ប្រយោជន៍របស់ធម្មៈក្នុងពុទ្ធសាសនា
ព្រះគ្រូសុវឌ្ឍញ្ញាណ សូរ - ហាយ ក្រុមជំនុំព្រះត្រៃបិដក
រៀបរៀង
ព្រះបរមលោកនាថ ព្រះអង្គមានមហាករុណាចំពោះពួកសត្វ តាំងអំពីកាលព្រះអង្គនៅ ជាព្រះពោធិសត្វនៅឡើយ ព្រះអង្គមានជីវិតមិនឥតប្រយោជន៍ តែងស្វែងរកនូវគុណដ៏ធំមានសីលគុណជាដើម ទាល់តែព្រះអង្គបានត្រាស់ដឹងក្នុងលោក លុះត្រាស់ដឹងហើយទ្រង់តាំងព្រះហ្ឫទ័យធានាក្នុងការសំដែងធម៌ នឹងបញ្ញត្តវិន័យដោយពុទ្ធអធ្យាស្រ័យដ៏បរិសុទ្ធ ទ្រង់ប្រកបសត្តូបការកិច្ចទំនុកបម្រុងជ្រោងពួកសត្វ ដើម្បីឲ្យបានគុណសម្បត្តិតាមសមគួរដល់បុព្វូបនិស្ស័យវាសនា ។ កាលព្រះអង្គទើបនឹងបានត្រាស់ឡើងថ្មី ៗ ទ្រង់ជញ្ជឹងមើលសត្វលោក ក៏ហាក់ដូចជានឹងធុញទ្រាន់ព្រះហ្ឫទ័យក្នុងការសំដែងធម៌ប្រោសសត្វ ដោយទ្រង់យល់ឃើញថា ពួកសត្វទាំងនេះកំពុងឈូឆរដោយអារម្មណ៍ជាទីត្រេកអរណាស់តើ ! តែក្នុងពេលនោះមានបដិភាណគាថាភ្លឺច្បាស់ដល់ព្រះអង្គថាៈ
កិច្ឆេន មេ អធិគតំ អលន្ទានិ បកាសិតុំ
កិច្ឆេន មេ អធិគតំ អលន្ទានិ បកាសិតុំ
រាគទោសបរេតេហិ នាយំ ធម្មោ សុសម្ពុធោ
បដិសោតគាមឹ និបុណំ គម្ពីរំ ទុទ្ទសំ អណុំ
រាគរតា ន ទក្ខន្តិ តមោខន្ធេ អាវុជា
សេចក្ដីថា « ឥឡូវនេះគួរនឹងប្រកាសធម៌ដែលតថាគតបានដោយក្រដែរ តែបើសត្វទាំងឡាយ ត្រូវរាគៈទោសៈកំពុងគ្របសង្កត់ទាំងម្ល៉េះ ធ្វើម្ដេចឡើយនឹងងាយឃើញច្បាស់ធម៌បានអេះ, ពួកសត្វដែលមានចិត្តជោកដោយរាគៈ កំពុងរួបរឹតដោយគំនរនៃសេចក្ដីងងឹតគឺមោហៈ រមែងមិនឃើញធម៌ដែលជាធម៌ល្អិតម៉ដ្ឋចត់ជាដំណើរទៅកាន់ព្រះ និព្វាន ជាធម៌ដ៏ជ្រាលជ្រៅឃើញបានដោយក្រ » ។ លំដាប់ពីនោះមក ទ្រង់រំពឹងឃើញផ្កាឈូកដែលដុះក្នុងទឹកមាន ៤ បែបគឺផ្កាទី ១ លូតលាស់ផុតអំពីទឹកលុះអរុណរះឡើងក៏រីកឡើងបានភ្លាម, ផ្កាឈូកទី ២ លូតលាស់ស្មើនឹងទឹក ផ្កាទី ៣ នៅពាក់កណ្ដាលទឹក, ផ្កាទី ៤ ទៀតទើបនឹងពន្លកចេញអំពីដី ។
ឯផ្កាឈូកដែលលូតផុតអំពីទឹកនោះរមែងរីកឡើងបាន ដោយរស្មីព្រះអាទិត្យ , ផ្កាឈូកដែលនៅស្មើនឹងទឹក ថ្ងៃក្រោយគង់រីកឡើងបាន, ផ្កាដែលនៅក្រពុំពាក់កណ្ដាលទឹកមុខជានឹងលូតលាស់រីកឡើងបានក្នុង ថ្ងៃខាងក្រោយ, ផ្កាដែលទើបនឹងពន្លកចេញអំពីដីនឹងបានជាអាហារចំណីនៃត្រីនឹង អណ្ដើកក៏មាន លូតលាស់រួចឡើងក៏មាន ។ ផ្កាឈូកទាំង ៤ បែបនេះយ៉ាងណាមិញ ពួកសត្វក្នុងលោកក៏យ៉ាងនោះដែរ គឺពួកសត្វទី ១ ហៅថាឧគ្ឃតិគញ្ញូ មានឧបនិស្ស័យវាសនា បម្រុងនឹងត្រាស់ដឹងដោយឆាប់រហ័ស, ទី ២ ហៅថាវិបច្ចិកញ្ញូ មានវាសនាជាលំដាប់ចុះមក, លុះបានស្ដាប់ធម៌ដោយសេចក្ដីពិស្ដារ ទើបនឹងសម្រេចធម៌ដ៏វិសេសបាន ទី ៣ ហៅថានេយ្យៈ មានវាសនាទន់ថយចុះមកលុះតែបានស្ដាប់នឹងសិក្សារៀនសូត្រស្ដាប់ ក៏មិនអាចនឹងសម្រេចធម៌ដ៏វិសេសក្នុងអត្តភាពជាតិនោះបានឡើយ សត្វពួកនេះដែលមិនអាចនឹងទទួលសិក្សារៀនសូត្រស្ដាប់សល់នៅច្រើន ណាស់ ។ ព្រះសម្មាសម្ពុទ្ធទ្រង់រំពឹងឃើញបុគ្គល ៤ ពួកដែលប្រៀបដូចផ្កាឈូក ៤ បែប ដោយពុទ្ធចក្ខុញ្ញាណហើយព្រះអង្គតាំងព្រះហ្ឫទ័យថា នឹងសំដែងធម៌ប្រោសសត្វតទៅ ។
ធម៌ដែលព្រះសម្ពុទ្ធទ្រង់សំដែងចាប់ផ្ដើមអំពីបឋមពោធិកាលរហូតដល់ បច្ឆិមពោធិកាលនោះមានឈ្មោះ មានន័យច្រើនយ៉ាងជាអនេក, ធម្មទេសនារបស់ព្រះអង្គ តាមដែលសង្កេតឃើញក្នុងគម្ពីរ ជួនកាលមានសេចក្ដីល្អិតជ្រាលជ្រៅ ជួនកាលរាក់ ៗ តាមឧបនិស្ស័យវាសនានឹងចរិតរបស់បរិស័ទអ្នកស្ដាប់, បើព្រះអង្គសំដែងធម៌ចំពោះគ្រហស្ថសុទ្ធដែលមិនលាយដោយពួកបព្វជិត ផងទេ ច្រើនតែសំដែងបំភ្លឺអំពីអនុបុព្វកថា ៥ យ៉ាងមានទានកថាជាដើមននឹងប្រយោជន៍ ៣ យ៉ាង គឺប្រយោជន៍បច្ចុប្បន្ន ១ បរលោក ១ ព្រះនិព្វាន ១ ។ បើព្រះអង្គសំដែងចំពោះបព្វជិត ច្រើនតែសំដែងអំពីផ្លូវឈាន សមាបត្តិ នឹងព្រះនិព្វាន ដើម្បីឲ្យសមតាមកិច្ចរបស់អ្នកបួសក្នុងសាសនា ។ មួយទៀតធម្មទេសនា ដែលព្រះអង្គសំដែងចំពោះបុគ្គលនោះ ៗ ច្រើនតែប្រកាសចង្អុលបង្ហាញធម៌ទាំងពីរចំណែកគឺធម៌ដែលគួរបំពេញ ឲ្យមានឡើងហៅថាភាវនាខន្ធ ១ ធម៌ដែលគួរលះចេញហៅថាបហានក្ខន្ធ ១ ។
ធម៌ជាកុសលដែលគួរបំពេញនោះមានច្រើនយ៉ាងមានបុញ្ញកិរិយាវត្ថុ ១០ នឹងសតិប្បដ្ឋាន ៤ ជាដើមហៅថា ភាវនាខន្ធ ។ ការបំពេញកុសលធម៌តើដើម្បីប្រយោជន៍ដូចម្ដេច ? នេះជាប្រស្នាដែលត្រូវឆ្លើយដោយពិស្ដារ, ប្រយោជន៍ដែលធំបំផុតនៃការបំពេញកុសលធម៌នោះក៏គឺធ្វើកាយវាចា ចិត្តឲ្យព្រមព្រៀងដោយកុសលធម៌ ដើម្បីបំប៉នកំឡាំងសេចក្ដីល្អ ឲ្យមានគ្រប់គ្រាន់ក្នុងខន្ធសន្ដានឡើង សម្រាប់កំចាត់អកុសលធម៌ដែលជាទំនាស់ឬជាគូសត្រូវដល់កុសលធម៌នោះ ចោលចេញឲ្យជ្រះស្រឡះ ។ សាមគ្គីសេចក្ដីព្រមព្រៀងដោយកុសលជាមេឲ្យមានកំឡាំងខ្លាំងឡើង ដូចរាងកាយទាំងមូល កាលបើមានអវយវៈ គឺដៃជើងជាសុខស្រួលមិនវិកលវិការទាំងដងខ្លួនក៏សុខសប្បាយឥតមាន មានជម្ងឺដំកាត់អ្វី គឺថាមានសេចក្ដីសុខព្រមព្រៀងគ្រប់អវយវៈទាំងអស់ ជាហេតុឲ្យមានកំឡាំង នឹងមានកិត្តិយសរបស់ពួកទាំងអស់ត្រកូលពួកជនទាំងនោះនឹងធ្វើការ អ្វីអាចសម្រេចបាន ដូចអ្នកប្រទេសមួយ ៗ ដែលមានសេចក្ដីព្រមព្រៀងគ្នាជាបច្ច័យ ឲ្យមានកំឡាំងយ៉ាងសំខាន់ក្នុងការរក្សាការពារប្រទេសរបស់គេ សេចក្ដីនេះយ៉ាងណាមិញការហាត់ពត់កាយវាចាចិត្ត ឲ្យមានកុសលសាមគ្គី គឺការព្រមព្រៀងប្រព្រឹត្តល្អត្រូវគ្នាទាំងអស់ មានមេត្តាករុណាស្រឡាញ់រាប់រកគ្នាប្រព្រឹត្តសុចរិតស្មោះត្រង់ដល់ គ្នានឹងគ្នាមិនឫស្យាគ្នា មិនប្រើអំណាចបៀតបៀនគ្នា ដើម្បីធ្វើកំឡាំងសេចក្ដីល្អឲ្យមានមូលមិត្តមកក្នុងខន្ធសន្ដាន ឡើង ទើបអាចនឹងការពារ ឬជំរះនូវអកុសលជាសឹកសត្រូវដែលនៅក្នុងប្រទេសគឺកាយនោះចេញឲ្យ បានក៏យ៉ាងនោះដែរ, ដំណើរនេះឈ្មោះថាជាប្រយោជន៍របស់ធម៌ ។
ធម៌ដែលគួរលះបង់ឲ្យស្រឡះចេញនោះមានច្រើយ៉ាង ។ ក្នុងគម្ពីរវិសុទ្ធិមគ្គត្រង់វិសុទ្ធិនិទ្ទេស មានសេចក្ដីថាពួកបច្ចត្ថិកធម៌គឺជាធម៌សត្រូវដល់កុសលធម៌នោះ បើរាប់តាមមេមាន ១៨ មេគឺ សំយោជនៈ ១០ , កិលេស ១០ , មិច្ឆត្តៈ ១០ , លោកធម៌ ៨ មច្ឆរិយៈ ៥ វិបល្លាសៈ ៣ , គន្ថៈ ៤ , អគតិ ៤, អាសវៈ ៤, ឱឃៈ ៥ យោគៈ ៤ , នីវរណៈ ៥, បរាមាសៈ ១, ឧបាទានៈ ៤ , អនុស័យ ៧, មលៈ ៩ , អកុសលកម្មបថ ១០ , អកុសលចិត្ត ១២, ទាំងអស់នេះសុទ្ធតែជាអកុសលហៅថាបហានក្ខន្ធគឺកងធម៌ដែលត្រូវលះ ដែលគួរបោះបង់ចេញឬធ្វើឲ្យស្ងប់រម្ងាប់ចាកខន្ធសន្ដាន ។
សត្ថុប្បាវចនៈ (ពាក្យជាប្រធានរបស់ព្រះសាស្ដា) មាន ២ យ៉ាងគឺធម៌ ១ វិន័យ ១ ។ ពាក្យថាធម៌ជាពិធីសម្រាប់ត្រួតត្រាការពារកិលេសខាងផ្លូវចិត្ត, ពាក្យថាវិន័យជាច្បាប់ត្រួតត្រាការពារកិលេសខាងផ្លូវកាយនឹងវាចា , មួយទៀត ក្នុងអដ្ឋកថាសង្គីគិសូត្រចែកសត្ថុប្បាវចនៈ នេះជា ៤ យ៉ាងគឺធម៌ ១ អភិធម៌ ១ វិន័យ ១ ។ ពាក្យថាធម៌បានដល់ពុទ្ធវចនខាងគម្ពីរព្រះសូត្រ, អភិធម៌ បានដល់ពុទ្ធវចនខាងបរមត្ថ, វិន័យ បានដល់ឧភតោវិភង្គដែលនិយាយអំពីការចែកសិក្ខាបទចេញជាពីរពួកគឺ សិក្ខាបទភិក្ខុនឹងភិក្ខុនី, អភិវិន័យ បានដល់ពុទ្ធានុញ្ញាតនឹងពុទ្ធប្បញ្ញត្តិក្នុងខន្ធកៈនឹងបរិវារៈ ។ ព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធសំដែងទុកមកដើម្បីប្រយោជន៍ដ៏ធំបំផុត នោះ ក៏គឺសម្រាប់ទូន្មានបង្រ្កាបសឹកសត្រូវគឺកិលេសជាន់កណ្ដាលនឹងល្អិត ដែលកើតអំពីផ្លូវចិត្ត, វិន័យដែលព្រះអង្គបញ្ញត្តទុកមកមានប្រយោជន៍ដ៏វិសេសក្នុងការតទល់ នឹងសឹកសត្រូវគឺកិលេសគ្រោតគ្រាតដែលកើតអំពីកាយវាចាប៉ុណ្ណោះឯង ឬថាធម៌វិន័យនេះទុកដូចជាថ្នាំបន្សាបនូវពិសកាចគឺកិលេសរបស់ ប្រជាជនក្នុងលោក ឲ្យសាបរលាប ឲ្យស្ងប់រម្ងាប់ដូច្នេះក៏បាន ។បណ្ដាប្រទេសទាំងអស់ក្នុងលោកនេះ ប្រទេសមួយ ៗ តែងមានចោរកំណាចជាធម្មតា, អ្នកប្រទេសនោះក៏ត្រូវតាំងបញ្ញត្តច្បាប់ឲ្យមានឥស្សរជនមានស្ដេច ជាដើមឲ្យជាអ្នកត្រួតត្រាអ្នកប្រទេសឲ្យបានសុខចំរើនការពារ មនុស្សទុច្ចរិតទាំងនោះកុំឲ្យរាតត្បាតសង្កត់សង្កិនមនុស្សអ្នក ប្រទេស សេចក្ដីនេះយ៉ាងណាមិញ សរីរប្រទេសគឺរាងកាយទាំងមូលរបស់យើង ក៏តែងមានចោរកំណាចគឺកិលេសឬបាបធម៌ដូចគ្នា យើងដែលមានកុសលក្នុងសន្ដានត្រូវបញ្ញត្តច្បាប់រៀបចំ តាំងបញ្ញាការចេះដឹងឲ្យជាអធិបតីសម្រាប់ត្រួតត្រាការពារឧបក្កិលេស ដែលជាសត្រូវទាំងនោះកុំឲ្យរុករានទន្រ្ទាន ចូលក្នុងកាយប្រទេសបានក៏យ៉ាងនោះដែរ ។ ឥស្សរជនគឺអ្នកធំដែលជានាយកត្រួតត្រាប្រទេស ត្រូវតែតាំងច្បាប់អាជ្ញាក្លាហានមិនត្រូវខ្លាចសត្រូវគឺចោរកំណាច ទុច្ចរិត ត្រូវតែយកជ័យជំនះមិនត្រូវបណ្ដោយឲ្យបាញ់ចោរកំណាចយ៉ាងណា, យើងជាពុទ្ធិជនត្រូវយកប្រាជ្ញាស្មារតីឲ្យជានាយកត្រួតត្រាប្រទេស គឺរាងកាយហើយត្រូវកាន់ក្រិត្យក្រមច្បាប់អាជ្ញាគឺធម៌វិន័យកុំ ភ្លេចខ្លួន ដើម្បីផ្ចាញ់សឹកសត្រូវគឺឧបក្កិលេសសេចក្ដីសៅហ្មងឲ្យចាលចាញ់ក៏ យ៉ាងនោះដែរ ។
ប្រយោជន៍របស់ធម្មៈក្នុងពុទ្ធសាសនាដែលប្រសើរបំផុតនោះ ក៏គឺប្រមូលសន្សំសេចក្ដីប្រតិបត្តិល្អ ទុកជាទឹកកំឡាំងសម្រាប់ប្រយុទ្ធយកជ័យជំនះឲ្យឈ្នះកិលេសសេចក្ដីអាក្រក់ក្នុងខ្លួន ទើបរាប់ថាជាការឈ្នះដ៏ប្រសើរដែលជាហេតុឲ្យកើតសន្តិសុខ សមដូចពុទ្ធភាសិតថា
អត្តា ហវេ ជិតំ សេយ្យោ យា ធាយំ ឥតរា
បដា ប៉ុណ្ណេះជាដើម ។
សេចក្ដីថា « ការឈ្នះខ្លួនឯង ជាការប្រសើរជាង ( ឈ្នះគេ ) ពពួកសត្វដែលឈ្នះក្រៅពីនេះ ( ពុំប្រសើរឡើយ ) » ។ ពុទ្ធភាសិតនេះបំភ្លឺសេចក្ដីថា ការឈ្នះកិលេសដែលជាបច្ចាមិត្តនឹងខ្លួន ទើបរាប់ថាឈ្នះរាបមិនត្រឡប់ចាញ់វិញ ទោះបីទេវតា គន្ធ័ព្វ មារ ព្រហ្ម ក៏មិនអាចនឹងដណ្ដើមយកជ័យជំនះវិញបាន ។ ពាក្យថា ឈ្នះក្នុងទីនេះសំដៅយកចិត្តដែលមិនលុះក្នុងអំណាច មិនភ័ន្តភាំងទៅតាមអារម្មណ៍ជាទីតាំងនៃកិលេស ការឈ្នះដូច្នេះឈ្មោះថាជាការឈ្នះរបស់ផ្លូវធម៌ ។
ការងារទាំងអស់ក្នុងផ្លូវលោក ក៏រមែងមានចាញ់នឹងឈ្នះជាធម្មតាដូចការរំលងល្បែងផ្សេង ៗ មានចត្រង្គ ឬ បៀប៉ោជាដើម រហូតដល់ការប្រកាសសង្រ្គាមច្បាំងរាំងជល់ច្រើនតែមានការចាញ់ឈ្នះទៅវិញទៅមក , ជួនកាលពួកម្ខាងឈ្នះ ជួនកាលពួកដែលធ្លាប់ឈ្នះក៏ត្រឡប់ជាចាញ់វិញ, ការចាញ់នឹងឈ្នះទាំងនេះស្រេចនឹងឧបាយកល ឬ កំឡាំងរេហ៍ពល , អ្នកដែលចាញ់ក៏មិនចាញ់រាប អ្នកដែលឈ្នះក៏មិនឈ្នះរហូត , អ្នកដែលចាញ់ក៏ជាទុក្ខក្រៀមក្រំនិរាសក្សីណក្ស័យ, អ្នកដែលឈ្នះក៏ឈ្មោះថាប្រមូលសេចក្ដីទុក្ខភ័យពៀរវេរាថែមទៀត ។
ការចាញ់នឹងឈ្នះនេះឃើញថាមិនមានទីបំផុតឡើយ សុទ្្ធតែជាមូលហេតុនៃសេចក្ដីវិនាសទុក្ខព្រួយទាំងអស់ ដូចយ៉ាងសង្រ្គាមរបស់ព្រះបាទបសេនទិកោសលនឹងព្រះបាទអជាតសត្តុ ជាឧទាហរណ៍ កាលលើកដំបូងនឹងលើកទី ២ ព្រះបាទអជាតសត្តុមានយុទ្ធជ័យជំនះ, ចំណែកខាងព្រះបាទបសេនទិកោសល ក៏ជាទុក្ខក្រៀមក្រំក្នុងព្រះហ្ឫទ័យស្ទើរដាច់ជន្មាយុ ហើយក៏ចងអាឃាតគុំគួន ថានឹងដណ្ដើមយកយុទ្ធជ័យវិញឲ្យបាន, លុះឆ្នាំជាលំដាប់តមកព្រះបាទបសេនទិកោសល ក៏ប្រឹងប្រែងប្រមូលរៀបចំយុទ្ធោបរណ៍ នឹងរេហ៍ពលទាហានលើកទៅធ្វើសង្រ្គាមតទល់នឹងព្រះបាទអជាតសត្តុម្ដងទៀត ជាសង្រ្គាមលើកទី ៣ ។ វេលានោះព្រះបាទអជាតសត្តុក៏ត្រឡប់ជាបានយុទ្ធបរាជ័យ ចាលចាញ់តបៈតេជះព្រះបាទបសេនទិកោវិញ ដូចយ៉ាងសង្រ្គាមក្នុងលោកនេះក៏រមែងចាញ់នឹងឈ្នះគ្នាទៅវិញទៅមក ជាច្រើនលើកច្រើនគ្រាជាធម្មតា, ការចាញ់នឹងឈ្នះដោយល្បែងផ្សេង ៗ ឬដោយការច្បាំង ទាំងអស់នេះជារបស់នៅប្រែប្រួលមិនមែនជាថាវរៈមាំមួន ស្រសើរទៀងទាត់ឡើយ ដំណើរនេះសមដូចពុទ្ធភាសិតថាៈ
ន តំ ជិតំ សាធុ ជិតំ យំ ជិតំ អវជិយតិ
តំ ខោ ជិតំ សាធុ ជិតំ យំ ជិតំ នាវជិយតិ ។
សេចក្ដីថាៈ អំពើឯណា ដែលគេឈ្នះហើយត្រឡប់ចាញ់វិញ អំពើនោះមិនរាប់ថាល្អប្រពៃឡើយ លុះតែអំពើឯណាដែលគេឈ្នះហើយ មិនត្រឡប់ចាញ់វិញទេ អំពើនោះទើបឈ្មោះថាប្រពៃដោយពិត ។ ពុទ្ធភាសិតដែលអាងមកនេះគួរយើងយល់ឃើញច្បាស់ថាការឈ្នះក្នុងលោក នេះជាការមិនប្រសើរដូចការឈ្នះកិលេសក្នុងខ្លួនឯងនោះឡើយ ។ ការឈ្នះកិលេសក្នុងទីនេះ សំដៅយកសមុច្ឆេទប្បហាន គឺការលះកិលេសឲ្យដាច់ស្រឡះ, ចំណែកខាងបុថុជ្ជនគ្រាន់តែឈ្នះដោយតទង្គប្បហាននឹងវិក្ខម្ភនប្បហាន ប៉ុណ្ណោះទេ យើងត្រូវទូន្មានខ្លួនឲ្យមានឫកពាសណ្ដាប់ធ្នាប់ល្អគ្រាន់តែមិន ឲ្យស្រវឹងជ្រុលជ្រប់ចាលចាញ់ចោរកិលេសដ៏គ្រោតគ្រាតហើយនឹងបាន ដំកល់ខ្លួនទុកក្នុងធម៌ដ៏សមគួរ គឺកុសលសម្មាបដិបត្តិជាគ្រឿងប្រុង តាមនាទីរបស់យើងដែលគួរជឿកត់យកតែប៉ុណ្ណេះក៏ជាការប្រពៃណាស់ហើយ ។
កិលេសឬបាបធម៌ ដែលជាសឹកសត្រូវដូចបានរាប់ឈ្មោះទុកមកខាងដើម កាលបើខ្លួនយើងបានឈ្នះហើយក៏ត្រូវរក្សាជ័យជំនះនោះទុកដោយល្អ ឲ្យដូចជាអំបិលដែលរក្សាជាតិប្រៃរបស់វាទុកដូច្នោះដែរ មួយទៀតការរក្សាជ័យជំនះមិនឲ្យកិលេសឬបាបធម៌ កំរើករើឡើងបាននោះត្រូវដំកល់ខ្លួនទុកក្នុងព្រះសទ្ធម្ម ៧ ប្រការដូចមហាក្សត្រគ្រប់គ្រងនគរ ។ បុគ្គលឯណាដែលប្រាសចាកព្រះសទ្ធម្ម បុគ្គលនោះឈ្មោះថាជាអ្នកព្រមចាញ់កិលេសមារនៅក្នុងការបង្គាប់នៃកិលេសមារជាអង្វែងតទៅមិនមានទីបំផុត ។ សេចក្ដីនេះ សមដូចពុទ្ធដីកាក្នុងគម្ពីរអង្គុត្តរនិកាយសត្តកនិបាតថា មហាក្សត្រម្ចាស់ផែនដី តែងការពារនគរដោយគ្រឿងបរិក្ខារ ៧ យ៉ាងៈ
ទី ១ ឯសិកា បោះសសរគោលយ៉ាងជ្រៅ ៗ ដែលធ្វើអំពីថ្មឬឥដ្ឋមិនឲ្យកំរើករំភើបបាន
ទី ២ បរិក្ខារោ ជីកឧម្មង្គឬស្នាមភ្លោះយ៉ាងជ្រៅធំព័ទ្ធខ្វាត់ខ្វែងត្រង់ព្រំប្រទល់ដែនរបស់ខ្លួន
ទី ៣ អនុបរិយាយបថោ ធ្វើផ្លូវសម្រាប់យាមល្បាតទាំងខាងក្នុងកំពែងក្រៅកំពែងមិនឲ្យបច្ចាមិត្តចូលបាន
ទី ៤ ពហុំ អាវុធំ សន្សំគ្រឿងអាវុធទុកឲ្យបានច្រើន
ទី ៥ ពហុពលកាយោ កេណ្ឌពួកពលទាហានបង្ហាត់បម្រុងទុកឲ្យបានច្រើនសម្រាប់ចាត់ការមិនឲ្យខ្វះពល
ទី ៦ ទោវារិកោ មានទាហានចាំទ្វារនគរផ្លាស់ប្ដូរជានិច្ច
ទី ៧ បាការោ មានកំពែងព័ទ្ធជុំវិញនគរជាច្រើនជាន់ ។
នគរឯណាដែលបានការពារប្រយ័ត្នដោយនគរបរិក្ខារ ៧ យ៉ាងនេះនគរនោះរមែងមានសេចក្ដីកក់ក្ដៅ ឥតរំភើបខ្លបខ្លាចសត្រូវដែលមកបៀតបៀន សេចក្ដីនេះយ៉ាងណាមិញ អរិយសាវកក្នុងពុទ្ធសាសនានេះ ដែលប្រកបដោយព្រះសទ្ធម្ម ៧ ប្រការ ជាគ្រឿងការពារខ្លួន ក៏រមែងបានសេចក្ដីសុខសប្បាយ ឈ្នះមារសត្រូវមិននៅក្នុងចំណុះនៃកិលេសមារក៏យ៉ាងនោះដែរ ។
អរិយសាវកដែលប្រកបដោយព្រះសទ្ធម្ម ៧ ប្រការនោះ គឺ
ទី ១ សទ្ធោ ជឿកម្មនឹងផលរបស់កម្មនឹងជឿគុណព្រះរតនត្រ័យ
ទី ២ ហិរិមា មានចិត្តអៀនខ្មាសមិនហ៊ានលូកប្រព្រឹត្តទុច្ចរិត
ទី ៣ ឱត្តប្បី មានចិត្តខ្លាចរអាចំពោះអំពើទុច្ចរិត
ទី ៤ ពហុ ស្សុតោ ជាអ្នកបានសិក្សារៀនសូត្រចេះដឹងច្រើន
ទី ៥ អារទ្ធវីរិយោ មានព្យាយាមមិនដាច់ មិនដាក់ធុរៈក្នុងកុសលធម៌
ទី ៦ សតិមា មានស្មារតីល្អចាំជាក់ក្នុងការរក្សាខ្លួនមិនភ័ន្តភាំងក្នុងអារម្មណ៍ដែលជាអាហារចំណីនៃកិលេសមារ
ទី ៧ បញ្ញវា មានប្រាជ្ញាជាអាវុធដ៏មុតសម្រាប់តទល់នឹងកិលេសមារដោយការពិចារណា ឃើញច្បាស់ទីកើតទីរលត់នៃសង្ខារ ។
បើបុគ្គលណាមួយបានដំកល់ខ្លួននៅក្នុងព្រះសទ្ធម្ម ៧ ប្រការ ដូចពោលមកនេះ បុគ្គលនោះនឹងបានសេចក្ដីសុខក្សេមក្សាន្ត ចៀសចាកទុក្ខភ័យឥតមានសត្រូវ គឺកិលេសមារមកសណ្ដំ ឬមកយាយីដណ្ដើមយកយុទ្ធជ័យបានវិញឡើយ បុគ្គលនោះនឹងត្រូវឈ្នះរាបតទៅ រហូតបានមគ្គផលព្រះនិព្វានជាទីបំផុតលោកដោយពិត ។
ផលប្រយោជន៍របស់ធម្មៈ ក្នុងព្រះពុទ្ធសាសនានេះ, រមែងឃើញទាន់ភ្នែកក្នុងសម័យបច្ចុប្បន្ន បើយើងប្រព្រឹត្តកាន់តាមដោយទៀងទាត់ ។ ព្រោះថា ពុទ្ធសាសនា មានវិធីប្រដៅប្រជាជនឲ្យស្គាល់មូលហេតុដើមកំណើតនៃសេចក្ដីសុខ - ទុក្ខ ដូចប្រដៅថា ឲ្យលះកិលេសគឺៈ លោភៈ ទោសៈ មោហៈ មានះ ប៉ុណ្ណេះជាដើម ទាំងនេះជាទ្វារសម្រាប់ចូលមកនៃសេចក្ដីទុក្ខ ឬថាជាឆ្នួននាំបង្កឲ្យកើតទុក្ខ ។ ពួកសត្វលោកកាលបើព្រមបើកអំណាចឲ្យកិលេសទាំងនោះចូលមកគ្របសង្កត់ ឬបណ្ដោយឲ្យកិលេសមានកំឡាំងមានសំទុះខ្លាំងឡើងហើយ កិលេសទាំងនោះមុខជានឹងស្រែកហៅសេចក្ដីវិនាស ដែលជាមេនៃសេចក្ដីទុក្ខធំក្រៃលែង ។ លុះតែយើងឈ្នះកិលេសទាំងនោះបាន ទើបសេចក្ដីសុខសេចក្ដីចំរើននឹងលេចច្បាស់ប្រាកដឡើងក្នុងបច្ចុប្បន្ននេះឥតអាក់ឡើយ ។
ដើម្បីធ្វើកាយវាចាចិត្តឲ្យស្លូតត្រង់ ព្រះពុទ្ធសាសនាប្រដៅប្រជាជនក្នុងលោកមិនឲ្យប្រើអំណាចបៀតបៀនគ្នាដោយដាច់ខាត ។ ព្រះពុទ្ធសាសនាជាជំនួយដល់ផ្លូវលោក គឺថាជាច្បាប់សម្រាប់ទប់សត្វលោកមិនឲ្យប៉ះទង្គិចគ្នា ដូចចង្កូតនឹងគ្រឿងទប់រថយន្ត ដែលជាប្រយោជន៍ក្នុងគ្រឿងយន្ត មិនឲ្យបុកគ្នាបាន ឬមិនជ្រុលជ្រួសភ្លូកក្រឡាប់ទៅបាន ។ សត្វលោកកាលបើប្រើតែច្បាប់ផ្លូវលោកមួយមុខ ក៏ទុកដូចជារថយន្តដាច់ចង្កូតឬគ្មានគ្រឿងទប់ ព្រោះផ្លូវធម៌ទុកដូចជាចង្កូតនឹងគ្រឿងទប់រថយន្ត ។ មួយទៀត ពុទ្ធសាសនា ដូចទឹកសម្រាប់លត់ភ្លើងទុក្ខភ្លើងកិលេសរបស់សត្វលោក ឬថាជាតួកំឡាំងសម្រាប់ជួយផ្ទេររំលែក ជួយសម្រាលទុក្ខភ័យភារៈដ៏ធ្ងន់ក្នុងផ្លូវលោកដូច្នេះក៏បាន ។
សត្វលោកទាំងអស់បើស្រុះស្រួលព្រមព្រៀងគ្នាបបួលគ្នាប្រតិបត្តិជឿកាន់តាមផ្លូវធម៌ដោយគ្រប់គ្រាន់មែននោះ ប្រាកដជាបានសេចក្ដីសុខចំរើនដោយពិត សូម្បីទ្វារផ្ទះក៏មិនបាច់ប្រើគន្លឹះសម្រាប់ទាស់ មិនបាច់ចាក់សោការពារចោរឡើយ ។ ផ្លូវធម៌ប្រើសោហ៊ុយបន្តិចបន្តួច មិនចុះសោហ៊ុយច្រើនដូចគ្រឿងបរិក្ខាខាងផ្លូវលោកទេ តែសេចក្ដីសុខរបស់អ្នកកាន់ផ្លូវធម៌ក៏គង់សម្បូរណ៌ជាលំដាប់ ៗ តាំងអំពីបច្ចុប្បន្ននេះរហូតដល់ព្រះនិព្វានជាទីបំផុត ។
ប្រយោជន៍ដ៏ខ្ពស់បំផុតរបស់ធម្មៈក្នុងពុទ្ធសាសនា នោះក៏គឺការឈ្នះកិលេសធ្វើខ្លួនឲ្យបានដល់ព្រះអរហត្តនិព្វាន ទើបរាប់ថាជាជំនះមានប្រយោជន៍ដ៏ប្រសើរ ជាហេតុឲ្យរួចចាកទុក្ខទាំងឥធលោកនឹងបរលោកដោយពិត ព្រោះថាកិលេសបាបធម៌ទាំងឡាយមានលោភជាដើម ជាមេនាំបង្កវីវាទពៀរវេរា ឬថាជាដើមពូជនៃសេចក្ដីទុក្ខគ្រប់យ៉ាង ។ កាលបើឈ្នះកិលេសអស់ហើយដរាបណា ឈ្មោះថាផុតពូជនៃសេចក្ដីទុក្ខភ័យក្នុងអនាគតដរាបនោះដែរ នេះឯងឈ្មោះថាប្រយោជន៍របស់ធម្មៈក្នុងពុទ្ធសាសនា ដូចពណ៌នាមកប៉ុណ្ណេះ ។ ចប់ ។
No comments:
Post a Comment