Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Saturday, January 19, 2013

តួនា​ទី​កូនល្អ៥យ៉ាង


តួនាទីកូនល្អ៥យ៉ាង
          កូនប្រុសស្រី កាលណាមាតាបិតាបានបំពេញល័ក្ខខ័ណ្ឌសព្វគ្រប់ហើយ ត្រូវ​ឆ្លើយ
​តប​​​សេចក្ដី​ល្អរបស់ឪពុកម្ដាយ ដោយកិច្ច ៥ យ៉ាងគឺៈ
          ទី១៖ ត្រូវចិញ្ចឹមបីបាច់ថែរក្សាមាតាបិតា ។ បុត្រធីតាគប្បីសិក្សាថា មាតាបិតាចិញ្ចឹមរក្សាអាត្មាអញ ហើយអាត្មាអញនឹងចិញ្ចឹមមាតាបិតាវិញ កើតមកជាមនុស្សបើគ្រាន់តែរឭកដល់​​អំពើល្អដែលអ្នកដទៃបានធ្វើលើខ្លួនមិនឃើញហើយនោះ ចាំបាច់និយាយធ្វើអ្វី សេចក្តី​​ល្អផ្សេងទៀតថាអាចនឹកឃើញដើម្បីពូន​​ន្សំ​ក្នុងសន្តានទៅបាន។ បក្សីស៊ីផ្លែពោធិ៍ជ្រៃ​​អស់ហើយហើរចេញមិនបែក្រោយ រឿងនេះមិនគួរឲ្យ​តិះដៀលទេ ព្រោះវាជាធម្មតារបស់សត្វតិរច្ឆាន ប៉ុន្តែមនុស្សយើងវិញបើធ្វើ​​បែបហ្នឹង ពោលគឺមិនបែក្រោយដោយការនឹក​​រំ​ឭកដល់គុណអ្នកដទៃមានមាតាបិតាជាដើម បានធ្វើហើយនូវប្រយោជន៍សុខចម្រើនកើតមានដល់ខ្លួននោះវាគួរឲ្យតិះដៀលខ្លាំងណាស់ ព្រោះយើងមិនមែនជាសត្វតិច្ឆានណា​​
          ធ្វើបុណ្យដាក់បាត្រក្រាបសំពះ​នៅវត្តគឺពិតជាល្អ មានចិត្តស្មោះសសន្សំនូវគុណធម៌ក្នុង​​សន្តាន ប៉ុន្តែកុំភ្លេចព្រះនៅផ្ទះព្រោះមានគុណធ្ងន់ជាងព្រះអរហន្ត គឺមាតាបិតា សូមកូនប្រុសស្រីចិញ្ចឹមបីបាច់ថែរក្សាក្រាបសំពះមាតាបិតា គប្បីកុំអៀនអន់ កុំឲ្យក្តៅក្រហាយ ស្តាយ​​​ក្នុងកាលជាក្រោយ។​
          ទី២ ជួយធ្វើការដែលមាតាបិតាត្រូវការ។ បុត្រធីតាគប្បីសិក្សាថា អាត្មាអញនឹងជួយ នឹងធ្វើការឲ្យមាតាបិតា ដោយក្តីមិនខ្ជិលច្រអូសឡើយ សេចក្តីខ្ជិលជាអ​បាយមុខប្រការ១ គឺជា​​ប្រធាននៃសេចក្តីវិនាសនូវប្រយោជន៍ គ្រប់យ៉ាងដូច្នេះបើយើងធ្វើការឲ្យអ្នកដទៃ ប៉ុន្តែមិន​​​គួរខ្ជិលធ្វើសេចក្តីល្អដល់ខ្លួនឯង​​ឡើយ សត្វឆ្មាយំទាចំណីគឺចង់ឲ្យយើងធ្វើសេចក្តីល្អជា​​​មួយវា គឺសុនខជាដើមក៏ដូចគ្នា ចំណែក​​ខ្លួនយើងវិញ តើយំទាឲ្យអ្នកណាធ្វើសេចក្តីល្អឲ្យ?
          មនុស្សគ្រប់គ្នាប្រាថ្នាបានសេចក្តីល្អពីអ្នកដទៃ ប៉ុន្តែសូមកុំភ្លេចថា មិនមែនអ្នកណា ស្រឡាញ់យើង ជួយយើងជាងខ្លួនយើងឡើយ ដូច្នេះយើងត្រូវប្រាថ្នាសេចក្តីល្អគ្រប់យ៉ាងអំពីខ្លួនឯង ការបម្រើអ្នកមានគុណគឺជាសម្បត្តិដ៏ប្រពៃ ជាសេចក្តីល្អមួយដែលអ្នកធ្វើត្រូវបាន​​​ទទួលខ្លួឯងយ៉ាងពិតប្រាកដ។
          ការងារប្រពៃគឺជាព្រះស្ថិតនៅក្នុងសន្តានចិត្ត ពិតជាមួយសត្វលោកឲ្យរួចផុតពីបាបកម្ម និងពៀរវេរាមានផលផុតចាកពីទុក្ខភ័យ សូមកូនប្រុស្រីរក្សាព្រះនៅក្នុងផ្ទះ និងព្រះនៅក្នុងសន្តានចិត្ត កុំគប្បីធ្វេសប្រហែសឡើយ។
          ទី៣ រក្សាកេរ្តិ៍ឈ្មោះលើកតម្កើងពូជពង្សវង្សត្រកូល។ បុត្រធីតាគប្បីសិក្សាថា អាត្មាអញនឹងតម្កើងនូវវង្សត្រកូលឲ្យបានល្អ។ចរិយាមា​​រយាទ ជារឿងសំខាន់ណាស់ បុត្រធីតាគប្បីរក្សាខ្លួនឯងដោយសីលធម៌ រក្សាសីលជាការធ្វើ​​សេចក្តីល្អដល់ខ្លួនឯង ដោយមិនចាំបាច់អស់ទុនឡើយ គ្រាន់តែអធ្យាស្រ័យលើស្មារតីថែ​​ទាំខ្លួនឯង ការ​សិក្សាស្វែងយល់អំពីសុជីធម៌ សណ្តាប់ធ្នាប់ល្អព្រមដោយការបដិបត្តិដោយប្រពៃ ក៏បានសម្រចផលកម្រៃដ៏ប្រសើរ គឺបានមនុស្សល្អម្នាក់លើកស្ទួយវង្សត្រកូលផង ប្រទេសជាតិរបស់ខ្លួនផង សង្គមមនុស្សទាំងមូលផង។
          កូនប្រុសស្រីទាំងឡាយ អ្នកទាំងឡាយកុំភ្លេចសីលឡើយ កុំគិតថាសីលជារឿងលំបាក ឲ្យសោះ សីលមិនមែនជាសត្រូវរបស់កូនទេ កិលេសក្នុងខ្លួនរបស់កូនទេតើដែលជាសត្រូវធ្វើ នូវការបៀតបៀនដល់កូននោះ ចំណែកឯសីលគឺជាមិត្តល្អគ្រប់ពេលជាសេរីមង្គលពិតប្រាកដ សូមកូនពិចារណាផងចុះ។ ការតម្កល់តម្កើងនូវវង្សត្រកូលគឺជាការដែលកូន​​ប្រុសស្រីតម្កល់ ខ្លួនឯងឲ្យប្រពៃខ្មីឃ្មាតសិក្សារៀនសូត្រផ្លូវលោក ផ្លូវធម៌​ចេះជួយសង្គ្រោះអ្នកដទៃ សាងស្នាដៃ ប្រកបដោយសីលធម៌។
          ទី៤ បម្រើមាតាបិតាដោយសុចរិតអោនលំទោន ។ បុត្រធីតាគប្បីសិក្សាថា​ អាត្មាអញនឹងបដិបត្តិឲ្យបានសមគួរជាអ្នកទទួលនូវទ្រព្យ​​មរតក ។ មាតាបិតា ទោះបីជាមានទ្រព្យតិច​​ច្រើនប៉ុណ្ណាៗក្តី គ្មានអ្វីដែលគួរសង្ស័យឡើយ បើថាគាត់កំណាញ់ក៏តែជាមួយនិងអ្នកដទៃប៉ុណ្ណោះ ឯចំណែកខាងកូនរបស់គាត់វិញនោះមានប៉ុន្មានទុក ឲ្យទាំងអស់ដោយចិត្តរីករាយកក់ក្តៅជាទីបំផុត។ ដូច្នេះចូរកូនប្រុសស្រីគប្បីធ្វើសេចក្តីសង្ឃឹម ដល់មាតាបិតា ត្រូខិតខំដិបត្តិខ្លួនឲ្យរឹងមាំ មានមារយាទល្អសម្តែងនូការសមគួរជាទីទុកចិត្ត ដល់មាតាបិតា ដាច់ខាតកុំមើលងាយទ្រព្យមរតកនោះ​ឲ្យសោះ ទោះបីតិចតួច ឬមិនប្រណិត យ៉ាងណាក្តី ព្រោះក្នុងមរតកនោះបានបង្កប់ទៅដោយ​​មនោសញ្ចេតនា ដ៏ជ្រាលជ្រៅប្រកប ដោយព្រហ្មវិហារធម៌ អាណិតស្រឡាញ់ និងមេត្តាដ៏ខ្លាំងក្លា កាយវិការរឹងមាំ តែចិត្តទន់ភ្លន់ ស្រឡាញ់ដូចមេឃស្រទុំចំពោះបុត្រភ្ងាស្ងួនពិសី។ សូមកូនប្រុសស្រីទទួលបាននូវមរតក ពិសេសព្រហ្មវិហារធម៌របស់មាតាបិតា ហើយគប្បីពង្រីកចែកចាយដល់ជនដទៃដោយក្តីមេត្តា
ករុណាធំទូលាយ។
          ទី៥ បុត្រធីតាគប្បីសិក្សាថា អាត្មាអញត្រូវធ្វើបុណ្យឧទ្ទិសទក្ខិណាទានដល់មាតាបិតា​​ដែល ធ្វើកាលកិរិយាទៅកាន់បរលោក។ ទក្ខិណាទានគឺទានដែលអ្នកធ្វើជឿកម្ម ជឿផល ហើយ​បានធ្វើដល់ទក្ខិណេយ្យបុគ្គល។ ទក្ខិណេយ្យបុគ្គលគឺបុគ្គលមានគុណធម៌ខ្ពង់ខ្ពស់ ដូច​​ជាសីលគុណជាដើម ជាបុគ្គលសមគួរទទួលនូវទក្ខិណាទាន ចំណែកពាក្យថាទក្ខិណា​​​នុប្បទានគឺជា អំណោយបុណ្យ បានដល់ការឧទ្ទិសដល់នូវទក្ខិណាទានឲ្យដល់អ្នកដែលទៅកាន់បរលោក។ ការធ្វើបុណ្យឧទ្ទិសទៅដល់អ្នកដទៃជាសេចក្តីល្អពីយ៉ាង ម្យ៉ាងបុណ្យ​​ថ្នាក់ទានមានឥស្សរភាពលើកិលេស ម្យ៉ាងទៀតគឺបុណ្យបត្តិទានមានចិត្តល្អប្រកបដោយ​​​មេត្តា ឬការដឹងគុណ ចែកបុណ្យ ឧទ្ទិសកុលសអំពើល្អទាំងពីរយ៉ាងនេះ គឺអ្នកធ្វើបានឧទ្ទិសល់ខ្លួនឯងទាំងស្រុង សម្រាប់ជួយខ្លួនឲ្យរួចពីភាពជាអំពើអាក្រក់។ បើកូនចៅប្រាថ្នាពរ​​គឺ​​វត្ថុដ៏ប្រសើរ  សូមកូនចៅបំពេញហេតុបានដល់កុសលឲ្យសមគួរដល់ផលទើបអាចទទួល​​ពរបាន(១៥)


(១៥) ក្រសួងធម្មការ និងសាសនា, សីលធម៌និងសន្តិភាពផ្លូវចិត្ត (ភ្នំពេញ៖ ២០០៧), ៨៩ ។
សូមចុចត្រង់នេះដើម្បីចូលរួមឧប្ថមកម្មវិថី

No comments:

Post a Comment