Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Saturday, May 19, 2012

អត្ថន័យសិលាចារឹកខ្មែរ

ជាទូទៅសិលាចារឹកសរសេរឡើងជាកំណាព្យ(កាវ្យ) ហើយតែងចារឹកជាភាសាសំស្ក្រឹត ត្រូវបានចងក្រង​ឡើងតាមរចនាបទខ្ពង់ខ្ពស់ គគ្រឹកគគ្រេង ពោរពេញដោយពាក្យប្រៀបធៀបសំនួនវោហារ បុគ្គលាធិដ្ឋាន ប្រកប រូបារម្មណ៍ដ៏រស់រវើក តាមរបៀបរៀបចំសង្វាក់ចាប់ចុងចួន តាមលក្ខណៈរណ្តំព្យាងដ៏ពិរោះ    និងចាប់ផ្តើមប្រារព្ធ
ដោយការបួងសួងដល់ទេវៈមួយអង្គ ​ ឬច្រើនអង្គនៃព្រហ្មញ្ញសាសនា តាមកំណាព្យកាព្យឃ្លោងពោរពេញដោយ​ទស្សនៈទេវនិយម និងទស្សនវិជ្ជាស្រង់ចេញមកពីគម្ពីរវេទ តាមកំណាព្យស្លុតិសរសើរដល់ព្រះមហាក្សត្រ​សោយរាជ្យ ដោយរៀបរាប់អំពីប្រវត្តិនៃរាជវង្សានុវង្ស អំពីបុព្វកិច្ចនៅក្នុងសមរភូមិប្រឆាំងពួកខ្មាំងសត្រូវពី ប្រទេសជិតខាង អំពីការកោតសរសើរដល់ព្រះកិត្តិនាម និងប្រាជ្ញាល្បីខ្ទ័រខ្ទារដល់សម័យកាលនៃរាជសម្បត្តិ ដែលបានផ្តល់ភាពចំរើនរុងរឿង និងមហិទ្ធិរិទ្ធិដល់ព្រះនគរកម្ពុជទេស។ មានកំណាព្យខ្លះពណ៌នាសរសើរ​ដល់ឥស្សរជនជាន់ខ្ពស់ជាបព្វជិត ឬជាគ្រហស្ថដែលមានសន្តានចិត្តជ្រះថ្លាចំពោះសាសនា ដោយការកសាង​ប្រាសាទ វត្តអារាម ស្រុកភូមិ សួនឧទ្យាន បារាយណ៍ និងទំនប់ទឹក។ ភាគច្រើននៃសិលាចារឹកពណ៌នាបញ្ជាក់អំពី​នាមស្ថាបករប្រាសាទ ព្រះវិហារ រូបបដិមា ព្រមទាំងកាលបរិច្ឆេទនៃស្ថាបនកម្ម។ កំណាព្យខ្លះទៀត រៀបរាប់​ ព្រឹត្តិការណ៍តាមបែបប្រវត្តិសាស្រ្ត ស្តីអំពីការប្រយុទ្ធស្លាប់រស់រវាងមេទ័ពប្រឆាំង និងមេទ័ពមានភក្តីភាពចំពោះ រាជានិយម។ មានកំណាព្យប្រកបដោយសោកនាដ្យកម្មដែលសរសេរអំពីពិធីបួងសួង ធ្វើភាវនាធម៌ជារៀងរាល់ ថ្ងៃរបស់ព្រះនាងឥន្រ្ទទេវី ដើម្បីជ័យជំនះរបស់ព្រះស្វាមី គឺព្រះបាទជ័យវរ្ម័នទី៧ ដែលបានធ្វើចម្បាំងប្រឆាំង ប្រទេសចម៉្បា។ មានអត្ថបទកំណាព្យពីរដ៏វែងមួយ និងនិទានអំពីព្រំប្រទល់កម្ពុជទេសសម័យអង្គរ (ខាងឧត្តរទល់ ប្រទេសចិនខាងបស្ចិមទល់សមុទ្រ) និងសន្តតិវង្សព្រះបាទរាជេន្រ្ទវរ្ម័ន មួយទៀតធ្វើអត្ថាធិប្បាយអំពីទ្រឹស្តីពុទ្ធនិយម និងពិធីសក្ការបូជាក្នុងជំនឿពុទ្ថសាសនា។
ខុសពីសិលាចារឹកភាសាសំស្ក្រឹត សិលាចារឹកជាភាសាខ្មែរទាំងអស់ត្រូវបានរៀបរៀងឡើងជាពាក្យ​ សម្រាយប្រកបដោយរចនាបទធម្មតា​ ច្បាស់លាស់ គ្មានលក្ខណៈអច្ឆរិយភាព។ គឺជាអត្ថបទប្រកបដោយតថភាព ដែលគេបានចារឡើងសម្រាប់សម្រួលដល់ការយល់ដឹងនៃបណ្តាជនភាគច្រើន ដែលគ្មានចំណេះដឹងខាងភាសា សំស្រ្កឹត។ ក្រៅពីអត្ថបទមួយចំនួនដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត អត្ថបទសិលាចារឹកខ្មែរភាគច្រើន អាចចាត់ទុកបានថាជាឯកសាររដ្ឋការ តុលាការ និងព័ត៌មាន។ ការអានអត្ថបទសិលាចារឹកជាភាសាខ្មែរ អាចអោយ យើងទទួលចំណេះដឹង និងព័ត៌មានអំពីទម្រង់ និងរបបគ្រប់គ្រងនៃសង្គមខ្មែរ តាមបញ្ហានានា​ ដូចតទៅ៖ គឺ
ស្ថាបនកម្មប្រាសាទ និងព្រះវិហារ ស្រុកភូមិស្ថាននៅលើដែនដីថ្មីៗ សកម្មភាពខាងសាសនា និងខាងសង្គមកិច្ច ពីសំណាក់អភិជន និងព្រាហ្មណាចារ្យព្រះសង្ឃគ្រប់ជាន់ថ្នាក់ក្នុងកិច្ចការអភិវឌ្ឍន៍ស្រុកទេស និងក្នុងកិច្ចការ រដ្ឋបាល អំណោយទានដ៏ធំធេង មានតាំងពីដីធ្លី ច្បារដំណាំ ស្រេចំការ ទាសាទាសី សត្វពាហនៈ គ្រឿងបូជាធ្វើពី មាសប្រាក់ ដល់វត្តអារាម និងអាទិទេពនៃពិធីសក្ការបូជាទេវរាជ ព្រះរាជអាជ្ញា និងព្រះសាសនៈ ជាលាយលក្សណ៍ អក្សរផ្ញើរតាមរយៈព្រះគ្រូ ឬព្រាហ្មណាចារ្យ ដល់ប្រធានតុលាការ ដល់ខ្លោញពលខេត្ត ឬដល់បុរសប្រធាន និង ប្រធានស្រុកនានា ដើម្បីការអនុវត្តកិច្ចការរាជការគ្រប់បែបយ៉ាង មានជាពិសេស ការកាប់គាស់ដីថ្មី ដើម្បីចាត់ ស្រុក សាងវត្ត ជីកស្រះ ជីកត្រពាំង សង់ទំនប់ទឹកសំរាប់ជាទីតាំងលំនៅនៃបណ្តាជនគ្រប់ជាន់ថ្នាក់ ចាប់តាំងពី អភិជន ដល់សាមញ្ញជន និងពលក្ញុំ ដែលបំពេញងារតាមចំណាប់ពេលវេលាខាងរនោច ឬខាងខ្នើត។ ការប្រព្រឹត្តិ ទៅនៃទំនាក់ទំនងខាងពាណិជ្ជកម្ម មិនមែនដោយសារតែការប្រើមាស ប្រាក់ប៉ុណ្ណោះទេ តែដោយសារការប្រើ គ្រឿងវត្ថុ ផលដំណាំគ្រប់ជំពូក (មានកប្បាស ស្រូវ) ព្រមទាំងសត្វពាហនៈ ដីធ្លី និងទាសាទាសីទៀតផង។

No comments:

Post a Comment