Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, September 9, 2012

ទស្សនៈរបស់ខុងជឺ

ទស្សនៈរបស់ខុងជឺ (‌​៥៥១-៤៧៩ មុន គ.ស.​ )

ជីវប្រវត្តិរបស់ខុងជឺ


ខុងជឺ​​ ជាមហាទស្សនវិទូចិនមួយរូប ដ៏ល្បីល្បាញ មានកិត្តិនាមស្មើនឹង សូក្រាត នៅប្រទេសក្រិចដែរ ​។​ តាមពិតឈ្មោះរបស់លោកគឺ ជឺ​ ស្ថិតនៅសម្ព័ន្ធ​​លូ​ ។​ ត្រកូលរាជវង្សរបស់លោក ជាអភិជន ​ហើយបើតាមការស្រាវជ្រាវត្រកូលនេះ មានពូជធារមកពីរាជវង្ស​‍ ‍«ចាង»​ ដែលជាសន្តតិវង្សមួយគ្រប់គ្រងប្រទេសចិន ​នាសម័យរដ្ឋកាលចូវ​ ។​ ដោយសារសង្រាមវាយលុកពីកុលសម្ព័ន្ធចូវ​ ស្ថិតនៅទិសពាយ័ព្យ ​ទន្លេលឿងរាជវង្សចាង ក៏ត្រូវរលាយបាត់បង់ក្នុងសង្រ្គាម​ ។ ​ឯសមាជិកគ្រួសារ ដែលរួចផុតពីសេចក្តីស្លាប់វិញ ​ក៏បន្លំខ្លួនក្នុងកុលសម្ព័ន្ធ «លូ» ខុងជឺ កើតនៅឆ្នាំ ៥៥១ មុន គ.ស​ ក្នុងទីងងឹត នៃកំហែងថ្មភ្នំមួយ នៃស្រុកចាងតុង​ ក្បែរវាលចិញ្ចឹមសត្វ របស់លោកមានៃសន្តតិវង្ស​លូ ។ ​មុនពេលចាប់កំណើត​ និងថ្ងៃចាប់កំណើតរបស់ខុងជឺ មានអព្ពូតហេតុចំលែក គួរឲ្យកត់សម្គាល់ គឺផ្ទុះភ្នំភ្លើង ​រន្ទះ​ រញ្ជួយភ្នំភ្លើង​ ។​ ខុងជឺ កំព្រាឪពុកតាំងពីអាយុ​ ៣ ឆ្នាំ ​​ហើយមានចិត្តសប្បុរសធម៌​ តាំងពីក្មេង តែគាត់រស់ក្នុងទីទល់ក្រ​ ។ ​លុះបានអាយុ​ ២០ ឆ្នាំ គាត់បានរៀបការជាមួយនឹងស្រី​ជនជាតិម៉ុងហ្គោលម្នាក់​ ដែលមានកូនប្រុសឈ្មោះលី ។ ដោយកាខិតខំស្រាវជ្រាវ ខុងជឺ​ បានក្លាយជាគ្រូម្នាក់ ដែលចេះដឹងសព្វមុខវិជ្ជា ពិសេសខាងវិជ្ជាពេទ្យ ខុងជឺ ចេះទស្សន៍ទាយ​ ជាអ្នកបង្ហាត់បង្រៀន ឲ្យប្រជាជនចិន ចេះសែនព្រេនដូនតា ​តាមលក្ខណៈនេះ​ គាត់ជាអាចារ្យពេលមានអាពាហ៍ពិពាហ៍ និងវិធីបុណ្យផ្សេងៗ ផងដែរ ​។ កិត្តិនាម របស់ខុងជឺ ល្បីល្បាញពេញស្រុកចាន់ស៊ី ហើយពេលនោះ ទស្សនៈវិជ្ជា បស់ខុងជឺ ក៏ចាប់រីកដុះដាល គេនាំគ្នាប្រសិទ្ធិនាម ឲ្យគាត់ថា «ជូ» មានន័យថា «​បណ្ឌិត» ចាប់ពីពេលនោះមក​ ។ ​នៅអាយុ​ ៤៩ ឆ្នាំ ខុងជឺ ត្រូវបានព្រះមហាក្សក្យ​ ​តែងតាំងធ្វើជាសេនាបតីធំម្នាក់ក្នុងវាំង ​។ ខុងជឺ បានផ្សព្វផ្សាយទស្សនៈវិជ្ជារបស់គាត់គ្រប់ទិសទីពាសពេញប្រទេសចិន​ ក្នុងគោលបំណងឲ្យប្រជាជនចិន​ស្គាល់ យល់ដឹងនូវតំលៃរបស់ខ្លួន ​និងចង់កែរប្រែរបៀបអប់រំសីលធម៌​ តែត្រូវមហាក្សត្រលូជំនាស់​ ។ ដោយវិបត្តិនយោបាយ ​ខុងជឺ បានភៀសខ្លួនពីស្រុកមួយ ទៅស្រុកមួយ​ ​អស់រយៈពេល ១៣ ឆ្នាំ​ ។​ ខុងជឺ បានវិលត្រឡប់ចូលស្រុកលូវិញ​ ក្នុងជន្មាយុ​ ៧០ ឆ្នាំ​ ។ ​ខុងជឺ បានផ្សាយទស្សនវិជ្ជា របស់គាត់​ អស់រយៈពេល ១៣ ​ឆ្នាំ​ ក្នុងស្រុកចិនទាំងមូល ​ព្រមទាំងបើកបង្រៀនដល់សាវ័កទៀតផង​ ។ ​ខុងជឺ មិនគ្រាន់តែជាគ្រូបង្ហាត់ខ្បួនខ្នាតប៉ុណ្ណោះទេ​ ថែមទាំង ជាអ្នកដឹកនាំប្រជាជន ​ឲ្យអនុវត្តន៍នូវទំនៀមទំលាប់ចាស់​ ឲ្យរីកចម្រើនឡើងវិញ​ គេសង្កតឃើញប្រជាជនចិន ចាប់ប្រើក្រដាស និងជក់ខ្មៅដុសថ្នាំ សម្រាប់សរសេរ និងឲ្យចេះសែនព្រេនដូនតា រាល់ឆ្នាំ តាំងពីសម័យខុងជឺមក ​។ គាត់រស់បាន​ ៣ ឆ្នាំ ក្នុងសំណាក់សាវ័កទាំងឡាយ​ ហើយបានទទួលមរណភាព​ ក្នុងឆ្នាំ​ ៤៧៩ មុន ​គ.ស ។

ស្នាដៃទស្សនវិជ្ជារបស់ខុងជឺ

ខុងជឺ បានចងក្រងគម្ពីរឈ្មោះថា ​«លាវយី​» ​មានន័យថា​ សិល្បៈទាំង​ ៦​ ជាសិល្បៈសេរី ​មានគោលដៅស្វែងរកនូវសេរីភាព ​ក្នុងនយោបាយ​ និងសេដ្ឋកិច្ច​ ។

ទស្សនវិជ្ជាទាំង ​៦​ របស់ ខុងជឺគឺ

១-គម្ពីរឈ្មោះយី= និយាយ ពីការផ្ទេរកម្មសិទ្ធិ​ និងផ្ទេរមរតក ។

២-គម្ពីរឈ្មោះចេ=ជាកំណាព្យនិទាន ​សម្រាប់បម្រើសោភ័ណ្ឌធម្មជាតិ​ ។ ​

៣-គម្ពីរឈ្មោះលី= និយាយ ពីការប្រារព្ធពិធីសែនព្រេនផ្សេងៗ ​។

៤-គម្ពីរឈ្មោះយ៉ូ= និយាយ ពីបទភ្លេង​ និងចម្រៀងបណ្តែតអារម្មណ៍​

៥-​គម្ពីរឈ្មោះជូ=និយាយ ពីប្រវត្តិសាស្រ្ត​ និងពង្សាវតា នៃប្រទេសចិន ។ ​

៦-គម្ពីរឈ្មោះឈូស៊ាវ ឬ​គម្ពីរនិទាឃរដូវ=​និយាយ ពីសរទរដូវ ជាប្រវត្តិសាស្រ្ត ជាក់ស្តែងរបស់សន្តតិវង្សលូ​ ។​

ចំពោះទស្សនវិជ្ជា​ ​ខុងជឺ បានឲ្យតំលៃ ទៅលើសីលធម៌​ មនុស្សធម៌​ និងសច្ចធម៌​ ។ តាមទស្សនៈ ខុងជឺ នៅក្នុងសង្គម មានមនុស្សពីរប្រភេទ ដែលតែងតែស្វែងរកវត្ថុពីរផ្ទុយគ្នា ​។ ​មនុស្សប្រភេទទីមួយ ​ជាមនុស្ស​ប្រកបដោយគតិបណ្ឌិត ​​ដែលសុខចិត្តលះបង់គុណប្រយោជន៍ គ្រប់បែបយ៉ាង ​ដើម្បីស្វែងរកយុត្តិធម៌​ និងដើម្បីបណ្តុះកិត្តិស័ព្ទ​របស់ខ្លួន​ ។ ​ចំណែកមនុស្សប្រភេទទី​ពីរ ជាប្រភេទមនុស្សសាមញ្ញ ដែលសុខចិត្តលះបង់យុត្តិធម៌ កិត្តិយស​ដើម្បីស្វែងរកគុណប្រយោជន៍​ ។

ខុងជឺបានបែងចែកទស្សនៈដូចខាងក្រោម

មនុស្សធម៌= ខុងជឺ បានហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាត ​ទោះស្ថិក្នុងសភាពបែបណាក៏ដោយ​ ។​ ខុងជឺមើលឃើញសង្រ្គាម ជាប្រភពនៃអមនុស្សធម៌​ ។ លោកមិនពេញចិត្តចំពោះអំពើឃោរឃៅ​ អមនុស្សធម៌ ដែលពួកមនុស្ស ធ្វើទៅលើសត្វ​ និងធ្វើទៅលើមនុស្សគ្នាឯង ដូចករណីកងទ័ព ចាប់ឈ្លើយសង្រ្គាមមកកាត់ដៃ​ កាត់ជើង បោះទៅលើចុងលំពែង ចាប់មនុស្សយកទៅស្រុះ​ទឹកក្តៅដូចជាស្រុះមាន់​​ គាបក្បាលពិរុទ្ធជន ឲ្យស្លាប់ដោយទារុណកម្ម​ ។ល។ ​អំពើទាំងនេះ​ សុទ្ធសឹង ជាអំពើ​អមនុស្សធម៌​ ។

យុត្តិធម៌= ខុងជឺ មើលឃើញយុត្តិធម៌​ ក្នុងរូបភាពពីរយ៉ាង ​គឺយុត្តិធម៌នៅក្នុងសង្គម​ និងយុត្តិធម៌នៅក្នុងគ្រួសារ ​។ ​ដំបូងឡើយ យុត្តិធម៌​ កើតមាននៅក្នុងគ្រួសារជាមុនសិន ​ក្រោយមក ទើបវារាលដាលដល់សង្គម​ ។ ​ខុងជឺ​ មើលឃើញ​យុត្តិធម៌ពួនសំងំនៅក្នុងចិត្ត ​និងកាយវិការរបស់មនុស្ស ។​ ហេតុនេះ ​ដើម្បីឲ្យយុត្តិធម៌​សង្គមកើតមានឡើង ​ជំហ៊ានទីមួយ ​ត្រូវធ្វើឲ្យមានយុត្តិធម៌ ​នៅក្នុងគ្រួសារជាមុន​សិន ​។ ​ខុងជឺ បានឈរលើទស្សនៈថា ​​​«​កូនត្រូវស្តាប់បង្គាប់ឪពុកម្តាយ និងរាមច្បងរបស់ខ្លួន​» ។​

សីលធម៌= ​ ខុងជឺ បានបង្គាប់ឲ្យមនុស្សគ្រប់វណ្ណៈ​ទាំងអស់ នៅក្នុងសង្គម ​និងគ្រប់ស្រទាប់វណ្ណៈទាំងអស់ នៅក្នុងគ្រួសារ ​ត្រូវតែហ៊ានទទួលនូវកំហុសរបស់ខ្លួន​ នៅចំពោះមុខគ្រួសារ​ និងចំពោះមុខច្បាប់ផងដែរ ​​។ ​អ្នកប្រព្រឹត្តល្មើសនឹងច្បាប់​ ត្រូវទទួលខុសត្រូវ ទទួលទារុណកម្ម ឲ្យសមនឹងកំហុស ​ដែលគេបានសាង​ ។ ​ប្រសិនបើកំហុសនោះ​ ធ្ងន់ដល់ប្រហារជីវិត​ អ្នកទោស ត្រូវតែហ៊ាន​ធ្វើអត្តឃាតខ្លួនឯង ​។ ​ទស្សនៈ របស់លោកខុងជឺ សង្កត់ធ្ងន់ថា «​មនុស្សម្នាក់ៗ​ ត្រូវមានស្មារតី​អៀនខ្មាស់ ត្រូវតែចេះយល់នូវអ្វី​ ដែលត្រឹមត្រូវយុត្តិធម៌​ សម្រាប់ជីវិត​» ។​ ខុងជឺ បានបង្កើតសីលធម៌មួយទៀត ហៅថា​ ​«ជិន» ​មានន័យថា «​ស្រលាញ់ អ្នកដទៃ» ​ដោយខុងជឺ មានបំណង ឲ្យអ្នសិក្សាស្រលាញ់​ផលប្រយោជន៍​ និងជីវិតអ្នកដទៃ ឲ្យដូចជាស្រលាញ់ជីវិតរបស់ខ្លួន ។​

សីលធម៌នោះគឺ

-ធ្វើគុណទៅហើយ បើគេតបមកវិញ​ ចាត់ទុកដូចជាពុំបានធ្វើគុណ ។

-ធ្វើគុណទៅហើយ​ បើបានផលអាក្រក់វិញ​ ត្រូវទទួលថា ជាបទពិសោធន៍ដោយដៃពីរ ។

-អំពើណា ដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅអ្នកដទៃ ។

-អំពើណា ដែលអ្នកស្រលាញ់ ចង់បាន ​ឲ្យគេធ្វើមកលើរូបអ្នក ​ចូរអ្នកធ្វើនូវអំពើនោះ​ទៅអ្នកដទៃជាមុនសិន​ ។

-អំពើណា ដែលធ្វើទៅហើយ ​បានទទួលផលដល់ខ្លួនឯង​ហើ​យ មានទុក្ខដល់អ្នកដទៃ ​សូមជៀសវាងកុំធ្វើនូវអំពើនោះ ជាដាច់ខាត ​។​

-បើជួយអ្នកដទៃហើយ ​បែរជាត្រឡប់មកទទួលទោសវិញ​ ចូររត់គេច ឲ្យផុតពីទុក្ខទោសនោះ​ ឲ្យបានមុនទុក្ខទោសនោះ មកដល់ ។

-បើធ្វើប្រយោជន៍ហើយ​ សូមកុំរំលឹកគុណទាំងនោះ​នៅចំពោះមុខគេឲ្យសោះ​ បើមិនដូច្នោះទេ ​ទោះជាគុណប៉ុនភ្នំ ក៏ត្រូវរលាយដែរ​ ។

-ត្រូវទុកឲ្យអ្នកដទៃ និយាយពីគុណរបស់អ្នកវិញ​ ទើបប្រសើរជាង​ ។

-អ្វីដែលអ្នកមិនសប្បាយចិត្ត​ ចំពោះអ្នកធំ​ធ្វើមកលើរូបអ្នក ចូរអ្នកកុំយកវាទៅអនុវត្តន៍​ លើមនុស្សដែលនៅក្រោមបង្គាប់អ្នក ឲ្យសោះ​ ។

គុណធម៌របស់ខុងជឺ

គុណធម៌ របស់ខុងជឺ​ គឺសំដៅលើចិត្ត​មេត្តា ​ករុណា​ និងភាពត្រឹមត្រូវ ​។ ​លោកថា «មនុស្សម្នាក់ៗ ​ នៅក្នុងសង្គម​​ សុទ្ធតែមានកាតព្វកិច្ច ដែលគួរធ្វើ​ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន របស់ពួកគេ​ ត្រូវប្រកបដោយសីលធម៌ និងភាពត្រឹមត្រូវ​» ​​។​ ​នេះ​ទើបហៅថា​ «គុណធម៌» ។ តែបើគេធ្វើកិច្ចការទាំងឡាយ ​ដោយគ្រាន់តែពិចារណា ​ប៉ុន្តែ ខ្វះសីលធម៌​នោះ ​សកម្មភាពរបស់ពួកគេ​ នឹងក្លាយទៅជាសកម្មភាព​ មិនត្រឹមត្រូវ និងខ្វះគុណធម៌ ​។​ មួយវិញទៀត ​ខុងជឺ​ ចាត់ទុកថា ​«ការគ្រប់គ្រងដោយគុណធម៌​ មានលក្ខណល្អប្រសើរ ជាងគ្រប់គ្រងដោយច្បាប់​» ។​


គាត់រំពឹងថា ​ការគ្របគ្រងរដ្ឋ ប្រកបដោយគុណធម៌ អាច​ដំណើរការទៅរួច ថែមទាំងឈានទៅសម្រេចផ្លែផ្កាទៀតផង ។ ​ការគ្រប់គ្រងល្អ គឺទាល់តែអ្នកគ្រប់គ្រង ធ្វើសង្គមឲ្យមានសណ្តាប់ធ្នាប់​ និងជីវភាពរុងរឿង ​។ ​ចង់ឲ្យសង្គមមានសណ្តាប់ធ្នាប់ និងជីវភាពរុងរឿង ​ត្រូវធ្វើសណ្តាប់ធ្នាប់ និងចេះគ្រប់គ្រងជីវភាពគ្រួសារជាមុនសិន ​។​​មនុស្ស ដែលមានទឹកចិត្តល្អ​ លុះត្រាតែមានឆន្ទៈស្មោះត្រង់​ និង​មានការអប់រំល្អ​ ។ ​នៅពេលដែលមនុស្ស បានទទួលការអប់រំល្អហើយ​ ជីវភាពគ្រួសាររបស់គេ ក៏ត្រូវបានគ្រប់គ្រងល្អដែរ​ ។ ​បើជីវភាពគ្រួសារបានគ្រប់គ្រងហើយនោះ​ នាំឲ្យជីវភាពសង្គម ឬប្រទេសជាតិ មានសណ្តាប់ធ្នាប់​ ។ ​លទ្ធផលចុងក្រោយ គឺពិភពលោកនឹងមានសន្តិភាព​ ។​ ខុងជឺយល់ថា ​ដើម្បីឲ្យសង្គមមានសណ្តាប់ធ្នាប់​ លុះត្រាតែនៅក្នុងសង្គមនោះ​ មានការប្រតិបត្តិត្រឹមត្រូវ ​នូវអ្វីដែលគាត់ហៅថា​ «ការកែតំរូវ ឲ្យត្រឹមត្រូវតាមឈ្មោះ​» នោះជាមុនសិន ​។ ​នេះមានន័យថា​ «ម្នាក់ៗ ត្រូវតែស្គាល់ឈ្មោះ​កាតព្វកិច្ច និងតួនាទីរបស់ខ្លួន ​ឲ្យបានច្បាស់លាស់» ។ ខ្លឹមសារសំខាន់នោះ ឋិននៅត្រង់ថា អ្នកគ្រប់គ្រង​គឺអ្នកគ្រប់គ្រង​​ រដ្ឋមន្រ្តីគឺរដ្ឋមន្រ្តី​ ឪពុកគឺឪពុក​ កូនគឺកូន ​។ល។​ គ្រប់ឈ្មោះទាំងអស់ ​គឺសុទ្ធតែឋានៈ មានកាតព្វកិច្ច​ តួនាទី​ និងមុខងារ ខុសៗ គ្នា​ ។ បើឈ្មោះណាមួយ បំពេញមុខងាររបស់ខ្លួនមិនត្រឹមត្រូវ​ អ្នកនោះមិនអាចក្លាយទៅជាបុគ្គល ដ៏ល្អតាមឋានៈនោះឡើយ​ ។ ឧទាហរណ៍ថា៖​ បើអ្នកដឹកនាំ គ្រប់គ្រងគេ មិន​ខ្វល់ខ្វាយចំពោះ​វិជ្ជា ឬវិធីដឹកនាំគ្រប់គ្រងនោះទេ​ ទោះបីជាអ្នកនោះ មានប្រជាប្រិយភាពប៉ុណ្ណាក៏ដោយ ​ក៏គេនោះមិនអាច ជាអ្នកដឹកនាំ ដ៏ល្អបានដែរ​ ។​

ដូចនេះ ឃើញថា ​ទស្សននយោបាយ របស់ខុងជឺ​ ពិតជាបានរួមវិភាគទាន យ៉ាងធំ​សម្បើម ក្នុងការរុញច្រាន​ទ្រឹស្តីនយោបាយ បែបទស្សនវិជ្ជា ​ដែលមានសីលធម៌ ឲ្យមានភាពរីកដុះដាលឡើង​ ។​ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ​គឺខុងជឺ មិនបានប្រើប្រាស់កម្លាំងខាងក្រៅ មកជួយរៀបចំ​ និងដោះស្រាយបញ្ហា ក្នុងសង្គមមនុស្សទេ​ ។ ​តែលោកប្រើក្បួនច្បាប់ គុណធម៌ និងសីលធម៌ ធ្វើជាមូលដ្ឋាន សម្រាប់ដោះស្រាយបញ្ហា ក្នុងសង្គមមនុស្សទៅវិញ​ ។​​


No comments:

Post a Comment