Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, September 9, 2012

ទឹកតែ កាន់សីល



ទឹកតែ កាន់សីល


កូនប្រុសសម្លាញចិត្ដឪពុក …ចូរកូនស្ដាប់តំណាលរឿងខាងក្រោមនេះ   ដោយគំនិតសុទិដ្ឋិនិយមណា
ឪពុកសង្ឃឹមថា រឿងខាងក្រោមនេះ នឹងនាំមកឲ្យកូននូវកម្លាំងចិត្ដដ៏ប្រសើរដើម្បីយកទៅបដិបត្ដិក្នុងការរស់នៅ
នាពេលអនាគតប្រកបដោយសេចក្ដីថ្លៃថ្លូរបាន …
«« … ដោយទឹកមុខប្រកបដោយស្នាមញញឹមរីករាយនៃបុរសវ័យជំទង់ម្នាក់   បាននិយាយទៅកាន់
ទឹកតែ ( គុណធម៌ម្យ៉ាង ) ថា ៖ ទឹកតែ … អ្នកមកនៅជាមួយខ្ញុំ ១ឆ្នាំកន្លងមកហើយ         ចាប់តាំងពីពេល
ដែលជីវិតខ្ញុំទទួលវត្ដមានរបស់អ្នកមកដល់ ខ្ញុំឃើញថា ជីវិតខ្ញុំមានការអភិវឌ្ឍន៏ផ្នែកវិជ្ជមាន ជាច្រើន ។    ខ្ញុំ
មានសេចក្ដីរីករាយណាស់ដែលទឹកតែ តែងតែជួយដល់ជីវិតខ្ញុំ មកជាដូច្នេះ ។         ទឹកតែ និយាយតបដល់
បុរសនោះវិញថា ៖ លោកម្ចាស់ ! ធម្មតា ខ្ញុំជាគុណធម៌នៅជាមួយបុគ្គលណា     ខ្ញុំរមែងបម្រើដល់បុគ្គលនោះ
ដោយសេចក្ដីសង្វាតព្យាយាមដូច្នោះឯង  នេះជាកិច្ចការរបស់ខ្ញុំ នោះទេ ។     បុរសនិយាយតបថា ៖   ទឹកតែ
ឈប់ហៅខ្ញុំថាលោកម្ចាស់ដូចនេះទៀតទៅ ! តាមពិត អ្នកមានគុណជាអនេកណាស់ចំពោះជីវិតខ្ញុំ …   ជីវិត
មួយនេះ បើពុំបានអ្នកមកជួយទេនោះ ខ្ញុំពុំដឹងជាតែលតោលចោលម្សៀតដល់កំរិតណាទេ       ព្រោះតែទង្វើ
ប្រកបដោយសេចក្ដីប្រមាទ និងចម្កួតល្ងង់ឥតវិចារណាញាណរបស់ខ្លួន ។ ទឹកតែ និយាយតបថា ៖   ទាំងនេះ
ខ្ញុំ ក៏ត្រូវសូមអរគុណដល់លោកម្ចាស់នោះផងដែរ … ទឹកតែខ្ញុំ ថ្វីដ្បិតតែមានអាយុច្រើនតំណក៏ពិតមែន ប៉ុន្ដែ
មនុស្សលោកបានបង់បាត់ខ្ញុំជាយូរណាស់មកដែរហើយ …បើកុំតែបានលោកម្ចាស់ រើសខ្ញុំឲ្យមកនៅជាមួយដូច
ពេលនេះ ក្នុងលោកសន្និវាសនេះ ក៏នឹងឥតមាននរណាស្គាល់ខ្ញុំ ទៀតនោះដែរ ។
ណ្ហើយ! …យើងឈប់និយាយពីរឿងនេះតទៀតទៅ , បុរសវ័យជំទង់និយាយ ,ថ្ងៃនេះ ខ្ញុំមានរឿង១ផ្សេង
ទៀត ចង់ឲ្យទឹកតែជួយដល់ខ្ញុំ ។  ទឹកតែសួរថា ៖ តើជារឿងអ្វីទៅ ?
បុរស ប្រាប់ថា ៖ មួយរយៈនេះ ខ្ញុំបានពិចារណាមកច្រើនដែរហើយ      ព្រោះតាមការណែនាំរបស់អ្នកពីមុនមក
ខ្ញុំ រកមិត្ដទាំង ៥នាក់នោះ មិនទាន់បានគ្រប់នៅឡើយទេ      ( មិត្ដ ៥ នាក់នោះ គឺ ភក្ដីភាព១ ក្ដីព្យាយាមត្រូវ១
ការមានសតិត្រូវ១  សមាធិត្រូវ១ និងបញ្ញា១ )    សព្វថ្ងៃ ខ្ញុំដឹងថា ខ្លួនខ្ញុំមានតែមិត្ដ ភក្ដីភាពតែម្នាក់ប៉ុណ្ណោះ ។
ខ្ញុំ មានការបារម្ភខ្លាំង ខ្លាចតែថាជីវិតនេះ នឹងមិនមានដំណើរឲ្យបានល្អ នាពេលអនាគតទេ ទោះបីជាខ្ញុំមានរូបអ្នក
ជាមិត្ដនៅក្បែរនោះក៏ដោយ ហេតុដូច្នេះហើយ ខ្ញុំពិចារណាឃើញថា ពីពេលនេះតទៅមុខ   ខ្ញុំចង់ទទួលយកសីល
៥ មកទុកក្នុងជីវិតផងដែរ …តើទឹកតែ យល់ឃើញយ៉ាងណា ? ។      ទឹកតែ និយាយថា ៖ នេះ ជាការប្រសើរ
នោះទេតើ ! ខ្ញុំជាគុណធម៌នេះ រឹងរឹតតែសប្បាយចិត្ដថែមទៀត បើសិនជា លោក ព្រមទទួលសីល៥ មកបដិបត្ដិ
ក្នុងជីវិតផងទៀតនោះ ។ សីល៥ មិនត្រឹមតែចម្រើនសេចក្ដីសុខសប្បាយដល់លោក តែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្ដែថែម
ទាំងចម្រើនរុងរឿងដល់សេចក្ដីសុខអ្នកដទៃជាច្រើនទៀតនោះដែរ ដោយទង្វើប្រកបជាសីលធម៌ពិត និងសុជីវធម៌
ពិតដែលមាននៅក្នុងសីល ៥ នោះឯង … ខ្ញុំ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះទង្វើបែបនេះ ។ បុរសនិយាយដោយ
សេចក្ដីរីករាយថា ៖ ទឹកតែ ! អ្នកជាមិត្ដដ៏ល្អណាស់សម្រាប់ខ្ញុំ … ចំពោះរឿងនេះ    ខ្ញុំក៏ចង់ឲ្យអ្នកចូលរួមជួយខ្ញុំ
ជាបន្ដទៀតដែរ …តើអ្នកសុខព្រមចិត្ដដែរទេ ?  ទឹកតែឆ្លើយតបថា៖ បាទ !   ខ្ញុំពិតជាសុខចិត្ដព្រមចូលរួមជាមួយ
លោកចំពោះការបដិបត្ដិសីល៥នេះ ព្រោះថាគុណធម៌៤យ៉ាងរបស់ទឹកតែ( កត្ដញ្ញូ  ក្ដីអំណត់អត់ធន់ ការចែករំលែក
និង
ចងនិស្ស័យមិត្ដ ) ក៏ត្រូវការការចម្រើនធម៌ពីលោកម្ចាស់ព្រមនោះដែរ  ខ្ញុំជាទឹកតែនេះ ក៏មានបំណងថានឹងចម្រើន
គុណធម៌នៃខ្លួនឲ្យកាន់តែល្អប្រសើរឡើងៗ ដើម្បីថែរក្សាកេរ្ដិ៏ដំណែលផៅពង្ស
វង្សត្រកូលខ្លួនឲ្យជាយូរអង្វែងនោះដូចគ្នា ។ …»»
កូនប្រុសសំណព្វចិត្ដឪពុក ! រឿងមួយនេះ ពិតជានាំមកឲ្យកូន ស្គាល់អំពីរឿងល្អៗច្រើនមកហើយ ទាំងមិត្ដ៥
យ៉ាងសំខាន់សម្រាប់ជីវិត និងគុណធម៌ដ៏ពិសេសម្យ៉ាងទៀត ( គុណធម៌ទឹកតែ ) ដើម្បីចម្រើនជីវិតកូនឲ្យបានសុខ
សប្បាយ រស់នៅប្រកបដោយសេចក្ដីសុខពិតហ្នឹងគេ ។ ឪពុកប្រើជីវិតថ្ងៃនេះ មិនបានជាល្អនោះឡើយ …ចូរកូន
សម្លាញ់ចិត្ដឪពុក ប្រើជីវិតនាពេលបច្ចុប្បន្នឲ្យប្រសើរឡើងៗណា៎ … ឪពុកមិនមានអ្វីចែកដល់កូន ក្រៅអំពីការខិត
ខំប្រឹងប្រែងរៀបចំជីវិតឲ្យបានល្អនាពេលបច្ចុប្បន្ននោះទៀតទេ …ជីវិតនាពេលអនាគតរបស់កូន គឺអាស្រ័យការខំប្រឹង
ក្ដីឧស្សាហ៍ព្យាយាមពីរូបកូន ដោយខ្លួនឯង …ឥតមានជនដទៃឯណា ជួយកូនចំពោះការរៀបចំជីវិតឲ្យបានប្រសើរឡើង
នោះបានទេ …។  សូមឲ្យកូនសម្លាញ់ចិត្ដឪពុក ទទួលបានសុភមង្គលពិតប្រាកដ សេចក្ដីសុខពិតប្រាកដ និងសុខដុម
រម្យនាពិតប្រាកដសម្រាប់ជីវិត …៕

របៀប​ហាត់​អនុវត្ត​សរសេរ​ភាសា​អង់គ្លេស​

របៀប​ហាត់​អនុវត្ត​សរសេរ​ភាសា​អង់គ្លេស​
- ព្យាយាម​សរសេរ​គំនិត​​ប្រចាំ​ថ្ងៃ​ជា​ភាសា​អង់គ្លេស​ ឧ.​ សរសេរ​អំពី​​បញ្ហា​ជីវិត គំនិត​ផ្ទាល់​ខ្លួន...
- ពេល​សរសេរ​កុំ​បារម្ភ​ពី​លំដាប់​លំដោយ​នៃ​គំនិត
- អាន​ឡើង​វិញ​មួយ​សប្តាហ៍​ម្តង​ នូវ​កំណត់​ត្រា​របស់​ខ្លួន
- ជ្រើស​រើស​យក​គំនិត​ឬ​ប្រធាន​បទ​ណាមួយ​ដែល​អ្នក​ពេញ​ចិត្ត​យក​មក​បក​ស្រាយ​ពង្រីក​បន្ថែម
- យក​អត្ថបទ​ដែល​សរសេរ​រួច​ឲ្យ​មិត្ត​ភក្តិ​ឬ​គ្រូ​ជួយ​កែ
ប្រែ​សម្រួល​ដោយៈ សេវាកម្ម​បក​ប្រែ​អិន​លីត nlitservice@gmail.com
អក្ខរាវិរុទ្ធៈ salarean.com

របៀប​រៀន​ភាសា​អង់​គ្លេស​ប្រកប​ដោយ​ប្រសិទ្ធភាព​

របៀប​រៀន​ភាសា​អង់​គ្លេស​ប្រកប​ដោយ​ប្រសិទ្ធភាព​
ការ​រៀន​ភាសា​ត្រូវ​គិត​ពី​កត្តា​សំខាន់​ពីរ គឺ​ ប្រភព​ចំណេះ​ដឹង និង​របៀប​សិក្សា​។
១. ប្រភព​ចំណេះ​ដឹង​
ចំណេះ​ដឹង​ដែល​ទទួល​បាន​ កើត​ចេញ​មក​ពី​បី​ប្រភព គឺៈ
- គ្រូ​បង្រៀន​ អាច​ផ្តល់​ចំណេះ​ដឹង​បាន​ ៤០%
- សៀវភៅ អាច​ផ្តល់​ចំណេះ​ដឹង​បាន ៣០%
- ប្រភព​ផ្សេង​ៗ​ (គ្រួសារ​ មិត្ត​ភក្តិ...) អាច​ផ្តល់​ចំណេះ​ដឹង​បាន​ ៣០%
អ្នក​សិក្សា​គួរ​ដឹង​ថា​ចំណេះ​ដឹង​ភាសា​កើត​មក​ពី​ប្រភព​ចំបងៗ​ទាំង​ បីខាង​លើ​ ហើយ​គួរ​គប្បី​ប្រមូល​ចំណេះ​ពី​ប្រភព​ទាំង​បី​ឲ្យ​បាន​ច្រើន​បំផុត។ អ្នក​សិក្សា​ភាគ​ច្រើន ច្រើន​ផ្តោត​លើ​ចំណេះ​ដឹង​ដែល​បាន​មក​ពី​គ្រូ មិន​សូវ​បាន​អាន​សៀវភៅ​ ឬ​អនុវត្ត​ស្រាវជ្រាវ​បន្ថែម​ពី​មិត្ត​ភក្តិ​ឬ​ក្រុម​គ្រួសារ​ទេ អញ្ចឹង​ទៅ​ពួក​គេ​មិន​ទទួល​បាន​ចំណេះ​ដឹង​ ១០០%​ ទេ។ គួរ​ពិចារណា​ថា ប្រសិន​បើ​គ្រូ​បង្រៀន ១០០ ហើយ​យើង​ចាប់​បាន​ទាំង​ ១០០ នោះ​មាន​ន័យ​ថា​ យើង​បាន​ចំណេះ​ត្រឹម​តែ​៤០%​ នៅ​ឡើយ​ទេ ៦០%​ ភាគ​រយ​ទៀត​ត្រូវ​​ទៅ​រក​ពី​ប្រភព​ផ្សេង​ គឺ​ពី​សៀវភៅ​ និង​មិត្តភក្តិ​ឬ​អ្នក​ដទៃ​ទៀត។​
ក្រុម​អ្នក​ជំនាញ​ បាន​រក​ឃើញ​​ថា​ប្រសិន​បើ​អ្នក​សិក្សា​ទទួល​បាន​ចំណេះ​១០០% នោះ​គេ​ចំណាយ​ពេល​ត្រឹម​តែ​ ៣ ទៅ​ ៥ ប៉ុណ្ណោះ​ ជំនាញ​ភាសា​របស់​គេ​នឹង​ឡើង​ដល់​កម្រិត​ល្អ​ឥត​ខ្ចោះ។
២. របៀប​សិក្សា
ការ​សិក្សា​ត្រូវ​ផ្អែក​លើ​គោល​ការណ៍​ចំបង​៤​យ៉ាង ដែល​មិន​អាច​ផ្តាច់​ចេញ​ពី​គ្នា​បាន គឺ​អាន សរសេរ​ និយាយ និង​ស្តាប់។ ការ​អាន​ច្រើន​ជួយ​បង្កើន​ចំណេះ​មូល​ដ្ឋាន​ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដល់ការ​សរសេរ។ ស្តាប់​ច្រើន​ នាំ​ឲ្យ​ងាយ​ស្រួល​និយាយ។ ជំនាញ​ទាំង​បួន ជួយ​គ្នា​ទៅ​វិញ​ទៅមក។​ គេ​តែង​និយាយ​ថា វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​រៀន​ភាសា​គឺ​អនុវត្ត​វា​ជា​ប្រចាំ។
ចង​ក្រង​សម្រួល​ដោយ salarean.com

ការត្រៀមខ្លួនប្រលង

ការត្រៀមខ្លួនប្រលង
ដើម្បី​ទទួល​បាន​ជោគ​ជ័យ​​គ្រប់​​សមរ​ភូមិ​​ប្រលង​​អ្នក​ត្រូវ​ត្រៀម​ ខ្លួន​​ឲ​​បាន​​ពេញ​​លេញ​បំផុត​។ អ្នក​ត្រូវ​ត្រៀម​ខ្លួន​ចាប់​តាំង​ពី​ពេល​ចូល​រៀន​មុខ​វិជ្ជា​នីមួយៗ​រហូត​ មក​។ អ្នក​ត្រូវ​កត់​ចំណាំ​និង​សង្ខេប​ខ្លឹម​សារ​សំខាន់ៗ​​ រួច​ចំណាយ​​​ពេល​​​រំ​លឹក​មេ​រៀន​ជា​ប្រ​ចាំ​ដោយ​ចំណាយ​ពេល​ត្រឹម​៥​ឬ​១០​ នាទី​។​​អ្នក​គួរ​កត់​ចំណាំ​លើ​សៀវភៅ​អាន​​ផង​ដែរ​ដើម្បី​ងាយ​ស្រួល​រំលឹក​ ម្តង​ម្កាល​។​ វិធី​សាស្ត្រ​នេះ​អាច​ជួយ​ឲ​អ្នក​រៀប​ចំ​ឯកសារ​មាន​សណ្តប់​ធ្នាប់​ល្អ ​និង​អាច​រក្សា​ការ​ចង​ចាំ​បាន​ប្រមាណ​៨០​%​។ ​ធ្វើ​បែប​នេះ
អ្នក​មិន​សូវ​នឿយ​​ហត់​សំរុក​រៀនពេល​​កៀក​​ប្រលង។

(១) មុន​ពេល​ប្រលង

តើត្រូ​វ​ត្រៀម​ ខ្លួនយ៉ាងដូចម្តេចមុនពេលប្រលងបញ្ចប់វគ្គសិក្សា? ចាប់ផ្តើមរៀនពីចំនុចណាមក? រៀបចំឯកសារយ៉ាងណា? រៀបចំកាលវិភាគសិក្សាយ៉ាងណា?

ការរៀបចំឯកសារ

វីធី​ល្អ​បំផុត​សម្រាប់​ត្រៀម​ប្រលង​គឺ​រៀប​ ចំ​ឯកសារ​ដែល​បាន​រៀន​រួច​ទាំងអស់​ឲ​មាន​សណ្តាប់​ធ្នាប់​ ទាំងសៀវភៅអាន សៀវភៅសរសេរ និងកំណត់ត្រាចំណាំ។ ចូរសង្ខេបខ្លឹមសារសំខាន់ៗដាក់ក្រដាសមួយសន្លឹក ហើយចងចាំសេចក្តីលំអិតក្នុងខួក្បាល។

ការរៀបចំពេលវេលា

ចូររៀបចំកាលវិភាគរៀនត្រៀម ២ឬ៣ សប្តាហ៍មុនពេលប្រលង។ ក្នុងកាលវិភាគនេះត្រូវមាន ម៉ោងបរិភោគអាហារ ម៉ោងការងារ ម៉ោងប្រជុំ ម៉ោងរៀននៅសាលា ម៉ោងធ្វើកិច្ចការសាលា និងម៉ោងសម្រាប់ធ្វើកិច្ចការផ្សេងទៀត។ ចូររកពេលបន្ថែមទៀតសម្រាប់រៀនត្រៀមប្រលង។
នៅសប្តាហ៍ចុងក្រោយមុនពេលប្រលង ចូររៀបចំពេលកាលវិភាគដោយឡែកមួយដែលមានម៉ោងប្រលង ម៉ោងបរិភោគ និងពេលសំរាក។​ អ្នកត្រូវដឹងថាអ្នកត្រូវ​មាន​​​​សុខភាពល្អនិងប្រាជ្ញាឆ្លាតវៃក្នុងពេលប្រលង ដូចនេះអ្នកមិនគួរគម្បីយកពេលបរិភោគឬពេលដេក​ មករៀនបន្ថែមទេ។
សប្តាហ៍នៃការប្រលងមកដល់ អ្នកគួររំលឹកមេរៀនទាំងឡាយឲបានស្ទាត់ល្អ ដោយប្រើប្រាស់នូវឯកសារដែលបានរៀបចំរួចខាងដើម។

ជួយខ្លួនឯង

ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចជួយខ្លួនឯងបានមុនពេលប្រលងៈ
ស្វែង​យល់​ពី​ការ​ប្រលង​លើ​មុខវិជ្ជា​នីមួយៗ​ឲ​បាន​ច្រើន​ដូច​ដែល​អាច​ ធ្វើ​ទៅ​បាន​។​ ចូរ​សួរ​គ្រូ​របស់​អ្នក​អំពី​ប្រភេទ​សំណួរ​ដែល​អាច​នឹង​ចេញ​នៅ​ពេល​ប្រលង​​ ហើយ​សម្ភារៈ​អ្វីខ្លះ​ដែល​ត្រូវ​ការ​ឬ​អនុញ្ញាត​ឲ​យក​ចូល​ពេល​ប្រលង​ ដូចជា​ម៉ាស៊ីន​គិត​លេខ​ និង​វចនានុក្រម​ជាដើម​។ ​ចូរ​ស្នើរ​សុំ​វិញ្ញាសា​ដែល​ធ្លាប់​ចេញ​ពី​​ឆ្នាំ​​មុន​ដើម្បី​ធ្វើ​ជា​ គម្រូ​សម្រាប់​ត្រៀម​ប្រលង​។
ពេល​ទន្ទេញ​មេរៀន​ម្តងៗ​ ចូរ​សាក​ល្បង​ស្មាន​ថា​សំណួរ​ប្រភេទ​ណា​អាច​នឹង​ចេញ​ពេល​ប្រលង​។​ ប្រសិន​បើ​អ្នក​មាន​ពេល​ ចូរ​សាក​ល្បង​ឆ្លើយ​សំណួរ​ទាំង​​នោះ​យ៉ាង​ពេញ​លេញ​ឲ​ដូចជា​ពេល​ប្រលង​ជាក់​ ស្តែង។
គិត​ក្នុង​ផ្លូវ​វិជ្ជមានៈ ដោយ​សារ​តែ​យើង​បាន​ត្រៀម​ខ្លួន​យ៉ាង​ពេញ​លេញ​សម្រាប់​ការប្រលង​ដូចនេះ​យើង​ ត្រូវ​មាន​គំនិត​សុទិដ្ឋិនិយម​ថា​"​ការប្រលង​របស់​ខ្ញុំ​នឹង​ប្រព្រឹត្តិ​ទៅ ​ប្រកប​ដោយ​ជោគជ័យ​"​។​ តែ​បើ​អ្នក​មិន​បាន​ត្រៀម​ខ្លួន​ពេញ​លេញ​គ្រប់​គ្រាន់​ទេ​ អ្នក​គ្រាន់​តែ​ដាស់​តឿន​ខ្លួនឯង​ថា​"​ដោយ​ពឹង​លើ​ សុខភាព​ល្អ​ ប្រាជ្ញា​វៀង​វៃ​ និង​ចិត្ត​ ស្រស់​ថ្លា​ របស់​ខ្លួន​ ខ្ញុំ​ប្រាកដ​ជាំ​អាច​ជួយ​ខ្លួន​ឯង​បាន ចំពោះ​អ្វី​ដែល​ខ្ញុំ​មិន​បាន​ត្រៀម​"។
កុំ​ព្យាយាម​ធ្វើ​ឲអារម្មណ៍​ស្រស់​ថ្លា​ដោយ​ការដើរ​លេង​ឬ​មើល​កុន​ពេលយប់ ​មុន​ប្រលង​ឲ​សោះ។​ ទង្វើ​បែប​នេះ ជាការរំខាន​ដល់​ការចង​ចាំ​របស់​អ្នក​ទៅវិញ​ទេ។​ ចូរ​អាន​មេរៀន​ជំនួស​វិញ​​ រួច​ហើយ​ចូល​គេង​យ៉ាង​ស្កប់​ស្កល់។​ ព្រឹក​ឡើង​ញ៉ាំ​អាហារ​ពេល​ព្រឹក​យ៉ាងឈ្ងុយ​ឆ្ងាញ់​ ហើយ​បន្ត​ដំណើរ​កំសាន្ត​ចុង​ក្រោយ​ជាមួយ​មេរៀន​ រួច​ចូល​ប្រលង​យ៉ាង​រីក​រាយ។

(២) ពេល​ប្រលង

ការរៀបចំ​ខ្លួន​ប្រលង

ត្រូវ​មក​ដល់​បន្ទប់​ប្រលង​ឲ​បាន​មុន​ម៉ោង​ដើម្បី​ធ្វើ​ចិត្ត​ឲ​ស្ងប់​ និង​រំលឹក​មេរៀន​ ខ្លះ​ៗ​(​ប្រសិន​បើអ្នក​ចំា​មិន​ច្បាស់​ត្រង់​ណាមួយ)។ ការមក​យឺត​ធ្វើ​ឲ​ប៉ះពាល់​ដល់​ការប្រលង​ដោយ​សារ​តែ​អារម្មណ៍​​មិន​ស្ងប់​។​ អ្នក​ដែល​មក​យឺត​តែង​តែ​ច្របូក​ច្របល់​ក្នុង​ចិត្ត​ជានិច្ច​កាល​ ហើយ​ទំរាំ​តែ​តាំង​ចិត្ត​បាន​ក៏​ខាតពេល​ល្មម​គួរ​សម​ដែរ។​ "​ ខ្ញុំ​មក​យឺត​ៗ...​ខាត​ម៉ោង​ៗ...​ប្រញាប់​ឡើង​...​"។
ជៀស​វាង​ការជជែក​ជាមួយ​មិត្ត​ភក្តិ​(បើ​មាន​ត្រូវ​ឲ​ខ្លី​) ព្រោះវា​អាច​ប៉ះ​ពាល់​ដល់​ការចង​ចាំឬ​ការតាំង​ចិត្ត​របស់​អ្នក​ពេល​ប្រលង។ ក្នុង​ពេល​ប្រលង​ចូរ​អាន​សំណួរ​នីមួយៗ​ដោយ​ប្រុង​ប្រយ័ត្ន និង​ស្តាប់​ការណែនាំ របស់​គ្រូ​ឬអនុរក្ស​មុខ​វិជ្ជា​នីមួយៗ​​ក្នុង​ពេល​ប្រលង​ (​បើយើង​មិន​ស្តាប់​ការណែនាំ​ទេ​ ជួនកាល​យើង​បង្ខាត​ពេលវេលា​ធ្វើសំណួរ​ដែល​គេ​កាត់​ចោល​ពីការប្រលង​ដោយសារ​តែ ​វា​ខុស​ឬ​ពិបាក​ពេក​)។ បើ​មាន​ចំងល់​ត្រូវ​តែ​សួរ​ឲ​ច្បាស់​ កុំ​ធ្វើ​ទាំង​ងឿង​ឆ្ងល់។
ប្រសិន​បើមិត្ត​របស់​អ្នក​ធ្វើ​ហើយ​មុន​រួច​ចេញ​ទៅក្រៅ​បន្ទប់ ចូរ​កុំ​ខ្វល់​នឹង​គេ​អី​(ចង់​ចេញ​ដូច​គេ​)។ ចូរ​ធ្វើ​កិច្ចការ​របស់​អ្នក​ដោយ​ស្ងៀម​ស្ងាត់​។​ ពេល​ធ្វើ​ចប់​នឹង​ផ្ទៀង​ផ្ទាត់​រូច​ហើយ​ សឹម​ចេញ​ទៅ។

ការឆ្លើយ​សំណួរ

មុន​នឹង​ឆ្លើយ​សំណួរ​នីមួយៗ​ ចូរ​អានវា​ឲ​បាន​ច្បាស់​សិន​​។ ដើម្បី​សន្សំ​ពេលវេលា​ អ្នក​គួរ​តែ​អាន​សំណួរ​ទាំង​អស់​ឲចប់​សិន​ ដើម្បើ​ឲ​ច្បាស់​ថា​លំបាក​ឬ​ស្រួល​ប៉ុណ្ណា។ បន្ទាប់​មក​ចូរ​ប៉ាន់​ស្មាន​ ពេលវេលា​ដែល​នឹង​ចំណាយ​សម្រាប់​សំណួរ​នីមួយៗ​។ ជា​ចុង​ក្រោយ​ ចូរ​ចាប់​ផ្តើម​ឆ្លើយ​នឹង​សំណួរ​ដោយ​យក​ចិត្តទុក​ដាក់​ (បើ​មាន​សំណួរ​បែប​បក​ស្រាយ​ ចូរ​ធ្វើ​វា​មុន​)។ មធ្យោបាយ​ដែល​ល្អ​បំផុត​គឺ​ ឆ្លើយ​សំណួរ​ណា​ដែល​ចេះ​ធ្វើ​មុន ហើយ​សល់​ពេល​សិម​ឆ្លើយ​សំណួរ​ដែល​មិន​ចេះ ឬ​រំលង​ និង​មើល​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​ ក្រែង​មាន​ភ្លេច​ភ្លាំង​ ឬ​ភ័ន្ត​ច្រឡំ​កន្លែង​ណាមួយ។

(៣) បន្ទាប់​ពី​ពេល​ប្រលង

ពេល​ប្រលង​ចប់​ភ្លាមៗ​ ការចង​ចាំ​របស់​អ្នក​នៅ​ច្បាស់​លាស់​អ្នក​នៅ​ឡើយ​ នេះ​ជា​ពេល​ដ៏​ប្រសើរ​ដែល​អ្នក​ត្រូវ​ពិភាក្សា​ជាមួយ​មិត្ត​ភក្តិ​របស់​អ្នក ​អំពី​ការ​ប្រលង​ដែល​ទើប​នឹង​បញ្ចប់ នោះ​អ្នក​នឹង​ដឹង​អំពីៈ របៀប​ឆ្លើយ​របស់​ពួកគេ កន្លែង​ណា​ដែល​អ្នក​ធ្វើ​ខុស​ ហេតុ​អ្វី​ ហើយ​កន្លែង​ណា​ដែល​អ្នក​ធ្វើ​ត្រូវ​។ អ្នក​ត្រូវ​ដឹង​ថា​ការ​ប្រលង​មិន​មែន​ដើម្បី​តែ​ពិន្ទុ​ទេ​ គឺ​ដើម្បី​ស្ទង់​សមត្ថភាព​និង​បង្កើន​ចំណេះ​ដឹង​។
ប្រែសម្រួលដោយៈ សេវាកម្មបកប្រែ អិនលីត nlitservice@gmail.com

របៀប​ផ្ចង់​អារម្មណ៍​សិក្សា​

របៀប​ផ្ចង់​អារម្មណ៍​សិក្សា​
ការ ​ផ្ចង់​អារម្មណ៍​​សិក្សា​មុខ​វិជ្ជា​នីមួយៗ​ជា​ប្រការ​ចាំបាច់​បំផុតដែល​ជួយ ​ឲ្យ​សិស្ស​និស្សិត​​ចាប់​បាន​ខ្លឹម​សារ​មេរៀន​ច្បាស់ និង​ទទួល​បាន​ជោគ​ជ័យ​ពេល​ប្រឡង។ ជា​ការ​ពិត​រឿង​រំខាន​អារម្មណ៍​អាច​កើត​មាន​ឡើង​ដោយ​សារ​កត្តា​ខាង​​ក្រៅ​ និង​កត្តា​ខាង​ក្នុងខ្លួន។ តែ​ទោះ​ជា​យ៉ា​ង​ណា​ក៏​ដោយ​គេ​អាច​កាត់​បន្ថយ​គ្រឿង​រំខាន​ទាំង​នោះ​បាន​ដោយ ​អនុវត្ត​នូវ​វិធី​សាស្ត្រ​មួយ​ចំនួន​ខាង​ក្រោម៖
១. ពេល​សិក្សា​ម្តងៗ​ចូរធ្វើ​ខ្លួន​ឲ្យ​ទំនេរ​ ចូរ​​ដក​​ ទូរស័ព្ទ កុំ​ព្យូទ័រ​ និង​គ្រឿង​រំខាន​ផ្សេង​ទៀត​យក​ទៅទុក​មួយ​ឡែក​។ ចូរ​ប្រាប់​មិត្ត​ភក្តិ ឬ​ក្រុម​គ្រួសារ​របស់​អ្នក​ កុំ​ឲ្យ​រំខាន​អ្នក​ពេល​​កំពុង​សិក្សា។
២. ចូរ​ជ្រើស​រើស​កន្លែង​រៀន​ដែល​មាន​អនាម័យ​ល្អ​និង​សីតុណ្ហភាព​សម​ស្រប។ ចូរ​រើស​កន្លែង​ណា​ដែល​ស្ងាត់​ ជៀស​វាង​កន្លែង​ណា​ដែល​អ៊ូអរ​។ ចូរ​​ជៀស​វាង​​រៀន​នៅ​លើ​គ្រែ​គេង ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ចង់​គេង​លេង។ ពេល​សិក្សា ចូរ​អង្គុយ​​ឲ្យ​ត្រង់​ខ្លួន។
៣. ចូរ​យក​តាម​ខ្លួន​ជាស្រេច​នូវ​សម្ភារៈសិក្សា​ទាំង​ឡាយ​ដែល​អ្នក​ត្រូវ​ការ រួម​មាន​ដូច​ជា សៀវភៅ​អាន សៀវភៅ​សរសេរ ប៊ិច​ ខ្មៅដៃ ហ្វឺត​ហាយឡាយ ម៉ាស៊ីន​គិត​លេខ និង​ទឹក​ផឹក​ជា​ដើម។
៤. ចូរ​រៀន​នៅ​ម៉ោង​ណា​​ដែល​អ្នក​មាន​ស្មារតី​ល្អ។ អ្នក​ត្រូវ​ដឹង​ខ្លួន​ឯង​ថា​ ​អ្នក​អាច​ក្រោក​រៀន​ពេល​ព្រលឹម​ រៀន​ដល់​យប់ជ្រៅ ឬ​រៀន​ក្រោយ​ពេល​បាយ​បាន​ដែរ​ឬទេ។ ចូរ​ជៀស​វាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ និង​ឱសថ។
៥. ចូរ​សិក្សា​តែ​រយៈពេល ​៥០ ទៅ ៦០​ នាទី បាន​ហើយ រួច​សម្រាក​ប្រាំ​ទៅ​ដប់​​នាទី។ ក្នុង​ចន្លោះ​ពេល​សម្រាក​ចូរ​បរិភោគ​អាហារសម្រន់ ឬ​ទឹក​ផ្លែ​ឈើ។
៦. ចូរ​រៀប​ចំ​កាលវិភាគ​សិក្សា ហើយ​រៀន​ទៅ​តាម​កាលវិភាគ​នោះ។ ចូរ​រៀន​មុខវិជ្ជា​ដែល​លំបាក​ក្នុង​ពេល​ដែល​អ្នក​នៅ​មាន​ស្មារតី​ពេញ​លេញ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​អ្នក​ធុញ​ទ្រាន់​។
៧. ចូរ​​បែង​ចែក​ពេល​វេលាគ្រប់​គ្រាន់សម្រាប់​បរិភោគ និង​លំហាត់​ប្រាណ។
សាលារៀន salarean.com

វិធីសាស្ត្រ​សិក្សា​ផ្សេង​ទៀត

គោល​ការណ៍​១០​យ៉ាង​នាំ​ឲ្យ​ចងចាំ​មេរៀន​បាន​ល្អ
ទម្លាប់​៩​យ៉ាង​ដែល​នាំ​ឲ្យ​ការសិក្សា​ទទួល​បាន​ជោគជ័យ​
ការត្រៀមខ្លួនប្រលង
របៀប​ហាត់​អនុវត្ត​សរសេរ​ភាសា​អង់គ្លេស​
រៀន​យ៉ាង​ម៉េច​ទើប​ទទួល​បាន​ចំណេះ​ដឹងអតិបរមា?

រៀន​យ៉ាង​ម៉េច​ទើប​ទទួល​បាន​ចំណេះ​ដឹងអតិបរមា?

រៀន​យ៉ាង​ម៉េច​ទើប​ទទួល​បាន​ចំណេះ​ដឹងអតិបរមា?
ច្រក​​ផ្លូវសំខាន់​​ដែល​អាច​ផ្តល់​ចំណេះ​ដឹង​​ដល់​អ្នក​សិក្សា​រៀន​សូត្រ​​រួម​មានៈ
១. ការ​អាន
២. ការ​សរសេរ
៣.​ ការ​សន្ទនា
៤. ការ​សង្កេត
ការអាន
គួរ​ជ្រើស​រើស​យក​សៀវភៅ​ណា​ដែល​ផ្តល់​ចំណេះ​ដឹង។ គួរ​ជៀស​វាង​សៀវភៅ​ ដែល​អាច​ប្រែ​ក្លាយ​ជា​ថ្នាំ​ពិល ឬ​សៀវភៅ​ណា​ដែល​អាន​ហើយ​ស្រង់​យក​ប្រយោជន៍​គ្មាន​ ខាត​ពេល​ឥតប្រយោជន៍។ ដើម្បីនឹង​បាន​ប្រយោជន៍​អតិបរមា​ពី​សៀវភៅ​ គេគួរ​ប្រតិបត្តិ​តាម​គោលការណ៍​ដូច​តទៅៈ
- ខិត​ខំ​អានសៀវភៅ​មួយ​ក្បាល​ ឲ​យល់​សេចក្តីជាក់​ច្បាស់ ចាំ​ខ​សំខាន់​ៗ ប្រសើរ​ជាង​អាន​សៀវភៅដប់​ក្បាល​តែចាប់​យក​គោល​សំខាន់​មិន​បាន។
- ទោះបី​អាន​សៀវភៅ​ក្តី ស្តាប់​សន្ទរកថា​ក្តី ចូរ​កុំ​ស្តាប់​ឬអាន​ត្រឹម​តែ​សេចក្តី​ដែល​បាន​ឮ ឬឃើញ។ ចូរ​ពិចារណា​ឲ​ចូល​ដល់​ជម្រៅ​​អាថ៌​កំបាំង​ពី​ខាង​ក្រោយ​អត្ថបទ​របស់​អ្នក​ និពន្ធ។
- ពេល​អាន​សៀវភៅត្រូវ​ខិត​ខំវិនិច្ឆ័យ​ថា​អ្នក​និពន្ធ​មាន​វិធី​និពន្ធ​យ៉ាង​ ម៉េច? ចូល​ចិត្ត​និពន្ធ​រឿង​អ្វីច្រើន​ជាង​គេ? ហើយ​គួរ​ប្រៀប​ធៀប​ជាមួយ​ស្នាដៃ​របស់​អ្នក​និពន្ធ​ផ្សេង​ទៀត​ តើ​មួយ​ណា​ល្អ​ជាង?
- ប្រការសំខាន់​បំផុត គឺរាល់​ពេល​អាន​ចប់​ ត្រូវ​ខិត​ខំ​នឹក​ថា​យើង​ទទួល​បាន​សេចក្តីអ្វីខ្លះ ហើយ​យើង​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពីការ​អាន​សៀវភៅ​នេះ។
ការសរសេរ
ចំណេះ​ដឹង​ដែល​ទទួល​បាន​មក​ហើយ ជួនកាល​នៅ​ស្រពិច​ស្រពិល ប៉ុន្តែ​លុះ​បាន​ចាប់​ប៊ិច​សរសេរ​ចេញ​មក​ហើយ​ ក៏​ស្រាប់​តែ​ច្បាស់​លាស់​ឡើងភ្លាម​មួយ​រំពេច។ ការ​សរសេរ​​មិន​ត្រឹម​តែ​ជួយ​កត់​ត្រា​កុំ​ឲ​ភ្លេច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​នាំ​ផ្លូវ​ឲ​កើត​គំនិត​ថ្មី​ៗ​ទៀត​ផង។ សូម​ធ្វើ​តាម​ការ​ណែ​នាំ​ខាង​ក្រោម​ដើម្បី​ឲ​ខួរ​ក្បាល​កាន់​តែ​រួស​រវើកៈ
- ហ្វឹកហាត់​សរសេរ​ជារៀង​រាល់​ថ្ងៃ នោះ​លោក​អ្នក​នឹង​ឃើញ​ថា​គំនិត​រត់​មក​លោក​អ្នក​ច្រើន​ជាង​ពេល​ដែល​លោក​អ្នក​គិត​ឬនិយាយ ជា​អនេក។
- ប្រសិន​បើ​មាន​គំនិត​អ្វី​ថ្មី​លេច​ឡើង​ ត្រូវ​សរសេរ​ទុក​ភ្លាម។
- ត្រូវ​ហាត់​កត់​ត្រា​កិច្ច​ការ​ដែល​លោក​អ្នក​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ស្អែក។ ស្អែក​ឡើង​ត្រូវ​ពិនិត្យ​មើល​ កិច្ចការ​ទាំង​នោះ តើ​បាន​ធ្វើអ្វី​ខ្លះ​ មិន​បាន​ធ្វើ​អ្វីខ្លះ។ ប្រសិន​បើ​លោក​អ្នក​ធ្វើ​បាន​ដូច្នេះ រាល់​ថ្ងៃ​ ត្រឹម​តែ​មួយ​ខែ​ប៉ុណ្ណោះ លោក​អ្នក​នឹង​ឃើញថា​ខ្លួន​ឯង​ប្រែប្រួល។
ការ​សន្ទនា
ការ​សន្ទនា​គឺ​ជា​ផ្លូវ​ដ៏​ប្រសើរ​មួយ​ដែល​ជួយ​ឲ​យើង​ទទួល​បាន​ចំណេះ​ និង​គំនិត​ជាច្រើន​ ទោះ​ជា​ការ​សន្ទនា​​នោះ​ជាមួយ​មនុស្ស​ប្រភេទ​ណា​ក៏​ដោយ។
- ពេល​សន្ទនា​ជាមួយ​នរណា​ម្នាក់​ យើងគួរ​ដឹក​នាំ​ការ​សន្ទនា​ចូល​ដល់​រឿង​ដែល​ដៃគូ​សន្ទនា​ស្ទាត់​ជំនាញ​ បំផុត។ នេះ​ជា​ផ្លូវ​នាំ​ឲ​យើង​ទទួល​បាន​ចំណេះ​ថ្មី​ៗ។
- គួរ​ព្យាយាម​ស្តាប់​ឲ​បាន​ច្រើន និង​និយាយ​តិច​តួច​បាន​ហើយ​ ព្រោះ​អ្នក​និយាយ​ច្រើន​ ច្រើន​តែ​គេ​ធុញ​ទ្រាន់។
ការ​សង្កេត
ចំណេះ​ដែល​មាន​ប្រយោជន៍​ក្រៃ​លែង​ដល់​យើង​ បាន​មក​ពី​ការ​សង្កេត។ ការសង្កេត​ធ្វើ​ឲ​យើង​ទទួល​បាន​ចំណេះ​ថ្មីៗ​ និង​ស្រូប​ទាញ​យក​ចំណេះ​ដឹង​បាន​ពី​គ្រប់​ទី​កន្លែង។
- ត្រូវ​ខិត​ខំ​ហាត់​សង្កេត មើល​វត្ថុ​ផ្សេង​ៗ​ដោយ​ល្អិត​ល្អន់ កុំ​មើ​ល​ត្រឹម​តែ​សំបក​ក្រៅ។
- ព្យាយាម​សង្កេត ដោយ​ធ្វើ​ហាក់​ដូច​ជា​នឹង​ត្រូវ​នរណា​សួរ​យើង​អំពី​វត្ថុ​នោះ ហើយយើង​ប្រុង​ប្រៀប​នឹង​ឆ្លើយ​ប្រាប់​ពេញ​លេញ​គ្រប់​ជ្រុង​ជ្រោយ។
កាល​បើ​បាន​ប្រតិបត្តិ​តាម​ គោល​ទាំង២​ខាង​លើ​ជា​ប្រចាំ​ហើយ យើង​នឹង​ទទួល​បាន​ប្រយោជន៍​ជាទីបំផុត ព្រោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មាន​របស់​ច្រើន​ណាស់​ដែល​ឆ្លង​កាត់​ភ្នែក​ត្រចៀក​យើង។ របស់​ទាំង​នោះ​អាច​នឹង​មាន​ប្រយោជន៍​ដល់​យើង កាល​បើ​មិន​ចេះ​សង្កេត​​ ក៏​ទុក​ដូចជាការ​បណ្តោយ​ឲ​ "​កំណប់​ទ្រព្យ​ដើរ​រំលង​ទៅ​ជា​រៀង​រាល់​ថ្ងៃ"​។
(ស្រង់​ចេញពី​ សៀវភៅ​នយោបាយ​អំរំខួ​រក្បាល​ដែល​និពន្ធ​ដោយ ម៉ៅ​ សុវណ្ណា បោះពុម្ព​លើ​ទី​១​ឆ្នាំ ១៩៧១)

វិធី​រៀន​យក​និទ្ទេស A

វិធី​រៀន​យក​និទ្ទេស A
ប្រឡង​
ប្រឡង​
១. រំលឹក​មេរៀន​ដែល​អាច​នឹង​ចេញ​ប្រឡង​រៀង​រាល់​យប់​មុន​គេង។ ២. អាន​មេរៀន​យ៉ាង​ហោច​ណាស់​បី​ដង​មុន​ពេល​ចូល​រៀន រួច​កត់​ចំណាំ​ខ្លឹមសារ​សំខាន់​ៗ។
៣. ចាប់​ឲ្យ​បាន​នូវ​មូលដ្ឋាន​គ្រឹះ​មុខ​វិជ្ជា​នីមួយៗ​ ដើម្បី​ងាយ​ស្រួល​រៀន​មេរៀន​ក្រោយ​ៗ​ទៀត។
៤. មក​រៀន​ទៀង​ទាត់។
៥. រៀន​ធ្វើ​លំហាត់​ពី​សៀវភៅ​ផ្សេង​ៗ​ឲ្យ​បាន​ច្រើន។
៦. ស្វ័យ​សិក្សា​មុន​ពេល​បវេសនកាល​ចូល​មក​ដល់។
៧. ស្វែងរក​កន្លែង​ស្វ័យ​សិក្សា​ដែល​សម​ស្រប​បំផុត​សម្រាប់​ខ្លួន​ឯង។
៨. ហាត់​សម​ធ្វើ​តេស្ត​ប្រឡង​​ឲ្យ​បាន​ច្រើន។
៩. ធ្វើ​លំហាត់​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ។
១០. រាប់​អាន​មិត្ត​ភក្តិ​ឲ្យ​បាន​ច្រើន​ ពិភាក្សា​លំហាត់ និង​ស្វ័យ​សិក្សា​ជាមួយ​គ្នា។
១១. ពុះ​ពារ​ស្ទុះ​ស្ទា​ស្រវា​ស្រទេញ​ចង់​បាន​និទ្ទេស A។
១២.មាន​ចិត្ត​ស្រឡាញ់​ការ​សិក្សា
១៣. បរិភោគ​អាហារ​ដែល​ផ្តល់​ផល​ល្អ​ដល់​សុខភាព។
សាលារៀន salarean.com

កិច្ច​ការ​១០​យ៉ាង​ដែល​សិស្ស​និស្សិត​គួរ​ធ្វើ

កិច្ច​ការ​១០​យ៉ាង​ដែល​សិស្ស​និស្សិត​គួរ​ធ្វើ
ដើម្បី​ជោគ​ជ័យ​ការ​សិក្សា​
ដើម្បី​ជោគ​ជ័យ​ការ​សិក្សា​
១. គ្រប់​គ្រង​ពេល​វេលាសិក្សា​​ប្រកប​ដោយ​ប្រសិទ្ធភាព ២. ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​ល្អ៖ មើល​មេរៀន ធ្វើ​កិច្ច​ការ​សាលា​ដែល​គ្រូដាក់​ឲ្យ និង​ មក​រៀន​ជា​ទៀង​ទាត់
៣. រៀន​ត្រូវមាន​ទិសដៅ​ជា​ស្រេច​ថា​ខ្លួន​ចង់​បាន​​ត្រឹម​ណា​
៤. ផ្ចង់​អារម្មណ៍​សិក្សា​និង​ស្តាប់​គ្រូ​ពន្យល់បើ​មិន​យល់​ត្រង់​ណា​ត្រូវ​ហ៊ាន​សួរ​ភ្លាម​
៥. កត់​ត្រា​ខ្លឹម​សារ​មេរៀន​សំខាន់​ៗ
៦. ធ្វើ​កិច្ច​ការ​សាលា​ដែល​គ្រូ​ដាក់​ឲ្យ​ ចូរ​ចង​ចាំ​ថា​គ្រូ​ដាក់​លំហាត់​ឲ្យ​ធ្វើ​គឺ​សុទ្ធ​តែ​មាន​មូល​ហេតុ។ មូល​ហេតុ​នោះ​គឺ​ធ្វើ​ឲ្យ​អ្នក​ចេះដឹង។
៧. រំលឹក​មេរៀន​ជា​រៀង​រាល់​ថ្ងៃ កុំ​រង់​ចាំរហូត​ជិត​ដល់​ថ្ងៃ​ប្រឡង​ទើប​មើល​មេរៀន
៨. រៀប​ចំរបស់​របរ​ឲ្យ​មានរបៀប​រៀប​រយ បែង​ចែក​កន្លែង​ទុក​ដាក់​របស់ ហើយ​ទុក​ដាក់​របស់​ឲ្យ​ត្រូវ​កន្លែង
៩. រៀន​ដោយ​មាន​ទឹក​ចិត្ត​ចង់​រៀន
១០. តាំង​ចិត្ត​រៀន​ តាំ​ងចិត្ត​ធ្វើ​យ៉ាង​ពិត​ប្រាកដ ព្យាយាម​សិក្សា
ជោគ​ជ័យ​នៅ​ចំពោះ​អ្នក!
សាលារៀន salarean.com

គោល​ការណ៍​១០​យ៉ាង​នាំ​ឲ្យ​ចងចាំ​មេរៀន​បាន​ល្អ

គោល​ការណ៍​១០​យ៉ាង​នាំ​ឲ្យ​ចងចាំ​មេរៀន​បាន​ល្អ
១. ត្រូវ​មាន​ទឹក​ចិត្ត​ស្រឡាញ់​ចំណេះ​ដឹងៈ លុះ​ត្រាណា​តែ​ពេញ​ចិត្ត​នឹង​រៀន ​ទើបរៀន​ទៅ​​ចង​ចាំ​មេរៀនបាន​ល្អ បើ​មិន​មាន​ចិត្ត​រៀន​ហើយ​ពិបាក​ចង​ចាំ​ណាស់។
២. ជ្រើស​រើស​យក​គោល​សំខាន់​នៃ​មេរៀន​យក​មក​រៀន​ រួច​ស្វែង​យល់​លំអិត​លើ​ចំនុច​ធំៗ​នីមួយៗ​។ ចំនុច​គោល​ធំៗ​ប្រៀប​ដូច​ជា​មេដែក ចំណែក​ឯ​ចំនុច​លំអិត​ប្រៀប​បាន​ដូច​ជា​កំទេច​ដែក កាល​ណា​យើង​ចាប់​បាន​មេដែក​ហើយ នោះ​យើង​អាច​ស្រូប​ទាញ​យក​កំទេច​ដែក​បាន​ដោយ​ងាយ។ វិធី​នេះ​ជួយ​​មិន​ឲ្យ​ខួរ​ក្បាល​នឿយ​ហត់​ខ្លាំង​ពេក ពោល​គឺ​ចាប់​យក​តែ​ចំនុច​ធំៗ​មក​ពិចារណា។
៣. រៀ​ន​ដើម្បី​ចេះ មិន​មែន​រៀន​តែ​ពេល​ប្រឡង​ទេ ដូច្នេះ​ជានិច្ច​កាល​ចូរ​ខិតខំ​រៀន​និង​ចង​ចាំ​ខ្លឹម​សារ​មេរៀន។
៤. ចេះ​ចំណេះ​ដឹង​មូលដ្ឋាន​កាន់​តែច្រើន​កាន់​តែ​ល្អៈ ប្រសិន​បើ​យើង​ស្តាប់​រឿង​អ្វី​មួយ​ដែល​ថ្មី​ស្រឡាង​នោះ​យើង​ពិបាក​ចាប់​បាន ​អត្ថន័យ​ទាំង​ស្រុង​ណាស់ តែ​បើ​យើង​ធ្លាប់​ដឹង​ឬ​មាន​បទ​ពិសោធន៍​វិញ នោះ​យើង​នឹង​ចាប់​បាន​ខ្លឹម​សារ​ដោយ​ងាយ។ និសិ្សត​ភាគ​ច្រើន​តែង​យល់​ច្រឡំ​ថា​ការ​រៀន​មុខវិជ្ជា​នៅ​ឆ្នាំ​មូល​ដ្ឋាន​ ក្រៅ​ពី​ជំនាញ​របស់​ខ្លួន​គឺ​ជា​រឿង​ឥត​ប្រយោជន៍​ តាម​ការ​ពិត​វា​ជួយ​ឲ្យ​ពួក​គេ​ងាយ​ចាប់​បាន ​ងាយ​សិក្សា​ជំនាញ​ផ្សេង​ទៀត។ មុខ​អាជីព​នាពេល​អនាគត​ តែង​ចាប់​ផ្តើម​ពីការ​សិក្សា​នៅ​ឆ្នាំទី​១។
៥. រៀប​ចំ​ចំណេះ​ដឹង​ឲ្យ​មាន​របៀប​រៀប​រយៈ ប្រសិន​បើ​អ្នក​ចង់​ទិញ​របស់​ទាំង​អស់​ខាង​ក្រោម​នេះ​ អ្នក​ប្រាកដ​ជា​ពិបាក​ចង​ចាំទាំង​អស់​ណាស់ៈ សាច់ គោ​ ត្រសក់ ដូង ជី ល្ហុង សាច់​ក្រក ដែក​គោល ជក់ សៀវភៅ ត្រីងៀត ល្ពៅ ពូថៅ ប៊ិច ការ៉ុត​...។ តែ​បើ​អ្នក​រៀបចំ​ជា​ផ្នែក​ៗ​វិញ​ ពិត​ជា​ពុំ​សូវ​ពិបាក​ចាំ​ទេៈ
បន្លែៈ ត្រសក់ ល្ពៅ ដូង ជី ល្ហុង​ ការ៉ុត
សាច់ៈ សាច់​គោ សាច់​ក្រក ត្រីងៀត
សម្ភារៈ​រោង​ជាងៈ ដែក​គោល​ ពូថៅ ជក់
សម្ភារៈ​សិក្សាៈ សៀវភៅ​ ប៊ិច
ចំណេះ​ដឹង​ក៏​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ប្រសិន​បើ​មិន​រៀប​ឲ្យ​មាន​របៀប​ទេ​ មិន​អាច​ចង​ចាំ​បាន​ល្អ​ឡើយ​។
៦. ទន្ទេញៈ ដើម្បី​ឲ្យ​ចងចាំ​បាន​យូរ​ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ទន្ទេញ​ទេ។ ចូរ​រៀប​ចំ​មេរៀន​ឲ្យ​​មាន​លំដាប់​លំដោយ​ រួច​ហើយ​ទន្ទេញ​ឲ្យ​ចាំ​។ ពេល​ទន្ទេញ​ចូរ​អាន​ឲ្យ​លឺៗ​ ឬសរសេរ ឬ គូស​វាស ធ្វើ​បែប​នេះ​ជួយ​ឲ្យ​ងាយ​ចង​ចាំ​បានល្អ។
៧. សង្ខេបៈ អ្នក​ចិត្ត​វិទ្យា​ជឿថា ខួរក្បាល​របស់​មនុស្ស​ត្រូវ​ការ​ពេល​ ៤ វិ​នាទី ទៅ ១៥​ វិនាទី ​ដើម្បី​បង្រួម​ព័ត៌មាន​ដែល​ទទួល​បាន។ ព័ត៌មាន​ដែល​អ្នក​ទទួល​បាន​ពី​មេរៀន​នីមួយៗ នៅ​មាន​សភាព​ទូលាយ​នៅ​ឡើយ​ ដូចនេះ​អ្នក​គួរ​តែ​រក​ពេល​វេលា​បង្រួម​សង្ខេប​វា​ឲ្យ​ងាយ​ស្រួល​ចង​ចាំ។ អ្នក​គួរ​អាន​មេរៀន​ត្រួស​ៗ​ឡើង​វិញ​ពេល​រៀន​ចប់​ភ្លាម​ៗ​ដើម្បី​ឲ្យ​ខួរ​ ក្បាល​ងាយ​ស្រួល​ចងចាំ​ទុក។ បើ​ទន្ទេញ​ទៀត កាន់​តែ​ប្រសើរ។
៨. បែង​ចែក​ពេលវេលា​ខ្លីៗ​សិក្សាៈ វិធី​នេះ​មាន​ប្រយោជន៍​ជាង​សិក្សា​រយៈ​ពេល​ច្រើន​ម៉ោង​ដោយ​មិន​សម្រាក ពី​ព្រោះ​ (១) រាង​កាយ​និង​អារម្មណ៍​បាន​សម្រាក (២) មាន​អារម្មណ៍​ក្លៀវក្លា​ក្នុង​ការសិក្សា (៣) អស់​បញ្ហា​រឿង​មុខ​វិជ្ជា​ដែល​មិន​ចូល​ចិត្ត​រៀន ព្រោះ​រៀន​តិច​ៗ​ខ្លីៗ (៤) សន្ទុះ​សិក្សាកើន​ឡើង ខួរ​ក្បាល​បើក​ទូលាយ​ចំពោះរឿង​​អតីតកាល​និង​អនាគត​កាល។ ការរៀន​ដោយ​ប្រើ​ពេល​ខ្លី​ៗ​រួម​មាន​ដូច​ជាៈ រៀន​ពេល​ចេញ​លេង​ម្តងៗ រៀន​ពេល​ដើរ​មក​ថ្នាក់រៀន ឬ​រៀន​ពេល​ដើរ​ទៅ​ចំណត​ម៉ូតូ​/ឡាន ដែល​ប្រើ​រយៈ​ពេល​ត្រឹម​ ៥​ នាទី ឬ​ ១០​នាទី។
៩. ប្រើ​លំនឹក​គិត ឬ​រូប​ភាព​ជួយ​ដល់​ការ​ចង​ចាំ​ ដូច​ជា​ប្រើ​ដ្រាក្រាម​ជា​ដើម ដែល​ធ្វើ​ឲ្យ​ខួរ​ក្បាល​ដើរ​១០០%​។ អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញ​ថា ខួរ​ក្បាល​មនុស្ស​ចែក​ជា​ពីរ​ផ្នែក ខាង​ឆ្វេង​សម្រាប់​ទទួល​ព័ត៌មាន​ជា​សូរ​សំលេង ឯ​ខាង​ស្តាំ​សម្រាប់​ទទួល​ព័ត៌មាន​ជា​រូបភាព(ឃើញ​ភ្នែក)។ ប្រសិន​បើ​អ្ន​កទន្ទេញ​មេរៀន​តាម​តែ​ពាក្យ​នោះ​មាន​ន័យ​ថា​ប្រើ​បាន​តែ​ ចំណែក​ម្ខាង​របស់​ខួរ​ក្បាល​តែ​ប៉ុណ្ណោះ។ តែ​បើ​អ្នក​ទន្ទេញ​ដោយ​ប្រើ​ពាក្យ​បូក​ផ្សំ​ជាមួយ​នឹង​រូប​ភាព​ឬ​គំនូស​តាង​ ផ្សេងៗ​ នោះ​អ្នក​នឹង​បាន​ប្រើ​នូវ​ថាម​ពល​ពេញ​លេញ​របស់​ខួរ​ក្បាល។
១០. យក​រូប​ភាព​ឬ​វត្ថុ​តាង​ណា​មួយ​​ទុក​ជា​ការ​ចំណាំ​ផ្ទាល់​ខ្លួន​ ឧទាហរណ៍​យក​មេរៀន​​ចាស់​ដែល​យើង​ចាំ​បាន​ល្អ​ហើយ​ មក​ភ្ជាប់​ជាមួយ​​មេរៀន​​ថ្មី​ ធ្វើ​ដូច្នេះ​ពេល​ណា​នឹក​ដល់​មេរៀន​ចាស់​ មេរៀន​ថ្មី​ក៏​លេច​ផុស​ឡើង​ ងាយ​ស្រួល​ចាំ​ មិន​បាច់​ប្រើ​កម្លាំ​ងគិត​ច្រើន។
ប្រែ​សម្រួល​ដោយៈ សេវាកម្ម​បក​ប្រែ អិនលីត
សម្រួល​ខ្លឹម​សារៈ salarean.com

ប្រយោជន៍ក្រមា​ខ្មែរ

ប្រយោជន៍ក្រមា​ខ្មែរ
កំណាព្យ​ក្រមា​ខ្មែរ (បទ​ពាក្យ​ប្រាំពីរ)
អត្ថបទ​ដើម​ទាំង​ស្រុង​​បោះ​ពុម្ព​ផ្សាយ​ដោយ​អង្គការ​សន្តិ​ស្ម័គ្រ​ចិត្ត (SVA)
ក្រមា​ខ្មែរ
នេះ​នឹង​ថ្លា​ថ្លែង​ចែង​ចរចា .................................... ស្តី​ពី​ក្រមា​សូត្រ​អំបោះ
ក្រឡា​ចត្រង្គ​ពណ៌​ល្អ​ស្រស់​ ................................. កូន​ខ្មែរ​ស្រណោះ​គេង​អង្រឹង។
កូន​ប្រុស​កូន​ស្រី​លេង​ជា​ក្រុម​ .............................. ធ្វើ​កូន​ក្រមុំ​ក្រមា​នឹង
ពេល​ងូត​ទឹក​ស្រះ​អូរ​ឬ​ស្ទឹង ................................. ពុក​ម៉ែ​ស្ទុះ​វឹង​យក​មក​ផ្លាស់។
ផល​ពី​ក្រមា​ប្រើ​សព្វ​គ្រប់ .................................... បក់​មូស​ដណ្តប់​ប្រពៃ​ណាស់
ប្រើ​បាន​ទាំង​ក្មេង​បាន​ទាំ​ងចាស់ ........................... ជួន​ជា​ពក​ប៉ះ​ផ្សះ​ផ្លុំ​ស្អំ។
នារី​ផ្លាស់​អាវ​តែង​ចង​ពុង ..................................... ស្រី​ស្រស់​ឆោម​យង់​ទ្រង់​សក្តិ​សម
ការ​កេរ្តិ៍​ជា​ស្រី​ស្រស់​ឧត្តម .................................... ពេល​ការងារ​ខំ​ជា​ឈ្នួត​ក្បាល។
ថ្ងៃ​ក្តៅ​ម្តេច​ក្តី​យើង​ទទូរ ........................................ ដើរ​ឆាប់​ដើរ​យូរ​ល្អ​ត្រកាល
ពេល​ខ្លះ​ស្រី​ទូល​ធ្ងន់​ឬ​ស្រាល .............................. ក្រមា​ទ្រាប់​ក្បាល​ជា​រង្វេល។
ជួន​ជា​សម្រាន្ត​ប្រាណ​ផ្ទាល់​ក្តារ ............................ យើង​ក្រាល​ក្រមា​ជួស​កន្ទេល
ខ្វះ​ខ្នើយ​បត់​កើយ​គេង​លក់​រេល ............................. ប្រើ​បាន​គ្រប់​ពេល​គ្មាន​ខ្វល់​អ្វី​។
ពេល​ក្មេង​តូច​ធំ​ជុំ​អ៊ូអរ ........................................ បាយ​ឡុក​បាយ​ឡ​ទាំង​ប្រុស​ស្រី
ក្រមា​ត្រកួត​ធ្វើ​ខ្សែ​តី ........................................... ប្រមោយ​ដំរី​លេង​សប្បាយ។
ក្រមា​ធ្វើ​ឈូង​លាក់​កន្សែង ................................... លេង​ចាប់​កូន​ខ្លែង​សើច​ក្អាក​ក្អាយ
ពេល​ណា​ងូត​ទឹក​ហែល​ជិត​ឆ្ងាយ ........................... ក្រមា​បាន​ក្លាយ​ពោង​បណ្តែត។
ចង​ក្បិន​ក្រមា​ឡើង​ដើម​ឈើ ................................ ដូង​ត្នោត​លូត​លើ​ខ្ពស់​រាប់​ម៉ែត្រ
ក្រមា​ប្រើ​បាន​ទាំ​ងក្រុង​ខេត្ត ................................. ប្រយោជន៍​ហួស​ហេតុ​ថ្លែង​ពុំ​បាន។
បត់​ចង​ធ្វើ​អាវ​អោយ​កូន​ចៅ .................................. ពេល​ណា​ស្អុះ​ក្តៅ​អស់​អង្គ​ប្រាណ
បក់​ជំនួស​ផ្លិត​យ៉ាង​ចំណាន ................................. នៅ​គ្រប់​សន្តាន​ខ្មែរ​តែង​ប្រើ។
ចង​ជា​ទន្លីង​ឡើង​ដូង​ត្នោត .................................. ទាប​ខ្ពស់​ម្តេច​សោត​សឹង​ប្រសើរ
ជៀស​វាង​គ្រោះ​ថ្នាក់​បាន​គ្រាន់​បើ ......................... ដល់​ដី​ចុះ​ដើរ​យក​បង់​ក។
ទម្លាប់​ខ្មែរ​យើង​មក​យូរ​យារ .................................. ចូល​វត្ត​ពានា​ស្រស់​បវរ
ទាំង​ក្រមា​សូត្រ​អំបោះ​ស ..................................... កូន​ចៅ​ប្រើ​ត​ផៅ​សន្តាន។
ចង្កេះ​បុរស​ចង​ក្រមា ............................................ ងាយ​ធ្វើ​កិច្ច​ការ​ជុំ​វិញ​ប្រាណ
មិន​ទើស​មិន​ទាស់​នាំ​រំខាន​ ................................... ការងារ​ប៉ុន្មាន​តែង​បាន​ផល។
គំនូរ​ចម្លាក់​ឆ្លាក់​លើ​ថ្ម ........................................... ញើស​ហូរ​ម្តេច​ក៏​មិន​អែក​អល់
ក្រមា​ជូត​ញើស​គ្មាន​សេស​សល់ ........................... កូន​ខ្មែរ​មិន​ខ្វល់​ទុក​ជាប់​ប្រាណ។
ក្រមា​ចង​ថ្នក់​ដក់​បន្លែ​ ........................................... អ្នក​ចំការ​ស្រែ​មិន​ដែល​ខាន
ចង​ថ្នក់​ជាយ​ពីរ​ម្ខាង​តាម​បាន​ ............................... ទម្លាប់​សន្តាន​ដូច​គ្នា​ដែរ។
ថ្ងៃ​មាន​កំដៅ​ក្តៅ​ចែង​ចាំង .................................... ក្រមា​ចង​បាំ​ង​អោយ​មាស​ស្នេហ៍
បាន​ម្លប់​អោយ​កូន​ទាំង​ពុក​ម៉ែ ............................... ធ្វើ​ចំការ​ស្រែ​តាម​ត្រូវ​ការ។
ពេល​ធ្វើ​ដំណើរ​ដើរ​ស្រុក​ឆ្ងាយ ............................. សំពាយ​ជាប់​កាយ​ទាំង​យាយ​តា
ខោ​អាវ​សំពត់​វេច​ក្រមា ........................................ ជា​រឿង​ធម្មតា​តាម​ក្រ​មាន។
ពេល​ដាច់ស​ង្វែង​ចូល​ព្រៃ​ជ្រៅ ............................. គ្មាន​ឆ្នាំង​ជាប់​ទៅ​ពេល​ពោះ​ឃ្លាន
ក្រមា​ដំា​បាយ​បាន​ត្រូវ​រៀន ................................... ក្រមា​ធនធាន​ខ្មែរ​ប្រពៃ៕
បោះ​ពុម្ព​ផ្សាយ​ដោយ​អង្គការ​សន្តិ​ស្ម័គ្រ​ចិត្ត (SVA)
អត្ថបទ​ដើម ជា​កំណាព្យ​អម​ដោយ​រូប​ភាព

ល្បិច​ទី​១៦​ ដុត​ឲ​ច្រឡោត​បញ្ឆោត​ឲ​ខឹង

ល្បិច​ទី​១៦​ ដុត​ឲ​ច្រឡោត​បញ្ឆោត​ឲ​ខឹង
ល្បិច​ ដុត​ឲ​ច្រ​ឡោត​ បញ្ឆោត​ឲ​ខឹង សំដៅ ​ទៅ​លើប្រើ​ពាក្យ​សំដី​ ឬ​សកម្មភាព​អុជ​អាល​ធ្វើ​ឲ​គេ​ខឹង​សម្បា ដើម្បី​សម្រេច​តាម​បំណង​របស់​ខ្លួន។​ ល្បិច​នេះ​ អនុវត្តន៍​មាន​ប្រសិទ្ធភាព​ចំពោះ​មនុស្ស​ឆេវ​ឆាវ​តក់​ក្រហល់​ មនុស្ស​នឹង​ធឹង​អត់​ធ្មត់​ គេ​ពិបាក​ដុត​ឲ​ខឹង​ណាស់​។ ឧទាហរណ៍​ មនុស្ស​ដូច​ ចាវ ឆាវ ពូកែ​សង្ស័យ​ច្រើន​ មិន​ងាយ​ជឿ​សំដី​គេឡើយ ល្បិច​បែប​នេះ​មិន​អាច​ប្រើ​ការ​បាន​ឡើយ​ បែរ​ជា​អាច​កាំបិត​ចិត​ដង​ឯង​វិញ​។ ល្បិច​ដុត​ឲ​ខ្លោច​ របស់​ ខុង ម៉េង​ ពិត​ជា​ពូ​កែ​ដល់​កំពូល​ អាច​អុជ​អាល​ទាល់​តែ​ ចូវ​ យី​ ខឹង​ស្លាប់​ ជេ​ស្តេច​ឡាង ច្រឡោត​ទាល់​តែ​ក្ស័យ​ជីវ៉ា តែ​មក​ប៉ះ​ជាមួយ​ ស៊ី​ម៉ាអ៊ី​ ក៏​ទាល់​តំរិះ។

ប្រវត្តិ​ពិត​សម័យ​ ចាន់​គួក​ (៤៧៥ មុន​គ.ស ដល់​២២១ មុន​គ.ស)

នគរ​ឈីន មានអំណាច​និង​កម្លាំង​ខ្លាំង​ជាង​គេ ជា​ញឹក​ញាប់​តែងតែ​ឈ្លានពាន​នគរ​ជិត​ខាង។​ អ្នក​នយោយបាយ​ដ៏​កំពូល​នា​សម័យ​នោះ​ គឺ​ឧបរាជ ស៊ូ​ ឈីង កំពុង​រិះ​រក​មធ្យោបាយ​ដើម្បី​ចង​សម្ព័ន្ធ​ភាព​ជាមួយ​នគរ​ទាំង​ប្រាំមួយ គឺ​ នគរឈី ឈូ យាន​ ចាវ ហាង និង ខួយ រួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បីទប់​ទល់​នឹង​នគរ​ឈីនដ៏​ខ្លាំង​ពូ​កែ។
ពេលបញ្ចុះ​បញ្ចូល​នគរ​យាន​និង​នគរ​ចាវ​បាន​ហើយ​ ប្រុង​ចេញ​ដំណើរ​ទៅ​កាន់​នគរ​ខួយ​ ស្រាប់​តែ​ទទួល​ដំណឹង​ថា​ នគរ​ឈីង​កំពុង​រៀបចំ​ទ័ពប្រុង​ឈ្លាន​ពាន​នគរ​ចាវ​។ ដំណឹង​នេះ​ធ្វើ​ឲ​ឧបរាជ ស៊ូ​ នឹក​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​ គិត​ថា​ផែនការ​ចង​សម្ព័ន្ធភាព​នគរ​ទាំង​ប្រាំមួយ​របស់​ខ្លួន ពិត​ជាត្រូវ​បរាជ័យ។ ភ្លាម​នោះ ក៏​នឹក​ឃើញ​មធ្យោបាយមួយ​ សម្រេច​ថា​ត្រូវ​ជ្រើស​រើស​មនុស្ស​ម្នាក់​ជា​ទី​ទុក​ចិត្ត​ឲ​ទៅ​នគរ​ឈីន លៃ​យ៉ាង​ណា​ជ្រៀត​ចូល​ក្នុង​នគរ​ឈីន​កាន់​កាប់​តួនាទី​ធំ​ឲ​បាន។ តើ​អ្នក​ណា​ដែល​ត្រូវ​ជ្រើស​រើស​ឲ​ទទួល​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​នេះ? លោក​ឧបរាជ​ អង្គុយ​រិះ​គិត​យ៉ាង​យូរ​ ទើប​នឹក​ឃើញ​មនុស្ស​ម្នាក់​ គឺ ចាង យី ដែល​ជាមិត្ត​រួម​ថ្នាក់​របស់​ខ្លួន។ ភ្លាម​នោះ​ក៏​ហៅ​អ្នក​ជំនិត ពី សេង មក​ជួប​រប្រាប់​ពីគំនិត​របស់​ខ្លួន​ហើយ​និយាយថាៈ យើង ​មាន​សិស្ស​រួម​ថ្នាក់​ម្នាក់​ឈ្មោះ​ ចាង យី ឥឡូវ​នេះ​ កំពុង​រស់​នៅ​ក្នុង​នគរ​ខួយ។ យើង​ឲ​មាស​ឯង​មួយ​ពាន់​តម្លឹង​ ទៅអនុវត្ត​កិច្ច​ការ។ ឯង​ត្រូវ​ក្លែង​ខ្លួន​ជាអ្នក​ជំនួញ ដូរ​ឈ្មោះ​ថា ជាស៊ី​ ហើយ​ធ្វើ​ដំណើរ​ទៅកាន់​នគរ​ខួយ។ នៅពេល​បាន​ជួប ចាង​ យី ហើយ​ត្រូវ​ធ្វើ​បែប​នេះ​ឬបែប​នោះ​។ ពេល​ដែល​ត្រឡប់មក​កាន់​នគរ​ ចាវ​ វិញ ត្រូវ​អនុវត្ត​យ៉ាង​នេះ​ឬយ៉ាង​នោះ។ រាល់​កិច្ច​ការ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ កុំ​ធ្វេស​ប្រហែស​ឲ​សោះ។
ជាស៊ី​​ ទទួលបញ្ជា​ហើយ​ ក៏​ចេញដំណើរ​ទាំងយប់​ទៅកាន់​នគរ​ខួយ។ ពេលនោះ​ ចាងយី ទើប​ទទួល​ការ​មាក់​ងាយ​ពី​ស្តេច​ឈូ ស្នាម​របួស​ទើប​ជា​សះ ក៏​​ត្រឡប់​ទៅ​កាន់​នគរខួយ​វិញ​ សម្ងំ​ខ្លួន​ពួន​អាត្មា​នៅ​តែ​ក្នុង​ផ្ទះ។ ជាស៊ី​ ក៏​បាន​ទៅ​ដល់​នគរ​ខួយ​ចំពេល​ដែល​ ចាងយី មាន​បំណង​ចង់​ទៅ​ជួប លោក​ឧបរាជ ស៊ូ ឈីង នៅ​នគរ​ចាវដែរ។ ចៃ​ដន្យ​ក៏​បាន​ជួប​គ្នា។ លុះ​ជជែក​គ្នា ដឹង​ថា​ជន​នេះ​មក​ពី​នគរ​ ចាវ​ ទើប​ ចាងយី សួរៈ
ឮថា ឧបរាជ​ថ្មី​របស់​នគរ​ចាវ​ឈ្មោះ លោក​ឧបរាជ​ស៊ូ ឈីង មែន​ទេ?
មែនហើយ​លោក​ប្រុស​ស្គាល់ឧបរាជ​ស៊ូ​ដែរ​ឬ? ជាមិត្ត​ភក្តិឬ​នៅ​ស្រុក​កំណើត​ជាមួយ​គ្នា? ជាស៊ី​សួរ។
មិន​ត្រឹម​តែ​ជាមិត្ត​រួម​ថ្នាក់​ទេ ថែម​ទាំង​ជា​បង​ប្អូន​ធម៌​ទៀត​ផង។ ចាងយី តប​ដោយ​រួស​រាយ។
មែន​ឬ?​ខ្ញុំ​ពិត​ជា​ខ្វះ​ការ​គួរ​សម​ជាមួយ​លោក​ប្រុស​ពេក​ណាស់​ ដែល​លោក​ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​លោក​ឧបរាជ។ បើ​មាន​ទំនាក់​ទំនង​ល្អ​បែប​នេះ​ដែរ​ ម្តេច​មិន​ទៅ​ជួប​គាត់​រក​កិច្ចការតិចតួច​គ្រាន់​នឹង​ធ្វើ។ ជាស៊ី និយាយ​យ៉ាង​គោរពហើយ​បន្តៈ ពេល​នេះ​កិច្ចការ​រក​ស៊ី​របស់​ខ្ញុំ​ចប់​ល្មម គឺ​ត្រូវ​ត្រឡប់​ទៅ​វិញ។ បើ​លោក​ប្រុស​មិនយល់​ទាស់​ទេ​ រួម​ដំណើរ​ទៅ​ជាមួយ​គ្នា​តែ​ម្តង​ទៅ​យ៉ាង​ម៉េច​ដែរ?
ល្អ​ដែរ​ចំ​គំនិត​ដែល​ ចាង​យី កំពុង​គិត​ ក៏​ឆ្លើយ​បាទ​តែ​ម្តង​។ រួច​ហើយ​គេ​ក៏រួម​ដំណើរ​ជាមួយគ្នា។ ប៉ុន្មានថ្ងៃក្រោយ​មកក៏​ទៅ​ដល់​ទិសដៅ​ដូច​ប្រាថ្នា។
មក​ដល់​ក្រុង​ ជាស៊ី​ យក​លេស​ ថា​ជាប់​រវល់​ការងារ​ ហើយ​ថា​ផ្ទះ​របស់​ខ្លួ​ន​នៅ​ក្បែរៗ​នោះ​ដែរ​ ក៏​ទុក​ឲ​ ចាងយី ស្នាក់​នៅ​ផ្ទះ​សំណាក់។
ថ្ងៃ​បន្ទាប់ ចាងយី ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​សំណាក់​ឧបរាជ​ ស៊ូ​ឈីង ដើម្បី​សុំ​ជួប​តែ​អ្នក​យាម​មិន​បាន​បញ្ជូន​ដំណឹង​នេះ​ទៅ​ក្នុង​សំណាក់​ទេ មិន​អនុញ្ញាត​ឲ​ចាងយី ចូលទៅ​ក្នុង​ តែក៏​មិន​ឲ​ត្រឡប់​ទៅ​វិញ​ដែរ។ បន្ត​បន្ទាប់ក្នុង​សភាព​បែប​នេះ​ជា​ច្រើន​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​ប្រាំមួយទើប​អ្នក​យាម​បញ្ជូន​ដំណឹង​នេះ​ទៅ​ខាង​ក្នុង​ សំណាក់។ តែ​អ្នកយាម​ខាង​ក្នុង​ប្រាប់​ថា កិច្ច​ការ​របស់​លោក​ឧបរាជ​មមាញឹក​ណាស់ ឲប្តូរ​ថ្ងៃ​ជួប​ទៅ​ថ្ងៃ​ក្រោយ​វិញ។ ចាងយី​ ក៏​រង់ចាំ​បែប​នេះ​អស់​ជាច្រើន​ថ្ងៃ​ថែម​ទៀត​ តែ​គ្មាន​ដំណឹង​រហូត​ ឯ​សាហ៊ុយក៏​កាន់​តែ​ខើច​ ខឹង​ខ្លាំង​ណាស់​ថា​នឹង​ត្រឡប់​ទៅ​វិញ​ តែ​ម្ចាស់​ផ្ទះ​សំណាក់​ក៏​មិន​អនុញ្ញាត​ឲ​ត្រឡប់​ទៅ​វិញ​ដែរ ដោយ​និយាយ​ថាៈ​លោក ​ប្រុស​បាន​ជាមក​ហើយ​ ទ្រាំចាំ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទៅ​គង់​តែ​បានជួប​ទេ។ បើសិន​ជាលោក​ប្រុស​ ស្រាប់តែ​ចាក​ចេញ​ទៅ​បាត់បែប​នេះ ពេល​ដែល​លោក​ឧបរាជ​​អនុញ្ញាត​ឲ​ចូល​ជួប តើ​ឲ​ខ្ញុំ​ដោះ​ស្រាយ​យ៉ាង​ណា​ទៅ​វិញ?  ដូច្នេះ​ទោះ​ត្រូវ​ចាំ​មួយ​ឆ្នាំ​ឬ​កន្លះ​ឆ្នាំ ក៏​ខ្ញុំ​មិន​អនុញ្ញត​ឲ​លោក​ប្រុស​ចាក​ចេញ​ទៅ​ដែរ។
ចាង​យី ទាល់​គំនិត​ ក៏​សុខ​ចិត្ត​ទ្រាំ​ស្នាក់​នៅ​តទៅ​ទៀត​ទាំង​ចិត្ត​ធុញ​ថប់ ទោះ​ចង់​ទៅ​រក​ ជាស៊ី ក៏​គ្មាន​អ្នកណា​ស្គាល់។ ច្រើន​ថ្ងៃ​កន្លង​ផុត​ទៅ​ ចាងយី ទ្រាំ​លែង​បាន ក៏​ដើរ​សំដៅ​ទៅ​សំណាក់​លោក​ឧបរាជ ដើម្បី​សុំ​លា​។ ពេល​នោះទើប​មានការអនុញ្ញាត​ឲចូល​ជួប គឺ​ជួប​នៅ​ថ្ងៃ​ស្អែក។
ស្អែក​ឡើង​ ចាងយី​ ស្លៀកពាក់យ៉ាង​សមរម្យ ចូល​ជួប​ឧបរាជតាំង​ពី​ព្រលឹម​ តែ​ត្រូវ​អ្នក​យាម​ឃាត់​​ ដោយ​និយាយ​យ៉ាង​ក្រអឺត​ថាៈ លោក​ឧបរាជ​កំពុង​តែ​ជាប់​រវល់​ យ៉ាងម៉េច​ចាំ​បន្តិច​មិន​បាន​ទេ​ឬ?
ចាងយី​ ក្តៅ​ឥត​ឧបមា ឈរចាំយ៉ាង​មួ​ហ្មង។ ក្រឡេក​មើល​ទៅ​មន្រ្តី ចេញ​ចូល​មិន​ដាច់។ ពេល​ជិត​ថ្ងៃ​ត្រង់​​ទើប​ឮ​គេ​ហៅ​ឲ​ចូល​ជួប។ ចាងយី​ គិត​ថា​ ឧបរាជ​ ស៊ូ​ឈីង នឹង​មក​ទទួល​ដោយ​ផ្ទាល់ តែ​បែជា​ខក​បំណង​ ដោយ​លោក​ឧបរាជ​អង្គុយ​ធ្វើ​ព្រងើយ រួច​សួរ​យ៉ា​ង​សោះ​កក្រោះ​ថា សុខ​សប្បាយ​ជា​ទេ? ចាងយី ខឹង​ឡើង​បែក​ផ្សែង ហើយ​មិន​អើ​ពើ​នឹង​សំដី ស៊ូ​ឈីង។
ដល់​ពេល​អាហារ​ថ្ងៃ​ត្រង់​ល្មម ស៊ូឈីង​ ក៏​និយាយ​ទៅ​កាន់​ ចាង​យី ថា កិច្ចការ​យើង​មមាញឹក​ពេក​ធ្វើ​ឲ​ឯង​ចាំ​យូរ ឥឡូវ​គិត​បាយ​ទឹក​សិន ហើយ​យើង​មាន​រឿង​ខ្លះ​និយាយ​ជាមួយ​ឯង។ រួច ​ក៏​ឲអ្នក​បំរើ​រៀប​តុ​ ឲ​ចាង​យី​នៅ​ខាង​ក្រោម ចំណែក​ខ្លួន​អង្គុយ​ខាង​លើ​ដដែល។ ចាងយី​ ឃើញ​ម្ហូប​ ស៊ូឈីង​ សុទ្ធ​តែ​ស្រា​ឆ្ងាញ់ ម្ហូប​ឆ្ងុយ គ្រឿង​សមុទ្រ​ ចំណែក​ខ្លួន គឺ​សម្ល​ទឹក​មួយ​មុខ​ គោក​មួយ​មុខ បាយ​វិញ​ចង់​ធំ​ក្លិន​បាវ​ទៅ​ហើយ។
ដោយ​គ្មាន​ជំរើស​ព្រោះ​ជំពាក់​ប្រាក់​ផ្ទះ​សំណាក់​ច្រើន​ផង​ ចាងយី បរិភោគ​ទាំង​ខឹង​ផង​ខ្មាស​ផង​ កែវ​ភ្នែក​ទាំង​គូ​ឡើង​ក្រហម​ស្ទើរ​ឆេះ។
ឧបរាជ​ស៊ូ ក៏​បញ្ជាៈ សូមអញ្ជើញ​ភ្ញៀវ​ឡើង​មក​ជួប។
ចាងយី ក៏​ងើប​ឈរ​ឃើញ ស៊ូឈីង នៅ​អង្គុយ​ធ្វើ​ព្រងើយនៅ​ខាង​លើ ពិតជាទប់​កំហឹង​លែង​បាន​ហើយ ក៏​បោះ​ជំហាន​ទៅ​ចង្អុល​មុខ​ឧបរាជ​ ស៊ូ​ឈីង ដោយ​ពាក្យ​អសុរោះ​សព្វ​បែប​យ៉ាង។
ចាងយី ត្រឡប់​មក​ផ្ទះ​សំណាក់​វិញ​​ពោរពេញ​ដោយ​កំហឹង​ និង​មិន​បាន​ផល​ប្រយោជន៍​អ្វី​មក​ជាប់​ខ្លួន​សោះ។ ពេល​មក​ដល់​ផ្ទះ​សំណាក់​វិញ​ ជួន​ជា ជាស៊ី​ មក​ដល់​ល្មម​ ក៏​រ៉ាយ​រ៉ាប់​គ្រប់​រឿង​រ៉ាវ​ប្រាប់ ហើយ​ថា​ខ្លួន​នឹង​ទៅ​កាន់​នគរ​ឈីន ព្រោះ​ក្នុង​ចំណោម​នគរ​ទាំង​៧ ឈីន​មាន​អំណាច​ខ្លាំង​ជាង​គេ មាន​កម្លាំង​អាច​វៃ​នគរ​ចាវ​បាន។ បើសិនជា​នគរ​ឈីន ត្រូវ​ការ​ខ្លួន​ជាចាំ​បាច់ ខ្លួន​ពិត​ជាលើក​ទ័ព​មក​វាយ​នគរ​ចាវ​ពុំ​ខាន សឹង​សឹក​គំនុំ​ដែល ស៊ូ​ឈីង មើល​ងាយ​ខ្លួន។
ជាស៊ី ក៏​ចូលរួម​ដំណើរ​ទៅ​នគរ​ឈីន ជាមួយ​ ចាងយី ដោយ​ក្លែង​ថា​ទៅ​សួរ​សុខ​ទុក​បង​ប្អូន។ ជាស៊ី​ ជួយ​ចេញ​ថ្លៃ​ផ្ទះ​សំណាក់​ឲ​ហើយ​ក៏​ចេញ​ដំណើរ​ទៅ។ ទៅ​ដល់​នគរ​ឈីន ជាស៊ី ជួយ​ផ្តល់​ប្រាក់​និង​ទំនុក​បំរុង​ ចាងយី សព្វ​បែប​យ៉ាង ដើម្បី​ធ្វើ​សកម្មភាព​ទំនាក់ទំនង។ មិន​យូរ​ប៉ុន្មាន​ ចាងយី ក៏​ទទួល​បាន​ការពេញ​ចិត្ត​ពី​ស្តេចឈីន តែង​តាំង​ជា​ទី​ប្រឹក្សា​ពិសេស រួម​ពិភាក្សា​រាល់​កិច្ច​ការ​ធំៗ​របស់​កង​ទ័ព។
ពេលនោះ ជាស៊ី ក៏​សុំ​លា ចាងយី ត្រឡប់​ទៅ​ផ្ទះ​វិញ។ ចាង​យី​ ក៏​និយាយ​ថាៈ
ខ្ញុំមាន​ថ្ងៃ​នេះ ក៏​អាស្រ័យលើការ​ជួយ​ជ្រោម​ជ្រែង​របស់​លោក​ទាំង​អស់។ ខ្ញុំ​គិតថា​នឹង​សង​គុណ​លោក​វិញ។​ យ៉ាង​ម៉េច បាន​ជា​ប្រញាប់​ចង់​ទៅ​ផ្ទះ​វិញ​ហើយ? ជាស៊ី សើច​ហើយ​និយាយថាៈ
គួរ​តែ​សង​គុណ​មិត្ត​រួម​ថ្នាក់​លោក​វិញ​ទៅ​! ទើប​រៀប​រាប់​ ប្រាប់​ ចាងយី នូវ​អ្វី​ដែលឧបរាជ​ស៊ូ ឲ​គេធ្វើ។ ស្តាប់​ចប់​ ចាង​យី ភ្ញាក់​ខ្លួន​ដូច​គេ​ដាស់។ តាម​ពិត​អ្វីៗ សុទ្ធ​តែ​ជា​គំរោង​ការណ៍​របស់ របស់​ស៊ូឈីង​ ធ្វើ​ឡើង​ដើម្បី​រូបខ្លួន។ ចាងយី​ ដក​ដង្ហើម​វែង​ហើយ​និយាយ​ថាៈ
ឯង​ត្រឡប់​ទៅ​វិញ ប្រាប់​លោក​ឧបរាជ​ផង​ថា ដរាប​ណា​ ចាងយី នៅ​មាន​ជីវិត ដាច់​ខាត​មិន​ទៅ​ឈ្លាន​ពាន​នគរ​ទាំង​ប្រាំមួយ ដាច់​ខាត​មិន​បំផ្លាញ​ផែន​ការ​សម្ព័ន្ធ​ភាព នគរ​ទាំង​ប្រាមួយ​របស់​លោក​ឡើយ។
(ដក​ស្រង់​ចេញ​ពី​សៀវភៅ​ ល្បិច​ទល់​មេឃ ភាគី​ ដែល​រៀប​រៀង​ដោយ គីម​ ឃាង)

យុទ្ធ​សាស្ត្រ​ទាំង​៣៦​របស់​ចិន​​បូរាណ​អនុវត្ត​ក្នុង​ជំនួញ​បច្ចុប្បន្ន​

យុទ្ធ​សាស្ត្រ​ទាំង​៣៦​របស់​ចិន​​បូរាណ​អនុវត្ត​ក្នុង​ជំនួញ​បច្ចុប្បន្ន​

យុទ្ធ​សាស្ត្រ​ប្រើ​ពេល​មាន​​ប្រៀប​ឈ្នះ
១. បាំង​មេឃ​ឆ្លង​សមុទ្រ
២. ឡោម​ព័ទ្ធ​ក្រុង​វ៉ើយ​ជួយ​ក្រុង​ចាវ
៣. ខ្ចី​កាំ​បិត​សម្លាប់​មនុស្ស
៤. សន្សំ​កម្លាំងចាំ​ឱកាស​ ​ទុកឲ្យ​សត្រូវ​បញ្ចេញ​ឲ្យ​អស់​កម្លាំង​សិន
៥. ឆ្លៀត​​ឆក់​ប្លន់​ពេល​ភ្លើង​ឆេះ
៦. បញ្ឆោត​ពី​កើត​ វៃ​ពី​លិច
យុទ្ធ​សាស្ត្រ​ឱកាស​និយម
៧. ធ្វើ​នំ​អត់​ម្សៅ ឬ​គ្មាន​តែ​អាច​បង្កើត​ឲ្យ​មាន
៨. លួច​រត់​តាម​ឈើន​ឆាំង
៩. សម្លឹង​មើល​ភ្លើង​ឆេះ​ពី​ត្រើយ​ម្ខាង
១០. លាក់​កាំ​បិត​ស្នៀត​ក្នុង​ស្នាម​ញញឹម
១១. ចាញ់​ដើម្បី​ឈ្នះ
១២.​ លួច​ពពែ​តាម​ផ្លូវ
យុទ្ធ​សាស្ត្រ​វាយ​ប្រហារ
១៣. វាយ​ស្មៅ​បង្អើល​ពស់
១៤. ខ្ចី​សព​សង្គ្រោះ​ព្រលឹង
១៥. បញ្ឆោត​ខ្លា​ចេញ​ពី​រូង
១៦. ដោះ​លែង​មុន​ចាប់​ក្រោយ
១៧.​ បោះ​ដុំ​ថ្មទាក់​យក​គុជ
១៨. បំបែក​សំបុក​ចោរ​ដោយ​ចាប់​មេ​ចោរ
យុទ្ធ​សាស្ត្រ​បន្លំ
១៩. ដក​អុស​ចេញ​ពី​ក្រោម​ផ្ទះ
២០. ចាប់​ត្រី​ក្នុង​ទឹក​ល្អក់
២១. លួច​រត់​ដូច​រ៉ៃ​មាស​សក​ខ្លួន
២២. បិទ​ទ្វា​ចាប់​ចោរ
២៣. ចង​មិត្ត​នឹង​អ្នក​ឆ្ងាយ វាយ​ប្រហារ​អ្នក​ជិត
២៤. ខ្ចី​ផ្លូវ​ទៅ​វៃ​​ កួ
យុទ្ធ​សាស្ត្រ​បំភ័ន្ត
២៥. លួច​ដូរ​ធ្នឹម​សសរ
២៦.​ ចង្អុល​ផ្លែ​ជេរ​ផ្កា
២៧. ធ្វើ​ពុត​ជា​ឆ្កួត​ តែ​មាន​សតិ​ជា​និច្ច
២៨. ដក​ជណ្តើរ​ចេញ​ពេល​សត្រូវ​ឡើង​ដល់​ដំបូល
២៩. ដោត​ផ្កា​លើ​ដើម​ឈើ
៣០.​ ប្រែ​ពី​ភ្ញៀវ​ទៅ​ជា​ម្ចាស់​ផ្ទះ
យុទ្ធ​សាស្ត្រប្រើ​ពេល​​អស់​សង្ឃឹម
៣១. ល្បិច​ស្រីស្អាត
៣២.​ ល្បិច​ក្រុង​ទទេ
៣៣. ចារកម្ម​ឡង
៣៤. ល្បិច​សាច់​កម្ម
៣៥. ល្បិច​បន្ត​បន្ទាប់
៣៦. រត់​គេចៈ ល្បិច​ល្អ​បំផុត
ស្រង់​ចេញ​ពី​សៀវភៅ 36 Strategies of the Chinese, The: Adapting Ancient Chinese Wisdom to the Business World, by Wee Chow Hou

សាលារៀន salarean.com

១២​យ៉ាង​ដើម្បី​បញ្ញា​ឈ្លាស​វៃ

១២​យ៉ាង​ដើម្បី​បញ្ញា​ឈ្លាស​វៃ
១.​ ជជែក​គ្នា​ជានិច្ចកាល​តែ​កុំ​វែង​ពេក​ កុំ​រំខាន​មិត្ត​របស់​អ្នក
២. និទាន​រឿង​ឬនិយាយ​រឿង​កំប្លែង​សើច​លេង​ដោយ​កម្រ​ (បើ​និយាយ​ត្រូវ​​ឲ​ខ្លី​)
៣. មិន​និយាយ​បញ្ចើច​បញ្ចើរ​ឲ​គេ​តប​មក​ខ្លួន​វិញ
៤. ជៀស​វាង​ការនិយាយ​ខ្សិប​ ក្នុង​ចំណោម​មនុស្សម្នា
៥. ជៀសវាង​ការនិយាយ​ពី​ខ្លូន​ឯង
៦. ត្រូវហ៊ាន​ទទួល​ស្គាល់​ការពិត​ និង​បើក​ចិត្ត​ឲ​ទូលាយ​ នៅ​ពេល​ដែល​ពាក្យ​សំដី​មិន​ប្រយ័ត្ន​ប្រយែង​មួយ​ចំនួន​ត្រូវ​បាន​គេ​ប្រើ​ ដើម្បី​លើក​គុណសម្បត្តិ​នរណា​ម្នាក់​ តែ​បាន​ប៉ះ​ពាល់​ដល់​រូប​អ្នក
៧. ពេល​និយាយ​ជាមួយ​នរណា​ម្នាក់​ត្រូវ​សំលឹង​មុខ​គេ​ ដើម្បី​ឲ​ដឹង​ថា​គេយល់​ស្រប​ឬ​អត់
៨. កុំ​និយាយ​ឬ​ស្តាប់​ "​ពាក្យ​និន្ទា​"​ និង "រឿង​អាស្រូវ​"
៩. កុំ​ធ្វើ​ត្រាប់​គេ​ ព្រោះ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ត្រាប់​តាម​ រមែង​អាម៉ាស់​មុខ​ជា​ធម្មតា​ ហើយ​គេ​មិន​ដែល​ភ្លេច​ទេ​នូវ​ភាព​អាម៉ាស់​នេះ
១០. កុំ​ពោល​ពាក្យ​គំរោះ​គំរើយ​ដោយ​ស្រែក​ឬ​សំលុត​ខ្លាំង​ៗ​។ ពាក្យ​អាក្រក់​ៗ​ នឹង​លេច​ចេញ​ដោយ​មិន​ដឹង​ខ្លួន​ ហើយ​ភាព​កោងកាច​ ក៏នឹង​កើត​ឡើង​បន្ថែម​ទៀត
១១. ការសើច​លឺៗ ជាភាពរីករាយ​សម្រាប់​មនុស្ស​ល្ងង់​ ឥត​សណ្តាប់​ធ្នាប់​ប៉ុណ្ណោះ​ អ្នកដែលមាន​សីលធម៌​ល្អ​ គេ​គ្រាន់​តែ​ញញឹម​តែ​មិន​ដែល​សើច​ឡើយ
១២. អ្វី​ដែល​អ្នក​និយាយ​ ចូរ​និយាយ​ឲច្បាស់​ ឲ​សមរម្យ និង​ប្រកប​ដោយ​ស្នាម​ញញឹម​៕
ប្រែសម្រួល​ដោយ​ សេវាកម្មបកប្រែ​ អិន​លីត​ nlitservice@gmail.com

មនុស្ស​១០​ប្រភេទ​ដែល​ត្រូវគេមើល​ងាយ

មនុស្ស​១០​ប្រភេទ​ដែល​ត្រូវគេមើល​ងាយ
(១) មនុស្ស​ស្រីម៉េម៉ាយ
(២) មនុស្ស​ពិការ
(៣) មនុស្ស​គ្មាន​ញាតិមិត្ត
(៤) មនុស្ស​មាន​បំណុល​ច្រើន
(៥)​ មនុស្ស​ឈឺ​ច្រើន
(៦) មនុស្ស​មាន​មិត្ត​អាក្រក់
(៧) មនុស្ស​អស់​ទ្រព្យ
(៨) មនុស្ស​ខ្សត់​ចំណី​អាហរ
(៩) មនុស្ស​ទំនេរ​ការ
(១០) មនុស្ស​ជរា
ពុទ្ធោវាទ ស្រង់​ចេញ​ពី​​សៀវភៅ​ប្រជុំ​វប្បធម៌ខ្មែរ

របៀប​ដាក់​ឈ្មោះ​កូន​ចៅ​ខ្មែរ​នៅ​សម័យ​​បូរាណ

របៀប​ដាក់​ឈ្មោះ​កូន​ចៅ​ខ្មែរ​នៅ​សម័យ​​បូរាណ
នៅ​សម័យ​បូរាណ​ ខ្មែរ​ដាក់​ឈ្មោះ​កូន​ចៅ​ទៅតាម​ក្បូន​ខ្នាត សឹង​រក​គ្រូ​អាចារ្យ​គន់​គូរ​ទស្ស​ទាយ​​មើល​តាម​​ពាលា​រាសីត្រឹម​ត្រូវ។ ម្យ៉ាង​ទៀត​ចំនួន​ព្យាង្គ​ក៏​ត្រូវ​ស្រប​តាម​វណ្ណៈ​គ្រួសារ​ដែរ ដែល​មាន​ជា​លំដាប់​តាម​ពូជ​ពង្ស​ដូច​តទៅៈ
ក. ចំពោះ​ព្រះ​រាជ​បុត្រ​ព្រះ​មហាក្សត្រ
ព្រះ​នាម​នីមួយៗ​មាន​​ពី​បួន​ព្យាង្គ​ឡើង​ទៅ​ដូច​ជា​ ព្រះ​រាជ​បុត្រ​ព្រះ​បាទ​ជ័យ​វរ្ម័ន្ត​ទី​៧ វិរកុមារ​ សុរិយ​កុមារ។

ខ. ចំពោះ​រាជវង្សា​នុវង្ស​ និង​មន្រ្តី​ដែល​ព្រះ​រាជា​តែង​តាំង​ជា​ក្សត្រ​ពេញ​អង្គ
ព្រះ​នាម​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​បី​ព្យាង្គ​ ដូច​ជា​ វិរយៈ ប៉ូរក្ខស៊ី ពិស្ណុលោក​(​មន្ត្រី​រាជ​វង្ស)។
គ. ចំពោះ​បុត្រ​មន្ត្រី គហបតី និង​មន្ត្រី​កត្តិ​យស
នាម​បុត្រ​ត្រូវ​មាន​យ៉ាង​ច្រើន​ពីរ​ព្យាង្គ​ដូចជា សម្បត្តិ ចំរើន​ សុខា ។ល។
ឃ. ចំពោះ​បុត្រ​ប្រជា​រាស្ត្រ​សាមញ្ញ​ទូទៅ
នាម​​បុត្រ​​មាន​​តែ​មួយ​ព្យាង្គ​ឬ​មួយ​ម៉ាត់​ទេ​ពោល​គឺ ឈ្មោះ​ សុខ​ សៅ ម៉ែន ម៉ុក ជា​ គង់ ។ល។
បើ​រាស្ត្រ​ណា​បាន​ធ្វើ​ជា​មន្ត្រីកាល​ណា គេ​គ្រាន់​តែ​បន្ថែម​ទៅ​លើ​ឈ្មោះទាំង​នោះ​​ នូវ​គោរម្យងារ​ដូចជា​ ពញា ឧកញ៉ា ។ល។
(ស្រង់ចេញ​ពី​សៀវភៅ បរិវា​ស័ព្ទ​ក្នុង​ភាសា​ខ្មែរ និពន្ធ​ដោយ​ស៊ី​សុវត្ថិ ប៉ូរក្ខស៊ី ឆ្នាំ១៩៧២)

អាថ៌កំបាំង​ទី​៨​ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ សន្សំ​/វិនិយោគ​ប្រាក់​មុន​ទូរទាត់​ឲ្យ​អ្នក​ដទៃ

អាថ៌កំបាំង​ទី​៨​ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ សន្សំ​/វិនិយោគ​ប្រាក់​មុន​ទូរទាត់​ឲ្យ​អ្នក​ដទៃ
ដក​ប្រាក់​សម្រាប់​សន្សំ​/វិនិយោគមុន​ពេល​ទូរទាត់​ឲ្យ​អ្នក​ដទៃ
ចូរ​ដក​ប្រាក់​១០%​នៃ​ចំណូលរបស់អ្នក​យក​ទៅ​សន្សំ​ឬ​វិនិយោគ។ ប្រសិន​បើ​អ្នក​ដក​ប្រាក់​ ១០០ ដុល្លារ​ ក្នុង​មួយ​ខែ​ជាប់​ជាប្រចាំ​ យក​ទៅ​វិនិយោគ​ដែល​​ផ្តល់​ផល​ចំណូល​កើន​ឡើង​ ១០% ប្រចាំឆ្នាំ​ នោះ​ពេល​ចូល​និវត្តន៍​អ្នក​នឹង​មាន​ប្រាក់ ១​១១៨០០០​ ដុល្លារ។ មានសុភាសិត​មួយ​ពោល​ថា "​ប្រសិន​បើ​អ្នក​មិន​អាច​សន្សំប្រាក់​បាន​ទេ នោះគ្រាប់ពូជ​មហិមា​ក៏​មិន​នៅ​ជាមួយ​អ្នក​ដែរ"។ ការ​បង្កើត​ទម្លាប់ស​ន្សំ និង​វិនិយោគ​​មិន​មែន​ជារឿង​ងាយ​ស្រួល​ទេ តែ​បើ​អ្នក​ធ្វើ​បាន​ អ្នក​ប្រាកដ​ជា​ទទួល​បាន​ជោគជ័យ​ខាង​ហិរញ្ញវត្ថុ។ ចូរ​ទម្លាប់​ចាយ​វាយ​រិះ​គិតគ្រប់​រឿង​។ មុន​នឹង​ចំណាយ​គិត​សិន។ ចូរ​ពន្យារពេល ឬ​បង្វែរ​ចិត្ត​ដែល​ចង់​ទិញ​របស់អ្វី​មួយ​ឲ្យ​បាន​មួយ​អាទិត្យ​សិន ឬ​បើ​មិន​ដូច្នោះ​ទេ​មួយខែ។ ពន្យារពេល​កាន់​តែ​យូរ​ ទិញ​បាន​កាន់​តែ​ថោក។ កុំ​ឲ្យ​ដូច​ពាក្យ​គេ​ថា " រក​បាន​ច្រើន​ចាយ​ក៏ច្រើន" ឬ​ "ទូក​ធំ​ ក្តោង​ធំ"។ ប្រសិន​បើអ្នក​ពិបាក​សន្សំ ១០% ចូរ​ចាប់​ផ្តើម​ពី​ ១% រួច​កើន​ឡើង​រហូត​ ទៅ​ជា ៣%​ ៤% ។ល។ ក្នុង​រវាង​មួយ​ឆ្នាំ​ អ្នក​នឹង​អាច​សន្សំបាន ១០% ឬ​ ១៥% ដល់​ពេល​នោះ​​ចំណូល​និង​ចំណាយ​ក៏​នឹង​មាន​តុល្យភាព ក្នុងពេល​ជាមួយ​គ្នា​ប្រាក់​សន្សំ និង​ប្រាក់​វិនិយោគ​ក៏​ចេះ​តែរីក​ធំ​ឡើង។ អ្នក​នឹង​កាន់​តែ​ប្រយ័ត្នប្រយែង លើ​ការ​ចាយវាយ​ និង​ចាប់​ផ្តើម​ជម្រះ​​បំណុល​អស់​ពី​ខ្លួន។ ក្នុងរវាង​ពី​រ​ឆ្នាំ​ អ្នក​នឹង​គ្រប់គ្រង​បាន​ទាំង​ស្រុង​លើ​ហិរញ្ញវត្ថុ ហើយ​អ្នក​នឹង​ដើរ​ចូល​គន្លង​​សេដ្ឋី។ វិធីនេះ​មាន​ប្រសិទ្ធ​ភាព​ចំពោះ​អ្នក​ដែល​បាន​សាក។ ចូរ​សាក​មើល​ដោយ​ខ្លួន​អ្ន​ក​ផ្ទាល់។
(ស្រង់​ចេញ​ពី​សៀវភៅ The 21 Success Secrets of Self-Made Millionaires, by Brian Tracy )

លក្ខណៈ​១៦​នៃ​មិត្ត​ល្អ​

លក្ខណៈ​១៦​នៃ​មិត្ត​ល្អ​
១.​ នឹក​ដល់​មិត្ត​ដែល​​បែក​គ្នា
២.​ ត្រេកអរ​នឹង​មិត្ត​មក​រក
៣.​ ចង់​តែ​ឲ​មិត្ត​មក​លេង
៤.​ ត្រេកអរ​នឹងទទួល​មិត្ត​យ៉ាង​រាក់​ទាក់
៥.​ ស្រឡាញ់​មិត្ត​របស់​មិត្ត
៦.​ ស្អប់​សត្រូវ​របស់​មិត្ត
៧.​ ចេញ​មុខ​ការពារ​មិត្ត
៨.​ គាំ​ទ្រ​អ្នក​សរសើរ​មិត្ត
៩.​ ប្រាប់​អាថ៌កំបាំង​ចំពោះ​មិត្ត
១០.​ ជួយ​លាក់​អាថ៌កំបាំង​របស់​មិត្ត
១១.​ ទុកដាក់​នឹង​កិច្ចការ​របស់​មិត្ត
១២.​ សរសើរ​បញ្ញា​របស់​មិត្ត
១៣.​ ត្រេកអរ​នឹង​សុខ​ចំរើន​របស់​មិត្ត
១៤.​ ឈឺ​ឆ្អាល់​នឹង​វិនាសភាព​របស់​មិត្ត
១៥.​ នឹង​ដល់​មិត្ត​ពេល​បាន​ចំណី​ឆ្ងាញ់
១៦.​ រាយ​ចំណែក​ឲ​មិត្ត
ដកស្រង់​ចេញ​ពី​ សៀវភៅ​ប្រជុំ​វប្បធម៌​ និពន្ធដោយ​ ឡុង​ ផ្លែង

ទស្សនៈ​បុរស​និង​ស្រ្តី​អំពី​ស្នេហា

ទស្សនៈ​បុរស​និង​ស្រ្តី​អំពី​ស្នេហា
- ចំពោះ​បុរស​ ចំណង​ស្នេហា​ទឹក​ដី ធំ​ជាង​ចំណង​ស្នេហា​ប្តីប្រពន្ធ
- ចំណង​ស្នេហា​ប្តីប្រពន្ធ ធំ​ជាង​ចំណង​ស្នេហា​ឪពុក​ម្តាយ។
- ចំពោះ​ស្រ្តី​ ចំណង​ស្នេហា​ឪពុក​ម្តាយ ធំ​ជាង​ចំណង​ស្នេហា​ប្តីប្រពន្ធ
- ចំណង​ស្នេហាប្តីប្រពន្ធ​ ធំ​ជាង​ចំណង​ស្នេហា​ទឹក​ដី។
ដូចនេះ​ទាំង​បុរស​ទាំង​ស្រ្តី​ សុទ្ធ​តែ​ឲ​តម្លៃស្នេហា​ប្តីប្រពន្ធ​ គឺ​ទីពីរ​ទាំង​អស់។ ហេតុនេះ​ហើយ​បាន​ជា​ពួក​គេ​ចូល​ចិត្ត​លែង​លះ​គ្នា​ណាស់។ H.L Mencken
ស្រង់ចេញ​ពី សៀវភៅ​អាថ៌កំបាំង​អំពី​បុរស រៀបរៀង​ដោយ ហង្ស ផាវី

បុរស​ស្រ្តី​រមែង​ចង​មេត្រី​ស្នេហា​ដោយ​របៀប​៨​យ៉ាង​

បុរស​ស្រ្តី​រមែង​ចង​មេត្រី​ស្នេហា​ដោយ​របៀប​៨​យ៉ាង​
(១) ធ្វើ​ចរិត​ស្រគត​ស្រគំ
(២) ស្រស់​ស្រាយ​ដាក់​គ្នា

(៣) និយាយ​ទៀង​ទាត់​ស្មោះស្មាន
(៤) ពាល​ពាក្យ​ពិរោះ
(៥) នឹក​រលឹក​ចង់​ជួប​មុខ
(៦) តែង​ខ្លួន​ហ៊ឺហា​ខុស​ជន​ដទៃ
(៧) ជូន​អំណោយ (ផ្កា...)
(៨) ស្មោះ​ស្ម័គ្រ
(ដក​ស្រង់​ចេញពី​ច្បាប់​ស្រី​ព្រះ​អង្គ​ឌួង​)

តើ​បុរស​កំពុង​គិត​អ្វី​? ស្រ្តីកំពុង​គិត​អ្វី?

តើ​បុរស​កំពុង​គិត​អ្វី​? ស្រ្តីកំពុង​គិត​អ្វី?
- (​មនុស្ស​ប្រុស​) ពេល​មាន​បញ្ហា​មនុស្ស​ប្រុស​ ចូល​ចិត្ត​នៅ​ម្នាក់​ឯង​ មិន​ចង់​ឲ​គេ​សួរ​ដេញដោល​ច្រើន មិន​ចង់​ឲ​គេ​ឃើញ​ថា​ខ្លួន​ទន់​ខ្សោយ ហើយ​ក៏​មិន​ត្រូវ​ការ​ពាក្យ​លួង​លោម​ដែរ។ (​មនុស្ស​ស្រី) ពេលមាន​បញ្ហា​មនុស្ស​​ស្រី​ត្រូវ​ការ​និយាយ​ចេញ​មក​ក្រៅ​បន្ធូរ​អារម្មណ៍​ តាន​តឹង​ នាង​ត្រូវ​ការ​អ្នក​លួង​លោម​យល់​ចិត្ត​ថ្លើម​ និង​យល់​អារម្មណ៍​ឈឺ​ចាប់​របស់​នាង។
- (​ម​នុស្ស​ប្រុស) បុរស​ចង់​ឲ​ស្រ្តី​នៅ​ស្និទ្ធ​ស្នាល​ខណៈ​ពេល​សប្បាយ​រីករាយ។ (​មនុស្ស​ស្រី) ស្រ្តីចង់​ឲ​បុរស​នៅ​ក្បែរ​ក្នុង​គ្រា​ទុក្ខ​ព្រួយ ពិបាក​ចិត្ត។
- (​មនុស្ស​ប្រុស) បុរស​នឹង​មួម៉ៅ​ប្រសិន​បើ​ស្រ្តី​ធ្វើ​ឲ​គាត់​មាន​អារម្មណ៍​ថា គាត់​មិន​មែន​ជា​បង្គោល​គ្រួសារ ដូចជា​រអ៊ូរឿង​ប្រាក់​ចំណូល​មិន​គ្រប់​គ្រាន់​ជាដើម។ (មនុស្ស​ស្រី) ស្ត្រី​នឹង​មួ​ម៉ៅ​ប្រសិន​បើ​បុរស​សំដែង​ឲ​ឃើញ​ថា​ គាត់​មិន​មែន​ជា​មេ​ផ្ទះ​ដ៏​ល្អ ដូច​ជា​រអ៊ូ​ថា​ផ្ទះ​មិន​ស្អាត​ជា​ដើម។
- (​មនុស្ស​ប្រុស) បុរស​មិន​ចូល​ចិត្ត​និយាយ​ពាក្យ​ថា "​​ស្រឡាញ់​" ទេ​ តែចូល​ចិត្ត​បង្ហាញ​តាម​រយៈ​ទង្វើ​ដូច​ជា ខំរក​ស៊ី​​ជាដើម។ បុរស​គិត​ថា​​ ធ្វើ​កិច្ច​ការ​ធំៗ​តែ​ពីរ​បី​គ្រប់​គ្រាន់នឹង​ជំនួស​ពាក្យ​ថា​ស្រឡាញ់បាន​ ហើយ​។​ ​(មនុស្ស​ស្រី) ស្រ្តី​ចូល​ចិត្ត​ឮ​ពាក្យ​ថា​ "​ស្រឡាញ់" ពិសេស​ក្រោយ​រៀបការ​រួច ដើម្បី​ឲ​នាង​កាន់​តែ​មាន​ជំនឿ​ចិត្ត។ ស្ត្រីចូល​ចិត្ត​ឲបុរស​ធ្វើ​ល្អ​ជាប់​ជាប្រចាំ​ មិន​គិត​រឿង​ធំ​ឬតូច​ទេ ផ្កា​មួយ​ទង​ និង​រថយន្ត​មួយ​គ្រឿង​ មាន​តម្លៃ​ប៉ុន​គ្នាក្នុង​ចិត្ត​ស្រ្តី។
- (​មនុស្ស​ស្រី) ស្រ្តីចង់​ឲ​បុរស​ជួយ​ការងារ​ផ្ទះ​ ជួយ​មើល​កូន តែ​មិន​ព្រម​និយាយ បែរ​ជា​រអ៊ូ។ (មនុស្ស​ប្រុស) ឯ​បុរស​រង់​ចាំ​ឲ​ស្រ្តី​និយាយ ទើប​ជួយ។
- (មនុស្ស​ស្រី) ស្រ្តី​ពេល​មក​ពិភាក្សា​ នាង​ចង់​បាន​ការជួយ​សម្រេចចិត្ត និង​ពាក្យ​ផ្តល់​កម្លាំង​ចិត្តដែល​ធ្វើ​ឲ​នាង​​មាន​អារម្មណ៍​ថា​ខ្លួន​មាន​ តម្លៃ។
- (​មនុស្ស​ស្រី) ស្ត្រី​ទ្រាំ​មិន​បាន​ទេ បើ​នាង​មាន​អារម្មណ៍ថា​បុរស​ លាក់​កំបាំង​ការពិត​អ្វី​មួយ​ជាមួយ​នាង។ (មនុស្ស​ប្រុស) ស្រប​ពេល​ជាមួយគ្នា​នោះ បុរស​គិត​ថា​លាក់​បាំង​រឿងនោះ​ដើម្បី​ឲ​ស្រ្តី​សប្បាយ​ចិត្ត តែ​បែរ​ជា​ធ្វើ​ឲ​នាង​កាន់​តែ​ខឹង​ខ្លាំង​ឡើង​ទៅ​វិញ។ ស្រ្តី​ចូល​ចិត្ត​ឈ្លេច​រក​ចម្លើយ​បើ​នាង​សង្ស័យអ្វី​មួយ​ ធ្វើ​ឲ​បុរស​ធុញ​ទ្រាន់ រឹត​តែ​បិទ​មាត់​មិន​ប្រាប់។
(ស្រង់​ចេញ​ពី​ សៀវភៅ​ត្រៀម​ខ្លួន​ក្លាយ​ជា​គ្រួសារ​ថ្មី ដែល​រៀប​រៀង​ដោយ​លោក​ច័ន្ទ​ឫទ្ធី)

លក្ខណៈស្រ្តី​គ្រប់​លក្ខណ៍​

លក្ខណៈស្រ្តី​គ្រប់​លក្ខណ៍​
ស្រ្តី​ដែល​ប្រកប​ដោយ​លក្ខណៈ​៣១​យ៉ាង​ហៅ​ថា​ស្រី​គ្រប់​លក្ខណ៍ៈ
១.​ មិនចេះ​អេចអូច​និយាយ​ដើម​គេ​។
២.​ ចេះ​គួរសម​ក្រោក​ទទួល​មាតា​បិតា​និង​ស្វាមី​។
៣.​ ដឹង​គុណ​ តប​គុណ​ មាតា​បិតា​ញាតិ​សន្តាន​ ទាំង​​ពីរ​ខាង​។
៤.​ មិន​ចេះ​ដេក​ថ្ងៃ​។
៥. ​មិន​ភ្លី​ភ្លើ​ភ្លេច​មុខ​ភ្លេច​ក្រោយ​។
៦.​ ចេះ​ថែ​ទាំរបស់​ទ្រព្យ​។
៧.​ មិន​ផិត​ក្បត់​ស្វាមី​។
៨.​ មិន​ចេះ​ប្រច័ណ្ឌ​ស្វាមី​។
៩.​ គ្មាន​កលមាយា​។
១០.​ មិន​រំសាយ​សក់​ឲ​គេ​ឃើញ​។
១១ .​ មាន​ចិត្ត​អត់​ធន់​ធ្ងន់​ធ្ងរ​។
១២.​ មាន​ជើង​ស្រាល​មិន​ដើរ​តន្ត្រំ​ក្តុង​ក្តាំង​។
១៣.​ មិន​ឈរ​ឬ​អង្គុយ​សំញែង​កាយ​ឲ​គេ​ឃើញ​។
១៤.​ មិនដើរ​ញ៉ិកញ៉ក់​កាច់​រាង​។
១៥.​ ចេះ​សង្រួម​ភ្នែក​មិន​ក្រឡេក​រឡេម​រឡាម​។
១៦.​ មាន​ដំណើរ​ល្អ​ មិន​គ្រលែង​កាយ​ចំទយ​គូទ​។
១៧.​ មិន​បង់​បោយ​ញាក់​ស្មា​ គ្រលែង​ដើម​ដៃ​។
១៨.​ មាន​សំឡេង​តិច​​ច្បាស់លាស់​ មិន​និយាយ​ឡូ​ឡា​។
១៩.​​ មិន​ចេះ​ឡេះ​ឡោះ​លេង​សើច​។
២០.​ មិន​និយាយ​ផ្តោះ​ផ្តង​ចំពោះ​បុរស​និង​ស្រ្តី​។
២១.​មិន​ទំរន់​ ធ្វើ​ការ​ណា​ធ្វើ​ទាល់​តែ​ហើយ​ការ​នោះ​។
២២.​ ទៅទីណា​ឆាប់​ត្រឡប់​វិញ​ មិន​ញៀន​អង្គុយ​ផ្ទះ​គេ​។
២៣.​ ចេះ​ទុក​ដាក់​ឥវ៉ាន់​ក្នុង​ពេល​គួរ​ទុក​ដាក់​។
២៤.​ ចេះ​រៀប​ចំ​ផ្ទះ​សំបែង​។
២៥.​ ចេះ​តុបតែង​គ្រឿង​ឧបភោគ​បរិភោគ​។
២៦.​ ខ្លាច​ចិត្ត​ស្វាមី​មាតាបិតា​ ហើយ​គោរព​តាម​ឱវាទ។
២៧.​ បរិភោគ​ចំណី​អាហារ​ ក្រោយ​ស្វាមី​និងមាតា​បិតា​។
២៨.​ ឈប់​បរិភោគ​ មុន​ស្វាមី​និង​មាតា​បិតា​។
២៩.​ ដេក​លក់​ក្រោយ​ស្វាមី​។
៣០.​ ភ្ញាក់​មុន​ស្វាមី​។
៣១.​ មាន​មេត្តា​ករុណា​ចេះ​ធ្វើ​បុណ្យ​ទាន​។
ស្ត្រី​ដែល​ប្រកប​ដោយ​លក្ខណៈ​គ្រប់​ពេញ​ទាំង​៣១​នេះ​ ហៅ​ថា​ស្រី​គ្រប់​លក្ខណ៍​ បើ​មិន​ពេញ​ទេ​មាន​ខ្វះ​ខាត​ខ្លះ​ហៅ​ថា​ស្រី​ខាត​លក្ខណ៍​ បើ​មាន​ត្រង់​នេះ​ខ្លះ​ត្រង់​នោះ​ខ្លះ​រដាច់​រដោច​ហៅ​ថា​ស្រី​ដាច់​លក្ខណ៍​ឬ ​មី​កំដាច់​លក្ខណ៍​។
(ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ សុជី​វធម៌​ប្រចាំ​គ្រួសារ​ និពន្ធ​ដោយ​លោក​ សុង​ ស៊ីវ​ បោះ​ពុម្ព​ផ្សាយ​ឡើង​វិញ​ដោយ​ គីម​ ប៊ុន​ថន​)

លក្ខណៈ​បុរស​គ្រប់​លក្ខណ៍​

លក្ខណៈ​បុរស​គ្រប់​លក្ខណ៍​
បុរស​ដែល​ប្រកប​ដោយ​លក្ខណៈ​ ២៦​ យ៉ាង​ហៅថា​ប្រុស​គ្រប់​លក្ខណ៌​គឺៈ
១.​ ឧស្សាហ៍​ខ្នះខ្នែង​ធ្វើ​ការ​រៀនសូត្រ​មិន​ប្រកាន់​ខ្លួន
២.​ មិន​ចេះលួច​ប្លន់​កេង​កិប​ឆរបោក
៣.​ មិន​ឈ្លានពាន​ចំពោះ​កូន​ប្រពន្ធ​អ្នកដទៃ
៤.​ មិន​រំភើប​ញាប់​ញ័រ​ ភ័យ​អរ​ផ្តេសផ្តាស
៥.​​ មិន​កុហកភូត​ភរ​ ឲលើស​ពីការពិត
៦. មិន​​និយាយ​ត្រាប់​ឲ​អៀន​ខ្មាស់
៧ .​ បាន​ឮ​ដំណឹង​ហើយ​វិនិច្ឆ័យ​សិន​ ទើប​ជឿ​ជា​ក្រោយ
៨.​ ធ្វើ​ការ​មិន​រួស​រាន់​ពេក​មិន​យឺត​យូរ​ពេក
៩. មិន​ចេះ​និយាយ​បំភ្លើស​សើច​លេង
១០. ចេះ​ទទួល​ភ្ញៀវ​ពន្លឺ​មិន​លាក់​មុខ
១១.​ មាន​ថ្នាំ​កែ​រោគ​បំរុង​ទុក​មិន​ឲខ្វះ​ពេល​ត្រូវ​ការ
១២. មិន​ប្រាប់​ការសម្ងាត់​ដល់​អ្នក​ដទៃ
១៣. មិន​ផ្ញើរបស់​ទុក​នឹង​បុគ្គល​មិន​គួរ​ផ្ញើ
១៤. មាន​ចិត្ត​អត់ធន់​តស៊ូ​មិន​ញ៉ាក
១៥. មាន​ភក្តី​ភាព​ចំពោះ​ចៅហ្វាយ​នាយ
១៦.​ មិន​ចេះ​ឡឹក​ឡក់​ចំពោះ​ស្រី​ក្រមុំ
១៧. ស្គាល់​ចំនេញ​ស្គាល់​ខាត
១៨. រក​ប្រដាប់​តុប​តែង​ខ្លួន​ឲ​ភរិយា​បុត្រ​ធីតា​ និង​ខ្លួនឯង
១៩. មិន​ទិញ​ជឿ​នូវ​របស់​ប្រើ​ប្រាស់​គ្រប់​យ៉ាង
២០.​ ដឹង​គុណ​ តប​គុណ​ សរសើរ​គុណ​ នៃ​អ្នក​មាន​គុណ
២១.  គោរព​តាម​ឱវាទ មាតា​បិតា​ញាតិមិត្រ​ និង​អ្នក​ប្រាជ្ញ
២២. ចេះ​អត់​ទ្រាំ​ស្តាប់​ នូវ​ពាក្យ​ដែល​គេ​ស្តី​បន្ទោស​ប្រដៅ
២៣. មាន​កាយ​វាចា​ សមរម្យ​មិន​ឆ្គង
២៤. ឲ​ដំណឹង​មនុស្ស​ក្នុង​ផ្ទះ​ហើយ​ ទើប​ចេញ​ទៅ
២៥. ចេះ​វាយ​ប្រដៅ​កូន​ដោយ​រំពាត់​យ៉ាង​តូច
២៦.​ ខឹង​ឆាប់​បាត់​មិន​ចង​កំហឹង​ទុក៕
បុរស​ដែល​ប្រកប​ដោយ​លក្ខណៈ​គ្រប់​ពេញ​ទាំង​ ២៦ ហៅ​ថា​ប្រុស​គ្រប់​លក្ខណ៍​ បើ​មិន​ពេញ​លេញ​ទេ​ មាន​ខ្វះ​ខាតខ្លះ​ ហៅ​ថា​ប្រុស​ខាត​លក្ខណ៍​ បើ​មាន​តែ​ត្រង់​នេះ​ខ្លះ​ត្រង់​នោះ​ខ្លះរដាច់​រដោច​ ហៅ​ថា​ប្រុស​ដាច់​លក្ខណ៍​ ឬ​អា​កំបាក់​ទន្សា។
(ដក​ស្រង់​ចេញ​ពី សៀវភៅ​ សុជីវធម៌​ប្រចាំ​គ្រួសារ​ ដោយ​ លោក​ សុង ស៊ីវ​)

វិធីសាស្រ្ត​បង្កើន​ប្រសិទ្ធ​ភាព​ពេលវេលា​

វិធីសាស្រ្ត​បង្កើន​ប្រសិទ្ធ​ភាព​ពេលវេលា​
  1. សរសេរ​គោលបំណង​របស់​អ្នក​ទុក​កន្លែង​ណាមួយ​ដែល​អ្នក​អាច​មើល​ឃើញ​រាល់​ថ្ងៃ​ដើម្បី​រំលឹក​ដាស់​តឿន​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​។
  2. រាល់​យប់​ធ្វើ​ផែនការ​សម្រាប់​ថ្ងៃ​ស្អែក​ រាល់​ថ្ងៃ​ត្រង់​ចំណាយ​ពេល​២ឬ៣​នាទី​ ពិនិត្យ​មើល​ការអនុវត្ត​របស់​ខ្លួន​ ហើយ​រៀប​ផែនការ​សម្រាប់​ពេល​រសៀល​បន្ទាប់​ទៀត​។
  3. ពេលព្រលឹម​ ក្រោក​ឡើង​លឿន​ជាង​ធម្មតា​កន្លះ​ម៉ោង​ ដើម្បី​ហាត់​ប្រាណ​ និង​សញ្ជឹង​គិត​។​
  4. អាន​សៀវភៅ​ល្អ​ៗ​ ជំនួស​ការមើល​ទូរទស្សន៍
  5. បន្ថយ​ការនិយាយ​ទូរស័ព្ទ​ដែល​មិន​ចាំបាច់​ ៥០%​ ខ្លី​ជាង​មុន​។
  6. ដើរ​លឿន​ជាង​មុន​ ៥០%
  7. រាល់​ម៉ោង​សួរ​ខ្លួន​ឯង​ថា​ "​តើ​ពេលវេលា​ដែល​អ្នក​បាន​ចំណាយ​មាន​ប្រយោជន៍​បំផុត​សម្រាប់​ទទួល​ជោគជ័យ​ សម្រេច​នូវ​គោលបំណង​ជីវិត​ដែរ​ឬ​ទេ​?​"​។
ប្រែសម្រួល​ដោយៈ​ សេវាកម្ម​បក​ប្រែ​ អិន​លីត nlitservice@gmail.com
សម្រួល​ខ្លឹម​សារ​ និង​អក្ខរាវិរុទ្ធ​ salarean.com

របៀប​កែ​ប្រែ​ទម្លាប់​អាក្រក់​

របៀប​កែ​ប្រែ​ទម្លាប់​អាក្រក់​
ពាក្យ​ចាស់​លោក​ពោល​ថា "ទម្លាប់​ធំ​ជាង​ច្បាប់​" ។ ពាក្យ​នេះ​ស្តែង​ឲ្យ​ឃើញ​ពី​អានុភាព​របស់​ទម្លាប់។ អ្វី​ក៏​​ដោយ​ដែល​ក្លាយ​ទៅ​ជា​ទម្លាប់​ហើយ​ពិបាក​កែ​ណាស់។ ដូច្នេះ​មនុស្ស​គ្រប់​រូប​គួរ​ជៀស​វាង​ឲ្យ​បាន​នូវ​ទម្លាប់​អាក្រក់​ទាំង​ ឡាយ។ តែ​បើ​ទម្លាប់​អាក្រក់​ដក់​ជាប់​ក្នុង​ខ្លួន​ហើយ​គួរ​រក​វិធី​កែ​ខៃ​ឲ្យ​ ជ្រះ​​ស្រឡះ​។ ដើម្បី​នឹង​កែ​ទម្លាប់​អាក្រក់​បាន​ត្រូវៈ
១. តាំង​ចិត្ត​កែ​យ៉ាង​ពិតប្រាកដៈ ត្រូវ​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ថា​ អ្នក​ត្រូវ​ការ​កែ​ប្រែ​ទម្លាប់​អាក្រក់​ ហើយ​ត្រូវ​ការ​ទម្លាប់​ល្អៗ​ជំនួស​វិញ។ រាល់​ពេល​ដែល​អ្នក​កែ​បាន​ នោះ​សន្ទុះ​ចិត្ត​របស់​អ្នក​ក៏​កាន់​តែ​ខ្លាំង​ឡើង​ដែរ។
២. គ្មាន​ករណី​លើក​លែងៈ ដើម្បី​កែ​ទម្លាប់​អាក្រក់​បាន​ប្រការ​សំខាន់បំផុត គឺ​ត្រូវ​គោរព​ការ​តាំង​ចិត្ត​របស់​ខ្លួន​ដោយ​គ្មាន​ករណី​លែក​លែង។ កុំ​គិត​ថា "​ខុស​តែ​មួយ​មិន​អី​ទេ..." ។ ត្រូវ​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ជានិច្ច។
៣.​ ស្វែង​រក​ឱកាស​អនុវត្ត​ន៍​ទម្លាប់​ល្អៈ ជំនួស​ទម្លាប់​អាក្រក់ៗ​ដោយ​ទម្លាប់​ល្អ ហើយ​អនុវត្ត​ន៍​ជា​ប្រចាំ​រហូត​ក្លាយ​ជា​រឿង​ធម្មតា​ប្រចាំ​ថ្ងៃ។
ប្រែ​សម្រួលដោយ សេវាកម្ម​បក​ប្រែ​អ៊ិន​លីត nlitservice@gmail.com

អាថ៌កំបាំង​១០​យ៉ាង​នៃ​ដួង​ចិត្ត​ស្រ្តី​

អាថ៌កំបាំង​១០​យ៉ាង​នៃ​ដួង​ចិត្ត​ស្រ្តី​
(១) ស្ត្រី​មាន​ចរិត​ចូល​ចិត្ត​ធ្វើ​ការ​មិន​ចេះ​នៅ​ស្ងៀម​ទេ
(២) ស្ត្រី​មាន​ការយក​ចិត្ត​ទុក​ដាក់​ទៅលើ​​ការងារ​លើស​ពួក​បុរស
(៣) ស្រ្តី​មាន​ចិត្ត​អត់​ធ្មត់​ខ្លាំង​ជាង​ពួក​បុរស
(៤) ស្ត្រី​យក​ពេល​ទំនេរ​ដើម្បី​ធ្វើ​កិច្ចការងារ​ផ្ទះ ឯបុរសៗ​ចូល​ល្បែង​ស្រី​ស្រា​ភ្លាម
(៥) ស្រ្តី​នឹង​ស្លាប់​បើ​នាង​នៅ​ទំនេរ​មិន​ធ្វើ​អ្វីមួយ ព្រោះ​យល់​ថា​ខ្លួន​គ្មាន​ប្រយោជន៍
(៦) ស្រ្តី​ច្រើន​មាន​គំនិត​រីក​ចម្រើន​ទៅ​មុខ ឯបុរស​ច្រើន​តែ​មាន​គំនិត​ថយ​ក្រោយ
(៧) ស្រ្តីច្រើន​ឧស្សាហ៍​ព្យាយាម​ជាង​ពួក​បុរស
(៨) ស្រ្តីច្រើន​តែ​មិន​នឹង​នរ​ក្នុង​ចិត្ត ឆាប់​ប្រែប្រួល គិត​ច្រើន​ ឯបុរសគ្មាន​ទេ!
(៩) ស្រ្តី​មាន​ចិត្ត​ចង់​ដឹង​ចង់​ឮ ហើយ​ចូល​ចិត្ត​ប្រៀបធៀបណាស់
(១០) ស្រ្តី​អ្នក​មាន​ បើ​ប្តី​មិន​ឲ​ធ្វើ​អ្វី គេ​នឹង​ "​បំផ្លាញ" តាម​បែបដើរ​ផ្សារ​ច្រើន​ ទិញ​ឥវ៉ាន់​ច្រើន តែង​ខ្លួន​ច្រើន លេង​បៀ​ កន្ទុយ​លេខ....
Dr. Rollin A. Madeline ស្រង់​ចេញ​ពី​សៀវភៅ អាថ៌កំបាំង​អំពី​ស្រ្តី​ រៀប​រៀង​ដោយ ហង្ស ផាវី

ដើម​កំណើត​អប្សរា​

ដើម​កំណើត​អប្សរា​
រូប​អប្សរា​ញញឹម​ចេញ​ធ្មេញ​មាន​តែ​មួយ​​គត់​នៅ​អង្គរ​
រូប​អប្សរា​ញញឹម​ចេញ​ធ្មេញ​មាន​តែ​មួយ​​គត់​នៅ​អង្គរ​
អប្សរា.... ​ ពាក្យ​នេះ​ធ្វើ​ឲ្យ​យើង​នឹក​ទៅ​ដល់​រូប​ទេព​អប្សរ​ទាំង​ឡាយ​ដែល​បុព្វ​បុរស​ ខ្មែ​រ​បាន​ឆ្លាក់​នៅ​​តាម​ប្រាង្គ​ប្រាសាទនានា។ រូប​អប្សរា​ តែង​មាន​ទឹកមុខ​ញញឹមស្ងប់​ឥត​ទុក្ខ​កង្វល់​ និង​មាន​កាយវិការ​ទន់​ភ្លន់​ល្វត​ល្វន់​រេរាំ​ហាក់​ដូច​ជា​របាំ​សួគ៌។ តើ​អប្សរា​មាន​ដើម​កំណើត​មក​ពី​ណា? កំណើត​អប្សរា​មាន​ដំណាល​មក​ពី​រឿង​កូរ​សមុទ្រ​ទឹក​ដោះ។ នៅ​ក្នុង​សមុទ្រ​ទឹក​ដោះ​មាន​ទឹក​អម្រឹត​និង​វត្ថុ​ទិព្វ​ច្រើន​រក​នឹង​គណនា ​ពុំ​អស់។ ដោ​យ​ចង់​ឃើញ​នូវ​វត្ថុ​ទិព្វ​ទាំង​នោះ​ និង​ចង់​បាន​នូវ​ជីវិត​អមតៈ ពពួក​ទេព្តា​ និង​ពពួក​យក្ស​ សហការ​គ្នា​កូរ​សមុទ្រ​ទឹក​ដោះដោយ​សន្យាគ្នា​ថា​ បើ​ទឹក​អម្រឹត​លេច​ឡើង​ចំមុខ​ពពួក​ទេព្តា​នោះ​ទឹក​អម្រឹត​បាន​ទៅ​ពពួក​ ទេព្តា បើទឹក​អម្រឹត​លេច​ឡើង​ចំមុខ​ពពួក​យក្ស​នោះ​ទឹក​អម្រឹត​បាន​ទៅ​ពពួក​យក្ស។ បន្ទាប់ពី​សន្យា​គ្នា​ម៉ឹង​ម៉ាត​ដូច្នេះ​ហើយ ភាគី​ទាំង​ពីរ​ក៏​ចាប់​ផ្តើម​មហា​បេសកកម្ម​របស់​ខ្លួនដោយ​មាន​នាគ​ឈ្មោះ​វាសុកី ធ្វើ​ជា​ខ្សែសម្រាប់​ទាញ​កូរ​មហា​សមុទ្រ​ទឹក​ដោះ និង​យក​ភ្នំ មុន្ទរៈ ដែល ​នៅ​ចំ​កណ្តាល​សមុទ្រ​ទឹក​ដោះ​ធ្វើ​ជា​ប្រដាប់​បង្វិល​កូរ។ ការ​កូរ​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល​ជាង​មួយ​ពាន់​ឆ្នាំទិព្វ​នៅ​ទេវលោក​។ វត្ថុទិព្វ​ដែល​កើត​ចេញ​ពី​ការ​កូរ​សមុទ្រ​ទឹក​ដោះ​រួម​មានៈ
១. ផ្កា​ បណ្ណ​ជាតិៈ ថ្វាយ​ទៅ​​ព្រះ​ព្រហ្ម​យក​ទៅ​ដាំ​នៅ​ព្រហ្ម​លោក​ទាំង​ដប់​ប្រាំ​មួយ​ជាន់
២. ដំរី​ក្បាល​បី​ឈ្មោះ​ ព្ធរាវ័ណៈ ថ្វាយ​ទៅ​ព្រះ​ឥន្ទ្រ​ធ្វើ​ជា​យាន​ជំនិះ
៣. ព្រះ​នាង​ ស្រី​លក្ស្មីៈ ថ្វាយ​ទៅ​ព្រះ​វិស្ណុ​ធ្វើ​ជា​អគ្គ​មហេសី
៤. សេះ​ស​ឈ្មោះ ឧច្ច័យ​ស្វរៈ មិន​ថ្វាយ​ឲ្យ​អាទិទេព​អង្គ​ណា​ទេ រក្សា​ទុក​ជា​និមិត្ត​រូប​គោរព​ប្រតិបត្តិ​សីល​ប្រាំ​​សម្រាប់​ឋាន​ទាំង​បី គឺ​ឋាន​ទេវលោក ឋាន​មនុស្ស​លោក​ និង​ឋាន​បាតាលលោក។
៥. ទឹក​អម្រឹតៈ ជា​វត្ថុ​សក្តិ​សិទ្ធិ​ធ្វើ​ឲ្យ​មាន​អាយុ​វែង​ឥត​ដែន​កំណត់
៦. អប្សរាៈ អប្សរ​រាប់​សិប​អង្គ​លេច​ចេញ​ឡើងអណ្តែត​ពាស​ពេញ​លំហ​អាកាស​​រេរាំ​របាំសួគ៌​ បន្ទាប់​ពី​វត្ថុ​សក្តិ​សិទ្ធិ​ទី​ប្រាំ​គឺ​ទឹក​អម្រឹត​បាន​ធ្លាក់​ទៅ​ក្នុង ​ដៃ​ពួក​យក្ស​។ ប្រមុខ​អប្សរ​​ធ្វើ​សញ្ញា​ឲ្យ​បរិវារ​ រាំ​របាំង​ទេព​ពង្វក់​ចិត្ត​ពួក​យក្ស​ឲ្យ​ភ្លឹក​ភ្លេច​ផឹក​ទឹក​អម្រឹត។ រស​របាំ​ទាក់​ទាញ​ពួក​អសុរៈ​ឲ្យ​ស្រើប​ស្រាល​ ស្លុត​ស្លុង​អារម្មណ៍​ទៅ​តាម​ក្បាច់​រាំ។ ឃើញ​ឱកាស​ល្អ​ ព្រះ​វិស្ណុ​ក៏​កាឡា​ខ្លួន​ជា​ព្រះ​ពាយ​ឆក់​យក​ទឹក​អម្រឹត​ឲ្យ​ពួក​ទេវតា​ ផឹក​ទាំង​អស់​ដើម្បី​ឲ្យ​មាន​ជីវិត​អមតៈ​។ ពេល​បេសកកម្មកូរ​សមុទ្រ​ទឹក​ដោះ​បាន​ចប់​សព្វ​គ្រប់​ហើយ ពួក​ស្រី​ទេព​អប្សរ​ទាំង​អស់​បាន​ក្លាយទៅ​ជា​ស្រី​របាំ​សួគ៌​រាំថ្វាយ​ព្រះ​ ឥន្ទ្រ​តាំងតែតពី​នោះ​មក។
របាំ​របស់​ពពួក​ស្រី​ទេព​អប្សរ​នោះ​ សន្មត់​ហៅ​ថា​ របាំ​អប្សរា​។ របាំ​អប្សរា​រាំលើក​ទី​មួយ​នៅ​ឋាន​សមុទ្រ​ទឹក​ដោះហៅ​ថា​ របាំ​ទឹក​អម្រឹត។ ពេល​រេរាំ​ពពួក​ទេព​អប្សរ​តែង​កាន់​ផ្កា​បណ្ណជាតិ​ជា​និច្ច​ ដែល​តំណាង​ឲ្យ​ទេវលោក សុភមង្គល​ និង​ភាព​រុង​រឿង​របស់​សត្ត​និករ​គ្រប់​ឋាន។
អត្ថបទ​ដើមៈ សៀវភៅ​កំណើត​អប្សរា រៀប​រៀង​ដោយ​ ញ៉ែប សែ និង​ ចក់​ ឬទ្ធី បោះ​ពុម្ព​ឆ្នាំ​២០១០ ដោយ​គ្រឹះ​ស្ថាន​បោះ​ពុម្ព​ផ្សាយ​សាស្ត្រា

សុជីវធម៌​នៃ​ការ​បរិភោគ​អាហារ

សុជីវធម៌​នៃ​ការ​បរិភោគ​អាហារ
១. ដៃ​ដែល​កាន់​ស្លាប​ព្រា គេ​ត្រូវ​កាន់​ផ្ងារ​បាត​ដៃ​ទំនង​ដូច​កាន់​ដង​ប៉ាកា គេ​មិន​​ផ្កាប់​ឬ​ក្តាប់​ដៃ​ទេ។
២. កិរិយា​នឹង​ដួស​ចាប់​ម្ហូប​មក​ដាក់​ក្នុង​មាត់​ គេពុំ​ដួស​ឲ្យ​ទាល់​តែ​ពេញ​ស្លាប​ព្រា​ ទាល់​តែ​ហូរ​ហៀរ​ស្រក់​ស​ស្រាក់​ប្រឡាក់​កម្រាល​តុ​នោះ​ឡើយ។
៣. នឹង​ដាក់​ម្ហូប​ចំណី​ក្នុង​មាត់​ គេ​ពុំ​ហា​មាត់​ឲ្យ​ធំ​ពេក​ទេ គេ​ពុំ​លៀន​អណ្តាត​ទទួល​អាហារ​ទេ គេ​ពុំ​ងើប​ក្បាល​ហើយ​បាន​ហា​មាត់​ទទួល​អាហារ​ទេ គឺ​កុំ​ឱន​ពេក កុំ​ងើប​ពេក ធ្មេញ​សោត​ទៀត​ក៏​មិន​ត្រូវ​ឲ្យ​ប៉ះ​នឹង​ស្លាប​ព្រា​ទាល់​តែ​ឮសូរ​ឡើយ។
៤. អាហារ​គឺ​បាយ​និង​ម្ហូប​ដែល​រាប់​ថា​មួយ​មាត់​នោះ ពុំ​មែន​ញាត់​ឲ្យ​ទាល់​តែ​ពេញ​មាត់​ប៉ោង​ថ្ពាល់​ទាំង​សង​ខាង​នោះ​ឡើយ។
៥. ពុំ​ទាន់​ទំពារ​លេប​អស់​មួយ​មាត់ គេ​ពុំ​ត្រូវ​ដាក់​ថែម​ទៅ​ទៀត​ទេ។
៦. ដៃ​ទាំង​ពីរ​ដែល​លើក​ដាក់​ចុះ​ឡើង គេ​បង្រួម​កែង​ដៃ​ឲ្យ​នៅ​តាម​ទំហំ​ខ្លួន ពុំ​ឲ្យ​ច្រងេង​ច្រងាង​កួយ​ដៃ ទើស​នឹង​ដៃ​អ្នក​អង្គុយ​ជិត​ខាង​ទេ។
៧. អាហារ​ដល់​មាត់​ហើយ​ គេ​មិនស្រូប​អាហារ​ឲ្យ​ឮ​គ្រូក​ៗ​ទេ គេ​មិន​ទំពា​ឲ្យ​ឮ​ភ្ចប់​ៗ​ទេ។
៨. បាយ​ដែល​ចូក​នឹង​ស្លាប​ព្រា​ គេ​ចូក​ឲ្យ​ល្មម​ឲ្យ​មូល​ត្រកូល​ក្នុង​ស្លាបព្រា​ កុំ​ឲ្យ​លើក​ឡើង​ដាក់​ក្នុង​មាត់​ហើយ​ជ្រុះ​ពីមាត់​មក​ក្នុង​ចាន​វិញ​ទេ។
៩. គេ​មិន​យក​ម្ហូប​ណា​មួយ​មុខ​ដែល​ត្រូវ​មាត់​ខ្លួន​ មក​ប្រឡាក់​បាយ​ដូច​ញាំ ឬ​ស្រូប​បាយ​ដោយ​ទឹក​សម្ល​ណា​មួយ​មុខ​ឡើយ។
១០. គេ​មិន​ចាប់​រំលែក​ម្ហូប​ណា​មួយ​មុខ​ឲ្យ​​បាន​ច្រើន មក​ដាក់​ក្នុង​ចាន​បាយ​ខ្លួន​ទេ។
១១. គេ​មិន​បរិភោគ​​តែ​ម្ហូប​ណា​មួយ​មុខ​ដែល​ខ្លួន​ត្រូវ​មាត់ ឬ​ដែល​ឆ្ងាញ់​ជាង​គេ​នោះទេ។
១២. គេ​មិន​បរិភោគ​រឡិប​រឡប់​ញាប់​ដៃ​គ្មាន​បង្អង់​ ឲ្យ​តែ​បាន​ឆ្អែត​មុន​គេ​នោះ​ទេ។
១៣. គេ​តែង​តែ​មើល​នាយ​មើល​អាយ​ កុំ​យឺត​ពេក កុំ​ញាប់​ពេក បើ​នឹង​ឈប់​ក៏​ត្រូវ​ឈប់​បន្ត​ៗ​គ្នា ឬ​ស្មើ​គ្នា​ក្នុង​វង់​ជាមួយ​គ្នា​។
១៤. គេ​មិនដែល​ទារ​ថែម​តែ​ម្ហូប​ណា​ដែល​ឆ្ងាញ់​នោះ​ទេ។ គេ​ត្រូវ​រអែង​អធ្យាស្រ័យ​​ដល់​អ្នក​ម្ចាស់​ផ្ទះ​ ក្រែង​ខ្វះ​ខាត​ផង​។
១៥. គេ​ពុំ​ដែល​ទាររក​របស់​ដែល​ខុស​ទំនង​នោះ​ឡើយ ឬ​របស់​ដែល​គេ​ពុំ​ដាក់​ឲ្យ។ បើ​ប្រសិន​ជា​សាប​ប្រៃ​យ៉ាង​ណា គេ​ស៊ូ​ទ្រាំ​នៅ​ស្ងៀម។
១៦.​ គេ​មិន​ដែល​ចោល​ឆ្អឹង​ត្រី ឬ​ឆ្អឹង​អ្វី​លើ​តុ​បាយ​សោះ​ទេ គេ​ចោល​តែ​ក្នុង​កន្ថោរ ឬ​ទុក​ក្នុង​ចាន​បាយ​របស់​ខ្លួន​នៅ​មាត់​ចាន ឬ​នៅ​ជ្រុង​ចាន​។
១៧. គេ​មិន​ឲ្យ​ទង្គិច​សម​ស្លាប​ព្រា​នឹង​ចាន​បាយ ឬ​ចាន​សម្ល​ឲ្យ​ឮ​ខ្លាំង​ទេ។
១៨.​ គេ​មិន​ដែល​ទុក​ម្ហូប​ដែល​មាន​ឱជារស​ឆ្ងាញ់​នោះ​ នៅ​តែ​នា​មុខ​ខ្លួន​ទេ ត្រូវ​ផ្លាស់​ប្តូរ​កន្លែង​ម្ហូប​ខ្លះ ដើម្បី​ជា​ការ​គួរ​សម​ដល់​លោក​អ្នក​ដែល​លូក​មិន​ដល់ ឬ​ដែល​ពិបាក​នឹង​ឈោង​ឲ្យ​ដល់។
១៩. កាល​ណា​គេ​លែង​បរិភោគ​ចំអាប​ គេ​មិន​ដែល​បរិភោគ​បង្អែម​មុន​គេ​ឯង​តែម្នាក់​ឯង​ទេ គេ​រមែង​បង្អង់​ចាំ​ឲ្យ​ហើយ​គ្រប់គ្នា ទើប​គេ​បរិភោគ​ឲ្យ​ស្មើ​គ្នា។
២០. កាល​បើ​បរិភោគ​ហើយ​មាន​សាច់​ ឬ​អ្វី​មួយ​ចូល​សៀត​ស៊ក​នៅ​ចន្លោះ​ធ្មេញ​ គេ​នឹង​ចាក់​យក​ចេញ​លុះ​ត្រា​តែ​ឈឺ​ទ្រាំ​ពុំ​បាន។ បើ​ទ្រាំ​បាន​​គួរ​តែ​កុំ​អាល​ចាក់ បើ​មាន​ភ្ញៀវ​តុ​ជាមួយ​​គេ​មិន​ទាន់​លែង​ កុំ​ឲ្យ​មាន​ការ​ខ្ពើម​រអើម​ដល់​គេ ដែល​កំពុង​បរិភោគ។ កិរិយា​ចាក់​ធ្មេញ​នេះ​ ត្រូវ​គេ​យក​ដៃ​ម្ខាង​ខ្ទប់​មាត់​ ឬ​បាំង​មាត់​ កុំ​ឲ្យ​អ្នក​ដទៃ​ឃើញ​ធ្មេញ​ក្នុង​មាត់​ និង​មាត់ដែល​ហា​ឡើង​នោះ​មិន​ជា​ទី​ទស្សនា​ការ​ដល់​ភ្នែក​អ្នក​ទាំង​ពួង។
២១. កាល​បើ​លែង​បរិភោក​ហើយ​ ត្រូវ​ប្រមូល​សម និង​ស្លាប​ព្រា​ដាក់​ផ្ងារទន្ទឹម​គ្នា​នៅ​កណ្តាល​ចាន​បាយ។ យ៉ាង​នេះ​អ្នក​បម្រើ​នឹង​ដឹង​ថា​យើង​ឈប់​ហើយ។
២២. ឈប់​បរិភោគ​ហើយ​គេ​មិន​ដែល​លាង​ដៃ​ក្នុង​ចាន​ឡើយ គេមិន​ដែល​លាង​មាត់​ឬ​ខ្ពុរ​មាត់​នៅ​កន្លែង​នោះឡើយ។ គេ​មិន​ដែល​ខ្វល់​នឹង​ចាក់​ទឹក​លាង​គ្រលែង​ចាន​បាយ​ឡើយ។
២៣. កាល​បើ​បរិភោគ​លែង​មុន​គេ​ កុំ​អាល​ប្រញាប់​ជក់​បារី​បង្ហុយ​ផ្សែង​ដាក់​គេ ដែល​កំពុង​បរិភោគ​មិន​ទាន់​រួច​នោះ។
២៤. ពេល​កំពុង​បរិភោគ​មិន​ត្រូវ​ខាក​ស្តោះ​ឡើយ ។ បើ​កណ្តាស់​ឬ​ក្អក​ទប់​មិន​បាន ក៏​ត្រូវ​ងាក​មុខ​ចេញ​ពី​តុ ឬ​យក​កូន​កន្សែង​ខ្ទប់មាត់​កុំ​ព្រួស​បាយ ឬ​ទឹក​មាត់​ចូល​ស្ពក​បាយ​ឡើយ។
ស្រង់​ចេញ​ពី​សៀវភៅ ទំនៀម​ទំលាប់​និង​ប្រពៃណី​ខ្មែរ ដោយ​ ឧកញ៉ា​មហា​មន្ត្រី ញិក នូវ បោះ​ពុម្ព​លើក​ទី​២ ព.ស ២៥០១ គ.ស ១៥៥៨

មនុស្ស​ត្រូវមាន​សីលធម៌​ដូច​ម្តេច​ខ្លះ?

មនុស្ស​ត្រូវមាន​សីលធម៌​ដូច​ម្តេច​ខ្លះ?
តាម​ន័យ​ទូទៅ សីលធម៌​សំគាល់​នូវ​ទ្រឹស្តី​ និង​ពាក្យ​ទូន្មាន​ទាំង​ឡាយ​ណា​ដែល​ដឹកនាំ​ទៅ​រក​ផ្លូវ​ល្អ​ និង​ជៀស​វាង​ផ្លូវ​អាក្រក់​ សម្រាប់​ការ​រស់​នៅ។ តាម​ន័យ​ពិសេស​ សីលធម៌​សំគាល់​ការ​អប់រំ​តាម​ផ្លូវ​ចិត្ត​ឲ្យ​បាន​ប្រសើរ។ ក្នុង​ការ​រស់​នៅ​សីលធម៌​មាន​ច្រើន​យ៉ាងៈ

១. សីលធម៌​ផ្ទាល់​ខ្លួន

- ដឹង​ខុស​ត្រូវ
- ស្គាល់​ល្អ​ស្គាល់​អាក្រក់
- តាំង​ខ្លួន​ជា​ម្ចាស់​ចិត្ត​របស់​ខ្លួន
- ទទួល​ខុស​ត្រូវ​នឹង​អំពើ​របស់​ខ្លួន
- ក្លាហាន​ក្នុង​ផ្លូវ​ត្រូវ

២. សីលធម៌​ក្នុង​គ្រួសារ

- ឪពុក​ម្តាយ​ចិញ្ចឹម​កូនដោយ​ពុំ​នឹក​គិត​ដល់​ការ​សង​គុណ​តប​មក​វិញ​ព្រោះ​ជា​មុខ​ងារ​របស់​ឪពុក​ម្តាយ
- ធ្វើ​ឲ្យ​មាន​ភាព​សុខដុម
- ស្រឡាញ់​កូន​ស្មើ​គ្នា
- រៀប​ចំ​កូន​ឲ្យ​បាន​ទៅ​ជា​ពលរដ្ឋ​ពេញ​លេញ

៣. សីលធម៌​ក្នុង​វិជ្ជា​ជីវៈ

- មន​សិការ​ការងារ
- រក​ស៊ី​តាម​សមត្ថភាព
- រក​ស៊ី​តាម​សម្មាជីវោ
- មិន​រំលោភ​លើ​អ្នក​តូច​ជាង​ខ្លួន
- មិន​ធ្វើ​ការ​ហួស​កម្លាំង​ដែល​នាំ​ឲ្យ​ឈឺ​ឥត​ប្រយោជន៍

៤. សីលធម៌​ក្នុង​សង្គម

- មិន​បែក​បាក់​គ្នា
- មិន​មើល​ងាយ​មនុស្ស​ផង​គ្នា
- ស្រឡាញ់​យុត្តិធម៌
- រាប់អាន​មនុស្ស​ទូទៅ
- ទទួល​ស្គាល់​ទុក្ខ​វេទនា​របស់​អ្នក​ដទៃ
- មិន​ឈ្លាន​ពាន​អ្នក​ដទៃ

៥. សីលធម៌​ក្នុង​ពិភព​លោក

រួម​រស់​ដោយ​សន្តិភាព​ជាមួយ​ប្រទេស​ដទៃ។
ស្រង់​ចេញ​ពី​សៀវភៅ អត្ថាធិប្បាយ​ទស្សនវិជ្ជា សរ​ សារុន ឆ្នាំ​១៩៧៣

បុគ្គល​តែង​ពោល​ពាក្យ​៣​យ៉ាង​

PDF បោះពុម្ព អ៊ីមែល
បុគ្គល​តែង​ពោល​ពាក្យ​៣​យ៉ាង​
១. ពោល​ពាក្យ​ដូច​ដុំ​លាមកៈ មនុស្ស​តែង​បរិភោគ​អាហារ​ជា​ធម្មតា។ តែ​ការ​បរិភោគ​អាហារ​ខុស​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​រាគ​រុះ លាមក​ធំ​ក្លិន​ស្អុយ។ លុះ​ខ្យល់​បក់​មក​ក៏​នាំ​ក្លិន​ស្អុយ​ទៅ​គ្រប់​ទិស​ទី។ យ៉ាង​ណាម៉ិញ​ពាក្យ​សំដី​ស្មោក​គ្រោក​មាន​ពាក្យ​កុហក ពាក្យ​ញុះ​ញង់​ ពាក្យ​ប្រមាថ​ត្រគោះ​បោះបោក និង​ពាក្យ​ឡេះឡោះ​ឥត​ប្រយោជន៍​ជា​ដើម ជាហេតុ​នាំ​ឲ្យ​ខូត​ប្រយោជន៍​ និង​រង្កៀស​ចិត្ត​អ្នក​ស្តាប់។ កេរ្តិ៍​ឈ្មោះ​អ្នក​និយាយ​​ក៏​ស្អុយ​រលួយ​ដូច​ក្លិន​លាមក​ សព្វ​ទីកន្លែង។
២. ពោល​ពាក្យ​ដូច​ផ្កាៈ ធម្មតា ​ផ្កា​កាលណា​វារីក វា​ចោល​ក្លិន​ក្រអូប​ ហើយ​ខ្យល់​បក់​នាំ​ក្លិន​ក្រអូប​ទៅ​គ្រប់​ទិស​ទី។ អ្នក​ផង​ទាំង​ឡាយ​សប្បាយ​ចូល​ចិត្ត​យក​ផ្កា​នោះ​មក​ធ្វើ​ជា​គ្រឿង​តុបតែង​ លំអ​ខ្លួន។ ទោះ​បី​ផ្កា​នោះ​មាន​ដើម​មិន​ល្អ សំបក​គ្រើម​ ស្លឹក​ជូរ​ចត់​ខា ផ្លែ​អត់​រស​ជាតិ​ក៏​ដោយ ក៏​គេ​នៅ​តែ​ចូល​ចិត្ត។ ដូច​នេះ​ ដើម​ ស្លឹក មែក ផ្លែ និង​ចំណែក​ផ្សេងៗ​ទៀត​នៃ​ដើម មាន​តម្លៃ​ដោយ​សារ​តែ​ផ្កា។ យ៉ាង​ណា​ម៉ិញ​មនុស្ស​ទោះ​បី​មាន​រូប​អាក្រក់​ក៏​ដោយ តែ​ពោល​ពាក្យ​សំដី​ប្រកប​ដោយ​គុណ​ធម៌ សីលធម៌ ដែល​ញ៉ាំង​ប្រយោជន៍​ឲ្យ​អ្នក​ដទៃ​និង​ខ្លួន​ឯង​ហើយ អ្នក​នោះ​ក៏​មាន​ឈ្មោះ​ក្រអូប​ដូច​ជា​ផ្កាអញ្ចឹង​ដែរ ហើយ​អ្នក​ផង​ទាំង​ពួង​ក៏​ចូល​ចិត្ត​គោរព​រាប់​អាន។ បុគ្គល​ពោល​ពាក្យ​យ៉ាង​នេះ​មាន​២​បែបៈ ក) ពោល​ពាក្យ​ល្អ​ទាំង​ទី​កំបាំង​មុខ​និង​ទី​ចំពោះ​មុខៈ នៅ​ចំពោះ​មុខ​ប្រើ​ពាក្យ​ ព្រះ​តេជគុណ​ លោក​ពូ អ្នក​មីង អ្នក​នាង... លុះ​ទីកំបាំង​មុខ​ក៏​ប្រើ​ពាក្យ​ដដែល។ ខ) ពោល​ពាក្យ​ល្អ​តែ​ចំពោះ​មុខៈ នៅ​កំបាំង​មុខ​ប្រែ​ជា​ហៅ​ អ្នក​នេះ​ អ្នក​នោះ អានេះ​ អានោះ​ ទៅ​វិញ។
៣. ពោល​ពាក្យ​ផ្អែម​ដូច​ទឹក​ឃ្មុំៈ ធម្មតា​ទឹក​ឃ្មុំ​សុទ្ធ​រមែង​ផ្អែម​ឆ្ងាញ់​ជាង​ទឹក​ឃ្មុំ​មិនសុទ្ធ​ដែល​លាយ​ ទៅ​ដោយ​ទឹក។ ទឹក​ឃ្មុំ​មិន​សុទ្ធ​ធ្វើ​ឲ្យ​អ្ន​កបរិភោគ​ទ្រលាន់។ យ៉ាង​ណា​ម៉ិញ​អ្នក​ដែល​ពោល​ពាក្យ​ពីរោះ មិន​ប្រាថ្នា​លាភ​សក្ការៈពី​អ្នក​ដទៃ​​ពោល​ចេញ​ពី​ចិត្ត​បរិសុទ្ធ ប្រៀប​ដូច​ជា​ទឹក​ឃ្មុំ​សុទ្ធ​ តម្លៃ​របស់​គេ​នៅ​តែ​មាន​ជា​ដរាប។ ចំណែក​ឯ​អ្នក​ពោល​ពាក្យ​ពីរោះ​ព្រោះតែ​លាភ​សក្ការៈ (ចិត្ត​ជា​ទេវទត្ត មាត់​ជា​ទេវតា) ប្រៀប​ដូច​ជា​ទឹក​ឃ្មុំ​មិន​សុទ្ធ ពេល​គេ​ដឹង​ការ​ពិត​ក៏​រក​តម្លៃ​ប្រើ​ប្រាស់​គ្មាន។
(ស្រង់ចេញ​ពី​ទស្សនាវដ្តីកម្ពុជ​សូរិយា)

១២​យ៉ាង​ដើម្បី​បញ្ញា​ឈ្លាស​វៃ

១២​យ៉ាង​ដើម្បី​បញ្ញា​ឈ្លាស​វៃ
១.​ ជជែក​គ្នា​ជានិច្ចកាល​តែ​កុំ​វែង​ពេក​ កុំ​រំខាន​មិត្ត​របស់​អ្នក
២. និទាន​រឿង​ឬនិយាយ​រឿង​កំប្លែង​សើច​លេង​ដោយ​កម្រ​ (បើ​និយាយ​ត្រូវ​​ឲ​ខ្លី​)
៣. មិន​និយាយ​បញ្ចើច​បញ្ចើរ​ឲ​គេ​តប​មក​ខ្លួន​វិញ
៤. ជៀស​វាង​ការនិយាយ​ខ្សិប​ ក្នុង​ចំណោម​មនុស្សម្នា
៥. ជៀសវាង​ការនិយាយ​ពី​ខ្លូន​ឯង
៦. ត្រូវហ៊ាន​ទទួល​ស្គាល់​ការពិត​ និង​បើក​ចិត្ត​ឲ​ទូលាយ​ នៅ​ពេល​ដែល​ពាក្យ​សំដី​មិន​ប្រយ័ត្ន​ប្រយែង​មួយ​ចំនួន​ត្រូវ​បាន​គេ​ប្រើ​ ដើម្បី​លើក​គុណសម្បត្តិ​នរណា​ម្នាក់​ តែ​បាន​ប៉ះ​ពាល់​ដល់​រូប​អ្នក
៧. ពេល​និយាយ​ជាមួយ​នរណា​ម្នាក់​ត្រូវ​សំលឹង​មុខ​គេ​ ដើម្បី​ឲ​ដឹង​ថា​គេយល់​ស្រប​ឬ​អត់
៨. កុំ​និយាយ​ឬ​ស្តាប់​ "​ពាក្យ​និន្ទា​"​ និង "រឿង​អាស្រូវ​"
៩. កុំ​ធ្វើ​ត្រាប់​គេ​ ព្រោះ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ត្រាប់​តាម​ រមែង​អាម៉ាស់​មុខ​ជា​ធម្មតា​ ហើយ​គេ​មិន​ដែល​ភ្លេច​ទេ​នូវ​ភាព​អាម៉ាស់​នេះ
១០. កុំ​ពោល​ពាក្យ​គំរោះ​គំរើយ​ដោយ​ស្រែក​ឬ​សំលុត​ខ្លាំង​ៗ​។ ពាក្យ​អាក្រក់​ៗ​ នឹង​លេច​ចេញ​ដោយ​មិន​ដឹង​ខ្លួន​ ហើយ​ភាព​កោងកាច​ ក៏នឹង​កើត​ឡើង​បន្ថែម​ទៀត
១១. ការសើច​លឺៗ ជាភាពរីករាយ​សម្រាប់​មនុស្ស​ល្ងង់​ ឥត​សណ្តាប់​ធ្នាប់​ប៉ុណ្ណោះ​ អ្នកដែលមាន​សីលធម៌​ល្អ​ គេ​គ្រាន់​តែ​ញញឹម​តែ​មិន​ដែល​សើច​ឡើយ
១២. អ្វី​ដែល​អ្នក​និយាយ​ ចូរ​និយាយ​ឲច្បាស់​ ឲ​សមរម្យ និង​ប្រកប​ដោយ​ស្នាម​ញញឹម​៕
ប្រែសម្រួល​ដោយ​ សេវាកម្មបកប្រែ​ អិន​លីត​ nlitservice@gmail.com
សម្រួល​ខ្លឹមសារ និង​អក្ខរា​វិរុទ្ធ salarean.com

គតិ​បណ្ឌិត​គំនិត​សាកល​

PDF បោះពុម្ព អ៊ីមែល
គតិ​បណ្ឌិត​គំនិត​សាកល​
  • អំពើ​ល្អ​តែ​ង​ឈ្នះ​អំពើ​អាក្រក់​ដូច​ទឹក​តែង​ពន្លត់​នូវ​ភ្លើង​បាន។ ប្រសិន​បើ​ទឹក​មួយ​កែវ​មិន​អាច​ពន្លត់​អគ្គីភ័យ​បាន​ ក៏​គេ​មិន​ត្រូវ​សន្និដ្ឋាន​ថា​ទឹក​គ្មាន​ឥទ្ធិពល​លើ​ភ្លើង​ដែរ​។
  • កុំ​ខឹង​នឹង​មនុស្ស​ដែល​ធ្វើ​តាម​សេចក្តី​ប្រថ្នា​របស់​យើង​មិន​បាន​ ព្រោះ​ខ្លួន​យើង​ផ្ទាល់​ក៏​ធ្វើ​តាម​សេចក្តី​ប្រាថ្នា​របស់​ខ្លួន​ពុំ​បាន​ ដែរ​។​
  • ចំណេះ​ជា​កំណប់​ទ្រព្យ​ឯ​ការ​ប្រតិបត្តិ​ជា​កូន​សោ​ចាក់​យក​។
  • លោក​យើង​នេះ​ជា​សៀវ​ភៅ​មួយ​ក្បាល​ធំ​ អ្នក​ដែល​មិន​បាន​ចេញ​ចាក​ផ្ទះ​របស់​ខ្លួន​ ជា​បុគ្គល​បាន​អាន​ត្រឹម​តែ​មួយ​ទំព័រ​ប៉ុណ្ណោះ។
  • អ្នក​មាន​គុណ​គាប់​ ស្គាល់​ល្អ​អាក្រក់ កាល​បើ​សេព​គប់​មនុស្ស​អាក្រក់​ ក៏​ត្រឡប់​ជា​អាក្រក់​វិញ​ ដូច​ស្ទឹង​ថ្លា​មាន​រស​ជាតិ​ល្អ​ លុះ​ហូរ​ចូល​សមុទ្រ​ហើយ ក៏​ប្រែ​ក្លាយ​ទៅ​មាន​រស​ជាតិ​ប្រៃ​ផឹក​ពុំ​បាន​។
  • គេ​អាច​ឈ្នះ​សត្រូវ​រាប់​ពាន់​អ្នក​ក្នុង​លាន​ប្រយុទ្ធ​រាប់​ពាន់​ កន្លែង​។ តែ​ជន​ណា​អាច​ឈ្នះ​ខ្លួន​ឯង​បាន​ ឈ្មោះ​ថា​​មាន​ជោគ​ជ័យ​យ៉ាង​ប្រសើរ​បំផុត​។
  • អ្នក​ណា​ជួយ​ខ្ញុំ​អ្នក​នោះ​ជាមិត្ត​របស់​ខ្ញុំ មិន​មែន​គេ​អាណិត​ខ្ញុំ​ជាមិត្ត​របស់​ខ្ញុំ​ទេ។
  • បើ​អ្នក​ចង់​ស្វែង​រក​មិត្ត​ម្នាក់​ដែល​គ្មាន​កំហុស​ អ្នក​នឹង​រក​មិន​បាន​ឡើយ​។
  • សម្ភស្ស​មិន​មែន​កើត​មក​ពី​រូប​សម្បត្តិ​ល្អ​ទេ​ គឺ​កើត​មក​ពី​ចរិយា​សម្បត្តិ​ល្អ​នេះ​ឯង។
  • ជន​កំសាក​រត់​គេច​ពី​គ្រោះ​ថ្នាក់ គ្រោះ​ថ្នាក់​រត់​គេច​ពី​ជន​ក្លាហាន​។
  • ឪពុក​ក្មេក​អាច​ត្រូវ​គ្នា​នឹង​កូន​ប្រសារ​ប្រុស​ឬ​កូន​ប្រសារ​ស្រី។ ម្តាយ​ក្មេក​អាច​ត្រូវ​គ្នា​នឹង​កូន​ប្រសារ​ប្រុស​តែ​មិន​ត្រូវ​គ្នា​នឹង​ កូន​ប្រសារ​ស្រី​។
  • ញញឹម​ក្នុង​ទី​បំផុត​ប្រសើរ​ជាង​សើច​ក្នុង​គ្រា​ដំបូង​។
  • កុលាប​ពេល​ក្រពុំ​ក្រ​អូប​ជាង​ពេល​រីក​។
  • ទឹក​មុខ​ស្រស់​ស្អាត​ពិត​ជា​វត្ថុ​ស្អាត​ផុត​លេខ​ក្នុង​ចំណោម​ទស្សនីយ​ភាព​ទាំងឡាយ។
  • ឲតែ​មាន​សង្ឃឹម​គឺ​ប្រា​កដ​ជា​មាន​មូល​ហេតុ​លួង​លោម​ចិត្ត​ជានិច្ច​។
  • រៀប​ការ​បំពេញ​ចិត្ត​ម្តាយ​ នោះ​ភាព​មេម៉ាយ​បំពេញ​ចិត្តខ្លួន​ឯង។
  • អ្នក​និយាយជាអ្នក​សាប​ព្រួស​ អ្នកស្តាប់​ជា​អ្នក​ច្រូត​កាត់។
  • ស្នេហា​ចូល​ក្នុង​ខ្លួន​បុរស​តាម​កែវ​ភ្នែក​ ហើយ​លុក​លុយ​នារី​តាម​ត្រចៀក​។
  • ស្ថិត​នៅ​ចំពោះ​មុខ​សេចក្តី​សេ្នហា​និង​សេចក្តី​ស្លាប់​ គេ​គ្មាន​សេចក្តី​ក្លាហាន​ទេ។
  • ការ​ផ្តើម​ឡើង​នូវ​សេចក្តី​សេ្នហា គឺ​ជាការរលត់​ទៅ​នៃ​គតិបណ្ឌិត។
  • មិន​មែន​រូប​សម្ភស្ស​របស់​ស្ត្រី​ទេ​ដែល​ធ្វើ​ឲ​គេ​លង់​ក្នុង​មន្ត​ស្នេហ៍ ប៉ុន្តែ​គឺ​ភាព​ថ្លៃ​ថ្នូរ​របស់​នាង​ទេ​តើ​។
  • គ្មាន​អ្វី​ដែល​ស្ងួត​រហ័ស​ជាង​ទឹក​ភ្នែក​នារី​ទេ​។
  • វត្ថុ​បី​យ៉ាង​ដែល​ធ្វើ​ឲ​ត្រជាក់​ដល់ដួង​ចិត្ត​ ហើយ​រំដោះ​ទុក​កង្វល់​ គឺ ទឹក ផ្កា និង​សម្ភស្ស​របស់​ស្រ្តី​។
  • "​ខ្ញុំ​នឹង​ចាប់​ផ្តើម​ជា​ថ្មី​ម្តង​ទៀត​" នេះ​ជា​រូប​មន្ត​នៃ​ភាព​មិន​អស់​សង្ឃឹម​ និង​សេចក្តី​ព្យាយាម​។
  • ទោះ​ជា​ក្លា​ហាន​ ឬ​កំសាក​ គ្រោះ​ថ្នាក់​វា​មាន​ដូច​តែ​គ្នា ចុះ​ហេតុ​អ្វី​ក៏​គេ​មិន​ក្លាហាន​ទៅ​?
  • អ្នក​ត្រូវ​មាន​ចំរៀង​មួយ​បទ​ក្នុង​ហោ​ប៉ៅ​របស់​អ្នក​ដើម្បី​ច្រៀង​លួង​លោម​គ្រប់សេចក្តី​ឈឺ​ចាប់​។
  • សង្គ្រាម​គឺ​ជាសាលា​ហ្វឹកហ្វឺន​ខាង​វះ​កាត់​តែ​មួយ​គត់។
  • ស្នេហា​ជាសត្រូវ​ម្នាក់​ដែល​គេ​មិនអាច​យក​ឈ្នះ​បាន​ដោយ​ខ្លួន​នឹង​ខ្លួន ក៏​ប៉ុន្តែ​ដោយ​ការ​រត់​គេច​។
  • ស្រឡាញ់​អ្នក​ដែល​មិន​ស្រឡាញ់​ខ្លួន​វិញ គឺ​មាន​ន័យ​ថា​ស្រឡាញ់​ភ្លៀង​ធ្លាក់​កណ្តាល​ព្រៃ​។
  • ហេតុ​ដែល​គូ​ស្នេហ៏​មិន​ចេះ​នឿយ​ណាយ​ក្នុង​ការជួប​គ្នា ព្រោះ​គេ​និយាយ​តែ​អំពី​រឿង​របស់​ពួកគេ​ ហើយ​ចេះ​ភាសា​ពិសេស​របស់​គេ​ពីរ​នាក់​ដែរ។
  • មនុស្ស​ត្រឹម​ត្រូវ​អាច​មាន​សេ្នហា​ដូច​មនុស្ស​ឆ្កួត ប៉ុន្តែ​មិន​អាច​មាន​ស្នេហា​ដូច​មនុស្ស​ល្ងង់​ឡើយ​។
  • បើ​មិត្ត​របស់​អ្នក​អញ្ជើញ​អ្នក​ទៅ​ជប់​លៀង​ ចូរ​ទៅ​តាម​ធម្មតា​។ តែ​បើ​មិត្ត​របស់​អ្នក​ជួប​គ្រោះ​ថ្នាក់ ចូរ​ទៅ​ដោយ​ប្រញាប់​ប្រញាល​។
  • ជួយ​ទប់​មនុស្ស​មិន​ឲ​ដួល​ប្រសើរ​ជាង​ជួយ​គ្រាហ៍​លើក​ឡើង​។
  • សេចក្តី​សង្ឃឹម​ធ្វើ​ឲ​មនុស្ស​ពេញ​ចិត្ត​រស់​នៅ​លើ​លោក​នេះ​។
  • យើង​នៅ​បាន​ដោយមិន​មាន​មិត្ត​ តែ​គ្មាន​មិត្ត​មិន​បាន​។
  • សេចក្តី​ស្ងៀម​ជា​កែវ​មណី​របស់​ស្ត្រី​។
  • ជីវិត​វែង​បន្តិ​ដោយ​ការញញឹម​​ ហើយ​វែង​ច្រើន​ឡើង​ទៀត​ដោយ​ការ​សើច​។
  • "​ពោះ​"​ ជា​អវៈយវៈ​បញ្ជារ​រូប​កាយ។
  • ជោគ​ជ័យ​ទាំង​ឡាយ​ជា​អនុស្សាវរីយ៍​នៃ​ការ​អត់​ធន់។
  • មហា​សមុទ្រ​ដែល​ជា​ទី​ប្រជុំ​គ្នា​នៃ​ខ្សែ​ទឹក​ដែល​ហូរ​ពី​គ្រប់​ទិស​ទី ​បាន​ លុះ​ត្រា​តែ​មាន​កំពស់​ទឹក​ទាប​ជាង​ប្រភព​នៃ​ខ្សែ​ទឹក​ទាំង​នោះ។ យ៉ាង​ណា​ម៉ិញ អ្នក​ដែល​ត្រូវ​ការ​ទទួល​យក​នូវ​អំពើ​ល្អ ពីមនុស្ស​ទាំង​ឡាយ ក៏​ត្រូវ​ឱនលំទោន​ឲ​ទាប​ជាង​គេ​ដែរ។
  • ឈ្មោះ​របស់​យើង​បុព្វ​បុរស​យើង​ជា​អ្នក​ដាក់​ឲ តែកេរ្តិ៍​ឈ្មោះ​របស់​យើង​ យើង​ជា​អ្នក​សាង​ឡើង។
  • កុំ​រង់​ចាំ​ឲ​គេ​ជួយ​ ព្រោះ​មនុស្ស​ដែល​អាច​ជួយ​អ្នក​បាន​ ក៏​កំពុង​រង់​ចាំ​ឲ​គេ​ជួយ​ដែរ​។
  • ផ្លូវ​ទៅ​រក​ជ័យ​ជំនះ គ្មាន​ដាន​ជើង​ជន​ខ្ជិល​ច្រអូស​ឡើយ​។

គំនិត​ល្អៗ​ពី​សៀវភៅ​ស្រី​ហិតោ​បទេស




គំនិត​ល្អៗ​ពី​សៀវភៅ​ស្រី​ហិតោ​បទេស
(១)​ អ្នក​ស្គាល់​​គុណ​គាប់​ស្គាល់​ល្អ​អាក្រក់​ កាល​បើ​សេព​គប់​មនុស្ស​អាក្រក់​ក៏​ត្រឡប់​ជា​អាក្រក់​វិញ​ ដូច​ស្ទឹង​ថ្លា​មាន​រស​ជាតិ​ល្អ​ លុះ​ហូរ​ចូល​សមុទ្រ​ហើយ​ ក៏​ប្រែក្លាយ​ទៅ​ជា​មាន​រស​ជាតិ​ប្រៃ​ផឹក​ពុំ​បាន​។
(២) កិច្ចការ​អ្វី​មួយ​ដែល​ប្រកប​ដោយ​អំពើ​ឥតប្រយោជន៍​ ក៏​រមែង​មិន​បាន​ផល​សម​តាម​ប្រាថ្នា​ទេ​ ដូចជា​ការប្រើ​វេលា​ព្យាយាម​បង្រៀន​សត្វ​កុក​ឲ​ចេះ​និយាយ​ដូច​សត្វ​សេក​ សូម្បី​ច្រើន​រយ​ដង​ ក៏​នឹង​មិន​បាន​ផល​។
(៣) ជន​ណា​ឃើញភរិយា​អ្នកដទៃ ទុក​ស្មើ​មាតា​របស់​ខ្លួន ឃើញ​ទ្រព្យ​អ្នក​ដទៃ​ទុក​ស្មើ​ដុំ​ថ្ម ឃើញ​សព្វ​សត្វ​ទាំង​ឡាយ​ ទុក​ស្មើ​រូប​ខ្លួន​ ជន​នោះ​លោក​ហៅ​ថា​​"បណ្ឌិត​"។
(៤) ចិត្ត​ម៉ឹងម៉ាត់​ក្នុង​គ្រា​ក្រ​ទុក្ខ​ព្រួយ ចិត្ត​នឹង​ធឹង​ក្នុង​គ្រា​សុខ​ចំរើន​ សេចក្តី​អង់​អាច​ក្នុង​ទី​ប្រជុំ​ជន​ដោយ​ថ្វី​មាត់​ ចិត្ត​ក្លៀវក្លា​ក្នុង​សមរភូមិ ចិត្ត​ត្រេក​អរ​ក្នុង​យស​ និង​ចិត្ត​ស្រវា​ស្រទេញ​ក្នុង​ការសិក្សា​ ទាំង​អស់​នេះ​​ ជាលក្ខណៈ​សម្បត្តិ​របស់​បុគ្គល​មាន​ចិត្ត​ដ៏​មហិមា​។
(៥)​ គេ​ដឹង​ចិត្ត​មិត្រ​ក្នុង​គ្រា​ក្រ​ ដឹង​ចិត្ត​ទាហាន​ក្លៀវ​ក្លា​ក្នុង​សង្រ្គាម ដឹង​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​សង​បំណុល​គេ​ ដឹង​ចិត្ត​ភិរយា​ក្នុង​ពេល​ខ្សត់​ទ្រព្យ​ និង​ដឹង​ចិត្ត​ផៅ​ពង្ស​គ្រា​វិនាស​អន្តរាយ​។
(៦) បុគ្គល​កុំ​គប្បី​ចង​មិត្ត​សម្លាញ់​ឬ​ចង​ស្ពាន​មេត្រី​ជាមួយ​មនុស្ស​អាក្រក់ ​ជាដាច់​ខាត​ ដូចជា​ធ្យូង​ បើ​នៅ​ក្តៅ​វា​រលាក​ដៃ​ បើ​រលត់​ហើយ​ វា​ប្រឡាក់​ដៃ​។
(៧) បើ​ជាសត្រូវ​ហើយ​ បុគ្គល​កុំ​គប្បី​ចង​មេត្រី​ជឿ​ទុក​ចិត្ត​យ៉ាង​ស្និត​ឲ​សោះ ដូច​ជា​ទឹក​ ទុក​ជា​ពុះ​ខ្លាំង​គគ្រឹកៗ​ក៏​អាច​រលត់​ភ្លើង​បាន​។
PDF បោះពុម្ព អ៊ីមែល
សៀវភៅ​ស្រីហិតោបទេស​ភាគ​ពីរៈ សម្រង់​គតិ​បណ្ឌិត
  • នរជន​ដូច​ម្តេច កាល​ក្រឡេកមើល​ទៅ​ខាង​ក្រោម​ឃើញជន​ទាប​ជាង​ខ្លួន​​មិន​​​ជោរ​អួត​អាង​ថា​ ខ្លួន​ធំ​មហិមា តែ​កាល​ក្រឡេក​មើល​ទៅ​ខាង​លើឃើញ​ជន​ជាន់​លើ​ខ្ពស់​ជាង​ខ្លួន​ ទើប​ដឹង​ថា​ខ្លួន​ជា​អ្នក​កំសត់​ក្រៃ​លែង។
  • នរជន​ណា​មានទ្រព្យ​ច្រើន ជន​នោះ​សូម្បីសម្លាប់​ព្រះ​ព្រហ្ម​មួយ ក៏​នៅ​តែ​មាន​​គេ​គោរព​បូជា ឯ​នរជន​ក្រី​ក្រ​សូម្បី​មាន​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់យ៉ាង​ណា​ក៏​នៅ​តែ​គេ​ មើល​ងាយ​។
  • សំណាង​ទ្រព្យ​សម្បត្តិ​ មិន​រត់​ទៅ​រក​ជន​ណា​ដែល​ឥត​សេចក្តី​ប្រឹង​ប្រែង ខ្ជិល​ច្រអូស វង្វេង​ជឿ​ព្រេង​វាសនា និង​មិន​ព្យាយាម​ទេ ដូច​ប្រពន្ធ​ក្មេង​មិន​អើ​ពើ​ប្តី​ចាស់​ជរា​ដូច្នោះ។
  • ភាវៈ​ជា​បុគ្គល​ខ្ជិល​១ ការ​សេព​គប់​ស្ត្រី​ផ្កា​មាស១ ភាវៈ​ជា​បុគ្គល​មាន​រោគ​ច្រើន​១ ជាប់​ចិត្ត​នឹង​ស្រុក​កំណើត​មួយ ចិត្ត​សន្តោស​១ ភាវៈ​ជា​បុគ្គល​ខ្លាច​ច្រើន​១ ទោស​៦​ប្រការ​នេះ ជា​គ្រឿង​ទម្លាយ​បង់​នូវភាវៈ​នៃ​ខ្លួន​ជា​ធំ។
  • នរជន​ណា​មាន​ទ្រព្យសម្បត្តិ​តិច​តួច សំគាល់​ថា​ខ្លួន​មាន​ទ្រព្យ​ច្រើន មិន​ខិត​ខំរក​តទៅ​ទៀត ព្រះ​ព្រហ្ម​ដែល​ជា​អ្នក​សាង​ទ្រព្យសម្បត្តិ​ មិន​ព្រម​ចម្រើន​ទ្រព្យ​សម្បត្តិ​ឲ្យ​នរជន​នោះ​ទេ។
  • កូន​មិន​ឧស្សាហ៍​ មិន​ជា​ទី​គាប់ចិត្ត​ មិន​មាន​វីរិយៈ ជា​ទី​ឡក​ឡឺយ​នៃ​សត្រូវ​ សូម​កុំ​ឲ្យ​ស្រ្តីណា​បង្កើត​កូន​បែប​នេះ​ឲ្យ​សោះ។
  • បុគ្គល​គប្បី​ស្វែង​រក​ទ្រព្យ​​ដែល​មិន​ទាន់​បាន​ គប្បី​រក្សា​ទ្រព្យ​ដែល​រក​បាន​ហើយ​ កុំ​ឲ្យ​បាត់​បង់​អស់​ទៅ​វិញ គប្បីក​ពូន​ទ្រព្យ​សម្បត្តិ​ដែល​ដែល​រក្សា​ទុក​នោះ ឲ្យ​ចម្រើន​ឡើង​ដោយ​ប្រពៃ។
  • ទ្រព្យ​ដែល​មិន​ឲ្យ​ទាន​ ឬ​មិន​បរិភោគ​ខ្លួន​ឯង មាន​ប្រយោជន៍អ្វី? រេហ៍​ពល​ដែល​គេ​មិន​យក​ទៅចេញ​ច្បាំង​តស៊ូ​សត្រូវ មាន​ប្រយោជន៍​អ្វី? ការ​ចេះ​ចង់​គម្ពីធម៌​អាថ៌ ​បើ​គេ​មិន​ប្រតិបត្តិ​តាម តើ​មាន​ប្រយោជន៍​អ្វី? ខ្លួន​យើង​បើ​មិន​ទូន្មាន​ឥន្ទ្រិយឲ្យ​បាន​បទ​ទេ​ តើ​មាន​ប្រយោជន៍​អ្វី?
  • ទឹក​ស្រក់​មួយ​ដំណក់​ៗ​ ជា​លំដាប់​អាច​ពេញ​ក្អម​បាន នេះ​ជា​គ្រឿង​ឧបមា​នៃ​ការរៀន​សព្វ​វិជ្ជា ការប្រតិបត្តិ​ធម៌​ និ​ងការ​សន្សំ​ទ្រព្យ​សម្បត្តិ។
  • ភារៈដូចម្តេច​ដែល​ហៅ​ថា​ធ្ងន់​ណាស់​សម្រាប់​អ្នក​មាន​សមត្ថភាព? ទី​ណា​ដែល​ហៅ​ថា​ឆ្ងាយ​ណាស់​សម្រាប់​អ្នក​មាន​ព្យាយាម​ច្រើន? ប្រទេស​ណាដែល​ហៅ​ថា​បរទេស​សម្រាប់​អ្នក​មាន​ចំណេះវិជ្ជា?
  • សេចក្តី​សង្ស័យ ស្ទាក់​ស្ទើរចិត្ត​ជា​ការអន្តរាយ​ដល់​សារពើ​ការងារ បុគ្គល​គប្បី​លះប​ង់​ចោល​ឲ្យ​អស់​ស្រឡះ​ទៅ ព្រោះ​ថា​បើ​លះ​បង់​សេចក្តី​សង្ស័យ​ស្ទាក់​ស្ទើរ​ចិត្ត​ហើយ ការ​សម្រេច​ផល​ប្រយោជន៍​ នឹង​កើត​ប្រាកដ​ទៅ​តាម​របៀប។
  • សត្វ​លោក​សូម្បី​ត្រូវ​សរ​មួយរយ​ផ្លែ​បើ​មិន​ទាន់​ដល់​កាល​ក៏​មិន​ ស្លាប់ បើ​ដល់​កាល​មរណៈ​ហើយ​សព្វ​បើមុត​បើ​ស្បូវ​បន្តិច​ក៏​មិន​រស់ដែរ។
  • ចៅ​ហ្វាយ​នាយ តែង​ក្រឡេក​សម្លឹង​មើល​ការ​ខុស​ឆ្គង​មិន​បរិសុទ្ធ​ជា​ប្រក្រតី​នៃ​ខ្ញុំ​ បំរើ ដោយ​ភ្នែក​ណា អ្នក​បំរើ​តែង​រំពៃ​មើល​ភ្នែក​នោះ​នៃ​ម្ចាស់​ដោយ​ច្រើន។
  • បើ​នៅទ្រឹង​មិន​និយាយ​គេ​ថា​ល្ងង់​ បើ​និយាយ​គេ​ថា​ច្រើន​ពេក​ឬ​ថា​ឆ្កួត បើ​ចេះ​អត់​ធ្មត់​គេ​ថា​ខ្លាច បើ​ជេរ​មិន​ឈឺ​គេ​ថា​ត្រកូល​ថោក​ទាប បើ​នៅ​ជិត​គេ​ថា​ហ៊ាន​ពេក បើ​នៅ​ឆ្ងាយ​ដោយ​វិន័យ គេ​ថា​ញញើត​ញញើម​ពេក សូម្បី​ព្រះ​ឥសូរ ក៏​ផ្គាប់​ចិត្ត​ម្ចាស់​ឲ្យ​ពេញ​បរិបូណ៌​មិនបាន​ដែរ។
  • ធម្មជាតិ​​ឆ្កែ​ បាន​ឆ្អឹង​ សូម្បី​អស់​សាច់​រលីង​ហើយនៅ​សល់​តែ​សរសៃរ​ខ្លាញ់​វាវ​បន្តិច​បន្តួច ក៏​ត្រេក​អរ​កខិប​កខុប មែន​ពិត​ឆ្អឹង​នោះ​មិន​អាច​បន្សាត់​បង់សេចក្តី​ស្រេក​ឃ្លាន​ឡើយ រី​ឯ​សីហៈសូម្បីបាន​ចចក​មួយ​នៅ​ក្នុង​ក្រញ៉ាំ​ក្រចក​ខ្លួន​ហើយ ក៏​នៅ​តែ​បោះ​បង់​ចោល​ហើយ​ស្ទុះ​ទៅ​ចាប់​សម្លាប់​ដំរី​សារ​មួយ​ទៀត ជន​ទាំង​ពួង​ទោះ​តោក​យាក​លំបាក​យ៉ាង​ណា​ក្តី តែង​មាន​សេចក្តីប្រាថ្នា​ចង់​បាន​ផល​ទៅ​តាម​ទំនង​ភាព​ខ្លួន​ជា​សត្វ​លោក​។
  • មាន​ប្រយោជន៍​អ្វី​ដោយ​ជន​ភក្តីតែ​មិន​មាន​សមត្ថភាព មាន​ប្រយោជន៍​អ្វីដោយ​ជន​អង់​អាច​តែ​មិន​ធ្វើ​ឲ្យ​កើត​ប្រយោជន៍។
  • ពាក្យ​ដែល​ត្រឹម​ត្រូវ​ គួរ​ដល់​ការងារ សូម្បីជា​សំដី​កូន​ក្មេង អ្នក​មាន​ប្រាជ្ញា​ក៏​គួរ​កាន់​យក បើ​មិន​មាន​ពន្លឺ​ព្រះអាទិត្យ​ទេ ពន្លឺ​ប្រទីប នឹង​មិន​មាន​គុណ​ប្រយោជន៍​ឬអ្វី?
  • ការ​ប្រារព្ធ​ធ្វើការ​ងារ​ដែល​មិន​គួរ​ធ្វើ​១ ការ​ទាស់​ទែង​ខ្វែង​គំនិត​បង​ប្អូន​ឯង​១ ការប្រណាំង​ប្រជែង​តស៊ូ​នឹង​អ្នកមាន​កម្លាំង​ជាង​១ ការ​ទុក​ចិត្ត​ក្នុង​ស្រ្តីទាំង​ឡាយ​១ ទាំង​បួន​ប្រការ​នេះ​ឈ្មោះ​ថា​បើក​ទ្វារ​ឲ្យដល់​ម្រឹត្យុ​ទាំង​អស់។
  • នៅ​លើ​ដើម​ចន្ទន៍​មាន​ពស់ នៅ​ក្នុង​ត្រពាំង​ដែល​ដេរ​ដាស​ដោយ​ផ្កា​ឈូក​មាន​ក្រពើ នៅ​ក្នុង​ភោគ​ទ្រព្យ​មាន​ជន​ពាល​ជាអ្នក​រុក​គួន​ឈ្នានីស​ ក្នុង​លោក​នេះ​សេចក្តីសុខ​ប្រាសចាកការ​ថ្នាំង​ថ្នាក់ចិត្តមិន​ដែលមាន​សោះ​ ឡើយ។
(​សៀវភៅស្រីហិតោបទេស​ភាគ២ ប្រែ​ពី​ភាសា​សំស្រ្កឹត​ដោយ ភិក្ខុ ប៉ាង ​ខាត់ វីរិយបណ្ឌិតោ។ ការ​ផ្សាយ​របស់​ពុទ្ធ​សាសន​បណ្ឌិត្យ ព.ស ២៥៣៨)
PDF បោះពុម្ព អ៊ីមែល
សៀវភៅ​ស្រីហិតោបទេស​ភាគបីៈ សម្រង់​គតិ​បណ្ឌិត​
  • ក្នុង​កាល​ខ្លះ សេចក្តី​អត់​ធន់​ជា​គ្រឿង​លំអ​នៃ​បុរស ដូច​សេចក្តីខ្មះ​អៀន​ជា​គ្រឿង​លំអ​នៃ​ស្រ្តីទាំង​ឡាយ តែ​សេចក្តី​ក្លាហាន​ជា​គ្រឿង​លំអ​នៃ​បុរស​ក្នុង​ពេល​ដែល​គេ​មើល​ងាយ ដូច​ការ​មិន​អៀន​ខ្មាស​ជា​គ្រឿង​លំអ​នៃ​ស្ត្រី​ក្នុង​ការ​សេព​សន្ថវៈដូច្នោះ ​ដែរ។
  • នរជន​ណា​មើល​ឃើញ​ការមាន​កម្លាំ​ងនិង​ការ​អត់​កម្លាំង​នៃ​ខ្លួន​និង​ សត្រូវ​ហើយ មិន​ស្គាល់​ប្រភេទ​ផ្សេង​គ្នា​ទៀត នរជន​នោះ​ត្រូវ​សត្រូវ​មើល​ងាយ។
  • បុគ្គល​មិន​គប្បី​ធ្វើការ​សេព​គប់​ពឹង​ពាក់​ ចំពោះ​ជន​ដែល​តូច​តាច​ថោក​ទាប​ឡើយ គប្បី​ធ្វើ​ចំពោះ​តែ​ឥស្សរជនដែល​មាន​អំណាច ព្រោះ​ថា​ទឹក​ដោះ បើ​នៅ​ក្នុង​កណ្តាប់​ដៃ​អ្នក​ស្រវឹង​ ក៏​បាន​ឡើង​ឈ្មោះទៅ​ជា​គ្រឿង​ស្រវឹង​ដែរ។
  • ទូត​សូម្បី​នៅកណ្តាល​សស្ត្រា​វុធដែល​គេ​លើក​ច្រូង​ច្រាង ក៏​មិន​និយាយ​អ្វីដទៃ​ក្រៅ​ពីការ​ខ្លួន​ អាស្រ័យ​ដោយ​ខ្លួន​ជា​ទូត គេ​មិន​សម្លាប់ ហេតុ​នេះ​ទើប​ទូត​ចរចារ​ត្រង់​ទៅ​ត្រង់​មក​តាម​សេចក្តី​ពិត។
  • ព្រះ​រាជា​១ មនុស្ស​ឆ្កួត​១ កូន​ក្មេង​១ អ្នក​បរិភោគ​កាម​១ ចង់​បាន​របស់​ដែល​ខ្លួន​មិន​ទាន់​បាន​ ចាំ​បាច់​និយាយ​អ្វីដល់​របស់​ដែល​ខ្លួន​បាន​ហើយ។
  • មនុស្ស​ទុជ៌ន​ប្រព្រឹត្ត​អំពើ​អាក្រក់ ផល​អាក្រក់​តែង​ធ្លាក់​ទៅ​លើ​មនុស្ស​ល្អ​វិញ ដូច​រាពណ៍​លួច​នាង​សេតា (​ផល​អាក្រក់់​របស់​រាពណ៍​ធ្លាក់​មក​លើ​សមុទ្រ) គឺ​សមុទ្រ​ត្រូវ​ព្រះ​រាម​ចង​ថ្នល់។
  • ពាក្យ​ដែល​ទុជ៌ន​ពោល​ សូម្បី​និយាយ​ញញឹម​ស្រស់​ពីរោះផ្អែម​ដូច​ផ្ការីក​ពុំ​ជួកាល ក៏​អាច​នឹង​ញ៉ាំងភ័យ​ឲ្យ​កើត​ឡើង​បាន។
  • គួរ​គប្បី​ឲ្យ​មួយ​រយ ​តែ​មិន​គួរ​ធ្វើ​ឲ្យ​កើត​វិវាទ​មួយ​ទេ នេះជា​មតិ​អ្នក​ប្រាជ្ញ សូម្បី​មិន​មាន​មូល​ហេតុ​អ្វី​ជា​មាំ​មួន ហើយ​ក៏​ធ្វើ​វិវាទ​ដែរ នេះ​ជា​លក្ខណៈ​មនុស្ស​ល្ងង់​ទេ។
  • បុគ្គល​មិន​គប្បី​អាច​គាស់​លើក​ដុំ​ថ្ម​តាន់ ដោយ​កម្លាំង​មនុស្ស​បាន​ស្មើ​ដោយ​ការប្រើ​កំណាត់​ឈើ​ទេ​យ៉ាង​ណា ដោយ​ប្រើ​ឧបាយ​តែ​បន្តិច​ គេ​បាន​សម្រេច​ប្រយោជន៍​ធំ​យ៉ាង​នោះ។
  • ភ័យ​​នៅ​ឆ្ងាយ​មានក្តី​ខ្លាច ភ័យ​មក​ដល់​ជិត​មាន​ក្តី​ក្លៀវ​ក្លា នេះ​ជា​គុណ​លក្ខណៈ​មហា​បុរស។
  • នរជន​ដឹង​នីតិសាស្ត្រ​(នយោបាយ) ត្រូវ​នៅ​ក្នុង​គ្រឿង​ការពារ​ដូច​អណ្តើក​ក្នុង​ស្នូក ហើយ​ត្រូវ​ចេះ​អត់​ធន់​គ្រឿង​ប្រហារ​នៃ​សត្រូវ​ផង កាល​បើកាល​មក​ដល់​ហើយ គប្បី​លោត​ឡើង​តស៊ូ ដូច​ពស់​មាន​អសិរពិស។
  • បើ​សត្រូវ​ស្គាល់​ចំនុច​ខ្សោយ​យើង និង​សេចក្តី​ក្លៀវក្លា​យើង​ហើយ គេ​នឹង​ចូល​ទៅ​រហូត​ដល់​ចិត្ត​គំនិត​យើងខាង​ក្នុង​ទៀត​ហើយ​សម្លាប់​យើង​ចោល​ បង់​សៀត ដូច​ភ្លើង​ឆេះ​ឈើ​ស្ងួតតែង​ឆេះ​រូង​រហូត​ដល់​ខ្លឹម​ខាង​ក្នុង។
  • ជន​ដទៃ​តែ​ជា​អ្នក​ធ្វើ​ប្រយោជន៍​ឲ្យ​យើង​ ទុក​ជា​ផៅ​ពង្ស​ ឯ​ផៅ​ពង្ស​ពិត​ តែ​ជា​អ្នក​មិន​ធ្វើ​ប្រយោជន៍​ឲ្យ​យើង ក៏​ទុក​ជា​អ្នក​ដទៃ រោគ​កើត​ក្នុង​រាង​កាយ​យើង​ពិតៗ រក​ប្រយោជន៍​គ្មាន ថ្នាំ​កើត​ក្នុង​ព្រៃ​ធ្វើ​ប្រយោជន៍​ឲ្យ​យើង។
  • លោភ ទ្រនង់​យង់​ឃ្នង ខ្ជិល​ មិន​ពោល​ពាក្យ​សត្យ ធ្វេស​ប្រហែស​ ខ្លាច មិន​ម៉ឹង​ម៉ាត់ ល្លង់​ខ្លៅ មើល​ងាយ​យោធា ទាំង​អស់​នេះ​ជា​លក្ខណៈ​សត្រូវដែល​បរបក្ស​យក​ជ័យ​ជំនះបាន​ដោយ​ងាយ។
  • ក្រពើ​ដ៏​កាច​សាហាវ​ពន្លឹក​ បើ​ចេញ​ផុត​ពី​ទឹក​ហើយ ក៏​អន់​អំណាច សីហៈ​សូម្បី​សាហាវ​យង់​ឃ្នង បើ​ចេញ​ផុត​ពី​ព្រៃ​ហើយ​ក៏​ដូច​គា្ន​នឹង​សត្វ​ចចក។
(​សៀវភៅ ស្រីហិតោបទេស​ភាគបី ប្រែ​ពី​បាលី​ដោយ ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតោ ព.ស ២៥៣៧)


សៀវភៅ​ស្រីហិតោបទេស​ភាគបួនៈ សម្រង់​គតិ​បណ្ឌិត​
  • នរជន​ណា​ដែលធ្លាក់​ខ្លួន​ក្នុង​គ្រោះ​កាច តែង​តែ​បន្ទោស​ព្រេង​វាសនា មនុស្ស​ល្ងង់​មិន​ព្រម​ទទួល​កំហុស​ដែល​ខ្លួន​ធ្វើ​ទេ។
  • ពាក្យ​សំដី​បុគ្គល​គាប្បី​រក្សា​ទុក​គ្រប់​កាល​ទាំង​ពួង ព្រោះ​សេចក្តី​វិនាស​មក​ពី​ពាក្យ​សំដី។
  • ជន​ណា​កែ​ខៃ​ក្តី​អន្តរាយ​ដែល​កើត​ឡើង​ភ្លាមៗ​បាន ជន​នោះ​ទើប​មាន​ឈ្មោះ​ថា​អ្នក​មាន​ប្រាជ្ញា។
  • នរ​ជន​ណា​ស្និទ្ធ​ស្នាល​ចំពោះ​សត្រូវ ដោយ​ការ​រាប់​អាន​ក្តី ​ដោយ​យល់​ឧបការៈ​ក្តី​ នរជន​នោះ​ ទុក​ដូច​ជា​មនុស្ស​ដេក​លក់លើ​ដើម​ឈើ ហើយ​ភ្លាត់​ធ្លាក់​មក​ដល់​ដីទើប​ភ្ញាក់​ដឹង​ខ្លួន។
  • ជន​ណា​មួយ​ត្រេក​អរ​មុន ចំពោះ​ប្រយោជន៍​ដែល​មិន​ទាន់មក​ដល់​តាម​គំនិត​ដែល​ខ្លួន​គិត​ទុក ជន​នោះ​នឹង​ត្រូវ​ប្រសព្វ​សេចក្តីក្តៅ​ក្រហាយ​ស្តាយ​ក្រោយ។
  • ស្រី​ភាព​ ដែល​អត់​ឃ្លាន​ហើយ សូម្បី​កូន​ឯង​ក៏​បោះ​បង់​ចោល ពស់​ដែល​អត់​ឃ្លាន​ហើយ​សូម្បី​ពង​ឯង​ក៏​ស៊ី នរណា​ហ្ន៎!​​ ដែល​ត្រូវ​ទុក្ខ​វេទនា​ដោយ​អត់​ឃ្លាន នឹង​មិន​ហ៊ាន​ធ្វើ​បាប? ជន​ទាំង​ឡាយ​ដែល​អត់​ឃ្លាន​ហេវ​កម្លាំង​ហើយ នឹង​ត្រឡប់​ទៅ​ជាមនុស្ស​ឥត​ករុណា។
  • មនុស្ស​ស្រវឹង​ស្រា មនុស្ស​ឆ្កួត​ មនុស្ស​កាច​កំរោល មនុស្ស​អស់​កម្លាំង មនុស្ស​ក្រោធ មនុស្ស​អត់​ឃ្លាន មនុស្ស​ល្មោភ មនុស្សខ្លាច និង​មនុស្ស​បរិភោគ​កាម​ មនុស្ស​ទាំង​អស់​នេះ​មិន​ចេះ​ធម៌​ទេ។
  • ការ​ឲ្យ​ផែន​ដី ការ​ឲ្យ​មាស​ប្រាក់ ការ​ឲ្យ​គោ ការ​ឲ្យ​បាយ​ទឹក​ លោក​មិន​ទាន់​ហៅ​មហា​ទាន​ទេ បណ្តា​ទាន​ទាំង​ឡាយ​នេះ​ អភយ​ទាន​ទើប​លោក​ចាត់​ថា​ជា​មហាទាន។
  • អ្នក​ប្រាជ្ញ បើ​មាន​កិច្ច​ការ​ណាមួយ​ដែល​ត្រូវ​ធ្វើ​ខាន​មិន​បាន សូម្បី​សត្រូវ​ក៏​ត្រូវ​តែ​ទូល​លើក្បាលដែរ។
  • សតិ​គឺ​ការ​ចាំ​បាន​១ ការ​ប៉ិន​ត្រិះ​រិះ​សម​ហេតុ​ផលក្នុង​ប្រយោជន៍​ដ៏សំខាន់​១ ការ​ដឹង​ប្រាកដ​១ ការ​ម៉ឹងម៉ាត់​១ ការ​ចេះ​រក្សា​ការ​ប្រឹក្សា​សម្ងាត់​១ ទាំង​ប្រាំ​ប្រការ​នេះ​ជា​គុណ​សម្បត្តិ​នៃ​មន្រ្តី​។
  • ជន​គប្បីយក​ចិត្ត​មនុស្ស​ល្មោភ​ដោយ​ឲ្យ​ទ្រព្យ មនុស្ស​មាន​ស្តុក​ស្តម្ភដោយ​ការ​គោរព​សំពះ មនុស្ស​ល្ងង់​ដោយបណ្តោយ​តាម​ចិត្ត បណ្ឌិត​ដោយ​ការពោល​ពាក្យ​សច្ចៈ។
(សៀវភៅ ស្រីហិតោបទេស​ភាគ​បួន ប្រែ​ពី​បាលី​ដោយ ភិក្ខុ​ ប៉ាង​ ខាត់ បោះ​ពុម្ព​ដោយ​ពុទ្ធ​សាសន​បណ្ឌិត្យ​ ព.ស ២៥៣៨)

វិធីសាស្រ្ត​ធ្វើ​​ឲ្យគេ​ស្រឡាញ់​ចូល​ចិត្ត​

PDF បោះពុម្ព អ៊ីមែល
វិធីសាស្រ្ត​ធ្វើ​​ឲ្យគេ​ស្រឡាញ់​ចូល​ចិត្ត​
១.​ យក​ចិត្តទុក​ដាក់​ដោយ​ស្មោះ​ចំពោះ​អ្នកដទៃៈ ចង់​ឲ​អ្នកដទៃ​ស្រឡាញ់​យើង យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ពួក​គេ​មុន​។ លោក​ Walters ធ្វើការនៅ​​ធនាគារ​មួយ ត្រូវ​បាន​ថ្នាក់​លើ​បាន​ចាត់​​ឲ​ទៅ​ពិនិត្យដោយ​សម្ងាត់​មើល​ហាង​មួយ​នោះ​ គួរ​ឲ្យ​​​ធនាគារ​ទុក​​ចិត្ត​​ដែរ​ឬទេ។ លោក​បាន​ទៅ​សួរ​សុខទុក្ខ នាយក​ក្រុមហ៊ុន​ឧស្សាហកម្ម​ធុន​ធ្ងន់​មួយ​ផ្សេង​ទៀត​ ដើម្បី​ឲ​លោក​ជួយ​ផ្តល់​ឯកសារ​ខ្លះ​អំពី​ហាង​មួយ​នោះ។​ នាយក​ក្រុមហ៊ុន​ ឆ្លើយ​តប​ដោយ​វិធីមួយ​មិន​ច្បាស់​ បែប​ញញើត​ញញើម​ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​ជាប់​វាក់​វិន។​ ការជួប​គ្នា​នេះ​ទៅ​ជា​ឥត​ប្រយោជន៍។
លោក​ Walters អស់​សង្ឃឹម​មិន​ដឹង​ធ្វើ​យ៉ាង​ណា។​ ស្រាប់​តែ​លោក​បាន​ឮលេខា​ម្នាក់​និយាយ​ថា ថ្ងៃ​នេះ​គាត់​រក​មិន​បាន​កុក​ថ្មី​មួយ​ក្បាល​សោះ។ ការ​ពិត​នាយក​ក្រុម​ហ៊ុន​នេះ​ កំពុង​ស្រាវជ្រាវ​រក​"​កុក"​ ឲ​កូន​ប្រុស​របស់​គាត់​អាយុ​១២​ឆ្នាំ។
ថ្ងៃ​ក្រោយ​មក​ពេល​ លោក​ Walters បាន​ត្រឡប់​មក​ជួប​លោក​នាយក​ក្រុម​ហ៊ុន​ម្តង​ទៀត សរសេរ​លើ​ក្រដាស​តូច​មួយ​ថា មាន​"កុក"​ ចម្លែក​ផ្ញើ​ជូន​កូន​លោក ហើយ​ប្រើ​ឲ​គេ​យក​មក...។ លើក​នេះ​ត្រូវ​បាន​ទទួល​យ៉ាង​រាក់​ទាក់បំផុត​ នាយក​ក្រុមហ៊ុន​ចាប់​ដៃ​លោក​ដូច​ជា​បេក្ខជន​តំណាង​រាស្រ្ត​ ចាប់​ដៃ​ជាមួយ​អ្នក​បោះឆ្នោត​អញ្ចឹង។ នាយក​ក្រុមហ៊ុន​ មុខ​ស្រស់​ដូច​ផ្កា បើក​មើល​"​កុក"​ ចុះ​ឡើង​ញឹកញាប់ ហើយ​ថែម​ទាំង​រំលឹក​ដល់​កូន​គាត់​ថា​ "​អា​ George កូន​ខ្ញុំ​ច្បាស់​ជា​ងប់​ងល់​នឹង​សត្វ​កុក​នេះ​ជា​ពុំ​ខាន!"។
លោក ​ Walters រៀប​រាប់​ឡើង​វិញ​ថា "​ក្នុង​រយៈពេល​កន្លះ​ម៉ោង យើង​និយាយ​តែ​ពីរឿង​កុក​ ហើយ​សំឡឹង​មើល​ ផ្ទាំង​រូបថត​ George។ ហើយ​មិន​ចាំ​ឲ​ខ្ញុំ​សួរ នាយក​ក្រុមហ៊ុន​នោះ ចំណាយ​ពេល​មួយ​ម៉ោង​ទៀត​ ឲ​ខ្ញុំ​ដឹង​ពី​ឯក​សារ​ទាំង​អស់​ដែល​ខ្ញុំ​ចង់​បាន។ គ្មាន​ប្រការ​អ្វី​ដែល​គាត់​ដឹង​ហើយ​មិន​ប្រាប់​ខ្ញុំ​ទេ ហើយ​ថែម​ទាំង​ហៅ​ជំនួយការ​មក​សួរ​ថែម​ទៀត..."។
២. ញញឹមៈ ពេល​ញញឹម​ជាមួយ​នរណា​ម្នាក់ ប្រៀប​បី​ដូចជា​និយាយ​ជាមួយ​អ្នក​នោះ​ថា "​ខ្ញុំ​ស្រឡាញ់​អ្នក​... បាន​ជួប​អ្នក​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់..."​។ ស្នាម​ញញឹម​ដែល​ផុស​ចេញពី​ចិត្ត​ស្មោះ​ ធ្វើ​ឲ​ធូរ​ស្បើយ​អាំរម្មណ៍។ ញញឹម​​ជាការងារ​មួយ​មិន​បាច់​ចុះ​ទុន​តែ​ចំណេញ​ច្រើន​បំផុត។ ស្នាម​ញញឹម​បង្កើត​ឲ​មាន​សុភមង្គល។ បើ​អ្នក​ចង់​ឲ​គេ​ស្រឡាញ់​រាប់​អាន​សូម​ចាំ​គោលការណ៍​នេះ​ទុក "​រក្សា​ស្នាម​ញញឹម​ជាប់​បបូរ​មាត់​ជានិច្ច..."​។
លទ្ធផល​នៃការញញឹមៈ លោក Steinhardt សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា​ "​ខ្ញុំបាន​រៀបការ​១៨​ឆ្នាំ​ហើយ​ ហើយ​ក្នុង​​រយៈ​កាល​នោះ ខ្ញុំ​កម្រ​ញញឹម​សើច​ជាមួយ​ប្រពន្ធ​ខ្ញុំ​ណាស់។ តាំង​ពី​ព្រឹម​ក្រោក​ពី​ដំណេក​រហូត​ដល់​ធ្វើការ ខ្ញុំ​និយាយ​ជាមួយ​ប្រពន្ធ​ខ្ញុំ​មិន​លើស​ពី​១២​ម៉ាត់​ទេ។ ខ្ញុំ​ជាមនុស្ស​ដែល​ក្រម៉ែ​ក្រម៉ូវ​ពិបាក​ទ្រាំបំផុត។ ក្រោយ​​មកខ្ញុំ​ស្តាប់តាម​ដំបូន្មាន​ដោយ​ប្រែក្លាយ​ខ្លួន​ជា​មនុស្ស​ញញឹម​ ខ្ញុំ​សើច​ពេញ​​មួយ​​សប្តាហ៍ ។ នៅ​ពេល​ព្រលឹម​លុប​លាង​មុខ ខ្ញុំ​មើល​ក្នុង​កញ្ចក់​ហើយ​ក្រើន​រំលឹក​ខ្លួនឯង​ថា ត្រូវ​បោះ​បង់​ទឹក​មុខ​ក្រញ៉ូវ​ដូច​ខ្មោច​ចេញ ហើយ​ប្តេជ្ញា​ចិត្ត​ញញឹម​ជានិច្ច។ ក្នុង​ពេល​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក​ខ្ញុំ​រួស​រាយ​គោរព​ប្រពន្ធ​ខ្ញុំ​។ ប្រពន្ធ​ខ្ញុំ​ងឿង​ណាស់។ ខ្ញុំ​រក្សា​ដូច្នេះរយៈពេល​២​ខែ​ ហើយ​រក​ឃើញ​សុភមង្គល​ក្នុង​គ្រួសារ​ដ៏​ច្រើន​ គឺ​ច្រើន​ជាង​រយៈកាល​មួយ​ឆ្នាំ​កន្លង​ទៅទៀត។"
៣. ចង​ចាំ​និង​និយាយ​ឈ្មោះរបស់គេៈ លោក​ Jim Farely អាច​ហៅ​ឈ្មោះ​បាន​ ៥​ម៉ឺន​នាក់។ ដោយ​ស្មារតីចង​ចាំ​ដ៏​អស្ចារ្យ​នេះ​ លោក​បាន​ជួយ​ឃោសនា ឲ្យ​លោក​ Franklin D.Roosevelt ជាប់​ឆ្នោត​ឡើង​ធ្វើ​ជាប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក។ វិធី​លោក​សាមញ្ញ​ណាស់។ រាល់​លើក​ពេល​លោករាប់​អាន​ជាមួយ​នរណា​ម្នាក់ លោក​សួរ​ឈ្មោះ​និង​ត្រកូល​អ្នក​នោះ និង​វិធី​សរសេរ​ឲ្យ​ត្រឹម​ត្រូវ។ លោក​រិះ​រក​វិធី​យល់​ដឹង​និង​ចំណាំ​ឲ្យ​បាន​ច្បាស់​ពី​គ្រួសារ​ មុខ​របរ និង​និន្នាការ​នយោបាយ​របស់​អ្នក​នោះ​ កត់​ត្រា​ទុក​ហើយ​លើក​ក្រោយ​ជួប​គ្នា​វិញ​ ទោះ​បីអស់​កាល​មួយ​ឆ្នាំក៏​ដោយ ក៏​លោក​អាច​ទះ​ស្មា​អ្នក​នោះ ហើយ​សួរ​សុខ​ទុក្ខ​ពី​ប្រពន្ធ​កូន​រហូត​ដល់​ដើម​ឈើ​មួយ​ចំនួន​ក្នុង​ចំការ​ អ្នក​នោះ​ទៀត...!។ អញ្ចឹង​ហើយ ទើប​ទៅ​ដល់​ទី​ណា​​ក៏​លោក​មាន​មិត្ត​ស្និទ្ធ​ស្នាល​ អត់​មាន​អ្វី​ប្លែក​នោះ​ទេ។
គេ​សម្គាល់​ឃើញ​ថា លោក​មាន​សៀវភៅ​មួយ​កត់​ត្រា​ឈ្មោះ​អ្នក​ទាំង​​នោះ​រាប់​ពាន់​អ្នក។ ហើយ​អ្នក​ម្ចាស់​សន្លឹក​ឆ្នោត​ម្នាក់ៗ​សុទ្ធ​តែ​ងឿង​ឆ្ងល់ដោយ​ទទួល​បាន​ សំបុត្រ​មួយ​ច្បាប់​ពី​លោក​ចារថា "​មិត្ត​ Bill​ ជា​ទី​ស្នេហា"​ "​មិត្ត​ Joe ជា​ទី​ស្នេហា​" ... ហើយ​ចុះ​ហត្ថលេខា​ "​​Jim"​។ លោក​ Jim យល់​ថា​​មនុស្ស​ទូទៅ​សុទ្ធ​តែ​ឃើញ​ថា​ឈ្មោះ​ខ្លួន​ទន់​ភ្លន់ជាង​ឈ្មោះ​អ្នក​ ឯ​ទៀត។ ចាំ​ឈ្មោះ​អ្នក​នោះ​ហើយ​ទម្លាប់​អាន​ឲ្យ​ងាយ​ស្រួល​និង​ទន់​ភ្លន់ (​ឈ្មោះ​អ្នក​ខ្លះ​ពិបាក​អាន​ ពិបាក​សរសេរ) ធ្វើ​បែប​នេះ​គឺ​សរសើរ​អ្នក​នោះ​ដោយ​អាថ៌កំបាំង​ និង​ដោយ​វិធីប៉ិន​ប្រសប់។
មនុស្ស​យើង​ចាត់​ទុក​ឈ្មោះ​និង​ត្រកូល​របស់​ខ្លួន​ជាសំខាន់​ណាស់​ ម៉្លោះ​ហើយ​ គេ​ខិត​ខំរិះ​រក​គ្រប់​វិធី​ដើម្បី​ស្នង​បន្ត​វា​ឲ្យ​ជំនាន់​ក្រោយ​និង​ ឆ្ងាយ​ទៅ​ទៀត...។ "​ត្រូវ​ចាំ​ទុក​ថា ឈ្មោះ​មនុស្ស​ម្នាក់ៗ​ ជាសំឡេង​មួយ​យ៉ាង​សំខាន់ និង​ស្រួល​ស្តាប់​ជាង​សំឡេង​ឯទៀត"។
៤. យក​ចិត្ត​ទុក​ដាក់​ស្តាប់​គេ​និយាយៈ យក​ចិត្ត​ទុក​ ដាក់​ស្តាប់​មនុស្ស​ម្នាក់​និយាយ​ មិន​ខុស​ប្លែក​អ្វីពី​ការ​លើក​សរសើរ​គេ​ដោយ​ស្មោះ​ឡើយ។ អ្នក​អក្សរ​សាស្រ្ត​ម្នាក់​និយាយ​ថា​"​ជក់​ចិត្ត​ស្តាប់​សំដី​របស់​មនុស្ស​ ម្នាក់​ គឺ​គោរព​លើក​តម្កើង​​គេ​ ហើយ​​កម្រ​មាន​មនុស្ស​ណា​មិន​រំ​ភើប​ចំពោះ​មុខ​ការ​គោរព​លើក​តម្កើង​នោះ​ ណាស់"។ សូម​មិត្ត​ទាំង​ឡាយ​ស្តាប់​រឿង​ដែល​លោក J.C Wooton (​សិស្ស​ម្នាក់​របស់ Dale Carnegie) និយាយៈ គាត់​ទិញ​សម្លៀក​បំពាក់​មួយ​សម្រាប់​នៅ​ផ្សារ​ទំនើប​មួយ។ មក​ផ្ទះ​ស្លៀក​ពាក់មិន​បាន​ប៉ុន្មាន​ដង លោក​ធុញ​ថប់​យ៉ាង​ខ្លាំង​ពី​ព្រោះ​ឃើញអាវ​ចេញ​ពណ៌ ហើយ​ធ្វើ​ឲ្យ​ក​អាវ​សឺ​មី​ឡើង​ខ្មៅ។
លោក​យក​សម្លៀក​បំពាក់​មួយ​សម្រាប់នេះ ត្រឡប់​មក​ហាង​ត្អូញ​ត្អែរ​ដាក់​បុគ្គលិក​លក់​ខោអាវ​ឲ្យ​គាត់​។ គាត់​មក​មិន​ត្រឹម​តែ​ចង់​ត្អូញ​ត្អែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចង់​ពន្យល់​ឲ្យ​អ្ន​ក​លក់​ទំនិញស្តាប់។ អ្នក​លក់​នោះ​មិន​ទាន់​ទាំង​ស្តាប់​គាត់​ចប់​ស្រួល​បួល​ផង​ក៏​កាត់​ សំដីគាត់ថា "យើង​ខ្ញុំ​បាន​លក់​របស់​ប្រភេទ​នេះ​រាប់​ពាន់​សម្រាប់ ប៉ុន្តែ​មិន​ដែល​មាន​នរណា​រអ៊ូ​រទាំ​អ្វី​ទាំង​អស់​..."​។ សំដី​បែប​នេះ បូក​រួម​ទាំង​​សំឡេង​នោះ​ ក៏​កាន់​តែ​អាក្រក់​ទៅ​ទៀត... គឺ​ដូច​ជា​ចង់​ប្រាប់​ថា "​លោក​និយាយ​កុហក លោក​អើយ​! ខ្ញុំ​ដឹង​ដល់​ជម្រៅ​ចិត្ត​លោក​ហើយ!..."។
ស្តាប់​ឮ​ការ​ឈ្លោះ​ប្រកែក​គ្នា​ អ្នក​លក់​ម្នាក់​ទៀត​រត់​ចូល​មក ហើយ​និយាយ​ថា "ខោ​អាវ​ពណ៌​ខ្មៅ​ទាំង​អស់​នៅ​ពេល​ដំបូង​ក៏​ចេញ​ពណ៌​បន្តិចដូច្នេះ មិន​អាច​ជៀស​ផុត​ទេ ជាពិសេស​គឺ​សម្លៀក​បំពាក់​មួយ​ចំនួន​ដែល​មាន​តម្លៃ​ប៉ុណ្ណឹង​... មក​ពី​ថ្នាំ​ជ្រលក់​ដូច្នេះ"។
លោក​ Wooton ខឹង​ឆួល​ឡើង។ អ្នក​លក់​ទី​១​ មាន​គំនិត​ថា គាត់​ភូត​កុហក អ្នក​ទី​២​ចង់​ពេប​ជ្រាយ​ថា​គាត់​ទិញ​របស់​អន់​តម្លៃ​ថោក​... គាត់​ខឹង​ស្ទើរ​តែ​គ្រវែង​របស់​លើ​ក្បាល​ពួក​គេ​នោះ។ ចៃដន្យ​ម្ចាស់​ហាង​មក​ដល់​ ជន​នោះ​ពិត​ជា​ប៉ិន​ប្រសប់​ក្នុង​មុខ​របរ​ ធ្វើ​ឲ្យ​អតិថិជន​ម្នាក់​ដែល​កំពុង​ខឹង​ខ្លាំង​បែរ​ជា​សប្បាយ​ចិត្ត។
តើ​គាត់​ធ្វើ​យ៉ាង​ណា...?
មុន​ដំបូងៈ គាត់​ស្តាប់​រឿង​រ៉ាវ​ លោក Wooton ពី​ដើម​ដល់​ចប់​មិន​ស្រដីមួយ​ម៉ាត់។
ក្រោយ​មក​ពេល​លោក​ឈប់​និយាយ ម្ចាស់​ហាង​ស្តាប់​ហេតុ​ផល​របស់​អ្នក​លក់​ទំនិញ​ទាំង​ពីរ។ ម្ចាស់​ហាង​បដិសេធ​ ហេតុ​ផល​អ្នក​លក់​ទំនិញ​ទាំងពីរនាក់​នោះ​ ហើយ​មិន​ត្រឹម​តែ​ទទួល​ស្គាល់​ថា​ ការ​ពិត​អាវ​ក្រៅ​មាន​​ចេញ​ពណ៌​ធ្វើ​ឲ្យ​ប្រឡាក់​អាវ​សឺ​មី​​ប៉ុណ្ណោះ​ទេ ថែម​ទាំ​ងរំលឹក​ឡើង​វិញ​ទៀត​ថា គ្រប់​មុខ​ទំនិញ​ដែល​លក់​នៅ​ហាង​នោះ ត្រូវ​ធ្វើ​ឲ្យ​អតិថិ​ជន​ត្រឡប់​ទៅ​ផ្ទះ​ពេញ​ចិត្ត​ទាំង​ស្រុង។
ចុង​បញ្ចប់​ គាត់​​ទទួល​ស្គាល់​ថា​ មិន​ដឹង​មក​ពី​ហេតុអ្វី​ទេ​ បាន​ជា​ចេញ​ពណ៌​ដូច្នេះ ហើយ​គាត់​​ប្រាប់​ត្រង់ៗ​ថា "​សូម​លោក​ (Wooton) ប្រាប់​មក​ថា​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ណា​ ហើយ​ខ្ញុំ​នឹង​ប្រតិបត្តិ​តាម​បញ្ជា​លោក"។
កំហឹង​របស់​លោក Wooton ហាក់​រសាយ​អស់ លោក​ឆ្លើយ​តប​នឹង​ម្ចាស់​ហាង​ថា "​ខ្ញុំ​គ្រាន់​តែ​ចង់​មក​សួរ​យោបល់​លោក​ប៉ុណ្ណោះ។ ខ្ញុំ​ចង់​ដឹង​ថា​ថ្ងៃ​ក្រោយ​វា​នៅ​ចេញ​ពណ៌​ទៀត​ទេ​ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​វា​លែង​ចេញពណ៌...?"​។
ម្ចាស់ហាង​ឲ្យ​លោក Wooton យក​ទៅ​ផ្ទះ​សាក​ល្បង​ស្លៀក​ពាក់​មួយ​សប្តាហ៍​ទៀត។ បើ​សិន​ជា​ដល់​ពេល​នោះ​នៅ​តែ​មិន​ពេញ​ចិត្តទៀត សូម​យក​មក​ដូរ​វិញ។ ហើយ​គាត់​សោក​ស្តាយ​ ចំពោះ​ហេតុ​ការណ៍​នេះ​ណាស់។
លោក Wooton ត្រឡប់​មក​វិញ សប្បាយ​រីករាយ។ មួយ​សប្តាហ៍​ក្រោយ​អាវ​នោះ ពិត​ជាលែង​ចេញ​ពណ៌​មែន ហើយ​តាំង​ពី​ពេល​នោះ​មក​លោក​ទុក​ចិត្ត​ផ្សារ​ទំនើប​នោះ​ទាំង​ស្រុង។
គួរ​ចង​ចាំថា អ្នក​និយាយ​ជាមួយ​យើង​យក​ចិត្ត​ទុក​ដាក់​ដល់​បញ្ហា​របស់​ពួក​គេ​១០០​ដង ប៉ុន្តែ​គ្រាន់​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​បញ្ហា​របស់​យើង១​ដង​តែ​ប៉ុណ្ណោះ។ ដូច្នេះ​បើ​ចង់​ឲ្យ​គេ​ស្រឡាញ់​ត្រូវ​ប្រតិបត្តិ​តាម​គោលការណ៍​នេះ ចេះ​យក​ចិត្ត​ទុក​ដាក់ស្តាប់​ និង​លើក​ទឹក​ចិត្ត​អ្នក​ដែល​និយាយ​អំពី​ខ្លួន​របស់​ពួក​គេ
Lincoln មិន​បាន​ត្រូវ​ការ​មនុស្ស​ណា​ម្នាក់​ជួយ​ដាស់​តឿន​ទេ លោក​គ្រាន់តែ​ចង់​ឲ្យ​មាន​មិត្ត​ស្និទ្ធ​ស្នាល​ម្នាក់​ស្តាប់​លោក​និយាយ​ ហើយ​យល់​ចិត្ត​លោក​ បាន​បញ្ចេញ​នូវ​មនោសញ្ចេតនា អាថ៌កំបាំង​របស់​លោក​តែ​ប៉ុណ្ណោះ។ យើង​ទាំង​អស់​គ្នា​មិន​មែន​ដូច្នេះ​ឬ? ហើយ​អតិថិជន​ដែល​ខឹង​មួម៉ៅ​ អ្នក​ធ្វើការ​មិន​សប្បាយ​ចិត្ត មិត្ត​ភក្តិ​អាក់​អន់​ចិត្ត​គ្នា... សុទ្ធ​តែ​ចង់​រក​មនុស្ស​ម្នាក់​ជិត​ស្និទ្ធ​​ដើម្បី​ត្អូញ​ត្អែរ​ប្រាប់​តែ​ ប៉ុណ្ណោះ។
៥. និយាយ​ជាមួយ​ពួក​គេ​នូវ​រឿង​ដែល​ពួកគេ​ចូលចិត្តៈ អ្នក ​ណា​ម្នាក់​ បើ​បាន​ជួប​លោក​ប្រធានា​ធិបតី Théodore Roosevelt សុទ្ធ​តែ​ងឿង​ឆ្ងល់​ពី​ការ​ដឹង​ច្រើន​និង​ការ​យល់​ទូលាយ​របស់​លោក។ លោក​ដឹង​ពី​វិធី​សួរ​នាំមនុស្ស​គ្រប់​ប្រភេទៈ គង្វាល​គោ អ្នក​ជិះ​សេះ អ្នក​នយោបាយ ឬ​អ្នក​ការ​ទូត។ រូបមន្ត​សាមញ្ញ​របស់​លោក​គឺ​ នៅ​ពេល​ដែល​ត្រូវ​ទទួល​ភ្ញៀវ​ម្នាក់​នោះ គឺ​មួយ​យប់​មុន​ លោក​បាន​សិក្សា​ស្រាវ​ជ្រាវ​រឿង​​ដែល​​ភ្ញៀវ​ម្នាក់​នោះ​ចូល​ចិត្ត​និយាយ​ ដល់​អ្វី​ជាង​គេ ​ដើម្បី​បាន​បំពេញ​បំណង​គេ។ ក៏​ដូច​ជា​អ្នក​ដឹក​នាំ​មហា​ជន​ទូទៅ​ដែរ​​ លោក​ដឹង​ថា​ វិធី​ស័ក្តិ​សិទ្ធ​បំផុត ដើម្បី​យក​ចិត្ត​គេ​គឺ​ពិភាក្សា​ដល់​បញ្ហា​ដែល​អ្នក​នោះ​ "​តែង​តែ​រក្សា​ទុក​ក្នុង​ចិត្ត​"។
ខ្ញុំ​សូម​ណែ​នាំ លោក​អ្នក​ មក​ពិនិត្យ​មើល​ករណី​របស់​លោក​ Henry G. Duvernoy ជា​អ្នក​ផលិត​នំ​ប៉័ង​ដ៏​ធំ​ម្នាក់​នៅ​ New York។ អស់​រយៈ​ពេល​៤​ឆ្នាំ​មក​ហើយ លោក​រិះ​រក​វិធី​លក់​នំ​ប៉័ង​ឲ្យ​សណ្ឋាគារ​មួយ​នៅ​ New York ។ មួយ​សប្តាហ៍​ម្តង​​លោក​តែង​ទៅ​សួរ​សុខ​ទុក្ខ​ម្ចាស់​សណ្ឋាគារ​ ដើម្បី​បញ្ចុះ​បញ្ចូល។ តែ​មិន​ទទួល​បាន​ផល​អ្វីសោះ។ ក្រោយ​មក​ លោក​ព្យាយាម​ស្រាវ​ជ្រាវ​​ដឹង​ថា​ម្ចាស់​សណ្ឋាគារ​នោះ​ជា​ប្រធាន​សហព័ន្ធ​ ទេសចរណ៍​សណ្ឋាគារ ហើយ​គាត់​​ចាត់​ទុក​កិច្ច​ការ​សហព័ន្ធនេះ​ដូច​ជា​ជិវិត​របស់​គាត់។
ពេល​ជួប​ម្ចាស់​សណ្ឋាគារ​លើក​ក្រោយ​ លោក Duvernoy និយាយ​ភ្លាម​ដល់​រឿង​សហព័ន្ធ។ ហើយ​មិត្ត​ទាំង​ឡាយ​អើយ!... ល្អូក​ល្អឺន​ដល់​កម្រិត​ណា​ទៅ!... ម្ចាស់​សណ្ឋាគារ​និយាយ​ដោយ​ស្រស់​បស់​អស់​កាល​កន្លះ​ម៉ោង​ ស្តី​ពី​អង្គការ​ចាត់​តាំង​ទាំង​នោះ។ មុន​ពេល​បែក​គ្នា​គាត់​ឲ្យ​បណ្ណ​សមាជិក​មួយ​សន្លឹក​ទៅ​លោក Duvernoy។ លោក​មិន​បាន​និយាយ​ដល់​ការ​លក់​នំ​របស់​លោក​ទេ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ អ្នក​គ្រប់​គ្រង​សណ្ឋាគារ​ទូរស័ព្ទ​មក​លោក ឲ្យ​យក​គម្រូ​នំ​ប៉័ង​មក​ដើម្បី​គិត​គូរ​តម្លៃ។ អ្នក​គ្រប់​គ្រង​រូប​នោះ​និយាយ​ថា "​មិន​ដឹង​លោក​បាន​ធ្វើ​អ្វី​ ទើប​ម្ចាស់​ខ្ញុំ​ចូល​ចិត្ត​លោក​រហូត​ដល់​អង្គុយ​នៅ​ត្រង់​ណា​ក៏​និយាយ​តែ​ អំពី​លោក​ប៉ុណ្ណោះ"​។
៦. ជានិច្ច​កាល​ត្រូវ​ធ្វើ​ឲ្យ​គេ​យល់​ឃើញពី​ប្រការ​សំខាន់​របស់​ខ្លួន​គេ​ផ្ទាល់ៈ លោក​សាស្រ្តា​ចារ្យ​ John Dewey បាន​ចាត់​ទុក​ថា​ "​ចិត្ត​ចង់​ឲ្យ​អ្ន​ក​ដទៃ​ចាត់​ទុក​ខ្លួន​ថ្លៃ​ថ្នូរ​ជា​បំណង​ប្រាថ្នា​ធំ​ បំផុត​របស់​មនុស្ស​លោក គឺ​បំណង​ប្រាថ្នា​នេះ​ហើយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​មនុស្ស​ខុស​ប្លែក​ពី​សត្វ​ "​។ អស់​រាប់​សិប​សតវត្សរ៍​មក​ហើយ ទស្សន​វិទូ​និង​​សាសនា​ទាំង​ឡាយ​តែង​អប់​រំថា "​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​ដូច្នេះ។ ចង់​ទទួល​ពី​គេ​នូវ​វត្ថុ​អ្វី ត្រូវ​ឲ្យ​គេ​នូវ​វត្ថុ​នោះ"។ សូម​​ចង​ចាំ​ពាក្យ​របស់​លោក​ Emerson ថា​"​បុគ្គល​ម្នាក់ៗ​ សុទ្ធ​តែ​មាន​ចំនុច​គ្រាន់​បើ​ជាង​ខ្ញុំ​ ម៉្លោះ​ហើយ​នៅ​ជិត​​ពួក​គេ​ ខ្ញុំ​រៀន​សូត្រ​ពី​គេ​បាន"​។
អ្នក​ស្រី Dorothy Dix អ្នកល្បី​​ឈ្មោះ​ដែល​ជំនាញ​ពី​រឿង​រ៉ាវ​ប្រចាំ​ថ្ងៃ​បាន​និយាយ​ថា​ "បើ​មិន​ទាន់​បាន​រៀន​ពី​សិល្បៈពាក្យ​សរសើរ​ទេ សូម​លោក​ប្រុស​កុំ​អាល​មាន​គ្រួសារ​ធ្វើ​អ្វី​។ មុន​ពេល​រៀបការ​ជាមួយ​អ្នក​ស្រី លោក​ប្រុស​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​សប្បាយ​ចិត្ត​ នេះ​ជា​សុជីវធម៌​មួយ​បែប។ ក្រោយ​ពី​រៀបការ​ហើយ​ជាការចាំបាច់​ ដើម្បី​ធានា​រ៉ាប់​រង​ដល់​សុភមង្គល​ក្នុង​គ្រួសារ មិន​ត្រឹម​តែ​ស្មោះ​ត្រង់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវ​មាន​ការប៉ិន​ប្រសប់​ទំនាក់​ទំនង​លួង​លោម​ផ្អែម​ល្ហែម​ និង​សរសើរ​បង្កប់ក្នុង​នោះ​ទៀតផង ទើប​ពេញ​​លក្ខណៈ។
មាន​គ្រាមួយ​នោះ លោក​ស្រីសម្ភាសន៍​ជាមួយ​បុរស​ម្នាក់​ដែល​ល្បី ថា​មាន​ប្រពន្ធ​ច្រើន គាត់គ្រប​ដណ្តប់​លើ​បេះ​ដូង​និង​ដណ្តើម​ទ្រព្យ​សម្បត្តិ​ពាក់កណ្តាល​របស់​ ស្ត្រី​២៣​នាក់។ នៅ​ពេល​អ្នក​ស្រី​សួរ​គាត់​ថា ធ្វើ​ដូចម្តេច​ទើប​ល្បួង​លួង​លោម​ស្រ្តី​បាន​ច្រើន​ដូច្នេះ? គាត់​ឆ្លើយ​តប​ "អ្នក​ណា​ដែល​ធ្វើ​មិន​បាន... នោះ​គឺ​ការ​ចេះ​សរសើរពួក​គេ​ឲ្យ​ពួក​គេ​ស្តាប់​ទៅ​ណា៎..."​។
ប្រការ​នេះ​ ប្រើ​ចំពោះ​បុរស​ក៏​មាន​លទ្ធផល​គាប់​ចិត្ត​ដែរ។ Disraeli អ្នក​នយោបាយ​ម្នាក់​ដ៏​ឆ្លាត​វៃ​ដែល​បាន​ក្តាប់​វាសនា​របស់​ចក្រ​ភព​ អង់គ្លេស​ទាំងមូល​ មាន​ពេល​មួយ​នោះ លោក​ពោល​ថា "​ជួប​មនុស្ស​ម្នាក់​ ចេះ​តែ​និយាយ​ជាមួយ​គាត់អំពី​រឿង​រ៉ាវ​របស់គាត់​ទៅ នោះ​គាត់​នឹង​ស្តាប់​អ្ន​ក​រាប់​ម៉ោង។
(ស្រង់​ចេញ​ពី សៀវភៅ​ចិត្ត​សាស្ត្រ​អនុវត្តន៍ ដែល​ស្រាវ​ជ្រាវ​និង​និពន្ធ​រៀប​រៀង​ដោយ ទៀ ថេន បោះពុម្ព​លើក​ទី១ ថ្ងៃ​ទី​១៦ ខែ​មិនា ឆ្នាំ ២០០៦ ជា​ខេមរភាសា​នៅ​កម្ពុជា)
ឯកសារ​ដើម​ជា​ភាសា​អង់​គ្លេស?? How To Win Friends and Influence People, by Dale Carnegie