នៅកម្ពុជា ការបោះឆ្នោតតំណាងរាស្រ្ត គឺជាការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ។ ពលរដ្ឋកម្ពុជាមិនបោះឆ្នោតជ្រើសរើសបេក្ខជនណាមួយឲ្យធ្វើជាតំណាង រាស្រ្តនោះទេ ក៏ប៉ុន្តែ បោះឆ្នោតជ្រើសរើសបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្តនៃគណបក្សមួយ។ ចេញពីចំនួនស្លឹកឆ្នោតសរុបដែលបោះឲ្យគណបក្សនីមួយៗនេះ ទើបគេយកទៅគណនារកចំនួនអាសនៈ ដែលគណបក្សនីមួយៗទទួលបាន នៅក្នុងរដ្ឋសភា។ តើការកំណត់ចំនួនអាសនៈនេះ ត្រូវធ្វើឡើងដោយរបៀបណា?
តាមច្បាប់
បោះឆ្នោតកម្ពុជា ចំនួនអាសនៈសភា
ដែលត្រូវបែងចែកទៅឲ្យគណបក្សនយោបាយណាមួយ នៅក្នុងការបោះឆ្នោត
ត្រូវគណនា ដោយប្រើរូបមន្ត “មធ្យមភាគខ្ពស់បំផុត”
ហើយការបែងចែកអាសនៈ ត្រូវធ្វើឡើងនៅតាមមណ្ឌលនីមួយៗ។
ជំហានទី១៖ កំណត់ចំនួនកូតានៃសន្លឹកឆ្នោតក្នុងមួយអាសនៈ
មុននឹងចាប់ផ្តើមធ្វើការបែងចែកចំនួនអាសនៈ ជាដំបូង គេត្រូវគណនាឲ្យឃើញសិនអំពីចំនួនកូតានៃសន្លឹកឆ្នោតក្នុងមួយអាសនៈ (មានន័យថា ចំនួនសន្លឹកឆ្នោត ដែលគណបក្សមួយត្រូវទទួលបាន ដើម្បីទទួលបានអាសនៈមួយ)។
ដើម្បីគណនា គេត្រូវយកចំនួនសន្លឹកឆ្នោតបានការសរុប
នៅក្នុងមណ្ឌលមួយ ចែកនឹងចំនួនអាសនៈសរុបនៅក្នុងមណ្ឌលនោះ
ដោយមិនគិតពីសំណល់ចែក។សន្លឹកឆ្នោតបានការសរុបក្នុងមណ្ឌល
កូតាសន្លឹកឆ្នោតក្នុងមួយអាសន = ————————————————————–
អាសនៈសរុបក្នុងមណ្ឌល
គួរបញ្ជាក់ថា សន្លឹកឆ្នោតបានការសរុប ខុសពីចំនួនអ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។ អ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ដែលមិនទៅបោះឆ្នោត ឬទៅបោះឆ្នោតដែរ ប៉ុន្តែ គូសសន្លឹកឆ្នោតមិនត្រឹមត្រូវ ជាសន្លឹកឆ្នោតមិនបានការ មិនត្រូវរាប់បញ្ចូលនៅក្នុងចំនួនសន្លឹកឆ្នោតបានការសរុបទេ។
ឧទាហរណ៍៖ នៅមណ្ឌលកំពង់ចាម ដែលមានចំនួនអាសនៈសរុបទាំងអស់ ១៨អាសនៈ មានសន្លឹកឆ្នោតបានការសរុប ចំនួន ១៨ម៉ឺនសន្លឹក។ ដូច្នេះគណបក្សមួយចាំបាច់ត្រូវទទួលបានសន្លឹកឆ្នោតគាំទ្រ ១ម៉ឺនសន្លឹក ទើបអាចទទួលបាន១អាសនៈ។
ជំហានទី២៖ កំណត់ចំនួនអាសនៈបឋម
ក្រោយ ពីបានកំណត់ចំនួនកូតាសន្លឹកឆ្នោតក្នុងមួយអាសនៈហើយ ជំហានទីពីរ គេត្រូវធ្វើការកំណត់ចំនួនអាសនៈបឋម សម្រាប់គណបក្សនីមួយៗ ដោយយកចំនួនសំឡេងឆ្នោតសរុប ដែលគណបក្សនីមួយៗទទួលបាន នៅក្នុងមណ្ឌលមួយ ចែកឲ្យចំនួនកូតាសន្លឹកឆ្នោតក្នុងមួយអាសនៈ ដោយមិនគិតពីសំណល់ចែក។
ចំនួនសន្លឹកឆ្នោតដែលបោះឲ្យគណបក្សមួយ
អាសនៈបឋម = ————————————————————————
កូតាសន្លឹកឆ្នោតក្នុងមួយអាសនៈ
ឧទាហរណ៍៖ នៅក្នុងមណ្ឌលកំពង់ចាម គណបក្ស “ក” ទទួលបានសំឡេងគាំទ្រ ៩៦ ០០០សន្លឹក។ ដើម្បីកំណត់ចំនួនអាសនៈបឋមរបស់គណបក្ស “ក” គេត្រូវយក ៩៦ ០០០ ទៅចែកនឹង ១០ ០០០។ ដោយមិនគិតពីសំណល់ចែក គណបក្ស “ក” ត្រូវទទួលបាន ៩អាសនៈ។
ជំហានទី៣៖ ការបែងចែកចំនួនអាសនៈដែលនៅសល់ក្នុងមណ្ឌល
បន្ទាប់ ពីការកំណត់ចំនួនអាសនៈបឋមរបស់គណបក្សនីមួយៗរួចរាល់ហើយ ប្រសិនបើមាននៅសល់អាសនៈក្នុងមណ្ឌល គេត្រូវធ្វើការបែងចែកអាសនៈដែលនៅសេសសល់នេះជាបន្តទៀត ដោយប្រើរូបមន្ត “មធ្យមភាគខ្ពស់បំផុត” ពោលគឺ គេត្រូវយកចំនួនសន្លឹកឆ្នោតបានការសរុប ដែលបោះឲ្យគណបក្សនីមួយៗ ចែកនឹងចំនួនអាសនៈបឋម ដែលគណបក្សនោះទទួលបាន តាមការគណនាខាងលើ ដោយបន្ថែមមួយអាសនៈពីលើ។
ចំនួនសន្លឹកឆ្នោតដែលបោះឲ្យគណបក្សមួយ
មធ្យមភាគខ្ពស់បំផុត = ———————————————————————–
អាសនៈបឋម + ១
ឧទាហរណ៍៖ នៅក្នុងមណ្ឌលកំពង់ចាម គណបក្ស “ក” ដែលទទួលបានសំឡេងគាំទ្រ ៩៦ ០០០សន្លឹក មានចំនួនអាសនៈបឋម ៩អាសនៈ។ នៅក្នុងការបែងចែកចំនួនអាសនៈ ដែលនៅសេសសល់ក្នុងមណ្ឌល សម្រាប់គណបក្ស “ក” គេត្រូវយក ៩៦ ០០០ ចែកនឹង ១០។
បន្ទាប់ ពីបានអនុវត្តរូបមន្តនេះ សម្រាប់គ្រប់គណបក្សហើយ គេត្រូវធ្វើការប្រៀបធៀបលទ្ធផល រវាងគណបក្សនីមួយៗ។ គណបក្សណា ដែលទទួលបានផលចែកខ្ពស់ជាងគេបង្អស់ (មធ្យមភាគខ្ពស់បំផុត) គឺជាអ្នកទទួលបានអាសនៈមួយបន្ថែមទៀត។
ក្រោយ ពីអាសនៈមួយថ្មីនេះត្រូវបានបែងចែកទៅឲ្យគណបក្ស ដែលមានមធ្យមភាគខ្ពស់បំផុត រួចហើយ ប្រសិនបើមាននៅសល់អាសនៈក្នុងមណ្ឌលនេះទៀត គេត្រូវធ្វើការបែងចែកអាសនៈសេសសល់នេះបន្តទៀត ដោយអនុវត្តរូបមន្តដដែល ដោយលើកនេះ គណបក្សដែលទើបនឹងបានអាសនៈបន្ថែមក្នុងការគណនាខាងលើ ត្រូវយកអាសនៈថ្មីបន្ថែមនេះ មកគិតបញ្ចូល ក្នុងការគណនាមធ្យមភាគខ្ពស់បំផុតលើកទី២។
ឧទាហរណ៍៖ នៅមណ្ឌលកំពង់ចាម គណបក្ស “ក” ជាអ្នកទទួលបានអាសនៈបន្ថែម ក្នុងការគណនាមធ្យមភាគខ្ពស់បំផុតលើកទីមួយ។ ចំនួនអាសនៈសរុបរបស់គណបក្សនេះ ត្រូវកើនឡើងពី ៩អាសនៈ ទៅ ១០អាសនៈ។ នៅក្នុងការគណនាមធ្យមភាគខ្ពស់បំផុតលើកទី២ ដើម្បីបែងចែកអាសនៈសេសសល់បន្ត សម្រាប់គណបក្ស “ក” គេត្រូវយកចំនួនសន្លឹកឆ្នោតបានការសរុប ដែលគណបក្សនេះទទួលបាន គឺ ៩៦ ០០០សន្លឹក ចែកនឹង១១អាសនៈ។
ការគណនាបែបនេះត្រូវធ្វើជាបន្តបន្ទាប់ រហូតទាល់តែចំនួនអាសនៈ ដែលនៅសេសសល់ ក្នុងមណ្ឌល ត្រូវធ្វើការបែងចែកអស់។
ជាទូទៅ គេសង្កេតឃើញថា ការគណនាដោយប្រើរូបមន្ត “មធ្យមភាគខ្ពស់បំផុត” នេះ ចំនួនអាសនៈដែលនៅសេសសល់ក្នុងមណ្ឌលបោះឆ្នោត ច្រើនតែបានទៅគណបក្ស ដែលទទួលបានសំឡេងឆ្នោតសរុបច្រើនជាងគេ ក្នុងមណ្ឌលនេះ។ ហេតុដូច្នេះហើយបានជាមានការរិះគន់ថា រូបមន្ត “មធ្យមភាគខ្ពស់បំផុត” នេះ ផ្តល់ផលប្រយោជន៍ដល់តែគណបក្សធំៗ៕
—
Source: onlinebreakingnews
No comments:
Post a Comment