អបាយមុខ
ព្រះគ្រូសិរីសោភ័ណ កឹម - តូរ ក្រុមជំនុំព្រះត្រៃបិដក
ព្រះគ្រូសិរីសោភ័ណ កឹម - តូរ ក្រុមជំនុំព្រះត្រៃបិដក
ទេសនាដាក់វិទ្យុឃោសនសព្ទនៃប្រទេសកម្ពុជា
កាលពីថ្ងៃ ៨ កើតខែកត្ដិក ឆ្នាំកុរនព្វស័ក ព. ស. ២៤៩០
( ២០ - ១១ - ៤៧ )
ន មត្ថុ រតនត្តយស្ស កាលពីថ្ងៃ ៨ កើតខែកត្ដិក ឆ្នាំកុរនព្វស័ក ព. ស. ២៤៩០
( ២០ - ១១ - ៤៧ )
សូមនមស្សការថ្វាយបង្គំ ចំពោះព្រះរតនត្រ័យ គឺ :
ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ដោយសេចក្ដីគោរព ។
លំដាប់អំពីបទនមស្សការនេះទៅ, អាត្មាភាពសូមសំដែងអបាយមុខ ៦ យ៉ាង ដែលសម្ដេចព្រះសព្វញ្ញុពុទ្ធទ្រង់ទេសនាប្រារព្ធចំពោះសិង្គាលមាណព ក្នុងគម្ពីរទីឃនិកាយ ត្រង់សិង្គាលោវាទសូត្រដូចសេចក្ដីតទៅនេះ :
អបាយមុខប្រែថា : " ហេតុជាប្រធាននៃសេចក្ដីវិនាស " ។ អ្នកដែលបានប្រព្រឹត្តអបាយមុខនេះ នឹងជួបសេចក្ដីវិនាសឃើញទាន់ហន់ក្នុងលោកនេះ ។ អបាយមុខនោះមាន ៦ យ៉ាង គឺ :
១- ការផឹកទឹកស្រវឹង គឺសុរានិងមេរ័យ - សុរានិងមេរ័យនេះ ជាទឹកសម្រាប់បំពុល ឬ សម្រាប់បង្វិលចិត្តមនុស្សឲ្យខុសប្រក្រតី ។ មនុស្សអ្នកក្រេបលេបទឹកស្រវឹងចូលទៅហើយ, ទឹកនោះអាចកំដៅហទយៈគឺបេះដូងឲ្យញាប់ញ័រ ច្រើនតែបណ្ដាលឲ្យកើតសេចក្ដីក្លាហានព្រហើនកោងកាចប្រមាថមើលងាយអ្នកដទៃ, អំពើខុសយល់ថាត្រូវ, អំពើត្រូវយល់ថាខុសវិញ ។ មនុស្សបើមិនទាន់ត្រូវសុរាចូលទៅដល់ទេ តែងឫកពាសុភាពរាបសា ដឹងខុសត្រូវគួរសម តែវេលាណាត្រូវសុរាហើយ អំណាចសុរានេះបង្វិលឲ្យចិត្តខុសប្រក្រតីមួយរំពេចគឺបញ្ចេញការៈថោកទាបដោយផ្លូវកាយនិងវាចា, ទៅជាមនុស្សច្រងេងច្រងាងទទ្រាក់ទទ្រើកញញាក់ញញ័រ ទាំងសំដីសោតទៀតក៏និយាយច្រំដែលៗមិនទៅមុខ ចេញលំនាំប្រហែលគ្នានឹងមនុស្សឆ្កួត ។ មនុស្សប្រមឹកញៀនសុរានេះ រមែងទទួលរងទុក្ខទោសគ្រោះថ្នាក់ ៦ យ៉ាង អាចឃើញជាក់ច្បាស់ដោយខ្លួនឯងក្នុងបច្ចុប្បន្នជាតិនេះគឺ :
ក) អ្នកប្រមឹកសុរា តែងចាយវាយទ្រព្យសម្បត្តិកញ្ជះកញ្ជាយ, យកទៅទិញដូរសុរាខ្លះ សាច់ខ្លះ ឬេបស់អ្វីឯទៀតខ្លះ សម្រាប់ក្លែមជាមួយនឹងសុរា អ្នកខ្លះថាផឹកតែម្នាក់ឯងមិនសូវឆ្ងាញ់ មិនសូវសប្បាយទេ, លុះត្រាតែមានគ្នាទើបហ៊ឺហារសប្បាយ ម៉្លោះហើយក៏ហៅរកបបួលមនុស្សណាដែលមានចរិយាថោកទាបដូចខ្លួនដែរមកស៊ីផឹកជាមួយ ។ អ្នកប្រមឹកសុរាបែបនេះ គ្មានពេលឱកាសនឹងធ្វើការស្វែងរកទ្រព្យសម្បត្តិអ្វីទេ, មានតែផ្លូវចាយវាយបំផ្លេចបំផ្លាញតែម្យ៉ាង, កាលបើប្រាក់កាសសម្រាប់ចាយធម្មតាមិនគ្រប់គ្រាន់ទេ, ក៏តោងលក់ផ្ដាច់ ឬបញ្ចាំកេរ្តិ៍មត៌ក មានផ្ទះសម្បែងដីស្រែចំការច្បារដំណាំជាដើម ដរាបទាល់តែងស់រលីង ក៏តាំងសំកុកកើតទុក្ខមុខស្ងួតអស់ទាំងគ្រួសារ ធ្លាក់ខ្លួនទៅជាមនុស្សអនថាឥតទីពឹង ក្ររហេមរហាម ក្លាយទៅជាចោរលួចប្លន់ក៏មាន ។
ខ) អ្នកប្រមឹកសុរា ពេលណាស្រវឹងស៊ប់ហើយ ក៏តាំងង្កហេតុរករឿងឈ្លោះចេរប្រទេចប្រពន្ធកូនឯង, បើរករករឿងប្រពន្ធកូនរបស់ខ្លួនមិនបានតេ, ក៏បែរទៅរករឿងឈ្លោះនឹងរបស់បករើប្រាស់ មានពាងចាននិងឆ្នាំងជាដើម វាយសំពងខ្ទេចខ្ទីបែកបាក់អស់ក៏មាន, បើមិនដូច្នោះទេ, បង្កហេតុរករឿងអ្នកផងជិតខាង គេអត់មិនបានក៏កើតទៅជាជេរតបវាយដំកាប់ចាក់គ្នាទៅវិញទៅមក ជាប់គុកច្រវាក់បង់ទ្រព្យថែមទៀមក៏មាន ។
គ) អ្នកប្រមឹកសុរា ឈ្មោះថាជាអ្នកបង្ករោគផ្សេងៗ ឲ្យកើតចម្រើននៅក្នុងរាងកាយរបស់ខ្លួន មានរោគងងឹតភ្នែត ខូចក្រពះពោះវៀន ខូចសួតជាដើម ឆាប់ចាស់ជរាអាយុខ្លី ដោយអំណាចសុរាក៏មាន ។
ឃ) អ្នកប្រមឹកសុរា មានកិត្តិស័ព្ទកេរ្តិ៍ឈ្មោះមិនល្អ ជាទីខ្ពើមរអើមរបស់ពួកសប្បុរស, ទាំងសំដីនិយាយកិច្ចការអ្វីសោតទៀត គេក៏មិនសូវជឿស្ដាប់មិនជាយកប្រមាណ, បើទុកជាមានកូនកម្លោះក្រមុំច្រូងច្រាង គេក៏មិនត្រូវការ ថែមទាំងគេដៀលថា " ពូជប្រមឹកសុរាកុំចូលទៅជិត នាំឲ្យសៅហ្មងដល់ពូជពង្សត្រកូលរបស់យើង " យ៉ាងនេះក៏មាន ។
ង) អញនកប្រមឹកសុរា វេលាស្រវឹងស៊ប់ហើយ ឥតមានសេចក្ដីអៀនខ្មាស់ទេ, អវយវៈដែលគេត្រូវបិទបាំង ខ្លួនឯងទៅជាសើយលាត់បញ្ចេញអាការកិរិយាឲ្យគេឃើញជាក់ស្ដែង ជួនកាលដើរស្រែករឡេរឡប៉ប៉ាច់ប៉ប៉ោចតាមផ្លូវដូចឆ្កួត សំដែងអាការៈថោកាទាបក៏មាន, ខ្លះស្រវឹងក្អួតដួលដេកស្ដឹងស្ដូកហាក់ដូចស្លាប់ តាមចន្លោះផ្លូវ ឬសំយាបផ្ទះគេក៏មាន, មិនតែប៉ុណ្ណោះ ចិត្តធំព្រហើនហ៊ានកាប់សម្លាប់ឥតកោតញញើតយ៉ាងនេះក៏មាន ។
ច) អ្នកប្រមឹកសុរា ឈ្មោះថាអ្នកធ្វើចំណេះវិជ្ជាព្រមទាំងប្រាជ្ញាស្មារតីឲ្យអន់ថយខ្សោយចុះទៅជាដរាប, បើនឹងគិតការអ្វី ឬធ្វើការអ្វី ច្រើនធ្វើប្រថុយទៅទាំងកម្រោលឥតដឹងខុសត្រូវ ។
អ្នកប្រមឹកសុរាមិនមែនធ្វើថោកត្រឹមតែខ្លួនឯងមួយ ឬគ្រួសាររបស់ខ្លួនមួយទេ, បានឈ្មោះថាធ្វើជាតិនិងប្រទេសឲ្យថោកថែមទៀត ។ ហេតុនេះ, អស់លោកអ្នកកាន់អំណាច គួរតែផ្ចាញ់ផ្ចាលបំបាត់សភាពប្រមឹកបែបនេះ ក្នុងស្រុកនីមួយៗកុំឲ្យមាន ទើបនឹងមានសេចក្ដីចម្រើន ។
សេចក្ដីដែលបានពណ៌នាមកនេះឈ្មោះថា អបាយមុខទីមួយ ។
២- ការដើរលេងក្នុងវេលាយប់ខុសកាល - ពេលដែលគេត្រូវសម្រាកសម្ងំដេកពួន ខ្លួនដើរលេងជជ្រកមមកតាមច្រកល្ហកផ្លូវតូចធំហួសពេលវេលា ចោលប្រពន្ធកូនទ្រពញយសម្បត្តិនៅឯផ្ទះ ឥតមានអ្នកណាគ្រប់គ្រងរក្សា ឈ្មោះថាបើកឱកាសឲ្យដល់សត្រូវគឺចោរប្រមាថមើលងាយដល់ទ្រព្យសម្បត្តិក៏មាន, ជួនកាលខ្លួនឯងដើរលេងទៅក៏ត្រូវទទួឡគ្រោះថ្នាក់ មានពស់ក្អែបខាំទិចជាដើមក៏មាន, ពុំនោះសោតមានអ្នកផងគេរង្កៀសសង្ស័យថា អ្នកនេះហៃដើរពេលយប់ ប្រហែលជាអ្នករកស៊ីដោយផ្លូវទុច្ចរិតទេដឹង ? ជួនកាលមានចោរលួចឆក់ទ្រពញយសម្បត្តិរបស់គេពិតហើយវាភៀសគេចខ្លួនបាត់ទៅ ទទួលគេឃើញខ្លួនដើរទៅ, ម្ចាស់ទ្រព្យគេក៏ចោទប្រកាន់ខ្លួនថាជាចោរ ហើតក៏នាំគ្នាចាប់ចងធ្វើទុកទោស ដាក់ពិន័យជាប់គុកច្រវាក់បង់ទ្រព្យធនក៏មាន ។ នេះឈ្មោះថា អបាយមុខទី ២ ។
៣- ការដើរមើលល្បែងមហាស្រពផ្សេងៗ - បុរសក្ដីស្រ្តីក្ដី កាលបើដឹងឮថាល្ែងច្រៀងរាំត្លុកកំប្លែង មាននៅក្នុងទីណាក៏ដើរចូលទៅកាន់ទីនោះ ហើយស្ដាប់ ឬមើលល្បែងនោះៗដោយសេក្ដីសប្បាយជាប់ចិត្តភ្លេចខ្លួនឥតនឹកនាដល់ប្រពន្ធកូន ឬប្ដីសីទ្រព្យសម្បត្តិដែលនៅក្នុងផ្ទះ, មិនតែប៉ុណ្ណោះ ខាតទាំងប្រាក់កាសដែលត្រូវចាយក្នុងល្បែងនោះៗផង, ខាតទាំងពេលដេកអត់ងងុយផង, ខាតទាំងពេលដែលត្រូវប្រកបការងាររកស៊ីផង ។ ធម្មតាអ្នកមើលល្បែងមិនអាចធ្វើចិត្តឲ្យស្ងប់ស្ងាត់បានទេ, ឈ្មោះថាជាអ្នកព្រងើយបណញដែតបណ្ដោយចិត្តឲ្យរវើរវាយវក់ទៅក្នុងកាមគុណកាន់តែខ្លាំងឡើងៗក៏មាន, ជួនកាលស្រីលះលែងប្ដីរបស់ខ្លួន រត់ទៅតាមប្រុសអ្នកលេងល្បែងក៏មាន, ចំណែកប្រុសលបលាក់យកទ្រព្យរបស់ទៅឲ្យស្រី, ចំណែកស្រីលបលាក់យកទ្រពញយរបស់ទៅឲ្យប្រុស ។ រឿងទាំងនេះក្នុងសម័យបច្ចុប្បន្នឥឡូវសឹងមានជាច្រើននៅស្រុកក្រៅនិងទីក្រុង, បើបុរសឬស្រី្តមានសភាពយ៉ាងនោះ ដែលជាអ្នកមានអំនាច កាលបើប្រាក់កាសសម្រាប់ចាយចាត់ចែងមិនគ្រប់គ្រាន់ទេ ក៏តាំងប្រើឧបាយកលសង្កត់សង្កិនដោយផ្លូវអយុត្តិធម៌ ឥតអាណិតអាសូរដល់អ្នកផង ដើម្បីយកទៅបង្រ្គប់បំប៉នកាមគុណទាំងនោះ ។ រឧងនេះគួរឲ្យសង្វេគ គួរឲ្យនឹកស្ដាយពេកណាស់, បើប្រសិនជាយកចិត្តទុកដាក់ទំនុកបម្រុងស្រុកទេស ឲ្យបានប្រហែលគ្នានឹងយកចិត្តទុកដាក់ក្នុងមាតុគ្រាមវិញ, ស្រុកទេសមុខតែនឹងបានសេចក្ដីចម្រើនថ្កុំថ្កើងទាន់សម័យមិនខាន ។ សេចក្ដីដែលបានពណ៌នាមកនេះឈ្មោះថា អបាយមុខទី ៣ ។
៤- ការលេងល្បែងភ្នាល់គ្នាស៊ីសង - ល្បែងភ្នាល់ស៊ីសងនេះមានច្រើនយ៉ាង រាប់តាំងពីបៀនឹងធួរជាដើមទៅ ។ បុរសស្រ្តីអ្នកចូលចិត្តប្រព្រឹត្តលេងល្បែងស៊ីសងឯណានីមួយ សុទ្ធតែមានបំណងចង់បានប្រយោជន៍ចំណេញមកឆាប់ៗ, ប៉ុន្តែហេតុការណ៍ពិតនោះ មិនមែនត្រូវដូចគំនិតដែលប៉ងនោះទេ, បើទុកជាត្រូវបំណងខ្លះក៏មានតិចណាស់ក្នុងលោកនេះ, គួរអស់លោកអ្នកពិចារណាមើលដូច្នេះថា អ្នកមានភោគសម្បត្តិច្រើនរាប់ម៉ឺនសែននៅជុំវិញខ្លួនសព្វថ្ងៃនេះ តើគេមានមកអំពីលេងល្បែង ឬគេមានមកអំពីប្រកបសិប្បកម្ម និងពាណិជកម្ម ? ។ ធម្មតាអ្នកប្រព្រឹត្តលេងល្បែងភ្នាល់គ្នា, មិនដែលអ្នកណាមួយមានកំណើតទៅជាមនុស្សគ្រាន់បើទេ, ច្រើនតែទទួលរងគ្រោះថ្នាក់សេចក្ដីវិនាសច្រើនប្រការគឺ : អ្នកប្រព្រឹត្តលេងល្បែង កាលបើខ្លួនឈ្នះក៏ប្រើអំណាចរំលោភអូសយកទ្រព្យសម្បត្តិអំពីអ្នកចាញ់ៗ ក៏កើតសេចក្ដីក្ដៅក្រហាយចងពៀរព្យាបាទគ្នាទៅវិញទៅមកក៏មាន, អ្នកចាញ់តែងដេកកើតទុក្ខថ្ងូរដកដង្ងើមធំស្ដាយទ្រព្យសម្បត្តិ ដែលវិនាសទៅរហូតដល់លែងចង់រស់នៅជាមនុស្ស ដោយប្រើវិធីចងសម្លាប់ខ្លួនឯងជាដើមក៏មាន, អ្នកលេងល្បែងច្រើនមានឧបាយកុហកភូតភរបោកប្រាសគេឲ្យតែបានដល់ដៃ ឬទោះបីទៅនិយាយពឹងពាក់ប្រស្រ័យកិច្ចការអ្វីៗ នឹងគេៗ ក៏មិនជឿមិនយកជាប្រមាណ ម៉្លោះហើយក៏ធ្លាក់ខ្លួនទៅជាមនុស្សថោកឥតគេត្រូវការរាប់រក ។ ម្យ៉ាងទៀត ល្បែងស៊ីសងអស់នេះច្រើនធ្វើទុក្ខដល់អ្នកនៅទំនេរ, ជួនកាលប្ដីទៅធ្វើការបាត់ ប្រពន្ធនៅផ្ទះទំនេរឥតការអ្វីធ្វើ ក៏តាំងវ៉ៃភ្នែនតទល់នឹងប្រុសៗ ឬនឹងស្រីៗដូចគ្នា តាំងពីព្រលឹមទល់ថ្ងៃត្រង់ តាំងពីបែរពីថ្ងៃត្រង់ទល់ល្ងាច, ជួនកាលក៏ចាញ់ងស់រលីងពីខ្លួន ហើយក៏តាំងលក់ ឬបញ្ចាំគ្រឿងអលង្ការ សម្រាប់តាក់តែងរាងកាយយកមកលេងទៀត, កាលណាបើប្ដីដឹងក៏កើតទៅជាជម្លោះទាស់ទែងលែងលះគ្នាក៏មាន ។ នេះឈ្មោះថាអបាយមុខទី ៤ ។
៥- ការសេពគប់នឹងបាបមិត្រ - មនុស្សណាដែលប្រព្រឹត្តធ្វើនូវអំពើអាក្រក់ ជាហេតុនាំឲ្យកើតសេចក្ដីវិនាសដល់ខ្លួន ឬដល់អ្នកដទៃ, មនុស្សនោះគេហៅថា បាបមិត្រ ។ បើអស់លោកអ្នកចង់ស្គាល់ថាមនុស្សបែបណាជាបាបមិត្រនោះ តោងពិនិត្យសង្កេតដោយផ្លូវកាយ - វាចានឹងចិត្ត ក៏នឹងអាចដឹងបាន ។ បណ្ដាមនុស្សក្នុងលោក, អ្នកណាមួយទោះជាមនុស្សជាន់ខ្ពស់ក្ដី ជាន់កណ្ដាលក្ដី ជាន់ទាបក្ដី សុទ្ធសឹងតែមានការងារត្រូវធ្វើជាប្រក្រតី, បើមនុស្សសប្បុរសល្អ ការងារចេញមកតាមផ្លូវកាយក៏ល្អ ចេញមកតាមផ្លូវវាចាក៏ល្អ ចេញមកតាមផ្លូវចិត្តក៏ល្អ, មិនតែប៉ុណ្ណោះ ថែមទាំងជាអ្នកមានករុណាអាណិតអាសូរចំពោះអ្នកដទៃជានិច្ច, ធ្វើការងារអ្វីមិនអាងយសស័ក្ដិ មិនអាងអំណាច មិនលំអៀងព្រោះស្រឡាញ់ ព្រោះស្អប់ ព្រោះខ្លាចទេ, ព្រោះមនុស្សបែបនេះហៅថាកល្យាណមិត្រ, គួរសេពគប់រាប់រកយកមិត្រជាសំឡាញ់ ។ មនុស្សណាជាអ្នកប្រព្រឹត្តលេងល្បែងភ្នាល់ស៊ីសង, ជាអ្នកលេងស្រី, ជាអ្នកលេងផឹកសុរា, ជាអ្នកបញ្ឆោតបោកប្រាសអ្នកដទៃដោយឧបាយកលណាមួយ, ជាអ្នកប្រើអំណាចរំលោភសង្កតសង្កិនអ្នកដទៃ ដោយអាងយសសក្ដិ ឬដោយងាងទ្រព្យសម្បត្តិ មនុស្សបែបនេះហៅថាបាបមិត្រ, កុំចូលទៅសេពគប់រាប់រកយកជាមិត្រសំឡាញ់ឡើយ ។
សេចក្ដីដែលពណ៌នានេះ ចាត់ជាអបាយមុខទី ៥ ។
៦- ការខ្ជិលច្រអូស - សេចក្ដីខ្ជិលនេះ បើមាននៅលើរូបបុគ្គលណាហើយ អាចនឹងពន្លិចបន្ទាបបុគ្គលនោះ ឲ្យធ្លាក់ទៅជាមនុស្សក្រីក្រល្ងង់ខ្លៅ មិនមានចំណេះវិជ្ជានឹងភោគសម្បត្តិ ។ ធម្មតាមនុស្សដែលលុះក្នុងអំណាចនៃសេចក្ដីខ្ជិល បើនឹងធ្វើការអ្វីឬរៀនចំណេះអ្វីច្រើនប្រើអាការទម្រន់ដោយយកអ្វីម្យ៉ាងៗ មកធ្វើជាលេសគ្រឿងអាងរបស់ខ្លួន គឺអ្នកខ្លះអាងថា ថ្ងៃនេះនៅព្រឹកណាស់, ល្ងាចណាស់, ត្រជាក់ណាស់, ក្ដៅណាស់, ឃ្លានណាស់, ស្រេកណាស់ ធ្្វើការ ឬរៀនអ្វីពុំទាន់កើតទេ ចាំសម្រាកខ្លួន ឬចាំបរិភោគអ្វីបន្ដិចសិន សឹមធ្វើការ ឬសឹមរៀន, ការទម្រន់ខ្ជិលបែបនេះហើយ ដែលជាប្រធានធ្វើបុគ្គលនោះឲ្យដល់នូវភាពជាមនុស្សថោកទាបឥតគេត្រូវការរាប់រក ។ ម្យ៉ាងទៀតអស់លោកអ្នកដែលជាមេបាក្នុងគ្រួសារ ឬក្រុមមួយៗ ខ្លះមិនសូវប្រឹតប្រៀនរំលឹកដាស់តឿនកូនចៅ ឬអ្នកដែលនៅក្រោមបង្គាប់របស់ខ្លួន ឲ្យខំប្រឹងធ្វើការ ឬឲ្យខំប្រឹងរៀនតាមមុខការរបស់វាទេ, ច្រើនតែបណ្ដែតបណ្ដោយឲ្យក្មេងនៅទំនេរខ្ជិលដើរលេងតាមអំពើចិត្ត, លុះយូរទៅក៏ក្លាយទៅជាមនុស្សល្ងង់ខ្លៅខ្សត់ខ្សោយចំណេះវិជ្ជានឹងភោគសម្បត្តិ, មិនតែប៉ុណ្ណោះ មនុស្សល្ងង់ឈ្មោះថា ធ្វើជាត្រកូលនឹងស្រុកទេសឲ្យថោកទាបថែមទៀត ។ សូមអស់លោកអ្នកពិនិត្យសង្កេតមើលទោសរបស់មនុស្សខ្ជិល សព្វថ្ងៃនេះចុះ, នៅក្នុងក្រុងឃើញមាននៅដេរដាសទាំងស្រី ទាំងប្រុស, ខ្លះដេកដើរអង្គុយរដូករណែលក្រោមម្លប់ឈើ ឬតាមសំយាបផ្ទះ ក្បែរចិញ្ចើមថ្នល់, រកស៊ីគ្រាន់តែឲ្យរស់ត្រឹមមួយថ្ងៃៗប៉ុណ្ណោះ, បើនឹងធ្វើការឥតមានឧបាយគំនិតណាថាអញត្រូវធ្វើយ៉ាងនេះយ៉ាងនោះទើបល្អដូច្នេះសោះឡើយ, មនុស្សបែបនេះហើយ ដែលសំដែងអាការឲ្យឃើញថោកទាបដល់ជាតិនឹងស្រុកទេស ។ នេះជាឈ្មោះថា អបាយមុខ ទី ៦ ។
មនុស្សខ្ជិលដូចបានពណ៌នាមកទាំងនេះ ប្រសិនបើរាជការបង្កើតរបរការអ្វីមួយ ដើម្បីតម្រូវដល់មនុស្សទាំងនេះឲ្យមានការធ្វើឡើង តទៅប្រហែលជានឹងមានសេចក្ដីចម្រើនដល់រាជការវិញពុំខាន ។
អាត្មាភាពសំដែងអំពីអបាយមុខទាំង ៦ យ៉ាង ចប់ត្រឹមតែប៉ុណ្ណោះ ។
ទុក្ខប្បត្តា ច និទ្ទុក្ខា ភយប្បត្តា ច និព្ភយា
សោកប្បត្តា ច និស្សោកា ហោន្តុ សព្វេបិ ចាណិនោ ។
សព្វសត្វដែលដល់ហើយនូវទុក្ខ សូមឲ្យបាត់ទុក្ខទៅ ! ដែលដល់ហើយភ័យនូវ សូមឲ្យបាត់ភ័យទៅ ! ដែលដល់ហើយនូវសោក សូមឲ្យជាអ្នកបាត់សោកទៅ ! ។
ធម្មទេសនាវសេន កម្ពោជរដ្ឋវាសិនោ
វុឌ្ឈឹ វិរុឡ្ហឹ បប្បោន្តុ សន្តិភាវញ្ច នាញ្ញថា ។
ដោយអំណាចនៃព្រះធម្មទេសនា ( នេះ ) សូមឲ្យប្រជាជនទាំងឡាយអ្នកនៅក្នុងកម្ពុជរដ្ឋ ដល់នូវការលូតលាស់ចម្រើននឹងសន្តិភាព កុំបីឃ្លាតក្លាយទៅជាប្រការដទៃឡើយ ! ។
No comments:
Post a Comment