បរិយាយពីដើមកំណើតមហោស្រព
សកម្មភាពនៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ
បរិយាយពីដើមកំណើតមហោស្រព
លោក ចាប - ពិន រៀបរៀង
អស់លោកទាំងឡាយ !បរិយាយពីដើមកំណើតមហោស្រព
លោក ចាប - ពិន រៀបរៀង
នៅប្រទេសកម្ពុជាយើង មហោស្រពព្រះរាជទ្រព្យ នឹងមហោស្រពអ្នកស្រុក គេហៅថា "ល្ខោន" តែនៅប្រទេសជ្វា នឹងសៀម គេហៅថា "លៈខន" ។
ពាក្យខ្មែរ ថា "ល្ខោន", នឹងពាក្យសៀម ថា "លៈខន" សរសេរស្រដៀងគ្នា ប្លែកបន្តិចប្តួចតែខ្យល់អាន, អក្សរបារាំងក៏ប្លែកតែខ្យល់អានដែរ ។
ពាក្យថា "ល្ខោន" ឬថា "លៈខន" បើតម្រូវទៅតាមក្បាច់រាំតាំងពីកាលនៅយឺត ៗ ងាយ ៗ នៅឡើយ ទំនងជាមកពីពាក្យជ្វា ថា "ឡាគូ" ដែលប្រែថា "ដើរ" ហើយដោយហេតុខ្មែរ - សៀម - លាវ - ភូមា ធ្លាប់ជាប់ទាក់ទងទំនៀមទម្លាប់គ្នាយ៉ាងជិតដិត ទើបក្បាច់មហោស្រពនៃប្រទេសទាំងនេះមានលំនាំស្រដៀងគ្នា ។ ប្រហែលជាមែន, ពីព្រោះពាក្យថា "ល្ខោន" ឬ "លៈខន" នឹងពាក្យថា "ឡាគូ" មានឫសកែវជាមួយគ្នាតាំងពីព្រេងនាយមក ។
ល្ខោនខ្មែរនឹង លៈខនសៀមមិនស្រដៀងគ្នាត្រឹមតែឈ្មោះប៉ុណ្ណោះទេ គឺរហូតទាំងក្បាច់ទាំងជំហាន ទាំងការជ្រើសរើសរឿងយកមកលេង ទាំងគ្រឿងភ្លេង ទាំងគ្រឿងតុបតែងសម្លៀកបំពាក់ ក៏ស្រដៀងគ្នាដែរ ។
យោបល់ដែលយល់ថា ល្ខោន ជាមហោស្រពមានឫសកែវ ឬដើមកំណើតជាមួយគ្នា នោះពិតជាត្រូវណាស់ ព្រោះមានដើមកំណើតមកពីឥណ្ឌៀទាំងអស់ ដោយមានរឿងល្ខោនផ្សេង ៗ នឹងក្បាច់រាំនានាជាច្រើនបែប ដែលគេត្រាទុកនៅក្នុងភារតនាដ្យសាស្ត្រ គឺក្បួនរបាំក្នុងរឿងមហាភារត-យុទ្ធ នឹងការចម្រើននៃល្ខោនឥណ្ឌៀ ព្រមទាំងនានាប្រទេសដែលនៅក្រោមមហាអំណាចឥណ្ឌៀជាសំអាង ។
តាំងពីមុរាណមក ប្រទេសនីមួយៗ តែងបន្ថែមគំនិតប្លែក ៗ ទៅលើដើមកំណើតនៃវត្ថុនីមួយៗ ហើយសន្សឹម ៗ កែប្រែខ្លះបន្តិចម្ដង ៗ ដើម្បីកំណត់គោលរបស់ខ្លួន ។
តាមទំនៀមស្រុក ល្ខោនខ្មែរកើតឡើងតាំងពីរជ្ជកាល ព្រះបាទជ័យវរ្ម័នទី ២ គឺព្រះកេតុមាលា ដែលមានព្រះនាមមួយយ៉ាងទៀតថា "បរមស្វរៈ" ជាមហាក្សត្រសោយរាជ្យដំបូងបង្អស់នៅអង្គរ ។
រឿងព្រេងដែលនិយាយពីព្រះរាជបុត្ររបស់ព្រះឥន្ទ្រ ជាធំជាងទេវតានៅឋានត្រៃត្រឹង្ស ជារឿងទាក់ទងដោយសាវតារមហោស្រពដែលនាំឲ្យរឿងនេះល្បីរន្ទឺឮទួទៅ ។ ហេតុដូច្នេះ បានជារឿងដែលទាក់ទងដោយដើមកំណើតព្រះកេតុមាលា នឹងការកសាងអង្គរ ទៅជាការពិសោធន៍នៃមហោស្រព ទាំងជាស្នាដៃឬឥទ្ធិពលខ្មែរ បញ្ចេញឲ្យឃើញ ទី ១ នៅនឹងមហោស្រព, ទី ២ នៅនឹងគ្រឹះស្ថានសិល្បៈ ។
មានរឿងដំណាលថាៈ ព្រះឥន្ទ្រទ្រង់បើកទិព្វចក្ខុមកឃើញថាព្រះអគ្គមហេសីនៃព្រះមហាក្សត្រសោយរាជ្យនៅប្រទេសខ្មែរ គ្មានព្រះរាជបុត្រដល់មួយព្រះអង្គសោះ, ព្រះឥន្ទ្រមានព្រះទ័យសង្គ្រោះចង់បណ្ដុះបណ្ដាលឲ្យមានព្រះរាជបុត្រា តព្រះរាជសន្តតិវង្ស, ហេតុនេះទើបថ្ងៃ ១ ព្រះឥន្ទ្រទ្រង់ហោះទៅលើអាកាសវេហាស៍ នៅវេលាដែលព្រះរាជអគ្គមហេសីគង់នៅខាងក្រៅព្រះបរមរាជវាំង ។
ជនទាំងឡាយមើលពីដីទៅឃើញព្រះឥន្ទ្រដូចដុំរស្មីមួយ ក៏នាំគ្នាស្រែកថាៈ "ពន្លឺ ១ ធ្លាក់ ! ពន្លឺ ១ ធ្លាក់ !" ហើយព្រះឥន្ទ្រដែលបញ្ចាំងរស្មីនោះ ក៏បង្អុរភ្លៀងផ្កាស្រោចស្រប់ព្រះកាយនៃព្រះរាជអគ្គមហេសី ។ តាំងពីថ្ងៃនោះមក ព្រះរាជអគ្គមហេសីទ្រង់ព្រះគភ៌ ។ កាលទ្រង់ព្រះសូត្រព្រះរាជបុត្រ ១ ព្រះអង្គហើយ ព្រះនាងអគ្គមហេសីទ្រង់ព្រះរាជទានព្រះនាមថា "ព្រះកេតុមាលា" ប្រែថា "រស្មីបុប្ផា" តាមការណ៍ដែលចាប់បដិសន្ធិដ៏អស្ចារ្យនោះ ។
នៅសម័យដដែលនោះ ស្រីទេពអប្សរម្នាក់បានចុះពីឋានសួគ៌មកបេះផ្កា ៦ ទងពីក្នុងសួនច្បាររបស់ចិនអ្នកក្រម្នាក់ ដោយឥតឲ្យនរណាឃើញសោះ ។
ព្រោះតែនាងទេពធិតាប្រព្រឹត្តបទល្មួចដូច្នោះ ព្រះឥន្ទ្រទ្រង់ដាក់ទណ្ឌកម្មឲ្យនាងចុះមកនៅឋានមនុស្សលោក ធ្វើជាភរិយាចិននោះអស់វេលា ៦ ឆ្នាំ ។
នាងទេពធីតាបានប្រសូត្របុត្រមួយព្រះអង្គព្រះនាមថា "ព្រះពិស្ណុការ" តាំងពីកុមារមក ព្រះពិស្ណុការប៉ិនប្រសប់ខាងឯការចម្លាក់នឹងគំនូរ ។
កន្លងទៅ ៦ ឆ្នាំ នាងទេពអប្សរវិលទៅស្ថានសួគ៌វិញ, មុននឹងវិលត្រឡប់ទៅស្ថានលើ នាងដាក់ផ្កា ៦ ទងលើខ្នើយស្វាមីនាង ជាសញ្ញាឲ្យដំណឹងដល់ស្វាមីពីរឿងដែលនាងត្រឡប់ទៅឋានសួគ៌វិញ ។ លុះព្រះពិស្ណុការមានជន្មាយុ ១០ ឆ្នាំ បានត្រាច់ស្វែងរកមាតាខ្លួន, កាលធ្វើដំណើរទៅជាច្រើនថ្ងៃ អស់កម្លាំងណាស់ ខោអាវដាច់អស់ ប៉ុន្តែចេះតែអត់ទ្រាំ ដោយចង់ឃើញមាតា ។ មិនយូរប៉ុន្មាន ព្រះពិស្ណុការក៏បានជួបនឹងមាតាដូចបំណង ។
នាងទេពធីតា កាលជួបនឹងបុត្រហើយ ក៏នាំទៅថ្វាយព្រះឥន្ទ្រភ្លាម, ព្រះឥន្ទ្រទ្រង់ចាត់ពួកទេវតាបង្ហាត់ព្រះពិស្ណុការនូវវិជ្ជាសង់ផ្ទះ នឹងតុបតែងលំអផ្ទះ ។
កាលព្រះពិស្ណុការកំពុងរៀនវិជ្ជាសង់ផ្ទះអំពីពួកទេវតា, ព្រះឥន្ទ្រទ្រង់យាងទៅនាំព្រះកេតុ-មាលា ជាព្រះរាជបុត្រព្រះអង្គមកបង្ហាញឋានតាវត្តឹង្ស ទ្រង់ត្រាស់បង្គាប់ឲ្យព្រះកេតុមាលាស្រង់ទឹក ១ ថ្ងៃ ៧ ដង ពីព្រោះទឹកនោះមានគុណធម៌ឲ្យចម្រើនព្រះជន្ម ។
ដោយព្រះកេតុមាលាមានលក្ខណៈជាមនុស្ស ព្រះអង្គមិនអាចគង់នៅឋានតាវត្តឹង្សបានយូរ, ព្រះឥន្ទ្រក៏ត្រាស់បង្គាប់ព្រះកេតុមាលា នឹងព្រះពិស្ណុការឲ្យយាងត្រឡប់មកឋានកណ្ដាលវិញ ហើយមានព្រះឱង្ការផ្ដាំព្រះពិស្ណុការឲ្យសង់ប្រាសាទតាមគំរូប្រាសាទ ដែលព្រះកេតុមាលាទ្រង់ទតឃើញនៅឋានតាវត្តឹង្ស ហើយដែលទ្រង់សព្វព្រះហ្ឫទ័យផង ។
ដោយព្រះទ័យសុភាពរាបសារ ព្រះរាជបុត្រព្រះឥន្ទ្រសព្វព្រះរាជហ្ឫទ័យត្រឹមប្រាសាទក្រោលគោប៉ុណ្ណោះ ដូច្នេះ កាលវិលត្រឡប់មកឋានកណ្ដាលវិញ ព្រះពិស្ណុការបានសង់ប្រាសាទមួយល្អវិចិត្រ ដូចប្រាសាទក្រោលគោនៃព្រះឥន្ទ្រសុទ្ធសាធ ។ ព្រះកេតុមាលាទ្រង់ពេញព្រះហ្ឫទ័យនឹងប្រាសាទនោះពន់ពេក មិនតែប៉ុណ្ណោះបានត្រាស់បង្គាប់ព្រះពិស្ណុការឲ្យសង់ប្រាសាទមានរំលេចរចនាជាច្រើនទៀត ។ អាស្រ័យហេតុនេះហើយ ទើបកើតក្រុងអង្គរល្អចម្លែក ។
ដល់វេលាធ្វើពិធីព្រះរាជាភិសេកព្រះរាជបុត្រា, ព្រះឥន្ទ្រយាងចុះមកស្ថានមនុស្សលោកម្ដងទៀត ។ នៅឱកាសនោះ ព្រះអង្គទ្រង់ព្រះរាជទានបរមនាមទី ២ ដល់ព្រះកេតុមាលា ហើយឲ្យហៅនគរនោះជាកម្ពុជាជាប់ដល់សព្វថ្ងៃនេះ ។ ព្រះឥន្ទ្របង្រៀនវិជ្ជាផ្សេង ៗ សម្រាប់គ្រប់គ្រងនគរនឹងព្រះរាជទានព្រះខាន់រាជ្យ ដែលធ្វើឲ្យមាននគរចំណុះនគរខ្មែរជាច្រើន ទាំងផ្សាយជ័យជោគនៅពេញជុំវិញនគរខ្មែរ ។
ដោយសារព្រះឥន្ទ្របានយាងមករៀបចំនគរខ្មែរសម័យអង្គរ ហើយពួកស្រីទេពអប្សរនឹងស្រីល្ខោនល្អ ៗ នៅឋានតាវត្តឹង្សបានប្រគល់ល្បិចក្បាច់ល្ខោនគ្រប់បែបឲ្យមកខ្មែរ បានជាខ្មែរយើងប្រើសម្លៀកបំពាក់នឹងគ្រឿងប្រដាប់ស្រីល្ខោន តាមភាពស្រីទេពអប្សរនៅឋានសួគ៌តាំងពីសម័យអង្គរមក ដរាបដល់សព្វថ្ងៃនេះ ។
យើងស្លេះរឿងព្រេងត្រឹមនេះ ដើម្បីអធិប្បាយបញ្ចប់ដើមកំណើតល្ខោនខ្មែរថែមទៀត ឲ្យជាក់លាក់តទៅ ៖
រជ្ជកាលព្រះបាទជ័យវរ្ម័នទី ២ តាំងនៅក្នុងឆ្នាំ ៨០២ ដល់ ៨៦៩ ។
ដូច្នេះ ល្ខោននោះជាល្ខោនចាស់ប្រហែលជាជិត ១១ សតវត្សមកហើយ, ទោះបីល្ខោនសម័យនោះមិនដូចល្ខោនសព្វថ្ងៃសុទ្ធសាធក្ដី ក៏គេសន្និដ្ឋានបានថា លំនាំភាពល្ខោនសព្វថ្ងៃ ប្រហែលនឹងលំនាំឬភាពល្ខោនក្នុងសតវត្សទី ៩ ឯណោះ ដោយគេបានឃើញនៅប្រាសាទបាយ័នមានរូបចម្លាក់លំនាំក្បាច់រាំនឹងក្បាច់ល្ខោន ដែលស្ត្រីរបាំខ្មែរសព្វថ្ងៃយកដំរាប់តាមសុទ្ធសាធ ។ លំនាំក្បាច់ដែលគេតែងយកមករាំញឹកញយ គឺលំនាំក្បាច់កាន់ផ្កា ៗ ភាពរាំ ជើងពីរបោះកន្ធែកឆ្ងាយពីគ្នាបន្តិច, ជើងមួយបត់លើកឡើងផុតពីដី, ដាក់ដៃម្ខាងសណ្ដូកតាមភ្លៅ, ដៃម្ខាងទៀតបត់ត្រឹមកែងដៃ, បាតដៃទ្រផ្ការំយោលឬផ្កាឈូកមួយទង, មេដៃនឹងចង្អុលដៃជីបភ្ជាប់គ្នា ម្រាមដៃ ៣ ទៀតពត់ងទន្ទាំឃ្លាតឆ្ងាយពីគ្នាបន្តិច ។
ក្បាច់មួយយ៉ាងដែលបង្ហាញឲ្យយើងឃើញញឹកញយ គឺក្បាច់ហោះ ជាក្បាច់គួរពិតពិលរមិលមើល, ប៉ុន្តែច្រើនតែមានលំនាំឆ្គាំឆ្គងខ្លះ ដោយបញ្ចេញការបត់បែនវិលវង់ហួសខ្នាតឃ្លាតចាកការពិត, តែទោះបីដូច្នោះ ក៏គេអាចរាប់បញ្ចូលក្បាច់នោះទៅនឹងក្បាច់របាំនានាដែលមានរបៀបហោះដូចគ្នា ជាក្បាច់មួយចម្លែក ល្អមើលជាងគេក្នុងចំណោមក្បាច់ល្ខោនខ្មែរ ។
រូបចម្លាក់នៅប្រាសាទបាយ័ននឹងក្បាច់ចម្លាក់ នៅលើប្រាសាទទាំងឡាយក្នុងអង្គរ មិនមែនធ្វើដំណាងក្បាច់ល្ខោនទាំងអស់ទេ, ក្បាច់ដែលធ្វើបង្ហាញឲ្យឃើញទាំងប៉ុន្មាន នោះក្លាយទៅជាក្បាច់ឯទៀតជាច្រើន, ប៉ុន្តែបើគេសំគាល់ក្បាច់ល្ខោន ដែលមានយកទៅធ្វើជារូបចម្លាក់នោះ គេអាចសន្មតថាការព្យាយាមក្នុងកិច្ចគោរពច្បាប់ដើមមិនចេះអស់ឡើយ ។
គ្រឿងអលង្ការ ដែលស្ត្រីល្ខោនយកមកពាក់ គឺជាគ្រឿងតុបតែងរបស់ពួកស្ត្រីទេពអប្សរ ប៉ុន្តែឯសម្លៀកបំពាក់មិនមែនរបស់ស្ត្រីទេពអប្សរទេ លើកតែកំណាត់ដែលយកមកធ្វើជាសំពត់សំឡុយប៉ុណ្ណោះ ។
ឯគ្រឿងតុបតែងនេះ មិនមែនប្រើតាមទំនើងចិត្តអ្នកស្អាងឲ្យទេ គឺដល់ពេលក្រោយ ទើបគេបន្ថែមសម្លៀកបំពាក់បន្តិចម្ដង ៗ ឡើងទៀត ។ ត្រង់កន្លែងនេះគ្មានការអ្វីគួរឲ្យឆ្ងល់សោះ ពីព្រោះល្ខោនទាំងស្រុកខ្មែរទាំងស្រុកដទៃកើតឡើងតាំងពីអ្នកស្រុកនៅអាក្រាតនៅឡើយ ។
នៅប្រាសាទបាយ័ន គេឃើញមានរូបចម្លាក់មួយដំណាងជីវភាពស្ត្រីល្ខោនម្នាក់ គឺរបៀបងូតទឹក របៀបតុបតែងកាយ, របៀបពត់ខ្លួន នឹងរបៀបហាត់ គួរឲ្យពេញចិត្តចំពោះរូបចម្លាក់មួយនេះខ្លាំងណាស់ ដោយបានធ្វើឲ្យយើងដឹងថាស្ត្រីល្ខោនខ្មែរយើងមានជីវភាពហ្មត់ចត់ ដូចជាស្ត្រីល្ខោនក្រុមព្រះរាជទ្រព្យដែលតែងតែប្រកបជីវភាពនោះតរៀងមក ។
ទំនៀមទម្លាប់តែងប្រកាន់ទុកដោយម៉ឺងម៉ាត់នូវដើមកំណើត, ច្បាប់ជីវភាពសម្រាប់ស្ត្រីល្ខោន នឹងរបៀបរាំល្ខោន ។ តាមមតិរបស់អ្នកចេះដឹងជាតិថៃខ្លះថា នៅប្រទេសកម្ពុជានេះហើយ ដែលកាន់ទំនៀមដ៏បរិសុទ្ធ ។ គេបានដឹងថាប្រជាជនថៃ ក៏បានធ្វើឲ្យមហោស្រពរបស់គេបានចំរើនណាស់ដែរ។ ឯមហោស្រពរបស់ខ្មែរយើង ពិតមែនតែយើងមិនបោះបង់ចោលស្មោះ ប៉ុន្តែយើងធ្វេសប្រហែសមិនសូវនិយមអស់រយៈពេលាជាយូរណាស់ដែរ គឺក្នុងរវាងសតវត្សរ៍ទី ១៦ ដែលប្រទេសកម្ពុជាកំពុងឱនថយអានុភាព ហើយដល់សតវត្សរ៍ទី ១៧ ខ្មែរយើងទៅយករបៀបមហោស្រពរបស់ខ្លួនពីប្រទេសថៃមកវិញ ដែលគេកំពុងតែរៀបរយមហោស្រពនោះ តាមបំណងរបស់គេ ។ ប៉ុន្តែខ្មែរយើងមិនយកត្រឹមតែរបៀបល្ខោនមកវិញប៉ុណ្ណោះទេ គឺរហូតដល់ប្រែទាំងរឿងដែលថៃគេយកទៅលេងល្ខោនផង ។
នៅសម័យនោះ ក៏មានក្រុមល្ខោនប្រុស ស្រីក្នុងព្រះបរមរាជវាំងស្ដេចនានា ម្យ៉ាងទៀត ឧបាសកជើងវត្តខ្លះ ៗ ដែលបានរក្សាទុកនូវសាស្ត្រារឿងរាមកេរ្តិ៍ បានប្រមូលកូនសិស្សលោកបង្កើតធ្វើជាក្រុមល្ខោនឡើង ដើម្បីជាការកំសាន្តខ្លួនឯង នឹងពួកកូនសិស្សលោក ។ អាស្រ័យហេតុនេះហើយ ទើបទំនៀមក្បាច់ល្ខោនមាននៅសល់ដោយអន្លើ ៗ ។
ឯបព្វជិតនៅសម័យនោះក៏កាន់វិន័យតឹងតែងណាស់ សូម្បីតែការកំសាន្តបែបនេះ ក៏បព្វជិតឥតបានទៅកំសាន្តផងទេ ។ ម្ល៉ោះហើយ ក៏បណ្ដោយឲ្យឪពុកម្ដាយរបស់កូនសិស្សធ្វើតាមចិត្ត ។
គេមិនសូវងឿងឆ្ងល់ពីការផ្លាស់ប្ដូរពាក្យប្រើក្នុងមហោស្រព, ល្ខោន ឬរបាំ នឹងរឿងល្ខោនទេ ។
នៅចុងបូព៌ាប្រទេស មហោស្រពនឹងរបាំផ្សេង ៗ ដែលលាយឡំគ្នា គេមិនអាចនិយាយពីមួយចោលមួយបានឡើយ ។
ការចាក់ក្បាច់ ដំបូងគ្រា តែជាការសំដែងមនោសញ្ចេតនារបស់មនុស្សប៉ុណ្ណោះទេ ដល់ក្រោយមកទើបបានគេរាំរឿង ដែលបានលេងនៅក្នុងព្រះវិហារធំរបស់សាសនា ។
សេរីភាពក្នុងការរាំនឹងក្នុងគំនិតផ្ដើម ចួនកាលចំរើនពីការពិសិដ្ឋទៅជាមិនពិសិដ្ឋវិញក៏មាន, ប៉ុនតែក្បាច់នៅដូចល្បាច់ដើមដដែល ព្រោះសៀវភៅពិសិដ្ឋបំបត់មហោស្រព នឹងល្ខោនឲ្យមានច្បាប់ដូចគ្នា ។
ពាក្យមហោស្រពនឹងល្ខោន ហៅជាពាក្យសំស្ក្រឹតតែមួយម៉ាត់ថានាដ្យៈ ។
មុននឹងបង្រួមរឿងមហោស្រព នៅមានបរិយាយអំពីការម៉ិតប្រាយរបស់ល្ខោនដែលខ្មែរយើងយកតម្រាប់ពីប្រទេសសៀម ។ អធិប្បាយអំពីលីកេ ឬយីកេដែលប្រជាជនច្រើននិយមរាប់អាន ។ យីកេកើតមាននៅក្នុងប្រទេសកម្ពុជារវាងពាក់កណ្ដាលសតវត្សរ៍ប៉ុណ្ណោះ, ទាំងអាយបេ ឬអាប៉េ ក៏កើតក្នុងរវាងសតវត្សរ៍នោះដែរ គឺក្នុងឆ្នាំ ១៨៧៦ ក្នុងរជ្ជកាលព្រះបាទនរោត្ដម ។
អាប៉េ គឺជាល្ខោនបរទេសមកពីស្រុកសៀម ដែលមានបែបដូចជាចម្រៀងផ្ដោះផ្ដងនៅប្រទេសលាវ ។
ជួនកាលអាប៉េនោះ គ្រាន់តែស្រីនឹងប្រុសម្នាក់អង្គុយទល់មុខគ្នាច្រៀងចោទឆ្លើយផ្ដោះផ្ដងទៅវិញទៅមក, ជួនកាលមានពួកស្រី - ប្រុសជាច្រើននាក់អង្គុយមួយប៉ែកម្ខាងច្រៀងម្នាក់ម្ដង ៗ ពីរឿងអ្វីមួយ ហើយទះដៃធ្វើជាចង្វាក់ភ្លេង ។
អាប៉េ បើកុំឲ្យតែបណ្ដាជនជ្វាយកដំរាប់តាមចម្រៀងផ្ដោះផ្ដង នៅប្រទេសលាវ ហើយយកមកក្លាយជាចម្រៀងសាសនា គឺជារបាំផ្សំអំពីយីកេជាន់ដើម ដែលមានដើមកំណើតពីជ្វា នឹងមុយស៊ុលម៉ង់ ។ ប៉ុន្តែយីកេជ្វាមិនមែនជារបាំកំសាន្ត ដូចជាអាប៉េនឹងយីកេនៅស្រុកសៀមទេ គឺជាចម្រៀងសាសនា ។
របៀបលេង គឺគេធ្វើជាពួកតាបសអង្គុយដំកង់សូត្រធម៌តិច ៗ ព្រមគ្នា មានតាបសម្នាក់និយាយរអ៊ូតែម្នាក់ឯង កាត់ធម៌តាបសឯទៀតម្ដង ៗ ហើយមានពួកជ្វាដែលខ្វះកិច្ចគោរពពោលពាក្យក្រៅអំពីធម៌ បន្លប់ពាក្យរអ៊ូរបស់តាបសដែលកើតទៅជាការកំផ្លែងចំអន់លេងពិត ៗ ទៅវិញ ។ បណ្ដាជនសៀមចូលចិត្តនឹងរបៀបកំផ្លែងដូច្នេះ ម្ល៉ោះហើយបើគេមើលយីកេគេគិតតែពីនាំគ្នាសើចមិនចេះស្រាក ។ ឯហេតុដែលយីកេជ្វាកើតទៅជាអាប៉េសៀម នោះជាការងាយរៀបរាប់ទេ ប៉ុន្តែការដែលធ្វើឲ្យយីកេចំរើនពីសៀមមកខ្មែរទៀត ជាការលំបាកណាស់ទៅវិញ ពីព្រោះយីកេដែលយើងធ្លាប់បានឃើញ គឺជាល្ខោនពិត ៗ មានលេងជាច្រើននាក់មានសំលៀកបំពាក់ ចេញចូលក្នុងឆាករាំចាក់ក្បាច់មានភ្លេងពិណពាទ្យអមផង មិនមែនចរៀងផ្ដោះផ្ដងទេ ។ យីកេជាន់ក្រោយឃើញថាខុស ពីអាប៉េពីជាន់មុខឆ្ងាយណាស់ ។ ប៉ុន្តែយីកេឬអាប៉េមានគោលតែពីររួមគ្នា គឺការកំផ្លែងនឹងការស្និទ្ធស្នាល ។
ចម្រៀងក្នុងអាប៉េ គ្មានពាក្យពីរោះពីសាថ្លៃថ្នូរទេ ពីព្រោះកាលដើមឡើយ អាប៉េកើតឡើងដោយសារតែពាក្យចំអន់ធម៌តាបសជ្វាលេងប៉ុណ្ណោះ ។
ចំណែកឯយីកេជាល្ខោនមួយបែប ដែលគេយកដំរាប់ពីល្ខោនធម្មតានឹងលំនាំល្ខោនជាតិបរទេសនានា, ក្បាច់ល្ខោននោះប្រើសម្រាប់កិរិយាកំផ្លុកកំផ្លែងលែបខាយ សម្លៀកបំពាក់ក៏ប្រើជារបៀបកំផ្លែងដែរ, ឯរឿងព្រេងច្របូកច្របល់លាយឡំនឹងរឿងរបស់ជ្វា, ភូមា, មាឡាបារ, លាវ, ចិន ។ល។
គេជឿថាៈ ដែលយីកេលេងរបៀបនេះ គឺជាល្បែងថ្មីទើបនឹងកើតប្រហែលជា ២០០ ឆ្នាំប៉ុណ្ណោះ ។
បរិយាយពីដើមកំណើតមហោស្រពចប់ដោយសង្ខេបតែប៉ុណ្ណេះ ។
និគមវចនៈ
ក្នុងលោកគេស្គាល់ខ្មែរយើងបាន
ដោយឋានសិល្បៈអង្គរវត្ត
នឹងដោយមហោស្រពខ្មែរប្រាកដ
ជាច្រើនសតវត្សរ៍យ៉ាងចំណាន ។
ដូច្នេះ ខ្មែរថ្មីត្រូវរក្សា
មហោស្រពខេមរា នឹងគ្រឹះស្ថាន
សិល្បៈខ្មែរយើងពីបុរាណ
ឲ្យបានគង់វង់រុងរឿងអើយ !
No comments:
Post a Comment