នៅក្នុងបញ្ជិការដ៏ធំមួយ រៀបចំដោយសាស្រ្តាចារ្យ ហ៊្សក សឺដេស
គេប្រទះឃើញមានសិលាចារឹកកម្ពុជា ទាំងអស់ចំនួន១០០៥។ នៅឆ្នាំ១៩៧១
លោកសាស្រ្តាចារ្យ ក្លូដហ្សាក់ (បន្តពីលោកសឺដេស) ដែលជាអ្នកស្រាវជ្រាវ
សិលាចារឹកកម្ពុជាមួយរូប បានចុះផ្សាយក្នុងអត្ថបទរបស់លោកថា
គេបានរកឃើញសិលាចារឹកចំនួន៤៥ទៀត ហើយនៅឆ្នាំ១៩៨៨
លោកបានបញ្ជាក់បនែ្ថមក្នុងអត្ថបទថ្មីមួយទៀតថា
សិលាចារឹកប្រទេសកម្ពុជាមានចំនួនទាំងអស់ ១១៥០។
សម័យកាលនៃបុរាណសិលាចារឹកកម្ពុជា គឺលាតសន្ធឹងតាំងពីសតវត្សទី៦ ដល់ទី១៤នៃគ.ស
បានសេចក្តីថា ចាប់ផ្តើមតាំងពីសម័យកាលនៃរាជាណាចក្រនគរភ្នំ រឺហ្វូណន
(ឈ្មោះដើមនៃប្រទេសកម្ពុជា) រហូត ដល់សម័យកាលខាងចុងនៃចក្រភព “ កម្ពុជា”។
សិលាចារឹកចាស់ជាងគេ សរសេរជាភាសាខ្មែរ គឺសិលាចារឹកអង្គរបូរី(K៦០០)
ដែលមានដាក់កាលបរិច្ឆេទ ឆ្នាំ ៥៣៣ស័ករាជត្រូវគ្នានឹងឆ្នាំ ៦១១គ.ស។
ក្រៅពីនេះ សិលាចារឹកមួយចំនួននៅអង្គរបូរី
ដូចជាសិលាចារឹកវត្តថ្លែង(កូសាំងសីន) K១,សិលាចារឹកព្រះវិហារធំ(កំពង់ចាម)
K៥២០,សិលាចារឹកទួលវត្តគំនូរ(តាកែវ) K៥៥៩, ដែលបាត់កាលបរិច្ឆេទ
មានអក្ខរាវិរុទ្ធចាស់បុរាណជាងសិលាចារឹក K៦០០ ទៅទៀត។ គឺនៅលើមូលដ្ឋាន
នៃអក្ខរាវិរុទ្ធនេះហើយ ដែលគេអាចសន្និដ្ឋានបានថា សិលាចារឹកជាភាសាខ្មែរ
បានចារឡើងនៅសតវត្សទី៦។
តាមគំនូសផែនទីផ្សេងៗ រៀបចំឡើងដោយលោក ហង់រី ប៉ារម៉ង់ទីយេរ
ដែលមានឈ្មោះថា ផែនទីនៃចក្រភពខ្មែរ
រៀបចំឡើងតាមទីកន្លែងនៃសិលាចារឹកមានកាលបរិច្ឆេទ”។ គេអាចឃើញថា
ទឹកដីគ្របដណ្តប់ដោយសិលាចារឹក សរសេរជាភាសាខ្មែរ និងសំស្ក្រឹត មានទំហំធំធេង។
គ្រាន់តែនៅសម័យកាលខាងក្រោយនៃនគរភ្នំ សិលាចារឹកចំនួន ២៣០
បានត្រូវគេរកឃើញនៅប្រទេសកម្ពុជា ហើយសិលាចារឹកចំនួន ៥៥
បានត្រូវគេរកឃើញនៅប្រទេសជិតខាងទាំងបី។ គ្រាន់តែប្រទេសសៀម
សិលាចារឹកកម្ពុជានាសតវត្សទី៧ បានគេរកឃើញនៅទីក្រុង
និងខេត្តឆ្ងាយៗដូចជាខេត្តពិស្ណុលោក សីទេព អាយុធ្យាជាដើម។
សិលាចារឹកទាំងឡាយ
គឺជាអត្ថបទមានលក្ខណៈប្រវត្តិកថា ឧទ្ទិសកថា ពណ៌នាកថា
ឬមានលក្ខណៈជាអត្ថបទរដ្ឋការ ជាអត្ថបទបញ្ជិកាស្តីអំពីនរនាម និងស្ថាននាម។
សិលាចារឹកទាំងនេះ គឺជាអត្ថបទ
ដែលគេចារនៅតាមសរសរស្តម្ភដាក់នៅចំពីមុខព្រះវិហារ ឬប្រាសាទ លើទ្វារចូល
លើជញ្ជាំងថ្ម លើសិលាស្តម្ភ។
សិលាចារឹកត្រូវបានសរសេរជាភាសាខ្មែរ
ឬជាភាសាសំស្ក្រឹត ឬមួយសរសេរជាភាសាទាំងពីរតែម្តង។ ប៉ុន្តែ
ទោះបីដូចនេះក្តីមិនមែនមានន័យថា ជាសិលាចារឹកទ្វេភាសាទេ
ព្រោះថាអត្ថបទជាភាសាសំស្ក្រឹត និងភាសាខ្មែររៀបរាប់អំពីបញ្ហាខុសៗគ្នា
ឬក៏បំពេញន័យដែលមានការខ្វះខាតនៅក្នុងអត្ថបទមួយទៀត។
អក្ខរវិធីដែលគេប្រើប្រាស់សំរាប់សរសេរអត្ថបទសិលាចារឹកជាភាសាខ្មែរ
គ្មានលក្ខណៈខុសគ្នាអ្វីពីសិលាចារឹក ជាភាសាសំស្ក្រឹតនោះឡើយ។ គឺជាអក្ខរវិធី
មានកំណើតពីប្រព័ន្ធអក្សរព្រហ្មី ដែលមានន័យថា “អក្សរបង្កើតដោយព្រះព្រហ្ម”។
មានសិលាចារឹកខ្លះជាពិសេសនាសម័យអង្គរ ត្រូវបានគេចារតាមអក្ខរវិធីពីរបែប
គឺអត្ថបទមួយប្រើអក្សរព្រហ្មី តាមបែបខ្មែរ
និងអត្ថបទដដែលមួយទៀតប្រើអក្សរទេវនាគរី។
No comments:
Post a Comment