|
|||
ប្រជុំពាក្យគន្លាស់កាត់ឬបរិវារស័ព្ទខ្មែរ |
បរិវារស័ព្ទ = បរិវារ + ស័ព្ទ គឺជាស័ព្ទហែហម ភ្ជាប់នឹងស័ព្ទដើមក្នុងចំណោមសមាសនាមនីមួយៗ ប្រៀបធៀបដូចជាបរិវារ ដើម្បីសម្រួលសម្តីនិយាយ និងប្រគំស្នូរសំឡេងពិរោះ ផ្តួលតាមសំឡេងស័ព្ទដើម ឲ្យមានសភាពជាប់ចុងជួន សម្រួលដល់ត្រចៀកអ្នកស្តាប់នោះម្យ៉ាងដើម្បីជាគុណស័ព្ទពន្យល់យ៉ាង ច្បាស់នូវលក្ខណៈ ឬគុណសម្បត្តិនៃពាក្យដើមនោះទៀតផង។
កញ្ជក់កញ្ជែងៈ ចាប់ទាញកន្ត្រាក់ដោយឥតគួរប្រណី។ បរិវារស័ព្ទៈ កញ្ជែងដោយឥតកោតក្រក់ គឺកញ្ឆក់ដោយឥតកោតក្រែង។
កណ្តោចកណ្តែងៈ ត្រមោចឯកឯងក្នុងទីស្ងាត់។ បិរវារស័ព្ទៈ កណ្តែងតែម្នាក់អោច គឺកណ្តោចតែម្នាក់ឯង។
កម្ទេចកម្ទីៈ កម្ទីជាធូលិច គឺកម្ទេចជាធូលី។
កាក់កបៈ កាក់គ្រប់ដំណប គឺកបគ្រប់ដំណាក់។
កៀនកោះ កោះចន្លៀនគឺកៀនចន្លោះ។
កំប្លុកកំប្លែងៈ កំប្លុកថ្លែង គឺកំប្លែងថ្លុក។
កំព្រីកំព្រាៈ កំព្រីដោយឥតមេជា គឺកំព្រាដោយឥតមេជី។
ក្តីក្តាំៈ ក្តាំព្រោះប្រកាន់រៀងខ្លួនតាមចំណី គឺក្តីព្រោះប្រកាន់រៀងខ្លួនតាមចំណាំ។
ក្បាច់ក្បូរៈ គេច្រើនប្រើពាក្យនេះក្នុងវគ្គ "មិនដឹងជាក្បាច់ក្បូរអ្វីទេ! ឬចេះតែក្បាច់ក្បូរណាស់" ដែលយើងអាចបកស្រាយថាៈ ពុំមានការចាំបាច់អ្វីឡើយ! ឬពុំចាំបាច់ទេ! ដូច្នេះបរិវាស័ព្ទ ក្បូរអាចគន្លាស់បានជាពាក្យ ក្បូរចាំដាច់ គឺក្បាច់ចាំដូរ។
ក្បាលក្បូងៈ ក្បូងដូចលលាដ៏ដាល គឺក្បាលដូចលលាដ៏ដូង។
ក្មេងក្មាងៈ ក្មាងអ្នកជិតខេង គឺក្មេងអ្នជិតខាង។
ក្រវេក្រវូៈ ជាគ្រាមភាសាមានន័យថារវល់ ឈឺឆ្អាល។ ក្រវេរឿងរបស់កូ គឺក្រវូរឿងរបស់គេ។
ក្រីក្រៈ ជនក្រីក្រជាជនខ្សត់ខ្សោយលំបាកណាស់ មិនថាតែសម្បត្តិទេ គឺរហូតដល់តំរិះវិជ្ជាផង ។ល។ បរិវារស័ព្ទៈ ក្រីអប្រ គឺក្រអប្រិយ ពោលគឺជនក្រខ្សត់លំបាកដែលជាជនមិនគួរស្រឡាញ់រាប់អាន។
ខិតខំៈ ខិតធ្វើការឲ្យអស់ពីចំ គឺខំធ្វើការឲ្យអស់ពីចិត្ត។
ខ្ជះខ្ជាយៈ ខ្ជាយជះចោលដោយរាត់រះ គឺខ្ជះជះចោលដោយរាត់រាយ។
ខ្នល់ខ្នើយៈ ខ្នល់សម្រាប់កើយ គឺខ្នើយសម្រាប់កល់។
ខ្លាំងក្លាៈ ក្លាគ្រប់ប្រកាំង គឺខ្លាំងគ្រប់ប្រការ។
ខ្វល់ខ្វាយៈ ខ្វាយក្នុងរូបកល់ គឺខ្វល់ក្នុងរូបកាយ។ ខ្វាយរកមធ្យោបល់ គឺខ្វល់រកមធ្យោបាយ។
គិតគូរៈ គូរដើម្បីឲ្យធិត គឺគិតដើម្បីឲ្យធូរ។
គំរោះគំរើយៈ គំរើយព្រៃផ្សៃយ៉ាងជម្លោះ គឺគំរោះព្រៃផ្សៃយ៉ាងជម្លើយ។
គ្រាំគ្រាៈ ដែលចាស់ណាស់ ទ្រេតទ្រោម ទ្រុឌទ្រោម។ បរិវារស័ព្ទៈ គ្រាដោយចាស់ជរាំ គឺគ្រាំដោយចាស់ជរា។
ឃោរឃៅៈ កាចខ្លាំងឥតមេត្តាប្រណី។ បរិវារស័ព្ទៈ ឃៅដោយចិត្តអាស្រូ គឺឃោរដោយចិត្តអាស្រូវ។
ងងឹតងងល់ៈ ងងល់មើលមិនយឹត គឺងងឹតមើលមិនយល់។
ងរងក់ៈ ងក់មួយសំប៊រ គឺងរមួយសំបក់។
ចង្អៀតចង្អល់ៈ ចង្អល់តប់ប្រមៀត គឺចង្អៀតតប់ប្រមល់។
ចានក្បានៈ ក្បានគ្នាតែនឹងចែ គឺក្បែរគ្នាតែនឹងចាន។
ចែចង់ៈ ចែល្បូងឲ្យព្រមដោយតាមដោយផ្លូវស្នង់ គឺចង់ល្បួងឲ្យព្រម ដោយតាម ដោយផ្លូវស្នេហ៍។
ចែចូវៈ ចូវដើម្បីបើកផ្លែ គឺចែដើម្បីបើកផ្លូវ។
ចំណីចំណុកៈ ចំណុកច្រើនគ្រប់ម៉ី គឺចំណីច្រើនគ្រប់មុខ។
ឆោមឆាយៈ ឆាយល្អល្បីទៅឆ្ងោម គឺឆោមល្អល្បីទៅឆ្ងាយ។
ឆ្មើងឆ្មៃៈ ឆ្មៃវាយឫកឲ្យមានតម្លើង គឺឆ្មើងវាយឫកឲ្យមានតម្លៃ។
ឆ្លេឆ្លាៈ ឆ្លេដោយស្ទុះហា គឺឆ្លាដោយស្ទុះហេ។
ឆ្អែតឆ្អន់ៈ ឆ្អន់គ្រប់ក្រែត គឺឆ្អែតគ្រប់គ្រាន់។
ជាតិ ជៅៈ រសជាតិសំខាន់ដែលមានប្រចាំក្នុងអាហារ ក្នុងគ្រឿងបរិភោគគ្រប់ប្រភេទ ឬក្នុងតម្រេក។ល។ សម្លនេះមានជាតិជៅណាស់។ បរិវារស័ព្ទជៅនេះអ្នកប្រាជ្ញបុរាណ ប្រហែលជាមានគំនិតប្រដូចទៅនឹងរសជាតិដ៏សំខាន់ ពិសេសជាងគេក្នុងលោក ពោលគឺ រសជាតិឆ្ងាញ់មួយប្រភេទ ក្នុងតម្រេក ដូច្នេះ បរិវារស័ព្ទ ជៅនេះយើងអាចដោះស្រាយបានជាវគ្គមួយថា៖ ជៅនៅកៀនភ្លាត គឺជាតិនៅកៀនភ្លៅ ពោលគឺមានតែរសជាតិកន្លែងនេះហើយដែលមានឱជារសសំខាន់ជាងគេក្នុង លោក។
ជ្រុលជ្រួសៈ ជ្រួសដើរហ៊ុល គឺជ្រុលដើរហួស។
ជ្រោមជ្រែងៈ ជ្រោមដោយចោមរែង គឺជ្រែងដោយចោមរោម។
ឈូឆរៈ ឆរដោយអរអ៊ូ គឺឈូដោយអ៊ូអរ ឬឆរទៅស្រ៊ូ គឺឈូទៅស្រ។
ញាប់ញ័រៈ ញាប់ដោយសន្ធ័រ គឺញ័រដោយសន្ធប់។
ញញឹមញញែមៈ ញញែមសប្បាយចិត្តដោយផ្អែមល្ហឹម គឺញញឹមសប្បាយចិត្តដោយផ្អែមល្ហែម។
ដាច់ដោចៈ ដោចល្ហាច់ គឺដាច់ល្ហោច ឬដាច់ហិនហោច។
ដំណែដំណឹងៈ ដំណែដោយហូរហឹងគឺដំណឹងដោយហូរហែ។
ឋិតថេរៈ ថេរបានយូរជាកាលកិត គឺឋិតបានយូរជាកេរកាល។
តាក់តែងៈ តាក់ឲ្យបានល្អចែង គឺតែងឲ្យបានល្អជាក់។
តឹងតែងៈ តែងឲ្យដូចខ្សែខ្លឹងគឺតឹងឲ្យដូចខ្សែខ្លែង។
តូចតាចៈ តាចមែនតែច្រើនកូច គឺតូចមែនតែច្រើនកាច។ តាចគ្មានអំណូច គឺតូចគ្មានអំណាច។
ត្រាណត្រើយៈ ត្រាណអវសោយ គឺត្រើយអវសាន។
ត្រួតត្រាៈ ត្រាមើលពិនិត្យគួត គឺត្រួតមើលពិនិត្យការ។
ត្អូញត្អែរៈ ត្អែរចែប៉ប្រូញ គឺត្អូញចែប៉ប្រែ។
ថ្កុំថ្កើងៈ ថ្កុំឧត្តមឧត្តើង គឺថ្កើងឧត្តុង្កឧត្តម។
ថ្នាក់ថ្នមៈ ថ្នាក់មិនឲ្យអម គឺថ្នមមិនឲ្យអាក់។
ថ្លោះធ្លោយៈ ធ្លោយដោយមានការបណ្តែតបណ្តោះ គឺថ្លោះដោយមានការបណ្តែតបណ្តោយ។
ទាក់ទងៈ ទងឲ្យត្រូវតាមទំនាក់ គឺទាក់ឲ្យត្រូវតាមទំនង។
ទូលំទូលាយៈ ទូលំធាយ គឺទូលាយធំ។
ធនធានៈ ធានដែលជាសម្បត្តិអ្នកមុន គឺធនដែលជាសម្បត្តិអ្នកមាន ពោលគឺសម្បត្តិដែលគង់វង់នៅឬកំពុងទ្រទ្រង់នៅ។
ធ្ងន់ធ្ងរៈ ធ្ងរដូចនៅក្រោមគំនន់ គឺធ្ងន់ដូចនៅក្រោមគំនរ។
នឹកនាៈ នារកគ្នីគ្នឹក គឺនឹករកគ្នីគ្នា។
នែបនិត្យៈ និត្យឲ្យជែប គឺនែបឲ្យជិត។
បន្លែបន្លុកៈ បន្លុកគ្រប់ម៉ែ គឺបន្លែគ្រប់មុខ។
បីបមៈ បមដោយថ្នី គឺបីដោយថ្នម។
ប្រែប្រួលៈ ប្រួលព្រោះមានការមិនស្រែ គឺប្រែព្រោះមានការមិនស្រួល។
ផូរផង់ៈ ផង់ដោយត្រចូរ គឺផូរដោយត្រចង់។
ផ្កេកផ្តិតៈ ផ្តិតស្រឡាញ់ដោយជាប់ចេក គឺផ្តេកស្រឡាញ់ដោយជាប់ចិត្ត។
ពោះពង់ៈ មានផ្ទៃពោះ មានគ័គ៌។ ពង់មូលធ្លោះ គឺពោះមូលថ្លុង។
ភ្លើតភ្លើនៈ ភ្លើនសប្បាយភ្លេចខ្លួនដោយភាន់ចិត្តក្រអ៊ើន គឺភ្លើនសប្បាយភ្លេចខ្លួនដោយភាន់ចិត្តក្រអើត។
មនុស្សម្នាៈ ម្នាចាំការពុះ គឺមនុស្សចាំការពារ ឬម្នាជាបរិពុះ គឺមនុស្សជាបរិពារ។
មមើមមាយៈ មមាយនិយើ គឺមមើនិយាយ ឬមមាយរាយមើ គឺមមើរាយមាយ។
ម៉ឹងម៉ាត់ៈ ម៉ាត់ដោយដាច់ណឹង គឺម៉ឹងដោយដាច់ណាត់។
យូរយាៈ យារហួសច្រើនវេលូរ គឺយូរហួសច្រើនវេលា។
យំយែកៈ យែកស្រុម គឺយំស្រែក។
រវើរវាយៈ រវាយនិយាយផ្តេសផ្តាសរាយមើ គឺរវើនិយាយផ្តេសផ្តាសរាយមាយ។
រួសរាយៈ រាយមាត់យ៉ាងពព្រួស គឺរួសមាត់យ៉ាងពព្រាយ។
លះលែងៈ លះគ្នាដាច់ជ្រះស្រឡែង គឺលែងគ្នាដាច់ជ្រះស្រឡះ ឬលះគ្នាដោយដាច់សង្វែង គឺលែងគ្នាដោយដាច់សង្វាស។
ល្អល្អាច់ៈ ល្អាច់ដ គឺល្អដាច់។
វាងវៃៈ វាងដោយជំនាញយ៉ាងរហ័សពុំមានលំអ៊ៃ គឺវៃដោយជំនាញយ៉ាងរហ័សពុំមានលំអៀង។
វិសេសវិសាលៈ វិសាលល្អប្រសើរត្រកេស គឺវិសេសល្អប្រសើរត្រកាល។
សងសឹកៈ សឹកតបវិញដោយអំពើអាក្រក់ពន់ឡង គឺសងតបវិញដោយអំពើអាក្រក់ពន្លឹក។
សមសួនៈ សួននឹងខ្លំ គឺសមនឹងខ្លួន ពោលគឺឫកពារសមតាមវណ្ណៈខ្លួន មិនហួសប្រមាណ។
សម្លសម្លុកៈ សម្លុកបង់ប្រហ គឺសម្លបង់ប្រហុក។
ស្នេហ៍ស្នងៈ ស្នងនៃមាសបែ គឺស្នេហ៍នៃមាសបង។
ស្បថស្បែៈ ស្បែដោយពាក្យសច្ចាប្រកាសថាមិនកត់ គឺស្បថដោយពាក្យសច្ចាថាមិនកែ។
ស្លេកស្លាំៈ ស្លេកប៉ាំង គឺស្លាំងពេក។
ហួងហែងៈ ហែងសម្បត្តិទុកសម្រាប់ខ្លួនអួង គឺហួងសម្បត្តិទុកសម្រាប់ខ្លួនឯង។
ឡូឡាៈ ឡាដោយអានាចូរ គឺឡូដោយអានាចារ។ អានាចារ=ការប្រព្រឹត្តខុសបែបបទសណ្តាប់ធ្នាប់។
អាចារ្យអាចុំៈ អាចុំលោកគ្រូខ្ញារ គឺអាចារ្យលោកគ្រូខ្ញុំ។
ប្រភពៈ សៀវភៅ បរិវារស័ព្ទក្នុងភាសាខ្មែរ កម្រាស៣៦០ទំព័រ និពន្ធដោយ ស៊ីសុវត្ថិ ប៉ូរក្ខស៊ី ឆ្នាំ១៩៧២
No comments:
Post a Comment