ប្រាសាទស្រីមានទីតាំងស្ថិតនៅភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង
មានចំងាយប្រហែល (១៥គ.ម?) ពីដរកំពង់លែង។ ប្រាសាទនេះកសាងឡើងនៅលើខឿនខ្ពស់ពីដី
បែរមុខទៅទិសខាងកើត មានជណ្តើរឡើងធ្វើពីថ្មភក់។
ប្រាសាទនេះមានបណ្តោយប្រវែង១០ម៉ែត្រ ទទឹង៨ម៉ែត្រ និងកម្ពស់ ប្រហែល១៥ម៉ែត្រ។
ប្រាសាទនេះមានទ្វារចូលមួយ និងទ្វារបញ្ជោតចំនួនបី រីឯចម្លាក់ផ្តែរប្រាសាទ
និងសរសរពេជ្រ ដែលធ្វើពីថ្មភក់ត្រូវបានខូចខាតស្ទើរអស់ទៅហើយ
តែចម្លាក់ដែលឆ្លាក់នៅលើ ឥដ្ឋក្រហមគឺនៅមានភាពល្អច្រើន
ហើយតួប្រាសាទទាំងមូលនៅមានលក្ខណៈរឹងមាំនៅឡើយ។ តាមការតុបតែងលម្អនៅលើតួប្រាសាទ
ផ្តែរ សរសរពេជ្រ និងហោជាង យើងអាចសន្និដ្ឋានថា
ប្រាសាទស្រីស្ថិតនៅក្នុងរចនាបទប្រាសាទកំពង់ព្រះ ប្រហែលជាកសាងក្នុងសតវត្សទី៨
ដូចប្រាសាទ កំពង់ព្រះដែរ។
រឿងព្រេងទាក់ទងនឹងប្រាសាទស្រី
នៅក្នុងនគរមួយមានបុរសម្នាក់ឈ្មោះ ចៅ ក្រពុំ ហើយប្រពន្ធរបស់គាត់ឈ្មោះនាងស
ឬនាង អាយុទ្ធា ពួកគាត់មានមហិទ្ធិរិទ្ធខ្លាំងពូកែណាស់។
នៅពេលលឺដំណឹងដល់ស្តេច ស្តេចក៏ជ្រើសរើស ពួកគាត់ឲ្យទៅការពារព្រះអង្គ។
ក្រោយមកទៀតដោយសារមានដំណឹងថា នៅប្រាសាទប្រុសក្បែរ
ទីទួលប្រាសាទស្រីមានសត្វកង្កែបមួយក្បាលដែលគេចាត់ទុកជាសត្វកង្កែបមួយក្បាលជាសត្វចង្រៃ
ពីព្រោះនៅពេលវាស្រែកបែរក្បាលទៅទិសណា ខាងនោះនឹងមានគ្រោះអាសន្ន
ឬធ្វើឲ្យអ្នកស្រុកមាន ជំងឺតម្កាត់ផ្សេងៗ។
ពេលនោះស្តេចក៏បញ្ជាឲ្យប្តីប្រពន្ធដែលចេះមន្តអាគមខ្លាំពូកែនោះ ទៅសម្លាប់សត្វ
កង្កែបនោះ មិនតែប៉ុណ្ណោះព្រះអង្គក៏បានផ្តល់ពលទាហានចំនួន១០០០០នាក់ថែមទៀត
ទៅជាមួយប្តី ប្រពន្ធដែលខ្លាំងពូកែនោះ ប៉ុន្តែសម្លាប់សត្វកង្កែបនោះមិនបានទេ
គ្រាន់តែប្តីប្រពន្ធ ព្រមទាំងទាហាន លឺសម្លេងសត្វកង្កែបនោះស្រែក
ពួកគេមិនហ៊ានធ្វើអ្វីកង្កែបនោះឡើយ។ ចំណែកស្តេចក៏ដាក់បទបញ្ជា
យ៉ាងមឺងម៉ាត់ឲ្យប្តី
និងប្រពន្ធនោះសម្លាប់សត្វកង្កែបនោះឲ្យបានក្នុងរយៈពេលមួយឆ្នាំ ធ្វើយ៉ាងម៉េច
ត្រូវតែសម្លាប់កង្កែបនោះឲ្យបាន
បើពុំដូចនោះទេប្តីប្រពន្ធទាំងពីរនោះនឹងត្រូវស្លាប់។ បន្ទាប់មកទៀត ប្តី
និងប្រពន្ធទាំងពីរនោះក៏ទៅរៀនមន្តវិជ្ជាការពីគ្រូនៅភ្នំគូលែន
ដោយវិជ្ជាឈ្មោះថា មេការឆយ។ វិជ្ជានេះ
មានប្រសិទ្ធិភាពបានរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ ក្នុងមួយឆ្នាំមានតែមួយថ្ងៃគត់
គឺនៅថ្ងៃពេញបូណ៌មី ខែកត្តិកទើបអាចសម្លាប់សត្វកង្កែបនោះបាន
ដោយឲ្យសត្វកង្កែបនោះស៊ីបារតវេទមន្ត ពេលដែលវា បានស៊ីបារតនោះហើយ
សត្វកង្កែបនោះក៏អស់ឬទ្ធិខ្លាំងពូកែ ដូច្នេះទើបគេអាចសម្លាប់វាបាន។
មុនពេលប្តី និងប្រពន្ធមានមន្តវិជ្ជាការខ្លាំងពូកែ
ទាំងពីនាក់នោះមិនទាន់សម្លាប់សត្វកង្កែបបាន ស្តេចក៏បាន សន្យាជាមួយពួកគាត់ថា
ប្រសិនបើប្តីប្រពន្ធនេះសម្លាប់សត្វកង្កែបនោះបានហើយ ព្រះអង្គ
នឹងចាត់ឲ្យគេកសាងប្រាសាទឲ្យ និងផ្តល់ជាប្រាក់កាសមួយចំនួនឲ្យប្តីប្រពន្ធនោះ។
ដល់ពេលប្តីប្រពន្ធ នោះសម្លាប់សត្វកង្កែបនោះបានហើយ
ស្តេចអង្គនោះក៏បានធ្វើតាមសន្យា ឲ្យកសាងប្រាសាទប្រុស និង ប្រាសាទស្រីនេះឯង។
|
ប្រាសាទស្រី និងព្រះវិហារ |
|
ប្រាសាទស្រី មើលពីក្រោយ |
|
ប្រាសាទស្រី និងទ្វាបញ្ជោត |
No comments:
Post a Comment