ព្រះនិព្វាន
គោលបំផុតរបស់ពុទ្ធសាសន៍
គោលបំផុតរបស់ពុទ្ធសាសន៍
ភិក្ខុ នារទ
នៅស្រុកលង្កា រៀបរៀង
ក្រម្ការ ជុំ-ម៉ៅ ប្រែជាភាសាខ្មែរ
នៅស្រុកលង្កា រៀបរៀង
ក្រម្ការ ជុំ-ម៉ៅ ប្រែជាភាសាខ្មែរ
ព្រះពុទ្ធសាសនាជាសាសនាឯក ព្រោះមានសេចក្ដីបរមសុខ គឺព្រះនិព្វានជាសម្បត្តិដ៏ឧត្តមបំផុត ហើយក្នុងសម័យសព្វថ្ងៃនេះមានមនុស្សដែលយល់តាម ដែលកាន់តាមលំអានពុទ្ធវចន ចំនួន ៥០០.០០០.០០០. នាក់ ។
ប៉ុន្តែ ចំពោះមនុស្សដែលធ្វេសប្រហែសដែលព្រងើយកន្តើយ នោះកែវដ៏ប្រពៃនេះហាក់ដូចជាមិនមានតំលៃ ហើយមិនគួរនឹងស្វែងរកឡើយ តែថាចំពោះនឹងមនុស្សដែលមានប្រាជ្ញាញាណឆ្លៀសឆ្លាស ហើយដែលធុញទ្រាន់នឹងសេចកដីឈឺចាប់ ( ទុក្ខ ) វិញ នោះកែវដ៏ប្រពៃនេះឯង ទៅជាវត្ថុមួយប្រសើរបំផុត ដែលគួរស្វែងរក ។
ទោះអ្នកឯណាចេះពោលអំពីរឿងអ្វី ១ ដែលជាទីសំខាន់មានលក្ខណថាដូចម្ដេចក្ដី ហើយទោះបីក្នុងសេចក្ដីដែលពោលនោះគេចេះជ្រើសរើសសេចក្ដី ដែលខ្បង់ខ្ពស់យ៉ាងណា ដើម្បីនឹងអធិប្បាយអំពីសេចក្ដីបរមសុខនៃព្រះនិព្វានក្ដី ក៏សេចក្ដីដែលពៅលនោះមិនអាចនឹងត្រូវចម្លើយ ព្រោះថាតាមដោយពិតនោះមិនមានអ្នកឯណាអាចស្គាល់បាន ថាព្រះនិព្វាននោះជាអ្វីទេ គឺគ្រាន់តែបានមើលសេចក្ដីផ្សេងៗ ដែលពោលអំពីព្រះនិព្វានប៉ុណ្ណោះ ។
ព្រះនិព្វានដែលពិតប្រាកដនោះ ជាវត្ថុដែលអធិប្បាយមិនរួច ដែលឧបមា ហើយដែលវិជ្ជាមនុស្សចាប់មិនបាន ព្រោះព្រះនិព្វាននេះជាថាខ្ពស់លើគេទាំងអស់ ហើយដែលអាចនឹងយល់ច្បាស់ប្រាកដបានៗ តែដោយការយល់ស្ដែងរបស់ប្រាជ្ញាញាណ គឺជាសេចក្ដីពិតសម្រេចឥតសង្ស័យ ។ ប៉ុន្តែមិនមែនជាការត្រូវ ឬមិនមែនជាផ្លូវសេចក្ដីឡើយ ប្រសិនបើយើងមិនល្បងរិះគិតឲ្យជាក់លាក់អំពីព្រះនិព្វាននេះ ដ៏រាបដល់ពេលដែលយើងបានដល់ថានជាន់ខ្ពស់ ដែលងាចធ្វើឲ្យយើងឃើញនូវព្រះនិព្វាន ។ បើមិនដូច្នេះទេ គេអាចនឹងបន្ទោសយើងបាន ដូចយ៉ាងមនុស្សជំទង់ម្នាក់ដែលមិនស្ទាត់នូវត្រៃវិជ្ជា ត្រូវបន្ទោសដូច្នេះ នែសំឡាញ់ហេតុដូចម្ដេចបានជាឯងធ្វើជណ្ដើរ ដើម្បីឡើងទៅកាន់វត្ថុដែលឯងស្មានថាជាផ្ទះ ហើយដែលឯងមិនឃើញ មិនយល់សោះនោះ ឯផ្លូវដែលយ៉ាងជាក់ស្បាន់ ដើម្បីរិះគិតអំពីព្រះនិព្វាននោះ គឺត្រូវពិចារណាតាមលំអានព្រះពុទ្ធវចន ។ ក្រៅអំពីព្រះពុទ្ធសាសនា គេអាចនឹងបង្ហាត់ ឬបង្វឹកនូវអំណាចស្មារតីរបស់គេបាន អំពីដែលមានមោក្ខធម៌ គឺព្រះនិព្វាននេះឯង ។
ដោយហេតុនេះហើយ បានជាព្រះសម្មាសម្ពុទ្ធជាម្ចាស់កាលដែលព្រះអង្គអន្ទោលក្នុងវត្ដសង្សារនូវឡើយ នោះទ្រង់បានពិចារណាឃើញសេចក្ដីយ៉ាងដូច្នេះ នូវវេលាដែលកំពុងចម្រើនភាវនា ។
តែកាលណាទុក្ខមានហើយ រីសេចក្ដីសុខក៏អាចមានបានដែរ ។
តែកាលណាមានជាតិហើយ អ្វីដែលមិនមែនជាជាតិ ក៏គង់នឹងរកឃើញបាន ។
តែកាលណាចំហាយក្ដៅមានហើយ រីចំហាយត្រជាក់ក៏គង់មានដែរ ។
តែកាលណាភ្លើង ៣ មានហើយ រីព្រះនិព្វានក៏គង់នឹងអាចរកឃើញបាន ។
តែកាលណាសេចក្ដីអាក្រក់មានហើយ រីសេចក្ដីល្អក៏គង់មានមិនខាន ។
តែកាលណាកំណើតមានហើយ អ្វីដែលមិនមែនជាកំណើតក៏អាចរកឃើញបាន ។
ដូច្នេះឃើញថា នូវវេលាដែលបានរំពឹងដោយយោបល់អំពីសភាពជាក់ស្ដែងនឹងបដិសេធន៍របស់ជាតិ នោះព្រះអនាគតពុទ្ធ ក៏បាននូវសេចក្ដីយល់ឃើញយ៉ាងដាច់ខាត ថាត្រូវតែមានព្រះនិព្វាន ដែលគ្មានឈឺគ្មានស្លាប់ ហើយដែលជាសភាពផ្ទុយគ្នា នឹងសំសាដែលជាសភាពប្រកបដោយទុក្ខហើយប្រែប្រួលជានិច្ច ឬបើនឹងពោលដោយសព្ទផ្សេងទៅវិញនោះ គឺថាត្រូវតែមានជាតិយ់ាងដាច់ខាត ១ ដែលជំទាស់ផ្ទុយគ្នានឹងជាតិដែល ប្រកបដោយអភេទផ្សេងៗ ប៉ុន្តែទោះយោបីពិចារណាតាមផ្លូវសេចក្ដី ឬតាមលំអានវិទ្យាសាស្ត្រក្ដី ក៏មិនអាចនឹងយល់បាន នូវខ្លឹមសារនៃព្រះនិព្វាន ព្រោះព្រះនិព្វាននេះជា អតក្កាវចរោ ហើយមិនអាចនឹងឆោងចាប់បាន ឬយល់បាននូវខ្លឹមសារ ដោយអំនាចវិធីក្បួនខ្នាតឡើយ ។
នែសំឡាញ់ សារិបុត្ត ខ្ញុំឮតែគេថា និព្វាន, និព្វាន, តើអ្វីដែលជានិព្វាននោះ ។
ប្រស្នានេះឯង ដែលព្រហ្មណ៍ម្នាក់បានចោទកាលពី ២.៥០០ ឆ្នាំកន្លងមកហើយ អំណើស ៥០០ ឆ្នាំតពីនោះមកព្រះចៅមិលិន្ទ បានយកប្រស្នាដ៏ដែលនេះមកចោទម្ដងទៀតនៅស្រុកសាគល ។ ដោយឃើញថាប្រស្នានេះហាក់ដូចជាមិនទាន់ច្បាស់នៅឡើយ នោះទើបយើងអាចហ៊ានយកមកផ្ដើមចោទម្ដងទៀត ក្នុងទំព័រដែលមានតទៅនេះ ។
ពាក្យបាលីថា " និព្វាន " ដែលត្រូវសំគាល់ថា ចេញមកពីពាក្យសំស្រ្កឹត " និវ៌ាណ " ហើយដែលជំពាក់គំនិតស្រូបចូលទៅក្នុងគំនិតព្រាហ្មផង នោះកាត់ចេញទៅជាពីរបទគឺ " និ " នឹង " វាណ " និ ជាសួន ១ របស់បដិសេធន៍ ហើយ វាណ ដែលត្រូវប្រែថា ត្បាញឬប្រាថ្នា មានសភាពក្នុងទីនេះជាខ្សែ ដើម្បីចងជាតិរបស់យើងភ្ជាប់ពី ១ ទៅ ១ ។
រី ធម៌ដែលជួយយើងឲ្យរបូតពីសេចក្ដីប្រាថ្នា ឬដែលជួយដោះយើងឲ្យរបូតពីចំណងនោះមានឈ្មោះថា និព្វាន ។
ព្រះអនុរុទ្ធថេរ លោកបានពោលពន្យល់ក្នុងព្រះអភិធម្មបំព្រួញថាដូច្នេះ បានជាហៅថានិព្វានព្រោះជាសេចក្ដីដោះ និយាយចេញពីសេចក្ដីប្រាថ្នាគឺ វាណ តែជាប់ចំណងរបស់សេចក្ដីប្រាថ្នាដ៏រាបណា ក៏តែងតែនឹងសន្សំ កម្មជាកំលាំងថ្មីទៀតដ៏រាបនោះអំពីដែលសន្សំនោះហើយ នាំឲ្យយើងវិលវល់ក្នុងសេចក្ដីកើតស្លាប់តៗ ទៅឲតមានស្រាក ។
លុះតែកាលណា បានទំលាយកាប់បំបាក់នូវតណ្ហា គឺសេចក្ដីប្រាថ្នាចេញហើយ ទើបកម្លាំងកម្មនោះនឹងប្រព្រឹត្តតទៅទៀតមិនបាន ហើយក្នុងស្ថាននេះគេនឹងអាចចាប់យកបាននូវព្រះនិព្វាន ហើយគេចភៀសឲ្យផុតអំពីវដ្ដសំសារ ។
ពាក្យនិព្វាននេះគេនឹងងាចបន្យល់ថា រំលត់បានដែរ គឺរំលត់ភ្លើងប្រាណ ( លាភ ) រំលត់ភ្លើងកំហឹង ( ទោស ) នឹងរំលត់ភ្លើងវង្វេង ( មោហ ) ព្រះសព្វញ្ញូពុទ្ធជាម្ចាស់ទ្រង់សម្ដែងថា លោកទាំងមូលពាសពេញទៅដោយអណ្ដាតភ្លើង តើភ្លើងអ្វីដែលដុតនេះ គឺភ្លើងរបស់ លោភ, ទោស, មោហ នឹងភ្លើងរបស់ជាតិ ជារា, មរណ, ព្យាធិ, សោក, ទុក្ខទោមនស្ស នេះឯង ( សំយុត្តនិកាយ សៀវភៅទី ៤ ទំព័រ ២៥១ ក្នុងពួកសៀវភៅ បាលីតេ៏កសូស្យេទី ) ។
ពាក្យនិព្វាន មនាន័យម្យ៉ាងទៀត រំលត់នូវភ្លើងនេះ ព្រោះថាកាលដែលព្រះសារិបុត្ត បានឆ្លើយតបសេចក្ដីចោទរបស់ ជន្ពុខាទក ក្នុងគម្ពីរ សំយុត្តនិកាយ នោះមានសេចក្ដីថាដូច្នេះ និព្វាន គឺជាសេចក្ដីរំលត់លោភ ទោសនឹងមោហ ។
ប៉ុន្តែបើទោះបីណាដូច្នេះក្ដី ក៏កុំត្រូវយល់ថា និព្វាននេះគ្មានអ្វីក្រៅអំពីរំលត់អកុសលមូលខាងលើនេះឡើយ ។
គម្ពីរវិសុទ្ធមគ្គសំដែងថា ៖
" ខជមត្តមេវននិព្វានំតិវត្តព្វំ " កុំគប្បីពោលថា និព្វានជាសេចក្ដីរំលត់តែម្យ៉ាងឡើយ ។
ព្រះសារិបុត្តថេរ កាលដែលលោកសម្ដែងនោះ គឺលោកគ្រាន់តែកត់សំគាល់អំពីផ្លូវ ឬឧបាយទៅកាន់ព្រះនិព្វានប៉ុណ្ណោះ លុះតក្រោយមកទៀត លោកបានសំដែងវិសជ្ជនាដ៏ដែលទៀតនូវវេលាដែលមានប្រស្នាចោទលោកអំពីសភាពនៃព្រះអរហន្ត ។
ដែលយល់ថាព្រះនិព្វាននោះជាសូន្យទទេតែម្យ៉ាង ដោយហេតុថាវិជ្ជាសម្រាប់លោកមិនអាចយល់បាន នោះក៏មិនត្រូវតាមផ្លូវសេចក្ដីឡើយ តែជឿដូច្នេះទៅ ហាក់ដូចជាមនុស្សខ្វាក់ជឿថាពន្លឺមិនមាន ព្រះមនុស្សខ្វាក់មិនដែលបានប្រទះឃើញដូច្នោះមានឧបមាដូចម្ដេចមិញ ថាមានឧបមេយ្យដូចជាសេចក្ដីដែលមានក្នុងរឿងត្រី និងអណ្ដើកជាមិត្រនឹងគ្នា បានពិភាក្សាជជែកគ្នាហើយ ក៏ចុះជឿជាសម្រេចថា ផែនដីមិនមានឡើយ ។
ប្រសិនបើនិព្វានជាសូន្យទទេនោះនឹងច្រឡំគ្នានឹងអាកាសមិនខាន ក្នុងគម្ពីរអង្គុតរនិកាយ ព្រះសាស្ដាចារ្យទ្រង់សម្ដែងថា ម្នាលភិក្ខុទាំងឡាយ មានធម៌ ២ ដែលទៀតជានិច្ច ដែលមាននៅជានិច្ចនិរន្តរ ដែលឥតប្រែប្រួល ដែលឥតផ្លាស់ប្ដូរ ធម៌នេះឯងគឺអាកាស ១ នឹងនិព្វាន ១ អាកាសមាននៅជានិច្ច ព្រោះអាកាសនេះមិនមែនជាអ្វីដែលមានរូប ហើយសេចក្ដីដែលប្លែកគ្នាអំពីអាកាសនិងនិព្វាននោះ គឺថាមួយគ្មាន មួយមាន ។
កាលដែលព្រះអរហន្តលោកទុកព្រះនិព្វានជាវត្ថុធម៌ ១ នោះបញ្ចាក់ដោយដាច់ខាតថា និព្វានមិនមែនជាសភាពសូន្យទទេឡើយ ប្រសិនបើនិព្វានជាសូន្យទទេវិញ នោះតើនឹងមានផលប្រយោជន៍អ្វីដល់ព្រះសម្មាសម្ពុទ្ធ ដែលទ្រង់ខំឲ្យន័យផ្សេងៗជាច្រើនអំពីព្រះនិព្វាននេះ ដូចន័យយ៉ាងដែលថាទឹកអម្រិត្យសេចក្ដីក្សេមឥតផុត ( ខេម ) សេចក្ដីដែលមិនស្លាប់ ( អមត ) សេចក្ដីដែលរួចខ្លួនជាស្រឡះ ( មុត្តិ ) សេចក្ដីក្សាន្ត ( សន្តិ ) ហើយនឹងន័យឯទៀតជាច្រើនទៅទៀត ។
រីព្រះនិព្វានរបស់ព្រះសព្វញ្ញូពុទ្ធជាម្ចាស់នោះ មិនមែនជាសភាពទទេឥតអ្វីសោះមិនមែនជាសភាពសូន្យផុត ។
សោបាទិសេស នឹង អនុបាទិសេសធាតុក្នុងគម្ពីរនានាបានប្រទះឃើញជាញឹកញយ ដែលពោលអំពីព្រះនិព្វានថា ជាសោបាទិសេស និងអនុបាទិសេស តាមដោយពិតនោះមិនមែនជាមានព្រះនិព្វាន ២ យ៉ាងទេ គឺមានតែម្យ៉ាងបុណ្ណោះ ប៉ុន្តែព្រះនិព្វាននេះទទួលនាមបញ្ញត្តតាមលំអាន ដែលបានច្បាស់ជាមុននឹងក្រោយសេចក្ដីស្លាប់ ។
សោបាទិសេស នៅមានសេសសល់ នៅមានថាន ១ សម្រាប់ព្រះអរហន្ត ដែលនឹងចាប់យកនូវព្រះនិព្វាន រីរូបដែលសល់នៅនោះមានសណ្ឋានដូចជា គ្រាប់ឈើ ដូច្នេះ ។ ក្នុងសណ្ឋាននេះយើងកុំត្រូវភ្លេចថា ព្រះអរហន្តទាំងលាយលោកមិនបានសោយសុខរបស់ព្រះនិព្វានដ៏រាបតរៀងទៅ ក្នុង១ ជាតិរបស់លោកនោះឡើយ ។
អនុបាទិសេស ឥតមានសេសសល់ សម្រាប់ព្រះនិព្វានដែលពិត ហើយដែលជាថាននៃព្រះអរហន្តនឹងព្រះពុទ្ធនូវវេលាដែលទូលាយរូបទៅ ។ សេចក្ដីពិចារណា ឬត្រិះរិះដោយម៉ត់ចត់អំពីព្រះត្រៃលក្ខណញាណ ដែលព្រះសម្មាសម្ពុទ្ធសំដែងអំពីព្រះនិព្វាននោះ អាចនឹងជួយគំនិតយើងឲ្យបានយល់ខ្លះ អំពីបែបសណ្ឋាននៃព្រះនិព្វាន នៅវេលាដែលទ្រង់ប្រារព្ធដល់សេចក្ដីប្លែកគ្នាអំពីនិព្វាននឹងសំសារនោះព្រះសាស្ដាចារ្យទ្រង់សំដែងថា ព្រះនិព្វាននោះទៀងជានិច្ច ( ធុវ ) ជាស្ថានល្អគួរស្វែងរក ( សុភ ) ហើយជាទីស្រួល ( សុខ ) ។
តាមលំអានព្រះពុទ្ធសាសនា វត្ថុដែលមានក្នុងលោកនេះក្ដី មិនមានក្នុងលោកនេះក្ដី ចំណែកចែកចេញជា ២ ពួកទាំងអស់ គឺចែកចេញជារបស់ដែលយល់បានដោយហេតុ ( សំខត ) នឹងជារបស់ដែលយល់មិនបានដោយហេតុ ( អសំខត ) ។
របស់ណាដែលជាសំខត គឺរបស់ដែលមាននៅក្នុងលោកនេះទាំងប៉ុន្មាន តែងតែផ្លាស់ប្ដូរប្រែប្រួលឥតមានស្រាកហើយមិនដែលនៅនឹងដដែលពីពេល១ទៅពេល១ ដែលជាលំដាប់គ្នាឡើយ ។
ឯសេចក្ដីពិតនេះ ដែលសម្ដេចព្រះអនាវរញាណសាស្ដាចារ្យ ជាអ្នកប្រាជ្ញធំបំផុតក្នុងបូព៌ាប្រទេស បានសំដែងទុកតាំងពី ២៥០០ ឆ្នាំកន្លងមកហើយ ទើបតែនឹងបានយល់ដល់អ្នកប្រាជ្ញខាងបច្ឆិមប្រទេស ដោយហេតុថាតាំងពីដើមរៀងមកទល់នឹងឆ្នាំ ១៨៥៩ គឺថាមុន ៧១ ឆ្នាំដែលកន្លងមក គេបានប្រកាន់ជឿថាមានធាតុ ១ ដែលជាបរមាណូឥតប្រែប្រួល ឥតរលែកចែកបាន ហើយដែលគេជឿថា ជាវត្ថុដែលពិតប្រាកដ ត្រូវតែជឿខានមិនបាន ។
ប៉ុន្តែវិធីដែឡជឿនេះ មានអ្នកប្រាជ្ញដែលឆ្លៀវឆ្លាសជាងគេបានបដិសេធន៍ចោល ថាជារបស់មិនពិតវិញ ហើយក្នុងវេលានេះគេទុកដាក់បរមាណូនោះថា ធម្មជាតិដែលកើតឡើងជាកម្លាំងស្រូបតែងកម្រើកជានិច្ច ហើយតាំងលៃថ្លឹងនូវកិច្ចការ នឹងការប្រែធាតុ ដែលមិនគិតទុកថាជារបស់មិនវិនាសឡើយ ចំណែកខាងផ្លូវវិញាណវិញអ្នកស្រុកខាងបច្ឆិមប្រទេស នៅកំពុងបម្រះនៅក្នុងទីងងឹតនៅឡើយ ប៉ុន្តែជាភាពធំណាស់ ដែលមានអ្នកប្រាជ្ញបារាំងសេសម្នាក់ឈ្មោះបែរ្គ៍សុង នឹងអ្នកប្រាជ្ញអង់គ្លេសម្នាក់ឈ្មោះ វិល្លិអាំសាម បានរកឃើញថា វិញាណនោះក៏ជាសភាពដែលផ្លាស់ប្ដូរជានិច្ចដែរ ក្នុងវេលា២វិនាទីមិនដែលវិញាណដដែលនោះគង់នៅឡើយ គឺផ្លាស់ជាថ្មីទាំងអស់អ្វីៗដែលមានភាពសណ្ឋានជាវិញាណ នោះសឹងជាប់ជំពាក់ ១ ខណមកក្នុងជីវិត ប៉ុន្តែមិនមែនជាសភាព ដែលមិមលុះក្នុងធម៌ប្រែប្រួលនោះឡើយ គឺជាសភាពដែលតែងតែប្រែប្រួលឥតមានអាក់ រីជីវិតទៅជានិច្ច ជាអាការកម្រើកដែលឥតមានឈប់ ។
ដើម្បីនឹងពន្យល់នូវធម៌ប្រែប្រួលដែលមានទួទៅនេះ មិនបាច់នឹងរទៅកឧទាហរណ៍ ឬសេចក្ដីឧបមាឯណាមកសំដែងឲ្យច្រើននោះឡើយ យកតែរឿងរ៉ាវក្នុងសម័យអតីតកាលកាលអំពីប្រតេសនានាៗមកពោល ដូចយ៉ាងសេចក្ដីវិនាសរបស់នគរណាៗ ដែលជានគរមានឫទ្ធានុភាពខ្លាំង ហើយនឹងអំពីសេចក្ដីប្រែប្រួលផ្លាស់ប្ដូរយ៉ាងឆាប់រហ័សរបស់មនុស្សលោកយើង ក្នុងមួយជាតិៗក៏មនុស្សដែលមានគំនិតអាចនឹងយល់ទៅបាន ថាសេចក្ដីកើតនឹងរលត់ទៅនឹងមកតែងប្រព្រឹត្តទៅមិនផុត ។
អ្វីដែលកើតឡើងអំពីហេតុ មានធម្មតាត្រូវតែរលត់ទៅវិញដូច្នេះឃើញថាជាអសុភទាំងអស់ អ្វីដែលជាបណ្ដោះអាសន្ននឹងជាអសុភនោះ មិនអាចទៅជាសុខបានឡើយ ។
ដែលយើងហៅថា សុខ និងសោមនស្ស នោះគឺជាផលនៃសេចក្ដីប្រាថ្នានោះឯង របស់ណាដែលយើងចង់បានហើយបានមកដូចសេចក្ដីប្រាថ្នា តែមិនយូរប៉ុន្មានក៏មិនពេញចិត្តនឹងរបស់នោះទៅវិញ ព្រោះសេចក្ដីប្រាថ្នាមិនមានឆ្អែតមិនមានស្កប់ឡើយ ក្រោយមកយើងប្រាថ្នាទ្រព្យសម្បត្តិទៀត ហើយក៏បានដូចបំណង ប៉ុន្តែយូរបន្តិចទៅ ក៏កើតសេចក្ដីមិនពេញចិត្តនឹងភោគសម្បត្តិទៅទៀតក៏តាំងប្រាថ្នាយសសក្តិជាថ្មី ហើយក៏បានយសសក្តិនោះតាមចំណុចចិត្ត ។ លុះបានយសសក្តិហើយ ក៏ឃើញថា ដូចជាឯកឯងពេកណាស់ ដោយគ្មានរិទ្ធិ៍អំនាច រីចិត្តរបស់យើងក៏មិនព្រមសុខ ខ្លួនយើងក៏តាំងប្រាថ្នាចង់ឲ្យមានឫទ្ធានុភាពទៀត ហើយសេចក្ដីចំណង់នេះក៏សម្រេចឡើង ប៉ុន្តែខ្លួនយើងនឹងទៅជាវង់សម្រាប់បាញ់មនុស្ស ដែលឥច្ឆាឈ្នានីសក្នុងលោកនេះ តើសេចក្ដីសោមនស្សរីករាយយ៉ាងណា ដែលមិនបាត់រស់ទៅវិញក្នុង ១ កាល ១ គ្រានោះ សេចក្ដីសុខយ៉ាងណាដែលយើងអាចស្គាល់បានថា ជាសុខអង្វែងឥតប្រែប្រួល ហើយដែលមិនធុញទ្រាន់នោះ ។ ក្នុងលោកនេះ តើសេចក្ដីត្រេកត្រអាល ឬសេចក្ដីសាទររីករាយយ៉ាងណា ដែលយើងអាចនឹងទ្រទ្រង់បានអស់កាលដ៏យូរ សេចក្ដីសុខក្នុងមនុស្សលោកក្ដី ឬសេចក្ដីសុខក្នុងទេវលោកក្ដី សុទ្ធតែជាដម្រាយទៅកាន់ទុក្ខទាំងអស់ ទុក្ខនេះជាសមខាន់របស់ជាតិ មិនអាចនឹងជៀសវាងផុតឡើយ ។
អ្នកប្រាជ្ញបរមត្ថ ជាតិអាល្លឺម៉ង់ឈ្មោះ ធូប៉េនហូអែរ បានពោលថា រីទុក្ខនេះបើមិនអាចសម្ដែងអាការឲ្យឃើញជារូបរាងជាក់ច្បាស់ ក៏គង់ចេញមកជាអាការព្រលាំ ដុចយ៉ាងសេចក្ដីអផ្សុកនឹងស្រងេះស្រងោចនោះមិនខាន ។
ប៉ុន្តែ និព្វានជាវត្ថុដែលមិនមែនតាក់ទែងឡើង ដែលមិនមែនកើតឡើងដោយហេតុ និព្វាននេះជាសភាពប្រាស់ផ្ទុយគ្នានឹងសមសារ និព្វានទៀតជានិច្ច ( ធុវ ) ជាវត្ថុល្អគួរប្រាថ្នាយក ( សុភ ) គួរសម្បាយ ( សុខ ) គឺជាសេចក្ដីបរមសុខ, ជានគរសុខ, ជាសេចក្ដីសុខមិនចេះរិចរិលសោះ, ជាសេចក្ដីដែលមិនជិនណាយសោះ, ដែលមិនចេះរលយសសោះ, ហើយដែលមិនអណ្ដែតរសាត់ផ្លេងផ្លុងទៅទីណា គឺជាសេចក្ដីសុខដែលប្រាកដឡើងដោយផលនៃសេចក្ដីរលត់អកុសលមូល ( វូបសម ) ហើយដែលជាសភាពប្លែកគ្នាដោយដាច់ខាតអំពីសេចក្ដីសុខក្នុងលោកនេះ ព្រោះសេចក្ដីសុខក្នុងលោកនេះកើតឡើងដោយអំណាចសេចក្ដីប្រាថ្នាប៉ុនប៉ង ( វេទយិត ) ។ មកដល់ត្រង់នេះឃើញជាភ្លឺសេចក្ដីទាំងអស់, ប៉ុន្តែប្រស្នាអំពីព្រះនិព្វាននោះតើនៅត្រង់ណា ។
ក្នុងមិលិន្ទបញ្ហា ព្រះនាគសេនថេរបានដោះប្រស្នាអំពីព្រះនិព្វានដោយឧទាហរណ៍ដូច្នេះ ឯទីកន្លែងរបស់ព្រះនិព្វាននោះមិនមែនកន្លែងដែលមានមុខទៅខាងកើត, ខាងត្បូង, ខាងលិច, ខាងជើង, ខាងលើ, ខាងក្រោម ឬខាងនាយឡើយ, ប៉ុន្តែបើទោះជាយ៉ាងណាក៏ព្រះនិព្វានមានដោយពិត ហើយកុលបុត្រណា ដែលសំដៅយកគោលនោះ ត្រូវឲ្យមានសីលជាអទិ ហើយឲ្យត្រូវមានសេចក្ដីប្រយ័ត្នយ៉ាងម៉ត់ចត់ ទើបនឹងចាប់យកនូវព្រះនិព្វានបាន ទោះបីកុលបុត្រនោះមានទីលំនៅៗ ស្រុកស្រែក្ដី, ស្រុកចិនក្ដី, ស្រុកអាឡិកសងដ្រឺក្ដី ឬស្រុកកោសលក្ដី ដើម្បីនឹងអធិប្បាយពន្យល់សេចក្ដីព្រះនាគសេនថេរលោកបន្ថែមថា ។
ឧបមាដូចជាភ្លើង កលាដើមគ្មានក្នុងកន្លែងណាមួយទេ តែនឹងអាចប្រាកដមានឡើងបានក្នុងកន្លែងនោះ នៅវេលាដែលប្រដកដោយធាតុផ្សេងៗ ដែលគួរឲ្យកើតបាន មានប្រការយ៉ាងណា រីព្រះនិព្វានក៏មានប្រការយ៉ាងនោះដែរ គឺថាកាលដើមព្រះនិព្វាននោះគ្មានទីណាមួយទេ ប៉ុន្តែព្រះនិព្វាននេះនឹងរកបាននូវវេលាដែលកិច្ចការផ្សេងៗ បានបំពេញជាស្ររចហើយ ហើយដើម្បីនឹងអធិប្បាយអំពីព្រះនិព្វានតាមសេចក្ដីពិត ដែលចេញអំពីពុទ្ធឱស្ថនោះត្រូវពោលដូច្នេះ ព្រះនិព្វានមិនមែននៅត្រង់កន្លែងណាណាទេ ប៉ុន្តែស្រេចហើយតែគ្រោងកាយរបស់សត្វ គឺថាព្រះនិព្វានមិនមែនជាបែបថានសួគ៌របស់ព្រាហ្មណ៍ ដែលមានឥន្រ្ទិយ៍យ៉ាងវិសេសមួយនោះទេ គឺជាធម៌មួយ ជាថានមួយយ៉ាងងាយ ប៉ុន្តែមិនជ្រាបមិនប៉ះពាល់ដល់ប្រាជ្ញាធម្មតា ។
អ្វីដែលចាប់យកនិព្វាន ពាក្យនេះប្រស្នា ១ ផ្សេងដែលគួរឲ្យពិនិត្យប្រុងប្រយ័ត្នផ្ទៀងផ្ទាត់ឲ្យម៉ត់ចត់ ប្រស្នានេះត្រូវតែទុកដោយចំណែកមួយអន្លើជារបស់ក្រៅផ្លូវសិន ព្រោះថាព្រះពុទ្ធសាសនាមិនទទួលថាមានធាតុទៀង នឹងព្រលឹងមិនស្លាប់ឡើយ ដែលយើងព្រមព្រៀងគ្នាហៅថា អត្តភាព ហើយអត្តភាពនោះគេតែងហៅថា ជាសម្លៀកបំពាក់របស់វិញ្ញាណ បើពោលតាមភុក្ខុនីវជិរ ថាជាគំនរធម្មតានែធាតុផ្សេងដែលផ្ដុំគ្នា ។
ដូចជាដែលយើងហៅថា រថ នោះគឺហៅបានតែកាលណា គ្រឿងផ្សេងៗប្រជុំគ្នាឡើង នោះមានឧបមាយ៉ាងណា ឬខ្លួនមនុស្សវិញក៏ដូចគ្នា គឺដែលហៅថា " អត្តភាព " បាននោះ បានតែកាលណាមានធាតុផ្សេងៗជួបជុំគ្នាទាំងអស់ មានឧបមេយ្យដូច្នោះឯង ។
តាមលំអានព្រះពុទ្ធសាសនាថាគ្មាន " អត្តភាព " ដោយពិតប្រាកដនោះទេ តួអត្តភាពជាទីប្រជុំនៃនាមធម៌ និងរូបធម៌ ឯនាមធម៌និងរូបធម៌នោះ សុទ្ធតែនៅក្នុងសណ្ឋានប្រែប្រួលជានិច្ច ។ រូបធម៌ ឬប៉ែកប្រកបតាក់តែងឡើង នោះជាសភាពដែលទទួលសម្ផស្សនៃអត្តភាព តួអត្តភាពនេះនេះហើយដែលគេហៅថា ជាគ្រឿងសម្លៀកបំពាក់របស់វិញ្ញាណ ក៏ឯរូបធម៌នោះមិនគឺអ្វី គឺជាកម្លាំងពលំនឹងធាតុឬវិញ្ញាណ ដែលជាទីលំនៅរបស់បរមាណូនោះ ក៏ប្រកបដោយខណចិត្តដែលកើតតៗគ្នាដែរ ជីវិតតិន្រ្ទិយ៍ជាខ្សែទឹកដែលជាប់មិនចេះដាច់ មិនមែនជាព្រលឹងដែលមិនប្រែប្រួលនៅក្នុងអត្តភាពមនុស្សឡើយ ព្រះពុទ្ធសាសនាទទួលជឿថា មានជីវិតិន្រ្ទិយ៍ដែលតែងប្រែប្រួលឥតអាក់ ប៉ុន្ដែមិនទទួលជឿ ឬមិនស្គាល់នូវ អហំការ សម្រាប់បុគ្គលឡើយ ដោយគ្មានឥន្រ្ទិយ៍ដែលទៀងជានិច្ចនិងគ្មានអហំការ សម្រាប់បុគ្គលដូចនេះនោះជាឥតប្រយោជន៍នឹងពោលថាព្រះនិព្វាននោះគ្មាន " ឥន្រ្ទិយ៍ " ឡើយ សេចក្ដីដែលនឹងពោលទោនេះអាចនឹងយល់បាន :
" សេចក្ដីលំបាកមាន តែមិនមែនមនុស្សលំបាក អ្នកដែលប្រព្រឹត្តគ្មាន ប៉ុន្ដែអាការដែលប្រព្រឹត្តមានព្រះនិព្វានមានប៉ុន្តែមិនមានតួមនុស្សដែលស្វែងរកនោះទេផ្លូវមាន ប៉ុន្តែមិនមែនអ្នកដំណើរដែលដើរផ្លូវនោះទេ "
ត្រូវតែយល់ថាប្រស្នាដែលពោលពីរឿងព្រះនិព្វាននេះ ជាប្រស្នាពិបាកយល់បំផុតក្នុងពុទ្ធវចន បើទោះណាជាយើងចេះគ្នេគ្នាន់ពិចារណាឲ្យជ្រៅទូលាយក្ដី យើងនៅតែមិនអាចនឹងយល់បានអំពីសភាពពិតប្រាកដនៃព្រះនិព្វាន ឯលំអានជាទីប្រសើរ ដើម្បីស្គាល់នូវព្រះនិព្វាននោះគឺត្រូវខំសង្វាតឲ្យដល់នូវព្រះនិព្វាន ឬបណ្ដោយឲ្យព្រះនិព្វានមកដល់យើង គេមិនអាចនឹងស្គាល់របស់ ១ បានដោយឥតប្រព្រឹត្តឡើយ ហើយក្នុងស្ថាននេះលើសកន្លែងឯទៀតទាំងអស់ ថ្វីបើព្រះនិព្វានដែលអ្នកប្រថ្នាសុខទាំងឡាយ អាចនឹងទៅបានគ្រប់គ្នានោះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានសម្ដែងដោយជាក់ច្បាស់ហើយបានយល់ទួទៅ ។
ផ្លូវដែលនាំទៅកាន់ព្រះនិព្វាននោះ គឺផ្លូវកណ្ដាលដែលចៀសចេញអំពីផ្លូវខាងទាំង ២ ផ្លូវខាង ១ គឺដែលធ្វើឲ្យខ្លួនឯងឲ្យនឿយលំបាក បានសេចក្ដីឈឺចាប់ឥតប្រយោជន៍ ហើយគន្លង ១ ទៀត គឺដែលធ្វើខ្លួនឲ្យរីករាយត្រេកត្រអាលក្នុងផ្លូវកាមគុណដែលជាទីនាំឲ្យបិទផ្លូវត្រៃលក្ខណញាណ ហើយនាំឲ្យយឺតដំណើរទៅកាន់ព្រះនិព្វាន ។
កិច្ចដែលត្រូវហាត់ជាដំបូងដើម្បីតាមផ្លូវធំនេះ គឺធ្វើសីលមិនត្រូវបំបាត់ជីវិតឬធ្វើទុក្ខធ្វើបាបដល់សត្វមាន ជីវិតឡើយត្រូវតាំងចិត្តឲ្យល្អហើយអាណិតអាសូរដល់សត្វទាំងអស់ ទោះជាសត្វតូចតាចដែលវារខាងក្រោមជើងយើងក្ដី ត្រូវតមកុំឲ្យប្រព្រឹត្តចោរកម្មក្នុងស្ថានណាៗក្ដី គឺត្រូវតាំងចិត្តជាមនុស្សចរិតស្លូតត្រង់គ្រប់ស្ថាន ត្រូវតមកុំប្រព្រឹត្តកន្លងបវេណី គឺត្រូវតាំងខ្លួនឲ្យបរិសុទ្ធកុំឲ្យមានមន្ទិលអ្វី ត្រូវតមកុំពោលពាក្យភូតកុហក គឺត្រូវតែពោលនូវពាក្យដែលពិត ត្រូវជៀសវាងគ្រឿងថ្នាំ ដែលនាំឲ្យទោស គឺត្រូវកុំរវះរវាមក្នុងការបរិភោគ ហើយឲ្យខ្លួនជាអ្នកវៀងវៃ ។
សិក្ខាបទទាំង៥នេះ ត្រូវកាន់រក្សាឲ្យម៉ត់ចត់ ព្រោះថាបើនឹងបណ្ដោយឲ្យភ្លាត់ភ្លាំងទៅ នោះនឹងនាំឲ្យមានមិន្ទិលសៅហ្មងទទើសទទែង ស្ទើរតែនឹងរំលងមិនផុតឡើយ ។
ត្រូវកត់សំគាល់ថា រីព្រះយោគាវចរនៅវេលាដែលកំពុងត្រេចតាមមហាមាគ៌នោះ ត្រូវបម្រុងខ្លួនត្រៀមចាំឲ្យបរិសុទ្ធិ៍រៀបរយឲ្យទទួលនូវសេចក្ដីក្រដោយចេតនា ហើយចិញ្ចឹមជីវិតដោយប្រពៃ ដើម្បីទ្រទ្រង់នូវរាងកាយ កុំឲ្យសេចក្ដីសុខនិងសេចក្ដីសប្បាយ ទាញយកទៅកាន់សេចក្ដីព្រងើយកណ្តើយ សេចក្ដីងងុយនិងសេចក្ដីខ្ជឹលច្រអូសបាន ។
ឯចំណែកព្រះយោគាវចរនោះ កាន់តែចម្រើនបន្តិចម្ដងៗ យ៉ាងជាក់ស្ដែង ដោយវាចានិងដោយកិច្ចយ៉ាងទៀតទាត់ ហើយដោយសម្ផស្ស ដែលបង្វឹកហាត់បាន ដូច្នេះហើយក៏កម្លាំងកម្មនោះបង្ខំឲ្យបោះបង់នូវដំរេកក្នុងលោកចោល ហើយចូលកាន់ភេទអ្នកបួសវិញ ក្នុងវេលានោះក៏កើតគំនិតដូច្នេះឡើង ។
ការរស់នៅក្នុងភេទជាឃរាវាសនោះប្រកបដោយការតយុទ្ធនឹងសឹកសង្គ្រាមជាអនេក ប្រកបដោយការងារនឹងសេចក្ដីត្រូវការឥតមានស្រាក ដែលជាទីឥតជំពាក់ទាក់ទិនហើយខ្ពង់ខ្ពស់ ដូចជានភាល័យប្រទេសនោះ គឺការរស់នៅរបស់បុគ្គលដែលឥតព្រះសម្បែងនោះឯង ។
លុះគិតឃើញដូច្នេះហើយ ក៏លះបង់នូវទ្រព្យសម្រាប់លោកជាអសារ ដើម្បីចូលកាន់ភេទអ្នកបួស ហើយក៏សង្វាតទ្រទ្រង់នូវជីវិតដោយឥតមានមោះមន្ទិលសៅហ្មងឡើយ ដល់ទីនេះហើយក៏តាំងធ្វើនូវសីលជាន់ខ្ពស់តទៅទៀត លុះដល់ថ្នាក់ដែលបរិបូណ៌ដោយសីល ហើយដោយអំណាចផលនៃសីលនេះ ព្រះយោគាវចរក៏ទៅជាគ្មានអត្តភាពក្នុងអំពើកិច្ចផ្សេងៗ ដែលបានធ្វើ ។
ទោះកិត្តិយសក្ដី ទោះភោគសម្បត្តិក្ដី ទោះកេរ្តិ៍ឈ្មោះក្ដី ទោះសេចក្ដីចំណេញសម្រាប់លោកក្ដី ក៏មិនអាចនឹងនាំព្រះយោគវចរឲ្យប្រព្រឹត្តអំពើអ្វី១ ដែលជាការផ្ទុយទាស់នឹងលទ្ធិជាន់ខ្ពស់របស់លោកនោះឡើយ ។
ការរស់នៅដោយឥតចំណង នឹងដោយឥតផ្ទះសម្បែងនោះ ជាផ្លូវយ៉ាងខ្លីដោយពិតប្រាកដដែលទៅកាន់ព្រះនិព្វាន ប៉ុន្តែមិនត្រូវយល់ដោយដាច់ខាតថាតែចូលកាន់ភេទបព្វជិតទើបបានទីព្រះអរហន្តឡើយ ព្រោះមានគំរូជាច្រើនដែលនៅភេទជ ឃរាវាស ហើយបានដល់ព្រះនិព្វាន ដោយឥតលះបង់ភេទគ្រហស្ថចោល ឧបាសកអនាថបិណ្ឌិក បានដល់សោតតាបន្នសាក្យមហានាម បានដល់សកិទាគាមិ នាយស្មូនឆ្នាំងឃដិការ បានដល់អនាគាមិ ព្រះបាទសិរិសុទ្ធោទន លះបង់ជីវិតក្នុងទីជាព្រះអរហន្ត ព្រះអនាគាមិ តាមធម្មតាត្រូវរស់នៅក្នុងភេទឥតភរិយា ហើយឯព្រះអរហន្តដែលមានភេទជា ឃរាវាស នោះ តាមក្នុងគម្ពីរថា ត្រូវបំពេញភេទជាបព្វជិតឬត្រូលនិព្វាន ព្រោះថានឹងកាន់ភេទជា ឃរាវាស រួមសុខទុក្ខ នឹងគ្រួសារតទៅឲ្យហួសពី ថ្ងៃមិនបានឡើយ ដោយហេតុនេះហើយបានជាព្រះយោគាវចរ ដែលលោកតាំងនៅមាំក្នុងសីល ល្បងកាន់ក្រិត្យយ៉ាងខ្ពស់តទៅទៀត គឺតាំងកាន់យកនូវសមាធិដែលជាបែបហាត់ទី ២ ដើម្បីទៅកាន់ផ្លូវព្រះនិព្វាន ។
សីលដែលបានហាត់បរិសុទ្ធិ៍ហើយ ជាដើមអាទិយ៉ាងខ្លឹមសារ ក្នុងការបំពេញនូវសមាធិ ឬកិរិយាមាយាទដែលឥតសណ្ដាប់ធ្នាប់នោះ នាំឲ្យកើតជាសេចក្ដីក្រវល់ក្រវាយឡើង តែកាលណាមានសេចក្ដីក្រវល់ក្រវាយក្នុងខ្លួនហើយ ចិត្តក៏នឹងទៅជាសភាពដែលគេបោះបង់ចោលមិនរាប់អាន ក្នុង១ ពេល ១វេលាសិន ។
សមាធិជាកិរិយាសំរួបសំរួមនូវចិត្តទៅលើវត្ថុ ១ ដោយលះចិត្តចេញអំពីវត្ថុដទៃផ្សេងៗ ដើម្បីតាំងនូវសមាធីនេះ ព្រះយោគាវចរត្រូវពិចារណាជាមុនដោយពិនិត្យពិចៃនៃវត្ថុដែលនឹងយកមកសំឡឹងនោះ ក្នុងកម្មដ្ឋានទាំង ៤០ ដែលមានសម្ដែងដោយល្អិតក្នុងគម្ពីរវិសុទ្ធិមគ្គ នោះត្រូវរើសយកកម្មដ្ឋានណាមួយ ដែលជាទីគួរសមដល់ចរិតរបស់ខ្លួន លុះបានរើសរកជាស្រេចហើយ ត្រូវទៅក្នុងទីណាមួយ ដែលស្ងាត់ឥតមានអ្វីឲ្យទទើសទទែង ហើយរៀបចំទីអង្គុយឲ្យស្រួលកុំឲ្យរោយស្រពន់ ទើបតាំងព្យាយាមខំប្រឹងដើម្បីសង្រួមនូវចិត្តទៅកាន់វត្ថុដែលខ្លួនភាវនានោះ ឬដែលហៅថាកម្មដ្ឋាន បើទោះណាជាខំសង្រួមនូវចិត្តទៅកាន់វត្ថុដែលជាកសិណនោះក្ដី ក៏មនុស្សដែលទើបហាត់មិនអាចនឹងជៀសវាងផុត អំពីគ្រឿងបលិពោធដំបូងបានឡើយអារម្មណ៍ខាងក្រៅកើតឡើងចំពោះមុខហាក់ដូចជាស្រមោលកុនដូច្នោះ វេលានោះចិត្តដែលមិនអាចអំណត់ក៏កើតឡើង ដោយហេតុសេចក្ដីចម្រើនទៅខាងមុខនោះយឺតយ៉ាវពេក ដូច្នោះហើយសេចក្ដីព្យាយាមក៏នឹងថយចុះ ឬព្រះយោគាវចរដែលបានថ្នឹកទៅហើយនោះតាំងចម្រើនសំដៅឆ្ពោះទៅកាន់ខាងមុខ គឺទៅកាន់គោលដែលសំដៅយកតែម្ដង បើទោះណាជាមានគ្រឿងបលិពោធឬនីវរណ ដែលនាំឲ្យទទឹងតាស់ ក៏ខំកាប់ឆ្កាបំពានទៅ ឥតមានរាថយក្រោយ ១ ស្របក់សោះឡើយ ហើយដោយអំណាចសេចក្ដីជឿពេញចិត្ត ដែលចេះតែមានបង្កើតឡើងនឹងសេចក្ដីសុខ ដែលចេះតែមានថែមមកជានិច្ច នោះព្រះយោគវចរក៏តាំងយុទ្ធដើម្បីបំបាត់នូវសេចក្ដីប្រាថ្នា ហើយសង្រួមចិត្តទៅកាន់បរិកម្មនិម្មិតនោះលុះដល់ជ្រួតជ្រាបសុះសប់មូលអារម្មណ៍ល្អ ហើយអារម្មណ៍ដែលផ្សេងដទៃ ក៏កំចាត់ចេញបានពីក្នុងចិត្តជាស្រឡះកាលណាបានឃើញនូវកសិណ គឺបានដល់នូវគោលបំផុតនេះហើយ ក្នុងស្ថាននេះ គឺកសិននោះឯងជាវត្ថុដែលមានរូបធម្មតា ឯចំណែកខាងរូបដែលឃើញដោយនិម្មិតវិញ ( ឧគ្គហនិម្មិត ) នោះគឺជារូបប្រាកដក្នុងចិត្ត មានភាពស្ថានដូចគ្នានឹងកសិណ ដែលមានរូបតាមធម្មតាមែនៗ គឺនិម្មិតបង្កើតឲ្យឃើញនៅក្នុងចិត្តឡើង លុះដល់និម្មិតច្បាស់ប្រាកដទៅក្នុងមនោទ្វារតែម្យ៉ាង ( បដិភាគនិម្មិត ) ហើយព្រះយោគាវចរបរិកម្មតៗទៅទៀត ដោយប្រុងស្មារតីយ៉ាងម៉ត់ចត់ទៅកាន់និម្មិតដែលកើតឡើងនោះក៏បានឈ្មោះហៅថាដល់នូវ ឧបចារសមាធិ ឯចំណែកនីវរណ ទាំង ៥ ដែលជាធម៌ជំទាស់នូវសេចក្ដីចម្រើន ពោលគឺសេចក្ដីប្រាថ្នា សេចក្ដីសង្ស័យនោះកើតមានឡើងដោយបេលដោយខណ លំដាប់នោះក៏បានដល់នូវ អប្បនាសមាធិ ហើយសេចក្ដីត្រេកអរឥតប្រៀបព្រះយោគាវចរក៏បានដល់ក្នុងឈានសោយនូវសេចក្ដីសុខនឹងសេចក្ដីសម្រាន្តរបស់ចិត្ត ដែលមានគោលតែមួយចំពោះមុខ ។
លុះកាលណាព្រយោគាវចរបានបង្ហាត់នូវចិត្ត បានបទបែបហើយ ក៏អាចនឹងចម្រើននៅអភិញ្ញាទាំង ៥ បានឥតមានទើសទាល់អ្វីឡើយ ឯអភិញ្ញាទាំង ៥ នោះគឺ ទិព្វចក្ខុ ១ ទិព្វសោត១ បុព្វេនិវាសានុសតិញាណ ១ បរចិត្តវិជ្ជានន ១ នឹងឥទ្ធិវិធ ១ ។
ឯសមាធិនឹងអភិញ្ញានោះ មិនមែនសុទ្ធតែមានប្រយោជន៍ដោយដាច់ខាតក្នុងការដែលបានដល់នូវព្រះអរហន្តឡើយ ពិតមែនតែជាម្យ៉ាងវិសេសរបស់អ្នកដែលបាន បានជាថាដូចនេះព្រោះនៅមានព្រះអរហន្តដែលជាវិសុក្ខវិបស្សក ដែលលោកបានដល់ព្រះអរហន្ត ដោយគ្រាន់តែធ្វើចិត្តខាងក្នុងឲ្យស្ងួតស្ងប់ប៉ុណ្ណោះ ឥតបានបឹងផ្អែកទៅលើសមាធិឡើយ បើទោះណាជាក្នុងស្ថាននេះចិត្តរបស់ព្រះអរហន្តនោះ បរិសុទ្ធយ៉ាងណាក្ដី ហើយបើទោះណាលោកមិនទាន់រួចជាស្រឡះអំពីអំណាចសេចក្ដីប្រាថ្នានៅឡើយក្ដី ព្រោះថាដោយអំណាចសេចក្ដីសង្រួមនោះ ចិត្តដែលអាក្រក់នោះនឹងកើតឡើងវិញបាន នៅវេលាដែលធ្វេសប្រហែសក្នុង១ពេលៗ ។
រីសីលអាចតម្រង់នូវសំដីរបស់យើង ឯចំណែកសេចក្ដីសង្រួមអាចតម្រង់នូវចិត្តរបស់យើង ប៉ុន្តែគឺបញ្ញាដែលជាសភាពទី ៣ ឬទីបំផុត ដែលនឹងអាចនាំឲ្យកំចាត់ដោយដាច់ខាតនូវសេចក្ដីប្រាថ្នា ដែលសមាធិបានឃាត់ទុក ។
ជាដើមត្រូវពិចារណានូវ វិសុទ្ធិញាណ គឺសេចក្ដីឃើញដោយបរិសុទ្ធិ៍ ដើម្បីឲ្យយល់ច្បាស់នៅវត្ថុនិមួយយ៉ាងពិតប្រាកដ គឺបើពិតឃើញថាពិត មិនពិតឃើញថាមិនពិត ដោយអំណាចចិត្តដែលត្រេចឆ្ពោះទៅកាន់កសិណតែមួយ ព្រះយោគាវចរក៏ពិចារណាដោយពិនិត្យផ្ចិតផ្ចង់នូវឥន្រ្ទិយ៍របស់លោក លុះពិចារណាដូចនេះហើយ ក៏ឃើញថាឥន្រ្ទិយ៍របស់លោកមិនមែនអ្វីក្រៅអំពីប្រជុំនាមធម៌និងរូបធម៌ឡើយ ឯនាមធម៌នោះគឺជាអារម្មណ៍ផ្សេងៗ ដែលកើតឡើងដោយការប៉ះពាល់នៃខន្ធជាមួយនឹងកម្លាំងឫទ្ធិ៍របស់ខន្ធ ឯចំណែករូបធម៌វិញនោះ គឺជាកម្លាំងនឹងលក្ខណដែលកើតឡើងជាភាពសណ្ឋានផ្សេង ។
លុះបានដល់ឃើញហើយច្បាស់នូវជាតិរបស់ខ្លួន ដោយឥតមានភាន់ច្រឡំដុច្នេះហើយ ក៏តាំងល្បងរកនូវដើមកំណើតរបស់ឥន្រ្ទិយ៍ទៀត ព្រមទាំងអត្តភាព ក្នុងសណ្ឋាននេះព្រះយោគាវចរឃើញច្បាស់ថា វត្ថុទាំងអស់ដែលមានក្នុងលោកនេះព្រមទាំងអត្មាឯងផង សុទ្ធតែកើតមកអំពីហេតុ ១ ឬហេតុច្រើនក្នុងកាលជាអតីតឬបច្ចុប្បន្ន ឯជាតិរបស់ខ្លួននេះកើតមកអំពីហេតុជាអតិត ពោលគឺសេចក្ដីល្ងង់ ( អវិជ្ជា ) សេចក្ដីប្រាថ្នា ( តណ្ហា ) ការភ្ជាប់ចិត្ត ( លោភ ) អំពើ ( កម្ម ) នឹងគ្រឿងទ្រទ្រង់ជីវិត ( អាហារ ) ដោយហេតុទាំង ៥ នេះហើយ ទើបតួអត្តភាពកើតឡើងបាន ហើយដោយអំពើពីអតីតនាំមកនូវបច្ចុប្បន្ន រីអំពើបច្ចុប្បន្នក៏នឹងតាក់តែងនូវអនាគតតៗ ទៅដូចនេះឯង លុះបានពិចារណាដូចនេះហើយ ព្រះយោគាវចរក៏អស់សេចក្ដីមន្ទិលសង្ស័យ អំពីអតីត បច្ចុប្បន្ន នឹងអនាគតតទៅ ។
លំដាប់នោះក៏ពិចារណាឃើញថា វត្ថុដែលកើតឡើងដោយហេតុសុទ្ធតែជារបស់មិនទៀងមិនថាវរ ( អនិច្ចំ ) សុទ្ធតែប្រកបដោយឈឺចាប់ ( ទុក្ខ ) សុទ្ធតែខ្លឹមសារ ឬមិនមានសេចក្ដីតាំងនៅអស់កាលជានិច្ច ( អនត្តា ) នៅវេលាណាដែលព្រះយោគាវចរក្រឡេកនៅជុំវិញខ្លួននោះ មិនមានប្រទហអ្វីក្រៅអំពីត្រៃលក្ខណនេះឡើយ គឺឃើញក្រឡោតចំពោះភ្នែក លោកឃើញច្បាស់ថាជាតិរបស់មនុស្សនេះគ្រាន់តែជាផ្លូវជាទីគោចរ ជាបេលឬឱកាសដែលនៅជាដំណជាប់តទៅឥតមានដាច់ប៉ុណ្ណោះទោះនៅលើមេឃក្ដី មិនអាចនឹងបង់សេចក្ដីសុខដែលជាពិតប្រាកដនោះបានឡើយ ដោយហេតុថា សេចក្ដីដំរេកត្រេកត្រងាលគ្រប់ស្ថានសុទ្ធតែជាដើមអាទិនៃទុក្ខទាំងអស់ អ្វីដែលជាបណ្ដោះអាសន្នសុទ្ធតែប្រកបដោយទុក្ខហើយតែកាលណាមានសេចក្ដីប្រែប្រួលផ្លាស់ប្ដូរ នឹងសេចក្ដីឈឺចាប់កើតញយៗ ហើយនោះមិនអាចនឹងមានផ្លូវឥន្រ្ទិយ៍ដែលជាទៀងបានឡើយ ។
លុះបានជ្រាបចូល ឬជក់ចូលទៅក្នុងការភាវនាដូច្នេះហើយ ព្រះយោគាវចរក៏នឹងភ្ញាក់ខ្លួនក្នុងថ្ងៃណាមួយមិនខាន គឺនឹងបានឃើ់ញរស្មីចេញពីខ្លួន ក្នុងស្ថាននេះហើយដែលបានសោយនូវសេចក្ដីសុខដែលមិនដែលមាននឹងបានក្រេបនូវសេចក្ដីសប្បាយ សេចក្ដីក្សេមក្សាន្តដែលមិនដែលប្រទះម្ដងសោះ ។
លំដាប់នោះក៏សេចក្ដីជ្រះថ្លាសទ្ធាចម្រើនច្រើនឡើង ហើយសេចក្ដីដែលពេញចិត្តនោះក៏ស្អាតល្អ ឥតមានមន្ទិលសៅហ្មង ព្រះទាំងសេចក្ដីឃើញខាងក្នុងក៏ច្បាស់ជាប់នៅជានិច្ច ហើយក៏ស្មានថាខ្លួនបានដល់ទីព្រះអរហន្តហើយ ព្រោះបានឃើញនូវរស្មីនោះ តែមិនមែនដូចជាស្មាននោះឡើយ ក្រោយនោះបន្តិចក៏យល់ឡើងថា សេចក្ដីដែលឃើញទាំងប៉ុន្មាននេះសុទ្ធតែជាការលល្បងនាំឲ្យខុសពីសេចក្ដីឃើញខាងក្នុងនោះទេ តាមការពិតនោះមិនទាន់បានដល់ថ្នាក់ព្រះអរហត្តឡើយ យល់ដូចនេះហើយក៏ប្រឹងព្យាយាមកត់សំគាល់នូវផ្លូវត្រូវនិងផ្លូវខុស ។
លុះកាលណាបានប្រទះនូវផ្លូវត្រូវហើយ ក៏តាំងសមាធិជាថ្មីអំពីសេចក្ដីកើតនិងសេចក្ដីរលត់ទៅវិញ នៃវត្ថុមួយដែលតាក់តែងឡើង សមាធិនេះហើយដែលនាំឲ្យកើតជ្រះថ្លាជាច្រើនព្រោះសេចក្ដីដែលប្រែប្រួល ឬសេចក្ដីរលត់នោះឃើញច្បាស់ប្រាកដជាងបសេចក្ដីដែលបដិសន្ធិឡើង ។
ដោយហេតុនេះហើយទើបព្រះយោគាវចរផ្ចង់ស្មារតី ទៅកាន់សេចក្ដីរលាយរលត់នៃវត្ថុនិមួយៗ លំដាប់នោះក៏បានយល់ច្បាស់នូវនាមធម៌ដែលផ្សំបានជាតួអត្តភាពឡើងនេះន)ក្នុងសភាពដែលមានធម្មតា ត្រូវប្រែប្រួលផ្លាស់ប្ដូរជានិច្ចឥតស្រាកមិនអាចនៅដ៏ដែលបាន ពីពេល១ ទៅបេល១ឡើយ ។
ដូចនេះហើយក៏កើតនូវប្រាជ្ញស្គាល់ច្បាស់ថាវត្ថុទាំងឡាយដែល កើតឡើងហើយរលាយទៅវិញនោះជាការគួរស្បើមណាស់លោកធាតុទាំងមូលឃើញ ដូចជាទីធ្យូងដែលឆេះសន្ធោសន្ធៅនឹងជាជាទីកំណើតនៃសេចក្ដីគ្រោះ កាចអន្តរាយទាំងអស់ ហើយក៏តាំងពិចារណាអំពីទុក្ខវេទនា នឹងសេចក្ដីប្រឡោមរបស់លោកដែលគួរខ្លាចនេះ លំដាប់នោះក៏តាំងតែខ្ពើមនូវលោក ហើយក៏មានប្រាថ្នានឹងកេចជៀសឲ្យបាន ដោយអាស្រ័យគោលរបស់ចិត្តនេះ ទើបតាំងសមាធិជាថ្មីទៀតអំពីព្រះត្រៃលក្ខណ រួចពីនេះក៏តាំងកើតចិត្តស្មើទួទៅលើវត្ថុដែលតាក់តែងឡើង គឺមិនស្រឡាញ់មិនស្អប់វត្ថុនានា ដែលនៅលើដី លុះចាប់ថ្នាក់នេះបាន ហើយព្រះយោគាវចរក៏តាំងរើសយកនូវលក្ខណណាមួយ ដែលពេញចិត្តជាងគេជាគោលក្នុងលក្ខណទាំង ៣ នោះ ហើយក៏តាំងសំរួមចិត្តដោយប្រុងប្រយ័ត្ន ដើម្បីឲ្យកើតឡើងនូវសេចក្ដីឃើញខាងក្នុងៗ ផ្លូវនេះ ដ៏រាបដល់ទល់នឹងថ្ងៃជ័យមង្គល គឺថ្ងៃដែលបានសេចក្ដីក្សេមក្សាន្តឥតរលប់ ក្នុងស្ថាននេះហើយដែលបានប៉ះពាល់យល់នូវព្រះនិព្វានជាដំបូងបំផុត ក្នុង១ជាតិនេះ ។
" ឧបមាដូចជាអ្នកដើរក្នុងវេលាយប់ ដែលបានប្រទះឃើញនូវភូមិប្រទេសជិតខាងខ្លួនក្នុងវេលាផ្លេកបន្ទោមួយផ្លែតៗ ហើយរូបភាពដែលបានឃើញនោះក្នុងបេលក្រោយតពីនោះយូរមកក៏នៅចាំប្រាកដទៅមុខបានយ៉ាងណា រីព្រះយោគាវចរដែលមានពន្លឺឆ្លុសខាងក្នុងក៏ឃើញព្រះនិព្វាន ហើយចាំបានជាប្រាកដឥតភ្លេចយ៉ាងនោះឯង " កាលណាដែលបានប្រទះឃើញនូវព្រះនិព្វានជាដំបូងដូច្នេះ គេហៅថាជាព្រះសោតាបន្នវៀរផុតអំពីចំណង ៣ គឺសកាយទិដ្ឋិ សេចក្ដីប្រកាន់ខ្លួនប្រាណ១ វិចិកិច្ឆា សេចក្ដីសង្ស័យ១ សីលពត្តសេចក្ដីអធ្យាស្រ័យក្នុងរបៀបពិធីបុណ្យផ្សេងៗ ដែលខុសចាកពុទ្ធសាសនា១ ដោយព្រះសោតាបន្នមិនទាន់រំលាយបង់នូវសេចក្ដីប្រាថ្នាក្នុងការរស់នៅ ក៏នឹងកើតយ៉ាងច្រើន ៧ ជាតិទៀត ក្នុងជាតិខាងមុខនោះព្រះសោតាបន្ន ងាចនឹងចាំឬនឹងមិនចាំបានថា ខ្លួនលោកជាសោតាបន្ន ប៉ុន្តែលោកគង់មានលក្ខណបែបជាអ្នកជឿបុណ្យជឿបាប ។
ព្រះសោតាបន្នមានសេចក្ដីជឿដោយពេញទី ក្នុងព្រះពុទ្ធព្រះធម៌នឹងព្រះ សំឃ ហើយគ្មាននឹងអាចនាំឲ្យប្រព្រឹត្តបំពានលើសិក្ខាបទទាំង ៥ ឡើយ ក្រៅពីនោះទៀតព្រះសោតាបន្នលោកផុតអំពីឧប្បត្តិហេតុជាស្រឡះ ព្រោះខ្លួនលោកមានដំណើរទៅកាន់សេចក្ដីត្រាស់ដឹង លោកតាំងប្រមូលផ្ជុំនូវកម្លាំងថ្មី គឺសេចក្ដីក្លាហាន ដែលចាផលនៃសេចក្ដីប្រទះឃើញព្រះនិព្វានអំពីចំងាយ សេចក្ដីចម្រើននឹងកើតឡើងដោយរហ័យឆាប់ ហើយលោកក៏តាំងចម្រើនដោយម់ត់ចត់ផ្ចឹតផ្ចង់ដ៏រាប លុះដល់សេចក្ដីឃើញខាងក្នុងរឹងរិតតែថាវរមាំមួនឡើង ត្រាតែបានដល់ថ្នាក់ជាព្រះសកទាគាមិ ដែលត្រូវកើតវិញម្ដងទៀតក្នុងមនុស្សលោកហើយបន្ថយធម៌ ២ ផ្សេងទៀត គឺសេចក្ដីប្រាថ្នាក្នុងខន្ធនឹងចេតនាអាក្រក់ បានជាបាននាមថាព្រះសកទាគាមិ ព្រោះថានឹងមកកើតក្នុងលោកនេះ១ជាតិទៀត ក្នុងស្ថានដែលជាតិនេះមិនបានសម្រេចព្រះអរហន្តផល ។ គួរតែសម្គាល់ទុកថាព្រះយោគាវចរដែលបានដល់ថ្នាក់ទាំង ២ នេះហើយ គ្រាន់តែជាអ្នកអាចនឹងបន្ថយចំណង២ យ់ាងមាំដែលចងរិតរួតខ្លួន តាំងពីក្នុងកាលជាអតីតដែលកន្លងមកយូរហើយនឹងចាំមិនបាន ហើយគ្មានដើមទងប៉ុណ្ណោះ ជួនកាលក៏កើតនូវសេចក្ដីក្រវល់ក្រវាយ ទៅកាន់រាគតណ្ហានឹងសេចក្ដីក្រោធខ្លះដែរ ប៉ុន្តែសេចក្ដីក្រវល់ក្រវាយនេះមានសណ្ឋានស្ដួចស្ដើងណាស់ ។
លុះកាលណាបានដល់ថ្នាក់ទី ៣ គឺអនាគាមិដែលមិនត្រឡប់កើតលើដីវិញសោះ នោះទើបបានរួចផុតស្រឡះ អំពីចំណងដែលយើងពោលហើយខាងលើ ព្រះអនាគាមិមិនវិលមកកើតក្នុងមនុស្សលោកវិញឡើយ ហើយមិនត្រូវការឬមិនប្រាថ្នាទៅយកកំណើតក្នុងលោកធាតុផ្សេងដទៃឯណាទៀតទេ តាំងអំពីពេលដែលបានផ្ដាច់ឫសនៃសេចក្ដីប្រាថ្នាក្នុងកិលេសកាមមកជាក្រោយដែលទំលាយខន្ធទៅ ក៏ទៅបដិសន្ធិក្នុងភពដែលបរិសុទ្ធិ៍ ( សុទ្ធាវាស ) ដែលជាកន្លែងបម្រុងទុកសម្រាប់តែព្រះអនាគាមិនិងព្រះអរហន្តប៉ុណ្ណោះ ទោះជាព្រះអនាគាមិ ដែលមិនទាន់អស់ប្រាថ្នានឹងកើតទៀតក្ដី ។
ក្នុងវេលានេះព្រះយោគាវចរ ដែលមានសេចក្ដីក្លាហានដោយជ័យជំនះរបស់សេចក្ដីព្យាយាមក៏តាំងធ្វើឲ្យសម្រេចនូវថ្នាក់បំផុត ដោយកំចាត់បង់នូវចំណងទាំង ៥ ដែលជាចំណងខាងចុងបំផុត គឺរូបរាគ ១ អរូបរាគ ១ សកាយទិដ្ឋិ ១ វិចិកិច្ឆា ១ នឹងមោហ ១ ហើយក៏បានដល់នូវព្រះអរហន្តផលមួយរំពេចក្រោយនោះក៏បានយល់ប្រាកដថា ការដែលត្រូវធ្វើនោះយ៉ាងដូចម្ដេចខ្លះ ថាទុក្ខដែលយ៉ាងធ្ងន់ជាបំផុតនោះបានចៀសវាងផុតស្រឡះហើយ ហើយថា សេចក្ដីប្រាថ្នាឬចេតនាចង់រស់ គ្រប់ស្ថាននោះបានទំលាយចោលជាស្រឡះហើយ លំដាប់នោះព្រះយោគាវចរតាំងនៅទីខ្ពស់ជាងវិមានទិព្យទៅទៀត ហើយឆ្ងាយផុតវិស័យអំពីកាមរាគនឹងកិលេសក្នុងលោកនេះ តាំងក្រេបនូវវិមុត្តរសដែលទៀងជានិច្ចឥតប្រៀបបាននៃព្រះនិព្វាន ។
ប៉ុន្តែបើទោះណាជាយ៉ាងដូច្នេះក្ដី ក៏ព្រះអរហន្តទាំងឡាយមិនដែលជៀសឲ្យផុតអំពីសេចក្ដីឈឺចាប់នៃ សារពាង្គកាយឡើយពីព្រោះលោកនូវជាប់ជំពាក់ក្នុងរូបមនុស្សលោក ។
ដូច្នេះហើយទើបឃើញថា ព្រះនិព្វាននឹងបានជាប្រាកដក្នុងពេលណាមួយ ហើយចំណែកសេចក្ដីដែលរួចផុតអំពីសេចក្ដីឈឺចាប់របស់រូបនេះ នឹងបានក្នុងពេលក្រោយដែលទំនាយខន្ធទៅ ។
គួរតែសម្គាល់ក្នុងស្ថាននេះថា ព្រះអនាគាមិនឹងព្រះអរហន្តដែលលោកបានចម្រើននូវសមថភាវនា ឬបើនឹងពោលបែបម្យ៉ាងទៀតថា ដែលលោកបានបំពេញកិច្ចសង្រួមចិត្តព្រមទាំងបានធ្វើឈានបែបផ្សេងៗ ជាច្រើនហើយ នោះលោកអាចនឹងសោយនូវវិមុត្តិរសនៃព្រះនិព្វានបានក្នុងជាតិនេះ ត្រង់នេះហើយដែលហៅថា និរោធសមាបត្តិ ក្នុងវេលាដែលចូលនិរោធសមាបត្តិនោះ មានស្ថានដូចជាមនុស្សដែលភ្លឹកស្មារតី ឬដេកលក់ស៊ប់ដូច្នេះក្នុងពេលនេះរូបកាយដាច់ខាតស្រឡះអំពីសេចក្ដីឈឺចាប់ហើយ ហើយឯអារម្មណ៍ផ្សេងៗ ក៏ឈប់ទាំងអស់ តាមខាងព្រះពុទ្ធសាសនាស្ថាននេះហើយ ដែលជាបែបយ៉ាងឧត្តមបំផុតរបស់សេចក្ដីសុខ ដែលសោយក្នុងជាតិនេះ ។
ក្នុង ពាហវេទនិយសុត្តន្ត ព្រះសម្មាសម្ពុទ្ធបានសំដែងអំពីសភាពនៃសេចក្ដីសុខទាំង ១០ យ៉ាងរាបឪរៀបតាំងអំពីសេចក្ដីសុខធម្មតាដែលគ្រោតគ្រាតឡើងទៅ ហើយល្គឹកណាតែគេឡើងខ្ពស់បន្តិចៗ ទៅក្នុងផែនទី ឬហាត់ដោយនៃចិត្ត ក៏សេចក្ដីសុខនេះ ទៅជាសុខយ៉ាងថ្កើងថ្កាន យ៉ាងប្រសើរថ្លៃថ្លា យ៉ាងល្អិតផូរផង់ ត្រាតែមនុស្សទាំងឡាយក្នុងលោកនេះ មិនដែលបានស្គាល់ជាយ៉ាងដូចម្ដេចម្ដងសោះឡើយ ។
ក្នុងបថមឈាននេះ ព្រះយោគាវចរសោយនូវសេចក្ដីសុខក្នុងចិត្តដែលជាសេចក្ដីសុខមិនលុះក្នុងអំណាចខន្ធទាំង ៥ ហើយដែលជាសេចក្ដីសុខតែងកើតឡើង ដោយងាស្រ័យហេតុលះបង់នូវសេចក្ដីប្រាថ្នា ឬចំណង់ក្នុងវត្ថុកាម ឯក្នុងចតុត្ថឈានវិញនោះទាំងសេចក្ដីសុខបែបនេះ ក៏លោកបោះបង់ចោលដែរ ហើយហៅថាជាសេចក្ដីសុខយ៉ាងក៏គ្រោតក៏គ្រាតវិញ មិនជាសេចក្ដីសុខដែលមានផលប្រយោជន៍ឡើយ គឺលោកយកនូវសេចក្ដីស្មើចិត្តមកតាំងឲ្យឈ្មោះថា ជាសេចក្ដីសុខវិញ ។
ព្រះសម្មាសម្ពុទ្ធបានកំណត់ទុកថា បែបភាពនៃសេចក្ដីសុខទាំងអស់ គឺសេចក្ដីសុខទី ១០ មានបែបភាពខ្ពស់ហើយថ្លៃថ្លាប្រសើជាងទាំងអស់ ក្នុងស្ថាននេះមានពាក្យទូលសួរព្រះសម្មាសម្ពុទ្ធថា ដូចម្ដេចក៏ហៅថាសេចក្ដីសុខបាន បើគ្មានចិត្ត និងចេតសិកជាសភាពដែលត្រូវដឹងទេ គ្រានោះព្រះសាស្ដាចារ្យទ្រង់តបប្រស្នាវិញថា " ម្នាលភិក្ខុទាំងឡាយ ដែលព្រះអរហន្តលោកសោយនូវសេចក្ដីសុខនោះ លោកមិនមែនសោយដោយអាស្រ័យនឹងសម្ផស្សឡើយ ប៉ុន្តែអ្នកទាំងឡាយត្រូវដឹងថា តាមតែនៅកន្លែងណាក៏ដោយ ឲ្យតែជាកន្លែងដែលគេបានដល់នូវសេចក្ដីសុខ គឺកន្លែងនោះឯងហើយដែលព្រះអរហន្តលោកជ្រាបច្បាស់នៅសេចក្ដីសុខ " ។
អំពីសេចក្ដីដែលឲ្យឈ្មោះ នៃការឈប់កំរើក ឬឈប់ត្រេចរបស់ជាតិថា ជាសេចក្ដីសុខតាមភាសា ដែលប្រឌិតឡើងដោយគ្មានពាក្យនឹងអធិប្បាយ នោះជាការត្រូវចំចំពោះល្អណាស់ ។
ចុះហេតុអ្វិបានជាព្រះអរហន្តលោកនៅរស់តទៅទៀត ក្នុងពេលដែលលោកបានសម្រេច នូវសេចក្ដីយល់ស្ដែងរបស់ព្រះនិព្វានហើយ ឬបើនឹងពោលបែបម្យ៉ាងទៀតថា នៅវេលាដែលលោកបោះបង់គំនិតឬចេតនាចង់រស់ជាស្រឡះហើយ បានជាលោកនៅរស់តទៅ ព្រោះហេតុកម្លាំងកម្មរបស់លោក ដែលនាំលោកមកបដិសន្ធិនោះមិនទាន់អស់នៅឡើយ ក្នុងស្ថាននេះអ្នកប្រាជ្ញអាលឺ្លម៉ង់ឈ្មោះ ឆូប៉េនហូអែរ បានពោលថា មានគួរនាដូចជាកង់របស់ជាងស្មូនឆ្នាំង ដែលជាងស្មូនឆ្នាំងទើបនឹងដកដៃខ្លួនចេញមក ឬបើយើងទាញយកសេចក្ដីប្រៀបធៀបយ៉ាងសំខាន់ ដែលមានគោលក្នុងគម្ពីររបស់យើងក៏បាន ដូចយ៉ាងសេចក្ដីដែលធៀបថា ព្រះអរហន្តមានសភាពដូចជាមែកឈើដែលបាក់ដាច់ពីដើមមក គឺមែកឈើនោះមិនអាចនឹងមានស្លឹកស្រស់ឬមានផ្កាផ្លែឡើយ ព្រោះមែកឈើនោះឯងមិនបានទទួលរស់ជាតិអាហារអំពីឫសកែវរបស់ដើមឈើមក ប៉ុន្តែគ្រឿងស្រស់ដែលមានជាប់ស្រាប់ក្នុងមែកនេះ អាចនឹងទ្រទ្រង់នៅបានដ៏រាបដល់ពេលដែលជីវិតនៃមែកនោះលះបង់ចោលមែកនោះឯង ឯព្រះអរហន្តលោករស់នៅតទៅ តែត្រឹមកំណត់ដែលជីវិតិន្រ្ទិយ៍របស់លោកផុតរលត់ប៉ុណ្ណោះ លោកឥតមានសន្សំកម្មថ្មីមកបញ្ចូលទៀតឡើយ គឺលោកផុតស្រឡះពីអំពើអ្វីទាំងអស់ ទោះរូបលោកនៅរស់ក្ដីរូបរលាយទៅក្ដី ។
ជាក្រោយដែលនិព្វានហើយ នោះព្រះអរហន្តលោកទៅជាអ្វីទៅ ទៅជាដូចម្ដេចទៅ ក្នុងស្ថាននេះព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថា " មានឧបមាដូចអណ្ដាតភ្លើងដែលខ្យល់បក់រេចុះឡើងពីខាងស្ដាំខាងឆ្វេងហើយរលត់បាត់ទៅយ៉ាងណា រីព្រះអរហន្តដែលលោករួចស្រឡះអំពីនាមធម៌នឹងរូបធម៌ ក៏បាត់ឥតមានសល់អ្វីនៅវេលាដែលលោកទំលាយខន្ធ មានឧបមេយ្យដូច្នេះឯង " ។
ត្រង់នេះមានបុប្ផាសួរថា " គ្រាន់តែបាត់ទៅប៉ុណ្ណោះទេ ឬក៏មិនមានសល់អ្វីផង " ។
ព្រះសម្មាសម្ពុទ្ធបរមគ្រូបានសម្ដែងទុកក្នុងគម្ពីរសុត្តនិបាតថា ( ចំណែកអ្នកដែលបាត់ទៅនោះ មិនមានរូបភាពអ្វីម្យ៉ាងល្មមឲ្យសំគាល់បានថា មានណោឡើយ ព្រោះមិនមានសល់អ្វីសោះ ) តែកាលណារំលត់នៅសំខារបានហើយ រីនាមធម៌នឹងរូបធម៌ក៏ជៀសវាងចេញឆ្ងាយផង ដូចមានឧទាន១សម្ដែងថា ។
ឧបមាដូចជាភ្លើងអាច់ដែកដែលខ្តាតចេញរលត់តៗ គ្នា ហើយបាត់ទៅឥតមាននរណានឹងដឹងថាទៅឯណា មានប្រការយ់ាងណា រីឯលោកដែលបានរួចខ្លួនស្រឡះ ដែលបានឆ្លងផុតអំពីខ្សែទឹក ពោលគឺរាគតណ្ហានោះហើយ ហើយដែលបានចូលទៅក្នុងទីសុខក្សេម ក៏ឥតមានសល់ដានជាទីសំគាល់មានប្រការយ់ាងនោះឯង ។
ប្រសិនបើនឹងអធិប្បាយក្នុងទីនេះ អំពីប្រស្នានឹងវិសជ្ជនារបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនឹងវច្ឆគោត្ត អំពីរឿងដដែលនេះឃើញថា ប្រហែលមិនជាទាស់នឹងទំនងលំអានសេចក្ដីប៉ុន្មានឡើយ ។
គ្រានោះវច្ឆគោត្តតាបស បានចូលទៅកាន់សំណាក់ព្រះសព្វញ្ញូពុទ្ធហើយ ក៏ទូលសួរថា ។
បពិត្រព្រះគោតម រីភុក្ខុដែលរួចផុតអំពីចេតនាចង់កើតទៀតនោះ នៅក្នុងទីណា ។
សេចក្ដីត្រង់នេះ គឺតាបសនេះឯង ចង់សួរអំពីព្រះអរហន្ត ។
ព្រះសម្មាសម្ពុទ្ធតបប្រស្នាវិញថា ម្នាលវច្ឆ ក្នុងស្ថាននេះនឹងថាលោកវឹលមកកើតវិញក៏មិន ត្រូវ ។
បពិត្រព្រះគោតម បើដូច្នោះមានតែលោកត្រឡប់កើតផងមិនត្រឡប់កើតផងជាមួយគ្នាឬអ្វី ។
ម្នាលវច្ឆ នឹងថាត្រឡប់កើតផងមិនត្រឡប់កើតផងតែម្ដងជាមួយគ្នាក៏មិនត្រូវ ។
បពិត្រព្រះគោតម បើដូច្នេះមានតែលោកមិនវិលកើតផងនឹងមិនវិលកើតផងឬអ្វី ។
ម្នាលវច្ឆ ដែលថា លោកមិនវិលកើតផង នឹងមិនវិលកលតផងនោះមិនត្រូវឡើយ ។
ឯវច្ឆតាបស ដោយវិលវល់ទាល់ប្រាជ្ញានឹងពាក្យដែលគ្មានន័យដូច្នេះក៏ពោលឡើងថា ។
បពិត្រព្រះគោតម រឿងនេះខ្ញុំមិនដឹងពិចារណាដូចម្ដេចឡើយ ហើយខ្ញុំវិលវល់ពន់ពេកណាស់ ។
ម្នាលវច្ឆ ចូលអ្នកឈប់សិន កុំអាលតាំងចិត្តស្មោះ ថាមិនដឹងគិតដូច្ដេច ហើយកុំអាលវិលវល់នឹងរឿងនេះពេក នែវច្ឆព្រះធម៌នេះជ្រាលជ្រៅណាស់ មានអាថ៌កំបាំងហើយលំបាកនឹងយល់តែមានរសពិសារណាស់ មានតែមនុស្សដែលមានប្រាជ្ញាស្មារតីវៀងវៃល្អិត ទើបនឹងអាចចាប់បាន ហើយជាធម៌យ៉ាងលំបាកបំផុតដល់អ្នកដែលនឹងរៀន ព្រោះខ្លួនអ្នកជាពួកផ្សេង ខ្លួនអ្នកមានជំនឿផ្សេង មាននវិន័យផស្េង ហើយអង្គុយនៅជើងគ្រូផ្សេង ។
ដោយហេតុនេះ វច្ឆ ខ្ញុំតថាគតសូមសួរអ្នកបន្ដិច ចូលអ្នកឆ្លើយតាមសេចក្ដីយល់ឃើញរបស់អ្នក ឧបមាដូចជាមានភ្លើងកំពុថឆេះចំពោះមុខអ្នក តើអ្នកដឹងបាន យល់បានថាភ្លើងឆេះចំពោះមុខអ្នកឬទេ ក្នុងស្ថាននេះតើអ្នកគិតដូច្ដេច ។
បពិត្រព្រះគោតម ប្រសិនបើមានភ្លើងឆេះចំពោះមុខខ្ញុំៗ នឹងដឹងបាន ។
ប៉ុន្តែ ប្រសិនបើមានគេសួរអ្នកថា ភ្លើងដែលឆេះចំពោះមុខ នោះអាស្រ័យដោយអ្វី នោះតើអ្នកឆ្លើយដូចម្ដេច វច្ឆ ។
បពិត្រព្រះគោតម បើមានគេសួរដូច្នេះ ខ្ញុំនឹងឆ្លើយថាភ្លើងដែលឆេះចំពោះមុខខ្ញុំនេះ អាស្រ័យដោយការបង្កាត់អុសនឹងស្មៅ ។
ម្នាលវច្ឆ ចុះប្រសិនបើភ្លើងដែលឆេះនៅចំពោះមុខខ្លួននេះរលត់ទៅវិញ តើអ្នកដឹងថាភ្លើងនោះរលត់ឬទេ ។
បពិត្រព្រះគោតម ប្រសិនបើភ្លើងដែលឆេះនៅមុខខ្ញុំនេះ រលត់ទៅ ខ្ញុំដឹងបានថាភ្លើងនោះរលត់ ។
ម្នាលវច្ឆ ចុះប្រសិនបើមានគេដណ្ដឹងសួរអ្នកថា ចុះភ្លើងដែលរលត់ទៅនោះទៅកាន់ណា ទៅខាងកើត ខាងលិច ខាងជើង ឬខាងត្បូង តើក្នុងប្រស្នានេះអ្នកនឹងឆ្លើយប្រាប់គេដូចម្ដេច ។
បពិត្រព្រះគោតម ឯប្រស្នានេះ នឹងយកមកតម្រូវលើរូបសេចក្ដីនេះមិនបានឡើយ ព្រោះថាភ្លើងដែលអាស្រ័យនឹងគ្រឿងបង្កាត់របស់ស្មៅនឹងអុស តែកាលណាអុសនឹងស្មៅនេះសុសអស់ហើយ នឹងមានភ្លើងថ្មីពីណាមកបាន ហើយដោយគ្មានគ្រឿងបង្កាត់ដូច្នេះ ក៏ភ្លើងនោះហៅថាភ្លើងរលត់ ។
ម្នាលវច្ឆ រូបខន្ធ វេទនាខន្ធ សញ្ញាខន្ធ សំខារខន្ធ និងវិញ្ញាណខន្ធ ដែលបោះបងើចោលហើយ ដែលកាត់ឫសកែវចោលហើយដោយមិនមានជីវិតមិនមានជំនាញ ដែលនឹងអាចប្រាកដឡើងបានក្នុងអនាគតកាល ព្រះអរហន្តដែលលោករួចស្រឡះពីគំនរធាតុទាំង ៥ នោះមានសភាពជ្រៅណាស់នឹងគណនាពុំបានមានគួរនាដូចជាមហាសមុទ្រដូច្នោះឯង ក្នុងស្ថាននេះនឹងពោលថា ព្រះអរហន្តនោះលោកចាប់កំណើតឡើងវិញជាថ្មីក៏មិនត្រូវថាលោកមិនយកកំណើតវិញក៏មិនត្រូវ ។
ថាលោកមិនយកកំណើតថ្មីទៀត ឬមិនយកកំណើយទៀត ក៏មិនត្រូវឡើយ ។
គេមិនអាចនឹងនិយាយបានថា ព្រះអរហន្តយកកំណើតទៀតឡើយ ដោយអំណាចលោកបានកំចាត់នូវសេចក្ដីប្រាថ្នានឹងរស ឬសេចក្ដីចំណង់នឹងរសជាជ្រះស្រឡះហើយ ហើយមិនអាចនឹងពោលបានឡើយថា ព្រះអរហន្តលោកបំផ្លាញទំលាយខន្ធបានផង ព្រោះលោកគ្មានអ្វីនឹងបំផ្លាញទំលាយឡើយ ។
តាមន័យយ៉ាងជំនាញរបស់ធម៌នោះឃើញថា ព្រះពុទ្ធសាសនា មិនប្រកែកដាច់ស្មោះថា គ្មានអត្តភាពនោះឡើយ គឺគ្រាន់តែពន្យល់ថា មិនមែនជាវត្ថុដែលនៅទៀងជាដាច់ខាតនោះទេ ពាក្យរបស់ពញរះពុទ្ធសាសនា ដែលហៅទៅលើលក្ខណរបស់បុគ្គលគឺ ( សន្ដាន ) គឺជារលក ១ ឬទន្លេ ១ ពាក្យដែលហៅនេះដោយទាំងធាតុវិញ្ញាណនិងធាតុរូបទៅផង មានកម្លាំងម្យ៉ាងផ្សេងហៅថា កម្មសម្រាប់ចងនូវធាតុទាំងឡាយឲ្យជាប់ជាមួយគ្នារលកនៃធាតុដែលផ្សំជាមួយគ្នា មិនកំនត់ត្រឹមជាតិបច្ចុប្បន្ននេះ ប៉ុន្តែមានឫសកែវនៅក្នុងជាតិមុនៗ ដែលកន្លងទៅហើយ ហើយជាប់តៗ មកក្នុងអនាគត នេះជាចំណែកវិធីខាងព្រះពុទ្ធសាសនាដែលជំទាស់ផ្ទុយគ្នា នឹងព្រលឹង ឬឥន្រ្ទិយ៍ របស់វិធីសាសនាផ្សេងៗ ដទៃ ឃើញថាតាមលំអានព្រះពុទ្ធសាសនានោះ មានខ្សែធម្មតា ១ ឬកម្លាំងធម្មតា១ បើដូច្នេះគេអាចនឹងវិនិច្ឆ័យសេចក្ដីដោយម៉ត់ចត់ថា ព្រះនិព្វាននោះជាសេចក្ដីឈប់នៃខ្សែនេះដោយដាច់ខាត ប៉ុន្តែសភាពនៃសេចក្ដីបរមសុខដែលនៅជានាងនាយនោះ នឹងមានពាក្យណាមួយពោលឲ្យចំក៏ឥតអង្គឺមាន ។

( សម្ដែងមកតាមសេចក្ដីអធិប្បាយរបស់ភិក្ខុ នារទ ចប់តែត្រឹមនេះ )
No comments:
Post a Comment