យក្សបារ៉េល
មានយក្សមួយធំ មាឌវាប៉ុនភ្នំ សែនធំចម្លែក
ថ្ពាល់ធ្លាក់សំយ៉ាក ប៉ុនភ្នំដងរែក ក្បាលវាទំពែក
ធំជាងផ្សារថ្មី ។
ខ្ញុំមិនភូតទេ វាធំលើសគេ ក្រោមមេឃលើដី
ក្បាលវាទល់មេឃ ជើងវាជាប់ដី យក្សសម័យថ្មី
សង្ហារជាងគេ ។
ដៃវាម្ខាងៗ បើលាត្រដាង ធំប៉ុនស្រុកខ្មែរ
បើជើងវាវីញ ក៏ធំណាស់ដែរ បើវាស់ហូរហែរ
ធំស្មើស្រុកថៃ ។
មាត់ធំអនេក ធំនោះផុតលេខ ស្មើនឹងផ្សារថ្មី
ភ្នែកវាធំណាស់ ប៉ុនផ្សារអូឬស្សី ច្រមុះខើចខ្លី
ប៉ុននឹងផ្សារចាស់ ។
វាក្អកម្ដងៗ ដំរីលិចលង់ ឈ្លក់ងាប់ច្រើនណាស់
ពេលវាដើរហត់ ឬមួយកន្ដាស់ ខ្យល់បក់ខ្លាំងណាស់
ស្មើព្យុះសង្ឃរា ។
ពេលដែលវាយំ អាចម៍ភ្នែកដូចភ្នំ ហូរគរលើគ្នា
ទឹកភ្នែកវាស្រក់ លិចអស់ទីធ្លារ ម្រឺគីម្រគា
ភ័យព្រោះទឹកភ្នែក ។
ភ្នែកធំអស់យ៉ាង ភ្នែកវាម្ខាងៗ សែនធំអនេក
រោមភ្នែកវាវិញ រឹងដូចដែកថែប ធ្មេញធំអស់បែប
ធំប៉ុនថ្មដា ។
ចៃវាតូចៗ និយាយមិនភូត ប៉ុនផ្សារទឹកថ្លា
ឯរន្ធប្រមុះ មានសុទ្ធសត្វស្វា ហើយនិងសត្វខ្លា
កំពុងរស់នៅ ។
ត្រចៀកតូចណាស់ បើយើងទាញវាស់ ប៉ុនផ្សារព្រែកភ្នៅ
ឯរន្ធត្រចៀក គឺត្រូវជាផ្លូវ ដំរីចូលទៅ
និងរស់នៅផង ។
ចំណែករន្ធផ្ចឹត បើវាស់បញ្ខិត ពិតខកបំណង
ដំរីដើរយប់ ភ្លាត់ជើងម្ដងៗ ប្រាកដធ្លាក់ផុង
វង្វេង១០ថ្ងៃ ។
បើសិនវាព្រោះ ទឹកមាត់បង្ហួស ឲ្យធ្លា់ដល់ដី
បើធ្លាក់ត្រូវសត្វ សត្វនោះលង់ក្ស័យ បើធ្លាក់ចំព្រៃ
រលើងផុតពូជ ។
យក្សនេះស្លូតណាស់ ចូលចិត្តស្ដាប់ចាស់ មិនចេះខិលខូច
ឈ្មោះអាបារ៉ែល គ្មានយក្សណាដូច ពិតយក្សស្លូតបូត
ល្បាញើល្បីដូចឈ្មោះ ។
ជាយក្សហ៊ឺហារ រូបរាងសង្ហារ សំដីពិរោះ
ចូលចិត្តរាប់ញាតិ ស្អប់ខ្ពើមជម្លោះ ពូកែខ្លាំងនោះ
យកចិត្តស្រីៗ ។
No comments:
Post a Comment