សង្គហធម៌
ព្រះបាឡាត់ឧត្ដមលិខិត សុង - ស៊ីវ វត្តលង្កា ភ្នំពេញ
ទេសនាដាក់វិទ្យុប្រទេសកម្ពុជា កាលពីថ្ងៃ ៨ រោច ខែផល្គុន ឆ្នាំជូត សំរិទ្ធិស័ក
ព. ស. ២៤៩១ (២២ - ៣ - ៤៩)
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។ព្រះបាឡាត់ឧត្ដមលិខិត សុង - ស៊ីវ វត្តលង្កា ភ្នំពេញ
ទេសនាដាក់វិទ្យុប្រទេសកម្ពុជា កាលពីថ្ងៃ ៨ រោច ខែផល្គុន ឆ្នាំជូត សំរិទ្ធិស័ក
ព. ស. ២៤៩១ (២២ - ៣ - ៤៩)
វេលានេះ អាត្មាភាពសូមសំដែង អំពីសង្គហធម៌ ដែលមានក្នុងសត្តន្តបិដក គម្ពីរទីឃនិកាយ បាដិកវគ្គ ដូចសេចក្ដីតទៅនេះ
កិច្ច ឬឧបាយសម្រាប់សង្គ្រោះឬក៏សករោចស្រង់គ្នានឹងគ្នាឲ្យមានក្ដីស្នេហាទៅវិញទៅមក កុំឲ្យបែកបាក់គ្នា ហៅថា សង្គហធម៌ (ឬថាបិយករណធម៌ ៗ ជាគ្រឿងធ្វើនូវសេចក្ដីស្រឡាញ់), មាន ៤ យ៉ាង ដូចពុទ្ធភាសិតមួយកន្លែង ក្នុងសិង្គាលោវាទសូត្រថាៈ
ទានញ្ច បិយវជ្ជញ្ច អត្ថចរិយា ច យា ឥធ
សមានត្តតា ច ធម្មេសុ តត្ថ តត្ថ យថារហំ
ឯតេ ខោ សង្គហា លោកេ រថស្សាណីវ យាយតោ
ឯតេ ច សង្គហា នាស្ស ន មាតា បុត្តការណា
លភេថ មានំ បូជំ វា បិតា វា បុត្តការណា ។
សេចក្ដីថាៈ ធម៌សម្រាប់សង្គ្រោះមនុស្សក្នុងលោកនេះ មាន ៤ យ៉ាង គឺៈ ការឲ្យទាន ១, ពោលពាក្យពីរោះ ១, កិរិយាប្រព្រឹត្តអំពើឲ្យជាប្រយោជន៍ ១, ភាពជាអ្នកតាំងខ្លួនឲ្យស្មោះស្មើ ១, ធម៌ទាំងប៉ុណ្ណេះនេះ រមែងប្រព្រឹត្តទៅក្នុងលោកដូចប្រែកទប់នៃរទេះ ។ អធិប្បាយថា រទេះកាលបើមានប្ឬកទប់ ទើបអាចប្រព្រឹត្តទៅ បើមិនមានទេក៏មិនអាចប្រព្រឹត្តទៅបានឡើយ ដូចម្ដេចមិញ, សត្វលោក កាលបើមានសង្គហធម៌ទាំង ៤ នេះ ទើបប្រព្រឹត្តទៅបាន បើមិនមានទេក៏មិនអាចប្រព្រឹត្តទៅបានដូច្នោះឯង ។ សង្គហធម៌ប៉ុណ្ណេះមិនមានហើយ មាតាក្ដី បិតាក្ដី ក៏មិនបាននូវការបូជា ឬសេចក្ដីរាប់អានអំពីបុត្ររបស់ខ្លួនឡើយ ។
១- ការឲ្យទាន .- ទាននេះចែកជា ២ យ៉ាងគឺៈ សារណទាន ១ អសារណទាន ១ ។ ឲ្យចំពោះរូបបុគ្គលម្នាក់ ៗ ដូចជាមាតាបិតាឲ្យអាហារ, ឲ្យគ្រឿងប្រដាប់ស្លៀកពាក់, ឲ្យទ្រព្យសម្បត្តិធ្វើដើមទុនដល់បុត្រធីតា ឬក៏បុត្រធីតាដែលមានផ្ទះសម្បែងហើយ បានជូនភោជនាហារគ្រឿងស្លៀកពាក់ដល់មាតាបិតាដែលចាស់ជរា, យ៉ាងនេះហៅថា អសាធារណទាន ។ ឥស្សរជន ឬអ្នកមានទ្រព្យសម្បត្តិ ជាអ្នកមានចិត្តផ្សាយមេត្តា អាណិតអាសូរដល់មហាជនហើយលះបង់ទ្រព្យសម្បត្តិ ជួលគេឲ្យលើកថ្នល់, ជីកព្រែក, ធ្វើស្ពាន, ដើម្បីជាផ្លូវគមនាគមន៍ទៅមកបានស្រួល ឬដាំដើមឈើ, ជីកស្រះ, ជីកអណ្ដូង, សង់សាលា ដើម្បីជាទីសំណាក់អាស្រ័យដល់មនុស្សអាគន្តុកៈ ឬទំនុកបំរុងធ្វើផ្ទះពេទ្យ, សាលាបង្រៀនជាទីឲ្យចំណេះវិជ្ជាដល់កុមារាកុមារី, យ៉ាងនេះហៅថា សាធារណទាន ព្រោះឲ្យមិនចំពោះរូបបុគ្គលម្នាក់ ៗ, នេះជាសង្គហធម៌ទី ១ ។
២- ការពោលពាក្យពីរោះ .- នោះអធិប្បាយថា អ្នកឲ្យបើគ្រាន់តែឲ្យប៉ុណ្ណោះ ប៉ុន្តែមិនបានពោលពាក្យពីរោះគួរឲ្យចាប់ចិត្តផងទេ, វត្ថុដែលឲ្យនោះ បើទុកជាច្រើនយ៉ាងណា ក៏ប្រាកដហាក់ដូចជាតិច, បើពោលពាក្យពីរោះគួរឲ្យចាប់ចិត្តផង, ភ័ស្ដុភាដែលឲ្យនោះសូម្បីតិចតួចសោះក៏ប្រាកដហាក់ដូចជាច្រើន ព្រោះធ្វើឲ្យកើតសេចក្ដីស្រឡាញ់ពេញចិត្ត, ដូចភាសិតបុរាណថាៈ "ប្រហុកអំបិលក៏ដោយចុះឲ្យតែចានកណ្ដាប់មាស", ព្រោះហេតុនោះ បានជាព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ចាត់ការពោលពាក្យពីរោះ ថាជាសង្គហធម៌ទី ២ ។
៣- កិរិយាប្រព្រឹត្តអំពើឲ្យជាប្រយោជន៍ .- អធិប្បាយថា អ្នកឲ្យបើប្រសិនជាឲ្យហើយនិយាយពីរោះផង ដែលជាគុណចាប់ចិត្តចងមេត្រីទុកបានយ៉ាងស្និទ្ធហើយ, ប៉ុន្តែបើជាមនុស្សចេះតែមើលបំណាំគ្នាទៅវិញទៅមក មិនប្រព្រឹត្តប្រយោជន៍ដល់គ្នានឹងគ្នា គឺថាមិនហុចប្រយោជន៍ឲយ មិនប្រាប់ឧបាយឲ្យកើតប្រយោជន៍ គ្រាន់តែឲ្យរបស់នឹងនិយាយពីរោះប៉ុណ្ណោះ ការស្និទ្ធនោះក៏នឹងសាបសូន្យទៅវិញដោយងាយ ។ ព្រោះហេតុនោះ ការប្រព្រឹត្តអំពើជាប្រយោជន៍នេះ ចាត់ជាសង្គហធម៌ទី ៣ ។
៤- ភាពជាអ្នកតាំងខ្លួនឲ្យស្មោះស្មើ .- នោះអធិប្បាយថា អ្នកឲ្យសូម្បីឲ្យហើយ និយាយពាក្យពីរោះ ព្រមទាំងជួយខ្វល់ខ្វាយធ្វើប្រយោជន៍ដល់គ្នានឹងគ្នាហើយ តែបើមិនចេះរៀបចំខ្លួនឲ្យសមតាមយសស័ក្តិ ឬមិនស្គាល់ធំ, តូច, ខ្ពស់, ទាប ជាអ្នកប្រកាន់មានៈមើលងាយគេ, សេចក្ដីរាប់អានគ្នាក៏នឹងសាបសូន្យទៅវិញ ។ លុះតែអាស្រ័យនូវសេចក្ដីស្មោះស្មើ តាំងខ្លួនឲ្យសមតាមយសស័ក្តិផង, ទើបសេចក្ដីរាប់អាននោះនឹងមានកំឡាំងអាចតាំងនៅយូរអង្វែងទៅបាន ។ នេះចាត់ជាសង្គហធម៌ទី ៤ ។
សព្វសត្វទាំងអស់ក្នុងលោកគួរមានសង្គហធម៌ សង្គ្រោះដល់គ្នានឹងគ្នាទៅវិញទៅមកតាមជាន់តាមថ្នាក់ ទើបចក្រទាំងគូ គឺពុទ្ធចក្រ នឹងអាណាចក្រវិលទៅរកវឌ្ឍនធម៌ នឹងសន្តិសុខបានដោយស្រួល ។
ឯបុគ្គលដែលត្រូវមានសង្គហធម៌សង្គ្រោះគ្នានឹងគ្នានោះ មាន ៦ ពួក, ព្រះពុទ្ធជាម្ចាស់ ទ្រង់និពន្ធជាបទព្រះគាថាប្រៀធៀបនឹងទិសទាំង ៦ ដូច្នេះថាៈ
មាតាបិតា ទិសា បុព្វា អាចរិយា ទក្ខិណា ទិសា
បុត្តទារា ទិសា បច្ឆា មិត្តាមច្ចា ច ឧត្តរា
ទាសកម្មករា ហេដ្ឋា ឧទ្ធំ សមណព្រាហ្មនា
ឯតា ទិសា នមស្សេយ្យ អលមត្តោ កុលេ គិហី ។
សេចក្ដីថាៈ មាតាបិតាទុកជាទិសខាងកើត, គ្រូបាអាចារ្យទូកជាទិសខាងត្បូង, បុត្រភរិយាទុកជាទិសខាងលិច, មិត្រសំឡាញ់ទុកជាទិសខាងជើង, ទាសកម្មករទុកជាទិសខាងក្រោម, សមណព្រាហ្ម៍ទុកជាទិសខាងលើ, គ្រហស្ថក្នុងត្រកូលដែលមានសមត្ថភាព ចិញ្ចឹមបុត្រភរិយា ហើយនៅគ្រប់គ្រងផ្ទះសំបែង គប្បីនមស្សការនូវបុគ្គលទាំងឡាយមានមាតាបិតាជាដើមដែលទុកដូចជាទិសនោះ ៗ ចុះ ។
សេចក្ដីអធិប្បាយ
មាតាបិតាទុកជាទិសខាងកើត បុត្រធីតាគប្បីមានសង្គហធម៌ប្រតិបត្តិចំពោះមាតាបិតាដោយស្ថាន ៥ យ៉ាងគឺៈ
១- កូនត្រូវតាំងចិត្តថា អាត្មាអញនេះ គឺមាតាបិតាបានចិញ្ចឹមមកហើយ អាត្មាអញត្រូវចិញ្ចឹមលោកវិញ ។
២- កូនត្រូវតាំងចិត្តថា កាលបើមាតាបិតាមានកិច្ចរវល់ នោះអាត្មាអញត្រូវបញ្ឈប់ការងាររបស់ខ្លួនទុកសិន ហើយត្រូវធ្វើកិច្ចរវល់របស់មាតាបិតាវិញ ។
៣- កូនត្រូវតាំងចិត្តថា អាត្មាអញត្រូវដំកល់វង្សត្រកូលមាតាបិតា ទុកឲ្យល្អមិនឲ្យវិនាស គឺថានឹងមិនញ៉ាំងទ្រព្យសម្បត្តិរបស់មាតាបិតាឲ្យវិនាសដោយការឥតប្រយោជន៍ នឹងសង្គ្រោះមាតាបិតាឲ្យផុតអំពីវង្សដែលមិនប្រកបដោយធម៌ ហើយឲ្យតាំងនៅក្នុងវង្សដែលប្រកបដោយធម៌, នឹងមិនផ្ដាច់បង់នូវការកុសលទាំងឡាយមានសលាភភត្តជាដើមដែលមាតាបិតាបានប្រព្រឹត្តធ្វើតាមគន្លងត្រូវល្អមកហើយ ។
៤- កូនត្រូវតាំងចិត្តថា អាត្មានឹងតាំងចិត្តគំនិតមារយាទឲ្យល្អ ឲ្យជាទីពេញចិត្តនាំមាតាបិតា ឲ្យជាមនុស្សគួរមាតាបិតាប្រគល់ទ្រព្យសម្បត្តិកេរ្តិ៍ដំណែលឲ្យ ។
៥- កូនត្រូវតាំងចិត្តថា កាលបើមាតាបិតាធ្វើកាលកិរិយាហើយ អាត្មាអញត្រូវធ្វើទក្ខិណាទាន ឧទ្ទិសចំណែកផលបុណ្យជូនដល់មាតាបិតារឿយ ៗ ។
ចំណែកខាងមាតាបិតាត្រូវអនុគ្រោះបុត្រធីតាដោយស្ថាន ៥ យ៉ាងគឺៈ
១- ហាមឃាត់កូនមិនឲ្យធ្វើកម្មអាក្រក់ មានឃាត់កូនមិនឲ្យសម្លាប់សត្វ លួចទ្រព្យគេជាដើម។
២- ឲ្យកូនដំកល់នៅក្នុងកម្មជាកុសល មានទាននឹងសីលជាដើម ។
៣- ឲ្យកូនសិក្សារៀនសិល្បសាស្ត្រចំណេះវិជ្ជាដែលគួររៀនមានអក្សរនឹងលេខជាដើម ។
៤- រៀបចំកូនឲ្យមានភរិយា ឬស្វាមីតាមសមគួរដល់ត្រកូលនឹងទ្រព្យសម្បត្តិ ។
៥- ឲ្យទ្រព្យសម្បត្តិដល់កូនក្នុងសម័យពីរយ៉ាងគឺៈ និច្ចសម័យ ១, កាលសម័យ ១, និច្ចសម័យនោះគឺ ឲ្យទ្រព្យសម្បត្តិរឿយ ៗ ដើម្បីឲ្យកូនចាយប្រើតាមការគួរ ឬឲ្យដើម្បីទុកធ្វើកុសលណាមួយ, កាលសម័យនោះ គឺឲ្យក្នុងកាលដែលបានរៀបចំឲ្យកូនមានភរិយាស្វាមីហើយ ឬឲ្យក្នុងកាលដែលខ្លួនជិតនឹងដល់នូវមរណភាព ។
គ្រូបាអាចារ្យទុកជាទិសខាងត្បូង សិស្សត្រូវប្រតិបត្តិដោយស្ថាន ៥ យ៉ាងគឺៈ
១- ដោយកិរិយាធ្វើនូវបច្ចុគ្គមនាការក្រោកឡើងទទួល គឺថាបើសិស្សកំពុងអង្គុយនៅក្នុងទីណាមួយ ដែលមិនមានបុគ្គលជាធំជាងគ្រូអាចារ្យទេ កាលបើបានឃើញគ្រូអាចារ្យមកកាន់ទីនោះ ត្រូវសិស្សក្រោកឈរឡើង, បើលោកមានគ្រឿងបរិក្ខាអ្វី ត្រូវទទួលយកមកអំពីលោកដោយអើពើ ត្រូវរកទឹកលាងជើង, រកកំណាត់ជូតជើងរួចត្រូវចាត់ចែងទីអាសនៈដើម្បីលោក, លុះលោកអង្គុយហើយ សឹមខ្លួនអង្គុយជាខាងក្រោយ ។
កាលបើលោកក្រោកលាខ្លួនទៅ ត្រូវធ្វើអនុគ្គមនាការ គឺក្រោកជូនលោកទៅ បើយ៉ាងជិតណាស់ត្រឹមមាត់ទ្វារក្រៅ ។
២- ដោយកិរិយាចូលទៅបំរើគ្រូអាចារ្យក្នុង ១ ថ្ងៃ ៣ ដងគឺ វេលាព្រឹកម្ដង, ថ្ងៃត្រង់ម្ដង, ល្ងាចម្ដង ។
៣- ដោយកិរិយាជឿស្ដាប់ពាក្យឱវាទគ្រូអាចារ្យ ដែលលោកពោលទូន្មានប្រៀនប្រដៅដោយល្អ ។
៤- ដោយការបំរើតូច ៗ មានឲ្យឈើស្ទន់នឹងទឹកលុបមុខជាដើម ។
៥- ដោយកិរិយារៀនសូត្រសិល្បសាស្ត្រ ចំណេះវិជ្ជាអំពីគ្រូអាចារ្យដោយគោរព គឺរៀនម្ដង ៗ តាមសមគួរដល់កម្លាំងប្រាជ្ញានៃខ្លួនហើយស្វាធ្យាយទន្ទេញដរាបដល់ចាំ ដល់ចូលចិត្ត ។
ចំណែកគ្រូបាអាចារ្យត្រូវអនុគ្រោះសិក្សាដោយស្ថាន ៥ យ៉ាង គឺៈ
១- ទូន្មានប្រៀនប្រដៅសិស្សដោយល្អ គឺទូន្មានប្រៀនប្រដៅឲ្យសិស្សចេះរៀបចំឥរិយាបទទាំង ៤ គឺដេក, ដើរ, ឈរ, អង្គុយ ឲ្យរៀបរយ ព្រមទាំងប្រដៅមិនឲ្យសេពគប់តែនឹងកល្យាណមិត្រ ។
២- បង្ហាត់បង្រៀនសិស្សដោយល្អ គឺបង្ហាត់បង្រៀនដោយត្រូវតាមអត្ថនឹងព្យញ្ជនៈ នឹងរបៀបពាក្យរបៀបសេចក្ដីឲ្យសិស្សចាំចូលត្រឹមចិត្ត ។
៣- បង្ហាញសិល្បសាស្ត្រចំណេះវិជ្ជាដល់សិស្ស ដោយមិនលាក់ទុក គឺថាបើខ្លួនចេះប៉ុន្មាន ចង់ឲ្យសិស្សចេះប៉ុណ្ណោះដែរ ។
៤- ពោលពាក្យលើកសរសើរសិស្ស ដែលមានសិល្បសាស្ត្រចំណេះវិជ្ជា នឹងកិរិយាមារយាទល្អពិតនោះ ឲ្យច្បាស់ប្រាកដដល់មិត្រនឹងអាចារ្យ ។
៥- ធ្វើនូវសេចក្ដីការពាររក្សាសិស្ស ក្នុងទិសទាំងឡាយ គឺថាឲ្យសិស្សរៀនសិល្បសាស្ត្រចំណេះវិជ្ជា មិនឲ្យទើសទាល់ក្នុងវេលាដែលសិស្សនៅក្នុងទិសនោះ ៗ ។
ភរិយាទុកជាទិសខាងលិច ស្វាមីគប្បីអនុគ្រោះដោយស្ថាន ៥ យ៉ាង គឺៈ
១- ដោយសេចក្ដីរាប់អានដោយសំដីដ៏ទន់ផ្អែមទៅរកភរិយា ។
២- ដោយកិរិយាមិនបៀតបៀន មិនមើលងាយភរិយាដូចទាសកម្មករ ។
៣- ដោយកិរិយាមិនប្រព្រឹត្តកន្លងចិត្តភរិយា ។
៤- ដោយកិរិយាប្រគល់នូវឥស្សរិយៈ គឺភាវៈជាធំក្នុងការចាត់ចែងម្ហូបចំណីឲ្យដាច់មុខទៅភរិយា ។
៥- ដោយកិរិយាផ្គត់ផ្គង់នូវគ្រឿងប្រដាប់ដល់ភរិយា តាមសមគួរដល់សម្បត្តិរបស់ខ្លួន ។
ចំណែកភរិយាត្រូវប្រតិបត្តិស្វាមីដោយស្ថាន ៥ យ៉ាងគឺៈ
១- ចាត់ចែងការងារមានការចំអិននូវអាហារជាដើម ដោយផ្ចិតផ្ចង់,
២- សង្គ្រោះដល់ជនជាញាតិរបស់ស្វាមី នឹងញាតិរបស់ខ្លួនដោយស្មោះស្មើ ។
៣- ចេះថែទាំទុកដាក់នូវទ្រព្យសម្បត្តិ ដែលស្វាមីរកបានមកហើយ ។
៤- មិនប្រព្រឹត្តកន្លងចិត្តស្វាមី ។
៥- ជាស្រីឈ្លាសប្រសប់ក្នុងកិច្ចការទាំងឡាយ មានការចាត់ចែងនូវបបរនឹងបាយជាដើម ឥតខ្ជិលច្រអូសក្នុងកិច្ចការទាំងពួង ហើយអាចញ៉ាំងកិច្ចទាំងនោះឲ្យសម្រេចបាន ។
មិត្រសំឡាញ់ទុកជាទិសខាងជើង កុលបុត្រគប្បីទំនុកបម្រុងដោយស្ថាន ៥ យ៉ាងគឺៈ
១- ដោយកិរិយាឲ្យទ្រព្យរបស់ដែលគួរឲ្យដល់មិត្រ ។
២- ដោយកិរិយាពោលពាក្យពីរោះទៅរកមិត្រ ។
៣- ដោយកិរិយាប្រព្រឹត្តធ្វើនូវប្រយោជន៍ឲ្យកើតដល់មិត្រ ។
៤- ដោយភាវៈជាអ្នកមានខ្លួននឹងចិត្តស្មើដោយមិត្រ ។
៥- ដោយភាវៈមិនក្លែងពោលឲ្យឃ្លាតចាកសេចក្ដីពិតដល់មិត្រ ។
ចំណែកខាងមិត្រសំឡាញ់ត្រូវអនុគ្រោះកុលបុត្រ ដោយស្ថាន ៥ យ៉ាងគឺៈ
១- ជួយរក្សាមិត្រដែលបានជាភ្លាំងភ្លាត់ធ្វេសប្រហែស ។
២- ជួយថែរក្សាទ្រព្យសម្បត្តិរបស់មិត្រដែលមិត្របានជាភ្លាំងភ្លាត់ធ្វេសប្រហែស ។
៣- កាលបើមិត្រមានសេចក្ដីភិតភ័យ ក៏អាចជាទីពឹងអាស្រ័យដល់មិត្របាន ។
៤- មិនលះបង់ចោលមិត្រក្នុងកាលដែលមិត្រមានការក្រ ។
៥ ស្រឡាញ់រាប់អានកូនចៅផៅពង្សរបស់មិត្រ ។
ទាសកម្មករទុកជាទិសខាងក្រោម ចៅហ្វាយនាយគប្បីទំនុកបំរុងដោយស្ថាន ៥ យ៉ាងគឺៈ
១- ដោយកិរិយាចាត់ចែងនូវការងារឲ្យធ្វើតាមសមគួរដល់កំលាំងនៃទាសកម្មករ គឺថាដាក់ការងារឲ្យធ្វើតាមការ សម្រាប់ប្រុសស្រីចាស់ក្មេង ។
២- ដោយកិរិយាធ្វើនូវភត្តាហារនឹងឈ្នួល ឬបំណាច់រង្វាន់តាមសមគួរដល់ទំនងដែលត្រូវឲ្យ។
៣- ដោយកិរិយាព្យាបាលរក្សាថែទាំទាសកម្មករ ក្នុងកាលដែលមានជម្ងឺ ហើយមិនបៀតបៀនឲ្យធ្វើការងារអ្វីឡើយ ។
៤- ដោយកិរិយាចែករំលែកនូវរបស់ដែលមានរសឆ្ងាញ់ត្រកាលឲ្យទាសកម្មករបរិភោគ ។
៥- ដោយកិរិយាបើកឱកាសឲ្យឈប់ធ្វើការក្នុងនិច្ចសម័យ គឺថាកាលបើទាសកម្មករធ្វើការនឿយហត់ពេញ ១ ថ្អៃ ក៏ឲ្យឈប់សម្រាកកំលាំងខ្លះ ។ ឲ្យឈប់ធ្វើការក្នុងកាលសម័យ គឺថាបើដល់កំណត់ថ្ងៃនក្ខត្តឫក្សមានថ្ងៃចូលឆ្នាំជាដើម ក៏បើកឲ្យឈប់ធ្វើការ ។
ចំណែកខាងបាវព្រាវនឹងមនុស្សដែលធ្វើការឈ្នួល ត្រូវយកចិត្តទុកដាក់បំពេញបំបានចៅហ្វាយនាយរបស់ខ្លួនដោយស្ថាន ៥ យ៉ាងគឺៈ
១- ក្រោកឡើងធ្វើការងារមុនចៅហ្វាយនាយ ។
២- ឈប់ធ្វើការងារក្រោយចៅហ្វាយនាយ ។
៣- មិនលួចទ្រព្យរបស់ចៅហ្វាយនាយ យកតែរបស់ដែលចៅហ្វាយនាយឲ្យ ។
៤- ធ្វើការងាររបស់ចៅហ្វាយនាយ ដោយពិនិត្យពិច័យផ្ចិតផ្ចង់អស់ពីចិត្ត ឥតមានគិតកាញ់គ្នេរ ។
៥- យកការងាររបស់ចៅហ្វាយនាយ ទៅពោលសរសើរក្នុងទីនោះ ៗ ។
សមណព្រាហ្មណ៍ទុកជាទិសខាងលើ កុលបុត្រជាគ្រហស្ថគប្បីប្រតិបត្តិផ្គត់ផ្គង់ដោយស្ថាន ៥ យ៉ាងគឺៈ
១- ដោយកាយកម្មប្រកបដោយមេត្តា គឺថាធ្វើនូវកិច្ចដោយកាយ មានទៅនិមន្តលោកនឹងទទួលយកនូវតម្រងទឹក ទៅត្រងទឹកប្រគេនលោកនឹងគក់ច្របាច់ជាដើម ។
២- ដោយវចីកម្មប្រកបដោយមេត្តា គឺថាធ្វើនូវកិច្ចដោយវាចា មានពោលពាក្យដាស់តឿនអ្នកឯទៀត ឲ្យធ្វើទានដល់សមណព្រាហ្មណ៍នឹងបន្លឺនូវសព្ទសាធុការក្នុងកាលដែលស្ដាប់ធម៌ទេសនាចប់ នឹងធ្វើនូវបដិសណ្ឋារៈដោយសំដីរាក់ទាក់ជាដើម ដោយសេចក្ដីរាប់អានដ៏ស្មោះត្រង់ ។
៣- ដោយមនោកម្មប្រកបដោយមេត្តា គឺថាធ្វើនូវកិច្ចដោយចិត្តមានគិតថា ព្រះថេរៈទាំងឡាយដែលលោកតែងនិមន្តមកកាន់ត្រកូលរបស់យើង សូមឲ្យលោកបានសេចក្ដីសុខសប្បាយជាដើម ដោយសេចក្ដីរាប់អានស្មោះត្រង់អស់ពីចិត្ត ។
៤- ដោយភាវៈជាអ្នកមានទ្វារផ្ទះមិនបិទ គឺថាជាអ្នកឧស្សាហ៍ធ្វើទានដល់សមណព្រាហ្មណ៍ កាលបើឃើញសមណព្រាហ្មណ៍មកដល់ហើយ ក៏ឲ្យទានដោយមិនពោលត្អូញត្អែរចំពោះរបស់ដែលមាននោះថាជាគ្មានវិញឡើយ ។
៥- ដោយកិរិយាឲ្យនូវអាមិសៈ គឺឲ្យនូវខាទនីយភោជនីយាហារដល់សមណព្រាហ្មណ៍ ។
ចំណែកខាងសមណព្រាហ្មណ៍ ត្រូវអនុគ្រោះកុលបុត្រដោយស្ថាន ៦ យ៉ាងគឺៈ
១- ហាមឃាត់កុលបុត្រមិនឲ្យធ្វើកម្មអាក្រក់ មានឃាត់មិនឲ្យសំឡាប់សត្វនឹងមិនឲ្យលួចទ្រព្យគេជាដើម ។
២- ឲ្យកុលបុត្រដំកល់នៅក្នុងកុសល មានទាននឹងសីលជាដើម ។
៣- អនុគ្រោះកុលបុត្រដោយកល្យាណចិត្ត គឺតាំងចិត្តផ្សាយមេត្តាធម៌ដល់កុលបុត្រទាំងឡាយថា ឲ្យបានសេចក្ដីសុខ កុំបីមានទុក្ខ, សោក, រោគ, ភ័យអ្វីឡើយ ។
៤- ឲ្យកុលបុត្របានស្ដាប់នូវធម៌ដែលមិនធ្លាប់បានស្ដាប់ ។
៥- ញ៉ាំងធម៌ដែលកុលបុត្រធ្លាប់បានស្ដាប់ហើយ ឲ្យផូរផង់ល្អ គឺថាប្រាប់ពន្យល់សេចក្ដីនៃធម៌នោះ ឲ្យច្បាស់លាស់ប្រាកដឡើង ត្រាតែកុលបុត្រនោះលែងមានសេចក្ដីសង្ស័យ ។
៦- ប្រាប់នូវសួគ៌ដល់កុលបុត្រ មានប្រាប់ឲ្យដឹងដូច្នេះថា បុគ្គលដែលបានទៅកើតក្នុងឋានសួគ៌នោះ ព្រោះអំណាចនៃកុសលមានសីល ៥ នឹងកុសលកម្មបថ ១០ ជាដើម ។
កាលបើបុគ្គលទាំង ៦ ពួកគឺៈ មាតាបិតានឹងបុត្រធីតា គ្រូបាអាចារ្យនឹងសិស្សានុសិស្ស, ភរិយានឹងស្វាមី, មិត្រសំឡាញ់នឹងកុលបុត្រ, ទាសកម្មការនឹងចៅហ្វាយនាយ, សមណព្រាហ្មណ៍នឹងកុលបុត្រ បានប្រព្រឹត្តត្រូវតាមស្ថានដែលខ្លួនត្រូវប្រតិបត្តិ ត្រូវអនុគ្រោះទៅវិញទៅមកដូច្នេះហើយ បុគ្គលទាំងនោះ ឈ្មោះថាបិទបាំងនូវភ័យអន្តរាយ មិនឲ្យកើតឡើងបាន ជាបុគ្គលមានកេរ្តិ៍ឈ្មោះល្អក្នុងលោកទាំងពីរ គឺលោកនេះនឹងលោកខាងមុខ រមែងបាននូវកេរ្តិ៍ឈ្មោះយសសក្តិ ចំរើនដោយសុខភាពអនាម័យដ៏ល្អ ។
សង្គហធម៌ទាំង ៤ នេះ បើបុគ្គលណាបានប្រតិបត្តិដោយប្រពៃហើយ កេរ្តិ៍ឈ្មោះរបស់បុគ្គលនោះនឹងផុលផុសឡើងក្នុងលោក ផ្សាយនូវក្លិនពិដោរឈ្ងុយឈ្ងប់គ្រប់ទិសជនភាគច្រើនតែងដើរត្រសង ស្រង់តាមក្លិនចូលទៅទទួលស្គាល់បុគ្គលនោះជានាយចៅហ្វាយជាមិត្រ សំឡាញ់ ប្រៀបដូចបុប្ផាជាតិដែលមានក្លិនក្រអូបឆើត ជាទីកើតតម្រេកនៃភមរជាតិទាំងឡាយ មានកន្លង់ដូច្នោះជាដើមដែរ ។
ន័យមួយទៀត ព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សំដែងថាៈ
យស្មា ច សង្គហា ឯតេ សមបេក្ខន្តិ បណ្ឌិតា
តស្មា មហត្តំ បប្បោន្តិ បាសំសា ច ភវន្តិ តេ ។
សេចក្ដីថា អ្នកប្រាជ្ញទាំងឡាយ លោកបានប្រព្រឹត្តធ្វើនូវសង្គហធម៌ទាំង ៤ នេះដោយប្រពៃ ព្រោះហេតុនោះបានជាលោកបានដល់នូវភាវៈជាធំ ព្រមទាំងបាននូវសេចក្ដីសរសើរអំពីប្រជុំជនផងគ្នា ។
សំដែងមកអំពីសង្គហធម៌ ក៏សន្មតថាចប់ដោយសង្ខេបតែប៉ុណ្ណេះ ។
ដោយអានុភាពនៃធម្មទេសនា សូមទេវតាទាំងមួយម៉ឺនលោកធាតុរក្សាព្រះប្រិយមហាក្សត្រកម្ពុជាធិបតី ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ប្រសិទ្ធិដោយចតុព្វិធពរ រុងរឿងដោយសតិបញ្ញា បរិហាររចនាកម្ពុជរដ្ឋឲ្យដល់នូវឧត្ដមគតិ ដោយមុហុត្តកាល ។
ទាំងសូមពុទ្ធបរិស័ទទាំងឡាយគ្រប់ជាន់ ដែលបានប្រតិបត្តិតាមសាសនវិធី ក្រោមអធិបតេយ្យនៃព្រះសម្មាសម្ពុទ្ធ ឲ្យចំរើនដោយសុខភាព អនាម័យដ៏ល្អ ដើម្បីជាពលរដ្ឋប្រកបកិច្ចសាសនា ក្លាហានបានមគ្គាភិសម័យទៅហោង ។
ចប់
No comments:
Post a Comment