ឃរាវសធម៌
ព្រះអរិយកស្សប កែវ - អ៊ួច វត្តបទុមវតី ក្រុងភ្នំពេញ
ទេសនាដាក់វិទ្យុឃោសនសព្ទនៃប្រទេសកម្ពុជា កាលពីថ្ងៃ ១៤ ខែអស្សុជ
ឆ្នាំជូត សំរិទ្ធិស័ក ព. ស. ២៤៩១ (១ - ១១ - ៤៨)
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។ព្រះអរិយកស្សប កែវ - អ៊ួច វត្តបទុមវតី ក្រុងភ្នំពេញ
ទេសនាដាក់វិទ្យុឃោសនសព្ទនៃប្រទេសកម្ពុជា កាលពីថ្ងៃ ១៤ ខែអស្សុជ
ឆ្នាំជូត សំរិទ្ធិស័ក ព. ស. ២៤៩១ (១ - ១១ - ៤៨)
សូមក្រាបថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធជាម្ចាស់ ព្រមទាំងព្រះសទ្ធម្ម នឹងពពួកនៃព្រះអរិយសង្ឃ ដោយសេចក្ដីគោរព ។ រួចហើយអាត្មាភាពនឹងសំដែងព្រះធម្មទេសនា អំពីឃរាវាសធម៌ ជាធម៌សម្រាប់ឃរាវាស អ្នកមានផ្ទះសំបែង ផ្សាយតាមវិទ្យុកម្ពុជាចែកជូនអស់លោក - អ្នកទាំងឡាយស្ដាប់ ដូចតទៅនេះ ។
ក៏ធម៌សម្រាប់ឃរាវាសមាន ៤ ប្រការ គឺៈ
១- សច្ចៈ = សេចក្ដីពិតត្រង់ដល់គ្នានឹងគ្នា
២- ទមៈ = ការសង្កត់ចិត្តទុក
៣- ខន្តិៈ = អំណត់អត់ធន
៤- ចាគៈ = បែងចែករបស់ទ្រព្យខ្លួនដល់មនុស្សដែលគួរចែកឲ្យ ។
អធិប្បាយៈ ជនអ្នកគ្រប់គ្រងផ្ទះដែលបាននាមបញ្ញត្តិថា គ្រហស្ថសមគួរជាអ្នកមានសទ្ធា ជឿក្នុងកម្មស្សកតាញាណ គឺសត្វមានកម្មជារបស់ខ្លួន បើមិនដូច្នោះ ក៏នឹងស្វែងរកផលនៃឃរាវាស ក្នុងផ្លូវដែលប្រកបដោយទោស មិនប្រយ័ត្នចំពោះបាបកម្ម នឹងធ្វើអ្វីក៏មិនគិតថាជាទុច្ចរិតសាបសូន្យ ជាមនុស្សឃើញតែខាងបាន ចំពោះខ្លួនដោយចំណែកមួយ មិនរើសផ្លូវរកស៊ីយ៉ាងមិច្ឆាអាជីវៈ បៀតបៀនអ្នកដទៃឲ្យខូចប្រយោជន៍, ទោសទាំងពួងនេះមានមកអំពីគ្មានសទ្ធាជាខាងដើម កាលធ្វើដូច្នោះ ការគ្រប់គ្រងឃរាវាសក៏តាំងនៅមិនជាប់ សូម្បីតាំងឡើងបានហើយក៏មិនតាំងនៅយឺតយូរ បើបុគ្គលតម្រង់នូវឃរាវាស មានសទ្ធាជឿកម្មផល ក៏នឹងតាំងខ្លួនទុកក្នុងផ្លូវដែលប្រពៃ ប្រកបការងារចាកទោស មិនសំឡឹងឃើញតែប្រយោជន៍ចំពោះខ្លួន ចេះសំឡឹងដល់អ្នកដទៃខ្លះ រកស៊ីក្នុងផ្លូវសមាអាជីវៈ ដូច្នេះអាចគ្រប់គ្រងផ្ទះសំបែងឲ្យបរិបូណ៌បានហើយតាំងត្រកូលឲ្យថាវរៈរឹងប៉ឹងដោយបរិបូណ៌បាន ហើយតាំងត្រកូលឲ្យថាវរៈរឹងប៉ឹងដោយបរិបូណ៌ពេញលេញ ។
សទ្ធាជាគុណជាតិដែលគប្បីប្រាថ្នាមុន ព្រោះធម៌ធម៌សាម័ញ្ញរបស់គ្រហស្ថ, សម្តេចព្រះដ៏មានព្រះភាគជាម្ចាស់ ត្រាស់ចាត់ជាគុណបទរបស់បុគ្គលអ្នកគ្រប់គ្រងផ្ទះ បានលើកឡើងតាំងជាបឋម ទ្រង់ត្រាស់សំដែងចំពោះគុណឯទៀត ៤ ស្ថាន មានពាក្យសត្យ គឺពាក្យពិតជាដើម ដោយសេចក្ដីជាគិហិធម៌ ។
សេចក្ដីពិតត្រង់ នោះជាគុណសំខាន់គួរគប់រករបស់ប្រជាជនតាំងតែអំពីត្រកូលមួយដូចជាស្វាមី នឹងភរិយា មាតាបិតា ព្រមទាំងបុត្តធីតា ។
បើស្វាមីនឹងភរិយាប្រព្រឹត្តឲ្យស៊ីគំនិតដល់គ្នានឹងគ្នា មិនជាទីទុកចិត្តបានទេ ចំណែកភរិយានឹងរង្គៀសក្នុងស្វាមីថា ប្រហែលមានសេចក្ដីត្រេកអរនឹងស្រីដទៃ ម្ល៉ោះហើយទ្រព្យសម្បត្តិដែលរកបាន ក៏មានតែយកទៅជប់លៀងបុរសដទៃ មិនសុចរិតត្រង់នឹងស្វាមីរបស់ខ្លួន ឯស្វាមីក៏សង្ស័យក្នុងភរិយាថា ប្រហែលប្រព្រឹត្តក្រៅចិត្តខ្លួន ហើយទៅគប់នឹងបុរសដទៃ ម្ល៉ោះហើយមិនរកស៊ីដោយសុចរិត ចាយវាយទ្រព្យសម្បត្តិខ្ជះខ្ជាយឥតសណ្ដាប់ ។ ដូច្នេះត្រកូលនោះក៏រកសេចក្ដីសប្បាយគ្មាន ។ បើជនរាល់គ្នា ប្រព្រឹត្តសុចរិតឲ្យជាទីទុកចិត្តគ្នាទៅវិញទៅមកក៏នឹងនៅដោយសេចក្ដីពេញចិត្តត្រជាក់ចិត្ត ជួយធ្វើគ្នា ជួយរកគ្នា មាននាទីរីករាយសប្បាយ ។
ប្រការមួយទៀត មាតាបិតា នឹងបុត្តក៏ដូចគ្នា បើប្រព្រឹត្តមិនឲ្យជាទីទុកចិត្តទៅបាន ក្នុងការជាប់ទាក់ទងដោយទ្រព្យសម្បត្តិក្ដី ដោយការគ្រប់គ្រងគ្រួសារក្ដី ដោយហេតុយ៉ាងដទៃក្ដី ដូច្នេះត្រកូលនោះក៏រកសេចក្ដីសុខគ្មាន បើប្រព្រឹត្តសុចរិតឲ្យជាទីទុកចិត្ត ជឿគ្នាទៅវិញទៅមក ត្រកូលនោះក៏នៅជាសុខសប្បាយចំរើនយឺនយូរតទៅ ។
បុត្រដែលមានចិត្តល្អជាតួយ៉ាង គឺព្រះបទុមកុមារ ជាព្រះឱរសព្រះចៅពារាណសី ព្រះបិតាស្ដេចទៅក្រាប់ប្រាមសត្រូវដែលចលាចលតាមជាយព្រះអាណាខេត្ត ទ្រង់ប្រោសព្រះបទុមកុមាររក្សាព្រះនគរ ព្រះមហេសីរបស់ព្រះបិតាមានចិត្តប្រដិព័ទ្ធនឹងព្រះបទុមកុមារ តែព្រះបទុមកុមារមិនព្រមស្ម័គ្ររួមសំវាស ដូច្នេះចាត់ថាជាសិរីរបស់ត្រកូល, សេចក្ដីមិនត្រង់ដល់គ្នានឹងគ្នា បើប្រព្រឹត្តទៅក្នុងរវាងចៅហ្វាយនាយ នឹងបាវព្រាវក្ដី ប្រព្រឹត្តទៅក្នុងញាតិមិត្រក្ដី ក្នុងទីបំផុតរហូតដល់មនុស្សអ្នកទិញឬអ្នកលក់ក្ដី រីកទៅបានត្រឹមណា សេចក្ដីសាបសូន្យ ក៏រមែងមានទៅត្រឹមណោះ ។
ចំណែកសច្ឆៈ សេចក្ដីពិតត្រង់ផ្សាយបានទៅត្រឹមណា ក្នុងពួកមនុស្សនោះ ៗ តាំងអំពីជាន់ចៅហ្វយនាយ នឹងបាវព្រាវ សេចក្ដីចំរើនក៏មានទៅត្រឹមណោះ ។ ពុទ្ធាទិបណ្ឌិត ទ្រង់ឃើញអំណាចប្រយោជន៍ដូច្នេះហើយ ទើបទ្រង់ប្រដៅឲ្យមនុស្សក្នុងលោកមានសច្ចៈ គឺសេចក្ដីប្រព្រឹត្តឲ្យសុចរិតទៀងត្រង់ដល់គ្នាទៅវិញទៅមក ឲ្យនិយាយតែពាក្យពិត ឲ្យរក្សាបដិញ្ញា គឺសញ្ញាដែលល្អ ធម៌ល្អ ដែលមិនបានឲ្យទុក្ខដល់អ្នកណា ៗ ហើយប្រព្រឹត្តជាធម៌ក្នុងបុគ្គល នឹងកិច្ចការនោះ ៗ ទ្រង់សរសើរសេចក្ដីសត្យទុក មានដើមថាជារសដ៏លើសលប់ ជាងរសទាំងឡាយជាវាចាមិនស្លាប់ គឺមិនចេះប្រែប្រួល នឹងជាហេតុឲ្យមានឈ្មោះពីរោះជាទីរាប់រកមហាជន ។
ការសង្កត់ចិត្តទុក នោះជាគុណដ៏សំខាន់ប្រការមួយរបស់ជនអ្នកនៅរួមគ្នា ក្នុងត្រកូល ក្នុងពួកមនុស្សទាំងឡាយ រមែងមានអធ្យាស្រ័យផ្សេងគ្នា ដូចយ៉ាងមនុស្សខ្លះ រមែងស្រវឹងទៅដោយទោសៈ មនុស្សខ្លះមានចិត្តត្រជាក់ មានអ្វីមកខ្ទប់ប៉ះក៏ព្រងើយបាន ។ បើមនុស្សអធ្យាស្រ័យកាចមិនមានសតិដែលនឹងទប់ទល់ តែងប្រព្រឹត្តទៅតាមសង្កិលេសធម៌ដែលកើតឡើង ក៏នឹងចរចាអាក្រក់ដល់គេខ្លះ កាប់ប្រហារគេខ្លះយ៉ាងនេះជាដើម សាមគ្គីក៏មិនអាចតាំងនៅបាន, ស្វាមីភរិយាក៏នឹងបែកបាក់គ្នាទៅ ព្រោះហេតុនោះ មិនត្រូវពោលពាក្យអាក្រក់ដល់មនុស្សអ្នកគប់រកផងឡើយ ។ ពុទ្ធាទិបណ្ឌិតទ្រង់ឃើញទោសយ៉ាងនេះ ទើបប្រដៅឲ្យមានឧបាយសង្កត់ចិត្តរបស់ខ្លួន ទុកក្នុងកាលដែលសង្កិលេសធម៌អកុសលកើតឡើង គ្របសង្កត់ កុំឲ្យវិលវល់ទៅតាមអំណាចអកុសលនោះ ៗ តែកិលេសដែលជាអនុស័យរមែងដេកសង្កត់ទុក ដើម្បីនឹងកើតឡើង ដូចគ្រាប់កាំភ្លើងដែលគច្រកទុក មិនទាន់លោះកៃដូច្នោះ កាលអារម្មណ៍មកជន្ល មកប្រាកដក្នុងទ្វារ រមែងកើតទាន់លំបាកសតិនឹងឃុំឃាត់បាន ដោយហេតុនោះលោកទើបប្រដៅឲ្យមានសតិរក្សាទ្វារខាងក្រៅ គឺភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត កាលណាអារម្មណ៍ គឺ រូប, សំឡេង, ក្លិន, រស, ផោដ្ឋព្វៈ មកប្រាកដក្នុងទ្វារខាងក្រៅក្ដី កាលសេចក្ដីនឹកគិតកើតឡើងក្នុងទ្វារខាងក្នុងក្ដីកុំឲ្យអារម្មណ៍អម្បាលណោះ ធ្វើឲ្យចិត្តសៅហ្មងបាន ។ ជាអ្នកសង្កត់ចិត្តទុកនោះ មានទីឃាវុកុមារជាតួយ៉ាង ។
អំណត់អត់ធន នោះជាគុណដ៏សំខាន់ប្រការមួយ របស់ជនអ្នកជាប់នៅក្នុងជំនុំ តាំងអំពីត្រកូលជាមួយគ្នា, ជនទាំងឡាយអ្នកមានចិត្តវិលវល់ដោយអំណាចទោសៈ សមគួរនឹងតាំងនៅក្នុងទមៈ គឺចេះសង្កត់ចិត្តខ្លួន តែថាមិនមែនជានាទីអ្នករាល់គ្នា នឹងធ្វើបានទាំងអស់គ្រប់គ្នាទេ ព្រោះសង្កិលេសធម៌ ដែលជាម្ចាស់ផ្ទះរមែងកើតឡើង លំបាកសតិនឹងឃុំឃាត់បានទាន់ទី ដូចពោលហើយអំពីខាងដើម បើទោសៈកើតឡើងហើយ ញ៉ាំងសាមគ្គីសេចក្ដីព្រមព្រៀងឲ្យវិនាសទៅ នាំសេចក្ដីក្ដៅក្រហាយមកដល់ខ្លួន នឹងពួកគណៈ ដោយហេតុនោះ ពុទ្ធាទិបណ្ឌិតទ្រង់ត្រេកអរក្នុងសេចក្ដីស្ងប់ ទើបទ្រង់ប្រដៅឲ្យជនតាំងខ្លួននៅក្នុងខន្តិធម៌ ឲ្យចេះអត់ធន់ចំពោះហេតុនោះ ៗ ដែលនាំឲ្យកើតទោសៈ ដើម្បីរក្សាខ្លួន នឹងអ្នកដទៃទាំងពីរចំណែក ។
ការបែងចែកវត្ថុឲ្យអ្នកដទៃ ជាកិច្ចសំខាន់ប្រការមួយរបស់ជនអ្នកនៅក្នុងពួកគណៈ ។ ក្នុងត្រកូលមួយ ស្វាមីនឹងភរិយា មាតាបិតា នឹងបុត្តធីតា ត្រូវសង្គ្រោះគ្នា ដោយការឲ្យរបស់ទ្រព្យ, ញាតិនឹងញាតិ មិត្តនឹងមិត្ត ត្រូវយកចិត្តទុកដាក់ទៅវិញទៅមក ឲ្យនូវវត្ថុដែលជាឧបាយចងមេត្រី, តែការឲ្យយ៉ាងនេះចាត់ថាសង្គ្រោះ ។ អ្នកមានអធ្យាស្រ័យផ្សព្វផ្សាយមេត្តាដល់មនុស្សទាល់ក្រ លះទ្រព្យសម្បត្តិរបស់ខ្លួនឲ្យដើម្បីទំនុកបំរុងដោយឋានៈ ដើម្បីឧបត្ថម្ភផងគ្នា ដូច្នេះហៅថាទានៈ ។ មនុស្សទាំងឡាយកើតមកក្នុងលោកនេះ អំពើកម្មតាក់តែងឲ្យជាអ្នកមានប្រភេទផ្សេងគ្នា ពួកខ្លះទាល់ក្រ សូម្បីគ្រាន់តែរកចិញ្ចឹមជីវិតក៏បានដោយលំបាក មនុស្សខ្លះមិនធ្លាក់ខ្លួនដល់ទៅម្លឹងទេ ប៉ុន្តែតាំងខ្លួនឲ្យមួនមាំមិនកើត មនុស្សខ្លះជាសេដ្ឋីបរិបូណ៌ដោយទ្រព្យសម្បត្តិ សូម្បីក្នុងផ្លូវដទៃក៏នៅផ្សេង ៗ គ្នាទៀត ដូចមនុស្សពិការ ឬមានកំឡាំង តែមនុស្សអម្បាលណោះ មានសុខមានទុកមិនច្រើនតិចជាងគ្នា បណ្ឌិតពិចារណាឃើញដូច្នេះហើយ ទើបប្រដៅឲ្យចេះមានចិត្តអាណិតអាសូរដល់គ្នាទៅវិញទៅមក ដោយការឲ្យដែលហៅថាទាន ។
ប្រជាជនទាំងឡាយ ជាអ្នកគ្រប់គ្រងផ្ទះ ចូរញ៉ាំងធម៌ ៤ ប្រការនេះ ឲ្យលូតលាស់គ្រប់ពេល គង់បានសេចក្ដីសុខ ចំរើន ក្នុងត្រកូលគ្រួសាររបស់អ្នកតរៀងទៅ ។
ចូរអ្នកសាងធម៌នេះ ឲ្យបានកើតឡើងដូចពោលខាងដើម គង់នឹងបានចៀសវាងអំពីសេចក្ដីក្ដៅក្រហាយ មានតែសេចក្ដីសុខកាយ សុខចិត្ត រហូតតាំងពីលោកនេះទៅលោកខាងមុខ ។
សំដែងអំពីធម៌ សម្រាប់ឃរាវាស ៤ ប្រការ គឺៈ សច្ចៈ ១, ទម្មៈ ១, ខន្តិ ១, ចាគៈ ១, ចប់ដោយសេចក្ដីសង្ខេបតែប៉ុណ្ណេះ ឯវំ ។
ចប់
No comments:
Post a Comment