ទស្សនៈរបស់ស៊ីសេរ៉ូ ( ១០៦-៤៣ មុន គ.ស. )
ជីវប្រវត្តិរបស់ស៊ីសេរ៉ូ
ស៊ីសេរ៉ូ គឺជាទស្សនៈទូ ជារដ្ឋបុរស ជាអ្នកច្បាប់ ជាអ្នកទ្រឹស្តីនយោបាយ ទីក្រុងរ៉ូមម្នាក់ និងជាអ្នកធម្មនុញ្ញនិយម (គោរពច្បាប់) ផងដែរ (Constitutionalist) ។ គាត់កើតនៅថ្ងៃទី ៣ ខែមករា ១០៦ មុនគ្រឹះសករាជ ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។ ហើយបានទទួលមរណកាល នៅថ្ងៃទី ៧ ខែធ្នូរ ៤៣ មុនគ្រឹះសករាជ ក្នុងជន្មាយុ ៦៣ ឆ្នាំ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។
លក្ខណៈទូទៅរបស់ស៊ីសេរ៉ូ
លោកបានបន្តទ្រឹស្តីរបស់លោក ផ្លាតូ និង អារីស្តូត ស្តីអំពីរដ្ឋ នយោបាយ ទំរង់គ្រប់គ្រង និងស្តីអំពីសង្គមស៊ីវិល ។ ដោយបានធ្វើឲ្យទ្រឹស្តីរដ្ឋ របស់ផ្លាតូ និងអារីស្តូត ឲ្យកាន់តែស៊ីជម្រៅឡើង ស៊ីសេរ៉ូន បានបង្ហាញថា «រដ្ឋមិនមែនគ្រាន់តែបានសម្តែង
នូវផលប្រយោជន៍រួម របស់សមាជិកដែលមានសេរីភាពរ បស់ខ្លួនប៉ុណ្ណោះទេ
ថែមទាំងកើតឡើង ដោយកិច្ចព្រមព្រៀង ទៅតាមផ្លូវច្បាប់ផងដែរ» ។ បើសិនច្បាប់ធម្មជាតិ របស់ផ្លាតូ និងអារីស្តូត ជាច្បាប់សច្ចៈ និងរចនាសម្ព័ន្ធរដ្ឋ មិនអាចកាត់ផ្តាច់ធម្មជាតិបានទេ ពេលនោះស៊ីសេរ៉ូ បានបញ្ជាក់ថា «ច្បាប់ធម្មជាតិ
កើតតាំងពីនៅក្នុងសភាពធម្មជាតិម៉្លេះ ពេលដែលច្បាប់រដ្ឋ
ពុំទាន់សរសេរតាក់តែង ពោលគឺតាំងពីរដ្ឋ ពុំទាន់បានចាប់បដិសន្ធិមកម៉្លេះ» ។ នៅក្នុងស្នាដៃរបស់ខ្លួន «ការពិភាក្សាអំពីរដ្ឋ និងអំពីច្បាប់»
ស៊ីសេរ៉ូនិយាយអំពីរដ្ឋដែលមានលក្ខណៈជាធម្មជាតិ របស់ខ្លួន គឺយុត្តិធម៌
និងច្បាប់ ។ ដូចបាននិយាយខាងលើនេះ អាចឲ្យយើងកំណត់បានថា ស៊ីសេរ៉ូ
មានគោលជំហររបស់ខ្លួន ឈរលើទស្សនៈ នីតិរដ្ឋ គឺរដ្ឋ បែបនេះហើយ ដែលក្នុងនោះ
តួនាទីសំខាន់ មិនមែនអគ្គមគ្គុទេ្ទសក៍ទេ គឺច្បាប់ ប៉ុន្តែច្បាប់នោះ
មិនបង្កផលវិបាក ឲ្យពលរដ្ឋ និងជាឆន្ទៈរួម របស់ពលរដ្ឋ ។ ក្នុងនាមជាអ្នកនយោបាយប្រចាំចក្រភពរ៉ូម
និងជាអ្នកទទួលឥទ្ធិពលទស្សននយោបាយពីខាងក្រៅ លោកបានប្រឹងប្រែងធ្វើយ៉ាងណា
ដើម្បីឲ្យវប្បធម៌នយោបាយទាំងពីរនេះ អាចបង្រួមចូលគ្នា និងឈានទៅដល់ការបង្កើតទស្សននយោបាយ និងច្បាប់ថ្មីមួយ សម្រាប់សង្គមរបស់ខ្លួន ។
លោកយល់ថា «រដ្ឋ កើតចេញអំពីធម្មជាតិ» ។ លោកបានអះអាងថា «សង្គមស៊ីវិល កើតឡើង មិនមែនការបង្កើត ឬតាមការកំណត់របស់មនុស្សឡើយ ។ តែជាសង្គម ដែលកើតចេញពីធម្មជាតិ ហើយមនុស្ស ត្រូវបានកំណត់ ដោយសភាវគតិ ដែលជាឆន្ទៈរួមមួយ គឺការចង់រួមរស់ជាមួយគ្នា ។ ធម្មជាតិកំណើតរដ្ឋ ចេញអំពីគ្រួសារ ។ គ្រួសារជាកោសិកាសង្គម ហើយចេញអំពីសង្គម ហើសង្គមបានជារដ្ឋ ។ រដ្ឋ គឺមិនមែនត្រឹមតែជាបណ្តុំនៃប្រភេទមនុស្សគ្រប់ជំពូកទាំងអស់ ដែលត្រូវបានចងសម្ព័ន្ធគ្នា ដោយការឯកភាពលើបញ្ហាច្បាប់ និងផលប្រយោជន៍រួម ។ លោកទទូចចង់ឲ្យអំណាចរដ្ឋ ត្រូវបានប្រគល់ទៅឲ្យពួកប្រភេទមនុស្សដែលមានប្រាជ្ញា គឺជាមនុស្សដែលមានការប៉ិនប្រសប់
ក្នុងការធ្វើឲ្យស្មារតី របស់ពួកគេខិតជិតឆន្ទៈរដ្ឋគំរូរបស់អារីស្តូត ។
គោលបំណងសំខាន់បំផុតរបស់រដ្ឋ គឺការពារទ្រព្យសម្បត្តិពលរដ្ឋទាំងអស់ ។
ច្បាប់ធម្មជាតិនេះ មិនអាចធ្វើការផ្លាស់ប្តូរ ដោយសម្លងសន្លឹកឆ្នោតរបស់ប្រជាជនបានឡើយ ។ លោកយល់ថា «ច្បាប់ជាសន្ទស្សន៍ដំបូងបង្អស់របស់រដ្ឋ» ។ សម្រាប់លោក
រដ្ឋស្តែងឡើង មិនត្រឹមតែជាការប្រាស្រ័យទាក់ទងបែបសីលធម៌
របស់ពលរដ្ឋសេរីប៉ុណ្ណោះទេ ថែមទាំងជាសង្គម ដែលប្រកបដោយច្បាប់ទៀតផង
។លោកទទួលស្គាសល់ថា «មនុស្សទាំងអស់
ស្មើៗ គ្នា ចេញពីធម្មជាតិ ។ហើយគេម្នាក់ៗ
សុទ្ធតែអាចធ្វើខ្លួនឲ្យក្លាយទៅជាអ្នកចេះដឹងបាន ប្រសិនបើពួកគេ
ឆ្លងកាត់ការអប់រំ» ។ ចំពោះវិសមភាព នៅក្នុងសង្គមវិញ លោកយល់ថា «នេះ មិនមែនកើតចេញពីកំណើតនោះទេ តែជាវិសមភាព ដែលកើតឡើង ដោយកម្លាំងទំនាក់ទំនង ក្នុងសង្គម» ។ លោកបានប្រកាសថា «កម្មសិទិ្ធឯកជន
មិនដែលកើតចេញពីធម្មជាតិឡើយ ។ ការពិត វាអាចកើតចេញពីការមានបានតៗ គ្នា
មកតាំងពីយូរលង់ណាស់មកហើយ ឬកើតមកពីការទទួលជ័យជំនះ ក្នុងសង្គ្រាម
ឬក៏បានមកពីច្បាប់ និងការឯកភាពគ្នា ក្នុងសង្គម» ។ ចំពោះបញ្ហាទាសករ លោកបានបដិសេធចោលនូវទស្សនៈថា ទាសករ គឺជាឧបករណ៍ ចេះនិយាយ ។ លោកបានបញ្ជាក់ច្បាស់ថា «នៅក្នុងទំនាក់ទំនង រវាងមនុស្ស និងមនុស្ស គឺពុំមានអ្វីខុសគ្នានោះឡើយ ។ មនុស្សទាំងអស់ដូចៗ គ្នា ស្មើៗ គ្នា ហើយមនុស្សទាំងអស់ គឺជាពលរដ្ឋផែនដីទាំងមូលតែម្តង» ។
ទម្រង់គ្រប់គ្រងរដ្ឋតាមទស្សនៈរបស់ស៊ីសេរ៉ូ
ស៊ីសេរ៉ូ
បានកំណត់នូវទំរង់គ្រប់គ្រងរដ្ឋ ៣ ប្រការ ដូចនេះ អំណាចស្តេច
(រាជាធិបតេយ្យ) អំណាចអភិជន (អភិជនាធិបតេយ្យ) និងអំណាចប្រជាជន
(ប្រជាធិបតេយ្យ) ។ ស៊ីសេរ៉ូ បានបង្ហាញថា «ស្តេច មានប្រជាប្រិយភាព ។ អភិជន មានគតិវិញ្ញូ ។ ប្រជាជនមានសេរីភាព» ។ ក៏ប៉ុន្តែ លោកស៊ីសេរ៉ូ មានទំនោរទៅរកប្រព័ន្ធដឹកនាំរួមមួយ ដែលបានច្របាច់បញ្ចូលគ្នា នូវរាល់គុណសម្បត្តិល្អៗ នៅក្នុងរបបរាជាធិបតេយ្យ អភិជនាធិបតេយ្យ និងប្រជាធិបតេយ្យ
។ ប្រព័ន្ធដឹកនាំរួម ស៊ីសេរ៉ូ បានគិតថា
ជាប្រព័ន្ធមួយប្រកបដោយវិចារណញ្ញាណ ឬមួយក៏ដោយសារទ្រង់ទ្រាយនេះ
បានទទួលនូវគុណសម្បត្តិល្អៗ ពីគ្រប់ទម្រង់នៃការគ្រប់គ្រងរដ្ឋទាំង ៣
(គឺរាជាធិបតេយ្យ អភិជនាធិបតេយ្យ និងប្រជាធិបតេយ្យ
) ។ ក្នុងចំណោមទម្រង់ទាំងបីនេះ ទម្រង់រដ្ឋ ដែលល្អជាងគេ គឺរាជាធិបតេយ្យ ។
ប៉ុន្តែបើនិយាយពីទម្រង់គ្រប់គ្រងរដ្ឋ ដែលមានលក្ខណៈសុក្រឹតវិញ លោកយល់ថា
មានតែទម្រង់រដ្ឋដែលបានមកពីការបង្រួមចូលគ្នា នៃរាជាធិបតេយ្យ អភិជនាធិបតេយ្យ និងប្រជាធិបតេយ្យទេនោះ គឺជារបបសាធារណរដ្ឋ បែបអភិជនាធិបតេយ្យ អាស្រ័យសភានិយម ។ ស្របគ្នាទៅនឹងការពិចារណា
អំពីទម្រង់រដ្ឋដែលប្រសើរបំផុតនោះ លោកបានបញ្ជាក់ថា លោកមិនពេញចិត្ត
ចំពោះការប្រើប្រាស់អំណាចរដ្ឋ ក្នុងរូបភាពជាកម្លាំងផ្តាច់មុខ ។
លោកបានប្រឆាំងចំពោះរបបយោធានិយមផ្តាច់ការ
ប្រឆាំងចំពោះរបបដែលក្រសោបយកអំណាចឲ្យមូលនៅក្នុងដៃ របស់បុគ្គលតែឯកអង្គ ។ លោកយល់ថា «រដ្ឋបុរស ឬអ្នកដឹកនាំរដ្ឋ គួរតែជាមនុស្សដែលប្រកបដោយភាពឆ្លាតវៃ មានគតិវិញ្ញូ មានយុត្តិធម៌ មានពាក្យសម្តីគួរឲ្យកក់ក្តៅ ហើយក៏ជាបុគ្គលដែលធ្លាប់ឆ្លងកាត់ នូវការសិក្សា អំពីបញ្ញាច្បាប់ និងរដ្ឋផងដែរ» ។ លោកបញ្ជាក់យ៉ាងច្បាស់ថា «បើខ្វះចំណេះដឹង ទាំងនេះ នោះក៏គ្មានបុគ្គលណាម្នាក់ អាចស្វែងរកយុត្តិធម៌ឃើញដែរ» ។ តែលោក ក៏ឲ្យតំលៃទៅបុគ្គលដឹកនាំដែលបានប្រើប្រាស់អំណាចផ្តាច់ការ ក្នុងការរៀបចំសណ្តាប់ធ្នាប់សង្គមផងដែរ
។ បុគ្គលផ្តាច់ការ នេះមានតំលៃនៅពេលដែលគេប្រើប្រាស់អំណាច
ដើម្បីបម្រើផលប្រយោជន៍រួម ក្នុងនាមជាអ្នកជួយសង្រ្គោះសាធារណរដ្ឋ
តែមិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ ។
តាមទស្សនៈរបស់លោក
ច្បាប់ និងយុត្តិធម៌ គឺមាននៅក្នុងធម្មជាតិ ។ បានន័យថា
ចេញពីធម្មជាតិ អ្វីទាំងអស់
ហាក់ដូចជាត្រូវបានរៀបចំឲ្យមានសណ្តាប់ធ្នាប់រួចជាស្រេច ។
លោកមើលឃើញយុត្តិធម៌ ត្រង់ចំណុចថាមិនត្រូវបង្កផលអាក្រក់ដល់អ្នកដទៃ
និងមិនបំពានលើកម្មសិទ្ធិអ្នកដទៃ ។លក្ខណៈជាទូទៅ និងជាទិសដៅ
នៃគំនិតនយោបាយបុរេក្រិច និងរ៉ូមដូចជា ផ្លាតូ អារីស្តូត និងស៊ីសេរ៉ូន បានបន្សល់ទុក នូវគោលការណ៍ ទ្រឹស្តីនយោបាយអំពីរដ្ឋ និតិរដ្ឋ សង្គមស៊ីវិល របបនយោបាយ ទម្រង់គ្រប់គ្រងរដ្ឋ និងទម្រង់គ្រប់គ្រងផែនដី
។ ទស្សនៈ ដែលបានលើកឡើងខាងលើនេះ ត្រូវបានបញ្ជាក់បន្ថែម
និងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត
នៅក្នុងគំនិតនយោបាយរបស់ទស្សនវិទូជាបន្តបន្ទាប់ក្រោយៗ ទៀត ។
No comments:
Post a Comment