Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, March 18, 2012

ធម្មវិភាវិនី


ធម្មវិភាវិនី

ព្រះ​គ្រូ​សុវឌ្ឍញ្ញាណ សូរ - ហាយ ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក
រៀប​រៀង
ប្រែ​តាម​អត្ថ​នឹង​វីគ្គហៈ​របស់​ធម្មៈ
ពាក្យ​ថា​ធម្មៈ​ឬ​ធម៌​ព្រះ​សម្ពុទ្ធ​ទ្រង់​សំដែង​សំដៅ​យក​ សេចក្ដី​ច្រើន​យ៉ាង​ដែល​ធ្លាប់​មាន​ប្រាកដ​មក​ក្នុង​គម្ពីរ​ព្រះ​សូត្រ​ព្រះ វិន័យ នឹង​ព្រះ​អភិធម្ម​ដោយ​ច្រើន ពាក្យ​នេះ​ហាក់​ដូច​ជា​សម្រាប់​ប្រើ​សាធារណៈ​ក្នុង​ទី​ផ្សេង ស្រេច​ហើយ​តែ​នឹង​សមរម្យ​ទៅ​តាម​ដំណើរ​សេចក្ដី​ដូច​ត​ទៅ​នេះ៖
- ធម្មៈ ប្រែ​ថា « សភាវៈ​គឺ​សេចក្ដី​ពិត ឬ​ថា​ចិត្ត​នឹថ​ចេតសិក​ខាង​កុសល, អកុសល​នឹង​អព្យាកតៈ » ដូច​បទ​ថាៈ កុសលា ធម្មោ​អកុសលា ធម្មា អព្យាកតា ធម្មា
- ធម្មៈ ប្រែ​ថា « ប្រាជ្ញា » ដូច​បទ​ថាៈ សច្ចំ ធម្មោធិតិ នាកោ, សច្ចៈ ធម្មៈ ធិតិ ចាគៈ ( នេះ​ជាយ​រាវាស​ធម៌ ) ពាក្យ​ថា​ធម្មៈ ក្នុង​ទី​នេះ ជា​ឈ្មោះ​ប្រាជ្ញា
- ធម្មៈ ប្រែ​ថា « ប្រាជ្ញា » ដូច​បទ​ថាៈ ធម្មោ ហវេ រក្ខតិ ធម្មចារី បុណ្យ​ហ្នឹង​ឯង​រមែង​រក្សា​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌
- ធម្មៈ ប្រែ​ថា « បញ្ញត្តិ ឬ​លំនាំ​ភាសា​គឺ​ច្បាប់​ដែរ​គេ​តាំង​ទុក​នឹង​លំនាំ​សំឡេង » ដូច​បទ​ថាៈ បញ្ញត្តិ​ធម្មា និរុត្តិ​ធម្មា ធម៌​គឺបញ្ញត្តិ ធម៌​គឺ​លំនាំ​ភាសា
- ធម្មៈ ប្រែ​ថា « អាបត្តិ » ដូច​បទ​ថាៈ ចត្តារោ ងារាជិកា ធម្មា អាបត្តិ​បារាជិក
- ធម្មៈ ប្រែ​ថា « បរិយត្តិ​គឺ​ការ​សិក្សា » ដូច​បទ​ថាៈ ឥធ ភិក្ខវេ ធម្មំ បរិយោបុណាតិ សុត្តំ គេយ្យំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ភិក្ខុ​ក្នុង​សាសនា​នេះ​តែង​រៀន​នូវ​បរិយត្តិ​គឺ​សុត្ត តេយ្យ ។ល
- ធម្មៈ ប្រែ​ថា « ទេសនា » ដូច​បទ​ថាៈ ធម្មំ វោ ភិក្ខវេ ទេសិស្សាមិ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នឹង​សំដែង​ធម៌​ទេសនា​ចំពោះ​អ្នក​ទាំង​ឡាយ
- ធម្មៈ ប្រែ​ថា « និស្សត្តិនិជ្ជីវៈ គឺ​សភាវៈ មិន​មែន​ជា​សត្វ មិន​មែន​ជា​ជីវិត » ដូច​បទ​ថាៈ តស្មឹ ខោ បន សមយេ ធម្មា ហោន្តិ សភាវៈ​ដែល​មិន​មែន​ជា​សត្វ​ជា​បុគ្គល មិន​មែន​ជា​ជីវិត រមែង​មាន​ក្នុង​សម័យ​នោះ​េង
- ធម្មៈ ប្រែ​ថា « ប្រក្រតី, ធម្មតា » ដូច​បទ​ថាៈ អនិច្ចា វត សង្ខារា ឧប្បទវយធម្មិនោ ឱហ្ន៎​សង្ខារ​ទាំង​ឡាយ​មិន​ទៀង​មាន​ការ​កើត​ឡើង​នឹង​សូន្យ​ទៅ​ជា​ប្រក្រតី​ឬ​ជា​ធម្មតា
១០ - ធម្មៈ ប្រែ​ថា « វិការៈ​គឺ​របស់​ប្រែ​ប្រួល » ដូច​បទ​ថាៈ វយធម្មា សង្ខារា សង្ខារ​ទាំង​ឡាយ មាន​ការ​សាប​សូន្យ​ជា​គ្រឿង​ប្រែប្រួល
១១ - ធម្មៈ ប្រែ​ថា «គុណ​ឬ​ពរ » ដូច​បទ​ថាៈ ហិ ធម្មោ អធម្មោ ឧភោ សមវិបាកិនោ, ចត្តារោ ធម្មា វឌ្ឍន្តិ សភាវៈ​ពីរ​យ៉ាង​គឺ​គុណ ទោស ឲ្យ​ផល​មិន​ស្រប​គ្នា​ទេ, ពរ ប្រការ​រមែង​ចំរើន
១២ - ធម្មៈ ប្រែ​ថា « ការ​ប្រព្រឹត្តិ​មាន​សណ្ដាប់​ធ្នាប់​ល្អ ឬ​ឫកពា » ដូច​បទ​ថាៈ សីលវា កល្យាណ​ធម្មោ បុគ្គល​មាន​សីល​មាន​សណ្ដាប់​ធ្នាប់​ល្អ សោតា​បន្នោ អវិនិបាតធម្មោ សោតាបន្ន​បុគ្គល​មាន​សណ្ដាប់​ធ្នាប់​មិន​ធ្លាក់​ចុះ ពាលា ធម្មា បណ្ឌិតា ធម្មា ឫកពា​ជា​របស់​ជនពាល ជា​របស់​បណ្ឌិត
១៣ - ធម្មៈ ប្រែ​ថា « សមាធិ » ដូច​បទ​ថាៈ ភាវិតធម្មោ កតសមណ​ធម្មោ មាន​សមាធិ​ចំរើន​ហើយ មាន​សមាធិ​បរិកម្ម​ស្រេច​ហើយ
១៤ - ធម្មៈ ប្រែ​ថា « បច្ចុប្បន្ន » ដូច​បទ​ថាៈ ធម្មដ្ឋិតតា ធម្មនិយាមតា ស្ថិត​នៅ​ឬ​កំណត់​នៅ​ក្នុង​បច្ចុប្បន្ន ទិដ្ឋិធម្មិកោ អត្ថោ ប្រយោជន៍​បច្ចុប្បន្ន
១៥ - ធម្មៈ ប្រែ​ថា « ហេតុ ឬ​ប្រវេណី » ដូច​បទ​ថាៈ ធម្មប្បដិសម្កិទា ធម្មញ្ញតា បែក​ធ្លាយ​ប្រាជ្ញា​ក្នុង​ហេតុ ដឹង​ច្បាស់​ហេតុ ឯសំ ធម្មោ សនន្តនោ ប្រវេណី​នេះ ជា​របស់​មាន​មក​ក្នុង​កាល​មុន
១៦ - ធម្មៈ ប្រែ​ថា « សាសនា » ថា « សេចក្ដី​ពិត » ដូច​បទ​ថាៈ ស្វាក្ខាតោ ធម្មោ សាសនា​មាន​លំអ​បទ​ដើម​ឬ​ពីរោះ​បទ​ដើម ញេយ្យធម្មោ ញាត​ធម្មោ សេចក្ដី​ពិត​ដែល​តថាគត​គប្បី​ដឹង សេចក្ដី​ពិត​ដែល​តថាគត​ដឹង​ហើយ ធម្មានុធម្មប្បដិបន្នោ បុគ្គល​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​សមគួរ​ដល់​សេចក្ដី​ពិត
១៧ - ធម្មៈ ប្រែ​ថា « បរមត្ថសច្ច » ថា « មគ្គផល - និព្វាន » ដូច​បទ​ថាៈ ទិដ្ឋធម្មោ បត្តធម្មោ បាន​ឃើញ​បរមត្ថសច្ច បាន​លុះ​បរមត្ថសច្ច ភធិគតោ ខោ ធម្មោ មគ្គផល និព្វាន​តថាគត​បាន​ហើយ ឧទាហរណ៍ ដែល​សំដែង​មក​នេះ​ជា​សេចក្ដី​រួប​រួម​អត្ថ​របស់​ពាក្យ​ថា​ធម្មៈ​ប៉ុណ្ណេះ
លំដាប់​ពី​នេះ​នឹង​ពោល​អំពី​វិគ្គហៈ របស់​ធម្ម ត​ទៅ​ទៀត ធម្មស័ព្ទ​នេះ​មាន​វិត្គហៈ ច្រើន​យ៉ាង តែ​ក្នុង​ទី​នេះ នឹង​ស្រង់​យក​ត្រឹម យ៉ាងៈ
- ចក្ខុសុ អងាយេសុ សំសារេ សត្តេ អបតមានេ នារេតីតិ ធម្មោ សភាព​គឺ​សេចក្ដី​ពិត​ឯ​ណា រមែង​ទ្រទ្រង់​នូវ​សត្វ​ទាំង​ឡាយ មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អបាយ​ទាំង ឬ​ក្នុង​សំសារវដ្ត​សភាព​នោះ​ឈ្មោះ​ថា​ធម៌
- សលក្ខណំ នារេតីតិ ធម្មោ សភាព​ឯ​ណា​រមែង​ទ្រទ្រង់​ទុក​នូវ​លក្ខណៈ​របស់​ខ្លួន​គឺ​កុសល​ទាំង មាន​កាមាវចរ​កុសល​ជា​ដើម សភាព​នោះ​ឈ្មោះ​ថា​ធម៌
- បាបកេ អកុសលេ ធម្មេ ធុនាតីតិ ធម្មោ សភាព​ឯ​ណា​រមែង​កំចាត់​នូវ​អកុសល​ធម៌​ដ៏​លាមក​ចេញ ( ចាក​ខន្ធ​សន្ដាន ) សភាព​នោះ​ឈ្មោះ​ថា​ធម៌
- សោតា​បន្នោទីហិ អរិយេហិ នារិយតីតិ ធម្មោ សភាព​ឯ​ណា​ដែល​ព្រះ​អរិយ​ទាំង​ឡាយ មាន​ព្រះ​សោតា​បន្ន​បុគ្គល​ជា​ដើម តែង​ទ្រទ្រង់​ទុក ( ចាំ​ទុក​ក្នុង​សន្ដាន ) សភាព​នោះ​ឈ្មោះ​ថា​ធម៌
- យថា​នុសិដ្ឋំ បដិបជ្ជមានេ ចតូសុ អបាយេសុ អបតមានេ សត្តេ កត្វា ធារេតីតិ ធម្មោ សភាព​ឯណា​ទ្រទ្រង់​ធ្វើ​នូវ​ពួក​សត្វ​ដែល​ប្រតិបត្តិ​សមគួរ​ដល់​ពាក្យ​ប្រៀន​ប្រដៅ មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អបាយ​ទាំង សភាព​នោះ​ឈ្មោះ​ថា​ធម៌
អត្ថ​នឹង​វិគ្គហៈ របស់​ធម្មៈ ដូច​ពោល​មក​នេះ​ជា​សេចក្ដី​ជ្រាល​ជ្រៅ​ទៅ​តាម​បែប​ហួស​វិស័យ​សោត​វិញ្ញាណ​របស់​អ្នក​ដែល​មិន​បាន​រៀន បែប​ផែន​ប្រែ​បាលី តែ​ទុក​ជា​យ៉ាង​ណា​ក៏​គង់​យល់​សេចក្ដី​ខ្លះ​ពុំ​ខាន ពាក្យ​ថាធម្មៈ​ឬ​ធម៌​មួយ​ម៉ាត់​នេះ បើ​ទុក​ជា​មិន​មាន​បទ​គុណ​ស័ព្ទ គឺ​កុសល​ឬ​អកុសល​នៅ​ជិត​ខាង គង់​យើង​សង្កេត​យល់​បាន​តាម​ដំណើរ​សេចក្ដី ធម្ម​ស័ព្ទ​នេះ​កម្រ​នឹង​និយាយ​ឲ្យ​ច្បាស់ ប្រែ​ស្រាយ​ឲ្យ​ចំ​មក​ជា​ពាក្យ​ខ្មែរ​យើង​បាន ដំណើរ​នេះ​ជា​វិស័យ​របស់​អ្នក​រៀន​វិធី​ប្រែ​បាលី​ទើប​អាច​នឹង​យល់​បាន​ដោយ​ងាយ ប៉ុន្តែ​អ្នក​ដែល​មិន​បាន​រៀន​របៀប​ប្រែ​បាលី​ក៏​គង់​មាន​ន័យ​ក្នុង​ផ្ទៃ​សេចក្ដី​នោះ បើក​ឱកាស​ឲ្យ​យល់​បាន ដូច​យល់​ថា​នេះ​ជា​ភាវេតព្វ​ធម៌ ( ធម៌​គួរ​ចំរើន ) នេះ​ជា​បហាគព្វ​ធម៌ ( ធម៌​គួរ​លះបង់ ) តែ​ប៉ុណ្ណេះ​ក៏​អាច​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​សាសនា​ធម៌​បាន ឬ​ធម៌​ដែល​មាន​មក​ក្នុង​ពួក​ផ្សេង យើង​អាច​សន្និដ្ឋាន​បាន​ឥត​ភ័ន្តច្រឡំ​ថា នេះ​ជា​ធម៌​ដ៏​ល្អ នេះ​ជា​ធម៌​ដ៏​លាមក​ដូច្នេះ​ជា​ដើម
សេចក្ដី​របស់​ធម្មៈ ដែល​មាន​ក្នុង​អត្ថ​នឹង​វិគ្គហៈ ដូច​ពោល​មក​នេះ​សំដៅ​យក​វត្ត​ចរិយា​ដែល​គួរ​ប្រព្រឹត្ត​បាន​ទាំង​ផ្លូវ​លោក​ផ្លូវ​ធម៌ ឬ​សេចក្ដី​ល្អ​ដែល​ជា​ច្បាប់​ម្យ៉ាង សម្រាប់​បន្ថយ​កំឡាំង​សេចក្ដី​អាក្រក់​របស់​ពួក​មនុស្ស ដើម្បី​លើក​កំឡាំង​សេចក្ដី​ល្អ​ឲ្យ​មាន​បរិបូណ៌ នឹង​បាន​ឈាន​ទៅ​រក​សេចក្ដី​ចំរើន​ឲ្យ​មាន​ដំឡៃ មាន​បែប​ផែន​សណ្ដាប់​ធ្នាប់​ល្អ​ប្លែក​អំពី​ពួកសត្វ​តិច្ឆាន ព្រោះ​ថា​ការ​បរិភោគ​ក្ដី ដេក​ក្ដី ភិត​ភ័យ​ក្ដី រួម​សំវាស​នឹង​មេថុន​ក្ដី ទាំង យ៉ាង​នេះ​មាន​ស្មើ​គ្នា ទាំង​មនុស្ស​ទាំង​សត្វ​តិរច្ឆាន​ប៉ុន្មាន ធម៌​ទុក​ជា​ក្រិត្យ​ក្រម​សម្រាប់​ប្រព្រឹត្ត​ឲ្យ​សម​ស័ក្តិ​ជា​មនុស្ស ឬ​ថា​ធម៌​នេះ​ជា​សញ្ញាប័ត្រ​សម្រាប់​មនុស្ស​ក៏​បាន ព្រោះ​ថា​មនុស្ស​យើង​ត្រូវ​តែ​ដំកល់​ខ្លួន​នៅ​ក្នុង​សីលធម៌​ណាមួយ ទុក​ជា​គោល​ដ៏​សំខាន់​សម្រាប់​ត្រកូល​របស់​ខ្លួន​បើ​មិន​ច្រើន​ក៏​តិច ដែល​ហៅ​ថា​ត្រកូល​មាន​ធម៌​ដើម្បី​ជា​តម្រាប់​ដល់​បុត្ត​ធីតា​ត​រៀង​ទៅ កាល​បើ​ប្រាស​ចាក​សីលធម៌​ហើយ​មុខ​ជា​នឹង​រសាត់​អណ្ដែត​ទៅ ប្រទះ​ប៉ះ​ទង្កិច​នឹង​សេចក្ដី​ទុក្ខ​លំបាក ដូច​ចក​នឹង​សំឡី​ដែល​រសាត់​អណ្ដែត​ទៅ​តាម​ខ្យល់ ឬ​ដូច​រថយន្ត​នឹង​នាវា​ដែល​គ្មាន​ចង្កូត​គ្មាន​គ្រឿង​ទប់ មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​សីលធម៌​ខ្ជាប់​ខ្ជួន​នោះ​ដូច​រថយន្ត​នឹង​នាវា​ដែល​មាន​ចង្កូត មាន​យុថ្កា​សម្រាប់​ទប់
ពិត​ណាស់ ព្រះ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​សំដែង​ទុក​ហើយ​នោះ​ជា​ច្បាប់​ដ៏​ល្អ​វិសេស សម្រាប់​តម្រូវ​ដល់​ប្រជាជន​ជាតិ​មនុស្ស​គ្រប់​ជាន់ បើក​ឱកាស​ឲ្យ​ប្រព្រឹត្ត​ប្រតិបត្តិ​ជឿ​កាន់ ដើម្បី​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ​ឈម​មុខ​ត្រង់​ទៅ​រក​សេចក្ដី​សុខ​ក្សេម​ក្សាន្ត​ចៀស​ចាក​គ្រោះ​ថ្នាក់ ទុក្ខ​ភ័យ​តាំង​អំពី​លោក​នេះ រហូត​ដល់​ខាង​មុខ
អំពី​ប្រវត្តិ​នឹង​កិត្តិគុណ​របស់​ធម្មៈ​ក្នុង​ពុទ្ធ​សាសនា៖
ធម្មៈ​គឺ​សេចក្ដី​ពិត​តែង​ចាប់​កំណើត​នៅ​ក្នុង​លោក​ជា​ធម្មតា ស្ថិត​នៅ​ជា​ចន្លោះ​នៃ​សេចក្ដី​វិនាស ធម្មតា​វត្ថុ​អ្វី ទាំង​អស់​ក្នុង​លោក មាន​ប្រាក់​មាស​ជា​ដើម​ដែល​បុគ្គល​តាក់​តែង​សិទ្ធ​សូន​ធ្វើ​ឡើង រមែង​មាន​រូប​ប្រែ​ប្រួល​ទៅ​ផ្សេង តាម​កាល​សម័យ​ដែល​និយម​រាប់​អាន ជួន​កាល​វត្ថុ​ដែល​មិន​មែន​ជា​ប្រាក់​មាស​សុទ្ធ​ទេ តែ​គេ​ក្រឡៃ​ធ្វើ​ដោយ​ក្លែង​ក្លាយ​ឲ្យ​មាន​ព័ណ៌​ដូច​ប្រាក់​មាស​សុទ្ធ​ក៏​បាន ប៉ុន្តែ​របស់​ក្រឡៃ​នោះ​មិន​យូរ​ប៉ុន្មាន​នឹង​ប្រាកដ​ដល់​ភ្នែក​អ្នក​ផង​ដែល​អាច​ដឹង​បាន របស់​នោះ​រមែង​ត្រឡប់​ទៅ​ជា​របស់​ថោក​ទាប​ឥត​ថ្លៃ នាំ​ឲ្យ​ខូច​សេចក្ដី​ប្រាថ្នា​របស់​អ្នក​ត្រូវការ​ទួទៅ ក្នុង​ទី​បំផុត​របស់​ដែល​បន្លំ​នោះ​ប្រែ​ទៅ​ជា​វត្ថុ​ប្រើ​ប្រាស​ពុំ​កើត សេចក្ដី​នេះ​យ៉ាង​ណា​មិញ ក្បួន​តម្រា​ច្បាប់​ទម្លាប់ ក្នុង​លិទ្ធិ​ណា​មួយ ដែល​គេ​ហៅ​ថា​ធម៌ ដោយ​សេចក្ដី​សន្មតិ​របស់​គេ​ដែល​តាក់​តែង​ឡើង​ដោយ​ឧបាយ​មិន​សម​ហេតុ​ផល គឺ​ថា​ដំណើរ​មិន​ពិត, ក្បួន​ច្បាប់​ទាំង​នោះ គង់​ត្រូវ​អ្នក​ផង​ដែល​មាន​ប្រាជ្ញា​ល្អ យល់​ទាស់​ឬ​ចាប់​សេចក្ដី​ខុស​បាន ថា​ជា​លទ្ធិ​មិន​ពិត បើ​ជា​មិន​មាន​អ្នក​ណា​ចាប់​ថ្នាក់​បាន​ភ្លាម ក៏​គង់​គេ​ដឹង​បាន ឬ​គេ​រាង​ចាល​ក្នុង​កាល​ដែល​ឲ្យ​ផល​មិន​ស័ក្ដិ​សិទ្ធិ លទ្ធិ​នោះ​ក៏​ទៅ​ជា​របស់​រៀវរោយ សាប​រលាប លែង​មាន​អ្នក​ណា​ចុះ​ចូល​ត្រូវការ​ប្រតិបត្តិ​ជឿ​កាន់​ក៏​យ៉ាង​នោះ​ដែរ ចំណែក​ខាង​ធម្មៈ គឺ​សេចក្ដី​ពិត​ជា​សភាព​មាន​អាយុ​ជីវិត​រស់​នៅ​ក្នុង​លោក មិន​ចេះ​រៀវរោយ​ថយ​ចុះ​ដូច្នេះ​ឡើយ
ស្វាក្ខាធម៌ ដែល​ព្រះ​សម្មា​សម្ពុទ្ធ​របស់​យើង ទ្រង់​បាន​ត្រាស់​ដឹង​ឡើង​ហើយ ទ្រង់​ប្រកាស​ប្រដៅ​ប្រជាជន​ក្នុង​លោក កាល​ដើម​ដំបូង មិន​សូវ​មាន​មនុស្ស​ជ្រះ​ថ្លា​ជឿ​កាន់​ច្រើន​ប៉ុន្មាន លុះ​ដល់​កាល​ខាង​ក្រោយ​មក ទើប​ពួក​ទេវតា​នឹង​មនុស្ស​បាន​ដឹង​ឮ​សុះសាយ​ច្រើន​គ្នា​ស្ងើច​សរសើរ ថា ឱហ្ន៎​នេះ​ជា​ធម៌​ពិត ប្រព្រឹត្ត​ទៅ​តាម​សេចក្ដី​សុខ​ក្សេម​ក្សាន្ត រួច​នាំ​គ្នា​ប្រតិបត្តិ​កាន់​តាម រហូត​បាន​មគ្គផល​និព្វាន​តាម​និស្ស័យ​វាសនា យ៉ាង​សក្ដិសិទ្ធិ​ដូច​ទឹក​សម្រាប់​លត់​ភ្លើង ធម្មៈ គឺ​សេចក្ដី​ពិត នៃ​អាយុ​ជីវិត​ដ៏​មាំមួន ជា​របស់​មិន​ចេះ​ចាស់​មិន​ចេះ​ស្លាប់ អាច​រស់​នៅ​ទាំង​មាន​ដំឡៃ​អង្វែង​ត​ទៅ​មិន​ចេះ​ចុះ​ថ្លៃ​ឡើយ សេចក្ដី​នេះ​គប្បី​សន្និដ្ឋាន​បាន​ដោយ​ងាយ ដូច​យ៉ាង​ព្រះ​ធម៌​របស់​ព្រះ​សម្ពុទ្ធ​នៃ​យើង​ទាំង​ឡាយ ដែល​ព្រះ​អង្គ​សំដែង​ឡើង​តាម​ពិត មិន​វីបរីត​ខុស​ចាក​សេចក្ដី​ពិត បើ​យើង​គិត​តាំង​អំពី​ឆ្នាំ​ដែល​ព្រះ​អង្គ​បរិនិព្វាន​មក​ដល់​ឥឡូវ​នេះ​បាន ២៤៨៩ ឆ្នាំ​ហើយ ទោះ​បី​យូរ​អង្វែង​មក​ប៉ុណ្ណោះ ព្រះ​ធម៌​ក៏​នៅ​ថ្មី​ទៀង​ទាត់​ដដែល​ដូច​ប្រក្រតី​ឥត​មាន​ចាស់​គ្រាំ​គ្រា ប្រែ​ប្រួល ខូច​ដំឡៃ​យ៉ាង​ណា ឡើយ សម​ដូច​ពុទ្ធ​ភាសិត​ថាៈ
ជីន្តេ វេ រាជរថា សុចិត្តា អថោ សរីរម្បិ ជរំ ឧបេតិ
សតញ្ច ធម្មោ ជរំ ឧបេតិ សន្ដោ ហវេ សព្ភិ បវេទយន្តិ
សេចក្ដី​ថា រាជ​រថ​ទាំង​ឡាយ ដែល​នាយ​ជាង​រចនា​ល្អ​ហើយ រមែង​ចាស់​គ្រាំ​គ្រា​ទៅ​ពុំ​បាន មិន​ត្រឹម​តែ​រថ​ទាំង​ឡាយ​ប៉ុណ្ណោះ​ឡើយ ទោះ​ទាំង​សរីរៈ​រាង​កាយ ( របស់​សត្វ​ទាំង​ឡាយ ) ក៏​គង់​ដល់​នូវ​សេចក្ដី​ចាស់​គ្រាំ​គ្រា​ដូច្នោះ​ដែរ មាន​តែ​ធម៌​របស់​ពួក​សម្បុរស​ទើប​មិន​ដល់​នូវ​សេចក្ដី​ចាស់​គ្រាំ​គ្រា ពួក​សប្បុរស​តែង​ចរចារ​ជា​មួយ​នឹង​សប្បុរស​ផង​គ្នា យ៉ាង​នេះ​ឯង ពុទ្ធ​ភាសិត​ដូច​ពោល​មក​នេះ​ជា​គ្រឿង​អាង​ដើម្បី​បញ្ជាក់​ពាក្យ​ថា​ធម៌​ឲ្យ​ឃើញ​ពិត ថា​ជា​សភាព​មិន​ចេះ​ចាស់​គ្រាំ​គ្រា កាល​បើ​មិន​មាន​សេចក្ដី​ចាស់​ទេ សេចក្ដី​ឈឺ​ចាប់​ក៏​មិន​មាន កាល​បើ​មិន​មាន​សេចក្ដី​ឈឺ​ចាប់​ទេ សេចក្ដី​ស្លាប់​ក៏មិន​មាន ពាក្យ​ថា​ធម្មៈ​ដែល​អធិប្បាយ​មក​នេះ​សំដៅ​យក​សេចក្ដី​ពិត ដែល​សំដែង​អំពី​សេចក្ដី​ល្អ​អាក្រក់ ជា​សភាព​ឥត​រូប មាន​តែ​នាម ដែល​ចាប់​កំណើត​នៅ​ក្នុង​លោក​សម្រាប់​ដឹង​បាន​ដោយ​បញ្ញា​ចក្ខុ​ប៉ុណ្ណោះ ឥត​មាន​នរណា​ស្រាវជ្រាវ​រក​ប្រវត្តិ​ឲ្យ​ឃើញ​ថា​ធម៌​នេះ​ចាប់កំណើត​ពី​កាល​ណា បាន​ឡើយ ដូច​ភ្លើង​នឹង​ខ្យល់​ដែល​គេ​មិន​អាច​ដឹង​ដើម​កំណើត​បាន​ដូច្នោះ​ដែរ គឺ​ជា​ធម្មជាតិ​តែង​កើត​មាន​នៅ​ក្នុង​លោក​ជា​ធម្មតា
សេចក្ដី​ខាង​លើ​នេះ ល្មម​យល់​បាន​ថា អំពើ​ល្អ​អាក្រក់​ជា​របស់​ឋិត​ឋេរ​រស់​នៅ​ពាស​ពេញ​លោក ទាំង​មគ្គផល​និព្វាន ក៏​មាន​នៅ​ប្រាកដ​មិន​ត្រូវ​វិនាស​បាត់​បង់​ចាក​លោក​ដោយ​អន្តរាយ​ណា​មួយ សូម្បី​លោក​ធាតុ​ទាំង​មូល​ត្រូវ​ភ្លើង​ឆេះ អំពើ​នឹង​មគ្គផល​និព្វាន​អាច​តាំង​នៅ​ដដែល ទោះ​បី​នរណា​ក៏​លុប​លាង​ចេញ​ពុំ​បាន ចំណែក​ខាង​ពាក្យ​រចែក​រចាក​ថា ធម៌​ថ្មី​ធម៌​ចាស់ នោះ​នឹង​ទន្រ្ទាន​ចូល​មក​កាត់កំផែង​គឺ​សេចក្ដី​ពិត​មិន​បាន​ឡើយ បុណ្យ​គឺ​អំពើ​ល្អ បាប​គឺ​អំពើ​អាក្រក់​គុណ​គឺ​សេចក្ដី​ចំរើន ទោស​គឺ​សេចក្ដី​វិនាស ទាំង យ៉ាង​នេះ​ជា​ដើម ឈ្មោះ​ថា​ប្រវត្តិ​គឺ​ដំណឹង​ឬ​កំណើត​របស់​ធម៌ ដែល​ជា​សេចក្ដី​ពិត​មាន​នៅ​ប្រចាំ​លោក​សូម្បី​ក្នុង​កាល​កប្ប​ខាំង​កំបាំង​បាត់​ស្ងាត់ គឺ​កាល​ដែល​មិន​មាន​ព្រះ​ពុទ្ធ​ត្រាស់​ឡើង ឬ​មិន​មាន​អ្នក​ប្រាជ្ញ​ក៏​ដោយ​ក៏​គង់​បុណ្យ បាប គុណ ទោស ឋិតថេរ​តាំង​នៅ​ជា​ប្រក្រតី​ឥត​មាន​សាប​រលាប​រលត់​បាត់​ទេ តាំង​ប្រជាជន​ក្នុង​លោក​ក៏​មិន​ដែល​ឮ​និយាយ​ថា ឥឡូវ​នេះ​បុណ្យ បាប គុណ ទោស គាស់​គ្រាំ​គ្រា​ណាស់ ឈឺ​ដុន​ដាប​ណាស់ ឬ​ថា ស្លាប់​បាត់​ទៅ​ហើយ ដូច្នេះ​ឡើយ ពាក្យ​ដែល​គេ​និយាយ​រចែក​រចាក​ជា ធម៌​ថ្មី ធម៌​ចាស់​នោះ​ត្រឡប់​ទៅ​ជា​ឥត​ប្រយោជន៍​ទទេ បើ​បុគ្គល​ប្រុស​ស្រី​ឯ​ក្នុង​លោក​មាន​កាយ​វាចា​ចិត្ត ប្រព្រឹត្ត​ល្អ​ត្រូវ​តាម​សីលធម៌ មាន​ព្រហ្មវិហារ​ផ្សាយ​ទៅ​ក្នុង​ពួក​សត្វ មាន​កតញ្ញូកតវេទី ចំពោះ​លោក​អ្នក​មាន​គុណ​គឺ​មាតា​បិតា​ជា​ដើម បុគ្គល​នោះ​ក៏​រមែង​បាន​បុណ្យ​ចួប​ប្រទះ​សេចក្ដី​ចំរើន បើ​ជា​មាន​កាយ​វាចា​ចិត្ត ប្រព្រឹត្ត​អាក្រក់​ខុស​ចាក​សីលធម៌​មិន​មាន​ព្រហ្ម​វិហារ​ផ្សាយ​ទៅ​ក្នុង​ពួក​សត្វ មិន​មាន​កតញ្ញូកតវេទី​ចំពោះ​លោក​អ្នកមាន​គុណ​ទេ ក៏​រមែង​បាន​បាប ទទួល​ទោស​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​មាន​នរណា​ប្រគល់​បុណ្យ​ប្រគល់​បាប​ឲ្យ​ទេ នេះ​ជា​សេចក្ដី​សំដែង​ឲ្យ​ឃើញ​ថា បុណ្យ​បាប​មិន​ចេះ​វិនាស អ្នក​ណា​ធ្វើ​ក្នុង​កាល​ណា អ្នក​នោះ​ត្រូវ​បាន​ក្នុង កាល​នោះ​ឬ​កាល​ខាង​មុខ បុណ្យ​បាប​គុណ​ទោស​ទាំង​នេះ​ឯង​ហៅ​ថា​ធម៌, មួយ​ទៀត​ក្នុង​គម្ពីរ​អដ្ឋកថា​ឧទាន​ខុន្ទរា​និកាយ មាន​សេចក្ដី​ថា​ពួក​ធម៌​ជា​កុសល ហៅ​ថា​សកធម៌ គឺ​ជា​ផ្លូវ​ដ៏​ពិត​មួយ​យ៉ាង​សម្រាប់​នាំ​មក​នូវ​សុខ​សួស្ដី នាំ​មក​នូវ​សេចក្ដី​ចំរើន ដល់​បុគ្គល​អ្នក​ប្រព្រឹត្ត​សុចរិត, ពួក​អកុសល​ហៅ​ថា​បរធម៌​គឺ​ជា​ផ្លូវ​ពិត​ដោយ​ឡែក សម្រាប់​នាំ​មក​នូវ​ទុក្ខ នាំ​មក​នូវ​សេចក្ដី​វិនាស​ដល់​បុគ្គល​អ្នក​ប្រព្រឹត្ត​ទុច្ចរិត ចំណែក​ខាង​ពួក​កុសល​ធម៌ មាន​សីល សមាធិ បញ្ញា ជា​ដើម​ដែល​ធ្វើ​ប្រយោជន៍​ឲ្យ​ដល់​ខ្លួន​ដូច​ជា មាតា​បិតា​ធ្វើ​ប្រយោជន៍​ដល់​បុត្ត​ធីតា ព្រោះ​ហេតុ​នោះ​ទើប​លោកហៅ​ថា​សកធម៌, ពួក​អកុសល​ធម៌ មាន​រាគៈ ទោសៈ មោហៈ ជា​ដើម ដែល​នាំ​បណ្ដាល​ធ្វើ​ប្រយោជន៍​ឲ្យ​វិនាស ដូច​ជា​បច្ចាមិត្ត ជា​សឹក​សត្រូវ​មក​ពី​ខាង​ក្រៅ មក​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍ ព្រោះ​ហេតុ​នោះ​ទើប​លោក​ហៅ​ថា​បរធម៌
បុណ្យ បាប គុណ​ទោស សកធម៌ បរធម៌ ដូច​សំដែង​មក​នេះ ឈ្មោះ​ថា​ប្រវត្តិ​របស់​ធម៌ ដែល​ជា​ដើម​ពូជ​ចាប់​កំណើត​កើត​ឯង​ហើយ​ចាក់​ឫស​ជាប់​នៅ​ទៀង​ទាត់​ជា​ធម្មតា មិន​ចេះ​ចាស់​គ្រាំ​គ្រា​ឬ​វិនាស​សាប​សូន្យ​ដោយ​ពិត តែ​ជា​របស់​ស្ងាត់​កំបាំង​អំពី​បញ្ញា​របស់​បុថុជ្ជន ដូច​ភ្លើង​ជា​របស់​មាន​នៅ​ទៀង​ទាត់​តែង​ចាប់​កំណើត​ដាច់​នៅ​នឹង​អាកាស ឬ​នៅ​ក្នុង​ដើម​ឈើ កាល​បើ​គេ​ចេះ​វិជ្ជា​ខាង​គ្រឿង​ផ្សំ ត្រូវ​តាម​ហេតុ​ផល​ល្អ ភ្លើង​ក៏​ឆេះ​លះ​អណ្ដាត​ឡើង បើ​មិន​ចេះ​គ្រឿង​ផ្សំ​ទេ ភ្លើង​មិន​អាច​ឆេះ​ឡើង​បាន​មួយ​ទៀត​ភេសជ្ជៈ​ថ្នាំ​កែ​រោគ​ដែល​កើត​អំពី​ជាតិ ឈើ ឬ​អំពី​ធាតុ​អ្វី​ផ្សេង ក៏​ជា​របស់​ស្ថិត​នៅ​មាននៅ​ជា​ធម្មតា មិន​ចេះ​វិនាស, គ្រូ​ពេទ្យ​អ្នក​ចេះ​ចាំ​ក្បួន​តម្រា​រមែង​ផ្សំ​ធាតុ​ឬ​លំអិត​អ្វី​ផ្សេង ឲ្យ​ទៅ​ជា​ភេសជ្ជៈ​កែ​រោគ​បាន​ដោយ​ងាយ ពាក្យ​ដែល​យើង​ធ្លាប់​និយាយ​ថា ភ្លើង​រលត់ នេះ​ជា​សេចក្ដី​សន្មតិ​គឺ​ភ្លើង​គ្រាន់​តែ​រលត់​បាត់​អំពី​ចង្កៀង​ប៉ុណ្ណោះ នឹង​ថា​រលត់​បាត់ ទៅ​ចាក​លោក​មែន​ទែន​ក៏​ទេ សេចក្ដី​យ៉ាង​ណា​មិញ ដំណឹង​នឹង​កិត្តិគុណ​ព្រះ​ធម៌​ជា​សភាព​ដែល​ពិត​ប្រាកដ​រមែង​មាន​នៅ​ដោយ​ មាំមួន មិន​ចេះ​ប្រែ​ប្រួល​វិនាស​សាប​សូន្យ មិន​ចេះ​ស្លាប់​ក៏​យ៉ាង​នោះ​ដែរ ពាក្យ​ដែល​យើង​និយាយ​ថា​ព្រះ​ធម៌​សាប​សូន្យ ឬ​ថា​សាសនា​រៀវរោយ នេះ​ជា​សម្មតិ​វោហារ​គ្រាន់​តែ​ជា​ពាក្យ​សម្រាប់​ប្រើ​ហៅ​បណ្តោះ​អាសន្ន ឬ​ពាក្យ​ថា សាប​សូន្យ​រៀវរោយ​នោះ​គ្រាន់​តែ​សំដៅ​យក​ថា​ព្រះ​ធម៌​សាប​សូន្យ​ចាក​ខន្ធ​ សន្ដាន​របស់​បុគ្គល​អ្នក​សិក្សា​រៀន​សូត្រ​ប្រតិបត្តិ​ប៉ុណ្ណោះ មគ្គផល​និព្វាន​ឈ្មោះ​ថា​កិត្តិគុណ​របស់​ធម៌ តែង​ឮ​ខ្ចរ​ខ្ចាយ​នៅ​ក្នុង​លោក​ដោយ​ហូរ​ហែរ​ជា​ដរាប​មក​មិន​ដាច់ ព្រោះ​ហេតុ​នោះ​បុគ្គល​អ្នក​ស៊ើប​ដំណឹង​រក​ធម៌​ក្នុង​លោក​នេះ តែង​មាន​តែ​រាល់ កាល តាម​សេចក្ដី​ប្រតិបត្តិ​ក្នុង​សាសនា​របស់​គេ ប៉ុន្តែ​ច្រើន​តែ​ប្រទះ​ទៅ​លើ​ផ្លូវ​វាង ដោយ​អំណាច​អវិជ្ជា​នាំ​សត្វ​ឲ្យ​វង្វេង ឬ​ដោយ​គំនិត​យល់​ខុស​តាម​លិទ្ធិ​របស់​គ្រូ​ដោយ​ខ្លួន ក្នុង​កាល​ចន្លោះ​ព្រះ​ពុទ្ធ​ត្រាស់​ឡើង​គង់​ប្រាកដ​ថា មាន​បុគ្គល​ខ្លះ​ក្នុង​លោក​មាន​ចិត្ត​នឿយ​ណាយ​ចាក​កាម​គុណ នឹក​ភ្នក​ចង់​ស្វះ​ស្វែង​រក​ប្រវត្តិ​ពង្សាវតារ ដែល​ជា​ក្រសែ​នៃ​មោក្ខ​ធម៌​គឺ​ព្រះនិព្វាន ហើយ​លះ​ភេទ​គ្រហស្ថ​ចេញ​ចាក​កាមារម្មណ៍ កាន់​ភេទ​ជា​តាបស​ឥសី​ប្រព្រឹត្ត​តប​វត្ត​ដើម្បី​ស្រូត​ទៅ​រក​ព្រះ​និព្វាន​ ជា​ធម្មតា តាបស​ខ្លះ​ប្រទះ​បាន​តែ​ត្រឹម​ឈាន​សមាបត្តិ ឬ​អភិញ្ញា​ជា​លោកិយ​ប៉ុណ្ណោះ តាបស​ខ្លះ​ឃ្វាង​រហូត​ដោយ​ហេតុ​ខ្វះ​គ្រឿង​ផ្សំ ឬ​មាន​គ្រឿង​ផ្សំ​ធាតុ​វិជ្ជា​ប្រាជ្ញា​ស្មារតី​មិន​ទាន់​គ្រប់​គ្រាន់, ព្រះ​សម្ពុទ្ធ​របស់​យើង កាល​នៅ​ជា​ពោធិសត្វ ក៏​នៅ​ក្នុង​ពួក​តាបស​ដូច្នោះ​ដែរ ព្រះ​អង្គ​តែង​ជាប់​ព្រះ​ហ្ឫទ័យ​ក្នុង​ការ​ស្វែង​រក​ព្រះ​ធម៌​ទោះ​បី​ព្រះ​ អង្គ​បាន​ជា​ក្សត្រិយ៍​សោយ​រាជ្យ ដែល​គួរ​ស្រវឹង​ក្នុង​សម្បត្តិ​នឹង​យស​បរិវារ ទ្រង់​ក៏​មិន​ភ្លេច​អំពី​ដំណឹង​បុណ្យ​បាប តែង​ពេញ​ព្រះ​ហ្ឫទ័យ​ក្នុង​ភេទ​តាបស​ជា​រឿយ ខំ​ប្រព្រឹត្តិ​វត្ត​យ៉ាង​ឧក្រឹដ្ឋ​ជាង​តាបស​ឯ​ទៀត ជា​ដរាប​អស់​ច្រើន​ជាតិ​ណាស់ ព្រះ​មហា​បុរស​មាន​ព្យាយាម​ក្លៀវក្លា អន្ទោក​អន្ទោល​មិន​តក់​មិន​លែង​ចោល​អំពី​ការ​ស្វែង​រក​មោក្ខធម៌​ព្រោះ​ អាស្រ័យ​ការ​ដឹង​ថា​មុខ​ជា​នឹង​បាន​ដូច​ប្រាថ្នា ព្រះ​អង្គ​ខំ​ប្រឹង​សន្សំ​សេចក្ដី​ល្អ​ល្អះ​សេចក្ដី​អាក្រក់ ចំណាំ​ប្រវត្តិ​របស់​ព្រះ​អង្គ​នឹង​ព្រះ​ធម៌​ដែល​ព្រះ​អង្គ​ធ្លាប់​ ប្រតិបត្តិ​មក​រៀង​រាប​ដរាប​ដល់​បច្ចិម​ជាតិ ទើប​បាន​គ្រឿង​ផ្សំ​ធាតុ​សព្វ​គ្រប់​ដែល​ហៅ​ថា​បារមី​ធម៌ ១០ ប្រការ​នោះ​ឯង
លុះ​ព្រះ​បរម​ពោធិសត្វ​មាន​បារមី​ធម៌ ចូល​មក​គ្រប់​គ្រាន់ ក៏​បាន​រំពឹង​ស្រាវជ្រាវ​រក​ពង្សាវតារ​ព្រះ​ធម៌​ជា​អនុលោម​ប្បដិលោម បាន​ឃើញ​ជាក់​ច្បាស់​ដោយ​សព្វ​ញ្ញុត​ញ្ញាណ ហើយ​ទ្រង់​សំដែង​បើក​បង្ហើប​បង្ហាញ​ធម៌​នោះ ដល់​ពួក​ពុទ្ធ​បរិស័ទ​ឲ្យ​ភ្លឺ​ច្បាស់​ហាក់​ដូច​ជា ព្រះ​ច័ន្ទ​រះ​ឡើង​ក្នុង​ថ្ងៃ ១៥ កើត ព្រះ​ធម៌​ដែល​ចាប់​កំណើត​នៅ​ក្នុង​ផ្ទៃ​លោក​ធាតុ​ជា​យូរ​លង់​មក​ហើយ​នោះ​ស្រាប់​តែ​ផុះ​អណ្ដែត​ឡើង ហាក់​ដូច​ជា​ប្រសូត​ចាក​លោក​ធាតុ​មក​ប្រតិស្ឋាន​ថ្មី ចំពោះ​ព្រះ​ភ័ក្រ្ត​ព្រះ​ដ៏​មាន​ព្រះ​ភាគ នេះ​ឯង​ហៅ​ថា​ព្រះ​អង្គ​ត្រាស់​ដឹង មូល​ហេតុ​ដែល​នាំ​ឲ្យ​ពួក​តាបស​ឯ​ទៀត ក្ដី​តាបស​គឺ​ព្រះ​ពោធិសត្វ​ក្ដី ខំ​សង្វាត​បំពេញ​បារមី​ធម៌​ទាំង​នោះ ក៏​ព្រោះ​អាស្រ័យ​ការ​ដឹង​ក្លិន​ក្រអូប ការ​ចាំ​ប្រវត្តិ​នឹង​កិត្តិគុណ​របស់​ធម្មៈ​ជាប់​ហែ មក ដូច​ដំណឹង​ថា​មាស​ពេជ្រ​ជា​បច្ច័យ នាំ​ឲ្យ​គេ​ស្វែង​រក​មាស​ពេជ្រ គឺ​អាស្រ័យ​ការ​ដឹង​ជា​ដើម​ហេតុ ទើប​មាន​ការ​ស្វែង​រក​ជា​ខាង​ក្រោយ មក​រហូត​បាន​ដូច​ប្រាថ្នា ដំណឹង​ថា​មគ្គផល​ថា​និព្វាន​ក៏​រមែង​មាន​ក្លិន​ក្រអូប​ជាប់​នៅ​ក្នុង​លោក សូម្បី​មគ្គផល​ជា​ធម៌​នាំ​សត្វ​ឲ្យ​ឆ្លង​ឡើង​ចាក​លោក ព្រះ​និព្វាន​ជា​គុណ​ជាតិ​ផុត​ស្រឡះ​ចាក​លោក​ហើយ​ក៏​ពិត​មែន តែ​កិត្តិស័ព្ទ​រមែង​សល់​នៅ​ក្នុង​លោក​មិន​ចេះ​សាប​សូន្យ លុះ​ព្រះ​អង្គ​បរិបូណ៌​ដោយ​ប្រាជ្ញា​ស្មារតី គ្រប់​គ្រាន់​ដោយ​សេចក្ដី​ត្រិះរិះ​ជ្រាប​ច្បាស់​ចំពោះ​ព្រះអង្គ​ហើយ​ទើប​ទ្រង់​លើក​ស្រង់ ស្រាវជ្រាវ​ប្រមូល​យក ព្រះ​ធម៌​ដែល​មាន​នៅ​ក្នុង​លោក​ស្រាប់​នោះ​មក​សំដែង​សើរើ​ចែក​រលែក​ឲ្យ​មាន​មេ​មាតិកា​ដោត​ក្រង​តម្រៀប ដូច​មាន​កម្រង​មាន​របៀប​ជា​គោល​ចារឹក​រាក់​ជ្រៅ សង្ខេប​ពិស្ដារ​ច្បាស់​លាស់​ជាក់​ស្ដែង​ឡើង​ដើម្បី​ឲ្យ​ពួក​ពុទ្ធ​បរិស័ទ​និកាយ​របស់​ព្រះ​អង្គ ងាយ​ស្ដាប់​ងាយ​ពិចារណា​រក​ផ្លូវ​ប្រតិបត្តិ​ពួក​ប្រជាជន​អ្នក​មាន​សេចក្ដី​ជ្រះ​ថ្លា​ក្នុង​ធម៌ គោរព​ចំពោះ​ព្រះ​អង្គ​ក៏​នាំ​គ្នា​ហៅ​ថា​ព្រះ​អង្គ​បាន​ត្រាស់ ដរាប​មក ធម៌​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​ទាំង​នោះ ក៏​គឺ​ធម៌​ដែល​ធ្លាប់​មាន​ស្រាប់​នៅ​ក្នុង​លោក​នោះ​ឯង ព្រះ​បរម​សាស្ដាចារ្យ បាន​ត្រាស់​ដឹង​ធម៌​ឡើង​ក្នុង​លោក​ក្នុង​កាល​ណា​ម្ដង គួរ​ហៅ​ថា​អគ្គ​សង្គាយនា​មួយ​លើក​ហើយ ក្នុង​កាល​នោះ​រាប់​ថា សង្គាយនា​មុន​ដំបូង​បង្អស់ ជា​គុណ​ដ៏​ប្រសើរ​បំផុត​ធំ​បណ្ដាច់​ជាង​សង្គាយនា​របស់​ព្រះ​អរហន្ត​ទាំង​ឡាយ ដែល​ធ្វើ​ក្នុង​កាល​ជា​ខាង​ក្រោយ
ពណ៌នា​មក​អំពី​អត្ថ​នឹង​វិគ្គហៈ របស់​ធម្មៈ
ព្រម​ទាំង​ប្រវត្តិ​នឹង​កិត្តិគុណ​របស់​ធម្មៈ​ចប់​តែ​ប៉ុណ្ណោះ

No comments:

Post a Comment