Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, September 9, 2012

ទស្សនៈរបស់ Thomas Hobbes

ទស្សនៈរបស់ Thomas Hobbes ( ១៥៨៨-១៦៧៩ នៃគ.ស.​ )

ជីវប្រវត្តិរបស់​ Thomas Hobbes


Thomas Hobbes កើតនៅថ្ងៃ​ទី ​៥ ​ខែ​មេសា ​ឆ្នាំ ​១៥៨៨ ក្នុងតំបន់ Westport សព្វថ្ងៃ គឺជាផ្នែកមួយ នៃ​ ទីក្រុង Malmesbury នៅក្នុងខេត្រ Wiltshire នៃប្រទេសអង់គ្លេស ។​ ហើយបានទទួលមរណកាលនៅ ថ្ងៃទី​ ៤​ ខែធ្នូរ ឆ្នាំ​ ១៦៧៩​ ក្នុងខេត្ត Derbyshire នៃប្រទេសអង់គ្លេស​ ក្នុងជន្មាយុ​ ៩១ ឆ្នាំ​ ។​ គាត់ជាទស្សនវិទូ​ និងជាអ្នកទ្រឹស្តី​នយោបាយ​ ជនជាតិអង់គ្លេស​ ។

Thomas Hobbes កើតមកមិនគ្រប់ខែទេ ​ពីម្តាយដែលមានភាពភ័យខ្លាច នៅពេលដែលកងនាវាចរ​ Armada របស់ស្តចអេស្ប៉ាញ​ ឈ្មោះហ្វីលីប​ទី ២ ​ប្រឆាំង នឹងប្រទេសអង់គ្លេស​ ដើម្បីទម្លាក់រាជ្យអេលិស្សាបែតទី ១​ នៅឆ្នាំ​ ១៥៨៨​​ ។ ទោះបីជាសង្រ្គាមនោះ ត្រូវចាញ់ល្បិចកលរបស់អង់គ្លេសក៏ដោយ ​ក៏ភាពភ័យខ្លាចនៅជាប់នឹង Thomas Hobbes ​ជានិច្ច​ ។ លើសពីនេះទៅទៀត​ គាត់ធ្លាប់បានឃើញ​ការកាប់សម្លាប់មនុស្ស នៅប្រទេសអង់គ្លេស ក៏ដូចជានៅប្រទេសបារាំង​ ​ដែលគាត់ធ្លាប់រស់នៅ​ ហើយគាត់តែងតែគេចវេសរត់ទៅ​ជ្រកការពារខ្លួន ចៀសចេញឲ្យឆ្ងាយពីអ្នកកាន់អំណាច​ ។ ​ពេលខ្លះគាត់និយាយកំប្លែងថា «គាត់កើតមក នាំភាពភ័យខ្លាចមកជាមួយ​»

ទស្សនៈទូទៅរបស់​ Thomas Hobbes

Thomas Hobbes ចង់ផ្តល់ឲ្យមនុស្សនូវសន្តិភាព​ ។​ សេចក្តីបា្រថ្នាតែមួយគត់របស់គាត់ គឺការចង់បានការធានា ឲ្យមានភាពសុខសាន្ត និងការរួបរួមគ្នាតែមួយ​ ។​ ប៉ុន្តែមិនមានលទ្ធភាពណាមួយ ​ដែលអាចផ្តល់នូវសន្តិភាពនេះបានទេ​ ដរាបណា នៅមានការប្រឆាំងតទល់គ្នា​ រវាងនយោបាយ​ និងសាសនា​នោះ ។ ​នាឆ្នាំ ១៦៥០​ ក្នុងប្រទេសអង់គ្លេស មានបដិវត្តិន៍​គហបតីមួយផ្ទុះឡើង​ គឺជាការរួបរួមគ្នាតស៊ូរបស់ពួកនាយទុន ​និងពួកអភិជនថ្មី ក្នុងគោលបំណងប្រឆាំង នឹងរាជានិយមផ្តាច់ការ គឺប្រឆាំងនឹងទ្រឹស្តីថា​ «អំណាចរដ្ឋកើតចេញពីអាទិទេព» ។ ​ដោយឈរលើទស្សនរូបធាតុនិយម​ ហើយបូកផ្សំ នឹងបទពិសោធន៍ ​នាសម័យសង្រ្គាមនោះ ​បានធ្វើឲ្យ​ Thomas Hobbes ក្លាយជាមនុស្សដ៏សំខាន់​ នៅក្នុងបដិវត្តិន៍គហបតី​ ។​ ដោយឃើញនូវអំពើហឹង្សា​ និងទំនាស់ឥតឈប់ឈរ ក្នុងរវាងពួកគហបតី​ និងអភិជន​ថ្មី​​​ Thomas Hobbes បានប្រឹងប្រែងរកច្រកចេញ ឲ្យផុតពីការភ័យខ្លាចរបស់គាត់​ ដោយដាក់បុគ្គលរបស់ខ្លួន​ ឲ្យស្ថិនក្រោមការគាំពារ នៃរបបផ្តាច់ការនិយម ​ដោយប្រគល់អំណាចទាំងអស់ដល់ព្រះមហាក្សត្រ ព្រោះមានតែព្រះមហាក្សត្រទេ​ ដែលធានាបាន ឲ្យមានសន្តិសុខ និងភាពសុខសាន្ត​ ។ គំនិតនេះ​ ឃើញមាននៅក្នុងស្នាដៃទីមួយរបស់គាត់​ឈ្មោះ​ « The Element of Law » សៀវភៅនេះ ​បោះពុម្ព នៅក្នុងឆ្នាំ​ ១៦៥០​

ការភ័យខ្លាច ជាកម្លាំងចលករ ​ជុំរុញឲ្យ​ Thomas Hobbes ក្លាយទៅជាអ្នករដ្ឋនិយម ​ដ៏ស្មោះត្រង់ម្នាក់​ ។​ជំរកសង្រ្គោះជីវិតគាត់ឲ្យមានភាពសុខសាន្ត ​​ត្រូវបានប្តូរ ជាមួយនឹងតួនាទី​បុគ្គលខ្លួនឯងទាំងអស់​ ប៉ុន្តែការចុះចាញ់នេះ​ មិនបានធ្វើឲ្យមូលដ្ឋានគំនិត​របស់គាត់ផ្លាស់ប្តូរទេ​ ។​ Thomas Hobbes ក៏មិនខុសពីអ្នកនិពន្ធ​ដទៃទៀត របស់សាលាច្បាប់ជាតិ​ និងសាលាច្បាប់អន្តរជាតិ​ដែរ ​គឺគាត់ខិតខំស្រាវជ្រាវ​រកឃើញមូលដ្ឋានគ្រឹះ​ របស់អំណាច​ និងល័ក្ខណ្ឌរបស់វា​ តាមការវិភាគ រកមូលហេតុដែលនាំឲ្យមនុស្សសុខចិត្ត ​សុខកាយ​ ហើយមកផ្តុំគ្នារួមរស់ជាមួយគ្នា ក្នុងសង្គម ​ដោយការធ្វើកិច្ចសន្យាសង្គម​ (Social Contract)​ ។​ Thomas Hobbes យល់ឃើញថា «​ជំរៅធម្មជាតិរបស់មនុស្ស​ គឺអត្តទត្ថភាព​ អាត្មានិយម ​មិនមានការចង់រស់នៅ ជាមួយអ្នកដទៃឡើយ​ ។ ​កាលណា មនុស្សរត់ទៅរក​កន្លែងថ្មី ដើម្បីរស់នៅក្នុងសង្គម​ គឺមិនមែនដោយសារ គេចង់បានការរីកចម្រើនលូតលាស់ របស់សង្គមនោះទេ​ តែគឺដើម្បីផលប្រយោជន៍ផ្ទាស់ខ្លួនតែប៉ុណ្ណោះ​» សង្គម កើតឡើងពីការខ្លាច​ រវាងមនុស្ស​ និងមនុស្ស​មិនមែនដោយសារការស្វាគមន៍ ​រកគ្នាទៅវិញទៅមកនោះទេ​ ។ ​សភាពធម្មជាតិ​ ដែលមនុស្សរស់នៅ​ មុននឹងមកចុះចូលរស់នៅជាមួយគ្នានេះ​ ជាសភាពមួយប្រកបដោយគ្រោះថ្នាក់​ និងការវិនាស​ ។​ បានន័យថា​​ «​មនុស្ស​ ជាឆ្កែចចក​សម្រាប់មនុស្សគ្នាឯ​ង​»​ ​គឺថា ​មនុស្ស នៅក្នុងសភាពធម្មជាតិ ​តែងច្បាំងគ្នា​ ប្រឆាំងគ្នា​ ប្រណាំងគ្នា ​ឈ្លោះគ្នា​ឯង ជានិច្ច​​ និងប្រឆាំងអ្នកដទៃ​​ នៅក្នុងក្រុមផ្សេងៗ ទៀតផងដែរ ​​ដោយសារមនុស្ស មានសិទ្ធិស្មើគ្នា​ ចំពោះអ្វីដែលមាន​​ ពួកគេ ក៏ដណ្តើមគ្នាយកនូវអ្វីនោះ​ គេមានគំនិត បំផ្លិច​បំផ្លាញ​គ្នា​ទៅវិញទៅមក ​។ ​គេទាំងអស់គ្នារៀងៗខ្លួន ​​ជាប្រភពនៃគ្រោះថ្នាក់ ​​និងការភ័យខ្លាច​ ។ ​នៅក្នុងសភាពធម្មជាតិ​ មានតែសង្រ្គាមជាអចិន្រ្តៃយ៍​​ មានតែអសន្តិសុខ​​ ដែលមនុស្សខ្សោយ​ តែងតែជាអ្នករងគ្រោះ​ របស់អ្នកខ្លាំងជាងខ្លួន​ ឬរបស់អ្នកដែលមានល្បិចជាងខ្លួន​។​ ច្បាប់ធម្មជាតិ​ ក្នុងគោលការណ៍​របស់វា មានលក្ខណៈ​ ជាអត្តទត្ថភាព​ ​ប៉ុន្តែ នៅក្នុងសភាពធម្មជាតិ​ បញ្ហារបស់ច្បាប់ធម្មជាតិ​ មិនមែនជាកាតព្វកិច្ច ​ត្រូវគោរព្ធទេ​ ។​ ល្គិកណា​ គេមិនប្រាកថា​ អ្នកដទៃ​បានបំពេញកិច្ច​សន្យា របស់គេ​ហើយ យើងធ្វើ​តែយើងនោះ​ ប្រាកដជាគ្មាន​បានប្រយោជន៍អ្វីឡើយ ​។ ​ផលប្រយោជន៍តែមួយគត់ គឺ​ត្រូវចេញពីសភាពធម្មជាតិ​ ដើម្បីមករស់នៅក្នុងសង្គមវិញ​ ​។

Thomas Hobbes បានបង្ហាញ នូវទិដ្ឋភាពអនាធិបតេយ្យ មហន្តរាយសង្គម ​​មុនពេលកកើតរដ្ឋ​ នៅពេលនោះ​ មនុស្ស​ បានធ្វើសង្រ្គាម​កាប់ចាក់ ឥតឈប់ឈរ ​​គឺជាសង្គ្រាមទាំងអស់គ្នា​ ប្រឆាំងទាំងអស់គ្នា​ ​​ប៉ុន្តែមនុស្ស មានវិចារញ្ញាណ ​​ហើយទទួលស្គាល់ នូវភាពមិនរឹងមាំ​ ក្នុងការរស់នៅ​របស់ពួកគេ​ ទីបំផុត គេក៏បានរកឃើញ នូវមធ្យោបាយ​ ដើម្បីរំដោះខ្លួនគេ​ ​ឲ្យចេញពីមហន្តរាយ​របស់មនុស្ស​ ហើយមករួបរួមផ្តុំគ្នា​ ជាចំនួនច្រើនឥតគណនា​ ដើម្បីបង្កើតសម្ព័ន្ធភាព​មួយ សម្រាប់ធានាប្រឆាំង​ នឹងអសន្តិសុខ​ ដែលតែងតែយាយី​​ កាលគេរស់នៅក្នុងសភាពធម្មជាតិ ​។ ​​ការរួបរួមនេះ​ បង្កើតបានជារដ្ឋ​ ដូច្នេះ គឺនៅពេលដែលមនុស្សបោះបង់ចោលការរស់នៅ​ក្នុងសភាពធម្មជាតិ ​ទើបកើតមានឡើង នូវសង្គមមួយ​ មានច្បាប់ទម្លាប់ ​គឺរដ្ឋ ដែលបានបង្កើត​ឲ្យមានអ្វីជារបស់ខ្ញុំ​ អ្វីជារបស់អ្នក ​ហើយបង្ខំឲ្យមាន​ការគោរពកម្មសិទ្ធិ​អ្នកដទៃ​ ​។

Thomas Hobbes បានពុះពារ ដើម្បីឲ្យការសិក្សា​ មានលក្ខណៈវិទ្យាសាស្រ្ត​ ​មូលដ្ឋាន នៃការសិក្សា​របស់​ Thomas Hobbes គឺការសិក្សាអំពីធម្មជាតិ​ និងតណ្ហារបស់មនុស្ស​ ដែលជាប្រភពនៃកំណើតច្បាប់​ និងរដ្ឋ​ ។​ តណ្ហា​ និងធម្មជាតិរបស់មនុស្ស ​ស្តែងឡើងក្នុងរូបភាព​ជាការប្រកួតប្រជែងគ្នា​ ការមិនទុកចិត្តគ្នា​ និងមហិច្ឆិតា​ តណ្ហាទាំងនេះហើយ ​​ដែលធ្វើឲ្យមនុស្ស ជាសត្រូវនឹងគ្នា​ ​លោកមើលឃើញមនុស្ស​ប្រខាំគ្នាឯង ​ដូចសត្វឆ្កែចចក ​។ ​ហេតុនេះហើយ ​ទើបនៅក្នុងស្ថានភាពបែបធម្មជាតិ​ ​បើទីណាមួយ​ អវត្តមានអំណាច​ ដែលជាអ្នកឃាត់ឃាំង​មនុស្សឲ្យផុតពីតណ្ហានោះ​ មនុស្សទាំងអស់​នឹងស្ថិតនៅក្នុងស្ថានភាព​ជា​​​ «សង្រ្គាមទាំងអស់​ ប្រឆាំងទាំងអស់​»​ ។​ សង្រ្គាមទាំងអស់​ ប្រឆាំងទាំងអស់​ នឹងនាំទៅរកក្តីវិនាស ​ព្រោះវាជាសង្រ្គាមឥតព្រំដែន ​ហើយមិនអាចបញ្ចប់បានឡើយ​ ​មនុស្សទាំងអស់ នៅក្នុងសង្គម​ បានយល់ព្រមទាំងអស់គ្នា​ លើដំណោះស្រាយណាមួយ​ ដោយផ្តល់ជាមតិឯកភាព ​យកសម្លងភាគច្រើន​ ​ឬដោយការចុះកិច្ចសន្យា​នឹងគ្នា​ ​ប្រជាជនទាំងអស់​ បានឯកភាពគ្នា ​ប្រគល់នូវអ្វីដែលជាសទ្ធិ​របស់ពួកគេ ពីធម្មជាតិ​ទៅឲ្យព្រះមហាក្សត្រ​ ​ដោយទាមទារមកវិញ​​ នូវច្បាប់ដែលជាអ្នកកំណត់​ នូវសទ្ធិសេរីភាពរបស់ពួកគេ​

រដ្ឋ កើតឡើង ដើម្បីធ្វើឲ្យមានសន្តិភាព​​ ដូច្នេះ​មនុស្សនៅក្នុងរដ្ឋ​ ត្រូវលះបង់សិទ្ធិឥតព្រំដែន របស់ខ្លួន​ដែលមានជាប់ ជាមួយនឹងសភាពធម្មជាតិ​ទាំងអស់​ ឬមួយផ្នែក ដើម្បីប្តូរយកអ្វី​ផ្សេងទៀត ​។ ​​មនុស្ស សម្រេចបញ្ចប់ភាពអសន្តិសុខ ​​ដែលមាននៅក្នុងសភាពធម្មជាតិ​​ ដោយចុះកិច្ចសន្យាជាមួយគ្នា​ ពីព្រោះជាមធ្យោបាយតែមួយគត់​ ដែលអាចរក្សាសន្តិភាពបាន ​​ប៉ុន្តែរដ្ឋអាចកើតឡើងបាន ​ទាល់តែមានការរួបរូមគ្នាមួយ ​មិនមែនមានត្រឹមតែការព្រមព្រៀងគ្នាមួយទេ ​។ ​មនុស្ស ត្រូវឈប់រស់នៅ​ជាបុគ្គលរៀងៗ ខ្លួន​​ ឯករាជ្យដោយឡែក​ ដោយបង្កើតឲ្យមានឆន្ទៈតែមួយ​ ។​ ដូច្នេះ មនុស្សត្រូវលះបង់ឆន្ទៈ និងសិទ្ធិរបស់គេ ដែលមាននៅក្នុងដៃ​ ។​អំណាចទាំងអស់ ត្រូវប្រគល់ទៅឲ្យរដ្ឋ ​​ដោយព្រមលះបង់ មិនប្រឆាំង​​មិនប្រែក្រឡាស់សម្តី​ ចំពោះអ្វីដែលគេបានផ្ទេរទៅឲ្យបុគ្គលម្នាក់ៗ​​ ឬច្រើននាក់​ ដែលនឹងត្រូវដឹកនាំគ្រប់គ្រងពួកគេ ​។ ការលះបង់នេះ​​ ​មិនមានការស្តាយក្រោយទេ​ ​នោះជាលក្ខខណ្ឌ​សំខាន់ សម្រាប់បង្កបង្កើតអធិបតេយ្យ​ ។​ Thomas Hobbes យល់ថា​ «រដ្ឋ គឺសង្គមសិប្បនិមិត្ត​»​ ក្នុងគុណភាពជារបស់មនុស្ស​ តែមិនមែនជារបស់អាទិទេពឡើយ​ ​រដ្ឋ កើតឡើងដោយឈរលើមូលដ្ឋាន ​នៃការព្រមព្រៀងសង្គម ​ដែលមានអត្ថិភាព​ ចាប់ពីស្ថានភាព​ធម្មជាតិដំបូង របស់មនុស្ស​ម្ល៉ះ ​​គឺចាប់តាំងពីពេលដែលមនុស្សរស់នៅ​ជាមួយគ្នា​ហើយ គ្មាននរណា​ ស្តាប់នរណាពិសេស ​គឺក្នុងស្ថានភាពសង្រ្គាមទាំងអស់​ ប្រឆាំងទាំងអស់​ លោកយល់ថា​ «រដ្ឋ ​ប្រៀបបានទៅនឹងបុគ្គលរួមមួយ ​ដែលទទួលខុសត្រូវ ស្ថានភាពរបស់ខ្លួន ​និងត្រូវបានបង្កើតឡើង ​ដោយមានការឯកភាពគ្នា​ រវាងមនុស្ស​ និងមនុស្ស ក្នុងសង្គម ​។ ​បុគ្គលក្នុងរដ្ឋនេះ ​អាចប្រើប្រាស់កម្លាំង​ និងមធ្យោបាយនានា ​ដើម្បីការពារសុវត្ថិភាពសង្គមជារួម​»៕​​

ការបកស្រាយអំពីកិច្ចសន្យា

ចំពោះ​ Thomas Hobbes កិច្ចសន្យា ​ដែលមនុស្សព្រមព្រៀងគ្នាចុះនោះ​ ជាកិច្ចសន្យា រវាងមនុស្ស​ និងមនុស្សគ្នាឯង ​មិនមែនជាកិច្ចសន្យា​ដែលសមាគមន៍ថ្មី ​​ធ្វើជាមួយអ្នក ដែលខ្លួនបានប្រគល់អំណាចទាំងអស់ ឲ្យទៅនោះទេ​ ​ដូច្នេះ​ កិច្ចសន្យាដែល​ Thomas Hobbes បាននិយាយនេះ​ ជាកិច្ចសន្យារបស់សមាគមន៍​ របស់បុគ្គលទាំងអស់ ​ដែលធ្វើការសម្រេចរួមរស់ជាមួយគ្នា ​​ដើម្បីឲ្យឆន្ទៈរបស់ពួកគេម្នាក់ៗ​ ក្លាយជាឆន្ទៈតែមួយ​ ​កិច្ចសន្យានេះ ​ជាកិច្ចសន្យាចំណុះ​ ពោលគឺបុគ្គលជាសមាជិក របស់សមាគមន៍ ​ចេះស្តាប់បង្គាប់ មិនរឹងរូស​ ​វាជាកិច្ចសន្យាមួយ ​ដែលបុគ្គលលះបង់សិទ្ធិ​របស់ខ្លួនទាំងអស់​ ដើម្បីប្តូរយកសន្តិសុខ​ផ្ទាល់ខ្លួន ​និងការពារទ្រព្យសម្បត្តិរបស់ពួកគេ​ ​តាមរយៈនៃកិច្ចសន្យានេះ​ បុគ្គលទាំងអស់ ត្រូវលះបង់សិទ្ធិរបស់ខ្លួន​ ដើម្បីអ្នកដែលកាន់អធិបតេយ្យ ទោះបីជាអ្នកនោះ ​ជាព្រះមហាក្សត្រក្តី​ ឬជាអ្នកណាមួយក្តី​ ។​ អត្ថន័យ នៃកិច្ចសន្យារបស់​ Thomas Hobbes គឺជាការផ្ទេរសិទ្ធិពិតៗ របស់បុគ្គល ឲ្យទៅអ្នកកាន់អធិបតេយ្យ​ ​មិនមែនជាការបែងចែកសិទ្ធិទេ​​ ហើយអ្នកកាន់អធិបតេយ្យ​ ស្ថិនៅក្រៅកិច្ចសន្យា ​គេគ្មានបានចុះហត្ថលេខា​ ជាមួយនរណាទាំងអស់​ គេគ្មានបានជាប់នឹងកាតព្វកិច្ចណាមួយឡើយ ​ចំណុចនេះហើយ ​ដែលគេអាចនិយាយបានថា​​ Hobbes បានទទួលជោគជ័យ​ក្នុងការបង្កើតអធិបតេយ្យ​​មួយ​ផ្តាច់មុខ ​ដែលអំណាច មិនអាច​ចែកបានតាមរយៈកិច្ចសន្យានេះ​ ។​ ​​កិច្ចសន្យានេះ​ មិនមែនជាការកំណត់​ព្រំដែន ទៅលើអំណាចផ្តាច់ការទេ​ តែវាជាគ្រឹះរបស់អំណាចផ្តាច់ការទៅវិញ​ កិច្ចនស្យានេះ​ ប្រែជាមិនបានការអ្វីទាំងអស់​ បើវាគ្មានបង្កើត​ ឲ្យមានអំណាច​ដែលបង្ខិតបង្ខំមួយទេនោះ​

សារៈសំខាន់របស់​កិច្ចសន្យាសង្គម​ (Social Contract)​ នេះ គឺការបង្រួមពហុភាព ​(ហ្វូងមនុស្ស) ​ឲ្យមកជាឯកភាពតែមួយ​ ។​ Thomas Hobbes បានឲ្យឈ្មោះ​រដ្ឋរបស់គាត់ថា​ «Leviathan» ។​ Leviathan គឺជាសត្វចំឡែកមួយ ​ដែលដកស្រង់ចេញពីគម្ពីរបីប​ (Bible) ដែលនៅលើខ្លួនរបស់វា​ មានហ្វូងមនុស្សតូចៗ ​ជាប់ស្អិត​ ។​សត្វចំឡែកនេះ​ មានកាន់ដំបង​​ និងដាវនៅក្នុងដៃ​ ដែលជាតំណាងឲ្យអំណាចទាំងពីរ ​គឺអំណាចសាសនាចក្រ ​និអំណាចអាណាចក្រ​ ។​

រដ្ឋប្រៀបបាននឹងសមាសភាពផ្សំខាងក្រោមនេះគឺ

-អំណាចកំពូលរបស់រដ្ឋ ​ស្មើនឹងព្រលឹងរបស់រដ្ឋ​

-ចៅក្រម​ និងមន្រ្តីផ្លូវការ ​ស្មើនឹងសន្លាក់តភ្ជាប់ឆ្អឹង ​។​

-ទីប្រឹក្សា​ ស្មើនឹងការចងចាំ​

-ច្បាប់ ស្មើនឹងសតិបញ្ញា​ និងឆន្ទៈ​ ។

-ពលរដ្ឋ ស្មើនឹងកម្លាំង​

-សុវត្ថិភាពរបស់ប្រជាជន ​ស្មើនឹងពាណិជ្ជកម្ម​អាជីព ​។​

-សន្តិភាពពលរដ្ឋ ​ស្មើនឹងសុខភាព​

-ការលំបាក ស្មើនឹងជំងឺ​

-សង្រ្គាមស៊ីវិល ​ស្មើនឹងសេចក្តីស្លាប់​ ។​

ទស្សនៈរបស់​ Thomas Hobbes ចំពោះរាជានិយម

រដ្ឋ ដែលកើតឡើង ដោយការរលាយបញ្ចូលគ្នា​នៃបុគ្គល នោះ​ជារដ្ឋ ដែលកាន់កាប់អធិបតេយ្យ​ផ្តាច់ការមួយ ​។ ​អធិបតេយ្យផ្តាច់ការនេះ ​ស្របគ្នានឹងរាជាធិបតេយ្យផ្តាច់ការ​ ​ចំពោះរបបរាជាធិបតេយ្យផ្តាច់ការនេះ​ ដែល​ Thomas Hobbes ចូលចិត្តជាងរបបដទៃនោះ​ ជារបបដែលអាចរក្សាសន្តិភាពបាន​ ហើយដើម្បីរក្សាសន្តិភាពនេះ បាន​ចាំបាច់ត្រូវឲ្យព្រះមហាក្សត្រ​​ មានអំណាចពេញលេញ​ ​ព្រះមហាក្សត្រ​​ មិនស្ថិតនៅក្រោម​ច្បាប់ណាផេ្សងទៀត​ទោះជាច្បាប់ធម្មជាតិក្តី​ ឬជាច្បាប់សាសនាក្តី​ ​ដោយហេតុនេះ​ ប្រជារាស្រ្ត ​មិនមានសទ្ធិជំទាស់​ និងអំណាចព្រះមហាក្សត្របានទេ ​​ហើយកាលណា គេបានប្រតិបត្តិត្រឹមត្រូវ តាមបញ្ជារបស់ព្រះមហាក្សត្រហើយនោះ​ គឺគេគ្មានបានប្រព្រឹត្តកំហុសណាមួយឡើយ ​។​ បើព្រះរាជា​ មិនអាចការពារសន្តិភាពបាន ​នោះប្រជារាស្រ្ត​ នឹងប្រឆាំងចំពោះស្តេច ជាមិនខាន​ ។​ តាមទស្សនៈរបស់​ Thomas Hobbes រដ្ឋ​ និងសង្គម​ជាធាតុពីរផ្សេងគ្នា ​គឺរដ្ឋ គ្រប់គ្រងពីលើសង្គម​ និងបុគ្គល​ ។​ រដ្ឋខ្លាំង ​គឺជាមធ្យោបាយមួយ​ ដើម្បីបោសសំអាតភាព មិនគ្រប់គ្រាន់​ចេញពីមនុស្ស ​។ ​​គាត់យល់ឃើញថា ​នៅក្នុងច្បាប់ ក៏ដូចជានៅក្នុងរដ្ឋ​ មិនត្រូវឲ្យមានលក្ខណៈសីលធម៌អ្វីឡើយ ​។​ឧទាហរណ៍៖​ មានតែច្បាប់រដ្ឋប្បវេណីទេ ​ដែលអាចកំណត់ពីកំហុស ​ឬគ្មានកំហុស​ ដូច្នេះ កាតផិតក្បត់​ មិនមែនជាកំហុសទេ​ ​ពីព្រោះវាជាអំពើរំលោភ​ខាងផ្នែកសីលធម៌តែប៉ុណ្ណោះ​​​ ​ប៉ុន្តែដោយអំណាចហាមឃាត់ មិនឲ្យមានទំនាក់ទំនងបែបនេះ​ ទើបច្បាប់រដ្ឋប្បវេណី​​ ហាមមិនឲ្យមានដូច្នេះដែរ ​។ លោកយល់​ថា «អំណាចរដ្ឋ ​ត្រូវតែផ្តាច់ការ​ និងមានអធិបតេយ្យភាព​ អ្វីដែលជាកម្មសិទ្ធិរបស់រដ្ឋ ​គឺសិទ្ធិបង្កើតច្បាប់​ សិទ្ធិត្រួតពិនិត្យច្បាប់ សិទ្ធិទាមទារពន្ធដារ​ សិទ្ធិតែងតាំងមន្រ្តីរាជការ ​និងចៅក្រម​» ​ ​ប្រមុខរដ្ឋត្រូវកំណត់យកសាសនា ដែលត្រូវដើរតាម​ និងសាសនាដែលមិនត្រូវដើរតាម ​គឺត្រូវយកសាសនាណា​​ ជាសាសនារបស់រដ្ឋ ។​​ Thomas Hobbes ចាត់ទុកព្រះមហាក្សត្រ​ ជាមេសាសនាផង ​ជាអាទិទេពផង​ ​ព្រះមហាក្សត្រ ជាអ្នកកាន់អំណាចទាំងពីរ ​។ ​អំណាចសាសនា​ មិនអាចជាគូប្រឆាំង នឹងអំណាចព្រះមហាក្សត្យ​បានឡើយ​ ​។ ​ការគោរពព្រះមហាក្សត្រ ​មិនមែនជាកាតព្វកិច្ចទេ​​ តែជាកាតព្វកិច្ចខាងនយោបាយ សាសនា​ ជាជំនឿ​ មិនមែនជាកាតព្វកិច្ចខាងសាសនាទេ ​តែជាកាតព្វកិច្ចខាងនយោបាយ​ សាសនា​ ជាជំនឿ​ មិនមែនជាវិទ្យាសាស្រ្តទេ​​ ហើយជំនឿ​ ក៏គ្មានការទាក់ទងនឹងនយោបាយដែរ ។​លោកយល់ថា​​ រាជានិយម​ ជាទំរង់រដ្ឋ​ដែលប្រសើរជាងគេបំផុត ​ប៉ុន្តែលោកមិនបានទទួលស្គាល់នូវអត្ថិភាពនៃអំណាចឋានសួគ៌របស់ព្រះមហាក្សត្រឡើយ​ លោកញ្ជាក់បន្ថែមថា ​​​«ប្រភពដើមនៃអំណាច របស់ព្រះមហាក្សត្រ ​គឺកិច្ចសន្យាសង្គម​ ដែលមហាជនប្រគល់ជូន​» ​

ការវិភាគទៅលើទម្រង់ដឹកនាំ​

ក្នុងករណី មិនទាន់មានទម្រង់ដឹកនាំច្បាស់លាស់ ​លោកចាត់ទុកថា ​ទម្រង់រដ្ឋណាមួយក៏ដោយ ​ឲ្យតែអាចមានអត្ថិភាព ​និងអាចឈរជើងជាប់ នៅក្នុងសង្គមណាមួយនោះបាន ​គឺសុទ្ធតែជាទម្រង់ដ៏ល្អទាំងអស់​ ​នេះបានន័យថា​ ឲ្យតែមានការគាំទ្រ​ពីសំណាក់មហាជន ​ទោះជាមហាជន​ ជាមនុស្សប្រភេទណាក៏ដោយ​ ចំពោះទស្សនទាន ស្តីពីអំណាចរបស់​ Thomas Hobbes គាត់យល់ថា​​ «ច្បាប់ក្តី​ រដ្ឋក្តី​ សុទ្ធតែកើតឡើង ដោយសារកម្លាំង​»​ ។​នៅក្នុងសភាពធម្មជាតិ​ ការខ្លាចជាមូលហេតុ​ ធ្វើឲ្យបាត់សណ្តាប់ធ្នាប់​ តែនៅក្នុងសភាពនយោបាយ គឺពេលដែលមនុស្សមកនៅក្នុងសង្គម​ ការខ្លាច ជាមូលហេតុ ធ្វើឲ្យមានសណ្តាប់ធ្នាប់ទៅវិញ​ ។​ លក្ខណៈបស់រដ្ឋ ​គឺត្រូវធ្វើឲ្យគេខ្លាច​ ហើយក្នុងការកាន់កាប់រដ្ឋ​​ ត្រូវមានកម្លាំងបង្ខំ​ ឬឧបករណ៍អំណាច ​។ ​បេសកកម្មទាំងពីរ របស់រដ្ឋ​ គឺបេសកកម្មបង្រ្កាបខាងក្នុង និងបេសកកម្មការពារខាងក្រៅ​ ។​ ហេតុនេះហើយ ​​ត្រូវមានកងទ័ពខ្លាំង ​​និងអចិន្រ្តៃយ៍​

រដ្ឋផ្តាច់ការ ​គឺមិនមែនរដ្ឋ ​ដែលអំណាចព្រះមហាក្សត្រ មានលក្ខណៈផ្តាច់ការនោះទេ ​តែជារដ្ឋដែលមានអំណាចធំជាងគេ​ មិនរណប​ ជាពិសេស​ជាមួយ នឹងអំណាចសាសនា​ ។​ ក្នុងទំនាក់ទំនងរវាងពលរដ្ឋ ​និងពលរដ្ឋ​អ្នកដឹកនាំត្រូវតែផ្តល់នូវយុត្តិធម៌​ ដល់ពួកគេ ឲ្យបានស្មើៗ គ្នា​ ។​ ជាគោលការណ៍​រដ្ឋ ​មិនត្រូវដកហូតនូវអ្វី ដែលជាកម្មសិទ្ធិ​របស់ពលរដ្ឋនោះឡើយ​ ។​ កម្មសិទ្ធិឯកជន​ គឺជាលក្ខខណ្ឌ នៃការរួមរស់ជាមួយគ្នា ​។ ​កម្មសិទ្ធិឯកជន ​គឺជាមធ្យោបាយចាំបាច់ សម្រាប់ឈានទៅរកសន្តិភាព ។​ តែកម្មសិទ្ធិទាំងនេះ មិនអាចគេចផុតពីការទន្រ្ទានពីសំណាក់អ្នកដឹកនាំឡើយ ​​ដូចជាករណីបង់ពន្ធជូនរដ្ឋ ​គឺប្រជាជនម្នាក់ៗ​ ត្រូវតែបំពេញដោយខានពុំបាន​ ។​​

សេរីភាព ត្រូវបានលោកយល់ថា ​ជាសិទ្ធិធ្វើអ្វីៗ គ្រប់យ៉ាង​​ ដែលច្បាប់ មិនហាមឃាត់​ ​លោកអះអាងថា​ «ទីណា ដែលព្រះមហាក្សត្រ មិនបាន​សរសេរហាមពីអ្វីមួយនោះ ​ទីនោះ​ពលរដ្ឋ មានសេរីភាពគ្រប់គ្រាន់ ​អាចធ្វើអ្វីមួយ​ ឬមិនធ្វើអ្វីមួយ​​​បាន ​អាស្រ័យដោយការប្រុងប្រយ័ត្ន​រៀងៗ ខ្លួន ​។ ​​សេរីភាព​អាចលក់​ និងទិញបាន​ ដោយគ្រាន់តែចុះកិច្ចសន្យា​ រវាងគ្នា​នឹងគ្នា ​៕

No comments:

Post a Comment