Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Saturday, January 19, 2013

តួនាទីមិត្តល្អ៥យ៉ាង


តួនាទីមិត្តល្អ៥យ៉ាង
          ទី១ ឲ្យដែលអ្វីដែលគួរឲ្យដល់មិត្តសម្លាញ់ ។ មិត្តល្អគប្បីសិក្សាថា អាត្មាអញត្រូវធ្វើទានគឺអ្វីដែលគួរធ្វើ ឲ្យដល់មិត្តសម្លាញ់។ បុគ្គល ដែលបានលះបង់នូវទ្រព្យសម្បត្តិទំនុកបម្រុងអ្នកដទៃ ហ៊ានបែងចែកសេចក្តីសុខសប្បាយ​​ផ្លូវ កាយដល់អ្នកដទៃបាន រមែងទទួលបាននូវការលើកតម្កើង និងការរាប់អានពីបុគ្គលទូទៅច្រើនប៉ុណ្ណា បុគ្គលដែលបានបង្ករសេចក្តីទុក្ខលំបាកដល់អ្នកដទៃដើម្បីប្រយោជន៍​​​សុខខ្លួនឯ​ងក៏រមែងទទួលបានការតិះដៀល និងការរង្កៀសចិត្តអំពីអ្នកដទៃទូទៅ​​ច្រើនប៉ុណ្ណោះដូចគ្នាដែរ។
          ចំពោះសត្វលោក ពិតមែនតែមិនអាចជ្រើសរើសកំណើតឲ្យខ្លួនឯងបាន ប៉ុន្តែបានកើត ជាមនុស្សហើយ យើងអាចជ្រើសរើសផ្លូវដើរដោយខ្លួនឯងបាន គឺគេចចៀសវាងឲ្យផុត​​ពីផ្លូវ​ មានបន្លា ផ្លូវចោរ ផ្លូវសត្វសាហាវ ពោលគឺផ្លូវអកុសល បែរមករកផ្លូវកុសលជាផ្លូវស្អាត ផ្លូវគ្មាន ភ័យអំពីអ្វីៗ ជាផ្លូវនាំឲ្យបានដល់ទីបំផុតទុក្ខ។ ការធ្វើទានគឺជាផ្លូវសង្គ្រោះមួយដ៏ប្រសើរក្រៃ លែងជាស្បៀងក្នុងការដើរផ្លូវឆ្ងាយ។
          ទី២ មិត្តល្អគប្បីសិក្សាថា អាត្មាអញគប្បីនិយាយពិរោះ មិនទ្រគោះគម្រោះគម្រើយទៅរកមិត្តសម្លាញ់ខ្លួនឡើយ។ សេចក្តីចម្រើនយ៉ាងពិតប្រាកដនៅក្នុងជីវិតមនុស្សយើង គឺសេចក្តីចម្រើន​ផ្នែកកុសលធម៌ អ្នកចម្រើនដោយគុណធម៌ ឈ្មោះថាជាអ្នកទំនុកបម្រុងព្រះពុទ្ធ សាសនាធ្វើឲ្យចម្រើនលូតលាស់ក្នុងសន្តានចិត្តរបស់ខ្លួន។
          សេចក្តីចម្រើននៃព្រះពុទ្ធសាសនាពិតប្រាកដ គឺសេចក្តីចម្រើនផ្លូវចិត្តនៃពុទ្ធបរិស័ទ ហ្នឹងឯង ចិត្តរបស់ពុទ្ធបរិស័ទនឹងចម្រើនរុងរឿងនោះ ក៏អាស្រ័យនិងព្រះធម៌ក្នុងសាសនាជា គ្រឿងចិញ្ចឹមបីបា​​ច់រក្សាជានិច្ចកាល ដូចទារកតូចអាស្រ័យនឹងទឹកដោះម្តាយដែរ គឺថាបើ​​យើងយកសីលធម៌ព្រះពុទ្ធសាសនាមកធ្វើជាអាហារ ជគ្រឿងបីបាច់រក្សាខ្លួន ចិត្តរបស់មនុស្សក៏នឹង ចម្រើនដោយសេចក្តីស្អាត ចម្រើនដោយពន្លឺភ្លឺស្វាង និងចម្រើនដោយសេចក្តីស្ងប់។ វាចាដ៏ពិរោះគួរដល់សង្គ្រោះចិត្ត គឺជាវាចាររបស់អ្នកដែលមានចិត្តស្អាត ចិត្តភ្លឺស្វាង ចិត្តស្ងប់។​
          ទី៣ មិត្តល្អគប្បីសិក្សាថា អាត្មាអញត្រូវធ្វើប្រយោជន៍ដល់មិត្ត។ ការមិនបៀតបៀនគ្នា គឺជាការមិនបៀតបៀនទាំងខ្លួនឯង ទាំងអ្នកដទៃជាហេតុនៃសេចក្តីសុខ ចំណែកការបៀត​​បៀនគ្នាជាហេតុនៃការភ័យខ្លាច មិនស្ងប់ក្នុងជីវិត ព្រោះអាស្រ័យនូវបុគ្គលអ្នកប្រថ្នាឲ្យការរស់នៅមានសេចក្តីប្រសើរ ត្រូវកុំធ្វើអំពើបៀតបៀនផ្សេងៗ កុំព្យាបាទ ហើយត្រូវរក្សា​​ខ្លួនដោយស្មារតី ត្រេកអរក្នុងសេចក្តីមិនប្រមាថ។
          ការបៀតបៀនខ្លួនឯងដោយការប្រព្រឹត្តអំពើអបាយមុខដូចជាការលេងស្រី បរិភោគទឹកស្រវឹង ប្រព្រឹត្តល្បែងស៊ីសង និងខ្ជិលជាដើម ទោះមិនបានបៀតបៀន​អ្នកដទៃដោយផ្ទាល់ក៏ដោយ តែវាបានបៀតបៀនដោយផ្ទាល់ឬដោយប្រយោល ដូចជាការធ្វើឲ្យទន់ខ្សោយ​​ស្មារតី សង្គមមិនចម្រើនលូតលាស់ បញ្ចុះតម្លៃវង្សត្រកូលក្រុមគ្រួសាររបស់ខ្លួន មានវិវាទ​​ញឹកញាប់ រវាងប្តីប្រពន្ធជាដើម ស្រែកឡូឡារំខានអ្នកជិតខាងព្រោះហេតុដូច្នេះ ដើម្បីឲ្យ​​បានជាមនុស្ស ល្អ មិត្តល្អត្រូវប្រព្រឹត្តអំពើជាប្រយោជន៍ផ្ទុយអំពីការបៀតបៀននេះ គឺជា
មង្គលដ៏ឧត្តម។
ទី៤ មិត្តល្អគប្បីសិក្សាថា អាត្មាអញត្រូវសង្គ្រោះមិត្តសម្លាញ់ដោយមិនលើកតម្កើងខ្លួន គឺត្រូវ ធ្វើជាមនុស្សប្រកបដោយចរិយាមាយាទថ្លៃថ្នូរ។ ជីវិតសព្វថ្ងៃមានសេចក្កីដឹងខ្លួន ដឹង​​អារម្មណ៍ ដឹងរឿងគឺជានាទីនៃសភាវធម៌ពិតម្យ៉ាង បានដល់វិថីចិត្តដែលប្រព្រឹត្តតគ្នាមិនដាច់ ពាក្យថា ប្រព្រឹត្តតគ្នាមិនដាច់ គឺជាវិថីចិត្តតាមទ្វារណាមួយ ក្នុងទ្វារ៦កើតឡើងហើយរលត់​​ក្នុងវិថីចិត្ត ក្នុងទ្វាដទៃកើតឡើងជាថ្មីបន្តអំពីវិថីចិត្តមុនមានការកើតរលត់បន្តគ្នារហូត។ ពុទ្ធបរិស័ទត្រូវ ដឹងថាអ្វីជាជីវិត អ្វីជាការកើតរស់ជីវិតមិនទៀងយ៉ាងណា លោកបែកធ្លាយយ៉ាង​​ម៉េចទើបរំលត់ ឬកាត់បន្ថយនៃការប្រកាន់នៃមិត្តសម្លាញ់ព្រោះជាអ្នកមិនប្រកាន់ខ្លួន
ទី៥ មិត្តល្អគប្បីសិក្សាថា​ អាត្មាអញមិននិយាយបោកបញ្ឆោត ដោយការនិយាយ
កុហក់ ឲ្យ ខុសអំពីសេចក្តីពិតដល់មិត្តសម្លាញ់ឡើយ។ វាចាមាន៣យ៉ាងគឺ វាចាលាមក១ វាចាផ្កា១ វាចា ទឹកឃ្មុំ១។ វាចាលាមកបានដល់ការនិយាយកុហក់ វាចាផ្កាបានដល់ការមិននិយាយ​​កុហក់ វាចាទឹកឃ្មុំបានដល់ការនិយាយពិរោះមានប្រយោជន៍។ ដូច្នេះមនុស្សល្អគប្បី​​សិក្សាថា អាត្មា អញមិនគួរពោលពាក្យកុហក់ឡើយ។ មនុស្សនិយាយកុហក់ ជាអ្នកខ្វះគុណធម៌​ ជាបុថុជ្ជនអន់ ។ ឈើអណ្តែតទឹកប្រសើរជាងមនុស្សនិយាយកុហក់ ប្រសើរជាងមនុស្ស​​គ្មាន​​គុណធម៌ទាំង ឡាយ។

No comments:

Post a Comment