឬ ស្វាមីខ្លួនអ្នកអាំងភ្លើងនិយាយពាក្យថាក្ដៅ - មិនល្អ - មិនស្រួល នឹងតមមិនឲ្យអ្នកក្រៅផ្ទះចូលទៅសួរផ្ទាល់អ្នកអាំងភ្លើង, គេតែងយកស្លឹកម្នាល់ ១ ធាងចងនៅមាត់ទ្វារចូឡទៅទីអាំងភ្លើងជាសំគាល់ថាមានត្រណមនេះ ។
អំពីអាចម៍ព្រៃៈ បើទារកណាកើតមកហើយមានលាមកព្រៃភ្លាម គេចំណាំថាមិនយូរប៉ុន្មានទារកនោះនឹងក្ស័យទៅវិញ, បើកើតមកយូរបានមានលាមកព្រៃ ទារកនោះទើបរស់នៅ ។
អំពីស្រោមៈ បើទារកកើតមកមានស្រោម គេតែងយកស្រោមប្រឡាក់អំបិលហាលថ្ងៃទុក, ដល់ទារកនោះធំឡើង ចេះបរិភោគបបរ គេយកទៅលាយបបរឲ្យបរិភោគ, ទារកនោះនឹងទៅជាមនុស្សគង់កាប់មិនមុត ។
អំពីការសែនពន្លៃៈ នៅវេលាព្រឹកថ្ងៃទី ៣ បន្ទាប់ពីថ្ងៃទារកកើតមក គេតែងរៀបពិធីសែនពន្លៃ គឺ គេយកទារកដាក់ទន្ទឹមកញ្ជើស្រូវពន្លៃដែលបម្រុងទុកតាំងពីមុនឆ្លងទន្លេ, គេរៀបគ្រឿងស្លៀកពាក់ល្អ ៗ នឹងបង្អែមចំអាបដាក់ជើងពាននឹងតុថាសឆ្វេងស្ដាំ គេអញ្ជើញញាតិអង្គុយជុំវិញទារក ។ ពេលនោះឆ្មបចិតមើមពន្លៃ ៩ ចំណិត, ច្រៀកម្លូ ៣ ចម្រៀក ១ ចម្រៀកខ្ចប់ពន្លៃ ៣ ចំណិត, រួចទំពាពន្លៃនឹងម្លូនោះឲ្យល្អិត, យកម្លូ ១ សន្លឹកទៀត កាត់ធ្វើរង្វង់មូលចំកណ្ដាលយកទៅដាក់ពីលើបង្ហើយទារក ហើយខ្ជាក់ស្លឹកម្លូនឹងពន្លៃដែលទំពារល្អិតនោះបិទចំបង្ហើយទារក ។ ពេលបិទបង្ហើយគេអុជទៀនធូបសំបូងសង្រូងដល់ជីដូនជីតា សូមឲ្យជួយទារកឲ្យបានសេចក្ដីសុខ - ចម្រើន, ឯស្រូវពន្លៃគេទុកជាដំណាងពូជស្រូវទាំងពួង បានជាពេលនោះគេបន់ថា "សូមឲ្យពន្លៃនេះ ជាឱសថទិព្វពិសេស បិទបង្ហើយកូននេះទៅពេលណា សូមឲ្យឆាប់រឹងរលាក្បាល" ។ រួចឆ្មបយកកន្ត្រៃច្រឹបសក់ទារក ២ - ៣ សរសៃដាក់កន្ទោង សំបូងសង្រូងថា "ម្ដាយដើម ! អ្នកឯងបានឲ្យកូននេះដល់យើងហើយ, ឥឡូវអ្នកឯងយកចុងសក់បន្តិចនេះទៅចុះ, កុំមកយាយីកូននេះឲ្យសោះ, ឲ្យកូននេះបានសុខ - ចម្រើនតទៅ" ។ ដូច្នេះហៅថា "សែនផ្ដាច់ម្ដាយដើម" ។
បន្ទាប់ពីនោះ គេចាប់កន្ទុយអុស នឹងកន្ទុយចន្លុះ ដាក់ក្នុងចាន ១ ជាមួយនឹងបង្អែមបន្តិច ចំអាបបន្តិច យកទៅចោលក្រៅរបង ដូច្នេះហៅថា "សែនផ្ដាច់ស្រូវពន្លៃ" ។
នៅពេលសែនពន្លឺ គេតែងឲ្យមាតាបិតាទារកសុំស្មាលាទោសនឹងឆ្មប ហើយជូនស្រូវពន្លៃនឹងម្ហូបចំណីប្រាក់កាសដល់ឆ្មបតាមសមគួរ, ហេតុនេះបានជាគេហៅការនោះជា ២ យ៉ាងផ្លាស់ប្ដូរគ្នាថា "សែនពន្លៃ" ក៏បាន ថា "បង្កក់ឆ្មប" ក៏បាន ។
អំពីទម្លាក់ជើងក្រានៈ កាលបង្កក់ឆ្មបរួចហើយ គេតែងរើជើងក្រានអាំងភ្លើងដាក់ទៅដី ហៅថា "ទម្លាក់ជើងក្រាន" ។ មុននឹងទម្លាក់ជើងក្រាន, គេយកថ្ម ១ ដុំនៅលើជើងក្រានមកសូត្រស្រោចទឹករម្ងាប់, គេដកដែកគោលដែលបោះកណ្ដាលជើងក្រាន នឹងដុំថ្មនោះទម្លាក់ទៅដីដំណាលគ្នា, គេកៀបរងើកភ្លើង នឹងកន្ទុយអុស ឬកន្ទុយធ្យូងជ្រលក់ទឹកក្នុងផើង រួចយកកន្ទុយអុស ឬកន្ទុយធ្យូង គ្រវាសពីទារកទៅដាក់លើស្រូវពន្លៃ, គេយកធ្យូងគូសជើងក្អែកត្រង់ប្រជុំចិញ្ចើមទារកដោយមានជំនឿថាកុំឲ្យកើតស្កន្ធ ។
ក្រោយពិពេលសែនពន្លឺ បង្គក់ឆ្មប ទម្លាក់ជើងក្រាន គេអញ្ជើញញាតិសន្ដានដែលមកជួយកិច្ចធុរៈទាំងប៉ុន្មានពិសាភោជនាហារ នៅពេលនោះ, រួចគេជូនឆ្មបទៅទីលំនៅវិញជាការបង្ហើយកិច្ចបង្កក់ឆ្មប ។
ការផ្សាយសកម្មភាពនៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ស្ដីពីរបៀបឆ្លងទន្លេតាមប្រពៃណីខ្មែរចប់តែប៉ុណ្ណេះ ។
No comments:
Post a Comment