Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, September 9, 2012

លក្ខណៈរបស់ ខ្មែរក្រហម

លក្ខណៈរបស់ ខ្មែរក្រហម

ដើមកំណើត​នៃ​ពាក្យ ខ្មែរក្រហម

ពាក្យថា ខ្មែរក្រហមត្រូវបាន​ប្រើ​ជា​ដំបូង​ដោយ​សម្តេច​ នរោត្តម សីហនុ។ នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ៥០ សម្តេច​ នរោត្តម​ សីហនុ ដែល​ជា​ប្រមុខ​ដឹកនាំ​ចលនា​សង្គម​រាស្រ្តនិយម បាន​ធ្វើការ​បែងចែក​ខ្មែរ​ជា​បី​ពណ៌ ដោយ​យោង​ទៅតាម​និន្នាការ​នយោបាយ​របស់​ពួកគេ គឺ ខ្មែរ សសំដៅ​លើ​ខ្មែរ​អ្នក​រាជានិយម ខ្មែរខៀវជា​ខ្មែរ​អ្នក​សាធារណរដ្ឋ​និយម និងខ្មែរក្រហមគឺ​ក្រុម​ខ្មែរ​កុម្មុយនិស្តនិយម។ ក៏ប៉ុន្តែ ពីដំបូង ពាក្យថាខ្មែរក្រហមនេះ ត្រូវបាន​ប្រើ​ដោយ​សំដៅ​លើ​ក្រុម​ឆ្វេងនិយម ​នៅក្នុង​ចលនា​សង្គម​រាស្រ្តនិយម​របស់​ព្រះអង្គផ្ទាល់។

គួររំឭកថា នៅពេលនោះ ក្រុម​ខ្មែរ​កុម្មុយនិស្ត​នៅ​មិនទាន់​ជា​កម្លាំង​នយោបាយ​សំខាន់​ប៉ុន្មាន​ទេ។ ខ្មែរ​កុម្មុយនិស្ត​មួយចំនួន ដូចជា ខៀវ សំផន ហ៊ូ នឹម និង ហ៊ូ យន់​ ជាដើម នៅធ្វើ​នយោបាយ​ក្នុង​ចលនា​សង្គម​រាស្រ្តនិយម​ ហើយ​ខ្លះ​ថែមទាំង​ធ្លាប់​ត្រូវបាន​តែងតាំង​ឲ្យ​កាន់តំណែង​​នៅក្នុង​រដ្ឋាភិបាល​ទៀតផង។

យោងតាម​ឯកសារ​របស់​ក្រសួង​ការបរទេស​បារាំង នៅ​រវាង​ឆ្នាំ១៩៦០ និង​ឆ្នាំ១៩៦២ ពាក្យ ខ្មែរក្រហមត្រូវបាន​គេប្រើ​ម្តងម្កាល​ ជំនួស​ពាក្យ ខ្មែរវៀតមិញដែល​គេ​ធ្លាប់​ប្រើ​សំដៅ​លើ​ក្រុម​ខ្មែរ​កុម្មុយនិស្ត បែក​ចេញ​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។

យោងតាម​លោក Raoul JENNAR ក្នុង​សៀវភៅ ដែល​មាន​ចំណងជើង​ថា​​ “Les Clés du Cambodge” គឺ​នៅ​ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ១៩៦៦ ទើប​ឈ្មោះ ខ្មែរក្រហមត្រូវបាន​សម្តេច នរោត្តម សីហនុ ប្រើ​ដោយ​សំដៅ​ច្បាស់​មែនទែន​លើ​ចលនា​កុម្មុយនិស្ត​ខ្មែរ​ជាទូទៅ ទាំង​នៅក្នុង និង​ក្រៅ​សង្គម​រាស្រ្តនិយម។

ខ្មែរក្រហម និង​បក្ស​កុម្មុយនិស្ត​កម្ពុជា

កាល​ដែល​សម្តេច នរោត្តម សីហនុ លាប​ពណ៌​ក្រហម​ដល់​ចលនា​កុម្មុយនិស្ត​ខ្មែរ​បែបនេះ ព្រោះ​ពណ៌​ក្រហម គឺជា​ពណ៌​តំណាង​ទង់​បដិវត្តន៍​កុម្មុយនិស្ត។ ម្យ៉ាងទៀត សម្រាប់​ប្រជាជន​កម្ពុជា ពណ៌​ក្រហម គឺជា​ពណ៌​តំណាង​អំពី​ការ​បង្ហូរ​ឈាម។ ក៏ប៉ុន្តែ មេដឹកនាំ​ខ្មែរកុម្មុយនិស្ត មិនដែល​ទទួលយក​ឈ្មោះ​ជា​ខ្មែរ​ក្រហម​នេះទេ។ ជាទូទៅ ពួក​ខ្មែរក្រហម​មិន​ចូលចិត្ត​ប្រើ​ពាក្យ​ថា ខ្មែរនេះ​ផងទេ។ ពួកគេ​ច្រើនតែ​ប្រើ​ពាក្យ​ថា កម្ពុជាជំនួសវិញ។ មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ​មិន​ទទួលស្គាល់​ខ្លួនឯង​ថា​ជាខ្មែរក្រហមតាម​ឈ្មោះ ដែល​សម្តេច នរោត្តម សីហនុ បាន​ដាក់ឲ្យ​ក៏​ពិតមែន ប៉ុន្តែ ពួកគេ​តែងតែ​បាន​អះអាង​ដោយ​ចំហ​ថា បដិវត្តន៍​របស់​ពួកគេ​ គឺជា​បដិវត្តន៍​ក្រហម​ឆ្អិនឆ្អៅ

ក្រហម គឺជា​ពណ៌​នៃ​ទង់ជាតិ​របស់​កម្ពុជា​ប្រជាធិបតេយ្យ។ ហើយ​នៅ​ក្នុង​ភ្លេងជាតិ​របស់​របប​នេះ ក៏​មាន​លើកឡើង​ជាច្រើនសា​ដែរ​អំពី​ពណ៌ក្រហម​ ដែល​ជា​ពណ៌​តំណាង​បដិវត្តន៍ និង​តំណាង​ឈាម​ដែល​ហូរ​ក្នុង​ការ​ធ្វើ​បដិវត្តន៍​នេះ។

យោងតាម​លោក Ben Kiernan ក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​ថា “Le Génocide au Cambodge” ប៉ុល ពត បាន​លើកឡើង​អំពី​ការ​បង្កើត​រដ្ឋាភិបាលមួយ ដែលមានលក្ខណៈ​ក្រហម​សុទ្ធសាធបន្ទាប់ពី​សម្តេច នរោត្តម សីហនុ លាលែង​ពី​តំណែង​ជា​ប្រមុខរដ្ឋ នៅ​ខែ​មេសា ឆ្នាំ១៩៧៦។

យោងតាម​ឯកសារ​របស់​សារព័ត៌មាន BBC នៅ​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៧៨ វិទ្យុ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ផ្សាយ​អំពី​ការ​ប្តេជ្ញាចិត្ត​ក្នុងការ​បន្ត​បដិវត្តន៍​របស់ខ្លួន ហើយ​ថា​នឹង​រក្សា​បដិវត្តន៍​នោះ​ ឲ្យ​នៅ​ក្រហម​ជានិច្ច ដោយ​មិនឲ្យ​អ្នកណា​មក​ប្តូរ​ពណ៌នេះ​បាន​ទេ

សរុបសេចក្តីមក មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ​បដិសេធ​ឈ្មោះ​ជា ខ្មែរក្រហមតែ​បាន​ប្រកាស​ជា​ចំហ​ទទួលស្គាល់​ថា​បដិវត្តន៍​របស់​ពួកគេ​ជា​ បដិវត្តន៍​ក្រហមហើយ​ថែមទាំង​ប្តេជ្ញា​យ៉ាង​ដាច់អហង្ការ​រក្សា​ពណ៌​បដិវត្តន៍​របស់​ពួកគេ​ឲ្យនៅ​ក្រហម​ជានិច្ច​និរន្តន៍​ទៀតផង។

នយោបាយរបស់ខ្មែរក្រហម

យោងតាមលោក Raoul Jennar នៅ​ចន្លោះ​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី២៥ ឧសភា ឆ្នាំ​១៩៧៥ ប៉ុល ពត និង នួន ជា បាន​ប្រកាស​ឲ្យ​ដឹង​នូវ​គោល​នយោបាយ​សំខាន់ៗ​ចំនួន​៨ចំណុច នៃ​របប​គ្រប់គ្រង​នេះ។ គោលនយោបាយ​ទាំង​នោះ​រួម​មាន៖

១-ជម្លៀសប្រជាជន​ចេញ​ពី​ទីក្រុង ហើយ​ប្រជាជន​ត្រូវ​បែង​ចែក​ជា​ពីរ​ប្រភេទ គឺ​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​រំដោះ​មុនថ្ងៃ១៧ មេសា ដែលគេឲ្យ​ឈ្មោះថា ប្រជាជន​ចាស់ និង​ប្រជាជន​ដែល​ទើប​តែ​ជម្លៀស​ចេញ​ពី​ទីក្រុង ក្រោយ​ថ្ងៃ​១៧ មេសា ដែល​គេ​ឲ្យ​ឈ្មោះ​ថា ប្រជាជនថ្មី ពួក១៧ មេសា

២-លុបបំបាត់​ចោល​ទាំងស្រុង​​​នូវសេដ្ឋកិច្ច​ទីផ្សារសេរី

៣-លុបបំបាត់ចោល​នូវ​ការ​ចាយ​លុយ

៤-ព្រះសង្ឃ​ទាំងអស់​ត្រូវ​ចាប់​ផ្សឹក ហើយ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ស្រែ

៥-សម្លាប់ចោលទាំងអស់​រាល់​មន្រ្តី​ដែល​ធ្វើ​ការ​ឲ្យ​របប​លន់ នល់

៦-បង្កើត​ជា​សហករណ៍​នៅ​ទូទាំង​ប្រទេស

៧-បណ្តេញជនជាតិ​វៀតណាម​ឲ្យ​អស់​ពី​ប្រទេស​កម្ពុជា

៨-ដាក់​ពង្រាយ​កងទ័ព​នៅ​តាម​ព្រំដែន ជា​ពិសេស ព្រំដែន​វៀតណាម

មនោគមន៍វិជ្ជា​ខ្មែរក្រហម

ពួក​ខ្មែរក្រហម​មាន​មហិច្ឆតា ​ចង់ឲ្យ​បដិវត្តន៍​របស់​ពួកគេ​មាន​លក្ខណៈ​ពិសេស​ខុស​ពីគេ ហើយ​អស្ចារ្យ​ជាងគេ ដោយ​មិនយក​គំរូ​តាម​បដិវត្តន៍​របស់​ប្រទេស​ណាមួយ។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះ​ក៏ដោយ​ គេ​អាច​សង្កេតឃើញ​យ៉ាងច្បាស់​ថា បដិវត្តន៍​របស់​ខ្មែរក្រហម មាន​លក្ខណៈ​ស្រដៀងគ្នា​ច្រើន​នឹង​បដិវត្តន៍​របស់​ម៉ៅ សេទុង​នៅ​ប្រទេស​ចិន ក្នុង​ទសវត្សរ៍​ឆ្នាំ៦០។

ទីមួយ ពួក​ខ្មែរក្រហម​ប្រកាន់យក​នូវ​ទស្សនៈ​សមភាពនិយម” (ជាភាសា​បារាំងថា égalitarisme) ពោលគឺ​ ប្រជាជន​មាន​ឋានៈ​ស្មើគ្នា​ទាំងអស់ គ្មាន​អ្នកក្រ​ គ្មាន​អ្នកមាន គ្មាន​អ្នក​ជិះជាន់​គេ និង​អ្នក​ដែល​ត្រូវគេ​ជិះជាន់។ អ្នកជំនួញ មន្រ្តីរាជការ និង​ប្រជាជន​ដែល​នៅ​ទីក្រុង ត្រូវបាន​ជម្លៀស​ដោយ​បង្ខំ​ឲ្យទៅ​នៅ​ជនបទ ដើម្បី​ប្រកប​ការងារ​ស្មើភាព​គ្នា គឺ​ការ​បង្ករបង្កើនផល ជា​លក្ខណៈ​សមូហភាព។ ចំណែក​ផល​ដែល​ទទួលបាន​វិញ ក៏​ត្រូវ​បែងចែក​ដោយ​ស្មើភាព​ដែរ ពោលគឺ ម្នាក់ៗ​ទទួលបាន​នូវ​របប​ចំណីអាហារ និង​វត្ថុ​ប្រើប្រាស់​ស្មើៗ​គ្នា។ កម្មសិទ្ធិ​ឯកជន​ត្រូវបាន​លុបបំបាត់ចោល។ ដូចគ្នា​ដែរ​ចំពោះ​រូបិយប័ណ្ណ ព្រោះ​ពួក​ខ្មែរក្រហម​យល់​ថា ការ​ចាយលុយ​គឺជា​កត្តា​ដែល​នាំឲ្យ​មាន​ការ​កេងប្រវ័ញ្ច មាន​អ្នកក្រ និង​អ្នកមាន។ សូម្បីតែ​ការ​ប្រើ​ភាសា​ហៅគ្នា​ក៏​បង្ហាញ​ពី​ភាព​ស្មើគ្នា​ដែរ។ ជាទូទៅ គេ​ហៅគ្នា​ថាមិត្តសមមិត្ត។ ក៏ប៉ុន្តែ ជា​រឿង​ដែល​គួរឲ្យ​ហួសចិត្ត​បំផុត​នោះ គឺ​គេ​សង្កេត​ឃើញ​ថា ក្រោម​របប​សមភាពនិយម​នេះ ប្រជាជន​កម្ពុជា​ត្រូវ​បាន​បែងចែក​ជា​ពីរ​ឋានៈ​ខុសគ្នា​ស្រឡះ គឺ ប្រជាជន​ចាស់សំដៅ​លើ​អ្នក​ដែល​រស់​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរក្រហម​ តាំងពី​មុន​ឆ្នាំ១៩៧៥ និង ប្រជាជន​ថ្មីពួក​១៧មេសាសំដៅ​លើ​ប្រជាជន​ដែល​ត្រូវបាន​ជម្លៀស​ចេញ​ពី​ទីក្រុង ក្រោយ​ថ្ងៃ១៧ មេសា ១៩៧៥។

ទីពីរ ពួក​ខ្មែរក្រហម​មាន​គំនិត​បែបស្រមើស្រមៃ​ចង់ឲ្យ​សង្គម​ខ្មែរ​ក្លាយ​ជា​សង្គម​ស្អាតស្អំ​ឥតខ្ចោះ គ្មាន​អយុត្តិធម៌ ជា​សង្គម​ប្រកបដោយ​ភាព​រុងរឿង ឯករាជ្យ​ម្ចាស់ការ។ គឺ​ជា​គំនិត​ស្រមើស្រមៃ​ចង់បាន​ហួសពី​ការពិត ហួស​ពី​សមត្ថភាព​ ដែល​អាច​ធ្វើ​ទៅបាន (ជា​ភាសា​បារាំង​​ថា “utopisme”)
ក្រៅពី​មនោគមន៍វិជ្ជា​កុម្មុយនិស្ត​បែប​ម៉ៅនិយម​ គេ​សង្កេត​ឃើញ​ថា ពួក​ខ្មែរក្រហម​ក៏មាន​ទស្សនៈ​បែប​ជាតិនិយមជ្រុល​ផងដែរ។ ពួក​មេដឹកនាំ​ខ្មែរ​ក្រហម​យល់ថា ជនជាតិ​ខ្មែរដើម​ជា​ជនជាតិ​ខ្លាំងពូកែ ស្អាតស្អំ គ្មាន​ការ​កេងប្រវ័ញ្ច និង​ការ​ជិះជាន់​គ្នា។ ការ​លាយឡំ​ជាតិសាសន៍​ជាមួយ​ជនជាតិ​ផ្សេងទៀត​ ដូចជា ចាម ចិន វៀតណាម​ជាដើម​ បាន​ធ្វើឲ្យ​ជាតិខ្មែរ​ធ្លាក់ចុះ​ទន់ខ្សោយ។ ហេតុដូចនេះ​ហើយ បានជា​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ​ក្រហម​ជន​បរទេស​ត្រូវ​ទទួលរង​នូវ​ការ​ធ្វើទុក្ខ​បុកម្និញ​យ៉ាងខ្លាំង។ ភាសា វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់ របស់​បរទេស​ត្រូវបាន​ហាមឃាត់​ដាច់ខាត។ សូម្បីតែ​អ្នកណា​ត្រូវ​រៀបការ​ជាមួយ​អ្នកណា​ក៏​អង្គការ​ជាអ្នក​សម្រេច​ឲ្យ​ដែរ។ គ្មាន​អ្នកណា​ម្នាក់​មាន​សិទ្ធិ​ជ្រើសរើស​គូស្រករ​ដោយ​ចិត្តឯង​បានទេ។

សរុបសេចក្តីមក ខ្មែរក្រហម​ប្រកាន់​យក​នូវ​មនោគមន៍វិជ្ជា​កុម្មុយនិស្ត​ម៉ៅនិយម​ផង និង​បែប​ជាតិនិយមជ្រុល​ផង។

No comments:

Post a Comment