Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, September 9, 2012

វិធីសាស្រ្ត​ធ្វើ​​ឲ្យគេ​ស្រឡាញ់​ចូល​ចិត្ត​

PDF បោះពុម្ព អ៊ីមែល
វិធីសាស្រ្ត​ធ្វើ​​ឲ្យគេ​ស្រឡាញ់​ចូល​ចិត្ត​
១.​ យក​ចិត្តទុក​ដាក់​ដោយ​ស្មោះ​ចំពោះ​អ្នកដទៃៈ ចង់​ឲ​អ្នកដទៃ​ស្រឡាញ់​យើង យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ពួក​គេ​មុន​។ លោក​ Walters ធ្វើការនៅ​​ធនាគារ​មួយ ត្រូវ​បាន​ថ្នាក់​លើ​បាន​ចាត់​​ឲ​ទៅ​ពិនិត្យដោយ​សម្ងាត់​មើល​ហាង​មួយ​នោះ​ គួរ​ឲ្យ​​​ធនាគារ​ទុក​​ចិត្ត​​ដែរ​ឬទេ។ លោក​បាន​ទៅ​សួរ​សុខទុក្ខ នាយក​ក្រុមហ៊ុន​ឧស្សាហកម្ម​ធុន​ធ្ងន់​មួយ​ផ្សេង​ទៀត​ ដើម្បី​ឲ​លោក​ជួយ​ផ្តល់​ឯកសារ​ខ្លះ​អំពី​ហាង​មួយ​នោះ។​ នាយក​ក្រុមហ៊ុន​ ឆ្លើយ​តប​ដោយ​វិធីមួយ​មិន​ច្បាស់​ បែប​ញញើត​ញញើម​ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​ជាប់​វាក់​វិន។​ ការជួប​គ្នា​នេះ​ទៅ​ជា​ឥត​ប្រយោជន៍។
លោក​ Walters អស់​សង្ឃឹម​មិន​ដឹង​ធ្វើ​យ៉ាង​ណា។​ ស្រាប់​តែ​លោក​បាន​ឮលេខា​ម្នាក់​និយាយ​ថា ថ្ងៃ​នេះ​គាត់​រក​មិន​បាន​កុក​ថ្មី​មួយ​ក្បាល​សោះ។ ការ​ពិត​នាយក​ក្រុម​ហ៊ុន​នេះ​ កំពុង​ស្រាវជ្រាវ​រក​"​កុក"​ ឲ​កូន​ប្រុស​របស់​គាត់​អាយុ​១២​ឆ្នាំ។
ថ្ងៃ​ក្រោយ​មក​ពេល​ លោក​ Walters បាន​ត្រឡប់​មក​ជួប​លោក​នាយក​ក្រុម​ហ៊ុន​ម្តង​ទៀត សរសេរ​លើ​ក្រដាស​តូច​មួយ​ថា មាន​"កុក"​ ចម្លែក​ផ្ញើ​ជូន​កូន​លោក ហើយ​ប្រើ​ឲ​គេ​យក​មក...។ លើក​នេះ​ត្រូវ​បាន​ទទួល​យ៉ាង​រាក់​ទាក់បំផុត​ នាយក​ក្រុមហ៊ុន​ចាប់​ដៃ​លោក​ដូច​ជា​បេក្ខជន​តំណាង​រាស្រ្ត​ ចាប់​ដៃ​ជាមួយ​អ្នក​បោះឆ្នោត​អញ្ចឹង។ នាយក​ក្រុមហ៊ុន​ មុខ​ស្រស់​ដូច​ផ្កា បើក​មើល​"​កុក"​ ចុះ​ឡើង​ញឹកញាប់ ហើយ​ថែម​ទាំង​រំលឹក​ដល់​កូន​គាត់​ថា​ "​អា​ George កូន​ខ្ញុំ​ច្បាស់​ជា​ងប់​ងល់​នឹង​សត្វ​កុក​នេះ​ជា​ពុំ​ខាន!"។
លោក ​ Walters រៀប​រាប់​ឡើង​វិញ​ថា "​ក្នុង​រយៈពេល​កន្លះ​ម៉ោង យើង​និយាយ​តែ​ពីរឿង​កុក​ ហើយ​សំឡឹង​មើល​ ផ្ទាំង​រូបថត​ George។ ហើយ​មិន​ចាំ​ឲ​ខ្ញុំ​សួរ នាយក​ក្រុមហ៊ុន​នោះ ចំណាយ​ពេល​មួយ​ម៉ោង​ទៀត​ ឲ​ខ្ញុំ​ដឹង​ពី​ឯក​សារ​ទាំង​អស់​ដែល​ខ្ញុំ​ចង់​បាន។ គ្មាន​ប្រការ​អ្វី​ដែល​គាត់​ដឹង​ហើយ​មិន​ប្រាប់​ខ្ញុំ​ទេ ហើយ​ថែម​ទាំង​ហៅ​ជំនួយការ​មក​សួរ​ថែម​ទៀត..."។
២. ញញឹមៈ ពេល​ញញឹម​ជាមួយ​នរណា​ម្នាក់ ប្រៀប​បី​ដូចជា​និយាយ​ជាមួយ​អ្នក​នោះ​ថា "​ខ្ញុំ​ស្រឡាញ់​អ្នក​... បាន​ជួប​អ្នក​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់..."​។ ស្នាម​ញញឹម​ដែល​ផុស​ចេញពី​ចិត្ត​ស្មោះ​ ធ្វើ​ឲ​ធូរ​ស្បើយ​អាំរម្មណ៍។ ញញឹម​​ជាការងារ​មួយ​មិន​បាច់​ចុះ​ទុន​តែ​ចំណេញ​ច្រើន​បំផុត។ ស្នាម​ញញឹម​បង្កើត​ឲ​មាន​សុភមង្គល។ បើ​អ្នក​ចង់​ឲ​គេ​ស្រឡាញ់​រាប់​អាន​សូម​ចាំ​គោលការណ៍​នេះ​ទុក "​រក្សា​ស្នាម​ញញឹម​ជាប់​បបូរ​មាត់​ជានិច្ច..."​។
លទ្ធផល​នៃការញញឹមៈ លោក Steinhardt សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា​ "​ខ្ញុំបាន​រៀបការ​១៨​ឆ្នាំ​ហើយ​ ហើយ​ក្នុង​​រយៈ​កាល​នោះ ខ្ញុំ​កម្រ​ញញឹម​សើច​ជាមួយ​ប្រពន្ធ​ខ្ញុំ​ណាស់។ តាំង​ពី​ព្រឹម​ក្រោក​ពី​ដំណេក​រហូត​ដល់​ធ្វើការ ខ្ញុំ​និយាយ​ជាមួយ​ប្រពន្ធ​ខ្ញុំ​មិន​លើស​ពី​១២​ម៉ាត់​ទេ។ ខ្ញុំ​ជាមនុស្ស​ដែល​ក្រម៉ែ​ក្រម៉ូវ​ពិបាក​ទ្រាំបំផុត។ ក្រោយ​​មកខ្ញុំ​ស្តាប់តាម​ដំបូន្មាន​ដោយ​ប្រែក្លាយ​ខ្លួន​ជា​មនុស្ស​ញញឹម​ ខ្ញុំ​សើច​ពេញ​​មួយ​​សប្តាហ៍ ។ នៅ​ពេល​ព្រលឹម​លុប​លាង​មុខ ខ្ញុំ​មើល​ក្នុង​កញ្ចក់​ហើយ​ក្រើន​រំលឹក​ខ្លួនឯង​ថា ត្រូវ​បោះ​បង់​ទឹក​មុខ​ក្រញ៉ូវ​ដូច​ខ្មោច​ចេញ ហើយ​ប្តេជ្ញា​ចិត្ត​ញញឹម​ជានិច្ច។ ក្នុង​ពេល​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក​ខ្ញុំ​រួស​រាយ​គោរព​ប្រពន្ធ​ខ្ញុំ​។ ប្រពន្ធ​ខ្ញុំ​ងឿង​ណាស់។ ខ្ញុំ​រក្សា​ដូច្នេះរយៈពេល​២​ខែ​ ហើយ​រក​ឃើញ​សុភមង្គល​ក្នុង​គ្រួសារ​ដ៏​ច្រើន​ គឺ​ច្រើន​ជាង​រយៈកាល​មួយ​ឆ្នាំ​កន្លង​ទៅទៀត។"
៣. ចង​ចាំ​និង​និយាយ​ឈ្មោះរបស់គេៈ លោក​ Jim Farely អាច​ហៅ​ឈ្មោះ​បាន​ ៥​ម៉ឺន​នាក់។ ដោយ​ស្មារតីចង​ចាំ​ដ៏​អស្ចារ្យ​នេះ​ លោក​បាន​ជួយ​ឃោសនា ឲ្យ​លោក​ Franklin D.Roosevelt ជាប់​ឆ្នោត​ឡើង​ធ្វើ​ជាប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក។ វិធី​លោក​សាមញ្ញ​ណាស់។ រាល់​លើក​ពេល​លោករាប់​អាន​ជាមួយ​នរណា​ម្នាក់ លោក​សួរ​ឈ្មោះ​និង​ត្រកូល​អ្នក​នោះ និង​វិធី​សរសេរ​ឲ្យ​ត្រឹម​ត្រូវ។ លោក​រិះ​រក​វិធី​យល់​ដឹង​និង​ចំណាំ​ឲ្យ​បាន​ច្បាស់​ពី​គ្រួសារ​ មុខ​របរ និង​និន្នាការ​នយោបាយ​របស់​អ្នក​នោះ​ កត់​ត្រា​ទុក​ហើយ​លើក​ក្រោយ​ជួប​គ្នា​វិញ​ ទោះ​បីអស់​កាល​មួយ​ឆ្នាំក៏​ដោយ ក៏​លោក​អាច​ទះ​ស្មា​អ្នក​នោះ ហើយ​សួរ​សុខ​ទុក្ខ​ពី​ប្រពន្ធ​កូន​រហូត​ដល់​ដើម​ឈើ​មួយ​ចំនួន​ក្នុង​ចំការ​ អ្នក​នោះ​ទៀត...!។ អញ្ចឹង​ហើយ ទើប​ទៅ​ដល់​ទី​ណា​​ក៏​លោក​មាន​មិត្ត​ស្និទ្ធ​ស្នាល​ អត់​មាន​អ្វី​ប្លែក​នោះ​ទេ។
គេ​សម្គាល់​ឃើញ​ថា លោក​មាន​សៀវភៅ​មួយ​កត់​ត្រា​ឈ្មោះ​អ្នក​ទាំង​​នោះ​រាប់​ពាន់​អ្នក។ ហើយ​អ្នក​ម្ចាស់​សន្លឹក​ឆ្នោត​ម្នាក់ៗ​សុទ្ធ​តែ​ងឿង​ឆ្ងល់ដោយ​ទទួល​បាន​ សំបុត្រ​មួយ​ច្បាប់​ពី​លោក​ចារថា "​មិត្ត​ Bill​ ជា​ទី​ស្នេហា"​ "​មិត្ត​ Joe ជា​ទី​ស្នេហា​" ... ហើយ​ចុះ​ហត្ថលេខា​ "​​Jim"​។ លោក​ Jim យល់​ថា​​មនុស្ស​ទូទៅ​សុទ្ធ​តែ​ឃើញ​ថា​ឈ្មោះ​ខ្លួន​ទន់​ភ្លន់ជាង​ឈ្មោះ​អ្នក​ ឯ​ទៀត។ ចាំ​ឈ្មោះ​អ្នក​នោះ​ហើយ​ទម្លាប់​អាន​ឲ្យ​ងាយ​ស្រួល​និង​ទន់​ភ្លន់ (​ឈ្មោះ​អ្នក​ខ្លះ​ពិបាក​អាន​ ពិបាក​សរសេរ) ធ្វើ​បែប​នេះ​គឺ​សរសើរ​អ្នក​នោះ​ដោយ​អាថ៌កំបាំង​ និង​ដោយ​វិធីប៉ិន​ប្រសប់។
មនុស្ស​យើង​ចាត់​ទុក​ឈ្មោះ​និង​ត្រកូល​របស់​ខ្លួន​ជាសំខាន់​ណាស់​ ម៉្លោះ​ហើយ​ គេ​ខិត​ខំរិះ​រក​គ្រប់​វិធី​ដើម្បី​ស្នង​បន្ត​វា​ឲ្យ​ជំនាន់​ក្រោយ​និង​ ឆ្ងាយ​ទៅ​ទៀត...។ "​ត្រូវ​ចាំ​ទុក​ថា ឈ្មោះ​មនុស្ស​ម្នាក់ៗ​ ជាសំឡេង​មួយ​យ៉ាង​សំខាន់ និង​ស្រួល​ស្តាប់​ជាង​សំឡេង​ឯទៀត"។
៤. យក​ចិត្ត​ទុក​ដាក់​ស្តាប់​គេ​និយាយៈ យក​ចិត្ត​ទុក​ ដាក់​ស្តាប់​មនុស្ស​ម្នាក់​និយាយ​ មិន​ខុស​ប្លែក​អ្វីពី​ការ​លើក​សរសើរ​គេ​ដោយ​ស្មោះ​ឡើយ។ អ្នក​អក្សរ​សាស្រ្ត​ម្នាក់​និយាយ​ថា​"​ជក់​ចិត្ត​ស្តាប់​សំដី​របស់​មនុស្ស​ ម្នាក់​ គឺ​គោរព​លើក​តម្កើង​​គេ​ ហើយ​​កម្រ​មាន​មនុស្ស​ណា​មិន​រំ​ភើប​ចំពោះ​មុខ​ការ​គោរព​លើក​តម្កើង​នោះ​ ណាស់"។ សូម​មិត្ត​ទាំង​ឡាយ​ស្តាប់​រឿង​ដែល​លោក J.C Wooton (​សិស្ស​ម្នាក់​របស់ Dale Carnegie) និយាយៈ គាត់​ទិញ​សម្លៀក​បំពាក់​មួយ​សម្រាប់​នៅ​ផ្សារ​ទំនើប​មួយ។ មក​ផ្ទះ​ស្លៀក​ពាក់មិន​បាន​ប៉ុន្មាន​ដង លោក​ធុញ​ថប់​យ៉ាង​ខ្លាំង​ពី​ព្រោះ​ឃើញអាវ​ចេញ​ពណ៌ ហើយ​ធ្វើ​ឲ្យ​ក​អាវ​សឺ​មី​ឡើង​ខ្មៅ។
លោក​យក​សម្លៀក​បំពាក់​មួយ​សម្រាប់នេះ ត្រឡប់​មក​ហាង​ត្អូញ​ត្អែរ​ដាក់​បុគ្គលិក​លក់​ខោអាវ​ឲ្យ​គាត់​។ គាត់​មក​មិន​ត្រឹម​តែ​ចង់​ត្អូញ​ត្អែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចង់​ពន្យល់​ឲ្យ​អ្ន​ក​លក់​ទំនិញស្តាប់។ អ្នក​លក់​នោះ​មិន​ទាន់​ទាំង​ស្តាប់​គាត់​ចប់​ស្រួល​បួល​ផង​ក៏​កាត់​ សំដីគាត់ថា "យើង​ខ្ញុំ​បាន​លក់​របស់​ប្រភេទ​នេះ​រាប់​ពាន់​សម្រាប់ ប៉ុន្តែ​មិន​ដែល​មាន​នរណា​រអ៊ូ​រទាំ​អ្វី​ទាំង​អស់​..."​។ សំដី​បែប​នេះ បូក​រួម​ទាំង​​សំឡេង​នោះ​ ក៏​កាន់​តែ​អាក្រក់​ទៅ​ទៀត... គឺ​ដូច​ជា​ចង់​ប្រាប់​ថា "​លោក​និយាយ​កុហក លោក​អើយ​! ខ្ញុំ​ដឹង​ដល់​ជម្រៅ​ចិត្ត​លោក​ហើយ!..."។
ស្តាប់​ឮ​ការ​ឈ្លោះ​ប្រកែក​គ្នា​ អ្នក​លក់​ម្នាក់​ទៀត​រត់​ចូល​មក ហើយ​និយាយ​ថា "ខោ​អាវ​ពណ៌​ខ្មៅ​ទាំង​អស់​នៅ​ពេល​ដំបូង​ក៏​ចេញ​ពណ៌​បន្តិចដូច្នេះ មិន​អាច​ជៀស​ផុត​ទេ ជាពិសេស​គឺ​សម្លៀក​បំពាក់​មួយ​ចំនួន​ដែល​មាន​តម្លៃ​ប៉ុណ្ណឹង​... មក​ពី​ថ្នាំ​ជ្រលក់​ដូច្នេះ"។
លោក​ Wooton ខឹង​ឆួល​ឡើង។ អ្នក​លក់​ទី​១​ មាន​គំនិត​ថា គាត់​ភូត​កុហក អ្នក​ទី​២​ចង់​ពេប​ជ្រាយ​ថា​គាត់​ទិញ​របស់​អន់​តម្លៃ​ថោក​... គាត់​ខឹង​ស្ទើរ​តែ​គ្រវែង​របស់​លើ​ក្បាល​ពួក​គេ​នោះ។ ចៃដន្យ​ម្ចាស់​ហាង​មក​ដល់​ ជន​នោះ​ពិត​ជា​ប៉ិន​ប្រសប់​ក្នុង​មុខ​របរ​ ធ្វើ​ឲ្យ​អតិថិជន​ម្នាក់​ដែល​កំពុង​ខឹង​ខ្លាំង​បែរ​ជា​សប្បាយ​ចិត្ត។
តើ​គាត់​ធ្វើ​យ៉ាង​ណា...?
មុន​ដំបូងៈ គាត់​ស្តាប់​រឿង​រ៉ាវ​ លោក Wooton ពី​ដើម​ដល់​ចប់​មិន​ស្រដីមួយ​ម៉ាត់។
ក្រោយ​មក​ពេល​លោក​ឈប់​និយាយ ម្ចាស់​ហាង​ស្តាប់​ហេតុ​ផល​របស់​អ្នក​លក់​ទំនិញ​ទាំង​ពីរ។ ម្ចាស់​ហាង​បដិសេធ​ ហេតុ​ផល​អ្នក​លក់​ទំនិញ​ទាំងពីរនាក់​នោះ​ ហើយ​មិន​ត្រឹម​តែ​ទទួល​ស្គាល់​ថា​ ការ​ពិត​អាវ​ក្រៅ​មាន​​ចេញ​ពណ៌​ធ្វើ​ឲ្យ​ប្រឡាក់​អាវ​សឺ​មី​​ប៉ុណ្ណោះ​ទេ ថែម​ទាំ​ងរំលឹក​ឡើង​វិញ​ទៀត​ថា គ្រប់​មុខ​ទំនិញ​ដែល​លក់​នៅ​ហាង​នោះ ត្រូវ​ធ្វើ​ឲ្យ​អតិថិ​ជន​ត្រឡប់​ទៅ​ផ្ទះ​ពេញ​ចិត្ត​ទាំង​ស្រុង។
ចុង​បញ្ចប់​ គាត់​​ទទួល​ស្គាល់​ថា​ មិន​ដឹង​មក​ពី​ហេតុអ្វី​ទេ​ បាន​ជា​ចេញ​ពណ៌​ដូច្នេះ ហើយ​គាត់​​ប្រាប់​ត្រង់ៗ​ថា "​សូម​លោក​ (Wooton) ប្រាប់​មក​ថា​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ណា​ ហើយ​ខ្ញុំ​នឹង​ប្រតិបត្តិ​តាម​បញ្ជា​លោក"។
កំហឹង​របស់​លោក Wooton ហាក់​រសាយ​អស់ លោក​ឆ្លើយ​តប​នឹង​ម្ចាស់​ហាង​ថា "​ខ្ញុំ​គ្រាន់​តែ​ចង់​មក​សួរ​យោបល់​លោក​ប៉ុណ្ណោះ។ ខ្ញុំ​ចង់​ដឹង​ថា​ថ្ងៃ​ក្រោយ​វា​នៅ​ចេញ​ពណ៌​ទៀត​ទេ​ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​វា​លែង​ចេញពណ៌...?"​។
ម្ចាស់ហាង​ឲ្យ​លោក Wooton យក​ទៅ​ផ្ទះ​សាក​ល្បង​ស្លៀក​ពាក់​មួយ​សប្តាហ៍​ទៀត។ បើ​សិន​ជា​ដល់​ពេល​នោះ​នៅ​តែ​មិន​ពេញ​ចិត្តទៀត សូម​យក​មក​ដូរ​វិញ។ ហើយ​គាត់​សោក​ស្តាយ​ ចំពោះ​ហេតុ​ការណ៍​នេះ​ណាស់។
លោក Wooton ត្រឡប់​មក​វិញ សប្បាយ​រីករាយ។ មួយ​សប្តាហ៍​ក្រោយ​អាវ​នោះ ពិត​ជាលែង​ចេញ​ពណ៌​មែន ហើយ​តាំង​ពី​ពេល​នោះ​មក​លោក​ទុក​ចិត្ត​ផ្សារ​ទំនើប​នោះ​ទាំង​ស្រុង។
គួរ​ចង​ចាំថា អ្នក​និយាយ​ជាមួយ​យើង​យក​ចិត្ត​ទុក​ដាក់​ដល់​បញ្ហា​របស់​ពួក​គេ​១០០​ដង ប៉ុន្តែ​គ្រាន់​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​បញ្ហា​របស់​យើង១​ដង​តែ​ប៉ុណ្ណោះ។ ដូច្នេះ​បើ​ចង់​ឲ្យ​គេ​ស្រឡាញ់​ត្រូវ​ប្រតិបត្តិ​តាម​គោលការណ៍​នេះ ចេះ​យក​ចិត្ត​ទុក​ដាក់ស្តាប់​ និង​លើក​ទឹក​ចិត្ត​អ្នក​ដែល​និយាយ​អំពី​ខ្លួន​របស់​ពួក​គេ
Lincoln មិន​បាន​ត្រូវ​ការ​មនុស្ស​ណា​ម្នាក់​ជួយ​ដាស់​តឿន​ទេ លោក​គ្រាន់តែ​ចង់​ឲ្យ​មាន​មិត្ត​ស្និទ្ធ​ស្នាល​ម្នាក់​ស្តាប់​លោក​និយាយ​ ហើយ​យល់​ចិត្ត​លោក​ បាន​បញ្ចេញ​នូវ​មនោសញ្ចេតនា អាថ៌កំបាំង​របស់​លោក​តែ​ប៉ុណ្ណោះ។ យើង​ទាំង​អស់​គ្នា​មិន​មែន​ដូច្នេះ​ឬ? ហើយ​អតិថិជន​ដែល​ខឹង​មួម៉ៅ​ អ្នក​ធ្វើការ​មិន​សប្បាយ​ចិត្ត មិត្ត​ភក្តិ​អាក់​អន់​ចិត្ត​គ្នា... សុទ្ធ​តែ​ចង់​រក​មនុស្ស​ម្នាក់​ជិត​ស្និទ្ធ​​ដើម្បី​ត្អូញ​ត្អែរ​ប្រាប់​តែ​ ប៉ុណ្ណោះ។
៥. និយាយ​ជាមួយ​ពួក​គេ​នូវ​រឿង​ដែល​ពួកគេ​ចូលចិត្តៈ អ្នក ​ណា​ម្នាក់​ បើ​បាន​ជួប​លោក​ប្រធានា​ធិបតី Théodore Roosevelt សុទ្ធ​តែ​ងឿង​ឆ្ងល់​ពី​ការ​ដឹង​ច្រើន​និង​ការ​យល់​ទូលាយ​របស់​លោក។ លោក​ដឹង​ពី​វិធី​សួរ​នាំមនុស្ស​គ្រប់​ប្រភេទៈ គង្វាល​គោ អ្នក​ជិះ​សេះ អ្នក​នយោបាយ ឬ​អ្នក​ការ​ទូត។ រូបមន្ត​សាមញ្ញ​របស់​លោក​គឺ​ នៅ​ពេល​ដែល​ត្រូវ​ទទួល​ភ្ញៀវ​ម្នាក់​នោះ គឺ​មួយ​យប់​មុន​ លោក​បាន​សិក្សា​ស្រាវ​ជ្រាវ​រឿង​​ដែល​​ភ្ញៀវ​ម្នាក់​នោះ​ចូល​ចិត្ត​និយាយ​ ដល់​អ្វី​ជាង​គេ ​ដើម្បី​បាន​បំពេញ​បំណង​គេ។ ក៏​ដូច​ជា​អ្នក​ដឹក​នាំ​មហា​ជន​ទូទៅ​ដែរ​​ លោក​ដឹង​ថា​ វិធី​ស័ក្តិ​សិទ្ធ​បំផុត ដើម្បី​យក​ចិត្ត​គេ​គឺ​ពិភាក្សា​ដល់​បញ្ហា​ដែល​អ្នក​នោះ​ "​តែង​តែ​រក្សា​ទុក​ក្នុង​ចិត្ត​"។
ខ្ញុំ​សូម​ណែ​នាំ លោក​អ្នក​ មក​ពិនិត្យ​មើល​ករណី​របស់​លោក​ Henry G. Duvernoy ជា​អ្នក​ផលិត​នំ​ប៉័ង​ដ៏​ធំ​ម្នាក់​នៅ​ New York។ អស់​រយៈ​ពេល​៤​ឆ្នាំ​មក​ហើយ លោក​រិះ​រក​វិធី​លក់​នំ​ប៉័ង​ឲ្យ​សណ្ឋាគារ​មួយ​នៅ​ New York ។ មួយ​សប្តាហ៍​ម្តង​​លោក​តែង​ទៅ​សួរ​សុខ​ទុក្ខ​ម្ចាស់​សណ្ឋាគារ​ ដើម្បី​បញ្ចុះ​បញ្ចូល។ តែ​មិន​ទទួល​បាន​ផល​អ្វីសោះ។ ក្រោយ​មក​ លោក​ព្យាយាម​ស្រាវ​ជ្រាវ​​ដឹង​ថា​ម្ចាស់​សណ្ឋាគារ​នោះ​ជា​ប្រធាន​សហព័ន្ធ​ ទេសចរណ៍​សណ្ឋាគារ ហើយ​គាត់​​ចាត់​ទុក​កិច្ច​ការ​សហព័ន្ធនេះ​ដូច​ជា​ជិវិត​របស់​គាត់។
ពេល​ជួប​ម្ចាស់​សណ្ឋាគារ​លើក​ក្រោយ​ លោក Duvernoy និយាយ​ភ្លាម​ដល់​រឿង​សហព័ន្ធ។ ហើយ​មិត្ត​ទាំង​ឡាយ​អើយ!... ល្អូក​ល្អឺន​ដល់​កម្រិត​ណា​ទៅ!... ម្ចាស់​សណ្ឋាគារ​និយាយ​ដោយ​ស្រស់​បស់​អស់​កាល​កន្លះ​ម៉ោង​ ស្តី​ពី​អង្គការ​ចាត់​តាំង​ទាំង​នោះ។ មុន​ពេល​បែក​គ្នា​គាត់​ឲ្យ​បណ្ណ​សមាជិក​មួយ​សន្លឹក​ទៅ​លោក Duvernoy។ លោក​មិន​បាន​និយាយ​ដល់​ការ​លក់​នំ​របស់​លោក​ទេ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ អ្នក​គ្រប់​គ្រង​សណ្ឋាគារ​ទូរស័ព្ទ​មក​លោក ឲ្យ​យក​គម្រូ​នំ​ប៉័ង​មក​ដើម្បី​គិត​គូរ​តម្លៃ។ អ្នក​គ្រប់​គ្រង​រូប​នោះ​និយាយ​ថា "​មិន​ដឹង​លោក​បាន​ធ្វើ​អ្វី​ ទើប​ម្ចាស់​ខ្ញុំ​ចូល​ចិត្ត​លោក​រហូត​ដល់​អង្គុយ​នៅ​ត្រង់​ណា​ក៏​និយាយ​តែ​ អំពី​លោក​ប៉ុណ្ណោះ"​។
៦. ជានិច្ច​កាល​ត្រូវ​ធ្វើ​ឲ្យ​គេ​យល់​ឃើញពី​ប្រការ​សំខាន់​របស់​ខ្លួន​គេ​ផ្ទាល់ៈ លោក​សាស្រ្តា​ចារ្យ​ John Dewey បាន​ចាត់​ទុក​ថា​ "​ចិត្ត​ចង់​ឲ្យ​អ្ន​ក​ដទៃ​ចាត់​ទុក​ខ្លួន​ថ្លៃ​ថ្នូរ​ជា​បំណង​ប្រាថ្នា​ធំ​ បំផុត​របស់​មនុស្ស​លោក គឺ​បំណង​ប្រាថ្នា​នេះ​ហើយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​មនុស្ស​ខុស​ប្លែក​ពី​សត្វ​ "​។ អស់​រាប់​សិប​សតវត្សរ៍​មក​ហើយ ទស្សន​វិទូ​និង​​សាសនា​ទាំង​ឡាយ​តែង​អប់​រំថា "​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​ដូច្នេះ។ ចង់​ទទួល​ពី​គេ​នូវ​វត្ថុ​អ្វី ត្រូវ​ឲ្យ​គេ​នូវ​វត្ថុ​នោះ"។ សូម​​ចង​ចាំ​ពាក្យ​របស់​លោក​ Emerson ថា​"​បុគ្គល​ម្នាក់ៗ​ សុទ្ធ​តែ​មាន​ចំនុច​គ្រាន់​បើ​ជាង​ខ្ញុំ​ ម៉្លោះ​ហើយ​នៅ​ជិត​​ពួក​គេ​ ខ្ញុំ​រៀន​សូត្រ​ពី​គេ​បាន"​។
អ្នក​ស្រី Dorothy Dix អ្នកល្បី​​ឈ្មោះ​ដែល​ជំនាញ​ពី​រឿង​រ៉ាវ​ប្រចាំ​ថ្ងៃ​បាន​និយាយ​ថា​ "បើ​មិន​ទាន់​បាន​រៀន​ពី​សិល្បៈពាក្យ​សរសើរ​ទេ សូម​លោក​ប្រុស​កុំ​អាល​មាន​គ្រួសារ​ធ្វើ​អ្វី​។ មុន​ពេល​រៀបការ​ជាមួយ​អ្នក​ស្រី លោក​ប្រុស​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​សប្បាយ​ចិត្ត​ នេះ​ជា​សុជីវធម៌​មួយ​បែប។ ក្រោយ​ពី​រៀបការ​ហើយ​ជាការចាំបាច់​ ដើម្បី​ធានា​រ៉ាប់​រង​ដល់​សុភមង្គល​ក្នុង​គ្រួសារ មិន​ត្រឹម​តែ​ស្មោះ​ត្រង់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវ​មាន​ការប៉ិន​ប្រសប់​ទំនាក់​ទំនង​លួង​លោម​ផ្អែម​ល្ហែម​ និង​សរសើរ​បង្កប់ក្នុង​នោះ​ទៀតផង ទើប​ពេញ​​លក្ខណៈ។
មាន​គ្រាមួយ​នោះ លោក​ស្រីសម្ភាសន៍​ជាមួយ​បុរស​ម្នាក់​ដែល​ល្បី ថា​មាន​ប្រពន្ធ​ច្រើន គាត់គ្រប​ដណ្តប់​លើ​បេះ​ដូង​និង​ដណ្តើម​ទ្រព្យ​សម្បត្តិ​ពាក់កណ្តាល​របស់​ ស្ត្រី​២៣​នាក់។ នៅ​ពេល​អ្នក​ស្រី​សួរ​គាត់​ថា ធ្វើ​ដូចម្តេច​ទើប​ល្បួង​លួង​លោម​ស្រ្តី​បាន​ច្រើន​ដូច្នេះ? គាត់​ឆ្លើយ​តប​ "អ្នក​ណា​ដែល​ធ្វើ​មិន​បាន... នោះ​គឺ​ការ​ចេះ​សរសើរពួក​គេ​ឲ្យ​ពួក​គេ​ស្តាប់​ទៅ​ណា៎..."​។
ប្រការ​នេះ​ ប្រើ​ចំពោះ​បុរស​ក៏​មាន​លទ្ធផល​គាប់​ចិត្ត​ដែរ។ Disraeli អ្នក​នយោបាយ​ម្នាក់​ដ៏​ឆ្លាត​វៃ​ដែល​បាន​ក្តាប់​វាសនា​របស់​ចក្រ​ភព​ អង់គ្លេស​ទាំងមូល​ មាន​ពេល​មួយ​នោះ លោក​ពោល​ថា "​ជួប​មនុស្ស​ម្នាក់​ ចេះ​តែ​និយាយ​ជាមួយ​គាត់អំពី​រឿង​រ៉ាវ​របស់គាត់​ទៅ នោះ​គាត់​នឹង​ស្តាប់​អ្ន​ក​រាប់​ម៉ោង។
(ស្រង់​ចេញ​ពី សៀវភៅ​ចិត្ត​សាស្ត្រ​អនុវត្តន៍ ដែល​ស្រាវ​ជ្រាវ​និង​និពន្ធ​រៀប​រៀង​ដោយ ទៀ ថេន បោះពុម្ព​លើក​ទី១ ថ្ងៃ​ទី​១៦ ខែ​មិនា ឆ្នាំ ២០០៦ ជា​ខេមរភាសា​នៅ​កម្ពុជា)
ឯកសារ​ដើម​ជា​ភាសា​អង់​គ្លេស?? How To Win Friends and Influence People, by Dale Carnegie

No comments:

Post a Comment