Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Saturday, January 19, 2013

ទស្សនៈអប់រំសីលធម៌របស់ ក្រមង៉ុយ


ទស្សនៈអប់រំសីលធម៌របស់ ក្រមង៉ុយ

ប្រសូត នៅ​ឆ្នាំ​១៨៦៥ ត្រូវ​នឹង​ពុទ្ធ​សករាជ ២៤០៨ នៅ​ភូមិ​ព្រៃ​អណ្ដូង​ស្វាយ ឃុំ​កំបូល ​ស្រុក​អង្គស្នួលខេត្ត​កណ្ដាល ប្រទេសកម្ពុជា​។​ ហើយ​លោក​មាន​ឈ្មោះ​ពី​កំណើត​គឺ អ៊ុក អ៊ូ ហៅ​ង៉ុយ ។ អ្នក​ភិរម្យ​ភាសា​អ៊ូ​​ហៅ​​ង៉ុយ (​ក្រម​ង៉ុយ​) ​គឺជា​​គោរមងារ​​មួយ​​ដែល​​ព្រះមហាក្សត្រព្រះបាទ​ ស៊ីសុវត្ថិ ប្រទាន​​ឲ្យ។
អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ មិន​បាន​សរសេរ​កំណាព្យ​ដែល​លោក​ស្មូត​ច្រៀង​នោះ​ដោយ​​ខ្លួនឯង​ទេ ហេតុនេះហើយ​ទើប​ពុទ្ធសាសនបណ្ឌិត្យ​អញ្ជើញ​លោក​មក​ច្រៀង​យឺតៗ ហើយ​កត់ត្រា​ទុក ។​ ​ស្នាដៃ​របស់​ក្រម​ង៉ុយ ដែល​គេ​រកឃើញ​រហូតមកដល់​សព្វថ្ងៃនេះ រួមមាន:
- ច្បាប់ល្បើកថ្មី (​ជា​បទ​កាកគតិ​-​ឆ្នាំ​១៩២២)
- ច្បាប់កេរកាលថ្មី (​ជា​បទ​ព្រហ្មគីតិ​-​ឆ្នាំ​១៩២២))
- ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​ស្រី (​ជា​បទ​ពាក្យ​៧- មិនដឹង​កាលបរិច្ឆេទ​, អាច​ក្នុង​ឆ្នាំ​១៩៣៥ ព្រោះជា​ស្នាដៃ​ទី​៥)
- បណ្ដាំក្រមង៉ុយ (​ជា​បទ​ព្រហ្មគីតិ​- ក្នុង​រវាង​ឆ្នាំ​១៩៣៥)
នៅ​មាន​ដៃ​ផ្សេង​ទៀត​របស់​ក្រម​ង៉ុយ ដែល​គេ​រក​មិនឃើញ​ឯកសារ​សរសេរ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​មុនៗ​បាន​ចាត់ទុកថា​ជា​ស្នាដៃ​របស់​លោក​ដែរ គឺ​ចម្រៀង​ស្ដីអំពី : ការប្រែប្រួល​នៃ​ស្រុកទេស​,​ កតញ្ញូ​កតវេទី​,​ ត្រៃ​លក្ខណ៍​,​ ចំរៀង​ស្រី​-​ ប្រុស (៤២)
យើងដឹងហើយថា ស្នាដៃរបស់លោកក្រមង៉ុយ សុទ្ធសឹងនិពន្ធឡើងជាពាក្យកាព្យ​តែ​ប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាទ្រឹស្ដីខ្លីៗដែលបានដកស្រង់ចេញកំណាព្យអប់រំរបស់លោកៈ​
ហើយយើងសូមធ្វើការបកស្រាយដូចខាងក្រោម៖

២.៣.៧.១ ច្បាប់ល្បើកថ្មី
ដ្បិតមនុស្សឥឡូវ                យកខុសជាត្រូវ                  យកឆ្កួតធ្វើជា
អំពើអាក្រក់                       ឡិកឡក់លីលា                  ព្រហើនពានពារ
                                                                                អាងមាសអាងប្រាក់។
អាងព្រើលអាងប្រាជ្ញ           អាងកោងអាងកាច             អាងកាប់អាងចាក់
អាងជើងអាងដៃ                 អាងវាយអាងធាក់              អាងគុកច្រវាក់
                                                អាងម៉ាស៊ីនកាត់ក។
អាងសុទ្ធតែខុស                 កូនអើយចាំចុះ                   អាងនោះមិនល្អ
អ្នកគិតឲ្យល្អិត                   ដ្បិតស្រុកលោកក្រ             ប្រមាណតំណ
                                                តទៀតទៅមុខ។
សាសនានៅឆ្ងាយ              លែងបានសប្បាយ             មានតែកើតទុក្ខ
កើតទាន់លោកីយ៍              លឺតែទំនុក                        ដំណែលអាពុក
                                                ចូរចាំគ្រប់គ្នា។
អ្នកជឿពាក្យចាស់              ជឿចាំឲ្យណាស់                 កុំធ្វើបំពារ
អ្នកហ៊ានស្បែកដាច            អ្នកខ្លាចស្បែកជា                មនុស្សចោរប៉ោបៀ
                                                កុំយកខ្លួនបៀត។
ឃើញរិកគេល្អ                   ទោះបីមានក្រ                    យកគេជាញាតិ
គួររាប់អ្នកក្រៅ                   ផៅអ្នកឯទៀត                   រាប់រើសមារយាទ
                                                សុចរិតត្រឹមត្រូវ។
រៀនបទរៀនបាទ                កុំកោងហួសខ្នាត                កុំភ្លាត់ខុសផ្លូវ
កុំភ្លើនភ្លេចម៉ែ                    កុំប្រែហួសឪ                      ឃើញចាស់សក់ស្កូវ
                                                កុំសូវមើលងាយ (៤៣)
          ការអាងទៅលើមាសប្រាក់ បុណ្យសក្តិ ទ្រព្យសម្បត្តិ ធ្វើបាបអ្នកក្រទន់ខ្សោយ  អាង​ឃ្នី​គ្នា​ច្រើន​ធ្វើបាបគ្នាតិច អាងកាប់អាងចាក់ដើម្បីដោះស្រាយជម្លោះ អាង​ខ្លួន​ជាអ្នកចេះ​អ្នក​ប្រាជ្ញធ្វើបាបអ្នកល្ងង់ អាងខ្លួនជាអ្នកច្បាប់ចាប់គ្នាដាក់គុត ចាប់ប្រហារជីវិត អំពើ​ព្រៃ​ផ្សៃ​ឃោរ​ឃៅ​ អំពើអាងទាំង​នេះ លោកយល់ថាជាអំពើពុំល្អឡើយ ជាអំពើដែលសាងកិត្តិយស
​អាក្រក់សម្រាប់ពេលអនាគត និងធ្វើឲ្យប្រទេសជាតិរឹងរឹតកាន់តែអាប់អោននិងក្រលំបាក។
          នៅពេលដែលមនុស្សលែងជឿបុណ្យបាប លែងមានសាសនា ឃ្លាតចាកឆ្ងាយពី​សាសនានោះ មនុស្សនឹងកាន់តែជួបនូវទុក្ខវេទនាកាន់តែខ្លាំងឡើងៗ ព្រោះមនុស្សនឹងកាន់​តែភ្លើតភ្លើនជាមួយនឹងសម្ភារៈ នឹងផ្លូវកាយ លែងគិតពីផ្លូវចិត្តទៀតហើយ ហើយចិត្តរបស់​គេមានតែលោភៈ ទោសៈ និងមោហៈ នៅជាប់ជាមួយ។
          ពាក្យចាស់”អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកជា” អ្នកដែលហ៊ានប្រព្រឹត្តនូវអំពើ​កាប់ចាក់គ្នា គ្មានលទ្ធផលអ្វីក្រៅតែអំពី មានរបួសស្នាម ហូរឈាមនិងឈឺចាប់នោះទេ ឯអ្នកខ្លាចមិនប្រព្រឹត្តវិញតែងមានសេចក្ដីសុខ “អ្នក​ដែលប្រព្រឹត្តអ្វី នឹងទទួលផលនោះ” ។ មនុស្ស​អាក្រក់ ចូលចិត្តលួច ឆក់ ប្លន់ លេងល្បែងស៊ី​សង យើងមិនត្រូវយកខ្លួនបៀត ឬ​រាប់​អាន​​មនុស្សទាំងនេះទេ ព្រោះនឹងនាំឲ្យអន្តរាយដល់​ខ្លួននៅថ្ងៃណាមួយមិនខាន ជាង​នេះ​ទៅ​ទៀត​បាត់បង់ទាំងកេរ្តិ៍ដោយសារតែការរាប់អាននេះ​។​ផ្ទុយទៅវិញ មុន​នឹងរាប់​អាន​នរ​ណា​​ម្នាក់​ត្រូវសម្លឹងមើល ឬកពារ កិរិយាមារយាទ ឲ្យបាន​ត្រឹមត្រូវ ចាំយកខ្លួនបៀត ដោយ​មិន​​គិត​ពីទ្រព្យសម្បត្តិមានឬក្រនោះទេ គឺត្រូវរាប់គេជាញាតិ។
          ចំពោះខ្លួនយើងក៏ដូច្នេះដែរ គឺត្រូវរៀននូវច្បាប់ក្បួន រៀននូវអ្វីដែលមានសីលធម៌ រៀប​​ចំឥរិយាបទរបស់ខ្លួនឲ្យបានសមរម្យ ត្រូចេះគោរពដឹងគុណឪពុកម្ដាយ និង ចាស់ព្រឹទ្ធា​ចារ្យ និងអ្នកមានគុណទាំងឡាយ ។
                   ២.៣.៧. ២ ច្បាប់កេរកាលថ្មី
គួរស្ដាយកេរ្ដិ៍ម៉ែឪ                         កិរិយាត្រូវឲ្យខំត្រាប់ 
កិរិយាណាខុសច្បាប់                    គួរក្រឡប់ក្រឡាស់ចោល។
ម្ដាយអាពុកនិងកូន                       បីដូចខ្លួននិងស្រមោល​ ឃើញខុសកុំដេញដោល             ​កុំថ្កោលទោសអ្នកមានគុណ។
ល្ងង់ខ្លៅត្រូវតែសួរ​                        ពាក្យឲ្យគួរកុំឲ្យស៊ុន​
យកពាក្យផ្អែមជាមុន​                              ទន់លំទោនឱនប្រតិបត្ដិ។
ទោះឪម៉ែស្លូតកាច​                        គួរតែខ្លាចដូចមហាក្សត្រ​
ម្ដាយជេរពីរបីមាត់​​                        គួរតែស្ងាត់ស្ងៀមឲ្យឈឹង។
ប្រដៅត្រូវតែស្ដាប់​                        យកតំរាប់កុំទទឹង​
ម្នោះម្នះចចេសរឹង​                        នឹងហើយហៅកូនសេសកម្ម (៤៤)
ឪពុកម្ដាយ ជាអ្នកមានគុណធំមិនអាចកាត់ថ្លៃបាន តែក៏មានកិរិយា ឬ អំពើឆ្គាំឆ្គង​មួយ​​​ចំនួន​ដែរ ដូច្នេះលោកក្រមង៉ុយ ចង់អោយ​បុត្រធីតា​ទាំងឡាយ​អនុវត្តតាម​តែ​គម្រូ​ណា​ដែល​​ល្អៗ  ហើយបោះបង់ចោលនូវគម្រូ ឬអំពើណាអាក្រក់ៗខុសច្បាប់ក្បួន។
ឪពុកម្ដាយនិងកូន បីដូចខ្លួននិងស្រមោល គឺជាសាច់ ជាឈាមដែលមិនអាច​កាត់​ផ្ដាច់ចេញពីគ្នាបានឡើយ​ កូនៗមានជីវិតរស់រានបានអាស្រ័យការមើលថែទាំយ៉ាងយកចិត្ត​ទុកដាក់បំផុតពីឪពុកម្ដាយ ដូច្នេះកូនៗមិនត្រូវភ្លេចគុណរបស់លោកឡើយ ហើយបើទោះបី​ជាលោកធ្វើខុសឆ្គងយ៉ាងណា ក៏គួរកុំដេញដោល និងកុំថ្កោលទោសលោកដែលជាអ្នកមាន​គុណ។​
មួយវិញទៀតបើសិនជាយើងជាកូន មិនបានដឹងមិនបានឮ ឬមិនយល់ គឺត្រូវសួរ ដើម្បី​ជៀសវាងធ្វើកិច្ចការមិនបានត្រឹមត្រូវ​ ហើយសួរដោយការគោរព និងប្រើពាក្យផ្អែម​ល្ហែម​​សមរម្យ គឺមិនត្រូវប្រើពាក្យទ្រគោះបោះបោកនោះទេ ។
ទន្ទឹមនឹងនេះដែរ បើទោះបីជាឃើញថា ឪពុកម្ដាយ មានចរឹតស្លូនបូត ឬកោង​កាច​យ៉ាងណាក៏មិនត្រូវធ្វេសប្រហែសក្នុងការគោរពប្រតិបត្តិដែរ​ គឺត្រូវគោរពកោតក្លាចលោក​ទាំងពីរដូចជាព្រះមហាក្សត្រគ្រប់គ្រងផែនដី យ៉ាងនោះដែរ ហើយបើលោកស្ដីបន្ទោស​បន្តិចបន្តួចយើងដែលជាបុត្រធីតាល្អ គួរពុំតមាត់ជជែកយកឈ្នះចាញ់ជាមួយលោកវិញដែរ គឺត្រូវនៅអោយស្ងៀមស្ងាត់ ។
បើមាតាបិតាប្រៀនប្រដៅត្រូវត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់ និងមិនត្រូវ​ចចេសរឹងរូស ប្រកែកតវានោះទេ បើពុំដូច្នោះទេ គឺនឹងក្លាយជាកូនអកត្តញ្ញូហើយ ។
សរុបមកស្នាដៃរបស់កវីក្រម ង៉ុយ បានរួមចំណែកយ៉ាងច្រើនក្នុងការអប់រំឲ្យ​មនុស្ស កសាងសមត្ថភាពដោយផុសចេញពីការអប់រំផ្លូវចិត្ត ផ្លូវកាយ និងវាចា ដោយផ្សារភ្ជាប់ជា​មួយសុជីវធម៌ប្រចាំថ្ងៃផង និង សីលធម៌នៅក្នុងសង្គមចាប់តាំងពីខ្លួនឯង និងគ្រួសារផង ។


(៤២) វីគីភីឌា, ក្រមង៉ុយ, (២៩ កញ្ញា ២០១២), http://km.wikipedia.org/w/index.php?title=ក្រមង៉ុយ&oldid=119204
(៤៣) វីគីភីឌា, ច្បាប់ល្បើកថ្មី, (០៤ មិថុនា ២០១១), http://km.wikipedia.org/w/index.php?title=ច្បាប់ល្បើកថ្មី​&oldid=73683
(៤៤) វីគីភីឌា, ច្បាប់កេរកាលថ្មី, (១២ តុលា ២០១២), http://km.wikipedia.org/w/index.php?title=ច្បាប់កេរកាលថ្មី&oldid=120573

2 comments: