សម្មទិដ្ឋិកថា
ព្រះអាចារ្យ អាំ-សាម៉ុល វត្តមហាមន្រ្ដី ភ្នំពេញ
ទេសនាដាក់វិទ្យុឃោសនសព្ទនៃប្រទេសកម្ពុជា កាលពីថ្ងៃ ១៥ រោច ខែកត្ដិកឆ្នាំកុរនព្ធស័ក
ព.ស. ២៤៩០ ត្រូវនឹងថ្ងៃ ១២ ធ្នូ ឆ្នាំ ១៩៤៧
ព្រះអាចារ្យ អាំ-សាម៉ុល វត្តមហាមន្រ្ដី ភ្នំពេញ
ទេសនាដាក់វិទ្យុឃោសនសព្ទនៃប្រទេសកម្ពុជា កាលពីថ្ងៃ ១៥ រោច ខែកត្ដិកឆ្នាំកុរនព្ធស័ក
ព.ស. ២៤៩០ ត្រូវនឹងថ្ងៃ ១២ ធ្នូ ឆ្នាំ ១៩៤៧
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ចំពោះព្រះអរហំសម្មាសម្ពុទ្ធជាម្ចាស់ ព្រមទាំងព្រះសទ្ធម្មនឹងព្រះសង្ឃ ដោយសេចក្ដីគោរព ។
ពេលនេះ អាត្មាភាពត្រូវវេនសំដែងធម្មទេសនាផ្សាយតាមវិទ្យុស័ព្ទអាត្មាភាពនឹងសំដែងអំពី សម្មាទិដ្ឋិ គឺអង្គទី១ ក្នុងអដ្ឋង្គិកមគ្គ ដើម្បីចែកជូនពុទ្ធសាសនិកជន ដូចតទៅនេះ ៖
ទិដ្ឋិ ប្រែថា "សេចក្ដីយល់ឃើញ", សម្មា ប្រែថា "ប្រពៃ, ត្រូវ" សម្មាទិដ្ឋិ ប្រែថា "សេចក្ដីយល់ឃើញត្រូវ, យល់ឃើញប្រពៃ" ។ សម្មាទិដ្ឋិនោះ បានខាងបញ្ញា ដែលជាសោភនចេតសិកដ៏ក្លាហានតោងយកព្រះនិញ្វនមកជាអារម្មណ៍ ដឹងច្បាស់ក្នុងអរិយសច្ចទាំង៤ មានទុក្ខសច្ចជាដើម ហើយប្រតិបត្តិជីកគាស់រំលើងបង់នូវអវិជ្ជានឹងតណ្ហាឲ្យអស់ទៅ ។ សម្មាទិដ្ឋិនេះជាគូសត្រូវ ឬជាទំនាស់អវិជ្ជានឹងតណ្ហាឲ្យអស់ទៅ ។ សម្មាទិដ្ឋិនេះជាគូសត្រូវ ឬជាទំនាស់នឹងមិច្ឆាទិដ្ឋិ ។ ឯមិច្ឆាទិដ្ឋិ ប្រែថា "សេចក្ដីយល់ឃើញខុស, ពុំឃើញប្រពៃ" ។ ដែលពុំឃើញប្រពៃដូច្នេះតើមកអំពីអ្វី? គឺមកតែអំពីអវិជ្ជា។ ឯសម្មាទិដ្ឋិ ដែលថាយល់ឃើញត្រូវនោះ ព្រោះមានវិជ្ជា ។
ចុះអវិជ្ជាជាឈ្មោះរបស់អ្វី? វិជ្ជាជាឈ្មោះរបស់អ្វី? ទោសនឹងអានិសង្សរបស់អវិជ្ជានឹងវិជ្ជានោះដូចម្តេច?
អវិជ្ជាជាឈ្មោះរបស់សេចក្ដីមិនចេះដឹង, សេចក្ដីមិនចេះមិនដឹងហៅថា សេចក្ដីល្ងង់, បើមិនចេះអក្សរនឹងលេខ ហៅថា ល្ងង់ក្នុងអក្សរនឹងលេខ, មិនចេះធ្វើការណា ហៅថា ល្ងង់ក្នុងការនោះ, បើមិនចេះគិតហៅថា ល្ងង់ក្នុងការគិត, អ្នកណាមានសេចក្ដីល្ងង់ អ្នកនោះឈ្មោះថាមនុស្សឥតមានចំណេះវិជ្ជា, អ្នកណាឥតមានចំណេះវិជ្ជា អ្នកនោះឈ្មោះថាមនុស្សល្ងង់ៗ នោះបើនឹងធ្វើការអ្វី ការនោះច្រើនតែមិនកើត បើទុកជាកើតក៏ច្រើនតែមិនល្អ, បើនឹងនិយាយពាក្យណា ពាក្យនោះច្រើនមិនប្រាកដ, បើនឹងគិតហេតុណា ហេតុនោះមិនចេញមកសំដែងឲ្យប្រាកដថាខុស ឬត្រូវបានទេ ។ មនុស្សល្ងង់ឧបមាដូចមនុស្សខ្វាក់ ធម្មតាមនុស្សខ្វាក់កម្រនឹងដើរតាមផ្លូវត្រង់នឹងរហ័សឆាប់បានឡើយ ព្រោះមានសេចក្ដីញញើតញញើមរួញរាស្ទាក់ស្ទើរក្នុងចិត្តជានិច្ច ម្ល៉ោះហើយសេចក្ដីមិនប្រាកដក្នុងចិត្តនោះ ធ្វើដំណើរមិនឲ្យប្រាកដថាទៅមុខ ឬទៅខាង ច្រើនទីសទាសដូចគ្នានឹងមនុស្សល្ងង់ បើនឹងធ្វើ ឬនិយាយ ឬគិត ក៏ឥតមានប្រាកដក្នុងចិត្ត, សេចក្ដីមិនប្រាកដនេះឯង មិនអាចនឹងធ្វើប្រយោជន៍ដែលខ្លួនត្រូវការឲ្យសម្រេចបានឡើយ ។
មានពុទ្ធភាសិតមួយកន្លែងសំដែងថាៈ មោហៈគឺសេចក្ដីល្ងង់ បើមានច្រើនក្នុងសន្ដានចិត្តអ្នកណាមួយហើយ អាចនឹងធ្វើអ្នកនោះមិនឲ្យស្គាល់សេចក្ដីអាក្រក់ល្អនឹងការខុសត្រូវបានឡើយ ។
មានសុភាសិតមួយបទទៀតសំដែងថា៖
វិជ្ជាវិសេសលើសទ្រព្យធន ចោរមិនអាច់ប្លន់ឆក់លួចបាន
វិជ្ជាគ្មានថ្លៃនឹងប្រមាណ ប្រើចេះតែបានគ្រប់វេលា ។
បណ្ដាទ្រព្យសម្បត្តិទាំងអស់ដែល មានក្នុងលោកនេះ ទោះជារបស់ឥតវិញ្ញាណដូចយ៉ាងលុយកាក់ប្រាក់កាសកែវកងជាដើមក្ដី ទោះជារបស់មានវិញ្ញាណដូចយ៉ាងខ្ញុំកំដរប្រសុស្រីគោក្របីសេះដំរីជាដើមក្ដីវិជ្ជាចំណេះការចេះដឹងក្នុងអក្សរ ក្នុងលេខនព្វន្ដគុណហា ក្នុងភាសាជនជាតិតាងប្រទេសផ្សេងៗ ក្នុងការគូរវាសឆ្លាក់ក្បូរក្បាច់រចនា ចំណេះវិជ្ជាខាងហត្ថកម្មកសិកម្មវណីជ្ជកម្មជាដើមនេះឯង ប្រសើវិសេសថ្លៃថ្លាជាងទ្រព្យសម្បត្តិគ្រប់មុខ ដែលជាទ្រព្យឥតវិញ្ញាណមានវិញ្ញាណនោះវិញ ព្រោះថាទ្រព្យសម្បត្តិទាំងនោះ មិនជារបស់មានខ្លឹមសារឋិតថេរយូរប៉ុន្មាន គង់មានវិនាសទៅដោយភ័យច្រើនប្រការ ដូចយ៉ាងភ័យអំពីចោរលួចប្លន់ឆក់ដណ្ដើម, ភ័យអំពីភ្លើងឆេះផ្ទះសម្បែង, ភ័យអំពីទឹកលិច, ឬវិនាសទៅដោយល្បែងបៀប៉ោជាដើម ។ ឯចំណេះវិជ្ជានេះ ផុតស្រឡះអំពីភ័យទាំងឡាយមានចោរភ័យជាដើមនោះ គឺថាភ័យទាំងឡាយមានចោរភ័យជាដើមនោះ មិនអាចនឹងបៀតបៀនចំណេះវិជ្ជា ដោយការលួចប្លន់ឆក់ដណ្ដើម កំហែងគម្រាមម្ចាស់ចំណេះវិជ្ជានោះបានឡើយ ដោយហេតុនេះហើយបានជាពោលថា ចំណេះវិជ្ជានោះវិសេសថ្លៃថ្លាជាងទ្រព្យសម្បត្តិទាំងអស់ ។
ម្យ៉ាងទៀត ចំណេះវិជ្ជានេះ នឹងកាត់ថ្លៃថាមានដំឡៃប៉ុណ្ណេះ ប៉ុណ្ណោះមិនទាំងបានផង, ព្រោះថាជនណាមួយជាអ្នកមានទ្រព្យសម្បត្តិធនធានច្រើន តែជាអ្នកខ្ជិលច្រអូសក្នុងការរៀនសូត្រ ?ជននោះបង់បានចំណេះវិជ្ជាហើយយកប្រាក់កាសមានចំនួនច្រើនពាន់ច្រើនហ្មឺន ទៅដូរឬទិញចំណេះវិជ្ជានោះអំពីអ្នកណាមួយ ហើយប៉ងនឹងធ្វើចំណេះវិជ្ជានោះឲ្យរត់ចូលទៅក្នុងមាត់ឬក្នុងចំពោះ ដោយមិនបាច់រៀនសូត្រនោះមិនបានឡើយ កុំថាតែគ្រូឬអ្នកមានចំណេះវិជ្ជានោះ នៅជាបុថុជ្ជនដូចយ៉ាងយើងរាល់រូបឡើយ សូម្បីតែព្រះលោកនាថជាម្ចាស់ ដែលព្រះអង្គជាឯកអគ្គបុគ្គលជាឆ្នើមជន ជាអង្គអរហន្ដយ៉ាងថ្លៃថ្លា វិសេសទាំងអម្បាលហ្នឹង ក៏ព្រះអង្គមិនអាចនឹងចាប់ទាញចំណេះវិជ្ជាជាលោកិយឬលោកុត្តរៈ ច្រកបញ្ចូលឲ្យចូលទៅក្នុងមាត់ឬក្នុងពោះនៃមនុស្សខ្ជិលនោះបានទេ កុំថាដល់ទៅចំណេះវិជ្ជាដែលធំៗ ដែលថ្លៃថ្លានោះឡើយ សូម្បីតែកំទេចកំទីចំណេះវិជ្ជា ។ ដោយហេតុនេះហើយបានជាចំណេះវិជ្ជាកាត់ថ្លៃមិនបាន ។ ម្យ៉ាងទៀត ទ្រព្យសម្បត្តិទាំងពួងប្រើចេះតែអស់ទៅៗតិចទៅៗ, បើមិនខំរកថែមទៀត បានតែខាងចាយយ៉ាងនោះ ក៏មុខជាខានប្រើប្រាស់ ។ ឯចំណេះវិច្ជាវិញមិនដូច្នោះទេ ប្រើច្រើនទៅក៏រឹងរឹតតែចំរើនឡើងៗ មិនចេះថយ មិនចេះស្រក មិនចេះអស់, ដូចអ្នកចេះចំណេះវិជ្ជាខាងច្បាប់ទម្លាប់, អ្នកនោះ បើបានទៅសំដែងប្រាប់ឬពន្យល់អ្នកណា ឬទៅបង្រៀនគេហើយ ច្បាប់ទម្លាប់នោះ ក៏រឹងរឹតតែចាំស្ទាត់ប្រាកដឡើង រឹងរឹតតែបែកព្រោងព្រាតឡើង, ឬក៏ដូចជាអ្នកចវអកស្រកាព្យឃ្លោង, អ្នកនោះបើបានសំដែងប្រាប់ពន្យល់ ឬតែងញឹកញយហើយ អក្សរនឹងកាព្យឃ្លោងនោះ ក៏រឹងរឹតតែស្ទាត់ជំនាញសរសេររហ័សរហួន ឯកាព្យឃ្លោងកាន់តែពីរោះឡើងៗ បែកឡើងៗ លែងចាំបាច់នឹកនា គ្រាន់តែថាបានៗ ។ ដោយហេតុនេះហើយបានជាថា ចំណេះវិជ្ជាប្រើមិនចេះអស់ទេ ចេះតែចំរើនទៅខាងមុខជានិច្ច ។
មិនតែប៉ុណ្ណេះ ចំណេះវិជ្ជាអាចផ្ដល់ប្រយោជន៍ឲ្យគ្រប់ពេលវេលាដោយហេតុនេះហើយ បានជាថាចំណេះវិជ្ជានេះជាមិត្តទីមួយ របស់មនុស្សប្រុសស្រី ។ មួយវិញទៀត ចំណេះវិជ្ជាអាចនឹងធ្វើអ្នកទ្រទ្រង់ ឲ្យគេកោតខ្លាចគោរពប្រណិប័តន៍ គឺថាជនណាមួយដែលមានពូជពង្សថោកទាប ឬមានរូបវិកលវិការៈយ៉ាងណាក៏ដោយ បើមានចំណេះវិជ្ជាចេះជ្រៅជ្រះក្បោះក្បាយហើយ ជននោះបើទៅក្នុងទីណាមួយចំណេះវិជ្ជានេះ ក៏ហាក់ដូចជាទៅចាប់ទាញមនុស្សប្រុសស្រី ឲ្យក្រោកចាកទីកន្ែលងឡើង គោរលពប្រណិប័តន៍កោតក្រែងចំពោះជននោះឯង ។
ម្យ៉ាងទៀតចំណេះវិជ្ជានេះ អាចនឹងធ្វើមនុស្សម្នាក់ឲ្យមានដំឡៃស្មើនឹងមនុស្សមួយពាន់នាក់មួយហ្មឺននាក់ ឬច្រើនជាងនេះទៅទៀត សេចក្ដីនេះយ៉ាងណា ? ថាដូចជាអ្នកណាមួយ ដែលគេចេះចំណេះផ្លូវលោកផ្លូវធម៌សព្វគ្រប់គ្មានចន្លោះ ព្រមទាំងចំណេះវិជ្ជាសម្រាប់ស្រុកទេសរបស់ខ្លួន នឹងចំណេះវិជ្ជាសម្រាប់តាងប្រទេសផ្សេងៗ ហើយអ្នកនោះក៏បានទទួលនូវឥស្សរភាពជាធំ បើប្រសិនជាមានកំហុសអ្វីគួរដល់បព្វាជនីយកម្មក្ដី គួរផ្ដាច់បង់ជីវិតក្ដី មនុស្សប្រុសស្រីទាំងឡាយ ទាំងពាន់ហ្មឺននាក់គួរប្រថុយជីវិតប្ដូរជំនួសមនុស្សម្នាក់នេះដែរ នេះដោយហេតុអ្វី? ក៏ដោយហេតុតែចំណេះវិជ្ជានេះហើយ ដែលជាមនុស្សម្នាក់ឲ្យមានដំឡៃ ប្រហែលនឹងមនុស្សទាំងពាន់ទាំងហ្មឺននាក់នេះឯង គួរឲ្យអស្ចារ្យណាស់ហ្ន៎! ចំណេះវិជ្ជានេះមានគុណប្រយោជន៍ច្រើនប្រការណាស់ ដោយហេតុនេះហើយគួរតែសាធុជនប្រុសស្រីក្មេងចាស់គ្រហស្ថបព្វជិត ខំស្វះស្វែងរករៀនចំណេះវិជ្ជាផ្លូវលោកផ្លូវធម៌ ឲ្យបានចេះដឹងគ្រប់ៗ គ្នាឡើង កុំគប្បីធ្វេសប្រហែសឡើយ ។
ម្យ៉ាងទៀតអ្នកដែលមានកូន ត្រូវរំឭកដាស់តឿនកូនឲ្យរៀនចំណេះវិជ្ជា ឲ្យបានចេះដឹងឡើង ព្រោះកូនដែលគ្មានចំណេះវិជ្ជា ជាមនុស្សល្ងង់មិនប្រព្រឹត្តតាមច្បាប់ នឹងមានប្រយោជន៍អ្វីដោយសារកូនដូច្នោះប្រៀបឧបមាដូចភ្នែកខ្វាក់ នឹងមានប្រយោជន៍អ្វីដោយភ្នែកខ្វាក់នោះមានតែសេចក្ដីអផ្សុកព្រួយចិត្ដតែម្យ៉ាង ។
កូនមាន៣ គឺកូនដែលមិនទាន់កើត១, កូនដែលកើតហើយស្លាប់បាត់ទៅវិញ១, កូនដែលកើតហើយនៅរស់ តែជាមនុស្សល្ងង់ខ្លៅ១, បណ្ដាកូនទាំង៣នេះ គួរយកកូន២ខាងដើម ព្រោះថាបើមានទុក្ខព្រួយក៏មានតែមួយលើកក៏បាត់ទៅ, ឯកូនមួយទីបំផុតនោះមិនគួរយកឡើយព្រោះកូននោះនឹងនាំបណ្ដាល ឲ្យមានសេចក្ដីទុក្ខព្រួយជានិច្ច ។
ក្នុងគម្ពីរលោកនីតិបករណៈសំដែងថា៖
មានកូនមិនឲ្យកូនសូត្ររៀន ចំណេះរបៀនការនានា
មាតាលោកថាជាវេរា បិតាទុកជាសត្រូវធំ ។
កូនពេញរូបពាសពត់មិនឡើង ហៅថាមិនថ្កើងក្នុងជំនុំ
ប្រៀបដូចកុកគ្រោងចូលទ្រនំ កណ្ដាលជំនុំនៃរាជហង្ស ។
ដែលនាសុភាសិតខ្លះមកទុកក្នុងទីនេះ ដើម្បីឲ្យឃើញថា សេចក្ដីល្ងង់នេះ បើកើតមានដល់អ្នកណាហើយ នឹងត្រឡប់ទៅជាទោស ធ្វើអ្នកនោះឲ្យបានដល់នូវសេចក្ដីមិនចំរើន នឹងទន់ទាបថយថោក តាំងពីជាតិនេះដរាបដល់ជាតិខាងមុខ ។ ឯទោសនៃសេចក្ដីល្ងង់ដែលនឹងឃើញក្នុងជាតិនេះ ដូច្នេះ៖
១- បើល្ងង់ក្នុងវិធីអក្សរ គឺមិនចេះសរសេរ មិនចេះមើល នឹងនាំឲ្យខាតបង់នូវប្រយោជន៍ដូច្នេះ គឺមិនអាចមើលសាស្រ្ដា ឬសៀវភៅ ដែលមានច្បាប់ប្រដៅនាំឲ្យកើតគំនិតប្រាជ្ញា ឬមិនអាចសរសេរសំបុត្រកត់ហេតុណានីមួយ ដែលខ្លួនត្រូវការផ្ញើទៅញាតិមិត្តបាន ។
២- អ្នកដែលមិនមានចំណេះវិជ្ជាអ្វី បើនៅអាស្រ័យជ្រកកោនក្នុងសំណាក់អ្នកធំហើយ ចេះគោរពប្រណិប័តន៍យ៉ាងណាក៏ដោយ អ្នកធំនោះ ក៏មិនអាចលើកតំកើងអ្នកនោះ ឲ្យមានកេរ្ដិ៍ឈ្មោះយសស័ក្ដិបានឡើយ ព្រោះលោកយល់ថាជាមនុស្សល្ងង់ បើគ្រាន់បើណាស់ បានត្រឹមតែសេចក្ដីសុខជាន់ទាប់ប៉ុណ្ណោះ តែក៏គង់មិនរួចអំពីជាអ្នកបំរើគេដែរ ។
៣- មនុស្សល្ងង់នោះ បើមានយសស័ក្ដិ ដោយអំណាចព្រេងសំណាងជួយឧបត្ថម្ភ បើនិយាយការអ្វីទៅរកគេ គេពុំសូវជឿតាមពុំកោតខ្លាច ព្រោះដឹងថា ខ្លួនជាមនុស្សល្ងង់ ។
៤- មនុស្សល្ងង់ ជាមនុស្សខ្សត់មិត្តសំឡាញ់ ព្រោះគេមិនសូវត្រូវការយកខ្លួនធ្វើជាមិត្តសំឡាញ់ឡើយ ព្រោះហេតុអ្វី? ព្រោះគេដឹងថា ខ្លួនជាមនុស្សល្ងង់ បើនឹងពឹងរកយកទៅធ្វើការអ្វី ឬជួយពិគ្រោះការអ្វីក៏មិនកើតទាំងអស់ បើទុកណាជាមានមិត្តសំឡាញ់ ក៏ច្រើនតែបានមិត្តសំឡាញ់ដែលជាមនុស្សល្ងង់ដូចគ្នា ។
៥- មនុស្សល្ងង់បើជាអ្នករកស៊ី ក៏មិនអាចនឹងធ្វើសម្បត្តិ ឲ្យចំរើនដូចអ្នកដែលចេះដឹងបានឡើយ ព្រោះខ្លួនមិនស្គាល់កាលគួរនឹងកាលមិនគួរ ។
៦- មនុស្សល្ងង់មិនដែលបានសេចក្ដីសរសើរ អំពីសំណាក់អ្នកប្រាជ្ញណាមួយដល់ម្តងឡើយ បើបានសរសើរខ្លះតែអំពីសំណាក់នៃមនុស្សល្ងង់ជាងខ្លួន ។ ទោសនៃសេចក្ដីល្ងង់សង្ខេបខ្លីតែប៉ុណ្ណោះ ។
អនិសង្សនៃការចេះដឹង ដែលឃើញច្បាស់ក្នុងជាតិនេះ ដូច្នេះ៖
១- បើចេះវិធីលេខឬអក្សរ គឺចេះសរសេរឬមើល នឹងនាំឲ្យមានប្រយោជន៍ អាចមើលសាស្រ្ដាឬសៀវភៅ ដែលជាច្បាប់ប្រដៅ នាំឲ្យកើតគំនិតប្រាជ្ញា ឬអាចសរសេរសំបុត្រគត់ហេតុណានីមួយ ដែលខ្លួនត្រូវការផ្ញើទៅញាតិមិត្របាន ។
២- អ្នកដែលមានចំណេះវិជ្ជា បើនៅធ្វើការក្នុងសំណាក់អ្នកធំ ដោយយកចិត្តទុកដាក់ អ្នកធំនោះលោកនឹងស្រឡាញ់រាប់អាន ហើយអាចទំនុកបំរុងឲ្យមានកេរ្ដិ៍ឈ្មោះ យសស័ក្ដិថ្កើងថ្កានឡើងបាន ព្រោះលោកយល់ថាខ្លួនមានចំណេះវិជ្ជា ។
៣- អ្នកមានចំណេះវិជ្ជា បើជាអ្នកមានយសស័ក្ដិ ក៏មានសេចក្ដីថ្កំថ្កើងរុងរឿងក្នុងទីប្រជុំ បើនិយាយការអ្វីៗ គេក៏ជឿស្ដាប់តាម ព្រោះគេយល់ថាជាអ្នកចេះ ។
៤- អ្នកចេះ ជាមនុស្សសម្បូណ៌ទៅដោយមិត្រសំឡាញ់ ព្រោះថា អ្នកឯទៀតគេច្រើនត្រូវការយកអ្នកមានចំណេះវិជ្ជានោះ ធ្វើជាទីពឹងក្នុងពេលដែលមានកិច្ចធុរៈអ្វីៗបាន ។
៥- អ្នកចេះ បើតាំងខ្លួនជាអ្នករកស៊ីតាមធម្មតាវិញ ក៏មានសេចក្ដីចំរើនក្នុងការរកស៊ីនោះ ព្រោះជាអ្នកមានគំនិតចេះគិតស្គាល់ទំនងនៃការរកស៊ី មានស្គាល់ការគួរនឹងមិនគួរជាដើម ។
៦- អ្នកមានចំណេះវិជ្ជា រមែងបានទទួលនូវសេចក្ដីសរសើរ អំពីសំណាក់អ្នកប្រាជ្ញជារឿយៗ ។
ហេតុដូច្នេះ អស់លោកទាំងឡាយគួរខ្ពើម គួរស្អប់សេចក្ដីល្ងង់ ពុំបណ្ដោយចិត្តឲ្យសេចក្ដីល្ងង់ចូលមកលុកលុយបានឡើយ គួរតាំងសេចក្ដីព្យាយាម ប្រឹងប្រែងស្វះស្វែងរករៀនចំណេះវិជ្ជា មកទុកដាក់ក្នុងខ្លួន ដើម្បីនឹងបំបាត់បង់នូវសេចក្ដីល្ងង់ចេញបន្ដិចម្ដងៗ ជាលំដាប់តទៅ ។
វិជ្ជាជាឈ្មោះរបស់សេចក្ដីចេះដឹង បើអ្នកណាមានចំណេះវិជ្ជាហើយអ្នកនោះ រមែងបាននូវអានិសង្សដូចពណ៌នាមកនេះ ។ ហេតុដូច្នេះ ចូរពួកយុវជន យុវនារីទាំងឡាយ ខំរករៀនចំណេះវិជ្ជា ឲ្យបានចេះដឹងមាំមួន ដើម្បីនឹងជួយជ្រោមជ្រែងជាតិ សាសនា មហាក្សត្រ របស់យើងឲ្យបានថ្កុំថ្កើងរុងរឿង ឲ្យបានដើរទាន់សម័យនឹងគេឡើង ។
អាត្មាភាពសំដែងអរិយមគ្គទី១ គឺសម្មាទិដ្ឋិ ចប់ដោយសង្ខេបតែប៉ុណ្ណេះ ។
No comments:
Post a Comment