Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, September 9, 2012

គំនិត​ល្អៗ​ពី​សៀវភៅ​ស្រី​ហិតោ​បទេស




គំនិត​ល្អៗ​ពី​សៀវភៅ​ស្រី​ហិតោ​បទេស
(១)​ អ្នក​ស្គាល់​​គុណ​គាប់​ស្គាល់​ល្អ​អាក្រក់​ កាល​បើ​សេព​គប់​មនុស្ស​អាក្រក់​ក៏​ត្រឡប់​ជា​អាក្រក់​វិញ​ ដូច​ស្ទឹង​ថ្លា​មាន​រស​ជាតិ​ល្អ​ លុះ​ហូរ​ចូល​សមុទ្រ​ហើយ​ ក៏​ប្រែក្លាយ​ទៅ​ជា​មាន​រស​ជាតិ​ប្រៃ​ផឹក​ពុំ​បាន​។
(២) កិច្ចការ​អ្វី​មួយ​ដែល​ប្រកប​ដោយ​អំពើ​ឥតប្រយោជន៍​ ក៏​រមែង​មិន​បាន​ផល​សម​តាម​ប្រាថ្នា​ទេ​ ដូចជា​ការប្រើ​វេលា​ព្យាយាម​បង្រៀន​សត្វ​កុក​ឲ​ចេះ​និយាយ​ដូច​សត្វ​សេក​ សូម្បី​ច្រើន​រយ​ដង​ ក៏​នឹង​មិន​បាន​ផល​។
(៣) ជន​ណា​ឃើញភរិយា​អ្នកដទៃ ទុក​ស្មើ​មាតា​របស់​ខ្លួន ឃើញ​ទ្រព្យ​អ្នក​ដទៃ​ទុក​ស្មើ​ដុំ​ថ្ម ឃើញ​សព្វ​សត្វ​ទាំង​ឡាយ​ ទុក​ស្មើ​រូប​ខ្លួន​ ជន​នោះ​លោក​ហៅ​ថា​​"បណ្ឌិត​"។
(៤) ចិត្ត​ម៉ឹងម៉ាត់​ក្នុង​គ្រា​ក្រ​ទុក្ខ​ព្រួយ ចិត្ត​នឹង​ធឹង​ក្នុង​គ្រា​សុខ​ចំរើន​ សេចក្តី​អង់​អាច​ក្នុង​ទី​ប្រជុំ​ជន​ដោយ​ថ្វី​មាត់​ ចិត្ត​ក្លៀវក្លា​ក្នុង​សមរភូមិ ចិត្ត​ត្រេក​អរ​ក្នុង​យស​ និង​ចិត្ត​ស្រវា​ស្រទេញ​ក្នុង​ការសិក្សា​ ទាំង​អស់​នេះ​​ ជាលក្ខណៈ​សម្បត្តិ​របស់​បុគ្គល​មាន​ចិត្ត​ដ៏​មហិមា​។
(៥)​ គេ​ដឹង​ចិត្ត​មិត្រ​ក្នុង​គ្រា​ក្រ​ ដឹង​ចិត្ត​ទាហាន​ក្លៀវ​ក្លា​ក្នុង​សង្រ្គាម ដឹង​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​សង​បំណុល​គេ​ ដឹង​ចិត្ត​ភិរយា​ក្នុង​ពេល​ខ្សត់​ទ្រព្យ​ និង​ដឹង​ចិត្ត​ផៅ​ពង្ស​គ្រា​វិនាស​អន្តរាយ​។
(៦) បុគ្គល​កុំ​គប្បី​ចង​មិត្ត​សម្លាញ់​ឬ​ចង​ស្ពាន​មេត្រី​ជាមួយ​មនុស្ស​អាក្រក់ ​ជាដាច់​ខាត​ ដូចជា​ធ្យូង​ បើ​នៅ​ក្តៅ​វា​រលាក​ដៃ​ បើ​រលត់​ហើយ​ វា​ប្រឡាក់​ដៃ​។
(៧) បើ​ជាសត្រូវ​ហើយ​ បុគ្គល​កុំ​គប្បី​ចង​មេត្រី​ជឿ​ទុក​ចិត្ត​យ៉ាង​ស្និត​ឲ​សោះ ដូច​ជា​ទឹក​ ទុក​ជា​ពុះ​ខ្លាំង​គគ្រឹកៗ​ក៏​អាច​រលត់​ភ្លើង​បាន​។
PDF បោះពុម្ព អ៊ីមែល
សៀវភៅ​ស្រីហិតោបទេស​ភាគ​ពីរៈ សម្រង់​គតិ​បណ្ឌិត
  • នរជន​ដូច​ម្តេច កាល​ក្រឡេកមើល​ទៅ​ខាង​ក្រោម​ឃើញជន​ទាប​ជាង​ខ្លួន​​មិន​​​ជោរ​អួត​អាង​ថា​ ខ្លួន​ធំ​មហិមា តែ​កាល​ក្រឡេក​មើល​ទៅ​ខាង​លើឃើញ​ជន​ជាន់​លើ​ខ្ពស់​ជាង​ខ្លួន​ ទើប​ដឹង​ថា​ខ្លួន​ជា​អ្នក​កំសត់​ក្រៃ​លែង។
  • នរជន​ណា​មានទ្រព្យ​ច្រើន ជន​នោះ​សូម្បីសម្លាប់​ព្រះ​ព្រហ្ម​មួយ ក៏​នៅ​តែ​មាន​​គេ​គោរព​បូជា ឯ​នរជន​ក្រី​ក្រ​សូម្បី​មាន​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់យ៉ាង​ណា​ក៏​នៅ​តែ​គេ​ មើល​ងាយ​។
  • សំណាង​ទ្រព្យ​សម្បត្តិ​ មិន​រត់​ទៅ​រក​ជន​ណា​ដែល​ឥត​សេចក្តី​ប្រឹង​ប្រែង ខ្ជិល​ច្រអូស វង្វេង​ជឿ​ព្រេង​វាសនា និង​មិន​ព្យាយាម​ទេ ដូច​ប្រពន្ធ​ក្មេង​មិន​អើ​ពើ​ប្តី​ចាស់​ជរា​ដូច្នោះ។
  • ភាវៈ​ជា​បុគ្គល​ខ្ជិល​១ ការ​សេព​គប់​ស្ត្រី​ផ្កា​មាស១ ភាវៈ​ជា​បុគ្គល​មាន​រោគ​ច្រើន​១ ជាប់​ចិត្ត​នឹង​ស្រុក​កំណើត​មួយ ចិត្ត​សន្តោស​១ ភាវៈ​ជា​បុគ្គល​ខ្លាច​ច្រើន​១ ទោស​៦​ប្រការ​នេះ ជា​គ្រឿង​ទម្លាយ​បង់​នូវភាវៈ​នៃ​ខ្លួន​ជា​ធំ។
  • នរជន​ណា​មាន​ទ្រព្យសម្បត្តិ​តិច​តួច សំគាល់​ថា​ខ្លួន​មាន​ទ្រព្យ​ច្រើន មិន​ខិត​ខំរក​តទៅ​ទៀត ព្រះ​ព្រហ្ម​ដែល​ជា​អ្នក​សាង​ទ្រព្យសម្បត្តិ​ មិន​ព្រម​ចម្រើន​ទ្រព្យ​សម្បត្តិ​ឲ្យ​នរជន​នោះ​ទេ។
  • កូន​មិន​ឧស្សាហ៍​ មិន​ជា​ទី​គាប់ចិត្ត​ មិន​មាន​វីរិយៈ ជា​ទី​ឡក​ឡឺយ​នៃ​សត្រូវ​ សូម​កុំ​ឲ្យ​ស្រ្តីណា​បង្កើត​កូន​បែប​នេះ​ឲ្យ​សោះ។
  • បុគ្គល​គប្បី​ស្វែង​រក​ទ្រព្យ​​ដែល​មិន​ទាន់​បាន​ គប្បី​រក្សា​ទ្រព្យ​ដែល​រក​បាន​ហើយ​ កុំ​ឲ្យ​បាត់​បង់​អស់​ទៅ​វិញ គប្បីក​ពូន​ទ្រព្យ​សម្បត្តិ​ដែល​ដែល​រក្សា​ទុក​នោះ ឲ្យ​ចម្រើន​ឡើង​ដោយ​ប្រពៃ។
  • ទ្រព្យ​ដែល​មិន​ឲ្យ​ទាន​ ឬ​មិន​បរិភោគ​ខ្លួន​ឯង មាន​ប្រយោជន៍អ្វី? រេហ៍​ពល​ដែល​គេ​មិន​យក​ទៅចេញ​ច្បាំង​តស៊ូ​សត្រូវ មាន​ប្រយោជន៍​អ្វី? ការ​ចេះ​ចង់​គម្ពីធម៌​អាថ៌ ​បើ​គេ​មិន​ប្រតិបត្តិ​តាម តើ​មាន​ប្រយោជន៍​អ្វី? ខ្លួន​យើង​បើ​មិន​ទូន្មាន​ឥន្ទ្រិយឲ្យ​បាន​បទ​ទេ​ តើ​មាន​ប្រយោជន៍​អ្វី?
  • ទឹក​ស្រក់​មួយ​ដំណក់​ៗ​ ជា​លំដាប់​អាច​ពេញ​ក្អម​បាន នេះ​ជា​គ្រឿង​ឧបមា​នៃ​ការរៀន​សព្វ​វិជ្ជា ការប្រតិបត្តិ​ធម៌​ និ​ងការ​សន្សំ​ទ្រព្យ​សម្បត្តិ។
  • ភារៈដូចម្តេច​ដែល​ហៅ​ថា​ធ្ងន់​ណាស់​សម្រាប់​អ្នក​មាន​សមត្ថភាព? ទី​ណា​ដែល​ហៅ​ថា​ឆ្ងាយ​ណាស់​សម្រាប់​អ្នក​មាន​ព្យាយាម​ច្រើន? ប្រទេស​ណាដែល​ហៅ​ថា​បរទេស​សម្រាប់​អ្នក​មាន​ចំណេះវិជ្ជា?
  • សេចក្តី​សង្ស័យ ស្ទាក់​ស្ទើរចិត្ត​ជា​ការអន្តរាយ​ដល់​សារពើ​ការងារ បុគ្គល​គប្បី​លះប​ង់​ចោល​ឲ្យ​អស់​ស្រឡះ​ទៅ ព្រោះ​ថា​បើ​លះ​បង់​សេចក្តី​សង្ស័យ​ស្ទាក់​ស្ទើរ​ចិត្ត​ហើយ ការ​សម្រេច​ផល​ប្រយោជន៍​ នឹង​កើត​ប្រាកដ​ទៅ​តាម​របៀប។
  • សត្វ​លោក​សូម្បី​ត្រូវ​សរ​មួយរយ​ផ្លែ​បើ​មិន​ទាន់​ដល់​កាល​ក៏​មិន​ ស្លាប់ បើ​ដល់​កាល​មរណៈ​ហើយ​សព្វ​បើមុត​បើ​ស្បូវ​បន្តិច​ក៏​មិន​រស់ដែរ។
  • ចៅ​ហ្វាយ​នាយ តែង​ក្រឡេក​សម្លឹង​មើល​ការ​ខុស​ឆ្គង​មិន​បរិសុទ្ធ​ជា​ប្រក្រតី​នៃ​ខ្ញុំ​ បំរើ ដោយ​ភ្នែក​ណា អ្នក​បំរើ​តែង​រំពៃ​មើល​ភ្នែក​នោះ​នៃ​ម្ចាស់​ដោយ​ច្រើន។
  • បើ​នៅទ្រឹង​មិន​និយាយ​គេ​ថា​ល្ងង់​ បើ​និយាយ​គេ​ថា​ច្រើន​ពេក​ឬ​ថា​ឆ្កួត បើ​ចេះ​អត់​ធ្មត់​គេ​ថា​ខ្លាច បើ​ជេរ​មិន​ឈឺ​គេ​ថា​ត្រកូល​ថោក​ទាប បើ​នៅ​ជិត​គេ​ថា​ហ៊ាន​ពេក បើ​នៅ​ឆ្ងាយ​ដោយ​វិន័យ គេ​ថា​ញញើត​ញញើម​ពេក សូម្បី​ព្រះ​ឥសូរ ក៏​ផ្គាប់​ចិត្ត​ម្ចាស់​ឲ្យ​ពេញ​បរិបូណ៌​មិនបាន​ដែរ។
  • ធម្មជាតិ​​ឆ្កែ​ បាន​ឆ្អឹង​ សូម្បី​អស់​សាច់​រលីង​ហើយនៅ​សល់​តែ​សរសៃរ​ខ្លាញ់​វាវ​បន្តិច​បន្តួច ក៏​ត្រេក​អរ​កខិប​កខុប មែន​ពិត​ឆ្អឹង​នោះ​មិន​អាច​បន្សាត់​បង់សេចក្តី​ស្រេក​ឃ្លាន​ឡើយ រី​ឯ​សីហៈសូម្បីបាន​ចចក​មួយ​នៅ​ក្នុង​ក្រញ៉ាំ​ក្រចក​ខ្លួន​ហើយ ក៏​នៅ​តែ​បោះ​បង់​ចោល​ហើយ​ស្ទុះ​ទៅ​ចាប់​សម្លាប់​ដំរី​សារ​មួយ​ទៀត ជន​ទាំង​ពួង​ទោះ​តោក​យាក​លំបាក​យ៉ាង​ណា​ក្តី តែង​មាន​សេចក្តីប្រាថ្នា​ចង់​បាន​ផល​ទៅ​តាម​ទំនង​ភាព​ខ្លួន​ជា​សត្វ​លោក​។
  • មាន​ប្រយោជន៍​អ្វី​ដោយ​ជន​ភក្តីតែ​មិន​មាន​សមត្ថភាព មាន​ប្រយោជន៍​អ្វីដោយ​ជន​អង់​អាច​តែ​មិន​ធ្វើ​ឲ្យ​កើត​ប្រយោជន៍។
  • ពាក្យ​ដែល​ត្រឹម​ត្រូវ​ គួរ​ដល់​ការងារ សូម្បីជា​សំដី​កូន​ក្មេង អ្នក​មាន​ប្រាជ្ញា​ក៏​គួរ​កាន់​យក បើ​មិន​មាន​ពន្លឺ​ព្រះអាទិត្យ​ទេ ពន្លឺ​ប្រទីប នឹង​មិន​មាន​គុណ​ប្រយោជន៍​ឬអ្វី?
  • ការ​ប្រារព្ធ​ធ្វើការ​ងារ​ដែល​មិន​គួរ​ធ្វើ​១ ការ​ទាស់​ទែង​ខ្វែង​គំនិត​បង​ប្អូន​ឯង​១ ការប្រណាំង​ប្រជែង​តស៊ូ​នឹង​អ្នកមាន​កម្លាំង​ជាង​១ ការ​ទុក​ចិត្ត​ក្នុង​ស្រ្តីទាំង​ឡាយ​១ ទាំង​បួន​ប្រការ​នេះ​ឈ្មោះ​ថា​បើក​ទ្វារ​ឲ្យដល់​ម្រឹត្យុ​ទាំង​អស់។
  • នៅ​លើ​ដើម​ចន្ទន៍​មាន​ពស់ នៅ​ក្នុង​ត្រពាំង​ដែល​ដេរ​ដាស​ដោយ​ផ្កា​ឈូក​មាន​ក្រពើ នៅ​ក្នុង​ភោគ​ទ្រព្យ​មាន​ជន​ពាល​ជាអ្នក​រុក​គួន​ឈ្នានីស​ ក្នុង​លោក​នេះ​សេចក្តីសុខ​ប្រាសចាកការ​ថ្នាំង​ថ្នាក់ចិត្តមិន​ដែលមាន​សោះ​ ឡើយ។
(​សៀវភៅស្រីហិតោបទេស​ភាគ២ ប្រែ​ពី​ភាសា​សំស្រ្កឹត​ដោយ ភិក្ខុ ប៉ាង ​ខាត់ វីរិយបណ្ឌិតោ។ ការ​ផ្សាយ​របស់​ពុទ្ធ​សាសន​បណ្ឌិត្យ ព.ស ២៥៣៨)
PDF បោះពុម្ព អ៊ីមែល
សៀវភៅ​ស្រីហិតោបទេស​ភាគបីៈ សម្រង់​គតិ​បណ្ឌិត​
  • ក្នុង​កាល​ខ្លះ សេចក្តី​អត់​ធន់​ជា​គ្រឿង​លំអ​នៃ​បុរស ដូច​សេចក្តីខ្មះ​អៀន​ជា​គ្រឿង​លំអ​នៃ​ស្រ្តីទាំង​ឡាយ តែ​សេចក្តី​ក្លាហាន​ជា​គ្រឿង​លំអ​នៃ​បុរស​ក្នុង​ពេល​ដែល​គេ​មើល​ងាយ ដូច​ការ​មិន​អៀន​ខ្មាស​ជា​គ្រឿង​លំអ​នៃ​ស្ត្រី​ក្នុង​ការ​សេព​សន្ថវៈដូច្នោះ ​ដែរ។
  • នរជន​ណា​មើល​ឃើញ​ការមាន​កម្លាំ​ងនិង​ការ​អត់​កម្លាំង​នៃ​ខ្លួន​និង​ សត្រូវ​ហើយ មិន​ស្គាល់​ប្រភេទ​ផ្សេង​គ្នា​ទៀត នរជន​នោះ​ត្រូវ​សត្រូវ​មើល​ងាយ។
  • បុគ្គល​មិន​គប្បី​ធ្វើការ​សេព​គប់​ពឹង​ពាក់​ ចំពោះ​ជន​ដែល​តូច​តាច​ថោក​ទាប​ឡើយ គប្បី​ធ្វើ​ចំពោះ​តែ​ឥស្សរជនដែល​មាន​អំណាច ព្រោះ​ថា​ទឹក​ដោះ បើ​នៅ​ក្នុង​កណ្តាប់​ដៃ​អ្នក​ស្រវឹង​ ក៏​បាន​ឡើង​ឈ្មោះទៅ​ជា​គ្រឿង​ស្រវឹង​ដែរ។
  • ទូត​សូម្បី​នៅកណ្តាល​សស្ត្រា​វុធដែល​គេ​លើក​ច្រូង​ច្រាង ក៏​មិន​និយាយ​អ្វីដទៃ​ក្រៅ​ពីការ​ខ្លួន​ អាស្រ័យ​ដោយ​ខ្លួន​ជា​ទូត គេ​មិន​សម្លាប់ ហេតុ​នេះ​ទើប​ទូត​ចរចារ​ត្រង់​ទៅ​ត្រង់​មក​តាម​សេចក្តី​ពិត។
  • ព្រះ​រាជា​១ មនុស្ស​ឆ្កួត​១ កូន​ក្មេង​១ អ្នក​បរិភោគ​កាម​១ ចង់​បាន​របស់​ដែល​ខ្លួន​មិន​ទាន់​បាន​ ចាំ​បាច់​និយាយ​អ្វីដល់​របស់​ដែល​ខ្លួន​បាន​ហើយ។
  • មនុស្ស​ទុជ៌ន​ប្រព្រឹត្ត​អំពើ​អាក្រក់ ផល​អាក្រក់​តែង​ធ្លាក់​ទៅ​លើ​មនុស្ស​ល្អ​វិញ ដូច​រាពណ៍​លួច​នាង​សេតា (​ផល​អាក្រក់់​របស់​រាពណ៍​ធ្លាក់​មក​លើ​សមុទ្រ) គឺ​សមុទ្រ​ត្រូវ​ព្រះ​រាម​ចង​ថ្នល់។
  • ពាក្យ​ដែល​ទុជ៌ន​ពោល​ សូម្បី​និយាយ​ញញឹម​ស្រស់​ពីរោះផ្អែម​ដូច​ផ្ការីក​ពុំ​ជួកាល ក៏​អាច​នឹង​ញ៉ាំងភ័យ​ឲ្យ​កើត​ឡើង​បាន។
  • គួរ​គប្បី​ឲ្យ​មួយ​រយ ​តែ​មិន​គួរ​ធ្វើ​ឲ្យ​កើត​វិវាទ​មួយ​ទេ នេះជា​មតិ​អ្នក​ប្រាជ្ញ សូម្បី​មិន​មាន​មូល​ហេតុ​អ្វី​ជា​មាំ​មួន ហើយ​ក៏​ធ្វើ​វិវាទ​ដែរ នេះ​ជា​លក្ខណៈ​មនុស្ស​ល្ងង់​ទេ។
  • បុគ្គល​មិន​គប្បី​អាច​គាស់​លើក​ដុំ​ថ្ម​តាន់ ដោយ​កម្លាំង​មនុស្ស​បាន​ស្មើ​ដោយ​ការប្រើ​កំណាត់​ឈើ​ទេ​យ៉ាង​ណា ដោយ​ប្រើ​ឧបាយ​តែ​បន្តិច​ គេ​បាន​សម្រេច​ប្រយោជន៍​ធំ​យ៉ាង​នោះ។
  • ភ័យ​​នៅ​ឆ្ងាយ​មានក្តី​ខ្លាច ភ័យ​មក​ដល់​ជិត​មាន​ក្តី​ក្លៀវ​ក្លា នេះ​ជា​គុណ​លក្ខណៈ​មហា​បុរស។
  • នរជន​ដឹង​នីតិសាស្ត្រ​(នយោបាយ) ត្រូវ​នៅ​ក្នុង​គ្រឿង​ការពារ​ដូច​អណ្តើក​ក្នុង​ស្នូក ហើយ​ត្រូវ​ចេះ​អត់​ធន់​គ្រឿង​ប្រហារ​នៃ​សត្រូវ​ផង កាល​បើកាល​មក​ដល់​ហើយ គប្បី​លោត​ឡើង​តស៊ូ ដូច​ពស់​មាន​អសិរពិស។
  • បើ​សត្រូវ​ស្គាល់​ចំនុច​ខ្សោយ​យើង និង​សេចក្តី​ក្លៀវក្លា​យើង​ហើយ គេ​នឹង​ចូល​ទៅ​រហូត​ដល់​ចិត្ត​គំនិត​យើងខាង​ក្នុង​ទៀត​ហើយ​សម្លាប់​យើង​ចោល​ បង់​សៀត ដូច​ភ្លើង​ឆេះ​ឈើ​ស្ងួតតែង​ឆេះ​រូង​រហូត​ដល់​ខ្លឹម​ខាង​ក្នុង។
  • ជន​ដទៃ​តែ​ជា​អ្នក​ធ្វើ​ប្រយោជន៍​ឲ្យ​យើង​ ទុក​ជា​ផៅ​ពង្ស​ ឯ​ផៅ​ពង្ស​ពិត​ តែ​ជា​អ្នក​មិន​ធ្វើ​ប្រយោជន៍​ឲ្យ​យើង ក៏​ទុក​ជា​អ្នក​ដទៃ រោគ​កើត​ក្នុង​រាង​កាយ​យើង​ពិតៗ រក​ប្រយោជន៍​គ្មាន ថ្នាំ​កើត​ក្នុង​ព្រៃ​ធ្វើ​ប្រយោជន៍​ឲ្យ​យើង។
  • លោភ ទ្រនង់​យង់​ឃ្នង ខ្ជិល​ មិន​ពោល​ពាក្យ​សត្យ ធ្វេស​ប្រហែស​ ខ្លាច មិន​ម៉ឹង​ម៉ាត់ ល្លង់​ខ្លៅ មើល​ងាយ​យោធា ទាំង​អស់​នេះ​ជា​លក្ខណៈ​សត្រូវដែល​បរបក្ស​យក​ជ័យ​ជំនះបាន​ដោយ​ងាយ។
  • ក្រពើ​ដ៏​កាច​សាហាវ​ពន្លឹក​ បើ​ចេញ​ផុត​ពី​ទឹក​ហើយ ក៏​អន់​អំណាច សីហៈ​សូម្បី​សាហាវ​យង់​ឃ្នង បើ​ចេញ​ផុត​ពី​ព្រៃ​ហើយ​ក៏​ដូច​គា្ន​នឹង​សត្វ​ចចក។
(​សៀវភៅ ស្រីហិតោបទេស​ភាគបី ប្រែ​ពី​បាលី​ដោយ ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតោ ព.ស ២៥៣៧)


សៀវភៅ​ស្រីហិតោបទេស​ភាគបួនៈ សម្រង់​គតិ​បណ្ឌិត​
  • នរជន​ណា​ដែលធ្លាក់​ខ្លួន​ក្នុង​គ្រោះ​កាច តែង​តែ​បន្ទោស​ព្រេង​វាសនា មនុស្ស​ល្ងង់​មិន​ព្រម​ទទួល​កំហុស​ដែល​ខ្លួន​ធ្វើ​ទេ។
  • ពាក្យ​សំដី​បុគ្គល​គាប្បី​រក្សា​ទុក​គ្រប់​កាល​ទាំង​ពួង ព្រោះ​សេចក្តី​វិនាស​មក​ពី​ពាក្យ​សំដី។
  • ជន​ណា​កែ​ខៃ​ក្តី​អន្តរាយ​ដែល​កើត​ឡើង​ភ្លាមៗ​បាន ជន​នោះ​ទើប​មាន​ឈ្មោះ​ថា​អ្នក​មាន​ប្រាជ្ញា។
  • នរ​ជន​ណា​ស្និទ្ធ​ស្នាល​ចំពោះ​សត្រូវ ដោយ​ការ​រាប់​អាន​ក្តី ​ដោយ​យល់​ឧបការៈ​ក្តី​ នរជន​នោះ​ ទុក​ដូច​ជា​មនុស្ស​ដេក​លក់លើ​ដើម​ឈើ ហើយ​ភ្លាត់​ធ្លាក់​មក​ដល់​ដីទើប​ភ្ញាក់​ដឹង​ខ្លួន។
  • ជន​ណា​មួយ​ត្រេក​អរ​មុន ចំពោះ​ប្រយោជន៍​ដែល​មិន​ទាន់មក​ដល់​តាម​គំនិត​ដែល​ខ្លួន​គិត​ទុក ជន​នោះ​នឹង​ត្រូវ​ប្រសព្វ​សេចក្តីក្តៅ​ក្រហាយ​ស្តាយ​ក្រោយ។
  • ស្រី​ភាព​ ដែល​អត់​ឃ្លាន​ហើយ សូម្បី​កូន​ឯង​ក៏​បោះ​បង់​ចោល ពស់​ដែល​អត់​ឃ្លាន​ហើយ​សូម្បី​ពង​ឯង​ក៏​ស៊ី នរណា​ហ្ន៎!​​ ដែល​ត្រូវ​ទុក្ខ​វេទនា​ដោយ​អត់​ឃ្លាន នឹង​មិន​ហ៊ាន​ធ្វើ​បាប? ជន​ទាំង​ឡាយ​ដែល​អត់​ឃ្លាន​ហេវ​កម្លាំង​ហើយ នឹង​ត្រឡប់​ទៅ​ជាមនុស្ស​ឥត​ករុណា។
  • មនុស្ស​ស្រវឹង​ស្រា មនុស្ស​ឆ្កួត​ មនុស្ស​កាច​កំរោល មនុស្ស​អស់​កម្លាំង មនុស្ស​ក្រោធ មនុស្ស​អត់​ឃ្លាន មនុស្ស​ល្មោភ មនុស្សខ្លាច និង​មនុស្ស​បរិភោគ​កាម​ មនុស្ស​ទាំង​អស់​នេះ​មិន​ចេះ​ធម៌​ទេ។
  • ការ​ឲ្យ​ផែន​ដី ការ​ឲ្យ​មាស​ប្រាក់ ការ​ឲ្យ​គោ ការ​ឲ្យ​បាយ​ទឹក​ លោក​មិន​ទាន់​ហៅ​មហា​ទាន​ទេ បណ្តា​ទាន​ទាំង​ឡាយ​នេះ​ អភយ​ទាន​ទើប​លោក​ចាត់​ថា​ជា​មហាទាន។
  • អ្នក​ប្រាជ្ញ បើ​មាន​កិច្ច​ការ​ណាមួយ​ដែល​ត្រូវ​ធ្វើ​ខាន​មិន​បាន សូម្បី​សត្រូវ​ក៏​ត្រូវ​តែ​ទូល​លើក្បាលដែរ។
  • សតិ​គឺ​ការ​ចាំ​បាន​១ ការ​ប៉ិន​ត្រិះ​រិះ​សម​ហេតុ​ផលក្នុង​ប្រយោជន៍​ដ៏សំខាន់​១ ការ​ដឹង​ប្រាកដ​១ ការ​ម៉ឹងម៉ាត់​១ ការ​ចេះ​រក្សា​ការ​ប្រឹក្សា​សម្ងាត់​១ ទាំង​ប្រាំ​ប្រការ​នេះ​ជា​គុណ​សម្បត្តិ​នៃ​មន្រ្តី​។
  • ជន​គប្បីយក​ចិត្ត​មនុស្ស​ល្មោភ​ដោយ​ឲ្យ​ទ្រព្យ មនុស្ស​មាន​ស្តុក​ស្តម្ភដោយ​ការ​គោរព​សំពះ មនុស្ស​ល្ងង់​ដោយបណ្តោយ​តាម​ចិត្ត បណ្ឌិត​ដោយ​ការពោល​ពាក្យ​សច្ចៈ។
(សៀវភៅ ស្រីហិតោបទេស​ភាគ​បួន ប្រែ​ពី​បាលី​ដោយ ភិក្ខុ​ ប៉ាង​ ខាត់ បោះ​ពុម្ព​ដោយ​ពុទ្ធ​សាសន​បណ្ឌិត្យ​ ព.ស ២៥៣៨)

No comments:

Post a Comment