Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, March 18, 2012

ចូឡ​បទុម​ជាតក


ចូឡ​បទុម​ជាតក
ឃុន​សោភ័ណ​ភក្ដី អិម - ភន ប្រែ​នឹង​រៀប​រៀង
ធម្មតា​មនុស្ស​ទាំង​អស់​ក្នុង​លោក​នេះ រមែង​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​រក​គ្នា​ដោយ​សេចក្ដី​សង្រ្គោះ​ទៅ​វិញ​ទៅ​មក ដូច​យ៉ាង​មាតា​បិតា នឹង​បុត្ត​ធីតា​គ្រូ​បា​អាចារ្យ​នឹង​សិស្សា​នុសិស្ស ស្វាមី​នឹង​ភរិយា​ជា​ដើម ។ អ្នក​ដែល​បាន​ធ្វើ​សេចក្ដី​សង្រ្គោះ​គេ​មុន​ដំបូង​ឈ្មោះ​ថា​បុព្វការី អ្នក​ដែល​បាន​ទទួល​សេចក្ដី​សង្រ្គោះ​អំពី​សំណាក់​បុព្វការី​បុគ្គល​នោះ ហើយ​សំដែង​សេចក្ដី​តប​គុណ​វិញ ឈ្មោះ​ថា​កតញ្ញូកតវាទី , បុគ្គល​ទាំង​ពីរ​ពួក​នេះ​បើ​បាន​ប្រព្រឹត្ត​ស្មោះ​ត្រង់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក រមែង​បាន​សេចក្ដី​សុខ - ចំរើន ក្នុង​លោក​នេះ​នឹង​លោក​ខាង​មុខ ឯ​បុគ្គល​ទី​ពីរ​ដែល​ហៅ​ថា​កតញ្ញូកតវាទី​នោះ ឃើញ​ថា​កម្រ​មាន​ណាស់​ក្នុង​លោក​នេះ សម្បូរ​តែ​ខាង​បុគ្គល​ដែល​រមិល​គុណ​ឬ​បំភ្លេច​គុណ​គេ​ចោល​ដែល​ហៅ​ថា​អកតញ្ញូ ។ តាម​ច្បាប់​និយម​ទុក​មក​ថាៈ អ្នក​ដែល​លុប​គុណ​រមិល​គុណ វេរ​ឃ្នើ​គុណ​គេ នឹង​ទៅ​ជា​មនុស្ស​អាក្រក់​បំផុត​ក្នុង​បណ្ដា​មនុស្ស​ទាំង​អស់ ហើយ​នឹង​ត្រូវ​ទទួល​រង​ទុក្ខ​ទោស​ភ័យ​អន្តរាយ​ដោយ​អនេកកប្បការ ក្នុង​ឥធលោក​នឹង​បរលោក​ជា​ប្រាកដ ។ សូម​ស្រង់​យក​ចូឡបទុម​ជាតក​មក​ប្រតិស្ឋ​ទុក​ក្នុង​ទី​នេះ ដើម្បី​ឲ្យ​ឃើញ​ជា​ព័ស្ដុតាង ហើយ​គ្រាន់​ជា​គ្រឿង​ប្រដាប់​សតិ​បញ្ញា​នៃ​អស់​លោក​ដូច​សេចក្ដី​ត​ទៅ​នេះ៖
អតីតេ ពារាណសីរញ្ញោ សត្ត បុត្តា អហេសុំ ។
តេសំសព្វជេជ្ឋកោ បទុមោ នាម កុមារោ ពោធិ​សត្តោ ។
បពិត្រ​អើយ ក្នុង​កាល​ដ៏​ខ័ណ្ឌ​ខាំង​កំបាំង​ស្ងាត់​កន្លង រំលង​យូរ​ណាស់​ទៅ​ហើយ ឰដ៏​កាល​នោះ ព្រះ​ចៅ​ក្រុង​ពារាណសី មាន​ព្រះ​រាជ​បុត្រ ៧ អង្គ ។ បណ្ដា​ព្រះ​រាជ​ឱរស​ទាំង ៧ អង្គ​នោះ បទុម​រាជ​កុមារ​ពោធិសត្វ​ជា​បង​ច្បង​លើ​រាជ​កុមារ​ទាំង​អស់ ។ កាល​នោះ​ព្រះ​ចៅ​ក្រុង​ពារាណសី​ជា​ព្រះ​វរ​រាជ​បិតា ទ្រង់​ព្រះ​ចិន្ដា​ថាៈ ព្រះ​រាជ​កុមារ​ទាំង​នេះ​ត​ទៅ មុខ​ជា​នឹង​នាំ​គ្នា​សម្លាប់​អញ ហើយ​ដណ្ដើម​យក​រាជ​សម្បត្តិ​តែ​សព្វ ៗ ខ្លួន​ពុំ​ខាន​ឡើយ , លុះ​ទ្រង់​ព្រះ​ចិន្ដា​ឈ្វេង​យល់​ដូច្នេះ​ហើយ ក៏​កើត​សេចក្ដី​រង្កៀស​សង្ស័យ​ចំពោះ​ព្រះ​រាជ​បុត្រា​ទាំង​នោះ ទើប​មាន​ព្រះ​បន្ទូល​ថាៈ ហៃ​បុត្រ​ស្ងួន​សំឡាញ់​មាស​ឪពុក​ទាំង​ឡាយ​អើយ ! បា​កុំ​នៅ​ក្នុង​ទី​នេះ​ឡើយ ចូរ​បា​នាំ​គ្នា​ចេញ​ទៅ​នៅ​ក្នុង​ទី​ដទៃ​សិន​ទៅ ទម្រាំ​តែ​ដល់​គ្រា​ដែល​អំណើះ​ឥត​អំពី​បិតា​ទៅ សឹម​បា​នាំ​គ្នា​ទទួល​យក​រាជ​សម្បត្តិ​ជា​ខាង​ក្រោយ​ចុះ ។ ឯ​ព្រះ​រាជ​កុមារ​ទាំង​នោះ ព្រម​ទាំង​ភរិយា​របស់​ខ្លួន ក៏​នាំ​គ្នា​ថ្វាយ​បង្គំ​លា​ព្រះ​វរ​មាតា - បិតា​ហើយ​ចេញ​ទៅ​អំពី​នគរ​លុះ​ដើរ ៗ ទៅ​បាន​ទៅ​ដល់​ផ្លូវ​ដាច់​ស្រយាល​ក៏​ដាច់​បាយ​ដាច់​ទឹក​នៅ​ក្នុង​កណ្ដាល​អធ្វាន៍ រក​ស្បៀង​អាហារ​បរិភោគ​ពុំ​បាន ក៏​បបួល​គ្នា​កាប់​សម្លាប់​ភរិយា​នៃ​ព្រះ​រាជ​កុមារ​ពៅ​ជា​មុន ចែក​សាច់​ជា ៣ ចំណែក​ហើយ​បរិភោគ​សាច់​ដែល​ជា​ចំណែក​របស់​ខ្លួន​តែ​រៀង ៗ ខ្លួន ។
នឹង​ថ្លែង​ឯ​ព្រះ​បរម​ពោធិសត្វ​អគ្គ​មហា​បុរស​រ័ត្ន ព្រះ​អង្គ​ត្រូវ​បាន​ពីរ​ចំណែក គឺ​ព្រះ​អង្គ ១ ចំណែក ភរិយា​របស់​ព្រះ​អង្គ ១ ចំណែក ។ គឺ​បណ្ដា​ចំណែក​ពីរ​ដែល​ខ្លួន​នឹង​ប្រពន្ធ​បាន​មក​នោះ​ព្រះ​អង្គ​បាន​ដំកល់​ ទុក ១ ចំណែក ៗ រៀង​រាល់​ថ្ងៃ​មិន​បរិភោគ​ឡើយ បរិភោគ​តែ ១ ចំណែក​ជា​មួយ​នឹង​ភរិយា ។ ឯ​កុមារ​ទាំង​នោះ ក៏​សម្លាប់​ស្រ្ដី​ទាំង ៦ នាក់ ក្នុង ១ ថ្ងៃ​មួយ ៗ យក​សាច់​មក​ចែក​គ្នា​បរិភោគ​តាម​ន័យ​នេះ​រៀង​រាល់​ថ្ងៃ រហូត​មក​ដល់​ថ្ងៃ​ជា​គំរប់ ៦ ។ ចំណែក​ព្រះ​បរម​ពោធិ​សត្វ​អគ្គ​មហា​បុរស​រ័ត្ន​ហេតុ​តែ​ព្រះ​អង្គ​មាន​ ប្រាជ្ញា​ឈ្លាស​វៃ បាន​រំលែក​ទុក​ចំណែក​ដែល​ត្រូវ​បាន​ខ្លួន​មួយ​ចំណែក ៗ តែ​រាល់ ៗ ថ្ងៃ ទើប​ដល់​មក​ថ្ងៃ​ទី ៧ ដែល​ត្រូវ​វេន​សម្លាប់​ភរិយា​របស់​ខ្លួន​នោះ​ព្រះ​អង្គ​នៅ​សល់​ចំណែក​ទាំង ៦ ដែល​បាន​រំលែក​លាក់​ទុក​ពី​ថ្ងៃ​មុន ៗ មក ។ ព្រះ​អង្គ​ក៏​បាន​ចំណែក​ទាំង ៦ ដល់​ព្រះ​រាជ​កុមារ​ទាំង​ឡាយ ដែល​មាន​ប្រាថ្នា​ដើម្បី​នឹង​សម្លាប់​ភរិយា​របស់​ព្រះ​អង្គ ហើយ​ទ្រង់​ពោល​ថាៈ ម្នាល​អ្នក​ទាំង​ឡាយ ក្នុង​ថ្ងៃ​នេះ អ្នក​ទាំង​ឡាយ ចូរ​បរិភោគ​ចំណែក​ទាំង​នេះ​សិន​ចុះ ចាំ​ដល់ថ្ងៃ​ស្អែក​សឹម​យើង​នឹង​គិត​លៃ​លក​ត​ទៅ​ទៀត ។ លុះ​ដល់​វេលា​រាត្រី កាល​ព្រះ​រាជ​កុមារ​ទាំង​អស់កំពុង​ដេក​លក់​ស៊ប់ ព្រះ​អង្គ​ក៏​នាំ​ភរិយា​របស់​ព្រះ​អង្គ​រត់​គេច​ទៅ​អំពី​ទី​នោះ ។ លុះ​ដើរ​ឆ្ងាយ​បន្តិច​ទៅ​ភរិយា​អស់​កំឡាំង​មិន​អាច​ដើរ​ទៅ​ទៀត​បាន ទើប​ព្រះ​អង្គ​ក៏​លើក​ភរិយាបញ្ជិះ​លើ​ស្មា​ហើយ​ខំ​ប្រឹង​ដើរ​ទៅ , កាល​ព្រះ​អាទិត្យ​រះ​ឡើង​ពេញ​ពន្លឺ ក៏​បាន​ឆ្លង​ផ្លូវ​ឆ្ងាយ​ដាច់​ស្រយាល​នោះ​ផុត ។ ឯ​ភរិយា​បាន​និយាយ​ថាៈ បពិត្រ​អ្នក​ជា​ស្វាមី ខ្ញុំ​ស្រេក​ទឹក​ខ្លាំង​ណាស់ ។ ព្រះ​បរម​ពោធិសត្វ កាល​ណា​បើ​រក​ទឹក​ពុំ​បាន​ឲ្យ​ភរិយា​ផឹក ក៏​ជង្គង់​ខ្លួន​ដោយ​ព្រះ​ខាន់​ដ៏​មុត យក​ឈាម​ឲ្យ​ភរិយា​ផឹក ។ ជន​ទាំង​ពីរ​នាក់ ស្វាមី​ភរិយា​នោះ ដើរ​ជា​លំដាប់​ទៅ បាន​ដល់​មហា​គង្គា ១ ក៏​ធ្វើ​បណ្ណ​សាលា ១ នៅ​ក្បែរ​ទន្លេ​គង្គា​នោះ ហើយ​ក៏​នាំ​គ្នា​នៅ​ក្នុង​ទី​នោះ​ទៅ ។ កាល​នោះ​មាន​ពួក​មនុស្ស​ជា​ច្រើន ចាប់​បាន​ចោរ​ម្នាក់​ដែល​មាន​ទោស​កំហុស​ចំពោះ​ព្រះ​រាជា​ហើយ​នាំ​យក​ទៅ​កាត់ ​ដៃ-ជើង-ត្រចៀក នឹង​ច្រមុះ​ឲ្យ​កំបុត​អស់ ហើយ​ដាក់​នៅ​ក្នុង​ពោង​ពាយ​បណ្ដែត​ចោល​ទៅ​ក្នុង​ទន្លេ​គង្គា​នោះ​ទៅ ។ ឯ​បុរស​កំបុត​ក៏​ស្រែក​ថ្ងូរ​ដោយ​សំរែក​ដ៏​ខ្លាំង ហើយ​អណ្ដែត​ទៅ​ដល់​ទី​នោះ ។ ព្រះ​បរម​ពោធិសត្វ​បាន​ឮ​សំឡេង​នោះ​ហើយ​ក៏​ទៅ​ស្រង់​លើក​បុរស​កំបុត​នោះ ដោយ​សេចក្ដី​ករុណា​អាណិត​អាសូរ​នាំ​យក​ទៅ​កាន់​បណ្ណ​សាលា បាន​ធ្វើ​រណប្បតិកម្ម​គឺ​ករិយា​បិទ​រុំ​ដំបៅ​ដោយ​កិច្ច​ទាំង​ឡាយ​មាន​លាង​ នឹង​លាប​រុំ ដោយ​សំពត់​ជា​ដើម ។ ឯ​ភរិយា​ព្រះ​បរម​ពោធិសត្វ​មហា​បុរស​រ័ត្ន ខ្ពើម​រអើម​បុរស​កំបុត​នោះ​ពន់​ពេក ចេះ​តែ​ខាក​ស្ដោះ ៗ រាល់ ៗ​ថ្ងៃ ។ កាល​នោះ​ព្រះ​បរម​ពោធិសត្វ​តែង​ទុក​បុរស​កំបុត​នោះ​ឲ្យ​នៅ​ក្នុង​អាស្រម​ជា​ មួយ​នឹង​ភរិយា ហើយ​ទ្រង់​ចេញ​ទៅ​ស្វែង​រក​ផលាផល​ដោយ​ព្រះ​អង្គ​ឯង នាំ​យក​មក​ចិញ្ចឹម​រក្សា ទ្រង់​ថែ​រក្សា​បុរស​កំបុត​រៀង​រាល់​ថ្ងៃ ទាល់​តែ​បាន​សះ​ជា​របួស​នោះ​ដោយ​ស្រួល​បួល ។ ឯ​នាង​ជា​ស្រី​អប្រិយ​មាន​ចិត្ត​គំនិត​អាក្រក់ ក្បត់​ចិត្ត​ស្វាមី​កាល​បាន​ឱកាស​ស្ងាត់​ហើយ ក៏​លប​លួច​ចង​ចិត្ត​ប្រតិព័ទ្ធ​នឹង​អា​កំបុត​ឥត​មាន​ចិត្ត​កោត​ក្រែង​ដល់​ ស្វាមី​បន្តិច​បន្តួច​ឡើយ ហើយ​ក៏​បាន​ប្រព្រឹត្ត​មិច្ឆាចារ​ជា​មួយ​នឹង​អាកំបុត​នោះ​ទៅ , មិន​តែ​ប៉ុណ្ណោះ​សោត គិរ​រក​កល​ឧបាយ​នឹង​សម្លាប់​ព្រះ​ពោធិសត្វ​ជា​ស្វាមី​របស់​ខ្លួន​ចោល ហើយ​ក៏​ធ្វើ​ជា​ក្លែង​និយាយ​ថាៈ បពិត្រ​អ្នក​ស្វាមី​ កាល​ដែល​ខ្ញុំ​ជិះ​លើ​ស្មា​អ្នក​ចេញ​ផុត​អំពី​ផ្លូវ​ឆ្ងាយ​ដាច់​ស្រយាល​នោះ​ មក បាន​ឃើញ​ភ្នំ ១ ធំ ហើយ​ខ្ញុំ​ក៏​បាន​តាំង​សច្ចា​ប្រណិធាន​បួង​សួង​បន់​ស្រន់​ថាៈ បពិត្រ​លោក​ទេវតា​រក្សា​ភ្នំ​ជា​ម្ចាស់​ខ្ញុំ​អើយ ! បើ​សិន​ណា​ជា​ខ្ញុំ​ព្រម​ទាំង​ស្វាមី​របស់​ខ្ញុំ​ជា​បុគ្គល​ឥត​មាន​ជម្ងឺ​ ដំកាត់​អ្វី ហើយ​បាន​រស់​រួច​ជីវិត​កាល​ណា ខ្ញុំ​នឹង​ត្រឡប់​មក​ធ្វើ​ពលិកម្ម​បូជា​ដល់​លោក​ក្នុង​កាល​នោះ​ពុំ​ខាន , ឥឡូវ​នេះ​ដល់​ពេល​ដែល​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​ពលិកម្ម​បូជា​ដល់​ទេវតា​នោះ ។ នាង​ថា​តែ​ប៉ុណ្ណេះ​ហើយ ក៏​នាំ​ព្រះ​ពោធិសត្វ​ទៅ​ឯ​ភ្នំ​នោះ លុះ​ដល់​ហើយ​ទើប​និយាយ​នឹង​ព្រះ​ពោធិសត្វ​ជា​ស្វាមី​ថាៈ បពិត្រ​អ្នក​ជា​ស្វាមី , ខ្លួន​អ្នក​ជា​ទេវតា​ដ៏​ឧត្ដម​បំផុត ខ្ញុំ​នឹង​ដើរ​ប្រទក្សិណ​អ្នក ៣ ជុំ ហើយ​ថ្វាយ​បង្គំ​អ្នក​ជា​មុន​សិន រួច​ហើយ​សឹម​ធ្វើ​ពលិកម្ម​បូជា​ដល់​ទេវតា​ក្នុង​កាល​ជា​ខាង​ក្រោយ ។ ស្រី​អប្រិយ​ពោល​ពាក្យ​យ៉ាង​នេះ​ហើយ ក៏​ឲ្យ​ព្រះ​ពោធិ​សត្វ​ឈរ​បែរ​មុខ​ឈម​ទៅ​រក​ជ្រោះ​ភ្នំ ហើយ​ធ្វើ​អាការ​ហាក់​ដូច​ជា​ស្រី​មាន​ប្រាថ្នា ដើម្បី​ថ្វាយ​បង្គំ​បូជា​ដោយ​ផ្កា​ភ្ញី​ទាំង​ឡាយ ឈរ​នៅ​ពី​ខាង​ក្រោយ​ខ្នង​ហើយ​ច្រាន​ព្រះ​ពោធិសត្វ​ទំលាក់​ទៅ​ក្នុង​ជ្រោះ​ ភ្នំ​នោះ​ទៅ ។ រួច​ហើយ​ក៏​ម្នី​ម្នា​ត្រឡប់​វិល​ទៅ​កាន់​សំណាក់​បុរស​កំបុត​នោះ​វិញ​ដោយ​ ប្រញាប់​ប្រញាល់ ។ ឯ​ព្រះ​ពោធិសត្វ​មហា​បុរស​រ័ត្ន កាល​ដែល​ធ្លាក់​ចុះ​ទៅ​ក្នុង​ជ្រោះ​នោះ ហេតុ​តែ​បុណ្យ សម្ភារ​ព្រះ​បារមី​ដែល​ព្រះ​អង្គ​បាន​កសាង​ទុក​មក​ពី​បុព្វ​ជាតិ ក៏​ធ្លាក់​ទៅ​ទើរ​លើ​គុម្ព​ឈើ​ស៊ុម​ទ្រុំ ១ លើ​ចុង​ឧទុម្ពរ ( ដើម​ ល្វា ) ១ ដើម ដែល​ជា​ឈើ​ឥត​បន្លា​តែ​ទ្រង់​មិន​អាច​ដើរ​ចុះ​ទៅ​ក្នុង​ទី​ដទៃ​បាន​ឡើយ ក៏​បេះ​ផ្លែ​ឧទុម្ពរ​អង្គុយ​បរិភោក្ដា​នៅ​លើ​ប្រគាប​មែក​ឈើ​នោះ​ឯង ។ ជួន​ជា​ពេល​នោះ មាន​ស្ដេច​ទន្សង ១ មាន​សេរីរាវយវៈ​ដ៏​ធំ ជា​សត្វ​ធ្លាប់​ឡើង​អំពី​ជើង​ភ្នំ​ទៅ​រក​ស៊ី​ផ្លែ​ល្វា​នោះ ។ សត្វ​ទន្សោង​នោះ កាល​ឡើង​មក​ស៊ី​ផ្លែ​ឈើ​នោះ​ស្រាប់​តែ​ក្រឡេក​មើល​ទៅ​ឃើញ​ព្រះ​បរម​ពោធិ​ សត្វ ក៏​មាន​សេចក្ដី​វិស្សាសៈ​ស្និទ្ធ​ស្នាល​នឹង​ព្រះ​អង្គ ទើប​សួរ​រក​ហេតុ​ដែល​ព្រះ​ពោធិសត្វ​មក​ក្នុង​ទី​នោះ , កាល​បាន​ស្ដាប់​ដឹង​នូវ​សេចក្ដី​នោះ​សព្វ​គ្រប់​ហើយ ក៏​ឲ្យ​ព្រះ​បរម​ពោធិសត្វ​អគ្គ​មហា​បុរស​រ័ត្ន​អង្គុយ​នៅ​លើ​ខ្នង​របស់​ ខ្លួន​ហើយ​វារ​ឡើង​អំពី​ជ្រោះ​ភ្នំ​នាំ​ចេញ​ទៅ​ដាក់​នៅ​នា​មហា​មគ៌ា ហើយ​ក៏​ត្រឡប់​វិល​ចូល​ទៅ​កាន់​ព្រៃ​បាត់​ទៅ​វិញ ។ ឯ​ព្រះ​បរម​ពោធិសត្វ​ទ្រង់​ទៅ​កាន់​បច្ចន្តគ្រាម​ហើយ​នៅ​ក្នុង​ស្រុក​នោះ , លុះ​អំណើះ​ឥត​អំពី​ព្រះ​វរ​រាជ​បិតា​ទៅ​ក៏​បាន​ទទួល​សោយ​រាជ្យ​ជា​ស្ដេច​ ទ្រង់​ព្រះ​រាម​​ថា​ព្រះ​បាទ​បទុម​រាជ គ្រប់​គ្រង​រាជ​សម្បត្តិ​ជា​ដំណ​ត​វង្ស​មក ព្រះ​អង្គ​បាន​សាង​សាលា​សម្រាប់​ឲ្យ​ទាន ៦ ខ្នង ហើយ​ចំណាយ​ទ្រព្យ​ក្នុង ១ ថ្ងៃ ៦ សែន​កហានណៈ​ឲ្យ​ទាន​តែ​រាល់ ៗ ថ្ងៃ​ឥត​មាន​លោះ​ថ្ងៃ​ណា​មួយ​ឡើយ ។
កាល​នោះ​ស្រី​បាប​អប្រិយ​កាឡ​កណ្ណី​ជួជាតិ​ឥត​ល័ក្ខណ៍​នោះ បាន​បញ្ជិះ​អា​កំបុត​លើ​ស្មា​ដើរ​ចេញ​មក​អំពី​ព្រៃ ត្រាច់​ដើរ​ទៅ​ស្វែង​រក​សូម​ទាន​បាយ​ចំណី​គេ​សព្វ​ច្រក​ល្ហក​ឥត​មាន​សោះ​ចន្លោះ ក្នុង​ផ្លូវ​ជា​លំ​នៅ​នៃ​មនុស្ស​ម្នា​មហា​ជន​ផង យក​មក​ចិញ្ចឹម​រក្សា​បុរស​ពិការ​នោះ​ជា​ធម្មតា​កាល​បើ​មាន​គេ​សួរ​ថាៈ បុរស​នេះ​ត្រូវ​ជា​អ្វី​នឹង​នាង វា​ក៏​តាំង​ពោល​ថ្លែង​រៀប​រាប់​ប្រាប់​ថា យើង​ទាំង​ពីរ​នាក់​ជា​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា គឺ​ខ្លួន​ខ្ញុំ​ជា​ធីតា​ខាង​ឪពុក​ខាង​ឪពុក​ធំ​ខាង​ម្ដាយ​នៃ​បុរស​នេះ , ឯ​បុរស​នេះ ជា​កូន​របស់​ម្ដាយ​មីង​ខ្ញុំ ពួក​ចាស់​ទុំ​បាន​ផ្សុំ​ផ្គុំ​ខ្ញុំ​ឲ្យ​ជា​ភរិយា​នៃ​បុរស​ពិការ​ នេះ ។ ខ្លួន​ខ្ញុំ​ក៏​ស៊ូ​តែ​ខំ​ប្រឹង​ថែ​រក្សា​ស្វាមី​របស់​ខ្លួន សូម្បី​មាន​ទោស​ធ្ងន់​ដល់​ថ្នាក់​ដែល​គេ​ត្រូវ​សម្លាប់​ចោល​យ៉ាង​នេះ​ក៏​ដោយ ចេះ​តែ​ខំ​ត្រេច​ស្វះ​ស្វែង​រក​សូម​ទាន​បាយ​ចំណី​គេ​យក​មក​ចិញ្ចឹម​រក្សា​គ្នា​ទៅ ។ ពួក​មនុស្ស​បាន​ឮ​សំដី​សាស័ព្ទ​រៀប​រាប់​កុហក​ប្រាប់​ដូច្នេះ​ហើយ​ក៏​គិត​ថាៈ នាង​នេះ​ជា​មាន​សេចក្ដី​គោរព​ប្រតិបត្តិ​ប្ដី​ណាស់​តើ ក៏​នាំ​គ្នា​ឲ្យ​បាយ​បបរ​ជា​ច្រើន បាន​ឲ្យ​ទាំង​កញ្រ្ចែង​ផ្ដៅ ១ យ៉ាង​ជាប់​មាំ ហើយ​ប្រាប់​ថាៈ នាង​ឯង​ចូរ​ដាក់​ប្ដី​របស់​នាង​ឲ្យ​អង្គុយ​នៅ​ក្នុង​កញ្រ្ចែង​នេះ ហើយ​ទូល​ដើរ​ទៅ​ចុះ ដើម្បី​កុំ​ឲ្យ​លំបាក​នឹង​បញ្ជិះ​លើ​ស្មា​ពេក ។ នាង​នោះ​ក៏​ធ្វើ​តាម​បង្គាប់​ដែល​គេ​ប្រាប់ ដូច្នោះ​ហើយ​ទូល​ដើរ​រៀង ៗ ទៅ​ដល់​ក្រុង​ពារាណសី ក៏​ដាក់​អា​កំបុត​ចុះ​អំពី​ក្បាល​ឈប់​សម្រាក​បរិភោគ​អាហារ​ចំណី ក្នុង​សាលា​សម្រាប់​ឲ្យ​ទាន​នោះ រួច​ហើយ​នឹង​ត្រាច់​រង្គាត់​ទៅ​ដើរ​ទៅ​មុខ​ទៀត ។ គាប់​ជួន​ជា​ពេល​នោះ​ព្រះ​បរម​ពោធិ​សត្វ ព្រះ​អង្គ​ចេញ​ទៅ​ក្នុង​រោង​ទាន ដើម្បី​ព្រះ​រាជ​ទាន​ម្ហូប​ចំណី​ដល់​ពួក​មនុស្ស​ម្នា​មហា​ជន​ផង​ទាំង​ឡាយ​ដោយ​ផ្ទាល់​ព្រះ​ហស្ដ​ព្រះ​អង្គ​ឯង រួច​ហើយ​ត្រឡប់​ចូល​ទៅ​កាន់​ព្រះ​រាជ​និវេសន៍​វិញ ។ ស្រាប់​តែ​ឃើញ​ស្រ្ដី​នោះ​ត្រង់​ផ្លូវ​ដែល​ទ្រង់​យាង​ចូល​ទៅ ហើយ​ក៏​ត្រាស់​សួរ​អស់​មនុស្ស​ម្នា​មហាជន​ទាំង​ឡាយ​ថាៈ អ្វី​នេះ​ហ្នឹង ! អស់​ពួក​មនុស្ស​ទាំង​នោះ​ក៏​ក្រាប​បង្គំ​ទូល​ថាៈ បពិត្រ​ព្រះ​សម្មតិ​ទេព នាង​នេះ​ជា​ស្រ្ដី​មាន​សេចក្ដី​គោរព​កោត​ក្រែង​ដល់​ប្ដី​របស់​ខ្លួន ។ ព្រះ​បរម​ពោធិ​សត្វ ព្រះ​អង្គ​ក៏​ទ្រង់​ប្រើ​រាជ​បំរើ​ឲ្យ​ទៅ​ហៅ​នាង​នោះ​មក​ហើយ​ទ្រង់​ជ្រាប​ច្បាស់​ថា​ជា​ភរិយា​របស់​ព្រះ​អង្គ​ពី​ដើម ទើប​ទ្រង់​ឲ្យ​គេ​លើក​បុរស​ពិកល​ពិការ​នោះ​ចេញ​មក​អំពី​ខាង​ក្នុង​កញ្រ្ចែង ហើយ​ត្រាស់​សួរ​សព្វ​គ្រប់​អន្លើ ។ នាង​នោះ​ក៏​បាន​ថ្លែង​សាស័ព្ទ​សេចក្ដី​ក្រាប​ទូល​សព្វ​គ្រប់​សព្វ​គ្រប់​តាម​ន័យ​ដែល​បាន​ថ្លែង​រួច​មក​ហើយ​ក្នុង​ខាង​ដើម ។ ព្រះ​រាជ​ទ្រង់​ត្រាស់​សួរ​បញ្ជាក់​ថាៈ នាង​ឯង​ក្រែង​ជា​ភរិយា​របស់​បទុម​កុមារ​ជា​ធីតា​របស់​ស្ដេច​ឯ​ណោះ​មែន​ឬ ? ហើយ​ជា​ស្រី​មាន​ឈ្មោះ​យ៉ាង​នេះ​បាន​ផឹក​ឈាម​ក្នុង​ជង្គង់​របស់​អញ ហើយ​នាង​ឯង​ផិត​ក្បត់​ចិត្ត​អញ​ទៅ​លប​លួច​ចង​ចិត្ត​ប្រដិព័ទ្ធ ស្រឡាញ់​អា​កំបុត​នេះ​បាន​ច្រាន​អញ​ទំលាក់​ទៅ​ក្នុង​ជ្រោះ​ភ្នំ​មែន​ឬ ? ឥឡូវ​នេះ នាង​ឯង​ងងើល​ពក​ថ្ងាស​មក​ក្នុង​ទី​នេះ​ដោយ​ស្មាន​ថា​អញ​ស្លាប់​បាត់​ក្នុង​ជ្រោះ​ភ្នំ​នោះ​ទៅ​ហើយ ។ រួច​ហើយ​ទ្រង់​ត្រាស់​បង្គាប់​ទៅ​ពួក​​រាជ​អាមាត្យ​ថាៈ នែ​អ្នក​ទាំង​ឡាយ​រាល់​គ្នា ចូរ​អ្នក​ទាំង​ឡាយ​យក​អង្រែ​មក​សំពង​សម្លាប់​អា​កំបុត​ចង្រៃ​អប្រិយ​នេះ ឲ្យ​ឆាប់ ៗ ទៅ ហើយ​ចូរ​នាំ​គ្នា កាត់​ត្រចៀក ច្រមុះ នៃ​ស្រ្ដី​បាប​អប្រិប​កាឡណ្ណី​អប្ប​ល័ក្ខណ៍​នេះ​ឲ្យ​ឆាប់​កុំ​ទុក​វា​ឡើយ ។ ព្រះ​ពោធិសត្វ​ដែល​ទ្រង់​ធ្វើ​អាការៈ​គំរាម​កំហែង​យ៉ាង​នេះ ដើម្បី​បង្អន់​សេចក្ដី​ក្រោធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​មិន​បាន​ឲ្យ​គេ​ធ្វើ​ដូច្នោះ​ឡើយ ។ រួច​ហើយ​ព្រះ​អង្គ​ទ្រង់​ប្រើ​រាជ​អាមាត្យ​ឲ្យ​ចង​កញ្រ្ចែង​លើ​ក្បាល​នាង​នោះ​ដូច​ដើម​វិញ ហើយ​ឲ្យ​ដាក់​អា​កំបុត​ទៅ​ក្នុង​កញ្រ្ចែង​នោះ ហើយ​ទ្រង់​ត្រាស់​ឲ្យ​អាមាត្យ​នាំ​ចេញ​យក​ទៅ​ចោល​ឲ្យ​ផុត​អំពី​ព្រំ​ប្រទល់​ដែន​របស់​ព្រះ​អង្គ ។

និទានសុភាសិត "ខ្លាពឹងព្រៃ ព្រៃពឹងខ្លា"


និទានសុភាសិត
"ខ្លាពឹងព្រៃ ព្រៃពឹងខ្លា"
(ព្យគ្ឃជាតក តិកនិបាត)
មហាឱម-ណាគ្រី
ឃុំ​ស្វាយប៉ោ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ប្រែរៀបរៀង
ក្នុង​អតីតកាល កាល​ព្រះ​ព្រហ្មទត្ត​គ្រប់​គ្រង​រាជ​សម្បត្តិ​ក្នុង​ក្រុង​ពារាណសី ព្រះ​ពោធិសត្វ​ឧប្បត្តិ​ជា​​រុក្ខ​ទេវតា​មួយ​អង្គ គង់​នៅ​ជាយ​ព្រៃ​ធំ​មួយ ។ មាន​រុក្ខ​ទេវតា​មួយ​អង្គ​ដទៃ​ទៀត នៅ​នឹង​ដើម​ឈើ​​ដែល​ធំ​បំផុត​ក្នុង​ព្រៃ​ជិត​វិមាន​របស់​ព្រះពោធិសត្វ ។
ក្នុង​ព្រៃ​នោះ មាន​រាជសីហ៍​នឹង​ខ្លា​ធំ​អស្រ័យ​នៅ​ផង ព្រោះ​ដូច្នោះ​ទើប​មិន​មាន​មនុស្ស​ណា ហ៊ាន​ទៅ​ធ្វើ​ស្រែ​ចំការ​ក្នុង​ទី​ជិត​នោះ ឬ​កាប់​ដើម​ឈើ​ក្នុង​ព្រៃ​នោះ​ឡើយ ព្រោះ​ខ្លាច​សត្វ​ទាំង​ពីរ​នោះ​បៀត​​បៀន ។ សត្វ​ទាំង​ពីរ​នោះ​ចាប់​ម្រឹគ​ជាតិ​ផ្សេង​ៗ ស៊ី​ជា​អាហារ ចោល​សាច់​នឹង​អវយវៈ​ដែ​ល​​​ស៊ី​សេស​សល់​ទុក​សំណល់​ក្នុង​ទី​នោះ​ៗ ហើយ​រក​ស៊ី​ទៀត​ត​ទៅ ។ ព្រៃ​នោះ​មាន​ក្លិន​ឆ្អាប​ឆ្អេះ​​ស្អុយ​អសោច៍​ទៅ​ដោយ​ខ្មោច​អសុភ​នៃ​ម្រឹគ​ជាតិ ។
គ្រា​​នោះ រុក្ខ​ទេវតា​ដែល​នៅ​នឹង​ដើម​ឈើ​ធំ ជា​អ្នក​ខ្លៅ​ល្ងង់​មិន​ស្ទង់​ឲ្យ​យល់​ដល់​ហេតុ​ការណ៍ ថ្ងៃ​មួយ​បាន​និយាយ​នឹង​ព្រះពោធិសត្វ​ថា "សំឡាញ់ ! ព្រៃ​នេះ​មាន​ក្លិន​ស្អុយ​អសោចិ៍​ពន់​ពេក​ណាស់ ព្រោះ​តែ​រាជសីហ៍​នឹង​ខ្លា​ធំ​ជា​ហេតុ យើង​នឹង​ដេញ​វា​ឲ្យ​ទៅ​កុំ​ឲ្យ​នៅ​ទៅ​ទៀត !" ។ ពោធិសត្វ​ពោល​ឃាត់​ថា "នែ​សំឡាញ់ ! វិមាន​របស់​យើង​តាំង​នៅ​បាន​ព្រោះ​អាស្រ័យ​សត្វ​ទាំង​ពីរ​នោះ បើ​យើង​ដេញ​វា​ទៅ​ហើយ​វិមាន​យើង​មុខ​ជា​វិនាស​មិន​ខាន មនុស្ស​ទាំង​ឡាយ​កាល​មិន​ឃើញ​ដាន​ជើង​រាជសីហ៍​នឹង​ខ្លា​ធំ ក៏​នឹង​នាំ​គ្នា​មក​កាប់​ឈើ​រើ​ព្រៃ ជីក​គាស់​ឲ្យ​ស្រឡះ​ទៅ​ជា​វាល​នឹង​ធ្វើ​ស្រែ​ចំការ​មិន​ខាន អ្នក​កុំ​ចូល​ចិត្ត​យ៉ាង​នេះ​ឡើយ !" ។
កាល​ព្រះ​ពោធិសត្វ​ថ្លែង​ហេតុ​យ៉ាង​នេះ​ហើយ ទេវតា​ឆោត​ខ្លៅ​នោះ​មិន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​សោះ ថ្ងៃ​មួយ​បាន​សំដែង​រូបារម្មណ៍​ដ៏​ធំ​ពន្លឹក​គួរ​ខ្លាច បន្លាច​លង​គ្រហឹម​គម្រាម ដេញ​រាជសីហ៍​នឹង​ខ្លា​ធំ​ឲ្យ​រត់​បាត់​អស់​ទៅ ។
មនុស្ស​ទាំង​ឡាយ កាល​មិន​ឃើញ​ដាន​ជើង​របស់​សត្វ​ទាំង​ពីរ​នោះ ក៏​សំគាល់​ថា​រាជសីហ៍​នឹង​ខ្លា​​ធំ​នៅ​ព្រៃ​ដទៃ​ហើយ ទើប​នាំ​គ្នា​កាប់​គាស់​ដើម​ឈើ​ក្នុង​ព្រៃ​អស់​ជា​ច្រើន ។ រុក្ខ​ទេវតា​នោះ លុះ​​ឃើញ​ព្រឹត្តិការណ៍​ដូច្នោះ​កើត​ឡើង ទើប​ចូល​ទៅ​រក​ព្រះ​ពោធិសត្វ​ហើយ​និយាយ​ថា "សំ​ឡាញ់ ! ខ្ញុំ​មិន​បាន​ធ្វើ​តាម​ពាក្យ​របស់​អ្នក ដេញ​សត្វ​ទាំង​ពីរ​នោះ​ឲ្យ​រត់​អស់​ទៅ ឥឡូវ​ពួក​មនុស្ស​ដឹង​​ថា​សត្វ​ទាំង​នោះ​មិន​នៅ ទើប​នាំ​គ្នា​ចូល​ទៅ​កាប់​គាស់​ឈើ​ក្នុង​ព្រៃ​អស់​ជា​ច្រើន បើ​យ៉ាង​នេះ តើ​យើង​គិត​ដូច​ម្ដេច​ទើប​ស្រួល !" ។ ព្រះ​ពោធិសត្វ​បាន​ពន្យល់​ដឹង​នាំ​ប្រាប់​ឧបាយ​ថា "ឥឡូវ​សត្វ​​ទាំង​ពីរ​នោះ ទៅ​នៅ​ក្នុង​ព្រៃ​ឯ​ណោះ អ្នក​ទៅ​បបួល​វា​ឲ្យ​ត្រឡប់​មក​វិញ​ចុះ" ។ រុក្ខ​ទេវតា​ក៏​ចូល​ទៅ​ក្នុង​ព្រៃ​នោះ​តាម​ពាក្យ​ពោធិសត្វ​អង្គុយ​ផ្គង​អញ្ជលី​ខាង​មុខ​សត្វ​ទាំង​ពីរ ហើយ​អង្វរ​រក​ឲ្យ​ត្រឡប់​ទៅ​នៅ​ព្រៃ​ដដែល​វិញ ។ សត្វ​ទាំង​ពី​នោះ ទោះ​បី​ទេវតា​អង្វរ​យ៉ាង​ណា​ៗ ក្ដី​ក៏​បដិ​សេ​ធ​​យ៉ាង​ដាច់​ខាត​ថា "អ្នក​ចូរ​ទៅ​ចុះ យើង​មិន​ទៅ​ទេ" រុក្ខ​ទេវតា​ទាល់​គំនិត ក៏​ត្រឡប់​មក​កាន់​ព្រៃ​ជា​​កន្លែង​ដើម​របស់​ខ្លួន​វិញ ។ មនុស្ស​ទាំង​ឡាយ ក៏​នាំ​គ្នា​ជីក​គាស់​កាប់​រំលើង​រំលំ​ដើម​ឈើ់​រហូត​អស់​ព្រៃ មិន​យូរ​ប៉ុន្មាន​ក៏​ធ្វើ​ផែនដី​នោះ​ឲ្យ​ទៅ​ជា​ស្រែ​ប្រកប​ការ​កសិកម្ម​អស់​ទៅ ។
គតិ​របស់​រឿង
រឿង​នោះ​ពន្យល់​ឲ្យ​ដឹង​ថា ​                   "ខ្លា​ពឹង​ព្រៃ ព្រៃ​ពឹង​ខ្លា
ខ្លា​នៅ​ព្រៃ​បិទ                                         ព្រៃ​សណ្ឋិត​ព្រោះ​ខ្លា​នៅ
ដី​ត្រជាក់​ព្រោះ​ស្មៅ                                ស្មៅ​លូត​លាស់​ព្រោះ​ដី​ល្អ ។
អ្នក​មាន​រក្សា​ខ្សត់                                    ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ
អ្នក​ប្រាជ្ញ​រក្សា​ខ្លៅ                                    ដូច​សំពៅ​ពឹង​សំប៉ាន ។
រជាការ​បាន​ប្រាក់​ខែ                               ក៏​ព្រោះ​តែ​រាស្ត្រ​បង់​ពន្ធ
រាស្ត្រ​សុខ​ចាក​អាសន្ត                            ព្រោះ​រាជការ​ជួយ​ការពារ ។
ហេតុ​នេះ​ត្រូវ​ស្ម័គ្រ​ស្មោះ                        ជួយ​សង្រ្គោះ​គ្នា​នឹង​គ្នា
ទើប​បាន​សុខ​សាន្ត​ជា                             អស់​វេលា​យូរ​យារ​អើយ !!! ។
សុភាសិត
ការ​ជក់​អាភៀន​ការ​ញៀន​កញ្ឆា                                 ការ​ផឹក​សុរា​ហ៊ឺហា​ហ៊ឹក​ហ៊ាក់
ការ​លេង​ល្បែង​ភ្នាល់​បៀរ​ប៉ោ​ឡុក​ឡាក់                    ឥត្ថីធុត្តៈ​ការ​លេង​ស្រី​ញី ។
ការ​ដើរ​លេង​យប់​យឺម​យូរ​ហួស​យាម                        ការ​ជាប់​ទាក់​ទាម​សេព​គប់​សម្ភី
នឹង​មនុស្ស​អាក្រក់​លាមក​ផឹក​ស៊ី                                ទាំង​នេះ​នាំ​វិនាស​អន្ដរ​ធាន ។
មហា ឱម-ណាគ្រី

យសោធបុរៈ រាជធានីដំបូងនៃក្រុងអង្គរ

បន្ទាប់ពីរំដោះប្រទេស​ខ្មែរ​ចេញពី​អំណាច​របស់​ពួក​ជ្វា​ឈ្លានពាន​រួចហើយ ព្រះបាទ​ជ័យវរ្ម័ន​ទី២ទ្រង់​បាន​ទ្រង់​បាន​ប្រារព្វ​ពិធី​ទេវរាជ​នៅលើ​ កំពូលភ្នំ​គូ​លេន ឬ​ម​ហេ​ន្ទ្រ​ប​ព៌​ត និង​បាន​តាំង​រាជធានី​នៅលើ​នោះ។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ទីតាំង​មានការ​លំបាក​ច្រើន​ក្នុងការ​ធ្វើដំណើរ​ ចេញចូល​រាជធានី និង​លំបាក​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជារាស្ត្រ​ខ្មែរ​ផង​នោះ ព្រះបាទ​ជ័យវរ្ម័ន​ទី២ក៏​ទ្រង់​បាន​ផ្លាស់​រាជធានី​ពី​តំបន់​នោះមក​ត្រង់​ ហរិ​ហ​រា​ល័យ ឬ​រលួស​ម្តងទៀត​ដោយ​នាំយក​លិង្គ​ទេវរាជ​មកជា​មួយ​ផង (ព្រះបាទ​ជ័យវរ្ម័ន​ទី២ទ្រង់​ធ្លាប់បាន​តាំង​រាជធានី​នៅ​រលួស​ម្តង​រួចទៅហើយ ​មុននឹង​ទៅធ្វើ​ពិធី​ទេវរាជ​នៅ​ម​ហេ​ន្ទ្រ​ម​ព៌​ត​ក្នុង​ឆ្នាំ៨០២)។ ក្រោយមក​នៅក្នុង​រាជ​ព្រះបាទ​យ​សោ​វរ្ម័នទី១(៨៩៩-៩១៧)ទ្រង់​បាន​រើ​រាជធានី​ ជា​បន្តទៀត ហើយ​តាំងនៅ​តំបន់​អង្គរ​សព្វថ្ងៃ​ដែលជា​រាជធានី​ទី១ ឬ​ហៅថា​រាជធានី​យ​សោធ​បុ​រៈ។ ហើយ​មូល​ហេតុដែល​ព្រះអង្គ​រើ​រាជធានី​ពីរ​លួស​មក​យ​សោធ​បុ​រៈ​នេះ​គឺមាន​ អ្នកសិក្សា​បង្ហាញ​ហេតុផល​ថា​ដោយសារ​នៅ​រលួស​មាន​ប្រាសាទ​ច្រើន​ទៅហើយ​ ដូចនេះ​ដើម្បី​បង្ហាញ​ពី​ឬ​ទ្ធិ​អំណាច​របស់​ទ្រង់​ដែលជា​អាទិទេព​គឺ​ត្រូវ​ ស្វែងរក​ទីតាំង​ថ្មី​ដើម្បី​សាងសង់​ប្រាសាទ​ជា​បន្តទៀត។ ហើយ​ការ​រើ​ទៅ​កន្លែង​ថ្មី​នេះ​ព្រះអង្គ​ក៏បាន​នាំយក​សិវលិង្គ​ដែលមាន​ ការគោរព​តាំងពី​សម័យ​ជ័យ​វរ្ម័នទី២នោះ​ទៅជា​មួយ​ផង។ ដោយ​តម្កល់​នៅលើ​កំពូលភ្នំ​ព្រះ​សុមេរុ(លំនៅ​របស់​អា​ទី​ទេព​ក្នុង​ សាសនាព្រាហ្មណ៍) ដែល​គេ​ស្គាល់​ថា​ជា​ភ្នំ​កណា្ត​ល ឬ​ភ្នំ​បាខែង​នេះឯង។ លុះដល់​ក្រោយមកទៀត ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី៤នៅ​សតវត្ស​ទិ១០ ឆ្នាំ៩២១ទ្រង់​បានធ្វើការ​ផ្លាស់ប្តូរ​រាជធានី​បន្តទៀត​ទៅ​តំបន់​កោះកែ​ រ្តិ៍​ក្នុង​ខេត្តព្រះវិហារ​សព្វថ្ងៃ។ ព្រះអង្គ​ផ្លាស់​រាជធានី​ទៅ​នៅ​តំបន់​ថ្មី​ដែលមាន​ចម្ងាយ​ប្រមាណ​ ជាង៧០គីឡូម៉ែត្រ​ពី​តំបន់​អង្គរ ដោយសារ​ព្រះអង្គ​ចង់បង្ហាញ​ពី​ម​ហិ​ទ្ធិ​រិ​ទ្ធ​របស់​ទ្រង់​ឱ្យ​ ប្រជារាស្ត្រ​មានការ​ខ្លបខ្លាច ព្រោះ​ព្រះ​អង្គជា​ស្តេច​ជ្រែករាជ្យ​ពី​ក្មួយ​របស់​ទ្រង់ គឺ​បុត្រ​របស់​ព្រះបាទ​យ​សោ​វរ្ម័នទី។ ហើយ​ការ​រើ​ទៅ​កន្លែង​ថ្មី​នេះ​ទ្រង់​បាន​ខិតខំ​កសាង​នូវ​ សមិទ្ធិផលធំៗជាច្រើន​ដូចជា​ប្រាសាទ​កោះកែ​រ្តិ៍ ឬ​ប្រាសាទធំ​ដែលមាន​កម្ពស់៣៥ម៉ែត្រ មាន​ខឿន៧ជាន់​សម្រាប់​តម្កល់​សិវលិង្គ​ឈ្មោះ​ត្រី​ភូ​វ​នេ​ស្វរ​ជាដើម។ តែ​ក្រោយពី​ការចូល​ទីវ​ង្គ​តរបស់​ទ្រង់ ក្នុង​រាជ​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ការ​តាំងនៅ​រាជធានី​កោះកែ​រ្តិ៍ ឬ​ឆោ​កគ​គ៌្យ​រ ក៏ត្រូវ​បាន​ផ្លាស់​ចូលមកក្នុង​រាជធានី​យ​សោធ​បុ​រៈ​វិញ។ បន្ទាប់ពី​មានការ​កសាង​អង្គរវត្ត​អច្ឆរិយវត្ថុ​ដ៏​អស្ចារ្យ​របស់​ខ្មែរ​ ក្នុង​រាជ​ព្រះបាទ​សូរ្យ​វរ្ម័នទី២រួចមក នៅ​ពាក់កណ្តាល​សតវត្ស​ទី១១ បុត្រ​ច្បង​របស់​ទ្រង់(សូរ្យ​វរ្ម័នទី២) ព្រះនាម​ឧទ​យា​ទិ​ត្យ​វរ្ម័នទី២បាន​រំកិល​រាជធានី​បន្តិច​ដោយ​ដៅ​យក​ ចំណុចកណ្តាល​ត្រង់​ប្រាសាទបាពួន នៅ​ខាង​ជើងភ្នំ​បាខែង។ ទីក្រុង​ថ្មី​នេះ​ត្រូវបាន​អ្នកសិក្សា​ហៅ​ឈ្មោះថា​ជា​ក្រុង​អង្គរ​ទី២ មាន​ប្រាសាទបាពួន​ជា​ចំណុចកណ្តាល។ រីឯ​ក្រុង​អង្គរ​ទី៣វិញ​កកើតឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ នៅ​ចុង​សតវត្ស​ទី១២ក្រោយ​ការរំដោះ​រាជធានី​អង្គរ​ពី​ពួក​ចំ​ម្ប៉ា។ រាជធានី​ថ្មី​នេះ​ត្រូវបាន​សាង​ឡើង​ដោយមាន​កំពែង​ថ្មបាយក្រៀម​ព័ទ្ធជុំវិញ មាន​ប្រវែង៣គីឡូម៉ែត្រ​តាម​ជ្រុងនីមួយៗ និង​មាន​ប្រាសាទបាយ័ន​នៅ​ចំ​កណ្តាល។
          រាជធានី​យ​សោធ​បុ​រៈ​នេះ​ជា​រាជធានី​អង្គរ​ដែលមាន​ការតាំង​នៅ​រយៈពេល​វែង​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ គឺ​រហូតដល់​ទៅជា​ង៦សតវត្ស​ឯណោះ ពី​ចុង​សតវត្ស​ទី៩ ប្រហែល​ឆ្នាំ៨៩៣ ក្នុង​រាជ​ព្រះបាទ​យ​សោធ​វរ្ម័ន រហូតដល់​សតវត្ស​ទី១៥ឆ្នាំ១៤៣១ ក្នុង​រាជ​ព្រះបាទ​ព្រះ​បរម​ពញាយ៉ាត។ ហើយ​មូលហេតុ​ដែលនាំឱ្យ​ព្រះមហាក្សត្រ​ខ្មែរ​បោះបង់ចោល​ទីក្រុង​ដ៏​អស្ចារ្យ​នេះ​ទៅកាន់​កន្លែង​ថ្មី​នោះ គឺ​ដោយសារតែ​នៅ​សតវត្ស​ទី១៥នោះ​ពួកចោរ​សៀម​អប្បលក្ខណ៍​បានកើត​ឡើង ហើយ​បាន បន្ត​ចូលលុកលុយ​ប្រទេស​ខ្មែរ​ជា​បន្តបន្ទាប់។
សរសេរដោយ អ្នកស្រាវជ្រាវ ឯកសារអេឡិចត្រូនិច ប៉ាន មូលដ្ឋានីយកម្ម​អក្ខរក្រម