|
វិធីសាស្រ្តធ្វើឲ្យគេស្រឡាញ់ចូលចិត្ត
|
១. យកចិត្តទុកដាក់ដោយស្មោះចំពោះអ្នកដទៃៈ
ចង់ឲអ្នកដទៃស្រឡាញ់យើង យើងត្រូវធ្វើអ្វីដើម្បីពួកគេមុន។ លោក
Walters ធ្វើការនៅធនាគារមួយ
ត្រូវបានថ្នាក់លើបានចាត់ឲទៅពិនិត្យដោយសម្ងាត់មើលហាងមួយនោះ
គួរឲ្យធនាគារទុកចិត្តដែរឬទេ។ លោកបានទៅសួរសុខទុក្ខ
នាយកក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់មួយផ្សេងទៀត
ដើម្បីឲលោកជួយផ្តល់ឯកសារខ្លះអំពីហាងមួយនោះ។ នាយកក្រុមហ៊ុន
ឆ្លើយតបដោយវិធីមួយមិនច្បាស់
បែបញញើតញញើមហាក់ដូចជាមិនចង់ឲ្យជាប់វាក់វិន។
ការជួបគ្នានេះទៅជាឥតប្រយោជន៍។
លោក Walters អស់សង្ឃឹមមិនដឹងធ្វើយ៉ាងណា។
ស្រាប់តែលោកបានឮលេខាម្នាក់និយាយថា
ថ្ងៃនេះគាត់រកមិនបានកុកថ្មីមួយក្បាលសោះ។
ការពិតនាយកក្រុមហ៊ុននេះ កំពុងស្រាវជ្រាវរក"កុក"
ឲកូនប្រុសរបស់គាត់អាយុ១២ឆ្នាំ។
ថ្ងៃក្រោយមកពេល លោក Walters
បានត្រឡប់មកជួបលោកនាយកក្រុមហ៊ុនម្តងទៀត
សរសេរលើក្រដាសតូចមួយថា មាន"កុក" ចម្លែកផ្ញើជូនកូនលោក
ហើយប្រើឲគេយកមក...។ លើកនេះត្រូវបានទទួលយ៉ាងរាក់ទាក់បំផុត
នាយកក្រុមហ៊ុនចាប់ដៃលោកដូចជាបេក្ខជនតំណាងរាស្រ្ត
ចាប់ដៃជាមួយអ្នកបោះឆ្នោតអញ្ចឹង។ នាយកក្រុមហ៊ុន មុខស្រស់ដូចផ្កា
បើកមើល"កុក" ចុះឡើងញឹកញាប់ ហើយថែមទាំងរំលឹកដល់កូនគាត់ថា
"អា George កូនខ្ញុំច្បាស់ជាងប់ងល់នឹងសត្វកុកនេះជាពុំខាន!"។
លោក Walters រៀបរាប់ឡើងវិញថា "ក្នុងរយៈពេលកន្លះម៉ោង
យើងនិយាយតែពីរឿងកុក ហើយសំឡឹងមើល ផ្ទាំងរូបថត George។
ហើយមិនចាំឲខ្ញុំសួរ នាយកក្រុមហ៊ុននោះ ចំណាយពេលមួយម៉ោងទៀត
ឲខ្ញុំដឹងពីឯកសារទាំងអស់ដែលខ្ញុំចង់បាន។
គ្មានប្រការអ្វីដែលគាត់ដឹងហើយមិនប្រាប់ខ្ញុំទេ
ហើយថែមទាំងហៅជំនួយការមកសួរថែមទៀត..."។
២. ញញឹមៈ ពេលញញឹមជាមួយនរណាម្នាក់
ប្រៀបបីដូចជានិយាយជាមួយអ្នកនោះថា "ខ្ញុំស្រឡាញ់អ្នក...
បានជួបអ្នកខ្ញុំសប្បាយចិត្តណាស់..."។
ស្នាមញញឹមដែលផុសចេញពីចិត្តស្មោះ ធ្វើឲធូរស្បើយអាំរម្មណ៍។
ញញឹមជាការងារមួយមិនបាច់ចុះទុនតែចំណេញច្រើនបំផុត។
ស្នាមញញឹមបង្កើតឲមានសុភមង្គល។
បើអ្នកចង់ឲគេស្រឡាញ់រាប់អានសូមចាំគោលការណ៍នេះទុក
"រក្សាស្នាមញញឹមជាប់បបូរមាត់ជានិច្ច..."។
លទ្ធផលនៃការញញឹមៈ លោក Steinhardt សរសេរក្នុងសំបុត្ររបស់គាត់ថា
"ខ្ញុំបានរៀបការ១៨ឆ្នាំហើយ ហើយក្នុងរយៈកាលនោះ
ខ្ញុំកម្រញញឹមសើចជាមួយប្រពន្ធខ្ញុំណាស់។
តាំងពីព្រឹមក្រោកពីដំណេករហូតដល់ធ្វើការ
ខ្ញុំនិយាយជាមួយប្រពន្ធខ្ញុំមិនលើសពី១២ម៉ាត់ទេ។
ខ្ញុំជាមនុស្សដែលក្រម៉ែក្រម៉ូវពិបាកទ្រាំបំផុត។
ក្រោយមកខ្ញុំស្តាប់តាមដំបូន្មានដោយប្រែក្លាយខ្លួនជាមនុស្សញញឹម
ខ្ញុំសើចពេញមួយសប្តាហ៍ ។ នៅពេលព្រលឹមលុបលាងមុខ
ខ្ញុំមើលក្នុងកញ្ចក់ហើយក្រើនរំលឹកខ្លួនឯងថា
ត្រូវបោះបង់ទឹកមុខក្រញ៉ូវដូចខ្មោចចេញ
ហើយប្តេជ្ញាចិត្តញញឹមជានិច្ច។
ក្នុងពេលស្រស់ស្រូបអាហារពេលព្រឹកខ្ញុំរួសរាយគោរពប្រពន្ធខ្ញុំ។
ប្រពន្ធខ្ញុំងឿងណាស់។ ខ្ញុំរក្សាដូច្នេះរយៈពេល២ខែ
ហើយរកឃើញសុភមង្គលក្នុងគ្រួសារដ៏ច្រើន
គឺច្រើនជាងរយៈកាលមួយឆ្នាំកន្លងទៅទៀត។"
៣. ចងចាំនិងនិយាយឈ្មោះរបស់គេៈ លោក Jim Farely
អាចហៅឈ្មោះបាន ៥ម៉ឺននាក់។ ដោយស្មារតីចងចាំដ៏អស្ចារ្យនេះ
លោកបានជួយឃោសនា ឲ្យលោក Franklin D.Roosevelt
ជាប់ឆ្នោតឡើងធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក។
វិធីលោកសាមញ្ញណាស់។ រាល់លើកពេលលោករាប់អានជាមួយនរណាម្នាក់
លោកសួរឈ្មោះនិងត្រកូលអ្នកនោះ និងវិធីសរសេរឲ្យត្រឹមត្រូវ។
លោករិះរកវិធីយល់ដឹងនិងចំណាំឲ្យបានច្បាស់ពីគ្រួសារ មុខរបរ
និងនិន្នាការនយោបាយរបស់អ្នកនោះ
កត់ត្រាទុកហើយលើកក្រោយជួបគ្នាវិញ ទោះបីអស់កាលមួយឆ្នាំក៏ដោយ
ក៏លោកអាចទះស្មាអ្នកនោះ
ហើយសួរសុខទុក្ខពីប្រពន្ធកូនរហូតដល់ដើមឈើមួយចំនួនក្នុងចំការ
អ្នកនោះទៀត...!។ អញ្ចឹងហើយ
ទើបទៅដល់ទីណាក៏លោកមានមិត្តស្និទ្ធស្នាល
អត់មានអ្វីប្លែកនោះទេ។
គេសម្គាល់ឃើញថា
លោកមានសៀវភៅមួយកត់ត្រាឈ្មោះអ្នកទាំងនោះរាប់ពាន់អ្នក។
ហើយអ្នកម្ចាស់សន្លឹកឆ្នោតម្នាក់ៗសុទ្ធតែងឿងឆ្ងល់ដោយទទួលបាន
សំបុត្រមួយច្បាប់ពីលោកចារថា "មិត្ត Bill ជាទីស្នេហា" "មិត្ត
Joe ជាទីស្នេហា" ... ហើយចុះហត្ថលេខា "Jim"។ លោក Jim
យល់ថាមនុស្សទូទៅសុទ្ធតែឃើញថាឈ្មោះខ្លួនទន់ភ្លន់ជាងឈ្មោះអ្នក
ឯទៀត។ ចាំឈ្មោះអ្នកនោះហើយទម្លាប់អានឲ្យងាយស្រួលនិងទន់ភ្លន់
(ឈ្មោះអ្នកខ្លះពិបាកអាន ពិបាកសរសេរ)
ធ្វើបែបនេះគឺសរសើរអ្នកនោះដោយអាថ៌កំបាំង និងដោយវិធីប៉ិនប្រសប់។
មនុស្សយើងចាត់ទុកឈ្មោះនិងត្រកូលរបស់ខ្លួនជាសំខាន់ណាស់
ម៉្លោះហើយ
គេខិតខំរិះរកគ្រប់វិធីដើម្បីស្នងបន្តវាឲ្យជំនាន់ក្រោយនិង
ឆ្ងាយទៅទៀត...។
"ត្រូវចាំទុកថា ឈ្មោះមនុស្សម្នាក់ៗ ជាសំឡេងមួយយ៉ាងសំខាន់ និងស្រួលស្តាប់ជាងសំឡេងឯទៀត"។
៤. យកចិត្តទុកដាក់ស្តាប់គេនិយាយៈ យកចិត្តទុក
ដាក់ស្តាប់មនុស្សម្នាក់និយាយ
មិនខុសប្លែកអ្វីពីការលើកសរសើរគេដោយស្មោះឡើយ។
អ្នកអក្សរសាស្រ្តម្នាក់និយាយថា"ជក់ចិត្តស្តាប់សំដីរបស់មនុស្ស
ម្នាក់ គឺគោរពលើកតម្កើងគេ
ហើយកម្រមានមនុស្សណាមិនរំភើបចំពោះមុខការគោរពលើកតម្កើងនោះ
ណាស់"។ សូមមិត្តទាំងឡាយស្តាប់រឿងដែលលោក J.C Wooton
(សិស្សម្នាក់របស់ Dale Carnegie) និយាយៈ
គាត់ទិញសម្លៀកបំពាក់មួយសម្រាប់នៅផ្សារទំនើបមួយ។
មកផ្ទះស្លៀកពាក់មិនបានប៉ុន្មានដង
លោកធុញថប់យ៉ាងខ្លាំងពីព្រោះឃើញអាវចេញពណ៌
ហើយធ្វើឲ្យកអាវសឺមីឡើងខ្មៅ។
លោកយកសម្លៀកបំពាក់មួយសម្រាប់នេះ
ត្រឡប់មកហាងត្អូញត្អែរដាក់បុគ្គលិកលក់ខោអាវឲ្យគាត់។
គាត់មកមិនត្រឹមតែចង់ត្អូញត្អែរប៉ុណ្ណោះទេ
ប៉ុន្តែចង់ពន្យល់ឲ្យអ្នកលក់ទំនិញស្តាប់។
អ្នកលក់នោះមិនទាន់ទាំងស្តាប់គាត់ចប់ស្រួលបួលផងក៏កាត់
សំដីគាត់ថា "យើងខ្ញុំបានលក់របស់ប្រភេទនេះរាប់ពាន់សម្រាប់
ប៉ុន្តែមិនដែលមាននរណារអ៊ូរទាំអ្វីទាំងអស់..."។ សំដីបែបនេះ
បូករួមទាំងសំឡេងនោះ ក៏កាន់តែអាក្រក់ទៅទៀត...
គឺដូចជាចង់ប្រាប់ថា "លោកនិយាយកុហក លោកអើយ!
ខ្ញុំដឹងដល់ជម្រៅចិត្តលោកហើយ!..."។
ស្តាប់ឮការឈ្លោះប្រកែកគ្នា អ្នកលក់ម្នាក់ទៀតរត់ចូលមក
ហើយនិយាយថា
"ខោអាវពណ៌ខ្មៅទាំងអស់នៅពេលដំបូងក៏ចេញពណ៌បន្តិចដូច្នេះ
មិនអាចជៀសផុតទេ
ជាពិសេសគឺសម្លៀកបំពាក់មួយចំនួនដែលមានតម្លៃប៉ុណ្ណឹង...
មកពីថ្នាំជ្រលក់ដូច្នេះ"។
លោក Wooton ខឹងឆួលឡើង។ អ្នកលក់ទី១ មានគំនិតថា គាត់ភូតកុហក
អ្នកទី២ចង់ពេបជ្រាយថាគាត់ទិញរបស់អន់តម្លៃថោក...
គាត់ខឹងស្ទើរតែគ្រវែងរបស់លើក្បាលពួកគេនោះ។
ចៃដន្យម្ចាស់ហាងមកដល់ ជននោះពិតជាប៉ិនប្រសប់ក្នុងមុខរបរ
ធ្វើឲ្យអតិថិជនម្នាក់ដែលកំពុងខឹងខ្លាំងបែរជាសប្បាយចិត្ត។
តើគាត់ធ្វើយ៉ាងណា...?
មុនដំបូងៈ គាត់ស្តាប់រឿងរ៉ាវ លោក Wooton ពីដើមដល់ចប់មិនស្រដីមួយម៉ាត់។
ក្រោយមកពេលលោកឈប់និយាយ
ម្ចាស់ហាងស្តាប់ហេតុផលរបស់អ្នកលក់ទំនិញទាំងពីរ។
ម្ចាស់ហាងបដិសេធ ហេតុផលអ្នកលក់ទំនិញទាំងពីរនាក់នោះ
ហើយមិនត្រឹមតែទទួលស្គាល់ថា
ការពិតអាវក្រៅមានចេញពណ៌ធ្វើឲ្យប្រឡាក់អាវសឺមីប៉ុណ្ណោះទេ
ថែមទាំងរំលឹកឡើងវិញទៀតថា គ្រប់មុខទំនិញដែលលក់នៅហាងនោះ
ត្រូវធ្វើឲ្យអតិថិជនត្រឡប់ទៅផ្ទះពេញចិត្តទាំងស្រុង។
ចុងបញ្ចប់ គាត់ទទួលស្គាល់ថា មិនដឹងមកពីហេតុអ្វីទេ
បានជាចេញពណ៌ដូច្នេះ ហើយគាត់ប្រាប់ត្រង់ៗថា "សូមលោក (Wooton)
ប្រាប់មកថាឲ្យខ្ញុំធ្វើយ៉ាងណា
ហើយខ្ញុំនឹងប្រតិបត្តិតាមបញ្ជាលោក"។
កំហឹងរបស់លោក Wooton ហាក់រសាយអស់ លោកឆ្លើយតបនឹងម្ចាស់ហាងថា
"ខ្ញុំគ្រាន់តែចង់មកសួរយោបល់លោកប៉ុណ្ណោះ។
ខ្ញុំចង់ដឹងថាថ្ងៃក្រោយវានៅចេញពណ៌ទៀតទេ
ហើយធ្វើយ៉ាងណាឲ្យវាលែងចេញពណ៌...?"។
ម្ចាស់ហាងឲ្យលោក Wooton
យកទៅផ្ទះសាកល្បងស្លៀកពាក់មួយសប្តាហ៍ទៀត។
បើសិនជាដល់ពេលនោះនៅតែមិនពេញចិត្តទៀត សូមយកមកដូរវិញ។
ហើយគាត់សោកស្តាយ ចំពោះហេតុការណ៍នេះណាស់។
លោក Wooton ត្រឡប់មកវិញ សប្បាយរីករាយ។ មួយសប្តាហ៍ក្រោយអាវនោះ
ពិតជាលែងចេញពណ៌មែន
ហើយតាំងពីពេលនោះមកលោកទុកចិត្តផ្សារទំនើបនោះទាំងស្រុង។
គួរចងចាំថា
អ្នកនិយាយជាមួយយើងយកចិត្តទុកដាក់ដល់បញ្ហារបស់ពួកគេ១០០ដង
ប៉ុន្តែគ្រាន់តែយកចិត្តទុកដាក់ដល់បញ្ហារបស់យើង១ដងតែប៉ុណ្ណោះ។
ដូច្នេះបើចង់ឲ្យគេស្រឡាញ់ត្រូវប្រតិបត្តិតាមគោលការណ៍នេះ
ចេះយកចិត្តទុកដាក់ស្តាប់ និងលើកទឹកចិត្តអ្នកដែលនិយាយអំពីខ្លួនរបស់ពួកគេ។
Lincoln មិនបានត្រូវការមនុស្សណាម្នាក់ជួយដាស់តឿនទេ
លោកគ្រាន់តែចង់ឲ្យមានមិត្តស្និទ្ធស្នាលម្នាក់ស្តាប់លោកនិយាយ
ហើយយល់ចិត្តលោក បានបញ្ចេញនូវមនោសញ្ចេតនា
អាថ៌កំបាំងរបស់លោកតែប៉ុណ្ណោះ។ យើងទាំងអស់គ្នាមិនមែនដូច្នេះឬ?
ហើយអតិថិជនដែលខឹងមួម៉ៅ អ្នកធ្វើការមិនសប្បាយចិត្ត
មិត្តភក្តិអាក់អន់ចិត្តគ្នា...
សុទ្ធតែចង់រកមនុស្សម្នាក់ជិតស្និទ្ធដើម្បីត្អូញត្អែរប្រាប់តែ
ប៉ុណ្ណោះ។
៥. និយាយជាមួយពួកគេនូវរឿងដែលពួកគេចូលចិត្តៈ អ្នក
ណាម្នាក់ បើបានជួបលោកប្រធានាធិបតី Théodore Roosevelt
សុទ្ធតែងឿងឆ្ងល់ពីការដឹងច្រើននិងការយល់ទូលាយរបស់លោក។
លោកដឹងពីវិធីសួរនាំមនុស្សគ្រប់ប្រភេទៈ គង្វាលគោ អ្នកជិះសេះ
អ្នកនយោបាយ ឬអ្នកការទូត។ រូបមន្តសាមញ្ញរបស់លោកគឺ
នៅពេលដែលត្រូវទទួលភ្ញៀវម្នាក់នោះ គឺមួយយប់មុន
លោកបានសិក្សាស្រាវជ្រាវរឿងដែលភ្ញៀវម្នាក់នោះចូលចិត្តនិយាយ
ដល់អ្វីជាងគេ ដើម្បីបានបំពេញបំណងគេ។
ក៏ដូចជាអ្នកដឹកនាំមហាជនទូទៅដែរ លោកដឹងថា
វិធីស័ក្តិសិទ្ធបំផុត
ដើម្បីយកចិត្តគេគឺពិភាក្សាដល់បញ្ហាដែលអ្នកនោះ
"តែងតែរក្សាទុកក្នុងចិត្ត"។
ខ្ញុំសូមណែនាំ លោកអ្នក មកពិនិត្យមើលករណីរបស់លោក Henry G.
Duvernoy ជាអ្នកផលិតនំប៉័ងដ៏ធំម្នាក់នៅ New York។
អស់រយៈពេល៤ឆ្នាំមកហើយ
លោករិះរកវិធីលក់នំប៉័ងឲ្យសណ្ឋាគារមួយនៅ New York ។
មួយសប្តាហ៍ម្តងលោកតែងទៅសួរសុខទុក្ខម្ចាស់សណ្ឋាគារ
ដើម្បីបញ្ចុះបញ្ចូល។ តែមិនទទួលបានផលអ្វីសោះ។ ក្រោយមក
លោកព្យាយាមស្រាវជ្រាវដឹងថាម្ចាស់សណ្ឋាគារនោះជាប្រធានសហព័ន្ធ
ទេសចរណ៍សណ្ឋាគារ
ហើយគាត់ចាត់ទុកកិច្ចការសហព័ន្ធនេះដូចជាជិវិតរបស់គាត់។
ពេលជួបម្ចាស់សណ្ឋាគារលើកក្រោយ លោក Duvernoy
និយាយភ្លាមដល់រឿងសហព័ន្ធ។ ហើយមិត្តទាំងឡាយអើយ!...
ល្អូកល្អឺនដល់កម្រិតណាទៅ!...
ម្ចាស់សណ្ឋាគារនិយាយដោយស្រស់បស់អស់កាលកន្លះម៉ោង
ស្តីពីអង្គការចាត់តាំងទាំងនោះ។
មុនពេលបែកគ្នាគាត់ឲ្យបណ្ណសមាជិកមួយសន្លឹកទៅលោក Duvernoy។
លោកមិនបាននិយាយដល់ការលក់នំរបស់លោកទេ។ ប៉ុន្មានថ្ងៃក្រោយមក
អ្នកគ្រប់គ្រងសណ្ឋាគារទូរស័ព្ទមកលោក
ឲ្យយកគម្រូនំប៉័ងមកដើម្បីគិតគូរតម្លៃ។
អ្នកគ្រប់គ្រងរូបនោះនិយាយថា "មិនដឹងលោកបានធ្វើអ្វី
ទើបម្ចាស់ខ្ញុំចូលចិត្តលោករហូតដល់អង្គុយនៅត្រង់ណាក៏និយាយតែ
អំពីលោកប៉ុណ្ណោះ"។
៦. ជានិច្ចកាលត្រូវធ្វើឲ្យគេយល់ឃើញពីប្រការសំខាន់របស់ខ្លួនគេផ្ទាល់ៈ លោកសាស្រ្តាចារ្យ John Dewey បានចាត់ទុកថា
"ចិត្តចង់ឲ្យអ្នកដទៃចាត់ទុកខ្លួនថ្លៃថ្នូរជាបំណងប្រាថ្នាធំ
បំផុតរបស់មនុស្សលោក
គឺបំណងប្រាថ្នានេះហើយដែលបង្ហាញឲ្យឃើញថាមនុស្សខុសប្លែកពីសត្វ
"។ អស់រាប់សិបសតវត្សរ៍មកហើយ
ទស្សនវិទូនិងសាសនាទាំងឡាយតែងអប់រំថា
"ចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនយ៉ាងណា
ត្រូវប្រព្រឹត្តចំពោះគេដូច្នេះ។ ចង់ទទួលពីគេនូវវត្ថុអ្វី
ត្រូវឲ្យគេនូវវត្ថុនោះ"។ សូមចងចាំពាក្យរបស់លោក Emerson
ថា"បុគ្គលម្នាក់ៗ សុទ្ធតែមានចំនុចគ្រាន់បើជាងខ្ញុំ
ម៉្លោះហើយនៅជិតពួកគេ ខ្ញុំរៀនសូត្រពីគេបាន"។
អ្នកស្រី Dorothy Dix
អ្នកល្បីឈ្មោះដែលជំនាញពីរឿងរ៉ាវប្រចាំថ្ងៃបាននិយាយថា
"បើមិនទាន់បានរៀនពីសិល្បៈពាក្យសរសើរទេ
សូមលោកប្រុសកុំអាលមានគ្រួសារធ្វើអ្វី។
មុនពេលរៀបការជាមួយអ្នកស្រី
លោកប្រុសបានធ្វើឲ្យអ្នកស្រីសប្បាយចិត្ត នេះជាសុជីវធម៌មួយបែប។
ក្រោយពីរៀបការហើយជាការចាំបាច់
ដើម្បីធានារ៉ាប់រងដល់សុភមង្គលក្នុងគ្រួសារ
មិនត្រឹមតែស្មោះត្រង់ប៉ុណ្ណោះទេ
ថែមទាំងត្រូវមានការប៉ិនប្រសប់ទំនាក់ទំនងលួងលោមផ្អែមល្ហែម
និងសរសើរបង្កប់ក្នុងនោះទៀតផង ទើបពេញលក្ខណៈ។
មានគ្រាមួយនោះ លោកស្រីសម្ភាសន៍ជាមួយបុរសម្នាក់ដែលល្បី
ថាមានប្រពន្ធច្រើន
គាត់គ្របដណ្តប់លើបេះដូងនិងដណ្តើមទ្រព្យសម្បត្តិពាក់កណ្តាលរបស់
ស្ត្រី២៣នាក់។ នៅពេលអ្នកស្រីសួរគាត់ថា
ធ្វើដូចម្តេចទើបល្បួងលួងលោមស្រ្តីបានច្រើនដូច្នេះ? គាត់ឆ្លើយតប
"អ្នកណាដែលធ្វើមិនបាន...
នោះគឺការចេះសរសើរពួកគេឲ្យពួកគេស្តាប់ទៅណា៎..."។
ប្រការនេះ ប្រើចំពោះបុរសក៏មានលទ្ធផលគាប់ចិត្តដែរ។ Disraeli
អ្នកនយោបាយម្នាក់ដ៏ឆ្លាតវៃដែលបានក្តាប់វាសនារបស់ចក្រភព
អង់គ្លេសទាំងមូល មានពេលមួយនោះ លោកពោលថា "ជួបមនុស្សម្នាក់
ចេះតែនិយាយជាមួយគាត់អំពីរឿងរ៉ាវរបស់គាត់ទៅ
នោះគាត់នឹងស្តាប់អ្នករាប់ម៉ោង។
(ស្រង់ចេញពី សៀវភៅចិត្តសាស្ត្រអនុវត្តន៍
ដែលស្រាវជ្រាវនិងនិពន្ធរៀបរៀងដោយ ទៀ ថេន បោះពុម្ពលើកទី១
ថ្ងៃទី១៦ ខែមិនា ឆ្នាំ ២០០៦ ជាខេមរភាសានៅកម្ពុជា)
ឯកសារដើមជាភាសាអង់គ្លេស?? How To Win Friends and Influence People, by Dale Carnegie