Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, September 9, 2012

ទស្សនៈរបស់​សូក្រាត​

ទស្សនៈរបស់​សូក្រាត​ ( ៤៦៩-៣៩៩​ មុន ​គ.ស. )

សូក្រាត (Socrates) ​កើតនៅឆ្នាំ ​៤៦៩ ​មុន ​គ.ស ​ជិតក្រុងអាតែននៃប្រទេសក្រិច​​គឺកើតក្រោយសង្រាមនៅសាឡាមីន​ ១០ ​ឆ្នាំ​ ។ ​បិតារបស់គាត់ ឈ្មោះ​សូប្រូនីស៍​‌‌ ជាជាងចម្លាក់នៅក្រុងអាតែន​ មាតាឈ្មោះហ្វេណារ៉ែត​ ជាឆ្មបជួយសង្រ្គោះជីវិតមនុស្ស​មិនរើសមុខ ​។​ដូច្នេះហើយបានជាសូក្រាតតែងនិយាយថា ​«ម្តាយខ្ញុំជាឆ្មបសំរាលកូន ​ឯខ្ញុំជាឆ្មបសំរាយគំនិត​» ​។​
តាមឯកសាររបស់អារីស្តូត​បានបញ្ជាក់ថា​ សូក្រាតមានភរិយា​ឈ្មោះសង់ទីប​ និងមានកូន​ ៣ ​នាក់ ។​កូនរបស់សូក្រាត ជាជនសាមញ្ញខាងផ្លូវបញ្ញា​ និងគំនិត​គ្មានទេពកោសល្យ ដូចឪពុកឡើយ ​។ ​សូក្រាត​ជាយុវជនដ៏ឆ្នើមឯកម្នាក់ គាត់ធ្លាប់ចូលប្រយុទ្ធក្នុងឋានៈជាទាហាននៃកងពលថ្មើរជើងនៅសមរភូមិជាច្រើន​​ដូចជានៅស្រុកសាមូស​នៅទីប៉ូដេ​នៅដេលឺយុង​.....ជាដើម ​​‌៕
លក្ខណៈទូទៅរបស់សូក្រាត
លោកសូក្រាត ​​(៤៦៩-៣៩៩) ​មុន​ គ.ស បាន​ក្លាយជា​អ្នក​ទស្សនវិជ្ជាម្នាក់ដែលសំខាន់ និង​ល្បីល្បាញ នៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក​ ។ ​គាត់ត្រូវបានរដ្ឋាភិបាលក្រុងអាតែន ដែលគ្រងប្រទេសខ្លួននាពេលនោះ ​​តាមរបបប្រជាធិបតេយ្យបែបផ្ទាល់ បានចោទប្រកាន់គាត់ថា​​គាត់មិនបានគោរពដល់ព្រះរបស់ទីក្រុងនាសម័យនោះ​ ហើយនឹងបានផ្សព្វផ្សាយ នូវដំណឹងអកុសលផ្សេងៗទៀត ​ហើយថែមទាំងបានបំផ្លាញដល់អនាគតរបស់យុវជន ​។ នៅពេលនោះ​រដ្ឋាភិបាលយល់ថា ​​ផ្នែកនយោបាយ​ពុំមានទោសកំហុសអ្វីទេ​ ចំណែកឯបញ្ហាសាសនាវិញ​​ស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋ​​ ។​ លោកសូក្រាត​បានបង្រៀនថា​ «​នយោបាយ គឺជាសិល្បៈដែលទាមទារឲ្យមាននូវចំណេះដឹងជាមូលដ្ឋានដ៏ល្អ» ​ ។​ទោះជាយ៉ាងណាក៏ដោយ​ ក្នុងចំណោមនោះ​ មានប្រជាជនភាគច្រើន​រាប់បញ្ចូលទាំងអ្នកនយោបាយ​នាសម័យនោះ​​ ពុំមានចំណេះដឹងជាមូលដ្ឋានល្អនោះឡើយ​ ​ហើយជាហេតុធ្វើឲ្យពួកគេពុំអាច​ដោះស្រាយនូវបញ្ហានយោបាយបានល្អទេ​ ។ ទស្សនៈខាងលើនេះ ​​វាប្រឆាំងទៅនឹងគំនិត​ប្រជាធិបតេយ្យរបស់អាតែន ដែលត្រូវការចាំបាច់នូវសំឡេង​មនុស្សគ្រប់រូប​ត្រាប់តាមមាត់របស់​ពួកគេដូច​ៗ​​គ្នា​ ។ ​ហើយនៅពេលនោះ​​ សូក្រាត​​បានទាក់ទងនឹងពួកគណាធិបតេយ្យ​​ (Oligarchy)​​ដែលកាន់អំណាចនៅក្រុងអាតែន​​​ក្នុងកំឡុងឆ្នាំ​ ៤១១ ​មុន ​គ.ស ​ហើយឆ្នាំ​ ​៤០៤-៤០៣​ មុន ​គ.ស. ហើយកិច្ចការរបស់ពួកគណាធិតយ្យ ​(Oligarchy)​ នេះ​ត្រូវបាពួក​រាជាធិបេតយ្យ (Monarchy) នាពេលនោះ​​គិតថាមានគ្រោះថ្នាក់បំផុត​ ។ ​មួយចំនួននៃពួកនេះ​​មានពីរបីនាក់​ធ្លាប់ជាអតីតក្លើរបស់គាត់ពីមុន​ ។​ទោះជាយ៉ាងណាក៏ដោយ ​សូក្រាតយល់ថា​​ ពលរដ្ឋទាំងអស់ ​ទោះជាក្នុងករណីណាក៏ដោយ​​ត្រូវតែគោរពបង្គាប់របស់រដ្ឋ ហើយ​មិនអាចក្បត់​នឹងមនសិការនេះឡើយ​ ​។ ​គាត់បានប្រកែកដាច់ខាត​​ចំពោះការជួយរូបគាត់ឲ្យរត់ចេញពីគុក​ ​។ ​ហេតុផល​ ៣ ​យ៉ាងដែលគាត់បានផ្តល់គឺ៖​
១-កិច្ចការទំនាក់ទំនងរវាងរដ្ឋ​ ហើយនឹងពលរដ្ឋ​ គឺវាមិនដូចគ្នា​ទៅនឹងទំនាក់ទំនងរវាងឪពុកម្តាយ​ហើយ​នឹងកូនទេ​ គឺថា​រដ្ឋជំពាក់គុណពលរដ្ឋ​ ព្រោះថាពលរដ្ឋ ​ជាឪពុកម្តាយរបស់រដ្ឋ​ ។
២-ក្នុងនាមសូក្រាត​ ជាអ្នកគោរពច្បាប់​ម្នាក់​ ហើយគាត់ជាពលរដ្ឋអាតែន​គាត់បានទទួលនូវការទំនុកបំ​រុងនានា​​ដើម្បីទ្រទ្រង់ជិវិតរបស់គាត់​ ដូច្នេះគាត់បានចុះហត្ថលេខាជាមួយអាតែនថា ​គាត់ត្រូវតែគោរព​ច្បាប់​អាតែន ​។
៣-ការរំលោភលើច្បាប់រដ្ឋ​ ហើយប្រសិនបើអ្នកគ្រប់គ្រងគិតថា​ ត្រឹមត្រូវនោះ​លទ្ធិផលបានមកវិញគឺ​ប្រកបដោយគ្រោះថ្នាក់បំផុត​ ក្នុងការវិនិច្ឆ័យតាមគតិយុត្តបែបនេះ​ ។
លក្ខណៈសំខាន់ៗមួយចំនួនទៀត
សូក្រាត ​ត្រូវបានជនជាតិក្រិចទាំងអស់ប្រសិទ្ធិនាមថា ជាបិតាទស្សនៈវិជ្ជា​និងជាបិតាវិទ្យាសាស្រ្តនយោបាយ​ ។ ​​ប្រជាជនអាតែននាពេលនោះ​ ទទួលស្គាល់គាត់ថា ជាវាគ្មិន​​ពូកែនិយាយ​ពូកែសួរ ​ពូកែឆ្លើយ​ ទីណាមានសូក្រាត​ ទីនោះមានមនុស្សរោមជុំវិញ​ ។ ​កិច្ចការ​របស់គាត់​គឺស្វែងរកការពិតមានសុភវិនិច្ឆ័យសមហេតុផល​មានតំលៃ​មានសុជីវធម៌​ សីលធម៌​ ដែលកត្តាទាំងនេះ​ជាលក្ខណៈរបស់រដ្ឋ​ និងច្បាប់​ ។ ​បើមានការភិក្សាស្តីអំពីសីលធម៌​នយោបាយ​គាត់បានពន្យល់ច្បាស់លាស់​និងមានលក្ខណៈនិយមន័យ​ ​។​ លោកបានលើកពីលក្ខណៈខុសគ្នា​រវាងសិទ្ធិពិត ​និងច្បាប់រដ្ឋ ​ឃើញថា​ចំនុចទាំងពីរនេះ​មានប្រភពចេញអំពី ​Intellect​or Reason ​ទាំងអស់ជាដំបូង​ ។ ​គាត់បានព្យាយាមធ្វើការបកស្រាយឆ្លុះបញ្ចាំងពីការរៀបចំប្រមូល​ផ្តុំនូវលក្ខណៈធម្មជាតិ​ Intellect​ ដែលជាប្រភពមានសុជីវធម៌នៃនយោបាយ​ និងនៃបាតុភូត​​ផ្សេងៗ​របស់ច្បាប់​ ។ ​ដូច្នេះគាត់បានចេញនូវសេចក្តីសន្និដ្ឋានថា ​​​​​​Intellect យុត្តិធម៌​ និងច្បាប់វាជាសទិសន័យនឹងគ្នា​ ។ ​សូក្រាត ជាមនុស្សម្នាក់​ដែលគោរពច្បាប់បំផុត​ ​ព្រោះច្បាប់ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប​ ​ហើយពលរដ្ឋ​ត្រូវតែទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួន​ ។​ម្យ៉ាងទៀត ​ការបង្ហាញឲ្យឃើញនូវភាពត្រឹមត្រូវ​មួយទៀត​ អំពីច្បាប់​ និងយុត្តិធម៌ គុណធម៌​ព្រមទាំងអំពើល្អដែលផ្តល់ផលប្រយោជន៍ទាំងអស់នេះ អាចចាត់ទុកក្នុងចង្កោមដែលមានមូលដ្ឋានពីចំណេះដឹង​ និងការអប់រំល្អ​ ។​ទស្សនៈខុសគ្នា​អំពីសុជីវធម៌​ច្បាប់​នយោបាយ ​ហើយនឹងការអនុវត្តន៍ជាក់ស្តែង​របស់រដ្ឋាភិបាល ហើយមិនមែននៅតែក្នុងរបបប្រជាធិបតេយ្យ (Democracy) ប៉ុណ្ណោះទេ ​សូម្បីតែនៅក្នុងរបបគណា​ធិបតេយ្យ ​(Oligarchy) ​របបទុជនាធិបតេយ្យ (Tyranny) អភិជនាធិបតេយ្យ​​ (Aristocracy)​ ផងដែរ ​។​សូក្រាត បានតិះទៀន នូវរាល់កំហុសទាំងឡាយរបស់រដ្ឋ​ដែលគ្មានភាពសច្ចៈ​​បង្ហាញពីហេតុផលឲ្យបានច្បាស់លាស់ឡើយ​ ។​ ចំណេកឯទស្សនៈទ្រឹស្តី​នយោបាយវិញ​ការបកស្រាយរបស់សូក្រាត​ពុំមានលក្ខណៈដូចទៅ​ នឹងការបកស្រាយរបស់អ្នក​បា្រជ្ញដទៃឡើយ​ ។​​​រដ្ឋដែលរីកចម្រើន ​គឺដោយសារច្បាប់ដឹកនាំ​ ។​គាត់បានឲ្យតំលៃយ៉ាងខ្លាំងរបស់ពួក​អភិជនាធិបតេយ្យ​ (Aristocracy) ហើយបដិសេធនូវការដឹកនាំបែបប្រជាធិបតេយ្យជ្រុល ដែលជាកត្តាធ្វើឲ្យប្រទេសជាតិជួបនូវវិបត្តិជាច្រើន​រហូតរលាយ​ដល់រដ្ឋាភិបាលនោះតែម្តង​ ​ សូក្រាត​ឃើញភាពអសមត្ថភាពរបស់មេដឹកនាំប្រជាធិបតេយ្យ​នាសម័យនោះ​។​ អ្នកដឹកនាំត្រូវតែមាននូវចំណេះដឹង​យល់ដឹងច្រើន​ហើយការទាមទារនេះ​ គឺគំនិតចំបងរបស់សូក្រាតស្តីអំពីសុភវិនិច្ឆ័យរបស់រដ្ឋាភិបាល​ និងសិទ្ធិជាកត្តាចាំបាច់ដំបូង​ដែលមានការពាក់ព័ន្ធចាំបាច់ទៅគ្រប់ទម្រង់​ គ្រប់គ្រងនយោបាយទាំងអស់ស្តេចទាំងឡាយ​និងអ្នកដឹកនាំទាំងឡាយ​ ត្រូវមានលក្ខណៈចាំបាច់ជាច្រើនដូចខាងលើ​មិនមែនសំដៅទៅលើតែ​មនុស្សពាក់ម្កុដ​ និងគ្រឿងអលង្ការពេញខ្លួន ​ឬ​មិនមែនសំដៅទៅលើតែមនុស្សដែលគេជ្រើស​រើសដោយសារមានទ្រព្យសម្បត្តិច្រើន​ឬ​ប្ញកពាខ្ពស់សមរម្យ​ ឬមិនមែនសំដៅទៅលើមនុស្សដែលបានអំណាចដោយសារកម្លាំងអាវុធ​ និងអំពើហិង្សា​ពូកែភូតភរនោះទេ ​ក៏ប៉ុន្តែចាំបាច់ត្រូវការអ្នកមានសមត្ថភាពដឹកនាំ​និងគ្រប់គ្រង​ ។ ​ ការតិះទៀនគំនិត​នយោបាយស្តីអំពីចំណេះដឹងក្នុងការដឹកនាំដែលត្រូវមាននោះ​ បានងាកចេញឆ្ងាយអំពីគោលការណ៍នានារបស់ប្រជាធិបតេយ្យ​ពួកគហបតី​របស់ពួកអេលីត​​ និងរបស់ពួកផ្តាច់ការ​ ។ ​សូក្រាតតិះទៀន​របបផ្តាច់ការខ្លាំងជាងគេបំផុត​ ។

ក្នុងគំរោងនៃគំនិតនយោបាយរបស់សូក្រាត បានបង្ហាញ នូវភាពមានសមត្ថភាព ក្នុងការដឹកនាំ​ ចេះវិធីសាស្រ្ត​ និងចំណេះដឹង ​ដែលចាំបាច់សម្រាប់ដឹកនាំ​ ពោលគឺគោលការណ៍សំខាន់ៗ ​​ទាំងអស់នៃសមត្ថភាព នៃការគ្រប់គ្រង​មិនតែប៉ុណ្ណោះ ​នៅក្នុងគំរោងគំនិតនយោបាយ​ បានព្យាយាម​ពន្យល់ទ្រឹស្តីខ្លះ​ និងបង្កើតនូវមូលដ្ឋាន នៃសុជីវវិនិច្ឆ័យ​ ហើយនឹងខ្លឹមសាររបស់រដ្ឋ​ ។ ដោយមានជំនឿជឿជាក់លើគំនិតនិងចំណេះដឹងរបស់ខ្លួន​ ​ស្គាល់ច្បាស់ថាអ្វីជាយុត្តិធម៌​ជាច្បាប់ ​ហើយនឹងធ្វើជាគំនិត​សុភវិនិច្ឆ័យ ​ក្នុងការដឹកនាំគ្រប់គ្រង ​ចំណែកសូក្រាតជាច្រើនលើក​ច្រើនសារ ​ធ្លាប់បានប្រឈមមុខគ្នា ជាមួយរដ្ឋអំណាច (ដូចរដ្ឋអំណាចប្រជាធិបតេយ្យ បែបផ្ទាល់​ និងរដ្ឋអំណាចផ្តាច់ការ) ក្នុងគោលបំណងព្យាយាមបញ្ចូល នូវឥទ្ធិពល​ទៅលើគូបដិបក្ស ​និងបញ្ចូលនូវនយោបាយ​តិះទៀន ដ៏ល្បីល្បាញរបស់គាត់​​ ។​ ក៏ប៉ុន្តែ​​ចុងបញ្ចប់​សូក្រាត​ត្រូវតែផឹកថ្នាំពិស​ ។​ ការកាត់ទោសសូក្រាត​ ដោយមេដឹកនាំក្រុងអាតែន​ ដែលកាន់របបប្រជាធិបតេយ្យ ​ដោយបានចោទប្រកាន់ថា​គាត់មិនជឿព្រះ​ មិនគោរពច្បាប់ ​​និងបំផ្លាញអនាគតយុវជន ​។ ​ការកាត់ទោសប្រហារជីវិត ​ពុំបានធ្វើឲ្យសូក្រាតតក់ស្លុតឡើយ ​ផ្ទុយទៅវិញ​ គាត់នៅតែមានជំនឿទៅលើគោលការណ៍របស់គាត់​ មិនរំលោភច្បាប់​ មិនធ្វើអ្វីដែល​ឆ្លើយតប​នឹងភាពគ្មានយុត្តិធម៌​ ដោយអំពើអយុត្តិធម៌ឡើយ ​ហើយគាត់បានបដិសេធ ចំពោះការជួយគាត់ឲ្យរត់ចេញពីគុក​ ។ ​មរណៈភាពរបស់សូក្រាត​​បានលេចឡើងនូវចំណោទ​ជាច្រើន រាប់មិនអស់ ស្តីអំពីការគំរាមគំហែងដល់បញ្ញាវន្ត​ ដែលកំពុងតែចូលរួមក្នុងកិច្ចការនយោបាយ​​ ។​​ ទ្រឹស្តីរបស់សូក្រាត ​ ជិវិតរបស់គាត់ ​និងមរណៈភាពរបស់គាត់​ បានធ្វើឲ្យមានការចាប់អារម្មណ៍​ជាខ្លាំងផងដែរ​ មកលើអ្នកបា្រជ្ញដែលទទួលស្គាល់ស្នាដៃ​ និងគំនិតរបស់គាត់​ជំនាន់ក្រោយ​ៗ​ ​ថែមទាំងបានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើទំព័រប្រវត្តិទស្សនវិជ្ជា ​និងគំនិតនយោបាយ​ ។​ ឥទ្ធិពល​សូក្រាត​បានសម្តែងឡើងនូវជ័យជំនះដ៏ធំធេងរបស់គាត់​ ក៏ដូចជារបស់ប្រជាជន​ក្រិចទាំងមូល ​​ស្តីអំពីគំនិតនយោបាយ​ និងច្បាប់​ដូចជាទស្សនៈនយោបាយរបស់ ផ្លាតូ ​ហើយនឹងនយោបាយ​វិទ្យារបស់លោក ​អារីស្តូត​​ ៕
វិធីសាស្រ្តបង្រៀនរបស់សូក្រាត
សូក្រាត ​មានវិធីបង្រៀនពីរយ៉ាង​គឺ សិល្បៈបង្កើតគំនិត​ និងការចំអក ​។​ សូក្រាត ប្រើវិធីបង្កើតគំនិត ចំពោះមនុស្សសាមញ្ញ​ ដែលមិនចេះអួតអាង​ ហើយដឹងថាខ្លួនគ្មាន​ចេះអ្វីសោះ​ ។ ​សូក្រាត ​ប្រើវិធីចំអកចំពោះពួកសូហ្វីស​ (ពួកទស្សនវិជ្ជាមួយក្រុម ​​ដែលប្រឆាំងនឹងទស្សនវិជ្ជារបស់សូក្រាត​) ពួកនេះ​អួតអាងមានជំនឿថា​ ខ្លួនមានចំណេះជាសកល​​  ។​ ឃ្លាចំបងរបស់សូក្រាត​ស្តីពីទស្សនវិជ្ជាគឺ  ​«ខ្ញុំដឹងតែមួយមុខគត់​ គឺគ្មានចេះអ្វីសោះ​» ​‌ ៕
ទស្សនវិជ្ជារបស់សូក្រាត
ទស្សនវិជ្ជារបស់សូក្រាតគឺ៖
-ត្រូវយល់ពីដំណើរប្រព្រឹត្តទៅនៃធម្មជាតិ​។
-ត្រូវយល់អ្វីដែលនៅជិតយើង​មុននឹងយល់អ្វីដែលនៅឆ្ងាយពីយើង‌‍‌‌‌‌‌‌។
-ត្រូវស្គាល់ខ្លួនឯងដោយខ្លួនឯង​​‌។
-ត្រូវដុះខាត់ព្រលឹង(ចិត្ត)​ឲ្យបានប្រសើរជាងដុះខាត់សរីរៈ‌​‌។
-ត្រូវនិយមប្រើពាក្យថា​«ខ្ញុំមិនចេះអ្វីសោះ»​‌
-ត្រូវជជែកគ្នា‌‌ដើម្បីរកការពិត​ព្រោះការជជែក‌‌​ជាវិធីបង្កើតគំនិត​‌។
-លទ្ធផលដែលល្អ‌‌‌‌‌‌‌‌‌‌​ជាលទ្ធផលដែលបានទទួលការរិះគន់រួចហើយ​‌។
សូក្រាតពោលថា‌​ «ពុំមានអ្នកណាម្នាក់​ កាចដោយចេតនាទេ​ ។ ​មនុស្សម្នាក់ៗ‌ សុទ្ធតែមានបំណងល្អ​ តែបើប្រែជាអាក្រក់វិញ​ គឺពិតជាមានបុព្វហេតុ​ ដូចជាបុព្វហេតុផ្ទាល់ខ្លួន ឬក្រៅខ្លួន» ‌តែចំពោះបា្លតុងវិញ​យល់ថា​ «មនុស្សកើតមកមានអាកប្បកិរិយាខុសៗ គ្នា​ ខ្លះល្អ ​ខ្លះអាក្រក់ ​ ខ្លះស្លូត ​ខ្លះកាច​តាមនិស័យពីធម្មជាតិ»​ ក្នុងតំលៃសីលធម៌​ សូក្រាត ចេញមុខប្រឆាំង នឹងពួកសូហ្វីស ជាពួកពូកែអួត ​ដែលចូលចិត្ត​យកពាក្យសំដី​ទៅប្រើផ្លូវខុស ​ហើយធ្វើអាកប្បកិរិយា​ ដូចជាអ្នកចេះដឹងច្រើន​ ។ ​សូក្រាត ​ជាមនុស្សថ្មីចំឡែក ដែលបានក្លាយជាទស្សនវិទូគំរូមួយរូប សម្រាប់មនុស្សជំនាន់ក្រោយ​ ។ គេតែងនិយាយថា ​ «សូក្រាត ជាមនុស្សនៃក្រុងអាតែន​ ដែលមានរូបអាក្រក់​​ ហើយល្អជាងគេបំផុត»​

No comments:

Post a Comment