Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Saturday, January 19, 2013

អដ្ឋង្គិកមគ្គ


អដ្ឋង្គិកមគ្គ
(ផ្លូវប្រកបដោយអង្គទាំងប្រាំបី)

១ សម្មាទិដ្ឋិ
          សេចក្ដីយល់ឃើញត្រូវ គឺឃើញថា ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប។ ទស្សនៈ​ត្រូវ​ពិត ភាព​សន្សំមានទស្សនៈខុសត្រឹមតែជាសេចក្ដីគិត​ឃើញ​ទៅលើ​ផ្លូវខុស​នីមួយ​​​ៗ ។ បុគ្គ​ល​​គប្បីដឹងដល់សេចក្ដីផ្សេងៗនៅក្នុងចន្លោះនៃសេចក្ដីស្ថិតស្ថេរ និង​សេចក្ដី​​មិន​​ស្ថិត​ស្ថេរ​។ ត្រូវឃើញ​ភាពពិតដែលមាននៅក្នុងភាព​មិនពិតមុន​នឹងធ្វើ​នូវសេក្ដី​សម្រេច​ចិត្ត ឬមុន​នឹង​​ដាក់​​ចិត្តជឿ​ទៅក្នុងរបស់ណា ត្រូវ​ធ្វើការ​បកស្រាយ​ជាមួយនឹង​ការស្រាវជា្រវ​រក​​ហេតុ​ផល​​​​ក្នុង​​របស់​នោះឲ្យគ្រប់គ្រាន់សិន។
២ សម្មាសង្កប្បៈ
          តម្រិះ​ត្រូវគឺ តម្រិះមិនព្យាបាទអ្នកដទៃ មិនបៀតបៀនអ្នកដទៃ មិនដក់ត្រាំ​ក្នុង​​កាម។ សេក្ដី​ត្រិះរិះត្រូវ ​សេចក្ដី​តាំង​ចិត្ត​យ៉ាង​ប្ដូរ​​ផ្ដាច់​ក្នុង​ការទ្រទ្រង់នូវជីវិត​ជាមួយ​នឹង​​ការពង្រីក​ពង្រឹង​​​​នូវ​ជិវភាព​ដោយអាស្រ័យសេក្ដីចេះដឹងជាមូលដ្ឋាននៅក្នុងការ​គ្រប់​គ្រង​ខ្លួន​​ឲ្យបាន​សុខ​​ជាបុគ្គលមើ់លឃើញបានវែងឆ្ងាយដឹងថាមានផ្លូវបែបណាខ្លះអាច​នឹង​ដឹក​នាំ​ខ្លួន​ទៅ​កាន់​​សេច​ក្ដី​សុខចម្រើនបាន។
៣ សម្មាវាចា
          ពុំនោលត្រូវ គឺមិនពោលពាក្យកុហក ពាក្យជេរប្រទេច ពាក្យញុះញង់បំបែកបំ​បាក់ ពាក្យ​​​រោយរាយគ្មានសារប្រយោជន៍ ។ ការនិយាយត្រូវនេះជាកាំជណ្ដើ មួយទៀត​ឈាន​ ឡើង​​ទៅកាន់ការប្រតិបត្តិដើម្បីគ្រប់គ្រងរក្សាខ្លួនឯង។ ការនិយាយដោយ​ប្រាស​ចាក​ស្មារតី​​ប្រុង​​​​ប្រយ័ត្ន ការនិន្ទាឈ្នានីស មើលងាយ ស្ដីបង្អាប់​ជេរប្រទេច​ផ្ដាសា​នាំឲ្យ​ស្លែង​ចិត្ត​អ្នក​ដទៃ ។ សម្ដីទាំងអស់នេះត្រូលះបង់ ត្រូវតមកុំនិយាយ។ ត្រូវ​និយាយ​តែសម្ដី​ដែល​ប្រកប​ដោយ​​ចិត្ត​មេត្តា ករុណាយ៉ាងបរិសុទ្ធ ស្ថិន​នៅក្នុងក្របខ័ណ្ឌយុត្តិធម៌គ្រប់ពេលវេលា ។
៤ សម្មាកម្មន្តៈ
          ការ​ងារត្រូវ មិនមែនធ្វើទង្វើសម្លាប់ជីវិតមនុស្ស សត្វដទៃ លួច​ទ្រព្យ​សម្បត្តិ​មាន​ម្ចាស់​​រក្សា ប្រព្រឹត្តខុសក្នុងកាមមានម្ចាស់គេហួងហែងរក្សានោះទេ។ ទង្វើ​ត្រូវ​បាន​ដល់​ទង្វើ​ដែល មិនធ្វើឲ្យជនដទៃមានចិត្តក្ដៅក្រហាយ ព្រួយលំបាក ជាទង្វើមានសេក្ដីសុចរិត​ជា​ទង្វើ​​មាន​សីលធម៌ ។ ទង្វើទាំងឡាយរបស់ខ្លួន ត្រូវ​ទុកដាក់​ឲ្យស្ថិត​នៅ​ក្នុងក្រប​ខ័ណ្ឌ​នៃ​មនុស្ស​ធម៌។​ត្រូវតែលះបង់នូវទង្វើទាំងឡាយដែលជាប្រយោជន៍អ្នកដទៃក្នុងបច្ចុប្បន្នកាល ឬ​អនា​គត​​កាល​។ ការសងសឹក ឬការមានកំហឹងត្រូវតមកុំធ្វើ ប្រសិនបើអាចតមបាន បើចាំ​បាច់​ខាន​មិនបាន​ត្រូវ​ធ្វើនៅក្នុងក្របខ័ណ្ឌនៃច្បាប់លោក ឬច្បាប់ធម៌ត្រូវតែដឹកនាំ​នូវទង្វើ​របស់​​ខ្លួន​ដោយសីល​ធម៌ និង មនុស្សធម៌។
៥ សម្មាអាជីវៈ
          ការចិញ្ចឹមជីវិតរស់ត្រូវ គឺមិនធ្វើជំនួញ៥ ប្រការ គឺជំនួញមនុស្ស ជំនួញសាច់ សត្វ​ដែល​​​សម្លាប់​ដោយដៃឯង ជំនួញអាវុធសម្រាប់សង្រ្គាម ជំនួញគ្រឿងស្រវឹង និង​ជំនូញ​​ថ្នាំ​​មាន​​​ពិសពុល ឬរស់នៅក្នុងរបរមានអយុត្តិធម៌។ ការរស់នៅត្រឹមត្រូវ​គ្រប់ៗ​តែការងារ​​ចិញ្ចឹម​​ជីវិត​​ទាំងអស់នោះ ត្រូវតែលះបង់កុំធ្វើនូវអំពើណា ឬរបរណាដែលខ្លួនរស់ ហើយ​គេស្លាប់ និង​​​ខ្លួនប្រកបដោយសេចក្ដីសុខសេចក្ដីចម្រើន ឯគេទទួលនូវសេចក្ដីទុក្ខ លំបាក​ទៅវិញ។ ខ្លួន​មាន​តុល្យភាពក្នុងជីវិតរបស់គេ ដោយ​ប្រកាន់​យកនូវ​សុជីវ​ធម៌​ជាគ្រឿង​ប្រា​ស្រ័យ​ទាក់​ទង​​ក្នុងការ​រស់នៅ។ ទង្វើជិះជាន់នូវជីវភាពរវាងគ្នានឹងគ្នា នឹងមិនអាចកើត​ឡើង​​បាន​​នោះ​ទេ ប្រសិន​បើគេ​បានជាន់ស៊ុបលើកាំទី៣និងកាំទី ៤នៃមគ្គជាតិពិតប្រាកដ​ហើយ​។
៦ សម្មាវាយាមៈ
          ព្យាយាមត្រូវ គឺខំធ្វើទង្វើល្អដែលមិនទាន់បានធ្វើ ខំរក្សាទុកនូវទង្វើល្អ​ដែល​បាន​​ធ្វើពី​មុន​មក ហើយកុំប្រព្រឹត្តអំពើអាក្រក់ ខំលះបង់នូវទង្វើអាក្រក់​ដែលបាន​ធ្វើទាំង​ប៉ុន្មាន ។ សេចក្ដី​ព្យាយាមត្រូវក្រោយពីមានមេត្តជាគ្រឿងធ្វើឲ្យត្រជាក់ចិត្តហើយ គឺនៅ​មាន​បញ្ញា​ជា​​គ្រឿង​​​ធ្វើឲ្យមានសេចក្ដីភ្លឺស្វាងក្នុងបញ្ហានៃជីវិត ហើយបុគ្គលអ្នកប្រកបព្យាយាម នឹង​បាន​​ស្គាស់​យ៉ាងច្បាស់នូវការលៃលក បែងចែកកម្លាំងស្មារតីទាំងអស់ របស់​ខ្លួនទៅ​ក្នុង​មុខ​ងារ​នៃ​ជីវិត។ ស្គាល់ការខុសត្រូវក្នុងទង្វើជាពិសេសគឺ ស្គាល់​ទិសដៅ​ចុងក្រោយ​បំផុត​នៃ​អំពើ​ទាំង​​ឡាយនោះផងដែរ។ ការប្រព្រឹត្តគ្រប់បែបយ៉ាងរបស់គេមានសភាពរឹងប៉ឹងមាំមួន។ ឧប​សគ្គ​​​ទាំងឡាយ មិនហ៊ានចូលមកជិតការងាររបស់គេឡើយ។ ខ្លួនគេ​ជាមនុស្ស​មានចិត្ត​ពេញ​​ប្រៀប​ទៅដោយគុណធម៌ល្អនេះ បានក្លាយទៅជាទ្រព្យនៃជីវិតរបស់ពួកគេ គេមិន​ចាំ​បាច់​​​ត្រូវពិចារ​ណាមើលឡើងវិញនូវទង្វើទាំងឡាយ របស់​ខ្លួនគេនៅ​ក្នុងពេល​ប្រិបត្តិការ​ថ្មីៗ​ទៀត​​នោះទេ។ កិច្ចការប្រចាំជីវិតរបស់គេ គឺចេះតែប្រព្រឺត្ត​ទៅបាន​យ៉ាងងាយ​ស្រួល​ដូចជា​បុគ្គល​​ដែលមាន​អនាម័យល្អ និងមានសុខភាពគ្រប់គ្រាន់ គឺមិនចាំបាច់ប្រើប្រាស់ឱសថ​មក​ជួយ​​គាំទ្ររូបរាង​កាយ​នេះអាត្មាដូចនោះដែរ។
៧​សម្មាសតិ
          ស្មា​រតីរឮកត្រូវ​ គឺរឭកដល់ការងារដែលមិនទាន់បានធ្វើ រឮកដល់ការ​ងារ​ដែល​​​កំពុង​​ធ្វើ រឮកដល់ការងារដែលបានធ្វើរួចមកហើយ រឮកដល់កាយវេទនា ចិត្ត ធម្មៈ ដែល​កំពុង​ប្រព្រឹត្តទៅ។ សេចក្ដីរឮកត្រូវ គឺចិត្តមានជម្រកត្រូវនៅក្នុងភាវៈ ដែលជា​សារ​ប្រយោជន៍​​សម្រាប់​​ខ្លួន ឬជាសតិនៃជីវិតរបស់គេ។ បុគ្គលដែល​រស់នៅ​ក្នុងសភាព​ចិត្ត​បែប​នេះ គេនឹងទៅ​ជាបុគ្គល​ដែលមានសេចក្ដីគោរព​ចំពោះតែសភាវៈពិត​។​ គេអាចយល់​ស្គាល់​របស់ផ្សេងៗ បាន​យ៉ាង​ច្បាស់​លាស់ ព្រោះគេបានរំលាយចោល​នៅភាពបោក​បន្លំ​អស់ ហើយគេមានសេចក្ដីពិត​នៅ​ក្នុង​ទីចំពោះមុខ។ ប្រែថា​ គេជាបុគ្គល​ដឹងច្បាស់​នូវសេចក្ដី​ពិត ។ ពិសេសជាងនេះទៅ​ទៀត គឺខ្លួនគេហ្នឹងឯងជាសេចក្ដីពិតតែម្ដង។ បុគ្គល​មានស្មារតី​ឈនៅ​លើសេចក្ដីពិតដូចនេះ​សកម្ម​ភាព​នៃជីវិតរបស់គេរមែងមិនមានសេចក្ដីផ្លាស់។
៨ សម្មាសមាធិៈ
          តម្កល់ចិត្តត្រូវ គឺតម្កលនៅក្នុងអារម្មណ៍ល្អ តម្កល់នៅក្នុងមុខការល្អ តម្កល់​នៅ​​ក្នុង​​ទង្វើដែលកំពុងធ្វើ តម្កល់នៅក្នុងធម្មៈដែលកំពុងតែសិក្សាហ្វឹកហាត់។ សេចក្ដី​សង្រួម​​ចិត្ត​ត្រូវ​នេះ គឺជាចិត្តតាំងនៅយ៉ាងខ្ជាប់ខ្ជួនក្នុងសភាពស្ងប់ ជាសន្តិភាពនៃជីវិត ពិត​ប្រាកដ​​ជា​សុខ សន្តិភាពដែលមិនលាយឡំទៅដោយទុក្ខ។ កាល​ណាបុគ្គល​ម្នាក់បាន​ចូល​ទៅ​​ដល់​គុណ​​ធម៌​ថ្នាក់នេះហើយខ្លួនគេ​នឹងមិនមានរបស់ណាៗ​ទាំងអស់វៀរលែង​តែ​សេច​ក្ដី​​​​​សុខ​ស្ងប់​​​​នោះបាន​ឡើយ។ សេក្ដីសង្ស័យ ក្ដីតក់ស្លុត ក្ដីកង្វល់ ក្ដីស្មុគស្មាញ ក្ដី​រវើ​រវាយ​​។ល​។​ទាំង​​អស់នេះអាច​ឈានទៅដល់ភាពសោះសូន្យទៅបាន។ជំនឿ​នៅក្នុងក​ម្ម​ដែល​​មាន​ហេតុ និង​ផោជាមូល​ដ្ឋាន សេចក្ដីសង្ឍឹម និងសេចក្ដីភ្ញាក់ផ្អើល​ខុសនិងត្រូវ​រលាយ​​សាប​សូន្យ​បាត់បង់ទៅបន្តិច​ម្ដងៗ ។ ចិត្ត​នៃបុគ្គលដែលបានចូលដល់គុណធម៌ ថ្នាក់​នេះ​​​នឹង​បាន​ជួបប្រទះនូវសន្តិសុខយ៉ាង​ខ្ពង់​ខ្ពស់​បំផុតលើសវិស័យ និងបរិយាយឲ្យចូល​ចិត្ត​បាន​​។​បុគ្គ​ល​ណាបានសម្រេចបុគ្គលនោះ​អស់​មាន​ពេល​វេលាប្រែប្រួលផ្លាស់ប្តូរទៀត​ហើយ​។
          នេះគឺជា អដ្ឋង្គិកមគ្គសម្រាប់មនុស្សបុថុជ្ជនប្រតិបត្តិ ដើម្បីសុខសន្តិភាពសម្រាប់ជីវិត​ក្នុង​​​​​នេះ និងដើម្បី​ជាស្ពានសម្រាប់ជីវិតអិយក្នុងទីបំផុត។
          អង្គទាំង ៨នេះ ជាខ្លឹមនៅក្នុងមគ្គអរិយសច្ចៈ ដើម្បីដោះស្រាយ​បញ្ហា​ជីវិត​រួច​​ពី​សេចក្ដី​​​​ទុក្ខ​​ពីអង្គ​ប្រាណ។ មគ្គអរិយសច្ចៈលោកចាត់ទុកជាកុសលធម៌បរិសុទ្ធឥតទាក់ទង និង​​​​​លាយឡំអ្វីផ្សេងទៀតឡើយ ។ អ្វីដែលមនុស្សបានជួបប្រទះជាប្រចាំនោះគឺ កិលេស​នៃ​អវិជ្ជា និង តណ្ហា ដែលជាគ្រឿងចាក់ដោតនាំមកនូវសេចក្ដីទុក្ខ (1)


(1) ខ្លូត ធីតា, មូលដ្ឋានគ្រឹះ នៃ សីលវិទ្យាសាកលលោក, បោះពុម្ពលើកទី១, (ភ្នំពេញ៖ រោងពុម្ព វិទ្យាស្ថានពុទ្ធ​សាសន​បណ្ឌិត្យ​, ២០០២), ២៩៧ ។
ចូលរួមឧបត្ថមកម្មវិធីនេះដោយចុច

No comments:

Post a Comment