Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Saturday, January 19, 2013

ទស្សនៈអប់រំសីលធម៌របស់ ព្រះយេស៊ូគ្រឹស្ត


ទស្សនៈអប់រំសីលធម៌របស់ ព្រះយេស៊ូគ្រឹស្ត
          គ្រឹស្តសាសនា មានដើមកំណើតនៅប្រទេសអ៊ីស្រាអែល មាន ព្រះគម្ពីប៊ីប (Bible) ជា​សំណេរកំណត់ត្រានៃការជួយសង្រ្គោះដែលបំពេញឲ្យព្រះយេស៊ូ។ មូលដ្ឋាននៃការអប់រំ​សីល​ធម៌របស់គ្រឹស្តសាសនាមាន ២គឺៈ
·         ត្រូវស្រលាញ់ព្រះជាម្ចាស់ដូចជាខ្លួនឯង ព្រោះព្រះជាម្ចាស់បានសង្រ្គោះមនុស្សពីអំ​ពើ​បាប តាមការសន្ដោសប្រណី ។ ចូរបែរចេញពីផ្លូវអាក្រក់ ហើយវិលមករកព្រះវិញ នោះទ្រង់នឹងអាណិត មេត្តា ដល់អ្នក ហើយទ្រង់នឹងអត់ទោសឲ្យជាបរិបូរណ៍ ហើយអ្នករាល់គ្នា នឹងទទួលបាននូវអំណរនិងសេចក្តីសុខ សាន្ត។
·         ត្រូវស្រលាញ់មនុស្សទូទៅឲ្យដូចខ្លួនឯង ពោលគឺត្រូវចេះអត់ធ្មត់ យល់អធ្យាស្រ័យ​ចំពោះ​មនុស្សដូចគ្នា ។ ព្រះយេស៊ូ មានក្រឹត្យវិន័យ១០​ប្រការគឺៈ
-       ក្រឹត្យវិន័យទី១ កុំមានព្រះឯណាទៀតឲ្យសោះ
-       ក្រឹត្យវិន័យទី២ កុំថ្វាយបង្គំរូបចម្លាក់
-       ក្រឹត្យវិន័យទី៣ កុំប្រើនាមរបស់ព្រះឥតការឲ្យសោះ
-       ក្រឹត្យវិន័យទី៤ ចូរនឹកពីថ្ងៃឈប់សម្រាក
-       ក្រឹត្យវិន័យទី៥ ត្រូវគោរពប្រតិបត្តិដល់ឪពុកម្ដាយ
-       ក្រឹត្យវិន័យទី៦ កុំសម្លាប់មនុស្សឲ្យសោះ
-       ក្រឹត្យវិន័យទី៧ កុំផិតក្បត់ឲ្យសោះ
-       ក្រឹត្យវិន័យទី៨ កុំលួច ប្លន់ឲ្យសោះ
-       ក្រឹត្យវិន័យទី៩ កុំកុហក់ឲ្យសោះ
-       ក្រឹត្យវិន័យទី១០ កុំលោភលន់់ឲ្យសោះ (៣១)
នៅក្នុងបញ្ញត្តិទី៥ បានបង្គាប់ថា ចូរគោរពឪពុកម្ដាយ ដើម្បីអោយអាយុវែង ។ ព្រះយេ​ហូវា ជាព្រះដែលទ្រង់ប្រទានឲ្យហើយនៅក្នុងបញ្ញត្តិទី៥ដែល បានបង្ហាញពីការ​យក​ចិត្ត​ទុក​ដាក់ចំពោះករណីកិច្ចរបស់ខ្លួននោះ ជាកូនដ៏វិសេសត្រូវយល់ថាឪពុកម្ដាយ​គាត់​ជា​តំណាង​​របស់ព្រះ ក្មេងៗរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ មាតាបិតាខ្លួន ដើម្បីឲ្យរាល់​គ្នា​បាន​សេចក្ដី​សុខ ហើយរស់នៅលើផែនដីយូរអង្វែងទៅ
នៅបញ្ញតិ្តទី៦ លោកបានហាមមិនឲ្យសម្លាប់មនុស្សឲ្យសោះ គឺបានបង្រៀនឲ្យដឹង​ជីវិតរបស់មនុស្សមានសារៈសំខាន់ណាស់ ហើយព្រះអង្គក៏មិនព្យាយាមធ្វើទោសដល់ជីវិត​ដែរ (៣២)។ ត្រង់នេះសូម្បីតែខ្លួនឯងក៏មិនត្រូវសម្លាប់ តែបុគ្គល៣ពួកគឺ ទ័ពបច្ចាមិត្រ មនុស្ស​មាន​ទោសប្រហារជីវិត និងចោរដែលបំរុងមកប្រហារជីវិតខ្លួនត្រូវសម្លាប់បាន (៣៣)



(៣១) ភីតធ័រ វៃស, និងផ្សេងទៀត, ការវិវត្តនៃលទ្ធិប្រជាធិបតេយ្យ៖ ​យុត្តិធម៌សង្គមតាមទស្សនវិស័យ​របស់​សហគមន៍​សាស​នា​ទាំងឡាយ,​(ភ្នំពេញ៖ មូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ, ២០០៧), ៤៥។
(៣២) ង៉ែត សារឿន,​ រៀបរៀង, ទស្សនវិជ្ជាសីលធម៌៖ សីលធម៌ អប់រំ (ភ្នំពេញ៖ពុទ្ធិកសាកលវិទ្យាល័យសីហមុ​នីរា​ជា,​២០១១)​,៣៥។
(៣៣) ឥន្ទ ឱមសាម៉េង, ប្រវត្តិទស្សនៈសាសនា សីលធម៌ នយោបាយ,​ (ភ្នំពេញ៖ ០៧ ខែមករា ឆ្នាំ ២០០៤), ២៧៦ ។

ទស្សនៈអប់រំសីលធម៌របស់ ខុង ជឺ


ទស្សនៈអប់រំសីលធម៌របស់ ខុង ជឺ (៥៥១‍‌-៥៧៩ មុន​ គ.ស.)
          តាមការសិក្សាទស្សនវិជ្ជាបូព៌ាប្រទេស គេចាត់ទុក ខុង ជឺ ជាបិតាសីលធម៌ ហើយ​មានលក្ខណៈ ជាសាសនាផង ជាការអប់រំផង ជាច្បាប់សីលធម៌ផងដែរ។ ខុង ជឺ មាន​លក្ខណៈ​ជាលទ្ធិមួយ ដែលសង្កត់ធ្ងន់ទៅលើបញ្ហាសីលធម៌ គុណធម៌ មនុស្សធម៌ ជា​ពិសេសចំពោះជនជាតិចិននាសម័យនោះ។
          ទស្សនៈ ខុង ជឺ ស្ដីពីមនុស្សគ្រប់រូបដែលល្អជាងគេ គឺជាអ្នកដែលរស់នៅប្រកប​ដោយ​ភាពត្រឹមត្រូវមានគុណធម៌ និងករុណា។ ការរស់នៅល្អ គឺអាចសម្រេចបាន​តែនៅក្នុង​ទំនាក់​ទំនងប្រាំយ៉ាងរបស់មនុស្សដែលស្គាល់ខ្លួនឯង ដោយ​ប្រកាន់ខ្ជាប់នូវសីលធម៌ គុណ​ធម៌ កត្តញ្ញូទៅតាមកតព្វកិច្ចរបស់ខ្លួនៈ
-       អ្នកដឹកនាំចំពោះមន្រ្តីរបស់រដ្ឋ
-       ឪពុកម្ដាយ ចំពោះកូន
-       ប្ដី ចំពោះប្រពន្ធ
-       មនុស្សចាស់ ចំពោះក្មេង​ ហើយនិង
-       មិត្តភក្ដិ ចំពោះ មិត្តភក្ដិ (២១)
ខុង ជឺ យល់ថា ដើម្បីឲ្យសង្គមមានសណ្ដាប់ធ្នាប់ល្អ លុះត្រាតែក្នុងសង្គមនោះមាន​ការ​ប្រតិប្តិត្រឹមត្រូវ។ ទៅតាមឈ្មោះជាមុនសិន ។ បានន័យថា ម្នាក់ៗត្រូវតែស្គាល់ឈ្មោះ និង​​មុខងារ​តួនាទីរប​ស់ខ្លួនឲ្យច្បាស់។ ខ្លឹមសារសំខាន់នៅទីនេះ គឺស្ថិតនៅត្រង់ថា អ្នកគ្រប់​គ្រង ឪពុកគឺ​ឪពុក ហើយកូន គឺកូន​។ល។ គ្រប់ឈ្មោះទាំងអស់សុទ្ធតែមានមុខងារខុសៗ​គ្នា​។បើឈ្មោះណាមួយបំពេញមុខងាររបស់ខ្លួនមិនត្រឹមត្រូវ អ្នកតំណាងឲ្យឈ្មោះនោះ ក៏មិន​ចាត់​ទុកថាជាបុគ្គលល្អបានដែរ​។
ខុង ជឺ បានជំរុញសាវ័ករបស់គាត់ឲ្យរិះគន់អ្នកគ្រប់គ្រងប្រសិនបើពួកគេឃើញអ្នក​
គ្រប់​គ្រងអសីលធម៌ ។ គាត់បានចាប់អារម្មណ៍ក្នុងសិទ្ធិអំណាចនយោបាយ ​ហើយបង្កើត
​គុណ​ធម៌ មិនប្រែប្រួលប្រាំយ៉ាងដែលគាត់បានជឿថា អ្នកគ្រប់គ្រងគួរតែអនុវត្ត​ ក្នុងការគ្រប់​គ្រងប្រជាជនរបស់ខ្លួន ។
·         មេត្តាធម៌ៈ តែងតែគិតមុននូវអ្វីដែលជាអំពើល្អដល់ប្រជាជន
·         ភាពម៉ឺងម៉ាត់ៈ មិនត្រូវធ្វើកិច្ចការណាដែលមិនចង់ធ្វើ
·         ភាពស្មោះត្រង់ៈ គោរពនូវឧត្តមគតិ និងកិច្ចការរបស់ខ្លួន
·         បញ្ញាៈ ត្រូវបានដឹកនាំដោយចំណេះដឹងប្រកបដោយការពិចារណាខ្ពស់លើហេតុ​និង​ផល
·         សច្ចធម៌ៈ ត្រូវតាំងចិត្តមិនលំអៀង ជាកណ្ដាលស្មោះត្រង់។
តាមទស្សនៈខុង ជឺ ឲ្យតម្លៃមនុស្សលើសីលធម៌ គុណធម៌ និង យុត្តិធម៌ ។ ខុង ជឺ បាន​ហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាត បើទោះស្ថិតក្នុងស្ថានភាពបែបនាក៏ដោយ ។​លោក​​ចាត់​​ទុកថាសង្រ្គាមជាប្រភពអមនុស្សធម៌ ។ លោកមិនពេញចិត្តចំពោះ​អំពើ​ឃោរឃៅ អមនុស្ស​ធម៌ ដែលមនុស្សមួយចំនួនបាន​ប្រព្រឹត្តទៅលើ​សត្វ និង​ ទៅលើ​មនុស្សគ្នាឯង ដូច​ករណី​កងទ័ពចាប់ឈ្លើយសង្រ្គាមមកកាត់ដៃ កាត់ជើង បោះទៅ​លើចុងលំពែង ចាប់​មនុស្ស​យក​ទៅស្រុះទឹកក្ដៅដូចស្រុះមាន់ គាបក្បាលពិរុទ្ធជនឲ្យ​ស្លាប់ដោយទារុណកម្ម -- ។ អំពើ​ទាំងនេះសុទ្ធសឹងជាអំពើអមនុស្សធម៌ ។
លោកបានបង្ហាត់មនុស្សគ្រប់វណ្ណៈទាំងអស់នៅក្នុងសង្គម ឲ្យ​ហ៊ាន​ទទួល​ស្គាល់នូវ​ទង្វើ​រ​បស់​ខ្លួនដែលបានប្រព្រឹត្តកន្លងមក​ ទោះបីជាអំពើល្អ ឬ​អំពើ​អាក្រក់​ក្ដី​នៅ​ចំពោះ​មុខ​ច្បាប់​។ អ្នក​ប្រព្រឹត្តល្មើសនឹងច្បាប់ត្រូវទទួលទារុណ​កម្ម​ឲ្យសម​នឹង​កំហុស​ដែល​​គេបាន​សាង​​​។ ប្រសិន​បើកំហុសនោះធ្ងន់ដល់ប្រហារជីវិត​ អ្នក​ទោស​ត្រូវ​ហ៊ាន​ធ្វើអត្ត​ឃាត​ខ្លួនឯង​...។
សីលធម៌ ខុង ជឺ សង្កត់ធ្ងន់ទៅលើទស្សនៈថា មនុស្សម្នាក់ៗត្រូវមានស្មារតីអៀន​ខ្មាស ត្រូវ​ចេះ​យល់នូវអ្វីដែលត្រឹមត្រូវ និង មានយុត្តិធម៌ក្នុងជីវិត​។ ម៉្យាងទៀតឲ្យ​មនុស្ស​បណ្ដុះ​នូវ​សេចក្ដី​ស្រលាញ់ចំពោះអ្នកដទៃ ដូចជាខ្លូនឯងដែរគឺៈ
-       ធ្វើគុណទៅហើយ បើគេតបមកវិញ ចាត់ទុកដូចជាពុំបានធ្វើគុណ ។
-       ធ្វើគុណទៅហើយ បើបានផលអាក្រក់មកវិញ ត្រូវទទួលការពិសោធន៍ដោយដៃពីរ​។
-       អំពើដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅលើអ្នកដទៃ ។
-       អំពើណាដែលអ្នកស្រលាញ់ចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើអំពើនោះទៅអ្នក​ដទៃជាមុនសិន ។
-       អំពើណាដែលបានធ្វើហើយបានទទួលផលដល់ខ្លួនឯង ហើយបានទុក្ខដល់អ្នកដទៃ​
សូមជៀសវាងកុំធ្វើអំពើនោះដាច់ខាត ។
-       បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទុក្ខទោសទៅវិញ ចូរត់គេចឲ្យផុតពី​ទុក្ខទោសនោះឲ្យបានមុនទុក្ខនោះមកដល់ ។
-       បើធ្វើគុណប្រយោជន៍ហើយសូមកុំរំឮកគុណទាំងនោះនៅចំពោះមុខគេឪ្យសោះ បើ​មិនដូច្នោះទេ គុណប៉ុនភ្នំនឹងត្រូវរលាយ ។
-       ត្រូវទុកឲ្យអ្នកដទៃនិយាយពីគុណប្រយោជន៍របស់អ្នកវិញ ទើបប្រសើរជាង។
-       អ្វីដែលអ្នកមិនសប្បាយចិត្តចំពោះអ្នកធំមកលើរូបអ្នក កុំយកវាទៅអនុវត្តន៍លើ​មនុស្សក្រោមបង្គាប់អ្នក (២២)
          ខុង ជឺ​បានឲ្យតម្លៃយ៉ាងខ្ពស់បំផុតទៅលើ សីលធម៌មនុស្សលោក ។ លោកបានអះ​អាងថា ការគ្រប់គ្រងតាមបែបសីលធម៌ ប្រសើរជាងការគ្រប់គ្រងដោយច្បាប់ ។ ព្រោះសតិ​សម្បជញ្ញៈ មនសិការ ស្មារតី ឆន្ទៈរបស់មនុស្ស កើតឡើងពីមនុស្សសុទ្ធសាធ ។ រីឯច្បាប់ គឺ​ជាការតាក់តែងដោយក្រុមមនុស្ស ដើម្បីការពារនូវផលប្រយោជន៍រៀងៗខ្លួន ទៅតាមក្រុម សង្គមរបស់គេ ហើយក៏ជាការមួយសម្រាប់គាបសង្កត់គម្រាមកំហែង លើអ្នកទន់ខ្សោយ​ផង​ដែរ ។ តាមខុង ជឺ អាចដឹងទៀតថា គុណធម៌របស់មនុស្សជាតិ ចិត្តមេត្តា ភាព​ជា​មនុស្ស​ពិត​ប្រា​កដ គឺលក្ខណៈសីលធម៌ ស្នេហាអំពើល្អរបស់មនុស្ស និងទឹកចិត្តមនុស្សធម៌ ។​ តាម​ទស្សនៈ សីលធម៌របស់ ខុង ជឺ ចិត្តមេត្តាសន្ដោសប្រណី​គឺជាកត្តាចម្បងបំផុត សម្រាប់ការ​រស់​​​​​នៅរបស់មនុស្សនៅក្នុងសង្គម ។
          ដូច្នេះយើងឃើញថា ទស្សនៈរបស់ ខុង ជឺ ពិតជាបានរួមចំណែកយ៉ាងធំធេងបម្រើ​ឲ្យ​ប្រ​ព័ន្ធអប់រំ ប្រព័ន្ធគ្រប់គ្រងដឹកនាំរដ្ឋ តាមបែបទស្សនវិជ្ជាសីលធម៌ ។ អ្វីដែលគួរឲ្យចាប់​អា​រម្មណ៍​គឺ ខុង ជឺ មិនប្រើប្រាស់កម្លាំងខាងក្រៅនោះទេដើម្បីជួយដោះស្រាយបញ្ហាក្នុងជីវ​ភា​ព​​រ​បស់បុគ្គល គ្រួសារ សង្គម​។​ ផ្ទុយទៅវិញលោកបានប្រើក្បួនច្បាប់សីលធម៌ធ្វើជាមូល​ដ្ឋាន​​ក្នុង​ការដោះស្រាយ និងដឹកនាំសង្គមមនុស្សឆ្ពោះទៅរកសុភមង្គលយ៉ាងពិត​ប្រា​កដ
 (២៣)



(២១) ប៉ាន់ វុត្ថា, ទស្សនវិជ្ជា, (ភ្នំពេញ៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, ២០១០), ៣៩ ។
(២២) ឥន្ទ ឱមសាម៉េង, ប្រវត្តិទស្សនៈសាសនា សីលធម៌ នយោបាយ,​ (ភ្នំពេញ៖ ០៧ ខែមករា ឆ្នាំ ២០០៤),​៣១១។
(២៣) ង៉ែត សារឿន,​ រៀបរៀង, ទស្សនវិជ្ជាសីលធម៌៖ សីលធម៌ អប់រំ (ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យសីហមុ​នីរា​ជា,​២០១១)​, ២៧-២៩។

ទស្សនៈអប់រំសីលធម៌របស់ សូក្រាត


ទស្សនៈអប់រំសីលធម៌របស់ សូក្រាត
(៤៦៩‍‍​ - ៣៩៩ មុនឝ.ស.)
សូក្រាត ជាជនជាតិក្រិក កើតនៅឆ្នាំ ៤៦៩ មុនគ្រឹស្តសករាជ(២៤) (ឯកសាខ្លះដាក់ថា ឆ្នាំ៤៧០​ មុនគ្រឹស្ដសករាជ (២៥)) ។ បិតាលោកឈ្មោះ សូប្រូនីស៍ ជាជាងចម្លាក់ ហើយ​មាតា​លោក​ឈ្មោះនាងហ្វេណារ៉ែតជាឆ្មបជួយសង្គ្រោះ​ជីវិតមនុស្សមិនរើសមុខ ។ ដូច្នេះហើយ​បាន​ជា​លោក សូក្រាត តែងពោលថា “ម្ដាយខ្ញុំជា​ឆ្មបសំរាលកូន ឯខ្ញុំជាឆ្មបសំរាយគំនិត” ។
សូក្រាតត្រូវបានគេចាត់ទុកថា ជាអ្នកបង្កើតជាដំបូងបង្អស់នូវទ្រឹស្ដីសីលធម៌ផ្សេងៗ​។ ក្នុងទ្រឹស្ដីសីលធម៌ទាំងនោះ យើងអាចកត់សំគាល់ឃើញមានគោលជំហរធំបីយ៉ាង៖(២៦)
១ ការទប់ចិត្ត
តាមការស្មានមើលទៅ សូក្រាតប្រហែលជាគាត់បានបង្រៀនប្រដៅខ្លួនឯងរួចជាមុន​ហើយ មុននឹងទៅបង្រៀនអ្នកដទៃឯទៀត ។ ការចេះទប់ចិត្តខំអត់សង្កត់ចិត្តនេះ ធ្វើឲ្យគាត់​មាន​ជ័យ​ជំនះលើខ្លួនគាត់ជានិច្ច ។ កម្លាំងចិត្តខាង​ក្នុងដែលគាត់​ចេះទប់នេះ​មានឥទ្ធិពល​ទៅ​លើ​ទស្សនវិទូក្រោយៗមកទៀត ។ “ពុទ្ធិ” ដែលបណ្ដាល​មក​ពីការ​ទប់កម្លាំងចិត្ត ត្រូវផ្សព្វ​ផ្សាយ​ជុំ​វិញខ្លួនគាត់ ។ គាត់មិន​ដែលចង់​រស់នៅ​ឯកា​ម្នាក់​ឯង​ទេ គាត់ចង់រស់​នៅក្នុង​សង្គម​មនុស្ស​ជាមួយមនុស្ស និងដើម្បីមនុស្សទៀតផង ។ គាត់ផ្ដល់​ចំពោះ​មនុស្សទូទៅ នូវកេរ្តិ៍មរ​តក​​ដ៏​មានតម្លៃម៉្យាងដែលគាត់ខំស្វះស្វែងរកបាន គឺ ការ​ទប់​ចិត្ត ។
ចំពោះកម្លាំងអ្វីម៉្យាង ដែលរុញច្រានឲ្យសូក្រាតរត់រកមនុស្សដទៃឯទៀតនោះ​សូក្រាត​​​​យ​ល់និងជឿជាក់ថា គាត់បានទទួលបញ្ជាពីព្រះអាទិទេពដែលតម្រូវឲ្យគាត់បំពេញ​បេសកកម្មមួយ ។
កាលនោះសកម្មភាពរបស់សូក្រាតនៅក្រុងអាថែន គ្មានអ្វីក្រៅអំពីការបង្ហាញ និង​ពន្យល់ប្រាប់ចំពោះមតិសាធារណជនឲ្យដឹង ឲ្យឮ ឲ្យស្គាល់ នូវការតាំងខ្លួនជាម្ចាស់​លើចិត្ត​ខ្លួន​ឯងនោះឡើយ។ ក្នុងសម័យនោះតើមាននរណាទៀតដែលប្រកបដោយគតិបណ្ឌិត ទៅ​ដោយពុទ្ធិ លើសជាងសូក្រាតនេះទៅទៀត ? ជីវិតរបស់សូក្រាតបានប្រព្រឹត្តទៅតាមគន្លង​នៃការពិចារណាទៅតាមការគិតចំពោះខ្លួនឯងផង និងចំពោះអ្នកដទៃផង ។ សូក្រាតយល់​ថាហាក់ដូចជាមានអត្ថិភាព របស់ព្រះអាទិទេពនៅក្នុងខ្លួនរបស់គាត់ ។ គាត់ហាក់ដូចជាឮ​សូរសម្លេងមួយស្រែកចេញពីក្នុងខ្លួនគាត់មក ហាមប្រាមបង្គាប់បញ្ជាគាត់មិនឲ្យប្រព្រឹត្តអំ​ពើ​ណាដែលមិនគួរគប្បី ។ ដូច្នេះយើងអាចកត់សម្គាល់ថា គំនិតរបស់សូក្រាតមានលក្ខណៈ​បែបសាសនា ។ ​ប៉ុន្តែទោះជាគាត់មានជំនឿទៅលើសាសនាដូចម្ដេចក៏ដោយ ក៏សូក្រាតពុំ​យកសាសនាមកធ្វើជាមូលដ្ឋានទ្រឹស្ដីវាសនារបស់មនុស្សដែរ (២៧)
២. ស្គាល់ខ្លួនដោយខ្លួនឯង
តើសូក្រាតបានបង្រៀនអ្វីខ្លះ ?  សីលធម៌របស់សូក្រាត គឺធ្វើដូចម្ដេចឲ្យ​មនុស្ស​ចេះ​ស្គាល់​ខ្លួនឯង​ដោយច្បាស់​លាស់ ។ សូក្រាតចង់បញ្ជាក់ថា ការស្គាល់ខ្លួនឯង មិន​មែន​ជា​ការ​​ងាយ​ស្រួលទេ ។ មនុស្សម្នាក់ៗជឿទាំងខុសថាខ្លួនស្គាល់ខ្លួនឯងប្រាកដណាស់ (២៨)។ ជំនឿ​នេះមិនត្រឹមត្រូវទេ​ពីព្រោះមនុស្សម្នាក់ៗពិបាកនឹងស្គាល់ខ្លួនឯងបានច្បាស់លាស់​ណាស់​​។ លោក សូក្រាត បានជំរុញឲ្យមនុស្ស “ស្គាល់ខ្លួន​ឯង” ដែលធ្វើឲ្យមានទម្លាប់ល្អ ដោយ​ផ្ដើម​ចេញ​ពីរាងកាយខ្លួនឯងភ្ជាប់​ទៅនឹង​អ្នក​ដទៃ(២៩) ។ ការស្គាល់ខ្លួនឯងរបស់ សូក្រាត​ក៏មិនខុសឆ្ងាយពី ការស្គាល់នូវតួនាទីរបស់ខ្លួនឯងនៅក្នុងព្រះពុទ្ធសាសនា និង​ស្គាល់​ឈ្មោះរបស់ខ្លួននៅក្នុងទស្សនៈរបស់ខុង ជឺ ដែរ គឺមនុស្សម្នាក់ៗ ត្រូវស្គាល់ពីតួនា​ទី ស្គាល់​ភារកិច្ច ស្គាល់កតព្វកិច្ច របស់ខ្លួនម្នាក់ៗ​ដែលត្រូវប្រព្រឹត្តចំពោះអ្នកដទៃ ។
៣. មនុស្សមិនមែនអាក្រក់ដោយចេតនាទេ
ឯទ្រឹស្ដីសំខាន់មួយទៀតរបស់សូក្រាត គឺគាត់ចង់ពន្យល់ថាការស្គាល់ខ្លួនឯងដោយ
​ខ្លួន​ឯងនេះ ជាការចាំបាច់ ។ ការស្គាល់ខ្លួនឯងដោយខ្លួនឯង នេះឲ្យយើងបានយល់ដឹង​ច្បាស់ថា “គ្មានមនុស្សណាម្នាក់កាចសាហាវឃោរឃៅដោយចេតនាសោះឡើយ” មនុស្ស​ដែលបានប្រព្រឹត្តនូវអំពើឃោរឃៅកាចសាហាវយង់ឃ្នងមិនមែនដោយចិត្តច​ង់ ឬដោយ​ចេតនានោះឡើយ ។ ការប្រព្រឹត្តនូវអំពើដ៏ឃោរឃៅនេះ គឺដោយសារតែសមីខ្លួននោះល្ងង់​ខ្លៅ ខ្វះការចេះដឹង ។ ការល្ងង់ខ្លៅការចេះដឹងនេះហើយ ដែលដឹកនាំមនុស្សឲ្យលង់លក់នៅ​ក្នុងតណ្ហាហើយប្រព្រឹត្តនូវអំពើបាបកម្មដោយមិនដឹងខ្លួន ។ ពោលឲ្យចំទៅ អំពើឃោរឃៅ​ទាំង​ឡាយកើតមកអំពីការមិនទាន់ស្គាល់ខ្លួនឯងដោយខ្លួនឯង ដោយចេះតែយល់ច្រឡំថា
​ខ្លួន​ជាអ្នកប្រាជ្ញ ជាអ្នកចេះដឹងជ្រៅជ្រះ ។
ឯវិទ្យាសាស្រ្តដែលសូក្រាត តែងតែប្រកាសថាជារបស់គាត់នោះ គឺត្រង់ដែលគាត់​ដឹងខ្លួនថាគាត់ឥតចេះដឹងអ្វីទាំងអស់ ។
កាលបើគេឮសូក្រាតនិយាយយ៉ាងដូច្នេះ ពួកអ្នកស្ដាប់នាំគ្នាភ្ញាក់ផ្អើលបើកភ្នែកធំៗ​។ តែសូក្រាតទៅកន្លែងណាមួយហើយ គឺប្រៀបបានដូចជា គ្រាប់បែកផ្ទុះនៅកន្លែងនោះ​​អញ្ចឹង ។ គាត់ធ្វើឲ្យជនទាំងនោះស្រឡាំងកាំងរកហាមាត់និយាយមិនរួច ។ គាត់ខំធ្វើយ៉ាង​ដូចម្ដេចឲ្យមនុស្សក្រឡេងមើលមកខ្លួនឯង ព្រោះគាត់ដឹងថា មនុស្សពុំដែលចាប់ភ្លឹកយក​
ចិត្តទុកដាក់នឹងខ្លួនឯងសោះ។
ឯមនុស្សដែលសូក្រាតចូលចិត្តប្រៀនប្រដៅជាងគេ គឺយុវជនក្មេងៗ ព្រោះមនុស្ស​ប្រភេទ​​នេះ ឆាប់យល់ស្របតាមការពន្យល់របស់គាត់ណាស់ ។ សូក្រាតបានពន្យល់​បង្ហាត់​​បង្ហាញ​យុវជន​កុំឲ្យមានជំនឿ និងអនុវត្តន៍ទៅតាម ទំនៀមទម្លាប់​ដែលគេធ្លាប់​បាន​ទទួល​ការ​អប់រំនៅក្នុងគ្រួសារ ។ ដោយហេតុដូច្នេះហើយ បាន​ជា​តុលាការ​ទីក្រុង​អាថែន​បាន​ចោទ​ប្រកាន់សូក្រាតថាជាអ្នកបំបះបំបោរយុវជនដែលកំពុងតែល្អ ឲ្យក្លាយ​ទៅជា​ពុក​រលួយ ខូច​អស់របៀបរៀបរយដែលធ្លាប់តែមាននៅក្នុងសង្គម ។
តាមការពិតទៅ​ សូក្រាតចង់ជួយអប់រំក្មេងដោយស្មោះត្រង់ ដោយឲ្យយុវជនទាំង​នេះចេះប្រើប្រាស់នូវកម្លាំងផ្ទាល់របស់ខ្លួនដោយវិធីស្គាល់ខ្លួនឯងដោយខ្លួនឯង។ (៣០)



(២៤) ឥន្ទ ឱមសាម៉េង, ប្រវត្តិទស្សនៈសាសនា សីលធម៌ នយោបាយ,​ (ភ្នំពេញ៖ ០៧ ខែមករា ឆ្នាំ ២០០៤),​៣៣៦។
(២៥) រស់ ចន្រា្តបុត្រ, សូក្រាត, (ភ្នំពេញ៖ ១២ ខែវិច្ឋិកា ឆ្នាំ១៩៧២),១០ ។
(២៦) ដូច (២៤), ៣៣៧ ។
(២៧) រស់ ចន្រា្តបុត្រ, សូក្រាត, (ភ្នំពេញ៖ ១២ ខែវិច្ឋិកា ឆ្នាំ១៩៧២),២៥-២៧។
(២៨) ដូច (២៧), ២៧-២៩។
(២៩) ង៉ែត សារឿន,​ រៀបរៀង, ទស្សនវិជ្ជាសីលធម៌៖ សីលធម៌ អប់រំ (ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យសីហមុ​នីរា​ជា,​២០១១)​,៣៦។
(៣០) រស់ ចន្រា្តបុត្រ, សូក្រាត, (ភ្នំពេញ៖ ១២ ខែវិច្ឋិកា ឆ្នាំ១៩៧២),៣០-៣២។