Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Saturday, May 19, 2012

ប្រាសាទ សំបូរព្រៃគុក

ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចំងាយ២៥គ.ម ពីទី រួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ សំបូរព្រៃគុកជារាជធានីចាស់បុរាណ ឈ្មោះ ឥសានបុរៈ ដែលកាលពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវនិយម។ ក្រុមប្រាសាទនេះ សាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់​ ដែលលំអរដោយចំលាក់ពីលើឥដ្ឋ ឬ ចាក់ពុម្ពដោយបាយអ ជាផ្ទាំងៗលើជញ្ជាំងឥដ្ឋ តែត្រូវរបេះអស់។ ក្បាច់ផ្តែរ និងសរសរពេជ្រ ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។ ប្រាសាទ នេះកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។
ក្រុមប្រាសាទសំបូរព្រៃគុកត្រូវបានបោះបង់ចោលតាំងពីឆ្នាំ ១៩៧១ មកម្លេះ ហើយត្រូវបានរៀបចំសារជាថ្មី នៅឆ្នាំ១៩៨០។ ក្នុងការកាប់ឆ្ការព្រៃ គេរកឃើញប្រាសាទទាំងអស់ចំនួន១៤០ប្រាសាទ។
រមណីដ្ឋានសំបូរព្រៃគុក ចែកចេញជា៤ក្រុមធំៗគឺ៖
១.ក្រុមប្រាសាទខាងជើងៈ ហៅថាប្រាសាទសំបូរ នៅចំកណ្តាល និងព័ទ្ធជុំវិញ ដោយប្រាសាទតូចៗជាច្រើន ប្លែកៗគ្នា។
២.ក្រុមប្រាសាទកណ្តាលៈ ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីខាងជើង ឯទ្វារបីទិស ទៀតជាទ្វារបញ្ឆោត។ នៅគ្រប់ក្បាលជណ្តើរទាំង៤មានរូបតោអង្គុយបញ្ឈរជង្គង់ពីរក្នុងទិសនីមួយៗ។ នៅភាគ ខាងលិចនៃប្រាសាទតោមានក្រុមប្រាសាទតូចៗមួយចំនួនទៀត។ ប្រាសាទទាំងនោះត្រូវបានកសាងឡើងនៅសតវត្ស ទី៩។
៣.ក្រុមប្រាសាទខាងត្បូងៈ ហៅថាប្រាសាទយាយព័ន្ធ ដែលស្ថិតនៅចំកណ្តាលហ៊ុំព័ទ្ធ ដោយប្រាសាទ ជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមានគោបុរៈចូលទាំង៤ទិស។ ក្រុមប្រាសាទនៅជាអតីតរាជធានី។
៤.ក្រុមប្រាសាទក្រោរមាសៈ មានទីតាំងនៅខាងជើងចំងាយ ២គ.ម ពីប្រាសាទសំបូរព្រៃគុក មានតួប្រាសាទ តូចៗធ្វើអំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។
ដើម្បីការពារតំបន់ប្រាសាទដ៏ច្រើនសន្ធឹកសន្ធាប់នេះ គេបានកំណត់៣តំបន់ សម្រាប់ការពារ ដូចជា៖
·         តំបន់ទី១ ចំងាយ៣០ម ព័ទ្ធជុំវិញកំពែងខាងក្រៅ ឬក្រៅមាត់ស្រះ
·         តំបន់ទី២ ចំងាយ៣០០ម ព័ទ្ធជុំវិញតំបន់ទី១
·         តំបន់ទី៣ ចំងាយ១៥០០ម ព័ទ្ធជុំវិញតំបន់ទី២ ។

ប្រាសាទតោ

ទ្វាបញ្ឆោត និងផ្តែរ

ទ្វាចូលកំពែងហ៊ុំព័ទ្ធដោយរុក្ខជាតិ

 ប្រាសាទនៅសំបូរព្រៃគុក

ប្រាសាទ ពណ្ណរាយ

ប្រាសាទពណ្ណរាយមានទីតាំងស្ថិតនៅភូមិឯលិច ឃុំច្រណុក ស្រុកកំពង់លែង មានចំងាយ ប្រហែល(២០គ.ម?) ពីដរកំពង់លែង។     ប្រាសាទពណ្ណរាយមានទីតាំងនៅលើកូនភ្នំមួយ ដែល ត្រូវឡើងពីផ្លូវលំចំងាយប្រហែល២២០ម។  ប្រាសាទនេះមានតួបមប្រាសាទចំនួនពីរ ដែលមានប្រាង្គ ទំហំ ៦មx៦ម និងកំពស់៨ម។   ប្រាសាទកសាងឡើងអំពីឥដ្ឋក្រហម និងថ្មភក់ ដែលសាងសង់ក្នុង សតវត្សទី៨ នៃគ.ស។ ដោយសារការឡើងទៅកាន់ប្រាសាទពុំមានកាំជណ្តើរ ដូចនេះអ្នកដំណើរត្រូវ ឡើងលើកូនភ្នំនោះដោយតោង នឹងមែកឈើ និងដុំថ្មដើម្បីសម្រួលការធ្វើដំណើរ។


ផ្លូវឡើងទៅកាន់ប្រាសាទ

ប្រាង្គទាំងពីរនៃប្រាសាទពណ្ណរាយ មើលពីមុខ

ប្រាង្គទាំងពីរនៃប្រាសាទពណ្ណរាយ មើលពីចំហៀង

ផ្តែរធ្លាក់ចេញពីប្រាសាទ

ប្រាសាទ ស្រី

ប្រាសាទស្រីមានទីតាំងស្ថិតនៅភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង មានចំងាយប្រហែល (១៥គ.ម?) ពីដរកំពង់លែង។ ប្រាសាទនេះកសាងឡើងនៅលើខឿនខ្ពស់ពីដី បែរមុខទៅទិសខាងកើត មានជណ្តើរឡើងធ្វើពីថ្មភក់។ ប្រាសាទនេះមានបណ្តោយប្រវែង១០ម៉ែត្រ ទទឹង៨ម៉ែត្រ និងកម្ពស់​ ប្រហែល១៥ម៉ែត្រ។ ប្រាសាទនេះមានទ្វារចូលមួយ និងទ្វារបញ្ជោតចំនួនបី រីឯចម្លាក់ផ្តែរប្រាសាទ និងសរសរពេជ្រ ដែលធ្វើពីថ្មភក់ត្រូវបានខូចខាតស្ទើរអស់ទៅហើយ តែចម្លាក់ដែលឆ្លាក់នៅលើ    ឥដ្ឋក្រហមគឺនៅមានភាពល្អច្រើន ហើយតួប្រាសាទទាំងមូលនៅមានលក្ខណៈរឹងមាំនៅឡើយ។ តាមការតុបតែងលម្អនៅលើតួប្រាសាទ ផ្តែរ សរសរពេជ្រ និងហោជាង យើងអាចសន្និដ្ឋានថា ប្រាសាទស្រីស្ថិតនៅក្នុងរចនាបទប្រាសាទកំពង់ព្រះ ប្រហែលជាកសាងក្នុងសតវត្សទី៨ ដូចប្រាសាទ កំពង់ព្រះដែរ។


រឿងព្រេងទាក់ទងនឹងប្រាសាទស្រី
            នៅក្នុងនគរមួយមានបុរសម្នាក់ឈ្មោះ ចៅ ក្រពុំ ហើយប្រពន្ធរបស់គាត់ឈ្មោះនាងស ឬនាង អាយុទ្ធា ពួកគាត់មានមហិទ្ធិរិទ្ធខ្លាំងពូកែណាស់។ នៅពេលលឺដំណឹងដល់ស្តេច ស្តេចក៏ជ្រើសរើស ពួកគាត់ឲ្យទៅការពារព្រះអង្គ។ ក្រោយមកទៀតដោយសារមានដំណឹងថា នៅប្រាសាទប្រុសក្បែរ ទីទួលប្រាសាទស្រីមានសត្វកង្កែបមួយក្បាលដែលគេចាត់ទុកជាសត្វកង្កែបមួយក្បាលជាសត្វចង្រៃ ពីព្រោះនៅពេលវាស្រែកបែរក្បាលទៅទិសណា ខាងនោះនឹងមានគ្រោះអាសន្ន ឬធ្វើឲ្យអ្នកស្រុកមាន ជំងឺតម្កាត់ផ្សេងៗ។ ពេលនោះស្តេចក៏បញ្ជាឲ្យប្តីប្រពន្ធដែលចេះមន្តអាគមខ្លាំពូកែនោះ ទៅសម្លាប់សត្វ កង្កែបនោះ មិនតែប៉ុណ្ណោះព្រះអង្គក៏បានផ្តល់ពលទាហានចំនួន១០០០០នាក់ថែមទៀត ទៅជាមួយប្តី ប្រពន្ធដែលខ្លាំងពូកែនោះ ប៉ុន្តែសម្លាប់សត្វកង្កែបនោះមិនបានទេ គ្រាន់តែប្តីប្រពន្ធ ព្រមទាំងទាហាន លឺសម្លេងសត្វកង្កែបនោះស្រែក ពួកគេមិនហ៊ានធ្វើអ្វីកង្កែបនោះឡើយ។ ចំណែកស្តេចក៏ដាក់បទបញ្ជា យ៉ាងមឺងម៉ាត់ឲ្យប្តី និងប្រពន្ធនោះសម្លាប់សត្វកង្កែបនោះឲ្យបានក្នុងរយៈពេលមួយឆ្នាំ ធ្វើយ៉ាងម៉េច ត្រូវតែសម្លាប់កង្កែបនោះឲ្យបាន បើពុំដូចនោះទេប្តីប្រពន្ធទាំងពីរនោះនឹងត្រូវស្លាប់។ បន្ទាប់មកទៀត ប្តី និងប្រពន្ធទាំងពីរនោះក៏ទៅរៀនមន្តវិជ្ជាការពីគ្រូនៅភ្នំគូលែន ដោយវិជ្ជាឈ្មោះថា មេការឆយ។ វិជ្ជានេះ មានប្រសិទ្ធិភាពបានរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ ក្នុងមួយឆ្នាំមានតែមួយថ្ងៃគត់ គឺនៅថ្ងៃពេញបូណ៌មី ខែកត្តិកទើបអាចសម្លាប់សត្វកង្កែបនោះបាន ដោយឲ្យសត្វកង្កែបនោះស៊ីបារតវេទមន្ត ពេលដែលវា បានស៊ីបារតនោះហើយ សត្វកង្កែបនោះក៏អស់ឬទ្ធិខ្លាំងពូកែ ដូច្នេះទើបគេអាចសម្លាប់វាបាន។ មុន​ពេលប្តី និងប្រពន្ធមានមន្តវិជ្ជាការខ្លាំងពូកែ ទាំងពីនាក់នោះមិនទាន់សម្លាប់សត្វកង្កែបបាន ស្តេចក៏បាន សន្យាជាមួយពួកគាត់ថា ប្រសិនបើប្តីប្រពន្ធនេះសម្លាប់សត្វកង្កែបនោះបានហើយ ព្រះអង្គ នឹងចាត់ឲ្យគេកសាងប្រាសាទឲ្យ និងផ្តល់ជាប្រាក់កាសមួយចំនួនឲ្យប្តីប្រពន្ធនោះ។ ដល់ពេលប្តីប្រពន្ធ នោះសម្លាប់សត្វកង្កែបនោះបានហើយ ស្តេចអង្គនោះក៏បានធ្វើតាមសន្យា ឲ្យកសាងប្រាសាទប្រុស និង ប្រាសាទស្រីនេះឯង។

ប្រាសាទស្រី និងព្រះវិហារ

ប្រាសាទស្រី​ មើលពីក្រោយ

ប្រាសាទស្រី និងទ្វាបញ្ជោត

ប្រាសាទ ប្រុស

ប្រាសាទប្រុស មានទីតាំងស្ថិតនៅភូមិកង្កែប ឃុំច្រណុក ស្រុកកំពង់លែង មានចំងាយ ប្រហែល (១៧គ.ម?) ពីដរកំពង់លែង រឺប្រហែល ២គ.មពីប្រាសាទស្រី។ ប្រាសាទប្រុសមានទីតាំងស្ថិត នៅកណ្តាលវាលស្រែ ដែលមើលទៅគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ប្រាសាទនេះ ត្រូវបានគេ     សាងសង់បន្ថែមនូវជណ្តើរឡើង និងកំពូលប៉មដែលសាងពីរស៊ីម៉ង់។ បើមើលតាមរចនាបទក្នុង ការសាងសង់ ប្រាសាទប្រុសប្រហែលត្រូវបានសាងសង់ដំណាលគ្នានឹងប្រាសាទស្រី ក្នុងសតវត្សទី៨ នៃរចនាបទប្រាសាទ កំពង់ព្រះ។ ប្រាសាទប្រុសមានមានទ្វារចូលចំនួនមួយ និងទ្វារបញ្ជោតចំនួនបី ហើយកសាងអំពីឥដ្ឋក្រហម ដែលមានផ្តែរចំលាក់ពីថ្មភក់ តែត្រូវធ្លាក់បាក់បែកចេញពីប្រាសាទ ទៅហើយ។

ផ្លូវកាត់វាលស្រែទៅកាន់ប្រាសាទប្រុស

ប្រាសាទប្រុសមើលចំពីមុខ

ប្រាសាទប្រុសនិងទ្វារបញ្ជោត

ផ្តែរដែលធ្លាក់បាក់ចេញពីប្រាសាទ

ប្រាសាទ ព្រៃបាសាក់

ព្រៃបាសាក់ មានទីតាំងស្ថិតនៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ផ្នែកខាង កើតឈាងខាងត្បូងទីរួមខេត្តស្វាយរៀង។ រមណីដ្ឋានព្រៃបាសាក់មានចំងាយប្រហែល៨គ.ម ពីទីរួមខេត្ត។   ព្រៃបាសាក់មានក្រឡាផ្ទៃ ៨៤ម ដែលមានទីតាំងស្ថិតនៅខាងជើង និងខាងកើត ទល់នឹងទន្លេវ៉ៃកូ ខាងលិច និង ខាងត្បូងទល់នឹងភូមិប្រជាជន។
រមណីដ្ឋានព្រៃបាសាក់បានស្រូបយកនូវភ្ងៀវទេសចរក្នុងខេត្តស្វាយរៀង ឲ្យមកទស្សនា និងកំសាន្តសប្បាយតាមបែបផែនប្រពៃណីខ្មែរផង ការកំសាន្តសប្បាយផង និងការសិក្សាពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្រ្តខ្មែរនៅក្នុងទឹកដីខេត្តស្វាយរៀងនេះផង។
 ព្រៃបាសាក់មានទីតាំងភូមិសាស្រ្តជាដីទួលមួយដែលមានតាំងពីសម័យបុព្វកាលដោយទីនោះ ក៏មានបន្សល់នូវប្រាសាទបុរាណមួយផងដែរ ដែលគេគ្រប់គ្នាតែងហៅថា ប្រាសាទព្រៃបាសាក់ ។ ប៉ុន្តែអ្វីគួរឲ្យសោកស្តាយ ប្រាសាទបុរាណនេះ ត្រូវបានបាក់បែកខ្ទេចខ្ទី នៅសល់តែឥដ្ឋប្រាសាទធ្លាក់រ៉ាត់រាយ និងគ្រោងជញ្ជាំងនៅសល់បន្តិចប៉ុណ្ណោះ។ តាមការសន្និដ្ឋាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ដែលបានឆ្លាក់លើផ្ទាំងថ្មចង្អុលទៅកាន់ប្រាសាទបានសន្មតថា ប្រាសាទព្រៃបាសាក់ស្ថិតនៅក្នុងរចនាបទបាខែង ដែលកសាងក្នុងកំឡុងឆ្នាំ៩១៥ ដល់៩២៥ នៃគ.ស។ ផ្ទុយទៅវិញតាមការយល់ឃើញរបស់ខ្ញុំ ប្រាសាទនេះទំនងសាងសង់នៅក្នុងសម័យចេនឡា គឺពុំមែន ស្ថិតនៅក្នុងសម័យអង្គរនៃរចនាបទបាខែងនោះទេ ព្រោះថារចនាបទបាខែងគេសាងសង់ប្រាសាទ ពីថ្មភក់មានច្រើនជាន់ នៅលើខឿនខ្ពស់ ហើយគេនិយមសាងសង់ប្រាសាទនៅលើកំពូលភ្នំតែម្តង តួយ៉ាងដូចប្រាសាទភ្នំបាខែង ប្រាសាទភ្នំក្រោម រឺប្រាសាទភ្នំបូកជាដើម។    ដោយសារបច្ចុប្បន្ននេះ ពុំឃើញមានបន្សល់ទុកនូវផ្តែរប្រាសាទជាដើម ធ្វើឲ្យខ្ញុំបាទពិបាកនឹងសន្និដ្ឋានថាវាស្ថិតនៅក្នុង រចនាបទណាមួយនោះណាស់ គឺគ្រាន់តែដឹងថាវាស្ថិតនៅក្នុងសម័យចេនឡា អាចក្នុងរចនាបទ សម្បូណ៍ រឺព្រៃក្មេង រឺក៏អាចកំពង់ព្រះ។
(ក្នុងន័យនេះពុំមែនមានន័យថា ខ្ញុំបដិសេធនូវការសន្និដ្ឋានរបស់ក្រសួងនោះទេ តែគ្រាន់ទុកជាគតិ ពិចារណារកហេតុផលតទៅមុខទៀត ព្រោះចំណេះដឹងរបស់ខ្ញុំបាទនៅមានកម្រិតនៅឡើយ។)
            បច្ចុប្បន្ននេះ ដើម្បីទាក់ទាញនូវភ្ងៀវទេសចរជាតិ និងអន្តរជាតិចាប់អារម្មណ៍ពីរមណីដ្ឋាននេះ មន្ទីរបានរៀបចំកសាងរូបបដិមាករសម្រាប់ភ្ញៀវមកទស្សនាបានធ្វើជាកន្លែងសក្ការៈបូជា នៅពេលមាន បុណ្យទាន រឺការកំសាន្តក្នុងតំបន់នោះ។ ក្រៅពីប្រាសាទបុរាណ និងបដិមាករទើបកែច្នៃ ព្រៃបាសាក់ គឺជាតំបន់ដែលសម្បូរទៅដោយព្រៃស៊ុបទ្រុបជាងគេនៅក្នុងខេត្តស្វាយរៀង។

ប្រាសាទព្រៃបាសាក់ដែលបាក់បែក

សំណល់វត្ថុនានារបស់ប្រាសាទ

ទិដ្ឋភាពនៅតំបន់ព្រៃបាសាក់

ទិដ្ឋភាពវាលស្រែជុំវិញតំបន់ព្រៃបាសាក់

ពុទ្ធបដិមាដែលទើបកសាង

ប្រាសាទ​ ភ្នំឈ្ងោក

នៅក្នុងខេត្តកំពតមានភ្នំជាច្រើនដែលមានរូង ហើយរូងភ្នំទាំងនោះគឺជាមណ្ឌលនៃថ្មកំបោរធំៗ ដុះពីលើចុះក្រោម និងដុះពីក្រោមឡើងទៅលើរួមមានសំណង់បូជនីយដ្ឋាននៅទីនោះផងដែរ។ ប្រាសាទភ្នំឈ្ងោក មានទីតាំងស្ថិតនៅក្នុងរូងភ្នំទី១ នៃភ្នំឈ្ងោក ដែលស្ថិតនៅក្នុងឃុំត្រពាំងព្រីង ស្រុកកំពត ខេត្តកំពត មានចំងាយប្រមាណ១០គ.ម ពីក្រុងកែប។ ប្រាសាទភ្នំឈ្ងោកកសាងឡើងអំពី ឥដ្ឋតាំងពីសតវត្សទី៦ ឬទី៧មកម៉្លេះ។ ប្រាសាទបុរាណនេះ គឺសង់ព័ទ្ធជុំវិញថ្មកំបោរដុះឡើងលើ និងចុះក្រោមមួយគូ ហើយថ្មកំបោរទាំងនោះគឺបង្កើតបានជារូបរាង្គលិង្គធម្មជាតិដ៏ល្អឥតខ្ចោះមួយ។ ក្នុងនោះដែរលិង្គថ្មដ៏ចម្លែកនេះ ដើមឡើយមានទ្រោនី(យោនី) ទ្រ ប៉ុនែ្តត្រូវបាក់បែកជាបីកំណាត់ រួចគេ ក៏យកទៅទុកចោល។ ថ្មីៗនេះវាត្រូវបានឆ្មាំនៅភូមិយកចំនែកយោនីទៅជួសជុល ហើយដាក់នៅ កន្លែងដើមវិញ ពោលគឺបានបញ្ចូលលិង្គឲ្យដូចសភាពដើមវិញ។ បើប្រៀបធៀបប្រាសាទភ្នំឈ្ងោកទៅ នឹងប្រាសាទអាស្រមមហាឬសីអាចអោយដឹងថាប្រាសាទនេះមានឥទ្ធិពលនូវ វប្បធម៌អង្គរបុរី ។     ការស្ថាបនាប្រាសាទនេះក្នុងរូងភ្នំ គឺជាបង្ហាញនូវទស្សនសំយោគនៃមនោគមវិជ្ជារវាងជំនឿខ្មែរក្នុង ភូមិភាគនេះ និងជំនឿបែបឥណ្ឌានិយម ។ ការពិតការបូជាភ្នំបានកើតឡើងមុន សម័យប្រវត្តិសាស្ត្រ មកម្លេះ ។   បើពិនិត្យអោយល្អិតល្អន់ទៅ បានឃើញថាប្រាសាទនេះមានតួប្រាង្គតែមួយគត់ ហើយ ត្រូវបានកសាងលើខឿនមួយផ្អិបជាប់នឹងជញ្ជាំងភ្នំដោយចែកចេញជាពីរផ្នែក ។ ផ្នែកខាង លើមានដំបូលមួយមានជំរាលបួន ដោយមានកំពូលជំទីតពីលើយ៉ាងសង្ហា ។ រីឯនៅខាងក្រោម គេសង្កេតឃើញមានក្បាច់ជាបន្ទាត់ផ្តេកឆ្នូតៗ។ ប្រាសាទភ្នំឈ្ងោកប្រហែលស្ថិតនៅក្នុងរចនាបទ សម្បូណ៍ នាសម័យចេនឡា ដូចជាប្រាសាទនៅសម្បូណ៍ព្រៃគុកផងដែរ។

ភ្នំឈ្ងោក
ប្រាសាទភ្នំឈ្ងោក

ទម្រយោនី និងលិង្គធម្មជាតិ

ថ្មដុះនៅក្នុងប្រាសាទ

ផ្លូវចុះមកប្រាសាទភ្នំឈ្ងោក

ប្រាសាទ ភ្នំខ្យង

ប្រាសាទភ្នំខ្យងមានទីតាំងស្ថិតនៅលើភ្នំខ្យង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។    ដើម្បីទៅកាន់ ប្រាសាទនេះជាបឋមគេត្រូវទើ្បងដល់ពាក់កណ្តាលចង្កេះភ្នំខ្យងជាមុនសិន  ហើយប្រើជណ្តើរឈើមួយ ដើម្បីចុះរូងភ្នំដែលមានប្រាសាទនៅទីនោះ។     ក៏ប៉ុន្តែ មុននឹងមកដល់ទីតាំងនៃប្រាសាទ គេត្រូវឆ្លង កាត់រូងភ្នំទី២ ជាមុនសិន ដែលស្ថិតក្នុងជម្រៅប្រមាណជាង៦ម៉ែត្រ ព្រមទាំងឆ្លងកាត់មាត់ច្រកមួយតូច មានជណ្តើរឥដ្ធជាថ្នាក់ៗ។        ប្រាសាទភ្នំខ្យងសាងសង់នៅក្នុងកំឡុងសតវត្សរ៏ទី៦ ដើមសតវត្សរ៏ទី៧ នៃគ្រិស្តសរាជ ពោលគឺស្ថិតក្នុងអន្តរកាលមួយរវាងសម័យវប្បធម៌នគរភ្នំ និងចេនឡា    ប្រាសាទនេះ ធ្វើពីឥដ្ធ មានរាងជា៤ជ្រុងស្មើ (៤មx៤ម) ហើយគ្មានផ្តែរតុបតែងដូច ប្រាសាទភ្នំឈ្ងោកទេ ដោយបែរមុខទៅទិសខាងលិច បូជនីយដ្ធាននេះមានលក្ខណះស្រដៀងទៅនឹងប្រាសាទអាស្រមមហា ឬសីនៅភ្នំដានៃខេត្តតាកែវ និងអាស្រមមហាឬសីនៅហាន់ជ័យនៃខេត្តកំពង់ចាម    រូបចម្លាក់
តែមួយគត់របស់ប្រាសាទគឺ សិវលិង្គធម្មជាតិមួយដុះចេញពីភ្នំ។    វត្តមានរបស់លិង្គថ្មធម្មជាតិនេះ តាមទស្សនះរបស់អ្នកស្រុកគឺធើ្វឲ្យប្រាសាទនេះកាន់តែមានភាពស័ក្តិសិទ្ធក្រៃលែង



ប្រាសាទភ្នំខ្យង, ជញ្ជាំងឥដ្ឋ និងលិង្គធម្មជាតិ

(រូបភាពពីវេបសាយ​ ស៊ីអ៊ីអិន)

ប្រាសាទ វត្តប្រាសាទ

ប្រាសាទវត្តប្រាសាទមានទីតាំងនៅក្នុងវត្តប្រាសាទ ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ តាមពិតទៅ ប្រាសាទវត្តប្រាសាទប្រាកដជាមានឈ្មោះផ្ទាល់របស់ខ្លួនកាលពីសម័យដែលបានសាង សង់ តែដោយសារពុំមានអត្ថបទសិលាចារឹក រឺស្លាកស្នាមព្រេងនិទានផ្សេងៗបន្សល់ទុក ធ្វើឲ្យគេពុំ បានដឹងពីឈ្មោះពិតនៃប្រាសាទនេះទេ គេក៏ដាក់ឈ្មោះតាមវត្តប្រាសាទទៅថា ប្រាសាទវត្តប្រាសាទ ចំណែកឯវត្តប្រាសាទនេះទៀតសោតក៏ដាក់ឈ្មោះទៅតាមអ្វីដែលមានជាក់ស្តែង ដោយសារមាន ប្រាសាទបុរាណមួយនៅក្នុងបរិវេនវត្តនេះ គេក៏ដាក់ឈ្មោះថាវត្តប្រាសាទទៅ។  សរុបទៅឈ្មោះវត្ត ដាក់តាមប្រាសាទ ហើយឈ្មោះប្រាសាទដាក់តាមឈ្មោះតាមវត្តទៅវិញ។      ប្រាសាទវត្តប្រាសាទ កសាងឡើងអំពីថ្មបាយក្រៀម ហើយមានការបាក់បែកច្រើនអន្លើរ ដោយបន្សល់ទុកតែជញ្ជាំង ប្រាសាទ និងខ្លោងទ្វារចូលដែលលុបកប់ខ្លះនៅក្នុងដី និងមានដើមឈើធំដុះចេញពីក្នុងប្រាសាទ។ ដំបូល និងកំពូលនៃប្រាសាទត្រូវធ្លាក់បាក់បែកខ្ទេចខ្ទីអស់ ចំណែកឯផ្តែរប្រាសាទក៏ពុំឃើញមាន បន្សល់ទុក​ (រឺក៏គេយកទៅរក្សាទុកបាត់ទៅហើយ) នេះជាការលំបាកដល់ខ្ញុំបាទនៅក្នុងការសន្និដ្ឋាន ពីសម័យកាលនៅក្នុងការសាងសង់ប្រាសាទនេះ ចំណែកឯក្រសួងវប្បធម៌ទៀតសោត ក៏ពុំបានដាក់ បង្ហាញពីអាយុកាល និងរចនាបទនៅក្នុងការសាងសង់តាមរយៈបង្គោលស្តម្ភបង្ហាញទីតាំងទៅទៀត។

ប្រាសាទវត្តប្រាសាទមើលចំពីមុខ

ទ្វារចូលប្រាសាទ

ដើមឈើដុះចេញពីក្នុងប្រាសាទ

ប្រាសាទវត្តប្រាសាទមើលពីចំហៀង

ប្រាសាទ ភ្នំទទុង

ប្រាសាទភ្នំទទុងមានទីតាំងស្ថិតនៅក្នុងល្អាងភ្នំទទុង ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ អ្នកដំណើរអាចធ្វើដំណើរពីភ្នំពេញទៅខេត្តកែប តាមស្រុកបន្ទាយមាស រួចបត់ស្តាំដៃ តាមផ្លូវរោងចក្រស៊ីម៉ងត៍ខេស៊ីម៉េន ខេត្តកំពត ចម្ងាយប្រហែល៦គ.មពីផ្លូវជាតិ។  លុះមកដល់ភ្នំហើយ យើងគ្រាន់តែបន្តរដំណើរឡើងទៅកាន់រូងភ្នំ តាមកាំជណ្តើរដែលទើបតែសាងសង់ហើយប្រមាណ ជាង៣២០កាំប៉ុណ្ណោះ នោះនឹងអាចមកដល់ប្រាសាទដ៏ពិសិដ្ឋនេះបាន។    តាមរយៈសំណង់ និងផ្តែរ ប្រាសាទ  ប្រាសាទភ្នំទទុងទំនងជាសាងសង់នៅក្នុងកំឡុងសតវត្សទី៦ ដើមសតវត្សទី៧នៃគ. ដូចជាប្រាសាទភ្នំខ្យង និងប្រាសាទភ្នំឈ្ងោកផងដែរ។ លក្ខណៈពិសេសមួយដែលគួរឲ្យយើងចាប់ អារម្មណ៍នោះ គឺប្រាសាទនេះកសាងអំពីឥដ្ឋ និងថ្មបាយក្រៀមនៅក្នុងរូងភ្នំ។ វាគួរអស្ចារ្យណាស់ សម្រាប់ខ្ញុំ ព្រោះនេះជាលើកទីមួយហើយដែលខ្ញុំបានឃើញប្រាសាទកសាងអំពីឥដ្ឋ លាយនឹងថ្មបាយ ក្រៀម ប៉ុន្តែអ្វីដែលពិបាកគឺធ្វើឲ្យខ្ញុំពិបាកសន្និដ្ឋានអំពីអាយុកាលរបស់ប្រាសាទនេះទៅវិញ។ ទោះជា យ៉ាងនេះក្តី តាមទ្រង់ទ្រាយប្រាសាទនិងរចនាបទនៃផ្តែរ ប្រាសាទភ្នំទទុងនេះមិនអាចគេចផុតពី អន្តរកាលរវាងសម័យនគរភ្នំ និងចេនឡាបានឡើយ។ នេះជាហេតុធ្វើឲ្យខ្ញុំសន្និដ្ឋានបានថាវាទំនង ជាសាងសង់នៅក្នុងសតវត្សទី៦ ទៅទី៧នៃគ.ស។ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់ និងតក់ស្លុតនៅក្នុងចិត្ត ជាខ្លាំងគឺប្រាសាទនេះកំពុងតែត្រូវទទួលរងនូវការបំផ្លេចបំផ្លាញ... ខ្ញុំបានលឺមកថា...កាលដើមឡើយ ពុទ្ធបរិស័ទបានសាងសង់នូវព្រះពុទ្ធរូបនៅក្បែរប្រាសាទនេះ ហើយប្រាសាទបុរាណនេះទៀតសោត ក៏នៅមានសោភ័ណ្ឌភាពស្រស់ស្អាតពុំទាន់ទ្រុឌទ្រោមឡើយ។ ប៉ុន្តែនៅពេលដែលក្រុមហ៊ុនផលិត ស៊ីម៉ង់ត៍បានដាក់បន្ទុះភ្នំយកថ្មនៅលើបរិវេនប្រាសាទនេះ ធ្វើឲ្យថ្មធ្លាក់ខូចខាតលើព្រះពុទ្ធរូប បាក់ខ្ទេច ខ្ទី និងធ្វើឲ្យប្រាសាទខូចខាតជាដំណំ។ តាមរយៈបញ្ហាមួយនេះ ក្រុមហ៊ុនក៏សងជម្ងឺចិត្តដោយ សាង ព្រះពុទ្ធរូប២អង្គជំនួសនៅក្នុងរោងខាងក្រោមភ្នំវិញ...ប៉ុន្តែប្រាសាទបុរាណរបស់ខ្មែរយើងនេះវិញ គឺ ចំណេញតែការបាក់បែក និងឈានទៅរកការវិនាសនៅពេលអនាគតមិនខាន បើយើងទាំងអស់គ្នា មិនអើពើ ខិតខំថែររក្សាប្រាសាទបុរាណដែលជាស្នាដៃរបស់បុព្វបុរសខ្មែរនេះទេ។ នេះហើយជាមូល ហេតុដែលសព្វថ្ងៃនេះ ប្រាសាទភ្នំទទុងត្រូវបានគេយកឈើមកទប់ច្រូងច្រាងដើម្បីការពារថ្មធ្លាក់ និងភាពអន្តរាយ។ (តែទោះជាខំទប់យ៉ាងណា បើនៅតែមានគេបន្ទុះភ្នំយកថ្មធ្វើស៊ីម៉ង់ កុំសង្ឃឹមថា អាចនៅស្ថិតស្ថេរបានយូរនោះឡើយ) ក្នុងនាមខ្ញុំបាទជាតំណាងកុលបុត្រខ្មែរគ្រប់រូប សូមសំណូមពរ ដល់ក្រុមហ៊ុនមេត្តាជួយសម្រួលដល់បញ្ហានេះផង! សូមក្រសួងវប្បធម៌មេត្តាជួយធ្វើអន្តរាគមន៍អំពី បញ្ហានេះ!​   សូមមេត្តាជួយថែររក្សាប្រាសាទបុរាណមួយនេះ ដែលកំពុងតែស្រែកដង្ហោយហៅ ឲ្យកូនខ្មែរគ្រប់រូបជួយទំនុកបំរុងថែររក្សារហតអស់កល្បនៃជីវិត...)

ផ្លូវចូលទៅកាន់ប្រាសាទ





ប្រាសាទភ្នំទទុង



កំពូលប្រាសាទដែលបាក់បែក និងថ្មដុះពីលើ


ជញ្ជាំងប្រាសាទធ្វើពីថ្មបាយក្រៀម ​និងឥដ្ឋ


ចម្លាក់នៅលើផ្តែរប្រាសាទ ដែលជ្រុះធ្លាក់ចេញពីប្រាសាទ


ទេសភាពលើភ្នំទទុង

ប្រាសាទ ភ្នំបាយ៉ង

ប្រាសាទភ្នំបាយ៉ង មានទីតាំងស្ថិតនៅលើភ្នំបាយ៉ង ភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ ហើយមានចម្ងាយប្រមាណ១២១គ. ពីភ្នំពេញ បើយើងធ្វើដំណើរតាមរថយន្ត ត្រូវប្រើរយៈពេលអស់៣ម៉ោង ១៥នាទីតាមផ្លូវជាតិលេខ២ កាត់ស្រុកបាទី ស្រុកសំរោង ស្រុកដូនកែវ និងស្រុកទ្រាំង។ បើអ្នកធ្វើដំណើរចេញពីទីរួមខេត្តមានចម្ងាយ៤៣គ. នៅប៉ែកខាងត្បូងនៃទីរួមខេត្ត តាកែវ។ ក្នុងនោះអ្នកដំណើរក៏អាចធ្វើដំណើរពីស្រុកបន្ទាយមាស ខេត្តកំពត ទៅកាន់ស្រុកគិរីវង្សខេត្ត តាកែវបានផងដែរ ដោយមានចម្ងាយប្រមាណ៤០គ.ម។    ប៉ុន្តែដោយសារផ្លូវគ្រួសក្រហម វាមាន លក្ខណៈ លំបាកបន្តិចដល់អ្នកដំណើរ ពិសេស អ្នកធ្វើដំណើរតាមទោចក្រក្រយានយន្ត។
            ប្រាសាទភ្នំបាយ៉ងកសាងនៅលើកំពូលភ្នំបាយ៉ង មានកម្ពស់១៣១ម និងមានជណ្តើរ៣ ចំនួន ៩០កាំ។ ប្រាសាទនេះកសាងឡើងនៅក្នុងសតវត្សទី៧ ពីឆ្នាំ៦១៥ ដល់៦៣៥ ដោយព្រះបាទភវរ័្មនទី២ ធ្វើអំពីថ្មបាយក្រៀម ឥដ្ឋនិងថ្មស៊ីស្ត ថ្មស្រទាប់ ដែលមានបណ្តោយ១៣ម ទទឹង៩ម កម្ពស់១២ម។ បច្ចុប្បន្នប្រាសាទនេះត្រូវបានបាក់បែកខូចខាតយ៉ាងខ្លាំង បំណែកទាំងឡាយត្រូវនៅរាយប៉ាយពេញដី កំពូលប្រាសាទបានធ្លាក់មកដី រីឯរបងធ្វើអំពីថ្មបាយក្រៀមត្រូវខូចខាតបាក់បែកអស់ដែរ។
            ក្រៅពីប្រាសាទបាយ៉ង នៅលើភ្នំបាយ៉ងនៅមានប្រាសាទ៤ទៀត នៅក្បែរនោះគឺប្រាសាទ ព្រះគោ ប្រាសាទកាណាងខាងលិច ប្រាសាទកាណាងខាងកើត និងប្រាសាទកំពូលកាណង់ ដើម្បី ឧទ្ទិសដល់ព្រហ្មញ្ញសាសនា ពីព្រោះនៅចំកណ្តាលប្រាសាទមានតំកល់នូវលិង្គព្រះឥសូរ។
            ប្រាសាទបាយ៉ងគឺជារមណីដ្ឋានប្រវត្តិសាស្រ្ត ដែលធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទទួច ចង់ទៅទស្សនា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ និងស្នាដៃដំណែលនៃបុព្វបុរសខ្មែរ យើង។ ប៉ុន្តែសព្វថ្ងៃនេះ ផ្លូវទៅកាន់ភ្នំមានសភាពលំបាកដោយសារប្រព័ន្ធផ្លូវពីជំនាន់ចាស់ ដែលមាន លក្ខណៈបច្ចេកទេសត្រឹមត្រូវនោះត្រូវខូចខាត និងកប់បាត់ទៅក្នុងព្រៃក្រាស។

ប្រាសាទភ្នំបាយ៉ង


ប្រាសាទនាងសក់ក្រអូប(បើតាមអ្នកស្រុកហៅ)


ប្រាសាទសាងពីឥដ្ឋ ដែលបាក់បែកស្ទើរទាំងស្រុង


ប្រាសាទរាជកុមារ(បើតាមអ្នកស្រុកហៅ)

ប្រាសាទ តាព្រហ្ម

ប្រាសាទតាព្រហ្មមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នុង ស្រុកបាទី មានចម្ងាយ ៣៥,៥គ. ពីភ្នំពេញ រួចបត់ស្តាំ២គ.មតាមផ្លូវលំ។ ប្រាសាទតាព្រហ្មកសាងឡើងនៅសតវត្សទី១២ ដើមសតវត្សទី១៣(១១៨១-១២០១) នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ សម្រាប់ឧទ្ទិសដល់ព្រះពុទ្ធ សាសនា និងព្រហ្មញ្ញសាសនា តាមរចនាបទបាយ័ន្ត ដែលមានបណ្តោយ៤២ម ទទឹង៣៦ម និងកម្ពស់ ១១ម។ បច្ចុប្បន្នតួប្រាសាទ ថែវ កំពែង គោបុរៈ គូទឹកព័ទ្ធជុំវិញប្រាសាទត្រូវទទួលរងនូវការខូតខាត យ៉ាងខ្លាំង។ ប្រាសាទនេះកសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀម មានជញ្ជាំងខ័ណ្ឌជាបន្ទប់ៗ។ ផ្នែក ខាងក្រៅលម្អដោយចម្លាក់លៀន ដែលបង្ហាញពីទេពអប្សក្នុងរឿងទេវកថារបស់ព្រហ្មញ្ញសាសនា។ ផ្នែកខាងក្នុងមាន៥បន្ទប់ ដែលមានព្រះពុទ្ធរូបក្នុងសតវត្សទី១៣ ពីរអង្គបែរមុខទៅទិសខាងកើត នៅពីមុខរូបគ្រុឌ។
ប្រាសាទតាព្រហ្ម

ប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្ម

ព្រះពុទ្ធរូបសតវត្សទី១៣ នៅក្នុងប្រាង្គកណ្តាល

ចម្លាក់ទេពអប្សរានៅលើប្រាង្គកណ្តាល

ប្រាង្គនៅខាងស្តាំផ្លូវចូល

ផ្តែរប្រាសាទ

ចម្លាក់តាមផ្លូវចូលទៅកាន់ប្រាសាទ

គូទឹក

កំផែងប្រាសាទផ្នែកខាងក្រោយ ដែលធ្លាក់បាក់បែក