អ្នកមានទិញសាច់គោអោយឆ្កែ អ្នកស្រែម្ចាស់គោស៊ីប្រហុក
អ្នកមានហូរហារខាងហូបចុក អ្នកស្រែស្ងួតមុខខ្វះអីឆី ។
អ្នកមានគេបានដោយប្រាជ្ញា អ្នកស្រែចំការខំកាយដី
អ្នកមានស្បែកសរល្អស្រស់ខ្ចី អ្នកស្រែក្រោមថ្ងៃស្បែកខ្មៅគ្រាក់ ។
អ្នកមានជិះឡានសុទ្ធតែថ្លៃៗ អ្នកស្រែដាចើយៃប្រើកង់ធាក់
អ្នកមានមានពេជ្រសំរាប់ពាក់ អ្នកស្រែរកប្រាក់ស្រោកមិនបាន ។
អ្នកមានខោអាវសុទ្ធតែភ្លី អ្នកស្រែញក់ញីរួញរវៀន
អ្នកមានរស់នៅដោយសុខសាន្ត អ្នកស្រែភុំឋានរស់ដោយទុក្ខ ។
អ្នកមានសំដីសុទ្ធម៉ាក់ប៉ា អ្នកស្រែក្រណាតែ ម៉ែ ពុក
អ្នកមានមាឌធាត់ឡើងទ្រលុក អ្នកស្រែស្រយុកស្រយុនកាយ ។
អ្នកមានមានផ្ទះដូចរាជវាំង អ្នកស្រែផ្ទះបាំងធ្លុះរញាយ
អ្នកមានស៊ីផឹកសើចសប្បាយ អ្នកស្រែសោកស្តាយទុក្ខរួមរឹត ។
អ្នកមានហូរហារសល់ជះចោល អ្នកស្រែប្រមូលរែងយ៉ាងត្បិត
អ្នកមានមានលុយចាយឥតគិត អ្នកស្រែខ្មេះខ្មិតរែងសន្សំ ។
អ្នកមានទិញដីគ្រប់កន្លែង អ្នកស្រែក្រវែងដីគ្រប់ដុំ
អ្នកមានសល់ដីទូលាយធំ អ្នកស្រែស្រុកយំអត់ដីនៅ ។
អ្នកមានទៅណាក៏ថ្លៃថ្នូរ អ្នកស្រែមុខខ្មួរគេមិនហៅ
អ្នកមានគេផ្គាប់គេតំរូវ អ្នកស្រែដើរទៅគេប្រទេច ។
អ្នកមានគំនិតគិតខ្សែលើ អ្នកស្រែពោរភ្លើគេកេងខ្ចេច
អ្នកមានគិតតែចងច្របាច់ អ្នកស្រែកេរិ៏ដាច់វិនាសកាយ ។
No comments:
Post a Comment