ទស្សនៈអប់រំសីលធម៌របស់ សូក្រាត
(៤៦៩ -
៣៩៩ មុនឝ.ស.)
សូក្រាត ជាជនជាតិក្រិក កើតនៅឆ្នាំ ៤៦៩ មុនគ្រឹស្តសករាជ(២៤)
(ឯកសាខ្លះដាក់ថា ឆ្នាំ៤៧០ មុនគ្រឹស្ដសករាជ (២៥)) ។ បិតាលោកឈ្មោះ
សូប្រូនីស៍ ជាជាងចម្លាក់ ហើយមាតាលោកឈ្មោះនាងហ្វេណារ៉ែតជាឆ្មបជួយសង្គ្រោះជីវិតមនុស្សមិនរើសមុខ
។ ដូច្នេះហើយបានជាលោក សូក្រាត តែងពោលថា “ម្ដាយខ្ញុំជាឆ្មបសំរាលកូន
ឯខ្ញុំជាឆ្មបសំរាយគំនិត” ។
សូក្រាតត្រូវបានគេចាត់ទុកថា ជាអ្នកបង្កើតជាដំបូងបង្អស់នូវទ្រឹស្ដីសីលធម៌ផ្សេងៗ។
ក្នុងទ្រឹស្ដីសីលធម៌ទាំងនោះ យើងអាចកត់សំគាល់ឃើញមានគោលជំហរធំបីយ៉ាង៖(២៦)
១ ការទប់ចិត្ត
តាមការស្មានមើលទៅ សូក្រាតប្រហែលជាគាត់បានបង្រៀនប្រដៅខ្លួនឯងរួចជាមុនហើយ
មុននឹងទៅបង្រៀនអ្នកដទៃឯទៀត ។ ការចេះទប់ចិត្តខំអត់សង្កត់ចិត្តនេះ ធ្វើឲ្យគាត់មានជ័យជំនះលើខ្លួនគាត់ជានិច្ច
។ កម្លាំងចិត្តខាងក្នុងដែលគាត់ចេះទប់នេះមានឥទ្ធិពលទៅលើទស្សនវិទូក្រោយៗមកទៀត ។
“ពុទ្ធិ” ដែលបណ្ដាលមកពីការទប់កម្លាំងចិត្ត ត្រូវផ្សព្វផ្សាយជុំវិញខ្លួនគាត់ ។
គាត់មិនដែលចង់រស់នៅឯកាម្នាក់ឯងទេ គាត់ចង់រស់នៅក្នុងសង្គមមនុស្សជាមួយមនុស្ស
និងដើម្បីមនុស្សទៀតផង ។ គាត់ផ្ដល់ចំពោះមនុស្សទូទៅ នូវកេរ្តិ៍មរតកដ៏មានតម្លៃម៉្យាងដែលគាត់ខំស្វះស្វែងរកបាន
គឺ ការទប់ចិត្ត ។
ចំពោះកម្លាំងអ្វីម៉្យាង ដែលរុញច្រានឲ្យសូក្រាតរត់រកមនុស្សដទៃឯទៀតនោះសូក្រាតយល់និងជឿជាក់ថា
គាត់បានទទួលបញ្ជាពីព្រះអាទិទេពដែលតម្រូវឲ្យគាត់បំពេញបេសកកម្មមួយ ។
កាលនោះសកម្មភាពរបស់សូក្រាតនៅក្រុងអាថែន
គ្មានអ្វីក្រៅអំពីការបង្ហាញ និងពន្យល់ប្រាប់ចំពោះមតិសាធារណជនឲ្យដឹង ឲ្យឮ ឲ្យស្គាល់
នូវការតាំងខ្លួនជាម្ចាស់លើចិត្តខ្លួនឯងនោះឡើយ។ ក្នុងសម័យនោះតើមាននរណាទៀតដែលប្រកបដោយគតិបណ្ឌិត
ទៅដោយពុទ្ធិ លើសជាងសូក្រាតនេះទៅទៀត ? ជីវិតរបស់សូក្រាតបានប្រព្រឹត្តទៅតាមគន្លងនៃការពិចារណាទៅតាមការគិតចំពោះខ្លួនឯងផង
និងចំពោះអ្នកដទៃផង ។ សូក្រាតយល់ថាហាក់ដូចជាមានអត្ថិភាព របស់ព្រះអាទិទេពនៅក្នុងខ្លួនរបស់គាត់
។ គាត់ហាក់ដូចជាឮសូរសម្លេងមួយស្រែកចេញពីក្នុងខ្លួនគាត់មក ហាមប្រាមបង្គាប់បញ្ជាគាត់មិនឲ្យប្រព្រឹត្តអំពើណាដែលមិនគួរគប្បី
។ ដូច្នេះយើងអាចកត់សម្គាល់ថា គំនិតរបស់សូក្រាតមានលក្ខណៈបែបសាសនា ។ ប៉ុន្តែទោះជាគាត់មានជំនឿទៅលើសាសនាដូចម្ដេចក៏ដោយ
ក៏សូក្រាតពុំយកសាសនាមកធ្វើជាមូលដ្ឋានទ្រឹស្ដីវាសនារបស់មនុស្សដែរ (២៧)។
២. ស្គាល់ខ្លួនដោយខ្លួនឯង
តើសូក្រាតបានបង្រៀនអ្វីខ្លះ
? សីលធម៌របស់សូក្រាត គឺធ្វើដូចម្ដេចឲ្យមនុស្សចេះស្គាល់ខ្លួនឯងដោយច្បាស់លាស់
។ សូក្រាតចង់បញ្ជាក់ថា ការស្គាល់ខ្លួនឯង មិនមែនជាការងាយស្រួលទេ ។ មនុស្សម្នាក់ៗជឿទាំងខុសថាខ្លួនស្គាល់ខ្លួនឯងប្រាកដណាស់
(២៨)។
ជំនឿនេះមិនត្រឹមត្រូវទេពីព្រោះមនុស្សម្នាក់ៗពិបាកនឹងស្គាល់ខ្លួនឯងបានច្បាស់លាស់ណាស់។
លោក សូក្រាត បានជំរុញឲ្យមនុស្ស “ស្គាល់ខ្លួនឯង”
ដែលធ្វើឲ្យមានទម្លាប់ល្អ ដោយផ្ដើមចេញពីរាងកាយខ្លួនឯងភ្ជាប់ទៅនឹងអ្នកដទៃ(២៩)
។ ការស្គាល់ខ្លួនឯងរបស់ សូក្រាតក៏មិនខុសឆ្ងាយពី ការស្គាល់នូវតួនាទីរបស់ខ្លួនឯងនៅក្នុងព្រះពុទ្ធសាសនា
និងស្គាល់ឈ្មោះរបស់ខ្លួននៅក្នុងទស្សនៈរបស់ខុង ជឺ ដែរ គឺមនុស្សម្នាក់ៗ ត្រូវស្គាល់ពីតួនាទី
ស្គាល់ភារកិច្ច ស្គាល់កតព្វកិច្ច របស់ខ្លួនម្នាក់ៗដែលត្រូវប្រព្រឹត្តចំពោះអ្នកដទៃ
។
៣. មនុស្សមិនមែនអាក្រក់ដោយចេតនាទេ
ឯទ្រឹស្ដីសំខាន់មួយទៀតរបស់សូក្រាត
គឺគាត់ចង់ពន្យល់ថាការស្គាល់ខ្លួនឯងដោយ
ខ្លួនឯងនេះ ជាការចាំបាច់ ។ ការស្គាល់ខ្លួនឯងដោយខ្លួនឯង
នេះឲ្យយើងបានយល់ដឹងច្បាស់ថា “គ្មានមនុស្សណាម្នាក់កាចសាហាវឃោរឃៅដោយចេតនាសោះឡើយ” មនុស្សដែលបានប្រព្រឹត្តនូវអំពើឃោរឃៅកាចសាហាវយង់ឃ្នងមិនមែនដោយចិត្តចង់
ឬដោយចេតនានោះឡើយ ។ ការប្រព្រឹត្តនូវអំពើដ៏ឃោរឃៅនេះ គឺដោយសារតែសមីខ្លួននោះល្ងង់ខ្លៅ
ខ្វះការចេះដឹង ។ ការល្ងង់ខ្លៅការចេះដឹងនេះហើយ ដែលដឹកនាំមនុស្សឲ្យលង់លក់នៅក្នុងតណ្ហាហើយប្រព្រឹត្តនូវអំពើបាបកម្មដោយមិនដឹងខ្លួន
។ ពោលឲ្យចំទៅ អំពើឃោរឃៅទាំងឡាយកើតមកអំពីការមិនទាន់ស្គាល់ខ្លួនឯងដោយខ្លួនឯង ដោយចេះតែយល់ច្រឡំថា
ខ្លួនជាអ្នកប្រាជ្ញ ជាអ្នកចេះដឹងជ្រៅជ្រះ ។
ឯវិទ្យាសាស្រ្តដែលសូក្រាត តែងតែប្រកាសថាជារបស់គាត់នោះ
គឺត្រង់ដែលគាត់ដឹងខ្លួនថាគាត់ឥតចេះដឹងអ្វីទាំងអស់ ។
កាលបើគេឮសូក្រាតនិយាយយ៉ាងដូច្នេះ
ពួកអ្នកស្ដាប់នាំគ្នាភ្ញាក់ផ្អើលបើកភ្នែកធំៗ។ តែសូក្រាតទៅកន្លែងណាមួយហើយ គឺប្រៀបបានដូចជា
គ្រាប់បែកផ្ទុះនៅកន្លែងនោះអញ្ចឹង ។ គាត់ធ្វើឲ្យជនទាំងនោះស្រឡាំងកាំងរកហាមាត់និយាយមិនរួច
។ គាត់ខំធ្វើយ៉ាងដូចម្ដេចឲ្យមនុស្សក្រឡេងមើលមកខ្លួនឯង ព្រោះគាត់ដឹងថា មនុស្សពុំដែលចាប់ភ្លឹកយក
ចិត្តទុកដាក់នឹងខ្លួនឯងសោះ។
ឯមនុស្សដែលសូក្រាតចូលចិត្តប្រៀនប្រដៅជាងគេ
គឺយុវជនក្មេងៗ ព្រោះមនុស្សប្រភេទនេះ ឆាប់យល់ស្របតាមការពន្យល់របស់គាត់ណាស់ ។ សូក្រាតបានពន្យល់បង្ហាត់បង្ហាញយុវជនកុំឲ្យមានជំនឿ
និងអនុវត្តន៍ទៅតាម ទំនៀមទម្លាប់ដែលគេធ្លាប់បានទទួលការអប់រំនៅក្នុងគ្រួសារ ។ ដោយហេតុដូច្នេះហើយ
បានជាតុលាការទីក្រុងអាថែនបានចោទប្រកាន់សូក្រាតថាជាអ្នកបំបះបំបោរយុវជនដែលកំពុងតែល្អ
ឲ្យក្លាយទៅជាពុករលួយ ខូចអស់របៀបរៀបរយដែលធ្លាប់តែមាននៅក្នុងសង្គម ។
តាមការពិតទៅ សូក្រាតចង់ជួយអប់រំក្មេងដោយស្មោះត្រង់
ដោយឲ្យយុវជនទាំងនេះចេះប្រើប្រាស់នូវកម្លាំងផ្ទាល់របស់ខ្លួនដោយវិធីស្គាល់ខ្លួនឯងដោយខ្លួនឯង។ (៣០)
(២៩)
ង៉ែត សារឿន, រៀបរៀង, ទស្សនវិជ្ជាសីលធម៌៖
សីលធម៌ អប់រំ (ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា,២០១១),៣៦។
No comments:
Post a Comment