|
គំនិតល្អៗពីសៀវភៅស្រីហិតោបទេស
|
(១) អ្នកស្គាល់គុណគាប់ស្គាល់ល្អអាក្រក់
កាលបើសេពគប់មនុស្សអាក្រក់ក៏ត្រឡប់ជាអាក្រក់វិញ
ដូចស្ទឹងថ្លាមានរសជាតិល្អ លុះហូរចូលសមុទ្រហើយ
ក៏ប្រែក្លាយទៅជាមានរសជាតិប្រៃផឹកពុំបាន។
(២) កិច្ចការអ្វីមួយដែលប្រកបដោយអំពើឥតប្រយោជន៍
ក៏រមែងមិនបានផលសមតាមប្រាថ្នាទេ
ដូចជាការប្រើវេលាព្យាយាមបង្រៀនសត្វកុកឲចេះនិយាយដូចសត្វសេក
សូម្បីច្រើនរយដង ក៏នឹងមិនបានផល។
(៣) ជនណាឃើញភរិយាអ្នកដទៃ ទុកស្មើមាតារបស់ខ្លួន
ឃើញទ្រព្យអ្នកដទៃទុកស្មើដុំថ្ម ឃើញសព្វសត្វទាំងឡាយ
ទុកស្មើរូបខ្លួន ជននោះលោកហៅថា"បណ្ឌិត"។
(៤) ចិត្តម៉ឹងម៉ាត់ក្នុងគ្រាក្រទុក្ខព្រួយ
ចិត្តនឹងធឹងក្នុងគ្រាសុខចំរើន
សេចក្តីអង់អាចក្នុងទីប្រជុំជនដោយថ្វីមាត់
ចិត្តក្លៀវក្លាក្នុងសមរភូមិ ចិត្តត្រេកអរក្នុងយស
និងចិត្តស្រវាស្រទេញក្នុងការសិក្សា ទាំងអស់នេះ
ជាលក្ខណៈសម្បត្តិរបស់បុគ្គលមានចិត្តដ៏មហិមា។
(៥) គេដឹងចិត្តមិត្រក្នុងគ្រាក្រ
ដឹងចិត្តទាហានក្លៀវក្លាក្នុងសង្រ្គាម
ដឹងចិត្តស្មោះត្រង់ក្នុងការសងបំណុលគេ
ដឹងចិត្តភិរយាក្នុងពេលខ្សត់ទ្រព្យ
និងដឹងចិត្តផៅពង្សគ្រាវិនាសអន្តរាយ។
(៦)
បុគ្គលកុំគប្បីចងមិត្តសម្លាញ់ឬចងស្ពានមេត្រីជាមួយមនុស្សអាក្រក់
ជាដាច់ខាត ដូចជាធ្យូង បើនៅក្តៅវារលាកដៃ បើរលត់ហើយ
វាប្រឡាក់ដៃ។
(៧) បើជាសត្រូវហើយ
បុគ្គលកុំគប្បីចងមេត្រីជឿទុកចិត្តយ៉ាងស្និតឲសោះ ដូចជាទឹក
ទុកជាពុះខ្លាំងគគ្រឹកៗក៏អាចរលត់ភ្លើងបាន។
|
សៀវភៅស្រីហិតោបទេសភាគពីរៈ សម្រង់គតិបណ្ឌិត
|
- នរជនដូចម្តេច
កាលក្រឡេកមើលទៅខាងក្រោមឃើញជនទាបជាងខ្លួនមិនជោរអួតអាងថា
ខ្លួនធំមហិមា
តែកាលក្រឡេកមើលទៅខាងលើឃើញជនជាន់លើខ្ពស់ជាងខ្លួន
ទើបដឹងថាខ្លួនជាអ្នកកំសត់ក្រៃលែង។
- នរជនណាមានទ្រព្យច្រើន ជននោះសូម្បីសម្លាប់ព្រះព្រហ្មមួយ
ក៏នៅតែមានគេគោរពបូជា
ឯនរជនក្រីក្រសូម្បីមានវង្សត្រកូលខ្ពង់ខ្ពស់យ៉ាងណាក៏នៅតែគេ
មើលងាយ។
- សំណាងទ្រព្យសម្បត្តិ
មិនរត់ទៅរកជនណាដែលឥតសេចក្តីប្រឹងប្រែង ខ្ជិលច្រអូស
វង្វេងជឿព្រេងវាសនា និងមិនព្យាយាមទេ
ដូចប្រពន្ធក្មេងមិនអើពើប្តីចាស់ជរាដូច្នោះ។
- ភាវៈជាបុគ្គលខ្ជិល១ ការសេពគប់ស្ត្រីផ្កាមាស១
ភាវៈជាបុគ្គលមានរោគច្រើន១ ជាប់ចិត្តនឹងស្រុកកំណើតមួយ
ចិត្តសន្តោស១ ភាវៈជាបុគ្គលខ្លាចច្រើន១ ទោស៦ប្រការនេះ
ជាគ្រឿងទម្លាយបង់នូវភាវៈនៃខ្លួនជាធំ។
- នរជនណាមានទ្រព្យសម្បត្តិតិចតួច សំគាល់ថាខ្លួនមានទ្រព្យច្រើន
មិនខិតខំរកតទៅទៀត ព្រះព្រហ្មដែលជាអ្នកសាងទ្រព្យសម្បត្តិ
មិនព្រមចម្រើនទ្រព្យសម្បត្តិឲ្យនរជននោះទេ។
- កូនមិនឧស្សាហ៍ មិនជាទីគាប់ចិត្ត មិនមានវីរិយៈ ជាទីឡកឡឺយនៃសត្រូវ សូមកុំឲ្យស្រ្តីណាបង្កើតកូនបែបនេះឲ្យសោះ។
- បុគ្គលគប្បីស្វែងរកទ្រព្យដែលមិនទាន់បាន
គប្បីរក្សាទ្រព្យដែលរកបានហើយ កុំឲ្យបាត់បង់អស់ទៅវិញ
គប្បីកពូនទ្រព្យសម្បត្តិដែលដែលរក្សាទុកនោះ
ឲ្យចម្រើនឡើងដោយប្រពៃ។
- ទ្រព្យដែលមិនឲ្យទាន ឬមិនបរិភោគខ្លួនឯង មានប្រយោជន៍អ្វី?
រេហ៍ពលដែលគេមិនយកទៅចេញច្បាំងតស៊ូសត្រូវ មានប្រយោជន៍អ្វី?
ការចេះចង់គម្ពីធម៌អាថ៌ បើគេមិនប្រតិបត្តិតាម
តើមានប្រយោជន៍អ្វី? ខ្លួនយើងបើមិនទូន្មានឥន្ទ្រិយឲ្យបានបទទេ
តើមានប្រយោជន៍អ្វី?
- ទឹកស្រក់មួយដំណក់ៗ ជាលំដាប់អាចពេញក្អមបាន
នេះជាគ្រឿងឧបមានៃការរៀនសព្វវិជ្ជា ការប្រតិបត្តិធម៌
និងការសន្សំទ្រព្យសម្បត្តិ។
- ភារៈដូចម្តេចដែលហៅថាធ្ងន់ណាស់សម្រាប់អ្នកមានសមត្ថភាព?
ទីណាដែលហៅថាឆ្ងាយណាស់សម្រាប់អ្នកមានព្យាយាមច្រើន?
ប្រទេសណាដែលហៅថាបរទេសសម្រាប់អ្នកមានចំណេះវិជ្ជា?
- សេចក្តីសង្ស័យ ស្ទាក់ស្ទើរចិត្តជាការអន្តរាយដល់សារពើការងារ
បុគ្គលគប្បីលះបង់ចោលឲ្យអស់ស្រឡះទៅ
ព្រោះថាបើលះបង់សេចក្តីសង្ស័យស្ទាក់ស្ទើរចិត្តហើយ
ការសម្រេចផលប្រយោជន៍ នឹងកើតប្រាកដទៅតាមរបៀប។
- សត្វលោកសូម្បីត្រូវសរមួយរយផ្លែបើមិនទាន់ដល់កាលក៏មិន
ស្លាប់ បើដល់កាលមរណៈហើយសព្វបើមុតបើស្បូវបន្តិចក៏មិនរស់ដែរ។
- ចៅហ្វាយនាយ
តែងក្រឡេកសម្លឹងមើលការខុសឆ្គងមិនបរិសុទ្ធជាប្រក្រតីនៃខ្ញុំ
បំរើ ដោយភ្នែកណា អ្នកបំរើតែងរំពៃមើលភ្នែកនោះនៃម្ចាស់ដោយច្រើន។
- បើនៅទ្រឹងមិននិយាយគេថាល្ងង់
បើនិយាយគេថាច្រើនពេកឬថាឆ្កួត បើចេះអត់ធ្មត់គេថាខ្លាច
បើជេរមិនឈឺគេថាត្រកូលថោកទាប បើនៅជិតគេថាហ៊ានពេក
បើនៅឆ្ងាយដោយវិន័យ គេថាញញើតញញើមពេក សូម្បីព្រះឥសូរ
ក៏ផ្គាប់ចិត្តម្ចាស់ឲ្យពេញបរិបូណ៌មិនបានដែរ។
- ធម្មជាតិឆ្កែ បានឆ្អឹង
សូម្បីអស់សាច់រលីងហើយនៅសល់តែសរសៃរខ្លាញ់វាវបន្តិចបន្តួច
ក៏ត្រេកអរកខិបកខុប
មែនពិតឆ្អឹងនោះមិនអាចបន្សាត់បង់សេចក្តីស្រេកឃ្លានឡើយ
រីឯសីហៈសូម្បីបានចចកមួយនៅក្នុងក្រញ៉ាំក្រចកខ្លួនហើយ
ក៏នៅតែបោះបង់ចោលហើយស្ទុះទៅចាប់សម្លាប់ដំរីសារមួយទៀត
ជនទាំងពួងទោះតោកយាកលំបាកយ៉ាងណាក្តី
តែងមានសេចក្តីប្រាថ្នាចង់បានផលទៅតាមទំនងភាពខ្លួនជាសត្វលោក។
- មានប្រយោជន៍អ្វីដោយជនភក្តីតែមិនមានសមត្ថភាព មានប្រយោជន៍អ្វីដោយជនអង់អាចតែមិនធ្វើឲ្យកើតប្រយោជន៍។
- ពាក្យដែលត្រឹមត្រូវ គួរដល់ការងារ សូម្បីជាសំដីកូនក្មេង
អ្នកមានប្រាជ្ញាក៏គួរកាន់យក បើមិនមានពន្លឺព្រះអាទិត្យទេ
ពន្លឺប្រទីប នឹងមិនមានគុណប្រយោជន៍ឬអ្វី?
- ការប្រារព្ធធ្វើការងារដែលមិនគួរធ្វើ១
ការទាស់ទែងខ្វែងគំនិតបងប្អូនឯង១
ការប្រណាំងប្រជែងតស៊ូនឹងអ្នកមានកម្លាំងជាង១
ការទុកចិត្តក្នុងស្រ្តីទាំងឡាយ១
ទាំងបួនប្រការនេះឈ្មោះថាបើកទ្វារឲ្យដល់ម្រឹត្យុទាំងអស់។
- នៅលើដើមចន្ទន៍មានពស់
នៅក្នុងត្រពាំងដែលដេរដាសដោយផ្កាឈូកមានក្រពើ
នៅក្នុងភោគទ្រព្យមានជនពាលជាអ្នករុកគួនឈ្នានីស
ក្នុងលោកនេះសេចក្តីសុខប្រាសចាកការថ្នាំងថ្នាក់ចិត្តមិនដែលមានសោះ
ឡើយ។
(សៀវភៅស្រីហិតោបទេសភាគ២ ប្រែពីភាសាសំស្រ្កឹតដោយ ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតោ។ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ព.ស ២៥៣៨)
|
សៀវភៅស្រីហិតោបទេសភាគបីៈ សម្រង់គតិបណ្ឌិត
|
- ក្នុងកាលខ្លះ សេចក្តីអត់ធន់ជាគ្រឿងលំអនៃបុរស
ដូចសេចក្តីខ្មះអៀនជាគ្រឿងលំអនៃស្រ្តីទាំងឡាយ
តែសេចក្តីក្លាហានជាគ្រឿងលំអនៃបុរសក្នុងពេលដែលគេមើលងាយ
ដូចការមិនអៀនខ្មាសជាគ្រឿងលំអនៃស្ត្រីក្នុងការសេពសន្ថវៈដូច្នោះ
ដែរ។
- នរជនណាមើលឃើញការមានកម្លាំងនិងការអត់កម្លាំងនៃខ្លួននិង
សត្រូវហើយ មិនស្គាល់ប្រភេទផ្សេងគ្នាទៀត
នរជននោះត្រូវសត្រូវមើលងាយ។
- បុគ្គលមិនគប្បីធ្វើការសេពគប់ពឹងពាក់
ចំពោះជនដែលតូចតាចថោកទាបឡើយ
គប្បីធ្វើចំពោះតែឥស្សរជនដែលមានអំណាច ព្រោះថាទឹកដោះ
បើនៅក្នុងកណ្តាប់ដៃអ្នកស្រវឹង
ក៏បានឡើងឈ្មោះទៅជាគ្រឿងស្រវឹងដែរ។
- ទូតសូម្បីនៅកណ្តាលសស្ត្រាវុធដែលគេលើកច្រូងច្រាង
ក៏មិននិយាយអ្វីដទៃក្រៅពីការខ្លួន អាស្រ័យដោយខ្លួនជាទូត
គេមិនសម្លាប់ ហេតុនេះទើបទូតចរចារត្រង់ទៅត្រង់មកតាមសេចក្តីពិត។
- ព្រះរាជា១ មនុស្សឆ្កួត១ កូនក្មេង១ អ្នកបរិភោគកាម១
ចង់បានរបស់ដែលខ្លួនមិនទាន់បាន
ចាំបាច់និយាយអ្វីដល់របស់ដែលខ្លួនបានហើយ។
- មនុស្សទុជ៌នប្រព្រឹត្តអំពើអាក្រក់
ផលអាក្រក់តែងធ្លាក់ទៅលើមនុស្សល្អវិញ ដូចរាពណ៍លួចនាងសេតា
(ផលអាក្រក់់របស់រាពណ៍ធ្លាក់មកលើសមុទ្រ)
គឺសមុទ្រត្រូវព្រះរាមចងថ្នល់។
- ពាក្យដែលទុជ៌នពោល សូម្បីនិយាយញញឹមស្រស់ពីរោះផ្អែមដូចផ្ការីកពុំជួកាល ក៏អាចនឹងញ៉ាំងភ័យឲ្យកើតឡើងបាន។
- គួរគប្បីឲ្យមួយរយ តែមិនគួរធ្វើឲ្យកើតវិវាទមួយទេ
នេះជាមតិអ្នកប្រាជ្ញ សូម្បីមិនមានមូលហេតុអ្វីជាមាំមួន
ហើយក៏ធ្វើវិវាទដែរ នេះជាលក្ខណៈមនុស្សល្ងង់ទេ។
- បុគ្គលមិនគប្បីអាចគាស់លើកដុំថ្មតាន់
ដោយកម្លាំងមនុស្សបានស្មើដោយការប្រើកំណាត់ឈើទេយ៉ាងណា
ដោយប្រើឧបាយតែបន្តិច គេបានសម្រេចប្រយោជន៍ធំយ៉ាងនោះ។
- ភ័យនៅឆ្ងាយមានក្តីខ្លាច ភ័យមកដល់ជិតមានក្តីក្លៀវក្លា នេះជាគុណលក្ខណៈមហាបុរស។
- នរជនដឹងនីតិសាស្ត្រ(នយោបាយ)
ត្រូវនៅក្នុងគ្រឿងការពារដូចអណ្តើកក្នុងស្នូក
ហើយត្រូវចេះអត់ធន់គ្រឿងប្រហារនៃសត្រូវផង កាលបើកាលមកដល់ហើយ
គប្បីលោតឡើងតស៊ូ ដូចពស់មានអសិរពិស។
- បើសត្រូវស្គាល់ចំនុចខ្សោយយើង និងសេចក្តីក្លៀវក្លាយើងហើយ
គេនឹងចូលទៅរហូតដល់ចិត្តគំនិតយើងខាងក្នុងទៀតហើយសម្លាប់យើងចោល
បង់សៀត ដូចភ្លើងឆេះឈើស្ងួតតែងឆេះរូងរហូតដល់ខ្លឹមខាងក្នុង។
- ជនដទៃតែជាអ្នកធ្វើប្រយោជន៍ឲ្យយើង ទុកជាផៅពង្ស
ឯផៅពង្សពិត តែជាអ្នកមិនធ្វើប្រយោជន៍ឲ្យយើង ក៏ទុកជាអ្នកដទៃ
រោគកើតក្នុងរាងកាយយើងពិតៗ រកប្រយោជន៍គ្មាន
ថ្នាំកើតក្នុងព្រៃធ្វើប្រយោជន៍ឲ្យយើង។
- លោភ ទ្រនង់យង់ឃ្នង ខ្ជិល មិនពោលពាក្យសត្យ ធ្វេសប្រហែស ខ្លាច
មិនម៉ឹងម៉ាត់ ល្លង់ខ្លៅ មើលងាយយោធា
ទាំងអស់នេះជាលក្ខណៈសត្រូវដែលបរបក្សយកជ័យជំនះបានដោយងាយ។
- ក្រពើដ៏កាចសាហាវពន្លឹក បើចេញផុតពីទឹកហើយ ក៏អន់អំណាច
សីហៈសូម្បីសាហាវយង់ឃ្នង
បើចេញផុតពីព្រៃហើយក៏ដូចគា្ននឹងសត្វចចក។
(សៀវភៅ ស្រីហិតោបទេសភាគបី ប្រែពីបាលីដោយ ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតោ ព.ស ២៥៣៧)
|
សៀវភៅស្រីហិតោបទេសភាគបួនៈ សម្រង់គតិបណ្ឌិត
|
- នរជនណាដែលធ្លាក់ខ្លួនក្នុងគ្រោះកាច តែងតែបន្ទោសព្រេងវាសនា មនុស្សល្ងង់មិនព្រមទទួលកំហុសដែលខ្លួនធ្វើទេ។
- ពាក្យសំដីបុគ្គលគាប្បីរក្សាទុកគ្រប់កាលទាំងពួង ព្រោះសេចក្តីវិនាសមកពីពាក្យសំដី។
- ជនណាកែខៃក្តីអន្តរាយដែលកើតឡើងភ្លាមៗបាន ជននោះទើបមានឈ្មោះថាអ្នកមានប្រាជ្ញា។
- នរជនណាស្និទ្ធស្នាលចំពោះសត្រូវ ដោយការរាប់អានក្តី
ដោយយល់ឧបការៈក្តី នរជននោះ ទុកដូចជាមនុស្សដេកលក់លើដើមឈើ
ហើយភ្លាត់ធ្លាក់មកដល់ដីទើបភ្ញាក់ដឹងខ្លួន។
- ជនណាមួយត្រេកអរមុន
ចំពោះប្រយោជន៍ដែលមិនទាន់មកដល់តាមគំនិតដែលខ្លួនគិតទុក
ជននោះនឹងត្រូវប្រសព្វសេចក្តីក្តៅក្រហាយស្តាយក្រោយ។
- ស្រីភាព ដែលអត់ឃ្លានហើយ សូម្បីកូនឯងក៏បោះបង់ចោល
ពស់ដែលអត់ឃ្លានហើយសូម្បីពងឯងក៏ស៊ី នរណាហ្ន៎!
ដែលត្រូវទុក្ខវេទនាដោយអត់ឃ្លាន នឹងមិនហ៊ានធ្វើបាប?
ជនទាំងឡាយដែលអត់ឃ្លានហេវកម្លាំងហើយ
នឹងត្រឡប់ទៅជាមនុស្សឥតករុណា។
- មនុស្សស្រវឹងស្រា មនុស្សឆ្កួត មនុស្សកាចកំរោល មនុស្សអស់កម្លាំង
មនុស្សក្រោធ មនុស្សអត់ឃ្លាន មនុស្សល្មោភ មនុស្សខ្លាច
និងមនុស្សបរិភោគកាម មនុស្សទាំងអស់នេះមិនចេះធម៌ទេ។
- ការឲ្យផែនដី ការឲ្យមាសប្រាក់ ការឲ្យគោ ការឲ្យបាយទឹក
លោកមិនទាន់ហៅមហាទានទេ បណ្តាទានទាំងឡាយនេះ
អភយទានទើបលោកចាត់ថាជាមហាទាន។
- អ្នកប្រាជ្ញ បើមានកិច្ចការណាមួយដែលត្រូវធ្វើខានមិនបាន សូម្បីសត្រូវក៏ត្រូវតែទូលលើក្បាលដែរ។
- សតិគឺការចាំបាន១
ការប៉ិនត្រិះរិះសមហេតុផលក្នុងប្រយោជន៍ដ៏សំខាន់១ ការដឹងប្រាកដ១
ការម៉ឹងម៉ាត់១ ការចេះរក្សាការប្រឹក្សាសម្ងាត់១
ទាំងប្រាំប្រការនេះជាគុណសម្បត្តិនៃមន្រ្តី។
- ជនគប្បីយកចិត្តមនុស្សល្មោភដោយឲ្យទ្រព្យ
មនុស្សមានស្តុកស្តម្ភដោយការគោរពសំពះ
មនុស្សល្ងង់ដោយបណ្តោយតាមចិត្ត បណ្ឌិតដោយការពោលពាក្យសច្ចៈ។
(សៀវភៅ ស្រីហិតោបទេសភាគបួន ប្រែពីបាលីដោយ ភិក្ខុ ប៉ាង ខាត់ បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ ព.ស ២៥៣៨)
No comments:
Post a Comment