Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Saturday, January 19, 2013

ទស្សនៈអប់រំសីលធម៌របស់ ខុង ជឺ


ទស្សនៈអប់រំសីលធម៌របស់ ខុង ជឺ (៥៥១‍‌-៥៧៩ មុន​ គ.ស.)
          តាមការសិក្សាទស្សនវិជ្ជាបូព៌ាប្រទេស គេចាត់ទុក ខុង ជឺ ជាបិតាសីលធម៌ ហើយ​មានលក្ខណៈ ជាសាសនាផង ជាការអប់រំផង ជាច្បាប់សីលធម៌ផងដែរ។ ខុង ជឺ មាន​លក្ខណៈ​ជាលទ្ធិមួយ ដែលសង្កត់ធ្ងន់ទៅលើបញ្ហាសីលធម៌ គុណធម៌ មនុស្សធម៌ ជា​ពិសេសចំពោះជនជាតិចិននាសម័យនោះ។
          ទស្សនៈ ខុង ជឺ ស្ដីពីមនុស្សគ្រប់រូបដែលល្អជាងគេ គឺជាអ្នកដែលរស់នៅប្រកប​ដោយ​ភាពត្រឹមត្រូវមានគុណធម៌ និងករុណា។ ការរស់នៅល្អ គឺអាចសម្រេចបាន​តែនៅក្នុង​ទំនាក់​ទំនងប្រាំយ៉ាងរបស់មនុស្សដែលស្គាល់ខ្លួនឯង ដោយ​ប្រកាន់ខ្ជាប់នូវសីលធម៌ គុណ​ធម៌ កត្តញ្ញូទៅតាមកតព្វកិច្ចរបស់ខ្លួនៈ
-       អ្នកដឹកនាំចំពោះមន្រ្តីរបស់រដ្ឋ
-       ឪពុកម្ដាយ ចំពោះកូន
-       ប្ដី ចំពោះប្រពន្ធ
-       មនុស្សចាស់ ចំពោះក្មេង​ ហើយនិង
-       មិត្តភក្ដិ ចំពោះ មិត្តភក្ដិ (២១)
ខុង ជឺ យល់ថា ដើម្បីឲ្យសង្គមមានសណ្ដាប់ធ្នាប់ល្អ លុះត្រាតែក្នុងសង្គមនោះមាន​ការ​ប្រតិប្តិត្រឹមត្រូវ។ ទៅតាមឈ្មោះជាមុនសិន ។ បានន័យថា ម្នាក់ៗត្រូវតែស្គាល់ឈ្មោះ និង​​មុខងារ​តួនាទីរប​ស់ខ្លួនឲ្យច្បាស់។ ខ្លឹមសារសំខាន់នៅទីនេះ គឺស្ថិតនៅត្រង់ថា អ្នកគ្រប់​គ្រង ឪពុកគឺ​ឪពុក ហើយកូន គឺកូន​។ល។ គ្រប់ឈ្មោះទាំងអស់សុទ្ធតែមានមុខងារខុសៗ​គ្នា​។បើឈ្មោះណាមួយបំពេញមុខងាររបស់ខ្លួនមិនត្រឹមត្រូវ អ្នកតំណាងឲ្យឈ្មោះនោះ ក៏មិន​ចាត់​ទុកថាជាបុគ្គលល្អបានដែរ​។
ខុង ជឺ បានជំរុញសាវ័ករបស់គាត់ឲ្យរិះគន់អ្នកគ្រប់គ្រងប្រសិនបើពួកគេឃើញអ្នក​
គ្រប់​គ្រងអសីលធម៌ ។ គាត់បានចាប់អារម្មណ៍ក្នុងសិទ្ធិអំណាចនយោបាយ ​ហើយបង្កើត
​គុណ​ធម៌ មិនប្រែប្រួលប្រាំយ៉ាងដែលគាត់បានជឿថា អ្នកគ្រប់គ្រងគួរតែអនុវត្ត​ ក្នុងការគ្រប់​គ្រងប្រជាជនរបស់ខ្លួន ។
·         មេត្តាធម៌ៈ តែងតែគិតមុននូវអ្វីដែលជាអំពើល្អដល់ប្រជាជន
·         ភាពម៉ឺងម៉ាត់ៈ មិនត្រូវធ្វើកិច្ចការណាដែលមិនចង់ធ្វើ
·         ភាពស្មោះត្រង់ៈ គោរពនូវឧត្តមគតិ និងកិច្ចការរបស់ខ្លួន
·         បញ្ញាៈ ត្រូវបានដឹកនាំដោយចំណេះដឹងប្រកបដោយការពិចារណាខ្ពស់លើហេតុ​និង​ផល
·         សច្ចធម៌ៈ ត្រូវតាំងចិត្តមិនលំអៀង ជាកណ្ដាលស្មោះត្រង់។
តាមទស្សនៈខុង ជឺ ឲ្យតម្លៃមនុស្សលើសីលធម៌ គុណធម៌ និង យុត្តិធម៌ ។ ខុង ជឺ បាន​ហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាត បើទោះស្ថិតក្នុងស្ថានភាពបែបនាក៏ដោយ ។​លោក​​ចាត់​​ទុកថាសង្រ្គាមជាប្រភពអមនុស្សធម៌ ។ លោកមិនពេញចិត្តចំពោះ​អំពើ​ឃោរឃៅ អមនុស្ស​ធម៌ ដែលមនុស្សមួយចំនួនបាន​ប្រព្រឹត្តទៅលើ​សត្វ និង​ ទៅលើ​មនុស្សគ្នាឯង ដូច​ករណី​កងទ័ពចាប់ឈ្លើយសង្រ្គាមមកកាត់ដៃ កាត់ជើង បោះទៅ​លើចុងលំពែង ចាប់​មនុស្ស​យក​ទៅស្រុះទឹកក្ដៅដូចស្រុះមាន់ គាបក្បាលពិរុទ្ធជនឲ្យ​ស្លាប់ដោយទារុណកម្ម -- ។ អំពើ​ទាំងនេះសុទ្ធសឹងជាអំពើអមនុស្សធម៌ ។
លោកបានបង្ហាត់មនុស្សគ្រប់វណ្ណៈទាំងអស់នៅក្នុងសង្គម ឲ្យ​ហ៊ាន​ទទួល​ស្គាល់នូវ​ទង្វើ​រ​បស់​ខ្លួនដែលបានប្រព្រឹត្តកន្លងមក​ ទោះបីជាអំពើល្អ ឬ​អំពើ​អាក្រក់​ក្ដី​នៅ​ចំពោះ​មុខ​ច្បាប់​។ អ្នក​ប្រព្រឹត្តល្មើសនឹងច្បាប់ត្រូវទទួលទារុណ​កម្ម​ឲ្យសម​នឹង​កំហុស​ដែល​​គេបាន​សាង​​​។ ប្រសិន​បើកំហុសនោះធ្ងន់ដល់ប្រហារជីវិត​ អ្នក​ទោស​ត្រូវ​ហ៊ាន​ធ្វើអត្ត​ឃាត​ខ្លួនឯង​...។
សីលធម៌ ខុង ជឺ សង្កត់ធ្ងន់ទៅលើទស្សនៈថា មនុស្សម្នាក់ៗត្រូវមានស្មារតីអៀន​ខ្មាស ត្រូវ​ចេះ​យល់នូវអ្វីដែលត្រឹមត្រូវ និង មានយុត្តិធម៌ក្នុងជីវិត​។ ម៉្យាងទៀតឲ្យ​មនុស្ស​បណ្ដុះ​នូវ​សេចក្ដី​ស្រលាញ់ចំពោះអ្នកដទៃ ដូចជាខ្លូនឯងដែរគឺៈ
-       ធ្វើគុណទៅហើយ បើគេតបមកវិញ ចាត់ទុកដូចជាពុំបានធ្វើគុណ ។
-       ធ្វើគុណទៅហើយ បើបានផលអាក្រក់មកវិញ ត្រូវទទួលការពិសោធន៍ដោយដៃពីរ​។
-       អំពើដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅលើអ្នកដទៃ ។
-       អំពើណាដែលអ្នកស្រលាញ់ចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើអំពើនោះទៅអ្នក​ដទៃជាមុនសិន ។
-       អំពើណាដែលបានធ្វើហើយបានទទួលផលដល់ខ្លួនឯង ហើយបានទុក្ខដល់អ្នកដទៃ​
សូមជៀសវាងកុំធ្វើអំពើនោះដាច់ខាត ។
-       បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទុក្ខទោសទៅវិញ ចូរត់គេចឲ្យផុតពី​ទុក្ខទោសនោះឲ្យបានមុនទុក្ខនោះមកដល់ ។
-       បើធ្វើគុណប្រយោជន៍ហើយសូមកុំរំឮកគុណទាំងនោះនៅចំពោះមុខគេឪ្យសោះ បើ​មិនដូច្នោះទេ គុណប៉ុនភ្នំនឹងត្រូវរលាយ ។
-       ត្រូវទុកឲ្យអ្នកដទៃនិយាយពីគុណប្រយោជន៍របស់អ្នកវិញ ទើបប្រសើរជាង។
-       អ្វីដែលអ្នកមិនសប្បាយចិត្តចំពោះអ្នកធំមកលើរូបអ្នក កុំយកវាទៅអនុវត្តន៍លើ​មនុស្សក្រោមបង្គាប់អ្នក (២២)
          ខុង ជឺ​បានឲ្យតម្លៃយ៉ាងខ្ពស់បំផុតទៅលើ សីលធម៌មនុស្សលោក ។ លោកបានអះ​អាងថា ការគ្រប់គ្រងតាមបែបសីលធម៌ ប្រសើរជាងការគ្រប់គ្រងដោយច្បាប់ ។ ព្រោះសតិ​សម្បជញ្ញៈ មនសិការ ស្មារតី ឆន្ទៈរបស់មនុស្ស កើតឡើងពីមនុស្សសុទ្ធសាធ ។ រីឯច្បាប់ គឺ​ជាការតាក់តែងដោយក្រុមមនុស្ស ដើម្បីការពារនូវផលប្រយោជន៍រៀងៗខ្លួន ទៅតាមក្រុម សង្គមរបស់គេ ហើយក៏ជាការមួយសម្រាប់គាបសង្កត់គម្រាមកំហែង លើអ្នកទន់ខ្សោយ​ផង​ដែរ ។ តាមខុង ជឺ អាចដឹងទៀតថា គុណធម៌របស់មនុស្សជាតិ ចិត្តមេត្តា ភាព​ជា​មនុស្ស​ពិត​ប្រា​កដ គឺលក្ខណៈសីលធម៌ ស្នេហាអំពើល្អរបស់មនុស្ស និងទឹកចិត្តមនុស្សធម៌ ។​ តាម​ទស្សនៈ សីលធម៌របស់ ខុង ជឺ ចិត្តមេត្តាសន្ដោសប្រណី​គឺជាកត្តាចម្បងបំផុត សម្រាប់ការ​រស់​​​​​នៅរបស់មនុស្សនៅក្នុងសង្គម ។
          ដូច្នេះយើងឃើញថា ទស្សនៈរបស់ ខុង ជឺ ពិតជាបានរួមចំណែកយ៉ាងធំធេងបម្រើ​ឲ្យ​ប្រ​ព័ន្ធអប់រំ ប្រព័ន្ធគ្រប់គ្រងដឹកនាំរដ្ឋ តាមបែបទស្សនវិជ្ជាសីលធម៌ ។ អ្វីដែលគួរឲ្យចាប់​អា​រម្មណ៍​គឺ ខុង ជឺ មិនប្រើប្រាស់កម្លាំងខាងក្រៅនោះទេដើម្បីជួយដោះស្រាយបញ្ហាក្នុងជីវ​ភា​ព​​រ​បស់បុគ្គល គ្រួសារ សង្គម​។​ ផ្ទុយទៅវិញលោកបានប្រើក្បួនច្បាប់សីលធម៌ធ្វើជាមូល​ដ្ឋាន​​ក្នុង​ការដោះស្រាយ និងដឹកនាំសង្គមមនុស្សឆ្ពោះទៅរកសុភមង្គលយ៉ាងពិត​ប្រា​កដ
 (២៣)



(២១) ប៉ាន់ វុត្ថា, ទស្សនវិជ្ជា, (ភ្នំពេញ៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, ២០១០), ៣៩ ។
(២២) ឥន្ទ ឱមសាម៉េង, ប្រវត្តិទស្សនៈសាសនា សីលធម៌ នយោបាយ,​ (ភ្នំពេញ៖ ០៧ ខែមករា ឆ្នាំ ២០០៤),​៣១១។
(២៣) ង៉ែត សារឿន,​ រៀបរៀង, ទស្សនវិជ្ជាសីលធម៌៖ សីលធម៌ អប់រំ (ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យសីហមុ​នីរា​ជា,​២០១១)​, ២៧-២៩។

No comments:

Post a Comment