ស្ត្រីយ៉ាងណាហៅថាល្អលើសស្ត្រីទាំងពួងក្នុងលោកនេះ? |
សៀវភៅគតិលោក សូមឆ្លើយថាៈ ជាតិស្ត្រីល្អលើសគេនោះ បើនិយាយដោយរូបគឺស្ត្រីប្រកបដោយ បញ្ចពិធកល្យាណី តែបើនិយាយដោយធម៌គឺស្ត្រីមានមាយទល្អនេះឯង បើនិយាយដោយវោហារវិញនោះ គឺស្ត្រីប្រពន្ធគេនោះឯង ហៅថាល្អលើសស្រ្តីក្នុងលោក។ ហេតុអ្វីបានជាថាលើសគេនោះ ព្រោះស្ត្រីប្រពន្ធគេនេះមានទោសខុសទាំងពីរផ្លូវ ថាបើបុរសណាទៅប្រព្រឹត្តកន្លងបវេណីនោះហើយ គឺក្នុងលោកនេះ តែគេដឹងឮហើយ គេចាប់ទៅប្តឹងដល់សាលាជំនុំ។ សាលាជំនុំ ក៏ពិនិច្ឆ័យដាក់គុកដាក់ទោស ឯខាងផ្លូវបរលោកនោះសោតក៏បានបាបធ្លាក់ទៅសោយទុក្ខក្នុងអបាយភូមិ បួនមាននរកជាដើម។ កាលដែលដឹងហើយថាមានទោសបែបនេះហើយ ហេតុអ្វីបុរសលែងពុំបាន យ៉ាងនេះឯងហៅថាស្រីល្អលើសលែងក្នុងលោក។
ឯទឹកដែលផ្អែមពីសាលើសទឹកទាំងពួងនោះ គឺសុរានេះឯង។ មែនពិត ឯទឹកសុរាបានជាថាផ្អែមលើសលែងនោះ ព្រោះទឹកសុរានោះ ទោះបីគេហាមមិនឲ្យបិទ មិនឲ្យធ្វើខ្លួនឯង ក៏នៅតែរកប្រាក់ទៅទិញពីចិន។ ឯទោសផឹកសុរា គឺបង់ប្រាក់១ គឺផឹកទៅហើយកើតស្រវឹងវង្វេងចិត្ត ទៅប្រព្រឹត្តការជួអាក្រក់ផ្សេងៗ មានបង្កពាក្យជម្លោះប្រកែកប្រកួតជាដើម១ មានទោសធ្លាក់ទៅអបាយភូមិទាំងបួន១ អ្នកលេងសុរាសឹងដឹងប្រាកដថាផឹកសុរានេះជាទីនាំមកនូវសេចក្តី ទុក្ខទោសទាំងអស់ តែនឹងលះលែងពុំបាន បើដូច្នេះសុរានោះមិនជាផ្អែមលើសគេហើយហះ បានជាមនុស្សយើងលះលែងពុំរួចយ៉ាងនេះ។
ឯត្រីដែលមានរសពីសាលើសត្រីនានានោះគឺត្រីព្រលូងនោះឯង បានជាថាត្រីព្រលូងមានរសពីសានោះ ព្រោះដឹងថា ត្រីព្រលូងនេះ ជួនបរិភោគទៅហើយពុលក៏មាន តែនឹងលះបង់ពុំបាន បើដូច្នេះត្រីព្រលូងនោះ មិនឆ្ងាញ់លើសគេហើយហះ បានជាមនុស្សលះលែងពុំបាន។
(ស្រង់ចេញពីសៀវភៅគតិលោកភាគ១ និពន្ធរៀបរៀងដោយ ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ បោះពុម្ពលើកទី១០ ព.ស២៥៣៩ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ)
No comments:
Post a Comment