Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, March 18, 2012

ពលធម៌


ពលធម៌
ព្រះ​មហា​យ៉ត-ទ្រលន់ វត្តលង្កា ក្រុង​ភ្នំពេញ
ទេសនា​ដាក់​វិទ្យុ​ឃោសន​សព្ទ​នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ ១៥ រោច ខែ កត្តិក
ឆ្នាំ​ជូត​សំរិទ្ធិស័ក .. ២៤៩១ (-១២-៤៨)
នមោ តស្ស ភភវតោ អរហតោ សម្មាសម្ពុទ្ធស្ស
សូម​មនស្សការ​ថ្វាយ​បង្គំ នូវ​ព្រះ​ភគវន្ដមុនី អរហំ​សម្មាសម្ពុទ្ធ ព្រម​ទាំង​ព្រះ​ធម៌ នឹង​ព្រះ​អឬិយ​សង្ឃ ដោយ​អានុភាព​នៃ​កិរិយា​មនស្សការ​សូម​ឲ្យ​ឧបទ្រព​អន្ដរាយ​ទាំង​ឡាយ វិនាស​ខ្ចាត់​ខ្ជា​យ​ចេញ​ទៅ​ដោយ​ឆាប់​រហ័ស
តាម​លំដាប់​ពី​ពេល​មុនៗ​មក មក​របៀប​នៃការ​សំដែង​នូវ​ធម្មទេសនានេះ ក៏​តែង​មាន​រៀង​មក​ដល់​ឥឡូវ​នេះ​ឯង ក្នុង​ពេល​នេះ​ត្រូវ​លើ​វេន​អាត្មាភាព​សំដែង​តាម​សម​គួរ​ដល់​កាល​វេលា
ធម៌ដែល​នឹង​លើក​យក​មក​សំដែង​ក្នុង​វេលា​នេះ គឹ​ពលធម៌ "ធម៌ជា​កំឡាំង" ដោយ​ព្រះ​ពុទ្ធ​ភាសិត​ថាៈ
បញ្ចិមានិ ភិក្ខវេ ពលានិ, គតមានិ បញ្ច?
សទ្ធាពលំ វីរិយពលំ សតិពលំ សមាធិពលំ
បញ្ញាពលន្ដិ
សេចក្ដី​ថា ម្នាល​ភិក្ខុ​ទាំង​លាយ កំឡាំង​ទាំង​ឡាយ នេះ, កម្លាំង​៥ នោះ​ដូច​ម្តេច​ខ្លះ? កំឡាំង​ទាំង​៥​នោះ​គឺៈ
-សទ្ធាពល់= កំឡាំង​គឺ​សទ្ធា
-វិរិយពលំ= កំឡាំង​គឺ​សេចក្ដី​ព្យាយាម
-សតិពលំ= កំឡាំង​គឺ​សេចក្ដី​រឭក​បាន
-សមាធិពលំ= កំឡាំង​គឺ​សេចក្ដី​តាំង​ចិត្ត​មាំ
-បញ្ញា​ពលំ= កំឡាំង​គឺ​សេចក្ដី​ដឹង​ឆ្លៀវ​ឆ្លាត
ធម៌​ទាំង​៥​ប្រការ​នេះ ហៅ​ថា ឥន្រ្ទិយ​ដូច្នេះ​ក៏​បាន ព្រោះ​ជា​ធំ​ក្នុង​កិច្ច​របស់​ខ្លួន​ទាំង​អស់
អធិប្បាយ​ថាៈ ធម៌​ទាំង​៥​ប្រការ​នេះ ហៅ​ថា ពលៈ គឺ​ជា​កំលាំង សំដៅ​សេចក្ដី​ថា អ្នក​បរិបូណ៌​ដោយ​ធម៌​៥ ប្រការ​នេះ​ហើយ​ឈ្មោះ​ថា ជា​អ្នក​មាន​កំឡាំង​ដ៏​ក្រៃ​លែង​ជាង​កំឡាំង​ទាំង​អស់ អាច​ប្រកប​ការ​ងារ​ហួស​វិស័យ​ដែល​មនុស្ស​គប្បី​ធ្វើ​បាន ឲ្យ​សម្រេច​គ្រប់​យ៉ាង​តាម​សេចក្ដី​ប្រាថ្នា ឧបមា​ដូច​ជា​បុរស​មាន​កំឡាំង​ច្រើន អាច​លី​ឬ​សែង​វត្ថុ​គ្រប់​យ៉ាង​បាន សេចក្ដី​នេះ គួរ​ជ្រាប​អធិប្បាយ​ដោយ​លើក​ការ​ងារ​ផ្លូវ​គតិ​លោក​ឡើង​សំដែង​ដូច​ត​ទៅ​នេះ
បុគ្គល​​ដែល​នឹង​ប្រកបការ​ងារ​ណា​មួយ​ក្រក្ដី ងាយ​ក្ដី​ត្រូវ​អាស្រ័យ​សទ្ធា គឺ​សេចក្ដី​ជឿ​ជា​មុន គឺ​ជឿ​ក្នុង​ការ​ងារ​នោះ ថា​ជា​ការ​ដែល​មាន​ប្រយោជន៍​ពិតៗ ជា​ការ​ងារ​អាច​នឹង​ហុច​ប្រយោជន៍​ឲ្យ​ដល់​ខ្លួន សម​នឹង​ដើម​ទុន​ធន​ធាន ព្រម​តាំង​ជឿ​ចិត្ត​ខ្លួន​ក្នុង​ការ​ងារ​ដែល​ធ្វើ​ថាៈ អាច​នឹង​ធ្វើ​បាន ឯការ​ងារ​ដែល​ធ្វើ​ទាំង​អម្បាល​ម៉ាន តែង​នា​ទៅ​ឲ្យ​សម្រេច​ប្រយោជន៍ ទាំង​ផល​ដែល​ខ្លួន​ប្រាថ្នា​នោះ ខ្លួន​នឹង​បាន​ក៏​ព្រោះ​ការងារ​ដែល​ធ្វើ​ហ្នឹង​ឯង មិន​មែន​បាន​ដោយ​ផ្លូវ​ដទៃ​ឡើយ យ៉ាង​នេះ​កំឡាំង​ចិត្ត ដែល​ធ្វើ​នោះ ក៏​រមែង​កើត​ឡើង កាល​បើ​កំឡាំង​ចិត្ត​កើត​ឡើង​ហើយ តែង​ដឹក​នាំ​ឲ្យ​ឲ្យ​ប្រកប​ការ​ងារ​នោះ ដោយ​ឥត​មាន​បង្អែ​បង្អង់ តែ​គង់​រួញ​រា​បាន​ដោយ​អំណាច​នៃ​សេចក្ដី​ខ្ជិល​ច្រអូស ដែល​ចាំ​ស្ទាក់​ដំណើរ​ឲ្យ​យឺត​យូរ ធ្វើ​ខ្លះ​មិន​ធ្វើ​ខ្លះ ដោយ​អាង​ចាំ​វេលា​នេះ វេលា​នោះ ការ​ងារ​នោះ នឹង​សំរេច​មិន​បាន​ឡើយ
ព្រោះ​ហេតុ​នេះ​ឯង​ធម៌​ក្នុង​លំដាប់​ពីរ​បន្ទាប់​អំពី​សទ្ធា​មក គឺ​សេចក្ដី​ព្យាយាម ទើប​ជា​គុណ​ដែល​ត្រូវ​ប្រាថ្នា​មួយ​ទៀត ព្រោះ​ជា​គុណធម៌ ដែល​ជំរុញ​ទាញ​នា​ចិត្ត​ឲ្យ​ប្រកប​កិច្ចការ មិន​ឲ្យ​រួញរា អាច​ជួយ​ទំនុក​បំរុង​តាំង​ចិត្ត​ធ្វើ​ដោយ​សេចក្ដី​ក្លាហាន​ប្រឹង​ប្រែង ធម្មតា​បុគ្គល​តាំង​ព្យាយាម ប្រឹង​ក្នុង​ការ​ងារ​នោះៗ ហើយ​តែង​ជួប​ប្រទះ នឹង​សេចក្ដី​ជំពាក់​ទាក់​ទាម​ក្នុង​ចន្លោះៗ ដែល​ជា​ធម្មតា​របស់​ការងារ​ក្នុង​លោក កាល​បើ​ជួប​ប្រទះ​នឹង​សេចក្ដី​ទាក់​ទាម​បែប​នោះ​ហើយ បើ​មិន​មាន​សតិ​គ្រប់​គ្រង​រក្សា​ចិត្ត​ទេ ចិត្ត​ក៏​មិន​គួរ​ដល់​ការងារ គឺ​តែង​លះចោល​ការ​ងារ​នោះ បាន​ដោយ​ងាយ​ មិន​ត្រិះរិះ​រក​ឧបាយ មិន​គិត​រក​ផ្លូវ​ដែល​បន្ទោបង់ កែ​កុន​ឲ្យ​ឃ្លាត​ផុត​ចាក​សេចក្ដី​ជំពាក់​ទាក់​ទាមនោះៗ ចេញ​ឡើយ កាល​បើ​ដូច្នេះ​ការ​ងារ​នោះ ក៏​មិន​សម្រេច
ដោយ​ហេតុ​នេះ ក្នុង​លំដាប់​ទី បន្ទាប់​អំពី​សេចក្ដី​ព្យាយាម​មក​ ទើប​ត្រូវ​អាស្រ័យ​សតិ​ផង ព្រោះ​សតិ​ជា​គុណធម៌​គ្រប់​គ្រង​រក្សា​ចិត្ត ឲ្យ​ប្រព្រឹត្ត​ទៅ​តែ​ក្នុង​ការ​ងារ​នោះៗ ដាស់​តឿន​ចិត្ត​មិន​ឲ្យ​រុញ​រា ក្នុង​កាល​ដែល​ជួប​ប្រទះ​សេចក្ដី​ជំពាក់​ទាក់​ទាម អាច​ជំរុញ​ពុះ​ពារ​ឲ្យ​អង់​អាច​ក្នុង​ការ​ងារ​ដែល​ត្រូវ​ធ្វើ​រក​ឧបាយ​ក្នុង​វិធី​កែ​កុន មិន​តែ​ប៉ុណ្ណោះ សតិ​នេះ​ជា​គ្រឿង​ការពារ​ឲ្យ​ធ្វើ​ការ​ងារ​នោះៗ មិន​ឲ្យ​ភ្លាំង​ទៅ​បាន ទាំង​ជា​ហេតុ​ ឲ្យ​កត់​ចំណាំ​នឹង​ឲ្យ​រឭក​បាន​នូវ​ការ​ងារ ដែល​ធ្វើ​ត​ទៅ​ខាង​មុខ​ផង រួម​សេចក្ដី​ថា "សតិ​ជា​គ្រឿង​ធ្វើ​ចិត្ត​ឲ្យ​គួរ​ដល់​ការងារ"
ធម្មតា​ចិត្ត សូម្បី​តាំង​នៅ​ក្នុង​សេចក្ដី​គ្រប់​គ្រង​រក្សា​នឹង​សេចក្ដី​ទំនុក​បំរុង​គាំ​ទ្រ​របស់​សតិ​ក៏​ពិត​មែន​ហើយ តែ​ជួន​កាល​សតិ​មិន​អាច​រក្សា​ចិត្តបាន ព្រោះ​ចិត្ត​មាន​អំណាច​ច្រើន​ជាង ដល់​វេលា​ល្អ​ក៏​ល្អ ដល់​វេលា​អាក្រក់​កើត​ឡើង​ហើយ សតិ​ក៏​នៅ​ជា​សតិ មិន​អាច​រក្សា​ការ​ពារ​ចិត្ត​បាន​បើ​មិន​ដូច្នោះ សតិ​ដែល​ជា​អ្នក​គ្រប់​គ្រង​ហ្នឹង​ឯង មាន​វេលា​ភ្លាត់​ភ្លាំង​ខូច​ខាត​ដូច​គ្នា កាល​បើ​សតិ​ភ្លាត់​ភ្លាំង​ហើយ ចិត្ត​ក៏​តែង​រាយ​មាយ មាន​សេចក្ដី​ប្រែ​ប្រួល​ទៅ​ជា​ច្រើន​ផ្លូវ មិន​អាច​ត្រិះរិះ​ដល់​ការ​ងារ ដែល​ខ្លួន​ធ្វើ​សោះ​ឡើយ, ការ​ងារ​នោះ​ក៏​ខាន​សំរេច
ព្រោះ​ហេតុ​នោះ ក្នុង​លំដាប់​ទី បន្ទាប់​ពី​សតិ​មក ត្រូវ​ប្រើ​សាមាធិ​មួយ​ទៀត ព្រោះ​សមាធិ​ជា​គុណ​ធម៌​គ្រប់​គ្រង​ចិត្ត មិន​ឲ្យ​រាយ​មាយ ឲ្យ​ប្រព្រឹត្ត​ស្មោះ​ស្មើ​ដោយ​អាការ​ដ៏​មាំ​មួន មិន​ឲ្យ​ចិត្ត​ប្រែ​ប្រួល​ទៅ​ក្នុង​អារម្មណ៍​ដទៃ​គ្រប់​យ៉ាង ឲ្យ​ស្ដិត​នៅ​តែ​ក្នុង​ការ​ងារ​នោះ
កាល​បើ​ដូច្នោះ ការ​ងារ​ដែល​ខ្លួន​ធ្វើ​នោះ រាប់​ថា​បាន​ចូល​ទៅ​កាន់ សេចក្ដី​សំរេច តែ​ដែល​មិន​បាន​សំរេច​នោះ ព្រោះ​ខ្វះ​បញ្ញា​ដែល​ជា​កំឡាំង​សំខាន់​បំផុត​ក្នុង​កំឡាំង​ទាំង​៥​នោះ
ព្រោះ​ហេតុ​នើ ក្នុង​លំដាប់​តី បន្ទាប់​អំពី​សមាធិ​នោះ ត្រូវ​ប្រកប​ដោយ​បញ្ញា​មួយ​ទៀត ព្រោះ​បញ្ញា​ជា​គុណធម៌ ធ្វើ​ឲ្យ​ឈ្លាស​វៃ​អង់​អាច​តាម​ធម្មតា​និយម បើ​បុគ្គល​មាន​បញ្ញា ដឹង​ហេតុ​នៃ​សេចក្ដី​វិនាស​នឹង​សេចក្ដី​ចំរើន ឲ្យ​ដំណើរ​ការ​ងារ​របស់​ខ្លួន​នោះ ឃ្លាត​ចាក​សេចក្ដី​អាក្រក់​ចេញ ឲ្យ​ប្រព្រឹត្ត​ទៅ តែ​ក្នុង​ផ្លូវ​ល្អ ផ្លូវ​ប្រពៃ, កាល​បើ​ដូច្នោះ ការងារ​របស់​ខ្លួន​ដែល​ប្រកប​នោះ តែង​បាន​សំរេច​ដោយ​ងាយ ប្រយោជន៍​ដែល​ប្រាថ្នា ផល​ដែល​ខ្លួន​ប៉ុនប៉ង ក៏​តែង​កើត​ឡើង​តាម​សេចក្ដី​ប្រាថ្នា
ធម៌ ប្រការ​នេះ សុទ្ធ​តែ​ជា​កំឡាំង​ដ៏​ក្រៃ​លែង ក្នុង​ការ​ប្រកប​ការ​ងារ​ដូច​សំដែង​មក​នេះ ទើប​មាន​ឈ្មោះ​ថា​ពលៈ មួយ​ទៀត​ធម៌​ទាំង​៥ ប្រការ​នេះ មាន​ឈ្មោះ​ថា ឥន្រ្ទិយៈ ដោយ​អធិប្បាយ​ថាៈ ជា​ធំ​ក្នុង​កិច្ច​របស់​ខ្លួន គឺ​សទ្ធា​ក៏​ជា​ធំ​ខាង​ចំណែក​សទ្ធា, វិរិយៈ ក៏​ជា​ធំ​ខាង​វិរិយៈ សតិ​ក៏​ជា​ធំ​ខាង​ចំណែក​សតិ​ សមាធិ​ក៏​ជា​ធំ​ខាង​ចំណែក​សមាធិ, បញ្ញា​ក៏​ជា​ធំ​ខាង​ចំណែក​បញ្ញា, ជា​ធំ​ផ្សេងៗ​គ្នា មិន​បាច់​អាស្រ័យ​គ្នា ដូច​ពលៈ​ទេ, ព្រោះ​ហេតុ​នោះ ទើប​មាន​ឈ្មោះ​ថា​ឥន្រ្ទិយ
ហេតុ​ដូច​ម្តេច​បាន​ជា សទ្ធា, វិរិយ, សតិ, សមាធិ, បញ្ញា, ទើប​មាន​ឈ្មោះ​ថា​ធម៌​ជា​កំលាំង ឬ​ជា​ធំ​ក្នុង​កិច្ច​របស់​ខ្លួន ?
កំលាំង​ជា​គ្រឿង​ទំនុក​បំរុង​ឲ្យ​កិច្ចការ​ ដែល​ខ្លួន​ប្រាថ្នា​ប៉ុន​ប៉ង​បាន​ដល់​សេចក្ដី​សំរេច ដូច​យ៉ាង​ស្រុក​នគរ នឹង​មាន​ជ័យ​ជំនះ ឈ្នះ​សត្រូវ​ខាង​ក្រៅ​បាន​ ក៏​ត្រូវ​អាស្រ័យ​កំលាំង​ទាហាន នឹង​កំលាំង​ទ្រព្យ ដែល​ជា​គ្រឿង​ចិញ្ចឹម​គ្នា ដែល​ហៅ​ថា​កំលាំង​កាយ​កំលាំង​ទ្រព្យ មួយ​ទៀត​ការ​ដែល​ឈ្នះ​សត្រូវ​ខាង​ក្នុង ក៏​ត្រូវ​អាស្រ័យ​កំលាំង​ការ​ឆ្លៀវ​ឆ្លាស ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ប្រពៃ បើ​មិន​មាន​កំលាំង​ទាំង​អម្បាល​នេះទេ កិច្ច​ដែល​ខ្លួន​ប៉ុន​ប៉ង​នោះ ក៏​មិន​បាន​សម្រេច, សេចក្ដី​នេះ មាន​ឧបមា​យ៉ាង​ណា, កិច្ច​ខាង​ដើម​ដែល​បុគ្គល​គប្បី​ធ្វើ ក៏​ដូច្នោះ​ដែរ
បណ្ដា​កិច្ចការ​ទាំង​ពួង ដែល​ត្រូវ​ធ្វើ​ដោយ​កាយ​តែង​អាស្រ័យ​ចិត្ត​ ព្រោះ​ចិត្ត​ជា​ធំ​ក្នុង​កិច្ចការ​ដែល​បង្គាប់​អវយវៈ​ទាំងអស់, កាយ​ប្រៀប​ដូច​រូប​តុក្កតា ចិត្ត​ដូច​មនុស្ស​អ្នក​ទាញ រូប​តុក្កតា​នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​ណា​ក៏​ព្រោះ​មនុស្ស​ទាញ ព្រោះ​ហេតុ​នេះ​ចិត្ត​មាន​កំលាំង ទើប​ញ៉ាំង​កាយ​ឲ្យ​ក្លាហាន ប្រកប​កិច្ចការ​ស​ំរេច​តាម​សេចក្ដី​ប្រាថ្នា​បាន បើ​មិន​មាន​កំលាំង​ចិត្ត​ទេ ក៏​នឹង​ធ្វើ​កិច្ច​ការ​អ្វី​មិន​កើត ដូច​បុគ្គល​ដែល​មាន​កំលាំង​ខ្លាំង ល្មម​នឹង​នឹង​ធ្វើ​កិច្ចការ​ទាំង​ពួង​បាន​ពិត, តែ​បើ​ខ្វះ​សទ្ធា​គឺ​សេចក្ដី​ជឿ​ថា អំពើ​ដែល​ត្រូវ​ធ្វើ​នឹង​បាន​ផល​យ៉ាង​នេះ​ហើយ កាយ​ក៏​មិន​ប្រាថ្នា​នឹង​ធ្វើ សូម្បី​មាន​សទ្ធា​ជា​គ្រឿង​ឧបត្ថម្ភ​ហើយ ចិត្តក៏​មិន​ងាយ​នឹង​ធ្វើ​អ្វី​កើត បើ​មិន​មាន​សេចក្ដី​ព្យាយាម​កាយ​ជួយ​ជា​កំលាំង​ផង​ទេ ក៏​មិន​អាច​នឹង​ធ្វើ​អ្វី​បាន គ្រាន់​តែ​នឹក​ចង់​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ប៉ុណ្ណោះ ឯ​ប្រយោជន៍​ដែល​ត្រូវ​បាន ក៏​មិន​បាន​ដូច​បំណង, ព្រោះ​ហេតុ​នោះ ទើប​ត្រូវ​អាស្រ័យ​សេចក្ដី​ព្យាយាម ។​សេចក្ដី​ព្យាយាម​នេះ​ឯង អាច​ឲ្យ​បាន​សំរេច​ប្រយោជន៍​គ្រប់​យ៉ាង​ដល់​បុគ្គល ដែល​ប្រឹង​ប្រែង​ឧស្សាហ៍​ព្យាយាម​សន្សំ ធ្វើ​នូវ​កិច្ចការ​សព្វ​សារពើ ដោយ​មិន​ទំរន់​អាង​ដល់​ទោស​ខ្ជោល​ទាំង​៦​យ៉ាង មាន​មិន​ធ្វើ​ការងារ​ដោយ​អាង​ថា​ត្រជាក់​ណាស់ រងាណាស់​ជា​ដើម កាល​បើ​បុគ្គល មិន​ទំរន់​អាង​ដល់​ខ្ជិល​ហើយ មាន​សេចក្ដី​ឧស្សាហ៍​ព្យាយាម​ប្រកប​ការ​ងារ​ទាំង​ពួង ទ្រព្យ​សម្បត្តិ​នឹង​សម្បូណ៌​ពោរ​ពាស​ដល់​បុគ្គល​នោះ ដោយ​ឆាប់​រហ័ស ព្រោះ​តែ​បុគ្គល​នោះ មិន​មាន​សេចក្ដី​រួញ​រា​ចំពោះ​ក្ដៅ​នឹង​ត្រជាក់ ដូច​ជា​ស្មៅ​មិន​អើ​ពើ​នឹង​កំដៅ​ថ្ងៃ នឹង​ត្រជាក់ បើ​ទុក​ជា​ក្ដៅ​ត្រជាក់​យ៉ាង​ណា ក៏​ស្មៅ​មិន​រួញ​តឿ​ទាប​ចុះ​ទៅ​ឡើយ សេចក្ដី​នេះ​សម​ដូច​ពុទ្ធ​ភាសិត​ថាៈ
យោ សីតញ្ច ឧណ្ហញ្ច តិណភិយ្យោ មញ្ញតិ
ករំ បុរិសកិច្ចានិ សោ សុខា វិហាយតិ
សេចក្ដី​ថាៈ (ជន​ណា​មួយ កាល​បើ​កំពុង​ធ្វើ​ការ​ងារ​ដែល​បុរស​ត្រូវ​ធ្វើ​នោះ មិន​សំគាល់​នូវ​ត្រជាក់​នឹង​ក្ដៅ ដោយ​ក្រៃ​លែង​ជាង​ស្មោ គឺ​ថា​មិន​អើ​ពើ​ក្នុង​ត្រជាក់​នឹង​ក្ដៅ ដូច​ជា​ស្មៅ ជន​នោះ​ឯង​នឹង​មិន​សាប​សូន្យ មិន​ឃ្លាត​ចេញ​ពី​សេចក្ដី​សុខ​ឡើយ "
ម្យ៉ាង​ទៀត​ជន​ណា​ដែល​ខ្ជិល​ច្រអូស​មិន​គិត​ប្រឹង​ប្រែង​រក​ទ្រព្យ​សម្បត្តិ គិត​តែ​ដើរ​លេង​ស៊ី​ផឹក សេព​គប់​នឹង​មិត្ត​អាក្រក់ ជា​មនុស្ស​ កកែ កករ រក​តែ​រឿង​ទាស់​ទែង មនុស្ស​បែប​នេះ មិន​ងាយ​នឹង​ធ្វើ​ខ្លួន​ឲ្យ​បាន​សេចក្ដី​សុខ-ចំរើន ទេ​មាន​តែ​សេចក្ដី​វិនាស​ម្យ៉ាង កាល​ដែល​ខ្លួន​នៅ​មាន​កំលាំង​កំហែង​មាំ​មួន​រឹង​ប៉ឹង មិន​ប្រឹង​រក​ទ្រព្យ​សម្បត្តិ​មក​ទុកដាក់ ឲ្យ​គង់​វង្ស​នៅ​ស្ថិត​ស្ថេរ​ចិរកាល​ត​ទៅ​ទេ ព្រោះ​តែ​សេចក្ដី​ប្រមាទ​ខ្ជិល​ច្រអូស​ចូល​មក​លុក​លុយ​ម្ល៉ោះ​ហើយ​ទ្រព្យ​សម្បត្តិ​ពី​ណា​ នឹង​កើត​មាន? កាល​បើ​មិន​មាន​ទ្រព្យ​សម្បត្តិ​ហើយ សេចក្ដី​សុខ​ក៏​មិន​មាន​ឡើយ លុះ​ដល់​យូរ​ទៅ​សំលៀក​បំពាក់​ ក៏រហែក​អស់ ដើរ​អាវ៉ា​សែ អនាថា​ឥត​ទីពឹង ដេក​ដោយ​ម្លប់​ឆើ ចិញ្ចើម​ថ្នល់​ធ្វើ​ភ្នែក​ភ្លឹះៗ ទាំង​ចំណី​អាហារ​សោត​ទៀត ស្ទើរ​តែ​រក​បំពេញ​ពោះ​មិន​បាន បើ​បាន​ក៏​បាន​ដោយ​ថោក​ទាប មនុស្ស​ដែល​ធ្លាក់​ខ្លួន​ទៅ​កាន់​ឋានៈ ដ៏​ថោក​ទាប​យ៉ាង​នេះ​ឯង ព្រោះ​តែ​មិន​មាន​សេចក្ដី​ឧស្សាហ៍​ព្យាយាម​ប្រឹង​ប្រែង​រក​ទ្រព្យ​សម្បត្តិ ជា​មនុស្ស​ខ្ជិល​ច្រអូស បាន​ជា​ធ្លាក់​ខ្លួន​ទៅ​កាន់​ឋានៈ ដើរ​ថោក​ទាប​យ៉ាង​នេះ
ព្រោះ​ហេតុ​នេះ គួរ​យើង​ខំ​ប្រឹង ប្រកប​ការ​ងារ​ឲ្យ​ម៉ឹង​ម៉ាត់​ឡើង ត្រូវ​កំចាត់​បង់​សេចក្ដី​ខ្ជិល​ច្រអូស​ចេញ​ពី​ខន្ធ​សន្ដាន ហើយ​ញ៉ាំង​វិរិយៈ សេចក្ដី​ព្យាយាម​ប្រឹង​ប្រែង​ឲ្យ​កើត​មាន​ឡើង, កាល​ណា​បើ​មាន​វិរិយៈ ហើយ​ទ្រព្យ​សម្បត្តិ​គង់​តែ​កើត​មាន​ពិត​ប្រាកដ
មួយ​ទៀត មាន​ជន​ពួក​ខ្លះ​ច្រើន​ប្រកាន់​លទ្ធិ​យថាកម្ម គឺ​លទ្ធិ​ដែល​ធ្វើ​អ្វី​ហើយ​មិន​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​មែន​ទេន​ទេ ធ្វើ​ទៅ​តាម​បុណ្យ​តាម​កម្ម​ដោយ​ជឿ​ថា បើ​បុណ្យ​យើង​មាន​ចាំ​បាច់​ទៅ​ធ្វើ​ប៉ុន្មាន យើង​គង់​តែ​នឹង​បាន​ជា​សេដ្ឋី ជា​អ្នក​មាន ជា​ដើម​មិន​ខាន ដល់​គិត​ដូច្នេះ​ហើយ ធ្វើ​អ្វី​ក៏​សុទ្ធ​តែ​សោះ​អង្គើយ​ទាំង​អស់ រៀន​សូត្រ​ក៏​មិន​ពិត​ប្រាកដ​ធ្វើ​ជំនួញ​ជួញ​ប្រែ​អ្វី​ក៏​មិន​ប្រឹង​ប្រែង ធ្វើ​ស្រែ​កាប់​ចំការ​ច្បារ​ដំណាំ​ក៏​មិន​ខ្នះ​ខ្នែង អាង​ឡើង​តែ​ស្រែក​បន់​ស្រន់​អំពាវ​នាវ​រក​ទេញ្ដ ឲ្យ​លោក​ចុះ​មក​ជួយ ពុំ​គួរ​ឲ្យ​ទេញ្ដ​ជួយ​ទន្ទេញ ឲ្យ​ជួយ​លក់​ដូរ​ឲ្យ​បាន​ជា​ធំ​ឆាប់ ឲ្យ​បាន​ចំណេញ​មាន​កំរៃ​ច្រើន​ដូច្នោះ​ទេ បន់​ស្រន់​ឲ្យ​ទេញ្ដ​ជួយ​យក​ទឹក​នឹង​ដី​មក​ចាក់​ស្រែ​ចំការ​ច្បារ​ដំណាំ​ឲ្យ ដើម្បី​ឲ្យ​លូត​លាស់​មាន​ផ្លែ​ផ្កា​សម្បូណ៌​ឡើង​មិន​គិត​ខំ​ប្រឹង​រៀន​សូត្រឲ្យ​មែន​ទែន​ឡើយ តស៊ូ​នឹង​សេចក្ដី​លំបាក​គ្រប់​យ៉ាង មិន​ខំ​ប្រឹង​ប្រែង​ធ្វើ​ជំនួញ​ជួញ​ប្រែ​ដោយ​យក​ចិត្ត​ទុក​ដាក់ អត់​ធន់​នឹង​ឧបស័គ្គ​គ្រប់​ផ្លូវ​ ស៊ូទ្រាំ​នឹង​សេចក្ដី​លំបាក​នឿយ​ហាត់​គ្រប់​ប្រការ មិន​ខំ​ភ្ជួរ​រាស់​កាប់​ឆ្កា ឲ្យ​ម៉ឺង​ម៉ាត់ បាច​ទឹក​បញ្ចូល ឬ​ជីក​ប្រឡាយ​បង្ហូរ​ទឹក រក​ជី​ចាក់​ដោយ​សេចក្ដី​ខ្មី​ឃ្មាត​នោះ​ឡើយ គិត​តែ​បន់​ស្រន់​ទេញ្ដ​តែ​ម្យ៉ាង​កាល​បើ​មាន​សេចក្ដី​សង្ឃឹម នៅ​លើ​ទេញ្ដ​ដូច្នោះ​ហើយ សេចក្ដី​ប្រឹង​ប្រែង​គ្រប់ផ្លូវ ក៏​បន្ធូរ​បន្ថយ​ចេញ​ទៅ​អស់​ដេក​ចាំ​មើល​ផ្លូវ​ទេញ្ដ​ចុះ​មក​ជួយ មិន​ដឹង​ទេញ្ដ​ណា ក៏​នឹង​ចាំ​តែ​ចុះ​មក​ជួយ​អ្នក​នោះ បើ​ទៅ​កើត​ជា​ទេញ្ដ​ហើយ នៅ​តែ​ត្រូវ​វេន​ចុះ​មក​ជួយ​រៀន​សូត្រ​សិក្សា​ជួយ​លក់​ជួយ​ដូរ ជួយ​ភ្ជួរ​ស្រែ​កាប់​ចំការ ឲ្យ​មនុស្ស​ឲ្យ​លំបាក​ដូច្នោះ​ទៀត តើ​ចាំ​បាច់​ទៅ​កើត ជា​ទេញ្ដ​ធ្វើ​អ្វី? នៅ​ជា​មនុស្ស​លោក​វិញ​ស្រួល​ជាង​ទៅ​កើត​ជា​ទេញ្ដ បើ​នៅ​តែ​មក​ជួយ​ធ្វើ​ការ​ដដែល​ដូច្នោះ
បើ​បន់​ស្រន់​ទៅ លោក​ជួន​ជា​ថ្ងៃ​ណា ខែ​ណា ឆ្នាំ​ណា បាន​ប្រទះ​ត្រូវ​បំណន់​របស់​ខ្លួន ក៏​តាំង​សរសើរ​ភ័ព្វ​សំណាង ថា​ទេញ្ដ​ជួយ​ខ្លួន​ ទេញ្ដ​មាន​ឫទ្ធិ​មាន​អំណាច លក់​មិន​ដាច់​ខាត​ទុន ធ្វើ​ស្រែ​ចំការ​មិន​បាន​ផល ក៏​តោង​ជេរ​ប្រទេច​ផ្ដាសា​ដល់​ពួក​ទេញ្ដ ដោយ​ពាក្យ​ទ្រគោះ​បោះ​បោក​ផ្សេងៗ កាល​បើ​មាន​សេចក្ដី​ប្រមាថ​ចូល​មក​លុក​លុយ​ក្នុង​ខ្លួន​ធ្វើ​ឲ្យ​ចិត្ត​កករ​ល្អក់​សៅ​ហ្មង​ដូច្នោះ​ហើយ ក៏​ចេះ​តែ​ហិន​ហោច​ចុះ​ឥត​មាន​សេចក្ដី​ចំរើន​លូត​លាស់​ដុះ​ដាល​ទៅ​មុខ​ឡើយ លទ្ធិ​បែប​នេះ​ហើយ ដែល​ហៅ​ថា លទ្ធិយថកម្ម គឺ​ធ្វើកិច្ចការ​អ្វី​ផង​ទាំង​ពួង​សុទ្ធ​តែ​ឲ្យ​ទេញ្ដ​ចុះ​មក​ជួយ​សំរេច​ឲ្យ​ទាំង​អស់ មិន​ប្រឹង​ឲ្យ​បាន​សំរេច​ដោយ​ខ្លួន​ឯង​ទេ លទ្ធិយថាកម្ម​នេះ បើ​មាន​នៅ​លើ​រូប​បុគ្គល​ណា​ហើយ​ត្រូវ​លះ​ចោល​ចេញ​កុំ​ឲ្យ​អព្វ​មង្គល​នេះ នៅ​បាន​ទឡើយ
ព្រោះ​ហេតុ​នោះ ជន​ដែល​ប្រាថ្នា​នូវ​សេចក្ដី​ចំរើន​ដល់​ខ្លួន ត្រូវ​ប្រឹង​ឲ្យ​ពេញ​ដៃ​ពេញ​ជើង​ឡើង ប្រឹង​ឲ្យ​អស់​ពី​ចិត្ត​ឡើង កុំ​ធ្វើ​អ្វី ដោយ​ផ្សង​សំណាង​ថាៈ មើ! បើ​សំណាង​យើង​មាន យើង​បាន​សាង​ទុក​ពី​មុន​មក កិច្ចការ​របស់​យើង​នោះ គង់​តែ​នឹង​បាន​សំរេច​ដល់​យើង​ជា​មិន​ខាន​ទេ
ការ​ដែល​ជន​ធ្វើ​អ្វីៗ ហើយ​គិត​ដូច្នេះ​នេះ​ពុំ​ប្រពៃ​ឡើយ សំណាង​ដែល​យើង​បាន​សាង​មក​នោះ ក៏​គឺ​បាន​ចាត់​ឲ្យ​យើង​មក​កើត ជា​មនុស្ស​ចាត់​ឲ្យ​យើង​មាន​អវយវៈ គ្រប់​គ្រាន់​មិន​ខ្វះ​ខាត មិន​វិកល​វិការ​ដៃ​ជើង​បាក់​ភ្នែក​ខ្វាក់ ត្រចៀក​ថ្លង់​នោះ​ហើយ ត្រង់​ដែល​ធ្វើ​របរ​អ្វី​ផង​ទាំង​ពួង​នោះ ក៏​ស្រេច​តែ​នឹង​យើង​ត្រូវ​ធ្វើ​ខ្លួន​ឯង សំណាង​ក៏​មិន​អាច​នឹង​បង្ហូរ​ទ្រព្យ​សម្បត្តិ ឬ​កិចកចការ​សព្វ​ជំពូក​មក​ឲ្យ​យើង​បាន ក្នុង​ពេល​ដែល​យើង​មិន​ធ្វើ​អ្វីសោះ​នោះ​ទេ សំណាង​ក៏​មិន​លះ​បង់​ចោល​យើង​ស្មោះ គង់​តែ​នឹង​ជួយ​យើង​ត​ទៅ បើ​យើង​ខំប្រឹង​ធ្វើ​កិច្ចការ​ទាំង​ពួង ដោយ​យក​ចិត្ត​ទុក​ដាក់​តែ​សំណាង​នឹង​លះ​បង់​ចោល​យើង​នោះ នឹង​មិន​ជួយ​យើង​ក្នុង​កាល​ដែល​យើង​ដេក​នៅ​ស្ងៀម​មិន​ធ្វើ​អ្វីៗ ខំ​តែ​ស្រែក​ហៅ​ព្រែង​សំណាង​ទទេ នោះ​ហើយ​នឹង​មិន​ជួយ​យើង​ក្នុង​វេលា​ដែល​ធ្វើ​ការ​ងារ បែប​សោះ​អង្គើយ​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់? ហើយ​ត្រូវ​ខំ​ធ្វើ​កិច្ចការ​ឲ្យ​ពេញ​កំលាំង​តែ​ម្យ៉ាង បើ​មាន​ឧស្សាហ៍​ព្យាយាម​ យក​ចិត្ត​ទុក​ដាក់ ដោយ​ម៉ឺង​ម៉ាត់​ចំពោះ​កិច្ចការ​ដែល​ខ្លួន​ត្រូវ​ធ្វើ​នោះ ទ្រព្យ​សម្បត្តិ​នឹង​កើត​ប្រាកដ កាល​បើ​មាន​ទ្រព្យ​សម្បត្តិ​ហើយ​សេចក្ដី​សុខ-ចំរើន តែង​តែ​ហុច​ឲ្យ​រាល់​កាល​រាល់​វេលា ក្នុង​បច្ចុប្បន្ន​នេះ រហូត​ទៅ​ដល់​បរ​លោក​នាយ
វិរិយៈ​សេចក្ដី​ព្យាយាម​នេះ ជា​ហេតុ​ឲ្យ​បាន​សំរេច​សេចក្ដី​ប្រាថ្នា​គ្រប់​យ៉ាង ព្រោះ​ហេតុ​នោះ បាន​ជា​ចាត់​ថាមាន​កំលាំង ទើប​អាច​ធ្វើ​ការ​ទាំង​ពួង​ពេញ​កំលាំង ដែល​គួរ​ធ្វើ​ទៅ​បាន ព្រោះ​ហេតុ​នោះ​ត្រូវ​ប្រើ​កំលាំង​សតិ បំពេញ​ឡើង​ទៀត ដើម្បី​ជា​ជំនួយ​ចិត្ត ឲ្យ​មាន​កំលាំង​ហើយ​បង្គាប់​កាយ​ ឲ្យ​ធ្វើ​ការ​ទាំង​ពួង ដែល​ខ្លួន​យើង​ត្រូវ​ការ​ពិតៗ តែ​ការ​ដែល​សតិ​ជា​គ្រឿង​ត្រួត​ត្រា​កំលាំង​ក្លាហាន​នឹង​នៅ​ក្នុង​អារម្មណ៍​តែ​មួយៗ ដោយ​ហេតុ​នេះ​ត្រូវ​អាស្រ័យ​កំលាំង​គឺ​សមាធិ​ទៀត ទើប​រិត​តែ​មាន​កំលាំង​ច្រើន​ឡើង ក៏​កំលាំង​ត្រឹម​តែ​ប៉ុណ្ណេះ មិន​សូវ​ពូកែ​ណាស់​នៅ​ឡោះយ​ទេ បើ​ការ​ធំៗ ក៏​ល្មម​សំរេច​បាន​ដូច​ប្រាថ្នា បើ​កិច្ច​ណា​ដែល​ល្អិត​ជ្រាលជ្រៅ ជា​របស់​កំបាំង​ដូច​ជា​កិលេស ដែល​ដេក​គ្រាំ​នៅ​ក្នុង​សន្ដាន ហើយ​ប្រើ​ត្រឹម​តែ​កំលាំង​ប៉ុណ្ណោះ ក៏​មិន​អាច​នឹង​កំចាត់​ទៅ​បាន​ឡើយ លុះ​តែ​អាស្រ័យ​បញ្ញា​រក​ហេតុ​ផល​ ឲ្យ​ដឹង​តាម​ពិត​ជា​គ្រឿង​យឹត​យោង​ផង ទើប​អាច​ឲ្យ​កិច្ច​ទាំង​នោះ​សម្រេច​ទៅ​បាន។
អធិប្បាយ​មក​ត្រឹម​តែ​ប៉ុណ្ណេះ ក៏​អាច​នឹង​បាន​ជា​គ្រឿង​សំគាល់​កំលាំង​ចិត្ត​ប្រការ សម​ដូច​ជា​ពុទ្ធ​ភាសិត ដែល​សំដែង​ចំពោះ​ព្រោះ​បាទ​បសេនទិកោសល​ថា អាបទាសុ ខោ មហារាជ ថាមោ វេទិតញ្វេ សេចក្ដី​ថា "បពិត្រ​មហាររាជ! ក្នុង​អន្ដរាយ​ទាំង​ឡាយ កំលាំង​ចិត្ត​បណ្ឌិត​គប្បី​ដឹង​បាន"
កំលាំង​ចិត្ត​បែប​នេះ អាច​ធ្វើ​បុគ្គល​ឲ្យ​ជា​ឥស្សរជន​បាន ឥស្សរជន​ ដែល​ប្រកប​ដោយ​កំលាំង​ចិត្ត​បែប​នេះ​ហើយ រមែង​រក្សា​សេចក្ដី​សុខ​សំរាន្ដ​របស់​ខ្លួន នឹង​បុគ្គល​ដទៃ​ឲ្យ​ស្ថិត​ស្ថេរ​នៅ​បាន​ដូច្នេះ​ជា​ដើម ទើប​ជា​គុណ​គួរ​អស់​សាធុជន​ទាំង​ឡាយ​ប្រាថ្នា​ណាស់ ព្រោះ​ថា​មនុស្ស​ទាំង​ឡាយ​ជា​ច្រើន ដែល​ទៅ​ជា​មនុស្ស​ឥត​ប្រយោជន៍​ប្រើ​ការ​មិន​កើត​នោះ ព្រោះ​ខ្វះ​ធម៌​៥ ប្រការ​នេះ ជា​គ្រឿង​ជួយ​កំលាំង​ចិត្ត, ធម៌​ទាំង​៥ ប្រការ​នេះ មាន​អធិប្បាយ​ថា ជា​កំលាំង​ដូច្នេះ​ឯង
អាត្មា​ភាព​សំដែង​មក​ដោយ​សេចក្ដី​សង្ខេប សូម​សន្មត​ថា​ចប់​តាម​សម​គួរដល់​ពេល​វេលា​ឯវំ។

ចប់

No comments:

Post a Comment