ទស្សនៈរបស់ផ្លាតូ (៤២៧-៣៤៧ មុន គ.ស.)
ផ្លាតូ
កើតក្នុងឆ្នាំ ៤២៧ មុន គ.ស. គឺជាទស្សនវិទូក្រិចបុរាណ
ដែលបានរួមចំណែកបង្កើតនូវមូលដ្ឋានសម្រាប់ទស្សនវិជ្ជាលោកខាងលិច
ជាមួយគ្រូរបស់គាត់ សូក្រាត និងសិស្សរបស់គាត់ អារីស្តូត ។ ផ្លាតូ ក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា និងជាអ្នកបង្កើតសាលាទស្សនវិជ្ជាជាន់ខ្ពស់អាកាដឺមី (Academi) នៅក្រុង
អាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់នៅលោកខាងលិច ។
ផ្លាតូគឺជាសិស្សរបស់សូក្រាត
និងបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីការត្រិះរិះរបស់សូក្រាត ។
មរណៈភាពរបស់គាត់ក្នុងឆ្នាំ ៣៤៧ មុន គ.ស ៕
លក្ខណៈទូទៅរបស់ផ្លាតូ
ផ្លាតូ
ក៏ជាអ្នកនយោបាយម្នាក់ដែរ ក្នុងចំណោមអ្នកនយោបាយទាំងឡាយ។
ចំណង់ចំណូលចិត្តរបស់គាត់ គឺផ្តោតទៅលើរដ្ឋនយោបាយ និងច្បាប់ ។
ធាតុទាំងនេះ ជាកត្តាជុំរុញឲ្យគាត់ចាប់អារម្មណ៍ទៅលើប្រជាជន
ចង់ឲ្យប្រជាជនមានភាពប្រសើរសំបូរសប្បាយ និងសុភមង្គល
ព្រមទាំងធ្វើឲ្យសង្គមទាំងមូល
ស្ថិតក្នុងស្ថេរភាពទាំងផ្នែកសេដ្ឋកិច្ចទាំងផ្នែកនយោបាយ ។ ល ។ ផ្លាតូ
ព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលគេតែងតែជួបប្រទះក្នុងរដ្ឋក្នុងសង្គម
ក៏ដូចជាក្នុងជីវភាពរស់នៅផងដែរ ដោយប្រើវីធីមួយ គឺបង្កើតរដ្ឋគំរូ
ដែលមានមេដឹកនាំប្រកបដោយគំនិតស្នេហាជាតិ មានសុភវិនិច្ឆ័យ ។ រដ្ឋគំរូនោះ
លោកផ្លាតូ បានធ្វើការប្រៀបធៀបរវាងទំរង់គ្រប់គ្រងនយោបាយ
ដែលមានលក្ខណៈមិនគ្រប់គ្រាន់ជាច្រើន ដូចជាទំរង់សក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligarchy) និងប្រជាធិបតេយ្យ (Democracy) ទំរង់ទាំង ៣ នេះ គាត់ឲ្យឈ្មោះថាជាទំរង់អាក្រក់ គ្មានសេ្ថរភាពហើយទីបំផុតក្លាយទៅជាទុជនាធិបតេយ្យ(Tyranny) ។
អត្ថន័យរដ្ឋគំរូរបស់លោក
ផ្លាតូ បានបង្ហាញឲ្យឃើញនូវភាពយុត្តិធម៌
ក្នុងការដឹកនាំដោយជ្រើសរើសយកអ្នកទស្សនវីទូដ៏វៃឆ្លាត
ពីព្រោះចំណេះដឹងពិតប្រាកដ និងចិត្តសាងកុសលចំពោះអ្នកដទៃ
មានតែនៅក្នុងជំពូកមនុស្សប្រភេទនេះទេ ដែលបានធ្វើសម្បទាន ។
តួរអង្គដែលតំណាងឲ្យរដ្ឋគំរូរបស់លោកផ្លាតូ គឺអ្នកធ្វើការក្នុង Polis (ក្រុងក្រិចបុរាណ) ។ នៅក្នុងគំនិតនយោបាយផ្ទាល់របស់ផ្លាតូ ពាក្យសង្គម និងរដ្ឋ គឺរលាយចូលគ្នាក្នុងបូរី ។ ផ្លាតូមានជំនឿថា «គ្រប់បុគ្គលទាំងអស់ ពុំមានចំណេះដឹងពិតប្រាដកទេ ហេតុដូច្នេះហើយ បានជាពួកគេយកចិត្តទុកដាក់គោរពតាមបុគ្គលតែមួយអ្នកក្តី ឬរដ្ឋ » ។
វណ្ណៈខ្ពស់បំផុត
ដែលកំពុងកាន់អំណាច ពុំត្រូវអនុញ្ញាតឲ្យមាននូវករណីលើកលែង
ឬករណីចាំបាច់ឡើយ គឺត្រូវធ្វីការបូជាជីវិតដើម្បីរដ្ឋដើម្បីវឌ្ឍនភាពរបស់រដ្ឋ
។ ពលរដ្ឋទាំងអស់ ត្រូវផ្សារសាច់ឈាមរលាយចូលទៅក្នុងរដ្ឋហើយរដ្ឋ
ក៏កើតឡើងដោយសារតែពលរដ្ឋដែរ ។ ដូច្នេះពុំអាចអ្នកណាម្នាក់
ក្នុងរដ្ឋាភិបាលមានសុភមង្គលតែឯកឯងបានទេ ហើយអ្នកដទៃទៀតរស់លើគំនរទុក្ខ
និងស្ទឹងទឹកភ្នែក បានន័យថា ពលរដ្ឋទាំងអស់
ក្នុងប្រទេសត្រូវតែមានសុភមង្គលដូចៗ គ្នា ។
នៅក្នុងទ្រឹស្តីនយោបាយរបស់លោកផ្លាតូ
គឺបង្ហាញឲ្យឃើញនូវគំនិតផ្តាច់ការទាំងឡាយ ដែលពុំអាចធ្វើការបិទបាំង
នៃជំរៅអត្ថន័យរបស់វា ហើយមិនមានការពិបាកយល់ទេ
ព្រោះវាជាមូលដ្ឋានសុខមាលភាពរបស់រដ្ឋ៕
ទស្សនវិជ្ជារបស់ផ្លាតូ
តាមទស្សនៈរបស់ផ្លាតូថា «ពិភពលោក កើតឡើងដោយធាតុ ២ យ៉ាង គឺពិភពទស្សនៈ និងរូបធាតុ ។ ពិភពទស្សនៈ មិនសំដៅទៅលើរចនាសម្ព័ន្ធគំនិតនោះទេ ប៉ុន្តែជាពិភពសច្ចៈដែលសម្តែងបង្ហាញនូវភាពជាក់ស្តែង ។ ចំណែករូបធាតុនិយមនៅក្នុងដំណើរវិវត្តន៍របស់ខ្លួន គ្មានភាពសច្ចៈទេ» ។ ផ្លាតូបានបង្ហាញថា «គ្មានរូបធាតុណាមួយ មិនប្រែប្រួលបាត់បង់នូវស្ថានភាពរបស់វាទេ គឺមានតែការប្រែប្រួលប៉ុណ្ណោះ ដែលមិនប្រែប្រួល» ។
បានន័យថា គឺមានតែពិភពទស្សនៈទេ ដែលមានភាពសច្ចៈ និងមិនប្រែប្រួល
ចំណែកឯរូបធាតុវិញ មានលក្ខណៈស្រពិចស្រពិលមិនមានភាពសច្ចៈ
គឺវាមិនឆ្លើយតបទៅ នឹងសភាពលក្ខណៈខាងក្រៅខ្លួនរបស់វា គ្រប់ពេលវេលានោះទេ
ផ្លាតូបានរិះរកទស្សនៈរបស់មេដឹកនាំដ៏ល្បីល្បាញជាងគេ
ដែលមាននៅក្នុងស្នាដៃរបស់គាត់ស្តីអំពី «ពលកម្ម និងពេលវេលា» ដែលត្រូវបានគេទទួលស្គាល់
និងចាត់ទុកថាជាទេវកថា ឬជាសតវត្សមាសដ៏ល្អ
អាចយកធ្វើជាគំរូបានហើយជាស្នាដៃដែលប្រកាន់ភ្ជាប់នូវរបបនយោបាយល្អប្រសើរ ។
នៅអតីតកាល ប្រវត្តិសាស្រ្ត
ធ្វើដំណើរលើផ្លូវដែលមិនត្រូវដើរចេញពីសតវត្សមាសទៅកាន់សតវត្សដែក
គឺថារចនាសម្ព័ន្ធរបស់រដ្ឋគំរូ មានតែនៅក្នុងសតវត្សមាសទេ
។តើរដ្ឋគំរូរបស់ផ្លាតូ មានសញ្ញាណយ៉ាងដូចម្តេច ? បើតាមទស្សនៈរបស់ផ្លាតូ
ដែលបាននិយាយនៅក្នុងស្នាដៃរដ្ឋសញ្ញាណដ៏សំខាន់របស់រដ្ឋជាគំរូ
គឺភាពយុត្តិធម៌ ។
ភាពយុត្តិធម៌បើតាមទស្សនៈរបស់ផ្លាតូគឺស្ថិតនៅត្រង់ថាពលរដ្ឋម្នាក់
ត្រូវតែមានការងារធ្វើ ហើយអាស្រ័យទៅតាមឧបនិស្ស័យរបស់គេ
ដូច្នេះភាពយុត្តិធម៌របស់រដ្ឋគឺពលរដ្ឋត្រូវមានការងារធ្វើ ហើយធ្វើសកម្មភាពស្របទៅតាមសមត្ថភាព និងអត្ថិភាពរបស់ខ្លួនផ្ទាល់ ។
លោកផ្លាតូបានធ្វើការបែងចែកយ៉ាងច្បាស់នូវឋានានុក្រមស្រទាប់របស់មនុស្ស
ក្នុងសង្គមថា ពួកទស្សនៈវិទូ ដែលដឹកនាំប្រទេស (វណ្ណៈជាន់ខ្បស់)
អ្នកយាម និងទាហានមន្រ្តីរាជការ (វណ្ណៈកណ្ណាល) អ្នកសិប្បករ
និងកសិករ (វណ្ណៈក្រោម) ។ មិនតែប៉ុណ្ណោះ
ប្លាតូបានពិនិត្យយ៉ាងហ្មត់ចត់ លើបញ្ហាការសិក្សា និងការអប់រំ ។
ផ្លាតូបានធ្វើការបែងចែកដូច្នេះ «អាស្រ័យលើឧបនិស្ស័យរបស់មនុស្ស គឺភាពវៃឆ្លាត ភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ» ។
សម្រាប់លោកផ្លាតូ រចនាសម្ព័ន្ធល្អ គឺនៅកន្លែងណាដែលពលរដ្ឋម្នាក់ៗ
ធ្វើការដើម្បីប្រយោជន៍របស់ខ្លួននៅក្នុងទិសដៅអភិវឌ្ឍន៍សង្គម ។
រដ្ឋនិងសង្គមពលរដ្ឋរបស់ផ្លាតូ គឺមានលក្ខណៈតែមួយ។
តាមការពិនិត្យវណ្ណៈទាំងឡាយ ដូចជាមេដឹកនាំ (ក្សត្រ) កងទ័ព (អាមាត្យ)
ឈ្មួញ សិប្បករ និងម្ចាស់ដី លោកផ្លាតូ បានបង្ហាញថា «វណ្ណៈ
ដែលមានតួរនាទីសំខាន់ជាងគេក្នុងរដ្ឋ គឺមេដឹកនាំ (ក្សត្រ) និងកងទ័ព
(អាមាត្យ) ។ រីឯឈ្មួញកសិករ
និងដែលមានជីវិតផ្សារភ្ជាប់នឹងផលិតផលសម្ភារៈនោះ
ពួកគេមិនអាចជៀសផុតពីការអាស្រ័យនូវរដ្ឋនោះទេ
ទីបំផុតពួកវណ្ណៈទាំងពីរនេះប្រឹងប្រែងសន្សំទ្រព្យសម្បត្តិ
ដែលជាហេតុនាំឲ្យកើតមានឡើងនូវអ្នកមានពេកនិងអ្នកក្រពេក» ។
ដើម្បីរក្សាស្ថានភាពនេះ ផ្លាតូទាមទារឲ្យមានការបង្កើត
ប្រព័ន្ធអប់រំពិសេសមួយសម្រាប់ក្រុមអ្នកដឹកនាំ និងអ្នកការពារ ។
នៅក្នុងមូលនៃប្រព័ន្ធអប់រំនេះ ត្រូវមានសិល្បៈតូរ្យតន្រ្តី
និងអត្តពលកម្មចូលរួមផងដែរ។
តូរ្យតន្រ្តីពង្រឹងដួងប្រលឹងអប់រំឲ្យស្រលាញ់ជាតិមាតុភូមិ
ចំណែកឯអត្តពលកម្មពង្រឹងរាង្គកាយឲ្យរឹងមាំរៀបចំពលរដ្ឋដើម្បីរដ្ឋរបស់ខ្លួន
។ តាមទស្សនៈរបស់ផ្លាតូ
ការសិក្សាវិទ្យាសាស្រ្តជាការស្វែងរកពិភពសច្ចភាពហើយមិនភូតភរ
ដូចជាលក្ខណៈរូបធាតុទេ ។ បន្ទាប់ពីបានបញ្ចប់នូវមុខវីជ្ជាទាំងអស់នេះ
យុវវ័យមានការចេះដឹងនិងប្រកបដោយសីលធម៌នោះ
អាចរៀបចំខ្លួនដើម្បីដើរតួរជាមេដឹកនាំ ។ ពេលនេះគេសិក្សាវិភាគអំពីសិល្បៈ
និងដឹកនាំជជែកពិភាក្សា បន្ទាប់មកសិក្សាទស្សនវិជ្ជា
ដែលជាប្រភពដើមនៃរាល់ប្រព័ន្ធចំណេះដឹង ។
នៅចុងកម្មវិធីសិក្សាពួកគេត្រូវតែងតាំងឱ្យមានមុខងារជាបុគ្គលិករដ្ឋ
ប៉ុន្តែមិនទាន់មានមុខងារដឹកនាំរដ្ឋទេ លុះត្រាតែមានវ័យចាប់ពី ៥០
ឆ្នាំឡើងទៅ ស្គាល់នូវទិសដៅនៃជីវិតច្បាស់លាស់ ។
ចេះធ្វើការអង្កេតពិនិត្យទទួលយកនូវទស្សនៈដែលជឿនលឿន
និងមានការសម្របសម្រួលទទួលយកបទពិសោធន៍ជាច្រើនអំពីរដ្ឋ ។
គេនៅពេលនោះគេមានលក្ខណសម្បត្តិពេញលេញ ក្លាយជាមេដឹកនាំរដ្ឋពិតប្រាកដ ។
បើតាមទស្សនៈរបស់ផ្លាតូ ទិសដៅរបស់រដ្ឋដែលផ្លាតូ គិតថាជារដ្ឋគំរូ
គឺត្រូវជួយផ្គត់ផ្គង់អតិបរមាដល់ដល់កង្វះខាតក្នុងជីវិតប្រជាពលរដ្ឋ
ទាំងសម្ភារៈ ទាំងស្មារតី ។ ស្ថានភាពនៃជីវិតនេះហើយ
ដែលគេបានគិតទទួលយកនៅក្នុងសម័យបុរេក្រិច និងរូម ។
ដូច្នេះរដ្ឋគំរូរបស់ផ្លាតូត្រូវតែអាស្រ័យនឹងការបែងចែកជាក្រុម
ដែលប្រកបដោយគុណធម៌ទាំងឡាយ បួនយ៉ាងគឺ
-ចំណេះដឹងជ្រៅជ្រះ
-សេចក្តីក្លាហាន
-វិចារណញ្ញាណ
-យុត្តិធម៌ ។
ចំណេះដឹងជ្រៅជ្រះ
ក្នុងនាមជាអ្នកបំពេញតួនាទី ជាអ្នកដឹកនាំរដ្ឋ ។ សេចក្តីក្លាហាន
ជាគុណសម្បត្តិរបស់ទាហានមានតួនាទី ជាអ្នកការពារ ។ ទីបី និងទីបួន
គឺវិចារណញ្ញាណ
និងយុត្តិធម៌ជាគុណធម៌ដែលមានគ្រប់ពលរដ្ឋទាំងអស់នៅក្នុងរដ្ឋគំរូ។
ទន្ទឹមនឹងនេះ
គួរតែធ្វើការកត់សំគាល់ផងដែរ នៅក្នុងសំណេរស្នាដៃរដ្ឋគំរូរបស់ផ្លាតូ
គេសង្កេតឃើញមានការផ្សព្វផ្សាយនូវទេវកថាបុរេក្រិច
ស្តីអំពីមនុស្សប្រាំជំនាន់
ដែលបានផ្លាស់ប្តូរដែលស្ថិតនៅក្នុងកំណាព្យរបស់កវីGesioda ថា «ពលកម្ម និងពេលវេលា» ។
ទីមួយ ឬសតវត្សមាស គឺជាជំនាន់មនុស្សដែលទទួលបាននូវអ្វីជាគំរូ
។នៅក្នុងជំនាន់នោះ គេមានគុណធម៌គ្រប់បែបយ៉ាងទាំងអស់
ហើយឋិតក្រោមការដឹកនាំរបបរាជានិយម។ ជំនាន់ក្រោយមក បានចប់ផ្តើមឃ្លាតចេញ
ពីតំណាក់កាលសតវត្សមាស ។ កើតឡើង នូវតំណាក់កាល
ដែលបានកាត់ផ្តាច់នូវគុណធម៌ទាំអស់ ។ គឺនៅក្នុងទេវកថានេះ ត្រូវនឹងស្នាដៃរបស់ផ្លាតូ
ដែលនិយាយអំពីរបបនយោបាយ និងរចនាសម្ព័ន្ធដឹកនាំ ដែលរបបរាជានិយម
និងអភិជនាធិបតេយ្យ បានកាត់បង់នូវស្ថានសួគ៌របស់ខ្លួន
រីឯរចនាសម្ព័ន្ធនយោបាយសង្គមបួនទៀត កំណត់ភាពទន់ខ្សោយរបស់ប្រជាពលរដ្ឋ ក្នុងការប្រឹងប្រែង
ដើម្បីគុណធម៌ និងសីលធម៌នៅក្នុងជីវិត ។ ទស្សនៈរបស់ផ្លាតូ មានគោលការណ៍
នៅក្នុងអតីតកាល ដែលអ្នកទស្សនវិទូ មើលឃើញគំរូនយោបាយរបស់ខ្លួន ៕
ការបែងចែករបបអ្នកដឹកនាំរបស់ផ្លាតូ
ផ្លាតូបានបែងចែកនូវទ្រង់ទ្រាយដឹកនាំដូចតទៅ៖
-រាជាធិបតេយ្យ(Monarchy)
-អភិជនាធិបតេយ្យ(Aristocracy)
-សក្តិភូមិ (Timocracy)
-គណាធិបតេយ្យ( Oligrachy )
-ប្រជាធិបតេយ្យ( Democracy )
-ទុជនាធិបតេយ្យ( Tyranny )
ផ្លាតូ
បានបែងចែកដូច្នេះ ភាពត្រឹមត្រូវជាគូ នឹងវិចារណញ្ញាណ បន្ទាប់មកគុណធម៌
និងភាពខ្វះខាត (អគុណធម៌)បន្ទាប់មកសុភមង្គល និងអពមង្គល ។ ផ្លាតូ
បានចាត់ទុករបបរាជាធិបតេយ្យ
និងអភិជនាធិបតេយ្យជារបបនយោបាយដឹកនាំល្អប្រសើរជាងគេ ដែលមានយុត្តិធម៌
ជាកន្លែងដែលមានមេដឹកនាំទាំងអស់ ព្រួយបារម្ភអំពីភាពរុងរឿងរបស់រដ្ឋ
ដែលជាលក្ខណៈត្រឹមត្រូវ និងជាគំរូ ៕
ផ្លាតូ(ខាងឆ្វង) និងអារីស្តូត(ខាងស្តាំ) |
ប៉ុន្តែទស្សនៈ របស់ផ្លាតូ (Plato) ចំពោះតួនាទីរបស់មេដឹកនាំរដ្ឋគំរូ
គឺចំពោះអ្នកណាមួយដែលស្ម័គ្រចិត្តមិនចង់ធ្វើជាអ្នកដឹកនាំទាល់តែសោះ
តែចង់ធ្វើការកែកំហុសរបស់អ្នកដទៃ ។ អ្នកដែលមិនមែនជាអ្នកដឹកនាំគំរូ
គឺសំដៅទៅលើអ្នកណាដែលស្រលាញ់ខ្លួនឯងស្រលាញ់លុយ និងស្រលាញ់បុណ្យសក្តិ ។
ពីព្រោះអ្នកដឹកនាំណាមួយដែលមានលក្ខណៈដឹកនាំល្អសុទ្ធសាធនោះ
មិនមែនធ្វើសកម្មភាពដើម្បីតែខ្លួនឯងនោះទេ
គឺដើម្បីភាពសំបូរសប្បាយរុងរឿងជូនអ្នកដែលនៅក្រោមបង្គាប់របស់ខ្លួន ។
ផ្លាតូ (Plato) បានបង្ហាញថា
បើនៅក្នុងរដ្ឋសុទ្ធតែមនុស្សល្អនោះលទ្ធភាពក្នុងការកាន់អំណាចនឹងមានច្រើន
។ ប៉ុន្តែមេដឹកនាំពិតបា្រកដ ត្រូវមានគុណសម្បត្តិល្អ
សម្រាប់ខ្លួនឯងផងនិងសម្រាប់អ្នកនៅក្រោមបញ្ជាផង ។ ហេតុដូច្នេះ
អ្នកដែលដឹកនាំល្អបំផុត
មានលក្ខណៈវិសេសវិសាលឆ្លាតវៃជាងគេមានសមត្ថភាពខ្ពស់ជាងគេ
មានវង្សត្រកូលប្រកបទៅដោយគុណធម៌ ហើយលើសពីនេះទៅទៀត
គឺត្រូវគិតគូរដល់អ្នកដទៃនិងរដ្ឋ ។ មានន័យថាការងាររួម
គឺជាការងាររបស់ខ្លួនផ្ទាល់ជ័យជំនះទៅលើការងាររួមក៏ជាជ័យជំនះរបស់ខ្លួនឯងដែរ
។ ត្រូវតែជ្រើសរើសមេដឹកនាំដែលមានគុណសម្បត្តិដូច្នេះ ។
ព្រោះទិសដៅនៅក្នុងជីវិតគឺដើម្បីវឌ្ឍនភាពរដ្ឋ ។ គុណសម្បត្តិដ៏សំខាន់
សម្រាប់មេដឹកនាំតាមទស្សនៈរបស់ផ្លាតូ (Plato) គឺសីលធម៌ ភាពនឹងហ្ន៎ និងមិនឆេវឆាវ ។ ផ្លាតូ (Plato) បានចង្អុលបង្ហាញគុណសម្បត្តិមេដឹកនាំ
ដើម្បីអាចបង្កឱកាសឲ្យអ្នកធ្វើការជុំវិញបណ្តុំទៅដោយមនុស្សស្ម័គ្រចិត្ត
ធ្វើការដោយសុទ្ធចិត្ត ហើយសុទ្ធតែជាមនុស្ស
មានគុណសម្បត្តិល្អប្រពៃហើយក៏ជាសម្ព័ន្ធមិត្តដ៏ល្អប្រសើរ
របស់ប្រជាពលរដ្ឋផងដែរ ។ ទាំងអស់នេះ ត្រូវដឹកនាំដោយវិចារណញ្ញាណ
។ភាពឆ្លាតវៃ គឺជាផ្លូវចង្អុលបង្ហាញគំនិតដ៏ល្អប្រសើរ ។ អពមង្គល
នឹងកើតឡើងមិនចេះចប់ ទាំងចំពោះរដ្ឋទាំងចំពោះពលរដ្ឋ ក្នុងខណៈណា
ដែលអ្នកដឹកនាំមិនមែនជាទស្សនៈវិទូ ពីព្រោះទស្សនៈវិទូនេះហើយ
គឺជាផលវិជ្ជមាននៃសច្ចធម៌ និងអត្ថិភាពហើយក្រៅអំពីទស្សនៈវិទូនេះ
គឺមិនដែលនាំមកនូវសមិទ្ធិផលអ្វីដ៏គាប់ប្រសើរធំធេងទេសម្រាប់បច្ចេកបុគ្គល
(ខ្លួនឯង) ក៏ដូចជាសម្រាប់រដ្ឋ ឬពលរដ្ឋ ។
លក្ខណៈធម្មជាតិរបស់ទស្សនៈវិទូ គឺជាលទ្ធភាពល្អលើកកម្ពស់គំរូទស្សនៈ
និងភាពក្លាហាន ។ លក្ខណៈធម្មជាតិរបស់ទស្សនៈវិទូ ជាបងប្អូន
នឹងការលើកកម្ពស់នូវភាពរុងរឿង ។ មានតែនៅក្នុងរដ្ឋប្រកបដោយយុត្តិធម៌ទេ
ដែលជាកន្លែងអភិជន នឹងដឹកនាំពោរពេញទៅដោយភាពសម្បូរសប្បាយ
ប៉ុន្តែមិនមែនសម្បូរមាសបា្រក់ទេ
គឺសម្បូរសប្បាយដោយសុភមង្គលប្រកបដោយសីលធម៌និងវិចារណញ្ញាណ នៅក្នុងជីវិត ។
ច្បាប់ បង្ខំឲ្យកំណត់ទិស មិនមែនដើម្បីភាពសម្បូរសប្បាយតែម្នាក់ឯងទេ
គឺដើម្បីរដ្ឋទាំងមូល ។ នៅក្នុងរដ្ឋបច្ចុប្បន្ន
ត្រូវតែមាននូវភាពយុត្តិធម៌ ព្រោះអំណាចរបស់រាជា (អ្នកដឹកនាំ)
តាមទស្សនៈរបស់ផ្លាតូ (Plato) គឺឆ្លើយតបទៅនឹងគុណធម៌ពេញលេញ
។ បើសិនជាមេដឹកនាំមួយចំនួននោះ គឺជាអភិជនពិត
ប៉ុន្តែការដឹកនាំរបស់ពួកនោះ ពុំសូវគ្រប់លក្ខណៈគុណធម៌ ដែលចង់បានទេ នោះឯង
គឺជាមូលហេតុឲ្យកើតការស្រលាញ់អំណាចហួស ដូច្នេះ ការដឹកនាំបែបនោះ
គឺជាបែបសក្តិភូមិ (Timocracy) ៕
លក្ខណៈរបបសក្តិភូមិ (Timocracy)
សម្រាប់របបសក្តិភូមិ (Timocracy) គឺមានលក្ខណៈ
ជាគូប្រកួតប្រជែង និងការប្រឹងប្រែងដើម្បីអំណាច
នៅក្នុងរចនាសម្ព័ន្ធរដ្ឋបែបនេះ គេមិនចង់ដាក់មនុស្សវ័យឆ្លាត
នៅក្នុងតួនាទីទេ គឺគេមិនឲ្យតំលៃ ចំពោះមនុស្សមានគុណធម៌ និងភក្តីទេ
ប៉ុន្តែឲ្យតំលៃចំពោះមនុស្ស ដែលមានលក្ខណៈធម្មជាតិកាចសាហាវ
មានកំណើតមកសម្រាប់ធ្វើសឹកសង្រ្គាម មានការអប់រំឲ្យធ្វើអំពើហឹង្សា
ហើយមិនមែនឈរលើគោលការណ៍ ជឿជាក់លើខ្លួនឯងនោះទេ ។
មនុស្សនៅក្នុងសក្តិភូមិមានលក្ខណៈកាចសាហាវ និងមានការចេះដឹងទាប
ប៉ុន្តែគេស្តាប់មេដឹកនាំអំណាច ដោយឥតលក្ខ័ន្ត ។ ទ្រង់ទ្រាយដឹកនាំនេះ
(សក្តិភូមិ) មានលក្ខណៈ ប្រហាក់ប្រហែល នឹងលក្ខណៈអភិជន ។
តើទ្រង់ទ្រាយដឹកនាំទាំងពីរនេះ មានលក្ខណៈខុសគ្នាយ៉ាងណា ? ដូចម្តេច ដែលហៅថាសក្តិភូមិ(Timocracy) ? ដើម្បីដោះស្រាយបញ្ហាឲ្យបានទូលំទូលាយត្រូវយល់ថា ហេតុដូចម្តេចត្រូវបាត់បង់រចនាសម្ព័ន្ធរដ្ឋគំរូ ? មូលហេតុនៃការបាត់បង់រចនាសម្ព័ន្ធគំរូផ្លាតូ (Plato) គិតថា មកពីមិនអាចថែរក្សា និងបន្តនូវគុណសម្បត្តិនៃសីលធម៌ដ៏ខ្ពង់ខ្ពស់ពីជំនាន់មួយទៅជំនាន់មួយ
ហេតុដូច្នេះហើយ បានជាកើតឡើងលើលោកនេះ នូវសីលធម៌មួយ ដែលមានគុណធម៌តិចជាង
ហើយមនុស្សដែលមានសីលធម៌ច្រើន
ក៏កាន់តែតិចមនុស្សដែលមានសីលធម៌តិចជាងមុនកាន់តែកើនឡើង
ពួកគេមានទិសដៅប្រឹងប្រែងដើម្បីក្លាយជាអ្នកមាន ។ ក្នុងលក្ខណៈនេះហើយ
ដែលធ្វើឲ្យខូចបង់នូវរចនាសម្ព័ន្ធរបបអភិជន ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ផ្លាតូ (Plato) ពុំបានអះអាងថា ទ្រព្យសម្បត្តិជាប្រភពនៃសភាវៈអាក្រក់នោះទេ ។ សម្រាប់ផ្លាតូ (Plato) ការប្រឹងបែ្រងដើម្បីទ្រព្យសម្បត្តិ
គឺជាការសន្សំសម្ភារៈដែលនៅក្នុងទស្សនៈវិជ្ជារបស់លោកបានកំណត់ថា
ជាកាយវិការមួយនាំឲ្យទស្សនៈសច្ចធម៌ ប្រែក្លាយជាស្រអាប់ស្រពិចស្រពិល ។
ក្រៅពីនេះ
គឺភាពមាន
និងក្ររបស់ប្រជាពលរដ្ឋ
នាំឲ្យមានការខូចខាតនូវទំនាក់ទំនងនយោបាយធម្មតានៅក្នុងសង្គម ។
នៅលើគោលការណ៍នេះ បើនិយាយពីរដ្ឋគំរូផ្លាតូ (Plato) បានគិតថា «ទ្រព្យសម្បត្តិប្រពន្ធនិងកូនរបស់ពីរក្រុមដ៏សំខាន់ គឺអ្នកដឹកនាំ និងអ្នកការពារ ត្រូវតែស្ថិតនៅជាកម្មសិទ្ធិរួម»។
នៅក្នុងខណៈណាដែលធ្វើឲ្យខូចនូវលក្ខណៈគោលការណ៍នេះ
ទោះរចនាសម្ព័ន្ធអភិជនក៏ដោយ
វានឹងបាត់បង់នូវស្ថានភាពពិតរបស់ខ្លួនហើយទន្ទឹមនឹងនេះរចនាសម្ព័ន្ធរដ្ឋគំរូ
ក៏បាត់បង់ដែរ ។
ការប្រឹងប្រែងដើម្បីទទួលបាននូវស្ថានភាពពត៌មានអំពីសំភារៈឬរូបធាតុនេះ
ដែលធ្វើឲ្យមនុស្សកាន់តែការងឿងឆ្ងល់ថា
ហេតុអ្វីបានជាស្ថានភាពពិតរបស់រូបធាតុ មិនស៊ីគ្នានិងពិភពគំនិត ។
ទន្ទឹមនឹងនេះ ពលរដ្ឋដែលមានលក្ខណៈវិសេសជាងគេពេលនេះ
ជាជោគជ័យមួយមិនគ្រប់គ្រាន់ទេគេប្រឹងប្រែងថែមទៀត ដើម្បីពង្រឹង
និងពង្រីកតួនាទីរបស់គេ នៅក្នុងសង្គម ។ ក្នុងខណៈនេះ
គឺមានតែទ្រព្យសម្បត្តិទេ ដែលគេត្រូវការ ហេតុដូច្នេះហើយ នៅក្នុងសង្គម
នឹងនាំឲ្យមានការលើកកម្ពស់ទ្រព្យសម្បត្តិពីលើសីលធម៌ ។ ដូច្នេះហើយ ផ្លាតូ (Plato) បានបង្ហាញថា «សេចក្តីស្រេកឃ្លានអំណាច នៅក្នុងរបបសក្តិភូមិ(Timocracy) ធ្វើឲ្យខូចខាតប្រព័ន្ធគ្រប់គ្រងអំណាចដោយខ្លួនឯងផ្ទាល់តែម្តង» ៕
លក្ខណៈរបបគណាធិបតេយ្យ(Oligarchy)
បន្ទាប់ពីរបបសក្តិភូមិ (Timocracy) ផ្លាតូ (Plato) បានហៅរបបថ្មីមួយទៀត គឺរបបគណាធិបតេយ្យ (Oligarchy) ដែលកើតចេញអំពីសក្តិភូមិ (Timocracy) នៅក្នុងលទ្ធផលនៃការដឹកនាំនៅក្នុងសង្គម ។ នៅក្នុងរបបគណាធិបតេយ្យ (Oligarchy) ចូលរួមក្នុងការដឹកនាំប្រទេស
មានតែពួកអ្នកមានទ្រព្យសម្បតិ្តខ្ពង់ខ្ពស់
រីឯពួកក្រីក្របានកាត់ផ្តាច់ស្រលះ ។ បើសិនជានៅក្នុងរបបសក្តិភូមិ (Timocracy) សារៈសំខាន់មានតែកេរ្តិ៍ឈ្មោះនោះ នៅក្នុងរបបគណាធិបតេយ្យ (Oligarchy) ទិសដៅសំខាន់គឺទ្រព្យសម្បត្តិបើសិនជាប្រៀបធៀបរបបគណាធិបតេយ្យ (Oligarchy) ទៅនឹងរបបសក្តិភូមិ (Tomocracy) គឺទី ១ អាក្រក់ជាងទី ២ ទៅទៀត ។ ការប្រមូលសន្សំមាសរបស់មនុស្សបានធ្វើឲ្យខូចខាតដល់ប្រព័ន្ធសក្តិភូមិ (Timocracy) ជាបឋម
ពួកគេបានបោះបង់នូវប្រព័ន្ធដែលគេកំពុងប្រើប្រាស់ហើយដើម្បីបំពេញនូវទិសដៅនេះ
គេត្រូវបង្កើតច្បាប់ ដែលគិតគូរតិចតួចណាស់ជាមួយនឹងមនុស្ស ។
នៅពេលណាដែលពួកគេឲ្យតំលៃមធ្យោបាយគាបសង្កត់កាន់តែខ្លាំងឡើងនោះ
គេនឹងឲ្យគុណធម៌កាន់តែតិចដែរ ។ ផ្លាតូ(Plato) បានបង្ហាញថា
ដោយនៅក្នុងរដ្ឋ គេឲ្យតំលៃទៅលើភាពមានស្តុកស្តម្ភទ្រព្យសម្បត្តិ
មានន័យថា គេនឹងមានការចុះថយចំពោះតំលៃទៅលើគុណធម៌ដែរ ។
ការឲ្យតំលៃទៅលើទ្រព្យសម្បត្តិកាន់តែកើនឡើង
ការលើកកម្ពស់អ្នកមាននាំឲ្យមានការតែងតាំងពួកនេះ
នៅក្នុងម៉ាស៊ីនដឹកនាំនៅពេលនោះ អ្នកក្រពុំមានលទ្ធភាពចូលកាន់តំណែងបានឡើយ ។
ដូច្នេះ ផ្លាតូ (Plato) បានបង្ហាញថា ការកំណត់ស្ថានភាពទ្រព្យសម្បត្តិ បានក្លាយជាច្បាប់ និងឋានានុក្រម នៃរបបគណាធិបតេយ្យ (Oligarchy) ។ យ៉ាងណាមិញ នៅពេលណា របបគណាធិបតេយ្យ(Oligarchy) កាន់តែរឹងមាំនោះ
ការឲ្យតំលៃទៅលើទ្រព្យសម្បត្តិ ក៏កាន់តែខ្លាំងដែរ ។
ដូច្នេះយើងឃើញយ៉ាងច្បាស់ថារបបនេះ
អាចថែរក្សាគង់វង្សបានមានតែប្រើមធ្យាបាយហឹង្សាទេ ។ ផ្លាតូ (Plato) បានបង្ហាញថារបបគណាធិបតេយ្យ (Oligarchy) នឹងត្រូវបែកបាក់ជារដ្ឋពីរ
គឺរដ្ឋសម្រាប់អ្នកមាន និងរដ្ឋសម្រាប់អ្នកក្រ ។
រដ្ឋទាំងពីរប្រឈមមុខនឹងគ្នាជានិរន្តន៍ ។ ឧក្រិដ្ឋកម្ម
នឹងកើតមានឡើងជាញឹកញាប់នៅក្នុងរបបនេះ ដោយសារតែគំនិតឆ្កួតលីលា ។
ភាពកំណាញ់ និងភាពកេងចំណេញ បានក្លាយជាគុណសម្បត្តិមួយសម្រាប់មនុស្ស
ហើយប្រសិនបើមនុស្សប្រភេទនេះ មានទីតាំងរបស់ខ្លួនក្នុងរបបសក្តិភូមិ (Timocracy) សេចក្តីស្នេហា នឹងយសស័ក្តិ នឹងក្លាយជាសេចក្តីស្នេហាមាសប្រាក់ ៕
លក្ខណៈរបបប្រជាធិបតេយ្យ(Democracy)
បន្តទៅនេះ ជារចនាសម្ព័ន្ធ ឬរបបនយោបាយ ដឹកនាំរដ្ឋតាមទស្សនៈរបស់ផ្លាតូថា របបប្រជាធិបតេយ្យ(Democracy) ជារបបកើតចេញអំពីប្រព័ន្ធគណាធិបតេយ្យ (Oligarchy) ។
លទ្ធិប្រជាធិបតេយ្យ បានកើតឡើងនៅពេលណា ដែលអ្នកក្របានទទួលជ័យជំនះ
នៅពេលនោះ ពួកសត្រូវរបស់គេមួយចំនួនត្រូវបានសម្លាប់ហើយមួយចំនួនទៀត
ត្រូវបានបណ្តេញចេញ រីឯអ្នកដែលនៅសល់បានបន្តការរស់នៅក្នុងគោលការណ៍សមភាព
ក្នុងឋានៈជាពលរដ្ឋ ។ នៅក្នុងរដ្ឋដែលមានសិទ្ធិសេរីភាពពេលលេញឥតលាក់លៀម
និងមានសទ្ធិធ្វើអ្វីដែលខ្លួនចង់ធ្វើ
មិនចាំបាច់ត្រូវឱនលំទោនចំពោះអ្នកណានោះទេ បើខ្លួនមិនចង់ធ្ធើ
(ព្រោះជាសទ្ធិរបស់ខ្លួន) ។ ដូច្នេះ មើលទៅហាក់ដូចជារបបនយោបាយមួយនេះ
ល្អប្រសើរបំផុតជាងគេ ។ ប៉ុន្តែ នៅក្នុងរបបនេះ
ពុំមានអ្នកណាមួយមានទួនាទីត្រូវតែដឹកនាំនោះទេ ។ នៅក្នុងរបបប្រជាធិបតេយ្យ
មនុស្សមានអំណាច កេរ្តិ៍ឈ្មោះ យសស័ក្តិ គឺអាស្រ័យពួកមហាជនមើលឃើញ
ជ្រើសរើសយក ។ យ៉ាងណាមិញ នៅក្នុងរបបប្រជាធិបតេយ្យ
ក៏មិនមែនអាស្រ័យទៅលើបុគ្គលណា ដែលចូលរួមក្នុងសកម្មភាពដឹកនាំរដ្ឋ ។
ដូច្នេះ តាមទស្សនៈរបស់ផ្លាតូ (Plato) នៅក្នុងរបបប្រជាធិបតេយ្យ
នឹងកើតឡើងនូវភាពអួតអាង ការឲ្យមានសេរីភាពហួសហេតុ ការមិនមានទំទួលខុសត្រូវ
ចំពោះពាក្យសម្តីនិងភាពឥតខ្មាសទាំងនេះ គឺជាវីរភាពរបស់គេ ។
នៅក្នុងរដ្ឋប្រជាធិបតេយ្យ អ្នកឭសូរតែពាក្យសរសើរ
ដោយឥតព្រំដែនតែអំពីសទ្ធិសេរីភាពប៉ុណ្ណោះ ។
នៅពេលដែលអ្នកមិនស្តាប់បង្គាប់បះបោរឡើង ធម្មតាពេលនោះ
ឪពុកតែងតែមានទំលាប់គំរាមគំហែងកូន របស់ខ្លួនបើសិនជាគ្រូវិញ
គឺតែងតែប្រតិកម្មចំពោះកូនសិស្សរបស់ខ្លួន ។ នៅក្នុងជួរប្រជាជន
នៃរបបប្រជាធិបតេយ្យ និងកើតឡើងនូវភាពមិនសុខ
មានអារម្មណ៍ហាក់ដូចជាចង្អៀតចង្អល់រហូតដូចជាមានអ្វីមករារាំងគេជាប់ជានិច្ច
ទីបំផុតពួកគេលែងគិតអំពីច្បាប់សំខាន់
គេចង់បានមិនត្រូវឲ្យមានអំណាចណាមួយកមគ្របសង្កត់លើគេឡើយ។
ក្នុងលក្ខណៈនេះហើយ ដែលនាំឲ្យកើតមាននូវរបបផ្តាច់ការ ។ដូច្នេះ
ចេញអំពីសេរីភាព នឹងកើតឡើងនូវរបបទាសភាពដ៏ព្រៃផ្សៃ និងកាចសាហាវបំផុត ៕
លក្ខណៈរបបទុជនាធិបតេយ្យ(Tyranny)
ទុជនាធិបតេយ្យ (Tyranny) គឺជារបបផ្តាច់ការ
ដែលមានទ្រង់ទ្រាយរចនាសម្ព័ន្ធរឹងមាំ ហើយក៏ជារបបកាចសាហាវ ។
ពេលដែលពួកមហាជន ឱនលំទោនស្តាប់បង្គប់តាមនៅពេលនោះ មេដឹកនាំ
នឹងក្លាយជាមេដឹកនាំផ្តាច់ការហើយមេដឹកនាំ
ចាប់អារម្មណ៍ទៅនឹងសេចក្តីសម្រេចចិត្តរបស់តុលាការ
ដែមានលក្ខណៈអយុត្តិធម៌កាត់ផ្តាច់ពីមនុស្ស
ដោយប្រើមធ្យោបាយដាក់ទណ្ឌកម្មយ៉ាងកាចសហាវ នៅពេលនេះ គេបានឈរនៅលើផ្លូវ
នៃមេដឹកនាំរដ្ឋដែលមិនមែនជាតំណាងរបស់ប្រជាជនទេ គឺជាមេដឹកនាំផ្តាច់ការ ។
កម្មវិធីមួយរបស់មេដឹកនាំផ្តាច់ការ គឺការទាក់អារម្មណ៍របស់ប្រជាជន
ដើម្បីធ្វើសង្រ្គាមដើម្បីឲ្យប្រជាជនមានអារម្មណ៍ត្រូវគ្នា
ជាមួយមេដឹកនាំជានិច្ច ។ ដើម្បីការពារអំណាចមេដឹកនាំផ្តាច់ការ
ត្រូវការតាមដានសកម្មភាពអ្នកណា ដែលក្លាហាន មានទឹកចិត្ត
ទូលំទូលាយប្រកបដោយវិចារណញ្ញាណ និងប្រាជ្ញាឈ្លាសវៃ ។
ភាពរឹងមាំរបស់អំណាចផ្តាច់ការ គឺធ្វើយ៉ាងណាដើម្បីបោលសំអាតពួកនេះចេញ
ពីជួររដ្ឋាភិបាល ។ មធ្យោបាយរបស់មេដឹកនាំផ្តាច់ការ
នៅពេលដែលគេធ្វើអំពើកាចសាហាវទៅលើប្រជាជន កាន់តែខ្លាំងនោះ
គេកាន់តែត្រូវការអ្នកការពារខ្លួនរបស់គេកាន់តែច្រើនថែមទៀត ។
ដូច្នេះប្រជាជនដែលមានសេរីភាព
ត្រូវធ្លាក់ចូលទៅក្នុងស្ថានភាពនូវអំណាចផ្តាច់ការសេរី
របស់ពួកគេត្រូវបាត់បង់ទៅក្នុងរបបផ្តាច់ការ សេរីភាព
ត្រូវបានប្រែក្លាយទៅជាទាសភាពយ៉ាងធ្ងន់ធ្ងរ និងជូរចត់ជាទីបំផុត
ក្នុងភាពជាទាសករ។បើនិយាយពីគុណសម្បត្តិរបស់មេដឹកនាំផ្តាច់ការខ្សោយបំផុត
ផ្លាតូ (Plato) បានបង្ហាញថា
ទោះបីគេមានទំនាក់ទំនងជាមួយអ្នកណាក៏ដោយ ក៏គេតែងតែចង់ទាមទារឲ្យអ្នកនោះ
ក្លាយជាទាសកររបស់គេ ។ មេដឹកនាំផ្តាច់ការប្រៀបដូចជាអំណាចគ្មានច្បាប់
របស់មនុស្សម្នាក់ សម្រាប់ប្រជាជនទាំងអស់ នៅក្នុងសង្គម
ហើយផលប្រយោជន៍របស់ពួកគេ បានកំណត់ខ្ពស់ជាងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់
។ ផ្លាតូ (Plato) បានបង្ហាញទៀតថា «របបផ្តាច់ការ គឺជារបបកាចសាហាវជាទីបំផុតពីព្រោះ៖
ទី១ ប្រជាពលរដ្ឋ នៅក្នុងរបបនេះ មិនមែនចាប់ផ្តើមគោរពឱនលំទោន ចំពោះមនោគមន៍វិជ្ជានោះទេ ចំពោះមនុស្សម្នាក់។
ទី២ ចំណុចសំខាន់សម្រាប់រដ្ឋ
ត្រូវអាស្រ័យនឹងមនោគមន៍វិជ្ជា របស់ខ្លួន ។ ផលប្រយោជន៍រដ្ឋ
ត្រូវតែមានតំលៃខ្ពស់ជាងផលប្រយោជន៍របស់បុគ្គល ឬផលប្រយោជន៍ពលរដ្ឋក្នុងសង្គម
។ មេអំណាចផ្តាច់ការ និងផលប្រយោជន៍ឯកជន
របស់ខ្លួនតែងតែត្រូវបានកំណត់ថាជាផលប្រយោជន៍របស់ប្រជាជនទូទៅ
ហើយគោលបំណងរបស់រដ្ឋបានត្រូវគេយកមកប្រើជាគោលបំណងរបស់ប្រជាជន» ។
No comments:
Post a Comment