Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, March 18, 2012

សង្គហធម៌ទាំង៤



សង្គហធម៌
របស់​ព្រះ​វិន័យ​ធម្ម យូរ - ប៉ុណ្ណ
នៅ​វត្ត​ឧណ្ណាលោម
ជា​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​ក្នុង​ពុទ្ធសាសនបណ្ឌិត្យ ក្រុង​ភ្នំពេញ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
វេលា​នេះ អាត្មា​ភាព​នឹង​សំដែង​អំពី​សង្គហធម៌ ដែល​ជា​ធម៌​សម្រាប់​សង្គ្រោះ​ដល់​គ្នា​នឹង​គ្នា , សូម​អស់​លោក​អ្នក​ទាំងឡាយ​ចាំ​ស្ដាប់​ដុច​សំដែង​ត​ទៅ​នេះ៖
កិច្ច​ឬ​ឧបាយ​ដែល​សម្រាប់​សង្គ្រោះ​ឬ​ស្រោច​ស្រង់​គ្នា​នឹង​គ្នា​ឲ្យ​បាន​មូលមិត្រ​ហៅ​ថា សង្គហៈ សង្គហៈ​នេះ​ចែក​ចេញ​ជា យ៉ាង​គឺៈ
- ទានៈ ការ​ចែក​រលែក​ឲ្យ
- បេយ្យវជ្ជៈ ការ​ពោល​ពាក្យ​ពីរោះ គួរ​ឲ្យ​ចាប់​ចិត្ត
- អត្ថចរិយា ការ​ប្រព្រឹត្ត​ឲ្យ​ជា​ប្រយោជន៍​ដល់​គ្នា​នឹង​គ្នា
- សមានត្តតា ភាព​ជា​អ្នក​តាំង​ខ្លួន​ឲ្យ​ស្មោះ​ស្មើ​ចំពោះ​បុគ្គល​ផង​គ្នា
សង្គហធម៌​ទាំង យ៉ាង​នេះ តែង​ប្រមូល​ជន​ទាំងឡាយ​ឲ្យ​មូលមិត្រ​គ្នា​ក្នុង​សកល​លោក បើ​សង្គហធម៌​នេះ​មិន​មាន​ហើយ សាមគ្គី​គឺ​ការ​ព្រមព្រៀង​មូលមិត្រ​គ្នា ក៏​នឹង​ធ្លុះ​ធ្លាយ​បែក​បាក់​ទៅ​ពុំ​ខាន ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​សរសើរ​សង្គហធម៌​នេះ ថា​ជា​កិច្ច​យ៉ាង​ប្រសើរ​បំផុត​ក្នុង​លោក
ឯ​ការ​សង្គ្រោះ​នេះ ជា​បវេណី​របស់​បុគ្គល​អ្នក​ស្ថិត​នៅ​ក្នុង​ទី​ជា​បព្វការី ដូចជា​មាតា​បិតា​មាន​ភារៈ​​ខាង​សង្គ្រោះ​បុត្រ​ធីតា, អាចារ្យ​មាន​ភារៈ​ខាង​សង្គ្រោះ​សិស្ស, ចៅហ្វាយ​នាយ​មាន​ភារៈ​ខាង​​សង្គ្រោះ​ទាសកម្មករ, ឥស្សជន​មាន​ព្រះ​រាជា​ជាដើម មាន​ភារៈ​ខាង​សង្គ្រោះ​ដល់​ប្រជា​រា​ស្ត្រ
ជន​ដែល​បាន​ធ្វើ​សេចក្ដី​សង្គ្រោះ​ចំពោះ​រូប​ណា​មួយ​ហើយ ជន​នោះ​ឈ្មោះ​ថា​ជា​បព្វការី, ជន​ជា​បព្វការី​នោះ​ក៏​គួរ​ទទួល​យក​កិច្ច​ដែល​គេ​ត្រូវ​ធ្វើ​មក​វិញ សូម្បី​តែ​ជន​អ្នក​តូច​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​មាន​ចិត្ត​មេត្តា​សង្គ្រោះ​ដល់​ញាតិ​ឯ​ទៀត ក៏​គង់​មាន​អ្នក​ដទៃ​គេ​រាប់អាន ជួយ​លើក​ដំកើង​ឲ្យ​ទៅ​កាន់​ទី​ជា​ធំ​បាន ព្រោះ​ហេតុ​នោះ​បាន​ជា​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ទ្រង់​មាន​បំណង​នឹង​នាំ​សត្វ​ឲ្យ​បាន​សម្រេច​គុណ​សម្បត្តិ​គឺ​ការ​តាំង​ខ្លួន​ត្រូវ​ក្នុង​ធម៌ ទើប​ទ្រង់​សំដែង​នូវ​សង្គហ​ឧបាយ​នេះ​ទុក​ជា​ផ្លូវ​ដូច​ន័យ​ដែល​បាន​ពោល​មក​ខាង​ដើម រួម​ចូល​ដោយ​សង្ខេប​ជា គឺៈ ទានៈ បេយ្យវជ្ជៈ អត្ថ​ចរិយា, សមានត្តតា ដូច្នេះ
ទី ទានៈ ការ​ឲ្យ​នោះ ចែក​ចេញ​ជា យ៉ាង គឺ​ឲ្យ​សំដៅ​ចំពោះ​រូប​បុគ្គល​ម្នាក់ ហៅ​ថា​អសា​ធារណ​ទាន , ឲ្យ​ជា​សាធារណៈ​ទួទៅ​មិន​សំដៅ​ចំពោះ​រូប​បុគ្គល​ម្នាក់ ហៅ​ថា សាធារណ​ទាន ដូចជា​មាតា​បិតា​ឲ្យ​អាហារ គ្រឿង​ប្រដាប់​ស្លៀកពាក់​ដល់​បុត្រ​ធីតា​ក្នុង​វេលា​ដែល​នៅ​កំឡោះ​ក្រមុំ ឬ​ឲ្យ​ទ្រព្យ​សម្បត្តិ​ធ្វើ​ជា​ដើម​ទុន ឲ្យ​ទី​ឋាន​ផ្ទះ​សម្បែង ក្នុង​កាល​ដែល​បុត្រ​ធីតា​ចំរើន​​វ័យ​ហើយ, ចៅហ្វាយ​នាយ​ឲ្យ​ភោគ​សម្ប័ទ​ដល់​ទាសកម្មករ ញាតិ​មិត្រ​ចែក​ចាយ​គ្រឿង​ប្រើ​ប្រាស់ នឹង​ភោជនាហារ​ដល់គ្នីគ្នា បុត្រ​ធីតា​ដែល​មាន​ផ្ទះ​សម្បែង​ហើយ បាន​ជូន​ភោជ​នាហារ គ្រឿង​ស្លៀកពាក់​ដល់​មាតា​បិតា​ដែល​ចាស់​ជរា, ទាសកម្មករ​ធ្វើ​ការងារ ឬ​ជូន​របស់​ដល់​ចៅហ្វាយ​នាយ​ជា​ហេតុ​សំដែង​សេចក្ដី​ចង​មេត្រី​ទៅ​រក​ចៅហ្វាយ​នាយ, យ៉ាង​នេះ​ហៅ​ថា អសា​ធារ​ណ​ទាន គឺ​បូជា​ឬ​តប​គុណ​ចំពោះ​រូប​បុគ្គល​ម្នាក់
ឥស្សរជន ឬ​អ្នក​មាន​ទ្រព្យ​សម្បត្តិ ជា​អ្នក​មាន​ចិត្ត​ផ្សាយ​មេត្តា​អាណិត​អាសូរ​ប្រណី​ដល់​មហា​ជន ហើយ​លះបង់​សេចក្ដី​កំណាញ់ បរិច្ចាគ​ទ្រព្យ​ជួស​គេ​ឲ្យ​លើក​ថ្នល់ ជីក​ព្រែក ធ្វើ​ស្ពាន ដើម្បី​ជា​ផ្លូវ​គមនាគមន៍​ទៅ​មក​បាន​ស្រួល, សង់​សាលា ដាំដើម​ឈើ ជីក​ស្រះ​ដើម្បី​ជា​ទី​សំណាក់​អាស្រ័យ​ដល់​មនុស្ស​អាគន្តុកៈ តាំង​បង្កើត ឬ​ទំនុក​បម្រុង​ធ្វើ​ផ្ទះ​ពេទ្យ​ជា​ទី​ព្យាបាល​រោគ​សព្វ​យ៉ាង, តាំង​បង្កើត ឬ​ទំនុក​បម្រុង​សាលា​បង្រៀន​ជា​ទី​ឲ្យ​ចំណេះ​វិជ្ជា​ដល់​កុមារា​កុមារី យ៉ាង​នេះ​ហៅ​ថា​ឲ្យ​ឬ​សង្គ្រោះ​ជា​សាធារណៈ​មិន​ចំពោះ​រូប​បុគ្គល ទាន​មាន​សភាព​យ៉ាង​នេះ​អាច​ឲ្យ​សេចក្ដី​សុខ​ដ៏​ធំ​ទូលាយ ជាង​ឲ្យ​ចំពោះ​រូប​បុគ្គល​ម្នាក់ ព្រោះ​ពង្រីក​មេត្តា​ចិត្ត​ផ្សាយ​ទៅ​ក្នុង​លោក​ទាំង​មូល ទានៈ​ការ​ឲ្យ​ឬ​សង្គ្រោះ​ដោយ​ផ្សាយ​មេត្តា​ចិត្ត​យ៉ាង​នេះ ចាត់​ជា​បារមី ហៅ​ថា ទាន​បារមី ទាម​បារមី​នេះ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ធ្លាប់​បាន​បំពេញ​បាន​សន្សំ​មក​ច្រើន​ជាតិ​ឥត​គណនា​ឡើយ, លុះ​ព្រះ​អង្គ​បាន​ត្រាស់​ហើយ​ទ្រង់​សំដែង​នូវ​សង្គហ​ទាន​នេះ ថា​ជា​កន្លែង ឬ​ដំណើរ​នៃ​សេចក្ដី​សុខ​ក្នុង​លោក​នេះ នឹង​លោក​ខាង​មុខ, នេះ​ជា​សង្គហ​ទី
ទី បេយ្យវជ្ជៈ បើ​គ្រាន់​តែ​ឲ្យ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​ពោល​ពាក្យ​ពិរោះ​គួរ​ឲ្យ​ចាប់​ចិត្ត​ផង​ទេ, វត្ថុ​ដែល​ឲ្យ​នោះ បើ​ទុក​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ចុះ ក៏​ប្រាកដ​ហាក់​ដូចជា​តិច, បើ​ពោល​ពាក្យ​ពិរោះ​គួរ​ឲ្យ​ស្រណោះ​ចាប់​ចិត្ត, ភ័ស្ដុភា​ដែល​ឲ្យ​នោះ សូម្បី​តិច​តួច​សោះ ក៏​ប្រាកដ​ហាក់​ដូចជា​ច្រើន, ព្រោះ​ធ្វើ​ឲ្យ​កើត​សេចក្ដី​ស្រឡាញ់​ពេញ​ចិត្ត ធ្វើ​អ្នក​ដែល​មាន​ឧបការៈ​ឲ្យ​ជា​ទី​រាប់អាន​ក្រៃលែង​ឡើង​។ ព្រោះ​ហេតុ​នោះ​បាន​ជា​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ចាត់​បេយ្យវជ្ជៈ ថា​ជា​សង្គហ​ទី
បេយ្យវជ្ជៈ ប្រែ​ថា​ពាក្យ​ដែល​ពិរោះ​គួរ​ពេញ​ចិត្ត គួរ​ចាប់​ចិត្ត ចែក​ចេញ​ជា យ៉ាង​គឺៈ បិយវាចា បាន​ខាង​វាចា​ពីរោះ​ទន់​ផ្អែម ធ្វើ​អ្នក​និយាយ​ឲ្យ​ជា​ទី​ស្រឡាញ់​របស់​អ្នក​ស្ដាប់ , អត្តសញ្ហិតា វាចា វាចា​ប្រកប​ដោយ​ប្រយោជន៍
បិយវាចា អាច​នឹង​ទាញ​ចិត្ត​មនុស្ស​ក្នុង​លោក​ឲ្យ​ស្រឡាញ់​រាប់អាន​គ្នា​បាន, ដូចជា​មាតា​បិតា ចរចា​នឹង​បុត្រ​ធីតា​ដោយ​ពាក្យ​ទន់​ផ្អែម​ដូច​ហៅ​ថា កូន ថា នាង ដូច្នេះ​ជាដើម ពាក្យ​នេះ​គួរ​ឲ្យ​ចាប់​ចិត្ត​ដល់​បុត្រ​ធីតា​ពន់ពេក ធ្វើ​ឲ្យ​កើត​សេចក្ដី​ស្រឡាញ់ បុត្រ​ធីតា​ដែល​ចេះ​និយាយ​ពាក្យ​ពិរោះ​គួរ​ឲ្យ​ចាប់​ចិត្ត, មាតា​បិតា​ក៏​ស្រឡាញ់​ពេញ​ចិត្ត ជនជា​ឥស្សរ​ដែល​ឈ្លាស​ក្នុង​ការ​បដិ​សន្ថារ​ពោល​ពាក្យ​រាក់ទាក់​ប្រស្រ័យ​ រួសរាយ​ដល់​អ្នក​តូច​ទួទៅ​គ្រប់​ជាន់ គ្រប់​ថ្នាក់, រមែង​ធ្វើ​ខ្លួន​ឲ្យ​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត​របស់​មនុស្ស​ទាំងឡាយ ចេះ​និយាយ​ដឹកនាំ​អ្នក​តូច​ឲ្យ​មាន​គំនិត​ធ្វើ​កិច្ចការ​ដោយ​សេចក្ដី​ប្រឹងប្រែង ហើយ​ឲ្យ​ជា​សុចរិត​បាន​ផង វាចា​ទន់ភ្លន់​នេះ​ឯង បើ​ទុក​ជា​មនុស្ស​នោះ​ពី​ដើម​ធ្លាប់​ទាស់ទែង​ខ្វែង​គំនិត​គ្នា ដល់​ទៅ​មើល​មុខ​គ្នា​មិន​ត្រង់​ក៏​ដោយ កាល​បើ​បាន​ឮ​សំដី​ពិរោះ​ញយ ក៏​អាច​នឹង​ស្រាយ​កំហឹង​នោះ​បាន ដូចពាក្យ​បុរាណ​លោក​ពោល​ថា "សំដី​ជា​ឯ្ លេខ​ជា​ទោ" សំដី​នេះ​លើក​ទុក​ជា​ទី​មួយ ចំណេះ​វិជ្ជា​លើក​ទុក​ជា​ទី​ពីរ អ្នក​ដែល​មាន​ចំណេះ​យ៉ាង​ណា​ក៏​ដោយ​ចុះ, ប៉ុន្តែ​បើ​ពោល​វាចា​មិន​ជា​ទី​គាប់​ចិត្ត​ជា​វាចា​គំរោះ​គំរើយ​មិន​ពេញ​ចិត្ត​អ្នក​ស្ដាប់ អ្នក​មាន​ចំណេះ​នោះ ក៏​ឥត​មាន​គេ​រាប់​រក​ទៅ​វីញ ជន​អ្នក​ខ្សត់​ខ្សោយ​ចំណេះ​​វិជ្ជា​សោះ​ទេ, ប៉ុន្តែ​បើ​មាន​វាចា​ពិរោះ ចេះ​ឱន​លំទោន​សុភាព​រាបសា​ល្អ​គួរ​ឲ្យ​ពេញ​ចិត្ត, គង់​​មាន​អ្នក​ដទៃ​គេ​រាប់​រក​គេ​ជួយ​សង្គ្រោះ គេ​បូជា ឬ​ឲ្យ​វត្ថុ​នេះ​នោះ​ពុំ​ខាន ទាំង​នេះ​ក៏​ដោយ​សា​វាចា​ពិរោះ ប៉ុន្តែ​មនុស្ស​ម្នាក់ មិន​ត្រូវ​ធ្វើ​ខ្លួនឲ្យ​ឥត​ចំណេះ​វិជ្ជា​ទេ, ត្រូវ​តែ​ខំ​ប្រឹង​រៀន​សូត្រ​ជា​ដរាប
អត្ថសញ្ហិតា វាចា វាចា​ប្រកប​ដោយ​ប្រយោជន៍ ជន​អ្នក​ស្រឡាញ់​សេចក្ដី​សុខ-ចំរើន និយាយ​តែ​សំដី​ណា​ដែល​ប្រកប​ដោយ​ប្រយោជន៍ ជា​សំដី​មាន​តម្លៃ​ឲ្យ​អ្នក​ស្ដាប់​ចូល​ចិត្ត​ចង់​ស្ដាប់, ហើយ​អ្នក​ស្ដាប់​នោះ យក​ទៅ​ធ្វើ​តាម ប្រតិបត្តិ​តាម​ទៅ ក៏​រមែង​កើត​ផល​កើត​ប្រយោជន៍ សំដី​យ៉ាង​នេះ ចាត់​ជា​សំដី​បាន​ការ ជា​សំដី​អ្នក​ប្រាជ្ញ
ព្រះ​បរម​សាស្ដា ទ្រង់​ទេសនា​ដឹកនាំ​វេនយ្យ​សត្វ ឲ្យ​ឃើញ​ដោយ​បញ្ញា​ថា យ៉ាង​នេះ​ជា​ធម៌ យ៉ាង​​នោះ​មិន​មែន​ជា​ធម៌, ទ្រង់​ពន្យល់​ឲ្យ​លះ​អកុសលចេញ ហើយ​ឲ្យ​សមាទាន​យក​កុសល​ធម៌​​វិញ ឲ្យ​អាច​ហាន​ឲ្យ​រីករាយ​ក្នុង​ធម៌​នោះ ទ្រង់​បណ្ដុះ​សេចក្ដី​រាប់អាន​របស់​មហា​ជន​ទាំង​គ្រហស្ថ​ទាង​បព្វជិត​ឲ្យ​មាន​កំឡាំង​តាំង​នៅ​អស់​កាល​ដ៏​យូរ​អង្វែង ព្រះ​ពុទ្ធសាសនា​ដែល​នឹង​អាច​តាំង​នៅ​បាន​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ក៏អាស្រ័យ ព្រះ​ពុទ្ធ​វាចា ជា​សច្ច​វាចា ជា​អត្ថ​សញ្ហិ​តា វាចា, វាចា​ពិត, វាចា​មាន​ប្រយោជន៍ វាចា​មាន​ប្រយោជន៍​នេះ ជា​សំដី​កាត់​ថ្លៃ​ពុំ​បាន ការ​ពោល​ពាក្យ​ពីរោះ​យ៉ាង​នេះ ចាត់​ជា​សង្គហធម៌​ទី
ទី អត្ថចរិយា កិរិយា​ប្រព្រឹត្ត​ជា​ប្រយោជន៍​ដល់​គ្នា​នឹង​គ្នា​នោះ គឺ បើ​ប្រសិន​ជា​ឲ្យ ឬ​និយាយ​ពាក្យ​ពីរោះ ជា​គុណ​ចាប់​ចិត្ត​ចង​មេត្រី​ទុក​បាន​យ៉ាង​ស្និទ​ក៏​ពិត, ប៉ុន្តែ​បើ​ជា​មនុស្ស​ចេះ​តែ​មើល​បំណាំ​គ្នា​ទៅ​វិញ​ទៅ​មក មិន​ប្រព្រឹត្ត​ប្រយោជន៍​ដល់​គ្នា​នឹង​គ្នា គឺ​ថា​មិន​ហុច​ប្រយោជន៍​ឲ្យ គ្រាន់​តែ​ឲ្យ​របស់​ប្រើប្រាស់ នឹងនិយាយ​តាម​ការ​សម្រួល​ប៉ុណ្ណោះ ការ​ជិត​ស្និទ្ធ​នោះ​ក៏​នឹង​សាប​រលាប​ទៅ​វិញ​បាន​ដោយ​ងាយ ព្រោះ​ហេតុ​នោះ អត្ត​ចរិយា​ការ​ប្រព្រឹត្ត​ជា​ប្រយោជន័​ដល់​គ្នា​នឹង​គ្នា​នេះ ក៏​ជា​គុណ​យ៉ាង​សំខាន់​អាច​យឹត​យោង​គ្នា​នឹង​គ្នា​ឲ្យ​ទៅ​កាន់​សេចក្ដី​សុខ-ចំរើន​ត​វែង​ទៅ​បាន
ឯ​ការ​យឹត​យោង​ឲ្យ​ប្រយោជន៍​ដល់​គ្នា​នឹង​គ្នា​នោះ ដូចជា​មាតា​បិតា​ខ្វល់ខ្វាយ​ធ្វើ​ប្រយោជន៍​ឲ្យ​បុត្រ​ធីតា គឺ​ខំ​ស្វះ​ស្វែង​រក​ទ្រព្យ​សម្បត្តិ ចំណេះ​វិជ្ជា ផ្ដល់​ឲ្យ​បុត្រ​ធីតា​តាម​ជាន់​តាម​ថ្នាក់, ចំ​ណែ​ក​​បុត្រ​ធីតា​វិញ​ក៏​ជួយ​ខ្វល់ខ្វាយ​ក្នុង​កិច្ចការ​របស់​មាតា​បិតា គឺ​ថា​ត្រូវ​ចិញ្ចឹម​គាត់​ដោយ​ការ​តប​គុណ ឥស្សរ​ជន​ជួយ​ធុរៈ​ដល់​អ្នក​ត្រូវ​ការ​ពឹងពាក់​ព្យាបល​ទំនុក​បម្រុង​ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​យស​សក្ដិ៍ ប្រកដ​ក្នុង​ទី​ប្រជុំ​ជន, រមែង​ជា​ទី​និយម​រាប់អាន​របស់​អ្នក​ពឹងពាក់, អ្នក​ដែល​ពឹងពាក់​សោត​ទៀត​ក៏​ត្រូវ​ធ្វើ​កិច្ចការ​របស់​លោក​ឲ្យ​សម្រេច​តាម​ទំនង​ដែល​លោក​ប៉ុនប៉ង ធ្វើ​ខ្លួន​ឲ្យ​លោក​ជឿ​ជាក់​នឹង​ទុក​ចិត្ត​បាន ឲ្យ​លោក​ស្រឡាញ់​រឹងរឹត​តែ​ខ្លាំង​ឡើង
មិត្រ​សំឡាញ់ ក៏​ត្រូវ​ជួយ​ខ្វល់ខ្វាយ​កិច្ច​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​កម្លាំង​កាយ​ខ្លះ ដោយ​កំឡាំង​វាចា​ខ្លះ កំឡាំង​គំនិត​ខ្លះ កំឡាំង​ទ្រព្យ​ខ្លះ ឲ្យ​សម​តាម​ទំនង​ពុទ្ធ​ភាសិត​ថា អត្ថម្ហិ ជាតម្ហិ សុខា សហាយា មិត្រ​សំឡាញ់​ទាំងឡាយ កាល​បើ​ធុរៈ​កើត​ឡើង, រមែង​ជួយ​នាំ​ឲ្យ​បាន​សេចក្ដី​សុខ ទើប​មាន​មេត្រី​ចិត្ត​រាប់​រក​គ្នា​យ៉ាង​ស្និទ្ធ សូម្បី​ញាតិ​ក៏​ដូច​គ្នា ត្រូវ​តែ​ជួយ​ធុរៈ​គ្នា​តាម​លំ​ដាប់​​ញាតិ, មិន​ចាំបាច់​ញាតិ​សាច់​សាលោហិត​ជិត​គ្នា​ទេ ឲ្យ​តែ​រួម​ជាតិ​ជា​មួយ​គ្នា ក៏​ត្រូវ​តែ​ជួយ​ផ្ដល់​ប្រយោជន៍​ឲ្យ​តាម​សមគួរ យ៉ាង​នេះ​ទើប​រាប់​រក​គ្នា​ទៅ​ពេល​មុខ​បាន​ស្រួល​ល្អ ឯ​ការ​ដឹកនាំ​តាម​ផ្លូវ​ធម៌​ទៀត​សោត ក៏​ត្រូវ​បបួល​គ្នា​ឲ្យ​បរិច្ចាគ​ធនធាន​ធ្វើ​កុសល​ដើម្បី​ញ៉ាំង​គ្នីគ្នា​ឲ្យ​ស្រុះ​ស្រួល​គំនិត​ក្នុង​ការ​បុណ្យ​នោះ ឲ្យ​ចេះ​ស្និទ្ធ​ស្នាល​គ្នា​ត​ទៅ ដូច​ជន​អ្នក​មាន​សីលធម៌​ល្អ អាច​ដឹកនាំ​អ្នក​ឥត​សទ្ធា ឥត​សីល ឲ្យ​មាន​សីល កំណាញ់​ស្វិតស្វាញ ឲ្យ​មាន​ចិត្ត​ទូលាយ​បរិច្ចាគ​ទ្រព្យធ្វើ​បុណ្យ អ្នក​ល្ងង់​ខ្លៅ​ឲ្យ​មាន​ប្រាជ្ញា យ៉ាង​នេះ​ឈ្មោះ​ថា​ប្រព្រឹត្ត​ប្រយោជន៍​ដល់​គ្នា​នឹង​គ្នា រាប់​ថា​ជា​សង្គហ ទី
ទី សមាត្តតា ភាព​ជា​អ្នក​តាំង​ខ្លួន​ឲ្យ​ស្មោះ​ស្មើ​ទៅ​រក​បុគ្គល​ផង​គ្នា​តាម​សមគួរ​នោះ, គឺ​បុគ្គល​សូម្បី​គ្រាន់​តែ​ឲ្យ ឬ​និយាយ​ពាក្យ​ពិរោះ​ព្រម​ទាំង​ជួយខ្វល់ខ្វាយ​ធ្វើ​ប្រយោជន៍ ឬ​ណែនាំ​ប្រាប់​ប្រយោជន៍​ដល់​គ្នា​នឹង​គ្នា​តែ​ប៉ុណ្ណោះ, តែ​បើ​មិន​ចេះ​រៀបចំ​ខ្លួន​ប្រាណ​ឲ្យ​សម​តាម​អត្តភាព គឺ​មិន​ស្គាល់​ធំ-តូច-ខ្ពស់-ទាប ជា​អ្នក​ប្រកាន់​មានះ ក្អេងក្អាង​មើល​ងាយ​គេ ធ្វើ​ឫកពា​ក្រអឺត​ក្រអោង​យ៉ាង​នេះ​ទេ, សេចក្ដី​រាប់អាន​គ្នា​ក៏​នឹង​សាប​រលាប​ទៅ​វិញ លុះ​តែ​អាស្រ័យ​នូវ​សេចក្ដី​ស្មោះ​ស្មើ តាំង​ខ្លួន​ឲ្យ​សម​តាម​អត្តភាព​ផង, ទើប​សេចក្ដី​រាប់អាន​នោះ​នឹង​មាន​កម្លាំង​អាច​តាំង​នៅ​បាន​​យូរ​អង្វែង​ទៅ​បាន
ជន​អ្នក​មាន​វ័យ​តិច សូម្បី​វិសេស​ជាង​ដោយ​យស​សក្ដិ ដោយ​អំណាច ដោយ​ភោគ​សម្ប័ទ ដោ​យ​​បរិវារ​ប៉ុន​ណា, ក៏​ត្រូវ​តាំង​ខ្លួន​ឲ្យ​សម​តាម​បែប​ភាព យស​សក្ដិ​ជាដើម​ប៉ុណ្ណោះ, គឺ​ត្រូវ​តែ​គំ​នាប់​​គាប់​សួរ​ដល់​ជន​អ្នក​មាន​វ័យ​ចំរើន​ជាង​ខ្លួន, ពី​ដើម​មក​ធ្លាប់​រាប់អាន​យ៉ាង​ណា ខាង​ក្រោយ​មក​ក៏​ត្រូវ​រាប់អាន​យ៉ាង​នោះ ជន​ទាំងឡាយ ដែល​បាន​ទទួល​សេចក្ដី​គោរព​កោត​ក្រែង​យ៉ាង​នេះ​ហើយ, ក៏​រមែង​ស្រឡាញ់​ពេញ​ចិត្ត​សំដែង​អាការ​រាប់​រក​ទៅ​វិញ
ពួក​ញាតិ​ដែល​មាន​វ័យ​ស្មើ គ្នា​ទៀត​សោត ក៏​ត្រូវ​សំដែង​សេចក្ដី​រាប់អាន​គ្នា​ដោយ​ពេញ​ចិត្ត​ចំពោះ​ញាតិ​ផង​គ្នា, ទោះ​និយាយ​ស្ដី​ក្ដី ធ្វើ​ការងារ​អ្វី​ក្ដី ដេក-ដើរ-ឈរ-អង្គុយ​ក្ដី ក៏​ត្រូវ​ប្រតិបត្តិ ត្រូវ​​ធ្វើ ត្រូវ​និយាយ​ស្ដី​ឲ្យ​សម​តាម​អត្តភាព​របស់​ខ្លួន ញាតិ​ដែល​ជា​អ្នក​ធំ​មាន​មេត្តា​រាប់​រក​ញាតិ​​ដែល​ជា​អ្នក​តូច ស្និទ្ធស្នាល​គ្នា​ទៅ​វិញ​ទៅ​មក ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​គាំពារ​វង្ស​ត្រ​កូល​របស់​ខ្លួន​ឲ្យ​ចំរើន, សេចក្ដី​សាមគ្គី​នៃ​ញាតិ​នេះ, រមែង​ញ៉ាំង​សេចក្ដី​សុខ​ឲ្យ​កើត​មាន​ទួទៅ​សព្វ​គ្នា, ដូច​មាន​ពុទ្ធ​ភាសិត​ថា ធីរោ សុខ សំវាសោ ញាតីនំវ សមាគមោ អ្នក​ប្រាជ្ញ​ដែល​មាន​មនុស្ស​មក​នៅ​រួម​ជា​មួយ​ហើយ, រមែង​ញ៉ាំង​សុខ​ឲ្យ​កើត​ដូច​ជា​គ្នា​ជួប​ជុំ គឺ​សេចក្ដី​ព្រមព្រៀង​នៃ​ញាតិ​ដូច្នោះ​ដែរ
មួយ​ទៀត​ជន​ដែល​អាស្រ័យ​នៅ​ក្នុង​គណៈ​ដូច​ជា​ភិក្ខុ​សង្ឃ ដែល​អាស្រ័យ​នៅ​ជា​មួយ​គ្នា​បាន ក៏​ដោយ​អំណាច​មាន​ធម៌​ស្មើ​គ្នា បើ​មិន​ដូច្នោះ​ទេ ក៏​មិន​អាច​នឹង​រក្សា​សាមគ្គី​ឲ្យ​គង់​នៅ​បាន​ឡើយ​ ព្រោះ​ហេតុ​នោះ បាន​ជា​លោក​ដែល​ជា​ប្រធាន​នៃ​គណៈ​ត្រូវ​បំភ្លឺ​ដើម្បី​ឲ្យ​មនុស្ស​ទាំង​ឡាយ​ក្នុង​គណៈ និយម​ធ្វើ​តាម​សណ្ដាប់​ធ្នាប់​របស់​គណៈ កំចាត់​បង់​នូវ​មនុស្ស​ដែល​ល្មើស​ចេញ ហើយ​រក្សា​សាមគ្គី​របស់​គណៈ​ឲ្យ​តាំង​នៅ​មាំមួន​ឡើង
សមានត្តតា​នេះ បើ​ធ្វើ​ឲ្យ​សម​ដល់​ហេតុ​ផល​របស់​បុគ្គល​ឬ​គណៈ​ហើយ រមែង​យឹតយោង​បុគ្គល​នឹង​គណៈ​នោះ ឲ្យ​តាំង​នៅ​ក្នុង​សាមគ្គី​ធម៌​យ៉ាង​ជិត​ស្និទ្ធ​បាន នេះ​ចាត់​ជា​សង្គហ​ទី
សង្គ​ហធម៌​ទាំង ចប់​តែ​ប៉ុណ្ណេះ
កាល​បើ​ចប់​ធម៌​ទេសនា​ហើយ​សូម​ផ្សាយ​ចំណែក​កុសល ដល់​អស់​លោក-អ្នក​ទាំងឡាយ ដែល​ឋិត​នៅ​ក្នុង​កម្ពុជ​រដ្ឋ​ទាំង​មូល សូម​ឲ្យ​បាន​សេចក្ដី​សុខ-ចំរើន​ត​រៀង​ទៅ
ទុក្ខប្បត្តា និទ្ទុក្ខា ភយប្បត្តា និព្ភយា
សោកប្បត្តា និស្សោកា ហោន្តុ សព្វេបិ បាណិនោ
សព្វ​សត្វ​ទាំងឡាយ​ដែល​ដល់​នូវ​សេចក្ដី​ទុក្ខ ក៏​ឲ្យ​បាត់​ទុក្ខ​ទៅ, ដែល​ដល់​នូវ​ភ័យ ក៏​ឲ្យ​បាត់​ភ័យ​ទៅ, ដែល​ដល់​នូវ​សេចក្ដី​សោក ក៏​ឲ្យ​បាត់​សោក​ទៅ (ដោយ​អំណាច​ធម៌​ទេសនានេះ)
សំដែង​អំពី​សង្គហធម៌ យ៉ាង​ចប់​តែ​ប៉ុណ្ណេះ

No comments:

Post a Comment